សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីផ្លាស់ប្តូរទស្សនៈ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីផ្លាស់ប្តូរទស្សនៈ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ
ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦–សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញមួយនៃយុគសម័យឌីជីថលរបស់យើង ហើយថាភាពជាអ្នកដឹកនាំពិតបា្រកដ អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមបន្ទាន់នានាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
សម្ដេចធិបតីបានបញ្ជាក់ថា ការប្រឈមមុខនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងលេចឡើងថ្មីៗនេះ គឺទាមទារឱ្យមានភាពក្លាហានក្នុងការទទួលយកការពិតដ៏លំបាកមួយដោយផ្ទាល់ ការទទួលស្គាល់ចំណុចខ្សោយជាប្រព័ន្ធ និងការដោះស្រាយដោយគ្មានការស្ទាក់ស្ទើរ។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ដែលឧក្រិដ្ឋកម្មឆ្លងដែននេះគឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ១៩ ដែលវាមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចធិបតីបានអះអាងថា៖ «កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញមោទនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ»។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា នោះទេ ហើយក៏មិនបានកើតឡងតែនៅក្នុងប្រទេសកម្ពុជានោះដែរ ហើយការពាក់ព័ន្ធដំបូងរបស់ប្រទេសកម្ពុជាជាមួយបញ្ហានេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងការស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានសម្របខ្លួន និងបន្តវិវត្តន៍ឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ដែលបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះបានឆ្លៀតឱកាសពីអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហូងនៃនៃបទបញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បន្ថែមថា៖ «កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសន្តិសុខព្រំដែនរបស់យើង ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃយុត្តាធិការជាតិរបស់យើង»៕ -AKP-
ដោយ៖ ចាន់ សុភឿន






