(វីដេអូ) កិច្ចសម្ភាសន៍ពិសេសផ្សាយបន្តផ្ទាល់រវាងទូរទស្សន៍ Bloomberg ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
(ភ្នំពេញ)៖ ភាពធន់នៃប្រព័ន្ធថាមពលកម្ពុជាចេញមកពីភាពចម្រុះនៃហិរញ្ញប្បទាន និងបច្ចេកវិទ្យារបស់ដៃគូដែលកម្ពុជាមានក្នុងតំបន់ និងពិភពលោក។ ប្រទេសកម្ពុជាជឿជាក់លើអនាគតផ្អែកលើថាមពលបៃតង លើសលប់ក្នុងប្រទេសដែលភ្ជាប់ ជាមួយសេដ្ឋកិច្ចតំបន់ និងពិភពលោក
សំណួរ-ចម្លើយកិច្ចសម្ភាសន៍លោក កែវ រតនៈ ជាមួយការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ Bloomberg ២៤ កក្កដា ២០២៦ (បកប្រែក្រៅផ្លូវការ)៖
សំណួរ៖ បច្ចុប្បន្ន តម្លៃថាមពលកំពុងក្លាយជាប្រធានបទសំខាន់ម្ដងទៀត ដោយប្រេង Brent បានឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មី។ តើស្ថានភាពប្រេងឥន្ធនៈនៅកម្ពុជាពេលនេះយ៉ាងដូចម្តេច? ព្រោះយើងបានឮថា ប្រជាជនកម្ពុជាជាច្រើនកំពុងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈស្ទើរតែគ្រប់ផ្នែក។
ចម្លើយ៖ ដូចប្រទេសផ្សេងៗទូទាំងពិភពលោកដែរ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍ចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនៅកម្ពុជា គឺការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល បានជួយឱ្យប្រទេសយើងរក្សាស្ថិរភាពបានល្អ។ ដូច្នេះ យើងមិនមានការរំខានដល់វិស័យឧស្សាហកម្ម ឬការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសឡើយ។ អ្វីដែលល្អមួយទៀត គឺអគ្គិសនីរបស់យើង ដោយសារបច្ចុប្បន្ន ៦៣% នៃការផលិតអគ្គិសនី គឺមកពីប្រភពថាមពលស្អាត។ នេះបានជួយឱ្យកម្ពុជាអាចទប់ទល់នឹងផលប៉ះពាល់បានប្រសើរជាងមុន បើមិនដូច្នេះទេ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាងនេះ។ នេះបញ្ជាក់ថា ទិសដៅដែលយើងកំពុងដើរគឺត្រឹមត្រូវ ព្រោះភាពធន់របស់ប្រទេសកើតចេញពីការមានជម្រើសច្រើន។ ហើយជាក់ស្តែង ជម្រើសថាមពលស្អាត គឺជាជម្រើសល្អបំផុតដែលយើងមាន។
សំណួរ៖ ប៉ុន្តែចំពោះប្រេងឥន្ធនៈវិញ តើវាមិនមែនជាបញ្ហាទេឬ ជាពិសេសនៅតំបន់ជនបទ ខណៈដែលតម្លៃប្រេងកំពុងកើនឡើង?
ចម្លើយ៖ ភារកិច្ចចម្បងរបស់យើង គឺធានាថា មិនមានការរំខាន ឬការខ្វះខាតក្នុងការផ្គត់ផ្គង់ឡើយ។ ការមានប្រភពផ្គត់ផ្គង់ចម្រុះ បានអនុញ្ញាតឱ្យយើងសម្រេចគោលដៅនេះ។ តម្លៃប្រេងពិតជាបានកើនឡើង បើប្រៀបធៀបនឹងអំឡុងវិបត្តិច្រកសមុទ្រ Hormuz កន្លងមក។ ប៉ុន្តែយើងបានកាត់បន្ថយពន្ធ អាករនាំចូល និងអាករលើតម្លៃបន្ថែម (VAT)។ ដូច្នេះ រដ្ឋាភិបាលបានជួយសម្រាលផលប៉ះពាល់មួយផ្នែក ដើម្បីកុំឱ្យបន្ទុកនៃការកើនឡើងនៃថ្លៃដើម ត្រូវបានធ្លាក់ទាំងស្រុងលើអ្នកប្រើប្រាស់។ ចំណែកតម្លៃអគ្គិសនីវិញ នៅតែរក្សាបានស្ថិរភាព។ យើងមិនបានដំឡើងថ្លៃអគ្គិសនី ដែលជួយគាំទ្រដល់វិស័យឧស្សាហកម្ម និងអាជីវកម្មនោះទេ។
សំណួរ៖ តើយើងអាចរំពឹងថា រដ្ឋាភិបាលនឹងបន្តការគាំទ្របែបនេះទៀតដែរឬទេ? ព្រោះការបាត់បង់ចំណូលរដ្ឋកំពុងមានទំហំប្រហែល ៥០ ទៅ ៦០ លានដុល្លារក្នុងមួយខែ។ តើអាចធ្វើអ្វីបានទៀត ខណៈដែលសម្ពាធលើថវិការដ្ឋកំពុងកើនឡើង?
ចម្លើយ៖ យើងឱ្យតម្លៃខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្ម។ ក្នុងអំឡុងពេលដ៏លំបាកនេះ យើងចង់ធានាថា រោងចក្រនានាអាចបន្តផលិតកម្ម ហើយគ្រួសារអាចឆ្លងកាត់បញ្ហានេះបាន។ ប្រសិនបើវិបត្តិនេះបន្តអូសបន្លាយ យើងនឹងបន្តគាំទ្រគ្រួសារ និងវិស័យឧស្សាហកម្ម ដរាបណាវានៅតែចាំបាច់។
សំណួរ៖ សូមនិយាយអំពីផែនការអនាគតផង។ ជាផ្នែកមួយនៃការលាយបញ្ចូលប្រភពថាមពល កម្ពុជានឹងមានរោងចក្រថាមពល LNG ដែលមានសមត្ថភាព ៩០០ មេហ្គាវ៉ាត់នៅឆ្នាំក្រោយ។ តើផែនការនាំចូល LNG របស់កម្ពុជាយ៉ាងដូចម្តេច?
ចម្លើយ៖ គោលដៅរបស់យើង គឺឱ្យយ៉ាងហោចណាស់ ៧០% នៃថាមពលនៅឆ្នាំ២០៣០ មកពីប្រភពថាមពលកកើតឡើងវិញ។ ប្រសិនបើយើងសម្រេចបាន កម្ពុជានឹងក្លាយជាប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ ដែលមានសមាមាត្រថាមពលកកើតឡើងវិញខ្ពស់បែបនេះ។ មូលហេតុដែលយើងបង្កើនការវិនិយោគលើថាមពលកកើតឡើងវិញ គឺដោយសារយើងជឿជាក់លើការអភិវឌ្ឍប្រកបដោយចីរភាព។ យើងជឿថា សេដ្ឋកិច្ចកម្ពុជានាពេលអនាគត ត្រូវតែផ្អែកលើនិរន្តរភាព។ ដូចដែលខ្ញុំបាននិយាយ ជម្រើសថាមពលស្អាតបានជួយឱ្យយើងទប់ទល់នឹងវិបត្តិពីខាងក្រៅបានល្អប្រសើរ។ ប្រទេសតូច និងមានសេដ្ឋកិច្ចបើកចំហដូចកម្ពុជា មិនអាចការពារខ្លួនពីគ្រប់វិបត្តិខាងក្រៅបានទេ។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺធ្វើពិពិធកម្មប្រភពថាមពល និងពឹងផ្អែកលើថាមពលស្អាត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច។ នោះហើយជាមូលហេតុដែលយើងកំពុងបង្កើនការវិនិយោគលើវិស័យនេះ។ ចំពោះឧស្ម័នធម្មជាតិរាវ (LNG) យើងចាត់ទុកវាជាឥន្ធនៈសម្រាប់ដំណាក់កាលអន្តរកាល ព្រោះវានៅតែមានតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរទៅរកថាមពលស្អាត។ រោងចក្រថាមពល LNG កម្លាំង ៩០០ មេហ្គាវ៉ាត់ ដែលនឹងដំណើរការនាពេលខាងមុខ គឺជាផ្នែកមួយនៃដំណាក់កាលអន្តរកាលនេះ។ នៅទីបញ្ចប់ ថាមពលពី LNG នឹងស្ថិតក្នុងចំណែកមិនលើសពី ៣០% ខណៈ ៧០% នឹងមកពីថាមពលព្រះអាទិត្យ ថាមពលខ្យល់ វារីអគ្គិសនី និងជីវម៉ាស។
សំណួរ៖ ប៉ុន្តែកម្ពុជានឹងនាំចូល LNG ពីប្រទេសណា? តើកម្ពុជាកំពុងចរចាជាមួយអ្នកផ្គត់ផ្គង់ ឬប្រទេសណាខ្លះ?
ចម្លើយ៖ សម្រាប់រោងចក្រថាមពល LNG កម្លាំង ៩០០ មេហ្គាវ៉ាត់ យើងនឹងប្រកាសដេញថ្លៃជាសាធារណៈ។ វានឹងជាដំណើរការប្រកួតប្រជែងដោយតម្លាភាព។ មកទល់ពេលនេះ យើងបានឃើញការចាប់អារម្មណ៍ពីក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បណ្តាប្រទេសក្នុងតំបន់របស់យើង និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ នៅពេលយើងប្រកាសដេញថ្លៃ យើងនឹងឃើញថា អ្នកណាអាចផ្តល់សំណើដែលមានការប្រកួតប្រជែង និងល្អបំផុត។
សំណួរ៖ តើការជ្រើសរើសនោះផ្អែកលើតម្លៃមែនទេ?
ចម្លើយ៖ មិនមែនតែតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិរភាពនៃការផ្គត់ផ្គង់ផងដែរ។ យើងពិចារណាទាំងពីរកត្តានេះ។
សំណួរ៖ ដូច្នេះ តើវាមានន័យថា ប្រទេសនៅមជ្ឈិមបូព៌ានឹងត្រូវបានដកចេញពីជម្រើសនេះឬ?
ចម្លើយ៖ ទេ យើងនឹងពិចារណាអ្នកផ្គត់ផ្គង់ទាំងអស់។ ទោះបីបច្ចុប្បន្នមជ្ឈិមបូព៌ាកំពុងប្រឈមវិបត្តិក៏ដោយ យើងជឿជាក់ថា នៅពេលអនាគត តំបន់នេះនៅតែអាចក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ LNG។ ដូច្នេះ យើងមិនបដិសេធអ្នកណាម្នាក់ឡើយ។
សំណួរ៖ លោកបាននិយាយថា សហរដ្ឋអាមេរិកអាចជាអ្នកផ្គត់ផ្គង់មួយ។ ប៉ុន្តែចំពោះថ្លៃដឹកជញ្ជូនដែលខ្ពស់ពីសហរដ្ឋអាមេរិកមកកម្ពុជា តើលោកគិតយ៉ាងដូចម្តេច? ជាពិសេស នៅពេលមានការរំពឹងថា ការផ្គត់ផ្គង់ LNG នឹងលើសតម្រូវការនាពីរបីឆ្នាំខាងមុខ ដែលអាចធ្វើឱ្យតម្លៃធ្លាក់ចុះ។
ចម្លើយ៖ យើងនឹងពិនិត្យមើលថា ពួកគេអាចផ្តល់អ្វីខ្លះ។ បច្ចុប្បន្ន យើងមានក្រុមហ៊ុនអន្តរជាតិជាច្រើនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជា Caltex, Chevron, TotalEnergies របស់បារាំង និងក្រុមហ៊ុនផ្សេងៗទៀត។ តាមរយៈបណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ពួកគេ ខ្ញុំជឿថា ពួកគេអាចផ្តល់ដំណោះស្រាយសមស្របមួយ។ ដូច្នេះ ទោះបីសហរដ្ឋអាមេរិកស្ថិតនៅឆ្ងាយពីកម្ពុជាក៏ដោយ តាមរយៈបណ្តាញអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់ ខ្ញុំគិតថា ពួកគេនៅតែអាចដើរតួនាទីមួយបាន។
សំណួរ៖ លោកបាននិយាយមុននេះថា ជាង ៦០% នៃសមត្ថភាពផលិតអគ្គិសនីរបស់កម្ពុជា មកពីថាមពលកកើតឡើងវិញ។ តើលោកគិតថា ត្រូវការការវិនិយោគបៃតងបន្ថែមប៉ុន្មានទៀត ដើម្បីពង្រីកវិស័យនេះ?
ចម្លើយ៖ ប្រព័ន្ធថាមពលដែលយើងមានសព្វថ្ងៃ បានទាក់ទាញថវិកាសាធារណៈជាង ៣៣ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ យើងទទួលបានការគាំទ្រពីធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារ AFD របស់បារាំង JICA របស់ជប៉ុន KOICA របស់កូរ៉េ និង KfW របស់អាល្លឺម៉ង់។ ទៅថ្ងៃអនាគត យើងនឹងត្រូវការថវិកាបន្ថែមរាប់ពាន់លានដុល្លារទៀត សម្រាប់ការវិនិយោគលើការផលិតអគ្គិសនី បណ្តាញបញ្ជូន និងប្រព័ន្ធផ្ទុកថាមពល។ បើតាមស្ថិតិរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រៀងរាល់ឆ្នាំ មានការវិនិយោគប្រហែល ១ ទ្រីលានដុល្លារលើការផលិតថាមពល ប៉ុន្តែមានត្រឹមប្រហែល ៤០០ ពាន់លានដុល្លារប៉ុណ្ណោះ ដែលវិនិយោគលើបណ្តាញបញ្ជូន។ នេះបង្ហាញថា មានភាពមិនសមាមាត្រ។ ប៉ុន្តែអ្វីដែលល្អសម្រាប់កម្ពុជា គឺយើងកំពុងវិនិយោគទាំងការផលិតថាមពល បណ្តាញបញ្ជូន និងប្រព័ន្ធផ្ទុក ក្នុងពេលតែមួយ ដើម្បីឱ្យវិស័យទាំងនេះរីកចម្រើនស្របគ្នា និងអាចទទួលយកថាមពលកកើតឡើងវិញដែលមានលក្ខណៈប្រែប្រួលបានកាន់តែច្រើន។
សំណួរ៖ ចុះការវិនិយោគទាំងនេះ មកពីណាខ្លះ?
ចម្លើយ៖ វាមកពីប្រភពចម្រុះ។
សំណួរ៖ ប៉ុន្តែការពិតគឺ ការវិនិយោគមួយចំនួនធំមកពីប្រទេសចិន មែនទេ?
ចម្លើយ៖ សម្រាប់វារីអគ្គិសនី វិនិយោគភាគច្រើនមកពីប្រទេសចិន ពីព្រោះក្រុមហ៊ុនសាងសង់របស់ចិនមានតម្លៃប្រកួតប្រជែងជាងគេ។ ប៉ុន្តែបើនិយាយអំពីបណ្តាញបញ្ជូនថាមពល វាមានការចូលរួមពីមូលធនអន្តរជាតិ ដែលផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនកម្ពុជាក្នុងទំហំធំ។
ឧទាហរណ៍៖ យើងមានគម្រោងមួយដែលមានសមត្ថភាព ១,១០០ មេហ្គាវ៉ាត់។ ក្នុងតំបន់នោះ មានថាមពលព្រះអាទិត្យជាង ១,០០០ មេហ្គាវ៉ាត់ និងប្រព័ន្ធផ្ទុកថាមពលដោយថ្ម (Battery Storage) ចំនួន ៥០០ មេហ្គាវ៉ាត់។ នេះគឺជាការរួមបញ្ចូលគ្នារវាងហិរញ្ញប្បទានអន្តរជាតិ និងការអនុវត្តដោយក្រុមហ៊ុនកម្ពុជា។ ដូច្នេះ យើងឃើញទាំងក្រុមហ៊ុនកម្ពុជាដែលមានសមត្ថភាពធំ និងការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំធំផងដែរ។ យើងក៏កំពុងនិយាយអំពីគម្រោងវារីអគ្គិសនីសម្រាប់ផ្ទុកថាមពល (Pumped Storage Hydropower) កម្លាំង ១,០០០ មេហ្គាវ៉ាត់ ដែលនឹងជួយឱ្យកម្ពុជាអាចបញ្ចូលថាមពលកកើតឡើងវិញបានកាន់តែច្រើននាពេលអនាគត។ គម្រោងនេះទទួលបានថវិកាជាង ១ ពាន់លានដុល្លារ ពីប្រទេសចិន និងស្ថាប័នហិរញ្ញវត្ថុពហុភាគី សម្រាប់ការអភិវឌ្ឍបណ្តាញបញ្ជូនអគ្គិសនី។ ដូច្នេះ យើងមានទាំងទំនុកចិត្តពីអ្នកវិនិយោគអន្តរជាតិ និងការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងស្រុក។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត គឺយើងកំពុងដាក់ឱ្យប្រើបច្ចេកវិទ្យា Grid Forming ដើម្បីធានាថា ប្រព័ន្ធអគ្គិសនីមិនចាំបាច់ពឹងផ្អែកលើរោងចក្រធ្យូងថ្មសម្រាប់រក្សាស្ថិរភាពនោះទេ។ ឥឡូវនេះ យើងបានបញ្ចូលប្រព័ន្ធផ្ទុកថាមពលដោយថ្មចូលទៅក្នុងបណ្តាញអគ្គិសនី ហើយកម្ពុជាគឺជាប្រទេសដំបូងៗមួយក្នុងពិភពលោកដែលសាកល្បងបច្ចេកវិទ្យានេះ។ លទ្ធផលបង្ហាញថា វាដំណើរការបានល្អ។ ដូច្នេះ យើងកំពុងធានាថា ប្រព័ន្ធអគ្គិសនីរបស់កម្ពុជា ស្ថិតនៅជួរមុខនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។
សំណួរ៖ ចុះគម្រោងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) វិញ? គម្រោងនេះត្រូវបានលើកឡើងជាយូរមកហើយ។ តើមានវឌ្ឍនភាពអ្វីខ្លះ?
ចម្លើយ៖ ប្រព័ន្ធអគ្គិសនីជាតិមួយ មានភាពរឹងមាំត្រឹមកម្រិតដែលវាអាចទប់ទល់បាននៅថ្ងៃដែលអាក្រក់បំផុត។ កម្ពុជាជឿជាក់ថា ការធ្វើសមាហរណកម្មទីផ្សារថាមពលនៅក្នុងតំបន់ គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់អាស៊ាន ក្នុងការកាត់បន្ថយការបញ្ចេញកាបូនប្រកបដោយប្រសិទ្ធភាព និងចំណាយទាបបំផុត។ ហេតុដូច្នេះហើយ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង ASEAN Power Grid។ យើងជឿជាក់ថា ប្រទេសអាស៊ានអាចកសាងប្រព័ន្ធថាមពលដែលមានភាពធន់រួមគ្នា បានលឿនជាង មានតម្លៃទាបជាង និងមានប្រសិទ្ធភាពជាង ប្រសិនបើយើងរួមបញ្ចូលធនធានរបស់យើង និងទាញយកអត្ថប្រយោជន៍ពីសក្តានុពលប្រកួតប្រជែងរបស់ប្រទេសនីមួយៗ៕ -FN-






