អត្ថបទអប់រំផ្សព្វផ្សាយ៖ កែប្រែបញ្ហាបរិស្ថាន (ការបំពុលដោយសំណល់ប្លាស្ទិក) ទៅជាទំនួលខុសត្រូវរួម
បច្ចុប្បន្នការប្រើប្រាស់សម្ភារៈប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយហេតុថាប្លាស្ទិកមានតម្លៃថោក និងបាននាំមកនូវភាពងាយស្រួលក្នុងការផលិត ការវេចខ្ចប់ ការប្រើប្រាស់និងការដឹកជញ្ជូន។ ទោះជាយ៉ាងណា ការកើនឡើងយ៉ាងលឿននៃសំណល់ប្លាស្ទិក ជាពិសេសប្លាស្ទិកប្រើបានតែមួយដង បានក្លាយជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ប្លាស្ទិកភាគច្រើនត្រូវការរយៈពេលរាប់សិបឆ្នាំ ឬរាប់រយឆ្នាំទើបអាចបំបែកជាភាគល្អិតតូចៗបាន។ សំណល់ប្លាស្ទិកដែលមិនត្រូវបានទុកដាក់ ប្រមូល និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ នឹងហូរចូលប្រព័ន្ធលូ ទន្លេ បឹង និងសមុទ្រ បង្កឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សត្វសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីថែមទៀតផង។ យោងតាមកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) សំណល់ប្លាស្ទិកប្រមាណជា១១លានតោនបានហូរចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ ដែលបង្កឱ្យសត្វសមុទ្រជាច្រើនបានងាប់។ ក្រៅពីនេះ ការស្ទះប្រព័ន្ធបង្ហូរទឹកដោយសារសំណល់ប្លាស្ទិក ក៏ជាកត្តាមួយដែលបង្កើនហានិភ័យដល់ការជន់លិចនៅតំបន់ទីក្រុង ជាពិសេសក្នុងរដូវវស្សា និងបង្កផលប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងតំបន់ទេសចរណ៍ផងដែរ។
បញ្ហាការបំពុលសំណល់ប្លាស្ទិកនេះ មិនត្រឹមតែប៉ះពាល់ដល់សត្វ និងគុណភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងសុខភាពមនុស្សផងដែរ។ អ្នកដឹងទេថា សំណល់ប្លាស្ទិកមិនបានបាត់ចេញពីភពផែនដីឡើយ វាបានបំបែកទៅជាភាគល្អិតតូចៗ ដែលមានទំហំតូចជាង ៥មីលីម៉ែត្រ ហៅថា មីក្រូប្លាស្ទិក (Microplastics)។ ភាគល្អិតទាំងនេះអាចស្ថិតនៅក្នុងដី ហូរចូលទៅក្នុងប្រភពទឹកសាប និងសមុទ្រ និងជាពិសេសអាចនៅក្នុងខ្សែសង្វាក់អាហាររបស់មនុស្ស និងសត្វថែមទៀតផង។
ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានពីសំណល់ប្លាស្ទិកចំពោះសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ចាំបាច់ណាស់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុនេះហើយ ទើបកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានផ្លួចផ្ដើមឡើងនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានបំផុសគំនិតឱ្យមនុស្សគ្រប់វ័យមានការផ្លាស់ប្ដូរទម្លាប់ពីការប្រើថង់ប្លាស្ទិកច្រើន កាត់បន្ថយមកប្រើតិចតួច និងឈប់ប្រើថង់ប្លាស្ទិកតែម្ដង ដោយងាកមកប្រើសម្ភារៈជំនួសដែលមានលក្ខណៈមេត្រីបរិស្ថាន ដូចជាថង់បរិស្ថានដែលប្រើបានច្រើនដងជាដើម។
ទោះជាក្រសួងបរិស្ថានទទួលបានជោគជ័យលើយុទ្ធនាការនេះក៏ដោយ ក៏ចាំបាច់នៅតែទាមទារឱ្យមានការចូលរួមបន្តទៀតពីប្រជាពលជននៅទូទាំងប្រទេស ដោយការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃដូចជា៖
១. អនុវត្តគោលការណ៍ ៤Rs រួមមាន៖
· បដិសេធ (Refuse)
· កាត់បន្ថយ (Reduce)
· ប្រើប្រាស់ឡើងវិញ (Reuse) និង
· កែច្នៃឡើងវិញ (Recycle)
* ព្រមទាំងរំលឹក និងអប់រំបន្តទៅអ្នកជុំវិញខ្លួន
២. ប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិកដូចជា ការប្រើប្រាស់ថង់បរិស្ថាន ឬថង់ក្រណាត់ កែវ ប្រអប់បាយ និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន
៣. ចូលរួមទុកដាក់ ញែក និងបោះចោលសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ
៤. ចូលរួមផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងពីការបំពុលសំណល់ប្លាស្ទិកដល់គ្រួសារ មិត្តភក្ដិ និងសហគមន៍ដែលយើងរស់នៅ
ការបំពុលសំណល់ប្លាស្ទិក មិនមែនជាបញ្ហារបស់បុគ្គល ឬស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាបញ្ហារួមដែលទាមទារឱ្យមានការទទួលខុសត្រូវរួមគ្នា និងការចូលរួមពីគ្រប់ភាគី និងគ្រប់វិស័យក្នុងសង្គម។ រាល់ការផ្លាស់ប្ដូរទំលាប់តូចៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការពារធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ នេះមិនមែនជារឿងចៃដន្យនោះទេដែលសង្គមមួយមានបរិស្ថានស្អាត គឺអ្វីៗកើតចេញពីការការយល់ដឹង ការទទួលខុសត្រូវ និងកិច្ចសហការរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការកាត់បន្ថយ និងទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ គឺជាការចូលរួមវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសកម្ពុជា ដែលនាំមកនូវបរិស្ថានស្អាត សុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
រៀបរៀងដោយ៖ នាយកដ្ឋានអប់រំបរិស្ថាន





