វិចារណកថា ៖ ការរស់នៅជាមួយធម្មជាតិ៖ ការអប់រំដ៏អស្ចារ្យបំផុតសម្រាប់កូនចៅរបស់យើង
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
ការអប់រំច្រើនតែត្រូវបានគេវាស់វែងទៅលើចំណេះដឹងដែលសិស្សទទួលបាន ការប្រឡងដែលពួកគេបានជាប់ និងមុខរបរដែលពួកគេប្រាថ្នាចង់បាន។ ទាំងនេះសុទ្ធតែជាសមិទ្ធផលដ៏សំខាន់ ប៉ុន្តែ នៅមានការអប់រំមួយបែបទៀត ដែលជាការអប់រំមិនត្រឹមតែកែប្រែគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកែប្រែបេះដូង និងគុណតម្លៃរបស់មនុស្សម្នាក់ៗផងដែរ។ នោះគឺការអប់រំឱ្យចេះរស់នៅជាមួយធម្មជាតិ។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ មនុស្សជាតិមិនដែលរស់នៅដាច់ដោយឡែកពីធម្មជាតិនោះឡើយ។ យើងភ្ញាក់ពីដំណេកនៅពេលមានពន្លឺព្រះអាទិត្យ ដាំដុះទៅតាមរដូវកាល ពឹងផ្អែកលើទន្លេសម្រាប់ទ្រទ្រង់ជីវិត និងស្វែងរកសេចក្តីសុខនៅក្រោមម្លប់ដើមឈើ។ ធម្មជាតិមិនមែនគ្រាន់តែជាផ្ទាំងទស្សនីយភាពខាងក្រោយនោះទេ ធម្មជាតិគឺជាផ្ទះសម្បែង ជាគ្រូបង្រៀន និងជាដៃគូរបស់យើង។
ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ កុមារជាច្រើនកំពុងតែធំដឹងក្តីឡើងដោយរុំព័ទ្ធទៅដោយបេតុងជំនួសឱ្យព្រៃឈើ មើលកញ្ចក់ទូរស័ព្ទជំនួសឱ្យការមើលស្ទឹង និងពឹងលើពន្លឺសិប្បនិម្មិតជំនួសឱ្យពន្លឺផ្កាយ។ ពួកគេចេះប្រើប្រាស់ពិភពឌីជីថលយ៉ាងស្ទាត់ជំនាញ ប៉ុន្តែពួកគេភាគច្រើនមិនដែលទាំងបានដាំដើមឈើមួយដើម មិនដែលមើលសត្វមេអំបៅញាស់ចេញពីដង្កូវ ឬមិនដែលស្តាប់សំឡេងដាស់តឿនដ៏ស្ងប់ស្ងាត់នៃព្រៃឈើនោះឡើយ។
គម្លាតឆ្ងាយពីធម្មជាតិនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្តូរទម្លាប់រស់នៅនោះទេ។ នេះគឺជាការបាត់បង់នូវការយល់ដឹងពីតម្លៃពិតនៃជីវិត។
ធម្មជាតិបង្រៀនមេរៀនជាច្រើន ដែលគ្មានថ្នាក់រៀនណាមួយអាចពន្យល់បានពេញលេញនោះឡើយ។
ទន្លេបង្រៀនពីភាពអត់ធ្មត់ និងការព្យាយាម។ ទន្លេមិនដែលឈប់ហូរនោះទេ គឺតែងតែស្វែងរកផ្លូវចេញរាល់ឧបសគ្គទាំងឡាយ។
ដើមឈបង្រៀនពីភាពអត់ធ្មត់។ ដើមឈើដុះលូតលាស់យ៉ាងស្ងៀមស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនបង្ខំឡើយ ប៉ុន្តែដើមឈើលូតលាស់យ៉ាងរឹងមាំដើម្បីផ្តល់ជម្រកដល់មនុស្សជាច្រើនជំនាន់។
ព្រៃឈើបង្រៀនពីការចេះរួបរួម ប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក។ រុក្ខជាតិ សត្វព្រៃ សត្វល្អិត និងរុក្ខជាតិល្អិតៗរាប់មិនអស់ រស់នៅជាមួយគ្នាយ៉ាងមានតុល្យភាព ដែលនេះរំលឹកយើងថា ជីវិតរីកចម្រើនទៅបានគឺតាមរយៈភាពសុខដុមរមនា មិនមែនតាមរយៈការប្រកួតប្រជែងតែមួយមុខនោះទេ។
ការផ្លាស់ប្តូររដូវកាលបង្រៀនពីភាពធន់។ បន្ទាប់ពីដកដង្ហើមក្នុងរដូវប្រាំង ទឹកភ្លៀងតែងតែធ្លាក់មកវិញ។ បន្ទាប់ពីស្លឹកឈើជ្រុះ ស្លឹកថ្មីតែងតែដុះលូតលាស់ឡើងវិញ។ ធម្មជាតិរំលឹកយើងថា រាល់បញ្ហាប្រឈមតែងតែនាំមកនូវការចាប់ផ្តើមថ្មី។
នៅពេលដែលសិស្សានុសិស្សចំណាយពេលជាមួយធម្មជាតិ ពួកគេនឹងចាប់ផ្តើមយល់ពីមេរៀនទាំងនេះ មិនមែនតាមរយៈការទន្ទិញចាំមាត់នោះទេ ប៉ុន្តែគឺតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន។
ការរស់នៅជាមួយធម្មជាតិ ក៏ជួយបណ្តុះសេចក្តីដឹងគុណផងដែរ។ កុមារដែលដាំដើមឈើមួយដើម នឹងដឹងពីតម្លៃនៃខ្យល់អាកាសបរិសុទ្ធ។ កុមារដែលថែទាំសួនច្បារ នឹងយល់ពីសារៈសំខាន់នៃទឹក។ កុមារដែលមើលសត្វបក្សីធ្វើសំបុក នឹងរៀនសូត្រថា រាល់សត្វលោកទាំងអស់សុទ្ធតែមានកន្លែងរស់នៅ និងមានគោលបំណងរៀងៗខ្លួន។
បទពិសោធន៍ទាំងនេះ ជួយបណ្តុះពួកគេឱ្យក្លាយជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ។
កិច្ចគាំពារបរិស្ថាន មិនមែនត្រឹមតែជាការអនុវត្តច្បាប់ ឬការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនោះឡើយ។ វាចាប់ផ្តើមចេញពីរបៀបរស់នៅប្រចាំថ្ងៃ។ មនុស្សយើងតែងតែចូលរួមការពារអ្វីដែលពួកគេយល់ច្បាស់ ហើយពួកគេយល់ច្បាស់នូវអ្វីដែលពួកគេបានជួបប្រទះផ្ទាល់។ នៅពេលដែលសិស្សានុសិស្សរៀនរស់នៅជាមួយធម្មជាតិ ការថែរក្សាបរិស្ថាននឹងក្លាយជាទម្លាប់ធម្មជាតិ មិនមែនជាកាតព្វកិច្ចដែលត្រូវបង្ខំនោះទេ។
ហេតុដូចនេះហើយ សាលារៀនមានឱកាសដ៏ល្អក្នុងការនាំយកការរៀនសូត្រឱ្យហួសពីថ្នាក់រៀន។ សួនច្បារសាលារៀន ការដាំដើមឈើ ការដើរកម្សាន្តក្នុងធម្មជាតិ មេរៀនវិទ្យាសាស្ត្រនៅខាងក្រៅថ្នាក់ ការសង្កេតមើលសត្វព្រៃ និងគម្រោងអភិរក្សរបស់សហគមន៍ សុទ្ធតែជួយឱ្យការអប់រំក្លាយជាបទពិសោធន៍មានជីវិត។ រាល់មេរៀននៅក្រោមមេឃស្រឡះ នឹងក្លាយជាមេរៀនដែលចងចាំពេញមួយជីវិត។
គ្រួសារក៏មានតួនាទីយ៉ាងសំខាន់ផងដែរ។ មាតាបិតាអាចលើកទឹកចិត្តកូនៗឱ្យចំណាយពេលនៅខាងក្រៅ រួមគ្នាដាំដើមឈើ ថែទាំផ្កា ដាំបន្លែ ទៅកម្សាន្តនៅតាមឧទ្យានជាតិ ឬគ្រាន់តែមើលសម្រស់ថ្ងៃរះជាមួយគ្នា។ ខណៈពេលដ៏សាមញ្ញទាំងនេះ បង្កើតជាការចងចាំដ៏យូរអង្វែង និងជួយបង្កើនការគោរពរបស់កុមារចំពោះពិភពធម្មជាតិ។
ការរស់នៅជាមួយធម្មជាតិ ក៏ផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សផ្ទាល់ផងដែរ។ ការចំណាយពេលនៅក្នុងលំហបៃតង ជួយលើកកម្ពស់សុខភាពរាងកាយ កាត់បន្ថយភាពតានតឹង ពង្រឹងស្មារតីផ្តោតអារម្មណ៍ ជំរុញការបង្កើតថ្មី និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។ ធម្មជាតិមិនត្រឹមតែជួយស្តារបរិស្ថានឡើងវិញនោះទេ គឺវាជួយស្តារស្មារតីរបស់មនុស្សជាតិផងដែរ។
ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុល និងការកើនឡើងកម្តៅ ការវិនិយោគដ៏ធំបំផុតរបស់យើង មិនមែនមានត្រឹមតែបច្ចេកវិទ្យាស្អាត ឬគោលនយោបាយរឹងមាំនោះឡើយ។ ប៉ុន្តែនេះគឺការបណ្តុះមនុស្សជំនាន់ថ្មីឱ្យមានស្មារតីយល់ដឹងពីតួនាទីរបស់ខ្លួននៅក្នុងធម្មជាតិដោយស្វ័យប្រវត្តិ។
កូនចៅរបស់យើងមិនគួរចាត់ទុកខ្លួនឯងជាម្ចាស់គ្រប់គ្រងភពផែនដីនោះទេ។ ពួកគេគួរតែចាត់ទុកខ្លួនឯងជាអ្នកថែរក្សាភពផែនដីវិញ។
ភពផែនដីមិនមែនជាមរតកដែលបន្សល់ទុកពីដូនតារបស់យើងតែមួយមុខនោះទេ ប៉ុន្តែគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលយើងត្រូវថែរក្សាទុកសម្រាប់កូនចៅ និងអ្នកជំនាន់គ្រាន់របស់យើង។ រាល់ទន្លេដែលយើងរក្សាភាពស្អាត រាល់ព្រៃឈើដែលយើងការពារ រាល់ដើមឈើដែលយើងដាំ និងរាល់ប្រភេទសត្វដែលយើងអភរក្ស គឺជារឿងរ៉ាវសន្យាសម្រាប់ថ្ងៃអនាគត។
ដូចនេះ ចូរយើងបង្រៀនសិស្សានុសិស្សមិនត្រឹមតែឱ្យសិក្សាអំពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺឱ្យចេះរស់នៅជាមួយធម្មជាតិ។
សូមឱ្យសាលារៀនគ្រប់ទីកន្លែង ក្លាយជាកន្លែងដែលការរៀនសូត្រលាតសន្ធឹងទៅដល់សួនច្បារ ព្រៃឈើ ទន្លេ និងឧទ្យាន។
សូមឱ្យគ្រប់ក្រុមគ្រួសារ ចំណាយពេលដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយពិភពធម្មជាតិ។
សូមឱ្យគ្រប់សហគមន៍ បង្កើតលំហបៃតងដែលកុមារអាចជួបប្រទះនូវសម្រស់ និងភាពអស្ចារ្យនៃជីវិតនៅជុំវិញខ្លួនពួកគេ ពីព្រោះនៅពេលដែលកុមាររៀនរស់នៅជាមួយធម្មជាតិ ពួកគេក៏រៀនរស់នៅដោយមានចេះដាក់ខ្លួន មានការទទួលខុសត្រូវ សេចក្តីអាណិតអាសូរ និងក្តីសង្ឃឹមផងដែរ។
រង្វាស់នៃការអប់រំ មិនមែនមានត្រឹមតែចំណេះដឹងដែលយើងផ្ទេរពីជំនាន់មួយទៅជំនាន់មួយនោះទេ ប៉ុន្តែគឺជាប្រាជ្ញាស្មារតីដែលយើងបានបន្សល់ទុកនៅក្នុងបេះដូងរបស់ពួកគេ។ ក្នុងចំណោមទម្រង់នៃចំណេះដឹងទាំងឡាយ មានសារពិតដ៏សាមញ្ញមួយ នោះគឺ«មនុស្សជាតិរីកចម្រើនរុងរឿងទៅបាន លុះត្រាតែរស់នៅប្រកបដោយសុខដុមរមនាជាមួយនឹងធម្មជាតិ»។
-ក្រសួងបិរស្ថាន-






