Grand News Asia Close

លិខិតមិត្តអ្នកអាន៖ គោលដៅស្នូលនៃការធ្វើបាតុកម្មអាចមិនមែនដើម្បីជាតិ​ តែអាចដើម្បីប្រមូលលុយច្រើនជាង!

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 373
លិខិតមិត្តអ្នកអាន៖ គោលដៅស្នូលនៃការធ្វើបាតុកម្មអាចមិនមែនដើម្បីជាតិ​ តែអាចដើម្បីប្រមូលលុយច្រើនជាង! លិខិតមិត្តអ្នកអាន៖ គោលដៅស្នូលនៃការធ្វើបាតុកម្មអាចមិនមែនដើម្បីជាតិ​ តែអាចដើម្បីប្រមូលលុយច្រើនជាង!

បាតុកម្មនៅកូរ៉េ កាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម និងមាន មូរ សុខហួរ ចូលរួមផងនោះ គឺទទួលបរាជ័យដែលខុសពីការរំពឹងទុក ដោយហេតុថា មិនអាចប្រមូលលុយបានច្រើនពីហ្វូងបាតុករដ៏តិចតួចនោះឡើយ។ មជ្ឈដ្ឋានទូទៅមើលឃើញថា មុខរបរប្រមូលលុយតាមរយៈបាតុកម្មនេះ  គឹជាមុខរបរដែលងាយស្រួលរកប្រាក់របស់មេខ្លោងប្រឆាំងជ្រុលនិយម ដែលចាំតែជញ្ជក់ញើសឈាមរបស់ពលករ និងអ្នកគាំទ្រ ដែលអាចឱ្យពួកគេទទួលបានលុយស្រាប់ៗដោយមិនបាច់ធ្វើការអ្វី។

ជារឿយៗក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តែងតែប្រើប្រាស់បញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ មកញុះញង់ កៀរគរមនុស្សឱ្យចូលរួមធ្វើបាតុកម្មដើម្បីប្រមូលលុយដាក់ហោប៉ៅ។ ចំណែកការធ្វើបាតុកម្មនោះទៀតសោត  ពួកគេតែងប្រើប្រាស់វោហាសាស្រ្ត បញ្ឆេះកំហឹង លាបពណ៌ឱ្យស្អប់ការដឹកនាំរបស់រដ្ឋាភិបាល មើលឃើញតែរឿងអាក្រក់ៗក្នុងប្រទេសខ្លួនឯង ហើយក្នុងពេលឃោសនានោះដែរ ពួកគេមិនដែលភ្លេចនោះឡើយ គឺហិបលុយរៃអង្គាស ស៊ីកម្លាំងញើសឈាមពលករ ដែលកំពុងលង់ស្តាប់តាមការឃោសនាបោកប្រាស់បែបប្រជាភិថុតិ។

ការធ្វើបាតុកម្មនៅកូរ៉េទៀតសោត គឺគេយកពាក្យស្នេហាជាតិ ស្នេហាទឹកដីធ្វើជាលេសដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ បម្រើមហិច្ឆិតានយោបាយជ្រុលនិយមរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ព្រោះយើងសង្កេតឃើញថា ស្ទើរតែចប់បាតុកម្មមិនទាន់ស្រួលបួលផងនោះ ក្រុមមេខ្យល់បាតុកម្មដែលប្រមូលលុយបាន យកទៅចែកគ្នាចាយវាយសប្បាយនៅតាមហាងផឹកស៊ី ចំណែកអ្នកដែលចូលរួមវិញត្រូវខាតបង់ទាំងពេលវេលា អស់ទាំងថវិកា គឺគ្មានបានលទ្ធផលអ្វីឡើយ។

គួរបញ្ជាក់ថា ការធ្វើបាតុកម្ម គឺមិនមែនជាជម្រើស ដែលអាចដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលក្នុងស្រុក ដើម្បីឱ្យធ្វើតាមបញ្ជារបស់ពួកប្រឆាំងជ្រុលនិយមបាននោះទេ។ ផ្ទុយទៅវិញ រូបភាពនៃការធ្វើបាតុកម្មនៅបរទេសនេះ គឺជាការបង្ហាញអំពីកម្សោយខាងយុទ្ធសាស្ត្រនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមិនអាចស្វែងរកវិធីផ្សេងក្នុងការ ចូលរួមដើម្បីស្ថាបនាជាតិបាននោះឡើយ ក្រៅតែពីបង្កើតព្រឹត្តិការណ៍ជំរុញឱ្យពលរដ្ឋងើបបះបោរ ប្រឆាំងទាំងងងើលជាបន្តបន្ទាប់។ ដូចគ្នានេះ ទាំងរដ្ឋាភិបាល ទាំងក្រុមប្រឆាំងជ្រុលនិយម និងទាំងពលករដែលចូលរួមបាតុកម្ម គឺមានខាតបង់មិនមានចំណេញអ្វីនោះឡើយ ពីបាតុកម្មនេះ។ រដ្ឋាភិបាលខាតបង់នោះគឺ ខាតព្រោះត្រូវខូចឈ្មោះ ប៉ះពាល់កិត្តិយសប្រទេសជាតិទាំងមូល ដែលត្រូវបានវាយប្រហារដោយជនជាតិខ្លួនឯង ចំណែកក្រុមប្រឆាំងជ្រុលនិយមគឺខាតធ្ងន់ ដោយពួកនេះគ្មានឱកាសបានចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់ ជាមួយបក្សកាន់អំណាចនោះឡើយ ព្រោះតែការធ្វើនយោបាយចងកំហឹង និងចេតនាផ្តួលរំលំក្រៅប្រព័ន្ធច្បាប់របស់ពួកគេ ធ្វើឱ្យភាគីបក្សកាន់អំណាចមិនអាចទទួលយកបាន។ រីឯ ក្រុមបាតុករដែលចូលរួមវិញគឺខាតទាំងពលវេលា ខាតទាំងលុយកាក់ ខាតទាំងឱកាសចូលរួមជួយជាតិខ្លួនឯងឱ្យពិតប្រាកដ បែរជាក្លាយទៅជាឈ្នាន់នយោបាយឱ្យក្រុមប្រឆាំងទុច្ចរិតដោយមិនដឹងខ្លួនទៅវិញ។ បាតុកម្មគឺមានតែខាត គ្មានផលចំណេញសម្រាប់ភាគីណាមួយ និងជាពិសេសគ្មានផលចំណេញឡើយសម្រាប់ជាតិមាតុភូមិ ក្រៅតែពីខ្មាសបរទេសទៅវិញ។ 

ដូច្នេះអ្នកចូលរួមគួរតែគិតពិចារណាឡើងវិញ គួរប្រឹងប្រែងធ្វើការងារ សន្សំប្រាក់ យកពេលវេលារៀនសូត្រជំនាញបន្ថែម ចូលរួមអភិវឌ្ឍប្រទេសដោយស្មារតីទទួលខុសត្រូវ បើស្រលាញ់ជាតិ ត្រូវបង្ហាញពីចំណុចល្អៗរបស់ប្រទេសខ្លួនទៅកាន់ពិភពលោក កុំចូលរួមសកម្មភាពណាដែលនាំឱ្យខាតប្រយោជន៍ជាតិ ព្រោះអ្នកដែលនាំបងប្អូនបានទៅរៀនឬធ្វើការនៅស្រុកគេ គឺរាជរដ្ឋាភិបាលមិនមែនពួកប្រឆាំងរត់ចោលស្រុកនោះឡើយ។ជាក់ស្តែងប្រជាពលរដ្ឋក្នុងស្រុកធ្លាប់បានភ្លក់ឆ្អែតឆ្អន់ហើយ នូវរសជាតិបោកប្រាស់ ប្រមូលលុយបង្កើតមូលនិធិទូរទស្សន៍ បង្កើតកម្មវិធីបុណ្យផ្កា និងប្រមូលលុយធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ប៉ុន្តែលទ្ធផលចុងក្រោយ លុយក៏អស់ គ្មានទទួលបានជោគជ័យលើរឿងអ្វីមួយឡើយ។ ចុងក្រោយអ្នកអស់លុយគឺពលរដ្ឋស្លូតត្រង់ ចំណែកអ្នកបានលុយសប្បាយចាយហ៊ឺហារគឺពួកមេខ្លោង ដែលចាំទទួលលុយស្រាប់ៗ ដោយមិនចាំបាច់ចំណាយកម្លាំង នេះហៅថានយោបាយទុច្ចរិត៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង