Grand News Asia Close

ប្រវត្តិស្ពានមេទឹក និង​សោកនាដកម្ម​នៃ​ការ​បំផ្លាញ​ស្ពាន​នេះ​ដោយ​ MK-82 ចំនួន​៧គ្រាប់​នៅ​ខែធ្នូ ២០២៥

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1009
ប្រវត្តិស្ពានមេទឹក និង​សោកនាដកម្ម​នៃ​ការ​បំផ្លាញ​ស្ពាន​នេះ​ដោយ​ MK-82 ចំនួន​៧គ្រាប់​នៅ​ខែធ្នូ ២០២៥ - ស្ពានមេទឹកដែលយោធាថៃ ទម្លាក់គ្រាប់បែកកម្ទេចនៅថ្ងៃទី១៣ ធ្នូ ២០២៥។ មជ្ឈមណ្ឌលឯកសារកម្ពុជា

ស្ពានមេទឹក ឬ ស្ពានជ័យជម្នះ ដែល​ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន​រង​ការ​ទម្លាក់​គ្រាប់​បែក​ចំនួន ៧​ គ្រាប់​ដែល​មួយ​គ្រាប់ៗ​មាន​ទម្ងន់​ប្រមាណ ២៣០គីឡូក្រាម។ ការ​ទម្លាក់​គ្រាប់​បែក​នេះ​ធ្វើឡើង​ដោយ​យោធា​ថៃ នៅ​ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្នុង​សង្គ្រាម​ជុំទី២។

លោក ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បង្ហោះ​រូបភាពអំពី​ស្ថានភាព​​ស្ពាន​មេទឹក ដោយ​រួម​មាន​ទាំង​សំបក​គ្រាប់បែក​ MK-82 នៅ​ក្នុង​ទឹកផងដែរ។

ស្ពាន​នេះ​ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ហើយ​ត្រូវ​បាន​សាង​សង់​ឡើងក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ស្ថាបនារួចក្នុងឆ្នាំ ២០១៨ ដោយក្រុមហ៊ុនចិន CRBC។​ នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ស្ពាននេះ​មានចម្ងាយប្រមាណ៦១គីឡូម៉ែត្រពីរង្វង់មូលប្រម៉ោយទីរួមស្រុកវាលវែង និងមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីប្រជុំជនឃុំថ្មដា តាមបណ្តោយផ្លូវជាតិលេខ៥៥។

លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បាន​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ស្ពាន​នេះ ដើម្បី​ចងក្រម​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ។

– រណ្ដៅគ្រាប់បែក MK-82 របស់​យោធា​ថៃ។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា

លោក​រៀបរាប់​ថា បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ មេដឹកនាំខ្មែរ​ក្រហម ប៉ុល ពត រួមជាមួយមេដឹកនាំផ្សេងទៀតបានភៀសខ្លួនមករស់នៅតំបន់ព្រំដែនថ្មដា ក្បែរ​ស្ទឹងមេទឹក​នេះ​តែ​ម្ដង។ នៅតំបន់ព្រំដែនថ្មដា ប៉ុល ពត បានបង្កើតអង្គភាពជាច្រើនដូចជា មន្ទីររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ អង្គភាពកងពល អង្គភាពពេទ្យ ភូមិ និងស្រែចំការរបស់ក្រុមគ្រួសារកងទ័ពប្រចាំនៅសមរភូមិមុខសំឡូត-កោះកុង សមរភូមិមុខពាយ័ព្យ-ភ្នំពេញ និងសមរភូមិមុខនិរតី-ភ្នំពេញ ជាដើម។

នៅ​ទីនេះ​ ប៉ុល ពត បានរៀបចំកងកម្លាំងឡើងវិញ ដើម្បីធ្វើការតស៊ូប្រឆាំងនឹងកងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅតំបន់ព្រំដែនថ្មដា (ពី សំឡូត ដល់​ កោះកុង) ប៉ុល ពត, តាម៉ុក និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត បានរៀបចំបង្កើតកងពលចំនួនពីរ គឺកងពលទី២ និងកងពលទី៣។

នៅឆ្នាំ១៩៨២ ឬឆ្នាំ១៩៨៣ ប៉ុល ពត បានផ្តួចផ្ដើមធ្វើស្ពានថ្ម​មួយ ហើយ​បាន​ធ្វើរួចរាល់ប្រហែលជានៅចុងឆ្នាំ១៩៨៣ ឬដើមឆ្នាំ១៩៨៤។ បន្ទាប់ពីសាងសង់រួចរាល់ ប៉ុល ពត បានដាក់ឈ្មោះស្ពាននេះថា «ស្ពានបេ្តជ្ញាឈ្នះ»។

​លោក អ៊ួន យ៉ង់ ដែល​មាន​តួនាទី​ក្នុង​ជួរ​ខ្មែរ​ក្រហម​នៅ​តំបន់​នេះ បាន​រៀបរាប់​ថា​ គោលបំណងនៃការសង់ «ស្ពានបេ្តជ្ញាឈ្នះ» នេះ គឺ​ដើម្បីឲ្យកងកម្លាំងខ្មែរក្រហមងាយស្រួលក្នុងការដឹកជញ្ជូនស្បៀង និងគ្រាប់រំសេវដល់កងទ័ពរបស់ខ្លួនដែលបានកំពុងធ្វើសង្រ្គាមឈ្លបប្រឆាំងកងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅខាងក្នុងប្រទេស។

ប៉ុន្តែ នៅ​ចុងឆ្នាំ១៩៨៤ ឬដើមឆ្នាំ១៩៨៥ ប៉ុល ពត បានបញ្ជាឱ្យកងទ័ពខ្មែរក្រហមផ្ដាច់«ស្ពានប្ដេជ្ញាឈ្នះ»នេះចោល បន្ទាប់ពីវៀតណាមបានបញ្ជូនកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់មកដល់ស្ទឹងមេទឹក។ ការផ្តាច់ស្ពាននេះ គឺក្នុងគោលបំណងរារាំងកងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា​មិន​ឲ្យ​ធ្វើ​ដំណើរនិងដឹកសព្វាវុធឆ្លងកាត់ស្ទឹងមេទឹកមកវាយកងកម្លាំងខ្មែរក្រហមដោយងាយស្រួល។

នៅដើមឆ្នាំ១៩៨៥ កងទ័ពវៀតណាម និងកងទ័ពនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានវាយដណ្តើមកាន់កាប់ទីតាំង«ស្ពានប្ដេជ្ញាឈ្នះ» និងទីតាំងផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង​បាន​​បោះទីតាំងឈរជើងនៅតំបន់ផ្ទះ៧ ហើយ​ប្ដូរ​ឈ្មោះ​ស្ពាន​នេះ​ទៅ​ជា​ស្ពាន​ជ័យ​ជម្នះ ហើយ​ឈ្មោះ​នេះ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។

– សំណល់​គ្រាប់បែក MK-82 របស់យោធា​ថៃ។ ហេង រតនា

យោងតាមសាក្សី​ ម៉ៃ សារុំ ដែល​ជា​អតីត​​កង​ទ័ព​ខ្មែរ​ក្រហម​នៅ​តំបន់​នេះ ចំណុចទីតាំងផ្ទះ៧ ត្រូវ​បាន​យក​ឈ្មោះ​តាម​ការ​ឃើញ​ជាក់ស្ដែង ពោល​គឺពេលដែលកងទ័ពវៀតណាមមកដល់ស្ទឹងមេទឹកដំបូងនៅក្នុងឆ្នាំ១៩៧៩ ពួក​គេ​បាន​ឃើញមានខ្ទមចំនួន៧ខ្នងស្ថិតខាងកើតស្ទឹងមេទឹកនេះ ហើយកងទ័ពវៀតណាមបានហៅទីតាំងនេះថា ទីតាំងផ្ទះ៧ តែម្ដង។

នៅពេលកងទ័ពវៀតណាមបានដកចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ កងទ័ពខ្មែរក្រហមចាប់ផ្តើមវាយកាន់កាប់ស្ពានមេទឹក និងតំបន់ព្រំដែនថ្មដាឡើងវិញ រហូត​ដល់​ពេល​ដែល​ខ្មែរ​ក្រហម​បាន​​ចុះ​ចូល​ជាមួយ​រាជរដ្ឋាភិបាល តាមគោល​នយោបាយ​ ឈ្នះ-ឈ្នះ នៅឆ្នាំ​១៩៩៨។

នៅឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើតឃុំថ្មដា ដោយមានភូមិចំនួន៣ជាចំណុះ​ គឺភូមិឯកភាព ភូមិសន្តិភាព និងភូមិសង្គមថ្មី។ ចាប់ពីពេលនោះមកចំណុចស្ពានមេទឹក ឬស្ពានជ័យជម្នះស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោង​តាម​លោក ឡុង ដានី ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធរវាងប្រទសកម្ពុជា និងថៃជាលើកទី២ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកនៅសណ្ឋាគារថ្មដា​ សាលារៀន និងផ្ដាច់​ស្ពានជ័យជម្នះ រួម​មាន​ទាំងស្ពានថ្មថ្មី និងស្ពានដែកចាស់។

លោក​ថ្លែង​ថា៖ «ការកាត់ផ្ដាច់ស្ពានជ័យជម្នះ គឺជាទង្វើដ៏អាក្រក់មួយរបស់ទាហានថៃ ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីប្រចាំថ្ងៃ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទស្សនាសម្រាស់ធម្មជាតិព្រៃភ្នំនៃខេត្តពោធិ៍សាត់ និងកោះកុង»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ស្នើ​សុំ​ដល់ភាគី​ពាក់​ព័ន្ធ​កុំ​ឲ្យ​ជួស​ជុល​ស្ពា​នេះ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «ស្ពាននេះមិនគួរជួសជុលឡើងវិញទេ គឺត្រូវរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយ ចងចាំ​ពីអំពើឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានចោរព្រៃសៀមមកលើទឹកដីយើង។ រាជរដ្ឋាភិបាលគួរសិក្សាទីតាំងនិងពិនិត្យលទ្ធភាពសាងសង់ស្ពានថ្មីជំនួសស្ពានចាស់ដែលត្រូវទាហានសៀមឈ្លានពានបំផ្លិចបំផ្លាញចោលនោះ»៕

Post Khmer

អត្ថបទទាក់ទង