វាចាតាបូរណ៌! ចំណេះដឹងខ្លះៗអំពីភាសាខ្មែរ ព្រោះយើងជាខ្មែរ និងបានអានសៀវភៅខ្មែរខ្លះៗ
ដោយ៖ តាបូរណ៍
មុននឹងខ្ញុំសរសេរសំណេរនេះ ខ្ញុំសូមជម្រាបថា ខ្ញុំមិនមែនជាអ្នកឯកទេសភាសាខ្មែរទេ ប៉ុន្តែមានចំណេះដឹងខ្លះៗអំពីភាសាខ្មែរ ព្រោះយើងជាខ្មែរ និងបានអានសៀវភៅខ្មែរខ្លះៗ។ ដូច្នេះ ទស្សនៈខាងក្រោមនេះ គ្រាន់តែជាការចែករំលែកមតិយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយខ្ញុំសូមស្វាគមន៍រាល់ការផ្លាស់ប្ដូរយោបល់ដោយស្ថាបនា។
ការប្រើប្រាស់ពាក្យខ្មែរ៖ [«អ្នកទាំងអស់គ្នា» និង «អនុញ្ញាត» ]
ភាសាជាព្រលឹងរបស់ជាតិ!
ជាតិណាមួយដែលថែរក្សាភាសារបស់ខ្លួនបានល្អ ជាតិនោះក៏អាចថែរក្សាវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ខ្លួនបានរឹងមាំដែរ។ ប៉ុន្តែនៅក្នុងសង្គមបច្ចុប្បន្ន ដោយសារឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម និងការប្រើប្រាស់ភាសាបរទេសយ៉ាងទូលំទូលាយ បានធ្វើឱ្យមានការប្រើប្រាស់ពាក្យខ្មែរមួយចំនួនខុសន័យ ខុសបរិបទ ឬមិនសូវសមស្របនឹងកាលៈទេសៈ ដោយមិនបានយល់ដឹងច្បាស់ពីប្រភព និងអត្ថន័យពិតរបស់វា។
ជាក់ស្ដែង ពាក្យ «អ្នកទាំងអស់គ្នា» កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការនិយាយ និងការសរសេរ។ ថ្វីបើវាជាពាក្យដែលអាចយល់បាន និងត្រូវបានប្រើជាទូទៅក៏ដោយ ប៉ុន្តែបើពិនិត្យតាមរចនាសម្ព័ន្ធភាសាខ្មែរ ពាក្យ «អ្នក» មានន័យសំដៅលើបុគ្គល ឬក្រុមមនុស្សរួចជាស្រេច ខណៈពាក្យ «ទាំងអស់គ្នា» ក៏ជាពាក្យបញ្ជាក់ពីភាពគ្រប់គ្នាផងដែរ។ ដូច្នេះ ក្នុងករណីខ្លះ ការប្រើត្រឹម «ទាំងអស់គ្នា» ឬ «បងប្អូនទាំងអស់គ្នា» អាចមានភាពសមរម្យ និងស្របតាមលំនាំភាសាខ្មែរជាង។ នេះគ្រាន់តែជាទស្សនៈមួយដែលគួរឱ្យយើងពិចារណា មិនមែនមានន័យថាការប្រើពាក្យ «អ្នកទាំងអស់គ្នា» ខុសទាំងស្រុងនោះទេ។
ដូចគ្នានេះដែរ ពាក្យ «អនុញ្ញាត» ក៏ត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងគ្រប់ស្ថានភាព រហូតដល់ពេលខ្លះបាត់បង់ភាពសមស្របនៃបរិបទ។ ពាក្យនេះមានអត្ថន័យជាផ្លូវការ សំដៅលើការយល់ព្រម ឬការអនុម័តឱ្យធ្វើអ្វីមួយ។ ប៉ុន្តែក្នុងជីវភាពប្រចាំថ្ងៃ ខ្មែរយើងពីបុរាណតែងប្រើពាក្យដូចជា «សុំ» «សូម» «ឱ្យ» ឬ «យល់ព្រម» ទៅតាមស្ថានភាពផ្សេងៗ។ ការជ្រើសរើសពាក្យឱ្យត្រូវនឹងកាលៈទេសៈ មិនត្រឹមតែធ្វើឱ្យភាសាកាន់តែរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចំណេះដឹង និងការគោរពចំពោះភាសាជាតិផងដែរ។
បញ្ហាសំខាន់មិនមែនស្ថិតនៅត្រង់ពាក្យមួយ ឬពីរនោះទេ ប៉ុន្តែស្ថិតនៅត្រង់ការប្រើប្រាស់ដែលមិនសូវសមស្របកើតឡើងជាបន្តបន្ទាប់ រហូតក្លាយជាទម្លាប់។ នៅពេលមនុស្សជាច្រើនប្រើពាក្យ ឬសំនួនដដែលៗជារៀងរាល់ថ្ងៃ អ្នកជំនាន់ក្រោយអាចយល់ថា នោះជារបៀបប្រើប្រាស់ដែលត្រឹមត្រូវបំផុត។ ពេលទម្លាប់មួយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ វាអាចធ្វើឱ្យពាក្យដើម លំនាំដើម និងរបៀបប្រើប្រាស់បែបប្រពៃណីរបស់ភាសា ត្រូវបានបំភ្លេចបន្តិចម្ដងៗ នេះជាចំណុចមួយដែលគួរឱ្យយើងយកចិត្តទុកដាក់ក្នុងការអភិរក្សភាសាជាតិ។
ភាសាមិនមែនជារបស់អ្នកប្រាជ្ញ ឬអ្នកអក្សរសាស្ត្រតែប៉ុណ្ណោះទេ ភាសាជាកម្មសិទ្ធិរួមរបស់ប្រជាជាតិទាំងមូល។ ដូច្នេះ ការថែរក្សាភាសាខ្មែរ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មុននឹងប្រើពាក្យណាមួយ យើងគួរសិក្សាពីអត្ថន័យ ប្រភព និងបរិបទរបស់វា។ គ្រូបង្រៀន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរធ្វើជាគំរូក្នុងការប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ ព្រោះពាក្យសម្ដីរបស់ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងលើសង្គម។
វាចារតាបូរណ៌ !
ការអភិវឌ្ឍភាសា និងការថែរក្សាភាសា គឺជារឿងដែលត្រូវដើរទន្ទឹមគ្នា យើងអាចទទួលយកពាក្យថ្មីៗ និងការប្រែប្រួលរបស់សង្គមបាន ព្រោះភាសាជារបស់រស់ដែលតែងតែវិវត្តទៅមុខ។ ទោះជាយ៉ាងណា យើងក៏គួរតែពិចារណាឱ្យបានម៉ត់ចត់ មុននឹងទទួលយកការប្រើប្រាស់ណាមួយឱ្យក្លាយជាស្តង់ដារ។ ព្រោះនៅពេលដែលការប្រើប្រាស់មិនសូវសមស្របក្លាយជាទម្លាប់ ហើយទម្លាប់នោះក្លាយជាប្រពៃណី នោះអ្វីដែលត្រឹមត្រូវ និងមានតម្លៃពីដើមអាចនឹងត្រូវបាត់បង់។ ការថែរក្សាពាក្យពេចន៍ខ្មែរ មិនមែនគ្រាន់តែជាការថែរក្សាភាសាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការថែរក្សាព្រលឹង អត្តសញ្ញាណ និងកេរដំណែលរបស់ជាតិខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ៕





