ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពឈូសឆាយដី និងជីកប្រឡាយរបស់ថៃនៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ?
ចម្លើយ៖ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពឈូសឆាយដី និងជីកប្រឡាយរបស់ថៃនៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ដោយចាត់ទុក សកម្មភាពនេះជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាបានបញ្ជាក់ថា តំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយយោងតាមការកំណត់ និងខណ្ឌសីមាព្រំដែនតាមផែនទីខ្នាត ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សំណួរទី២៖ តើសកម្មភាពទាំងនេះរបស់ភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងអ្វីខ្លះ?
ចម្លើយ៖ សកម្មភាពទាំងនេះរបស់ភាគីថៃបានរំលោភលើ៖
– មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០
– សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
សំណួរទី៣៖ តើថៃត្រូវអនុវត្តវិធានការអ្វីខ្លះ ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី?
ចម្លើយ៖ ភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា និងថៃ ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាពិសេស ភាគីថៃត្រូវអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង ក្នុងសេចក្តីប្រកាសររួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការ JBC ដើម្បីបន្តវាស់វែង និងខណ្ឌសីមា ព្រំដែនឱ្យបានឆាប់បំផុត៕





