ខ្មែររួបរួមគ្នា ខ្មែររឹងមាំ»៖ ការរំឭកវីរភាពរបស់វីរយុទ្ធជន សួន រោន ក្នុងទិវាចងចាំដ៏ស្ងប់ស្ងាត់
Sergeant Suon Raon, considered the first Khmer casualty of the 2025 border fighting. When he was shot dead by Thai soldiers in May 28, he was clad only in shorts and flip flops. Post Staff
ថ្ងៃទី២៨ ខែឧសភានេះ ប្រជាជនកម្ពុជាបានរួមគ្នាប្រារព្ធ «ទិវាចងចាំ» ក្នុងស្មារតីសាមគ្គីភាព ទោះបីមិនមានការប្រកាសជាផ្លូវការពីរដ្ឋាភិបាលក៏ដោយ។ ថ្ងៃនេះគឺជាខួបគម្រប់មួយឆ្នាំនៃការបាត់បង់វីរយុទ្ធជន ពលបាលឯក សួន រោន ដែលបានពលីជីវិតក្នុងសម្លៀកក្នុងស្ថានភាពមិនបានប្រុងប្រយ័ត្ន នៅតំបន់មុំបី ដែលជាចំណុចតភ្ជាប់ព្រំដែនកម្ពុជា ថៃ និងឡាវ។
វាជាព្រឹត្តិការណ៍រន្ធត់លើកដំបូងនៅ ឆ្នាំ២០២៥ នៅវេលាម៉ោងប្រហែល ៥:៣០ ព្រឹក នាថ្ងៃនោះ ដែលគេបានឮស្នូរផ្ទុះអាវុធនៅក្បែរលេណដ្ឋានយោធាកម្ពុជា ក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សំឡេងកាំភ្លើងបានបន្តប្រមាណ ១០ នាទី ទើបស្ងប់ទៅវិញ។ វីរយោធិនកម្ពុជា ពលបាលឯក សួន រោន ក្នុងវ័យ ៤៨ ឆ្នាំ បានរងរបួសនិងពលីជីវិត ដែលនេះគឺជាការហូរឈាម បាត់បង់ជីតដំបូងគេនៅក្នុងជម្លោះព្រំដែនសាជាថ្មីនេះ។
ខណៈដែលភាគីថៃបានអះអាងថា ពួកគេបាញ់ដើម្បីការពារខ្លួន និងចោទប្រកាន់ថាកងទ័ពកម្ពុជាបានជីកលេណដ្ឋានចូលក្នុងទឹកដីរបស់ខ្លួន ភាគីកម្ពុជាបានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា កងទ័ពថៃបានឆ្លងចូលទឹកដីកម្ពុជា និងបានបើកការបាញ់ប្រហារមកលើប៉ុស្តិ៍យោធាកម្ពុជាមុន។
ការអះអាងដែលច្បាស់លាស់បំផុតនោះ គឺការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីស្ថានភាពនៃការស្លាប់របស់លោក សួន រោន។ លោក ទៀ សីហា បានថ្លែង នៅខែមិថុនា ឆ្នាំ២០២៥ លោកបានថ្លែងថា៖ «ភាគីថៃមិនបានបង្ហាញការសោកស្តាយចំពោះទង្វើដែលខ្លួនបានធ្វើមកលើកម្ពុជាទេ ប៉ុន្តែបែរជាប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់គេថា កម្ពុជាជាអ្នកចាប់ផ្តើមបាញ់មុន។ យើងបានផ្ញើកំណត់ទូតសុំឱ្យថៃស៊ើបអង្កេតករណីនេះ ដើម្បីរកឱ្យឃើញថា តើអ្នកណាជាអ្នកបាញ់មុនពិតប្រាកដ?»។
លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមពន្យល់បញ្ហានេះបន្តិច។ ទាហានរបស់ខ្ញុំ ប្រសិនបើពួកគេចេញទៅច្បាំង ពួកគេត្រូវតែស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវមុននឹងចេញទៅសមរភូមិ។ ប៉ុន្តែបើបងប្អូនមើលរូបភាពយុទ្ធជនរបស់ខ្ញុំពេលស្លាប់ គាត់សូម្បីតែសម្លៀកបំពាក់ក៏មិនបានស្លៀកពាក់ឱ្យសមរម្យផង។ តើហេតុអ្វីបានជាថៃនិយាយថា យើងជាអ្នកចាប់ផ្តើមការបាញ់ប្រហារ?»។
ការបាត់បង់វីរយុទ្ធជនខ្មែរដំបូងនេះ មិនមែនជាទីបញ្ចប់នៃជម្លោះនោះទេ បើទោះបីជាលោក ទៀ សីហា បានបញ្ជាក់ថា ភាគីទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹងក៏ដោយ។ ការប្រយុទ្ធគ្នាដ៏សាហាវបានផ្ទុះឡើងម្តងទៀតពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា និងលើកទីពីរ ពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ដោយយោធាថៃ តែងតែប្រើប្រាស់ការផ្ទុះមីនធ្វើជាលេសដើម្បីធ្វើសង្គ្រាមជាមួយអ្នកជិតខាងរបស់ខ្លួន។
តើការលះបង់លោក សួន រោន មានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?
នៅថ្ងៃនេះ បណ្តាញសង្គមគ្របដណ្តប់ដោយការបង្ហោះសាររំលឹកវិញ្ញាណក្ខន្ធ សេចក្តីសោកស្តាយ និងការរៀនសូត្រពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ។
លោក រដ្ឋា ទូច អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានសរសេរថា៖ «យើងជាប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវចងចាំពីដំណើរប្រវត្តិសាស្ត្រ ការឈឺចាប់ ការបាត់បង់ និងការតស៊ូ ហើយត្រូវប្រែក្លាយមេរៀននៃស្លាកស្នាមអតីតកាល ឱ្យទៅជាកម្លាំងរុញច្រានចិត្តក្នុងការអភិវឌ្ឍសមត្ថភាព ការពង្រឹងស្មារតីស្នេហាជាតិ និងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន»។
លោកបានបន្តថា៖ «នេះមិនមែនជាការរំលឹកអតីតកាល ដើម្បីបង្កើតការបែកបាក់ ការរើសអើង ឬការគុំកួនសងសឹកនោះឡើយ ប៉ុន្តែជាការដាស់តឿនស្មារតីប្រជាជាតិខ្មែរឱ្យយល់ដឹងពីតម្លៃនៃការរួបរួម តម្លៃនៃសន្តិភាព ការអត់ឱន និងការកសាងអនាគតរួមគ្នា ដោយបញ្ចៀសដាច់ខាតនូវទស្សនៈជ្រុលនិយមគ្រប់ទម្រង់»។
ចំណែកលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានយល់ឃើញថា វាជាការចាំបាច់ដែលត្រូវមានការកាត់សេចក្តីតាមផ្លូវច្បាប់ ដើម្បីកំណត់ថា តើស្ថានភាពដែលនាំឱ្យមានការស្លាប់របស់យុទ្ធជន និងប្រជាពលរដ្ឋខ្មែរនេះ គឺជាទង្វើស្របតាមច្បាប់នៃជម្លោះប្រដាប់អាវុធដែរឬទេ។
លោកថា៖ «ពិភពលោកត្រូវបានគ្រប់គ្រងដោយច្បាប់ មិនមែនដោយអំពើចិត្តរបស់មេទ័ព ឬរដ្ឋាភិបាលណាមួយឡើយ ហើយជាចុងក្រោយ ប្រវត្តិសាស្ត្រនៃជម្លោះនេះត្រូវការការស៊ើបអង្កេតដោយភាគីទីបីដែលឯករាជ្យ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត គិន ភា បានលើកឡើងថា ពលិកម្មរបស់លោក សួន រោន មិនមែនគ្រាន់តែជាការបាត់បង់ជីវិតវីរកងទ័ពម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ដំបៅប្រវត្តិសាស្ត្រ» ដែលប្រជាជាតិខ្មែរទាំងមូលត្រូវតែចងចាំជានិច្ច។
លោកបានសង្កត់ធ្ងន់ថា៖ «ឈាមរបស់វីរយុទ្ធជនយើងដែលបានស្រក់លើដីព្រំដែន មិនមែនស្រក់ដោយឥតន័យនោះឡើយ។ ផ្ទុយទៅវិញ វាបានកើនឡើងជានិមិត្តរូបនៃការលះបង់ដើម្បីជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លា ក្នុងការដាស់ស្មារតីសាមគ្គីភាព និងឆន្ទៈរឹងមាំរបស់ប្រជាជាតិខ្មែរ ឱ្យរួបរួមគ្នានៅពីក្រោយជំហរដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការការពារនិងទាមទារបូរណភាពទឹកដីរបស់យើងដោយគ្មានការរាថយឡើយ»។
លោកបានបន្ថែមថា បញ្ហាព្រំដែនជាមួយកម្ពុជាតែងតែត្រូវបានអ្នកនយោបាយថៃយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយផ្ទៃក្នុង។ នៅពេលដែលថៃជួបវិបត្តិនយោបាយ សេដ្ឋកិច្ច ឬការប្រកួតប្រជែងអំណាចផ្ទៃក្នុង ពួកគេតែងតែប្រើវោហាសាស្ត្រជាតិនិយមជ្រុលដើម្បីបង្វែរការចាប់អារម្មណ៍ និងកេងចំណេញប្រជាប្រិយភាពរយៈពេលខ្លី។
ជាមេរៀនសម្រាប់ទៅថ្ងៃមុខ លោក គិន ភា បានជំរុញឱ្យកម្ពុជាត្រូវមាន «សាមគ្គីភាពផ្ទៃក្នុង» ដើម្បីការពារជាតិ មានស្មារតីស្នេហាជាតិដ៏ឆ្លាតវៃ និងចាស់ទុំ បន្តកិច្ចការតស៊ូមតិផ្នែកព័ត៌មាន និងការទូត ពង្រឹងសមត្ថភាពជាតិតាមរយៈការកសាងធនធានមនុស្ស និងពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចតាមរយៈស្មារតីជាតិនិយម។
លោកបានបញ្ចប់ដោយពាក្យស្លោកមួយថា «ខ្មែររួបរួមគ្នា ខ្មែររឹងមាំ ខ្មែរឈ្នះ!!!»៕





