Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 787
អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ អ្នកវិភាគចៅចាក់ស្មុក៖ សន្លឹកឆ្នោតដែលគូសខ្វែងតាមផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមានចំនួនតិចតួច, ពលរដ្ឋកម្ពុជាបានបោះបង់ចោលចលនាក្រុមប្រឆាំងជ្រុលនិយមហើយ

 

(ភ្នំពេញ)៖ នៅថ្ងៃសនៃការហាមឃាត់ការឃោសនាសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានបំពានបំរាមច្បាប់ និងអំពាវនាវទាំងរដាក់រដុបដោយអារម្មណ៍ខ្មាសអៀនខ្លួនឯង «ឱ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោលដែលមានន័យស្មើនឹងបោះឆ្នោតឱ្យខ្លួន» និងធ្វើសកម្មភាពយ៉ាងសកម្មជាមួយសមាជិកបក្សភ្លើងទៀន នៅថ្ងៃបោះឆ្នោតដើម្បីថតសន្លឹកឆ្នោតគូសខ្វែងចោលបង្ហោះលើបណ្តាញសង្គមដើម្បីញុះញង់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតធ្វើតាមផែនការទុច្ចរិតរបស់ខ្លួន។

ប៉ុន្តែជាលទ្ធផល ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកធ្លាក់អុកគូថ និងចាញ់បោសគូថខោ និងគួរឱ្យអាម៉ាស់បំផុត។ យោងតាមលទ្ធផលក្រៅផ្លូវការ នៅត្រឹមម៉ោង៩ ថ្ងៃទី២៤ ខែកក្កដានេះ សន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា មានចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក។

ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី​ ពិតជាយីអ៊ុនដាក់ អារក្ខក៏ជាន់! រារាំងប្រជាពលរដ្ឋទៅបោះឆ្នោត ក៏មិនបានសម្រេច,ញុះញង់ប្រជាពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោតចោលក៏បរាជ័យយ៉ាងអាម៉ាស់បំផុត ព្រោះចំនួនសន្លឹកឆ្នោតមិនបានការមានចំនួនតិចតួចត្រឹម ៥%នៃសន្លឹកឆ្នោតសរុបផង។ ចំនួនសន្លឹកឆ្នោតមិនបានការជាង ៤៤ ម៉ឺនសន្លឹកនេះ មិនទាន់បានបំបែកជាសន្លឹកឆ្នោតអនុប្រវាទ សន្លឹកឆ្នោតមិនបានការដែលគូសខុសបច្ចេកទេសដោយអចេតនា នោះចំនួនសន្លឹកឆ្នោតដែលគូសខ្វែងតាមការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងមានចំនួនកាន់តែតិច។

ជាមួយលទ្ធផលតិចតួចនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានភាពចាស់ទុំនយោបាយ និងលែងជឿការញុះញង់ បំផ្លើសបំភ្លៃ បំភ័ន្តខុសពីការពិតរបស់ ក្រុមប្រឆាំងក្បត់ជាតិទៀតហើយ។ ជាមួយគ្នានេះ តាមរយៈអត្រានៃការចូលរួមបោះឆ្នោតដ៏ខ្ពស់ ៨៤,៥៨% និងសន្លឹកឆ្នោតមិនបានការតិចមិនដូចការចង់បានរបស់ទណ្ឌិតក្ប់តជាតិ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរបានបោះបង់ចោលនូវចលនាប្រឆាំងជ្រុលនិយមរបស់ក្រុមជនក្បត់ជាតិ ហើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ ដែលនេះពិតជាឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមដ៏មោះមុតរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់អំណាចនៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលខ្លួនបានយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការចូលរួមបោះឆ្នោត។

ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត បានប្រើប្រាស់សិទ្ធិតាមឆន្ទៈរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយក្តីសោមនស្សរីករាយ និងគ្មានការភ័យខ្លាចដូចអ្វីដែលក្រុមជនប្រឆាំង និងជនបរទេសមួយចំនួននិយាយលាបពណ៌ឡើយ។ ពលរដ្ឋកម្ពុជារីករាយចូលរួមការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ហើយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បានបំពេញកាតព្វកិច្ច និងភារកិច្ចបានយ៉ាងល្អប្រសើរ នៅគ្រប់ការិយាល័យបោះឆ្នោតទាំង ២៣,៧៨៦ ការិយាល័យទូទាំងប្រទេស។

នេះក៏បង្ហាញថាវប្បធម៌សន្តិភាពបានចាក់ឬសគល់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើង ហើយកម្ពុជាក៏បាននិងកំពុងដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនដោយភាពមោទកភាព។ មោទកភាពជាខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតដើម្បីសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសជាតិ។

សន្លឹកឆ្នោតមិនបានការមានចំនួនតិចនេះក៏ជាព្រនង់មួយសំពងលើក្បាលនៃក្រុមជនក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី ថាការធ្វើនយោបាយញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹងប្រជាពលរដ្ឋដើម្បីឈានទៅបំផ្ទុះបដិវត្តន៍ពណ៌ផ្លាស់ប្តូររបប គឺហួសសម័យហើយ និងមិនត្រូវបានជឿលើការកុហកបោកប្រាស់នេះទៀតឡើយ។ តាមរយៈលទ្ធផលពេលនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋរហូតដល់ទទួលបានអាសនៈបណ្តោះអាសន្ន ១២០ ក្នុងរដ្ឋសភា បង្ហាញថាពលរដ្ឋខ្មែរបានបោះឆ្នោតជ្រើសយកសុខសន្តិភាព និងការអភិវឌ្ឍ តែមិនមែនជាការបោះឆ្នោតជ្រើសយកបាតុកម្ម សង្គ្រាម និងអស្ថិរភាពនយោបាយឡើយ។

ដោយភាពចាស់ទុំផ្នែកនយោបាយនៃពលរដ្ឋកម្ពុជា និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ព្រមទាំងក្រោមបរិយាកាសសុខសន្តិភាព គ្មានការភ័យខ្លាចនេះ, ក្រោយការបោះឆ្នោតរួច ប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស ដោយគ្មានការព្រួយបារម្ភអ្វីឡើយ។

នេះហើយជាបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋដែលប្រាថ្នារស់ក្នុងសុខសន្តិភាព ប៉ុន្តែមិនមែនរស់នៅក្រោមការញុះញង់ បំភិតបំភ័យបង្កឡើង ដោយក្រុមប្រឆាំងឡើយ។ ដូច្នេះស្ថានភាពរបស់ប្រជាពលរដ្ឋបានវិវឌ្ឍមកក្នុងភាពវិជ្ជមាន និងមិនលង់ក្នុងការធ្វើនយោបាយបោកប្រាស់របស់ ក្រុមប្រឆាំងឡើយ។

ពេលនេះ​ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបង្កការញុះញង់ពីក្រៅប្រទេសគ្មានតម្លៃអ្វីទៀតឡើយ។ តម្លៃរបស់ពួកគេមានតែចំពោះការអនុវត្តច្បាប់ប៉ុណ្ណោះ និងពន្ធនាគាររង់ចាំស្វាគមន៍។ កាបរាជ័យជាបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី គឺជាការបញ្ចប់ទាំងស្រុងនៃចលនាប្រឆាំងជ្រុលនិយមបំផ្លាញជាតិខ្មែរ។ ជាតិខ្មែរបានជ្រើសរើសយកសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន និងលទ្ធិប្រជាធិបតេយ្យ៕​

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង