Grand News Asia Close

ប្រវត្តិរូបសង្ខេប លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយនៃព្រះរាជាណាចក្រកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកសារ 579

ស្ត្រីទីមួយនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយរបស់ប្រទេសកម្ពុជា គឺជាអ្នកជំនាញការផ្នែកមនុស្សធម៌ និងសេវាកម្មសង្គមដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់តាមរយៈការប្ដេជ្ញាចិត្តមិនផ្លាស់ប្តូរ ក្នុងការកែប្រែជីវិតរស់នៅរបស់ប្រជាជន និងសហគមន៍។ ជាមួយនឹងសាវតាដ៏រឹងមាំក្នុងវិស័យថែទាំសុខភាព និងសុខភាពសាធារណៈ លោកជំទាវបណ្ឌិតមានភាពលេចធ្លោបំផុត ក៏ព្រោះតែភាពជាអ្នកដឹកនាំ និងមេត្តាធម៌ចំពោះប្រជាជនកម្ពុជារបស់លោកជំទាវ។ លោកជំទាវបណ្ឌិត ចន្ទមុន្នី កាន់មុខតំណែងដ៏មានឥទ្ធិពលជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកជំទាវចំពោះការប្រសើរឡើងនៃសង្គម។
គួរកត់សម្គាល់ថា លោកជំទាវបណ្ឌិតមានតួនាទីជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA), ជាប្រធានអង្គការ Smile Cambodia, ជាសមាជិកដ៏គួរឲ្យគោរពនៃក្រុមប្រឹក្សាភិបាលនៃប្រតិបត្តិការរបស់អង្គការ Smile Cambodia និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC)។ លោកជំទាវក៏ជាសមាជិកនៃគណៈកម្មាធិការប្រឹក្សានៃមូលនិធិ A&H Fujimoto ផងដែរ ដែលនេះបានបង្ហាញឲ្យឃើញពីឥទ្ធិពលដ៏ទូលំទូលាយរបស់លោកជំទាវ។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លោកជំទាវបណ្ឌិត ចន្ទមុន្នី បាន ប្រើជំនាញដឹកនាំការសិក្សានិងស្រាវជ្រាវឱសថ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្នុងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លើសពីនេះ វីរភាពនៃការដឹកនាំរបស់លោកជំទាវបណ្ឌិត ក៏បានផ្តល់កម្លាំងចិត្តទៅដល់អ្នកស្ម័គ្រចិត្តជួរមុខដ៏អង់អាចក្លាហានដទៃទៀត ដែលកំពុងតែប្រយុទ្ធនឹងជំងឺនេះផងដែរ។ លោកជំទាវបណ្ឌិតបានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយបានដឹកនាំអ្នកជំនាញវេជ្ជសាស្រ្ត និងយុវជន ចូលរួមនៅក្នុងគំនិតផ្តួចផ្តើមចម្រុះជាមួយស្វាមីរបស់លោកជំទាវ គឺឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលវិបត្តិនៃជំងឺរាតត្បាត។ លោកទាំងទ្វេបានធ្វើការក្រោមការណែនាំរបស់ “គណៈកម្មាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ដែលរួមចំណែកដល់ការធ្វើតេស្ត ការព្យាបាល និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ។

លោកជំទាវបណ្ឌិត ចន្ទមុនី្ន ត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារី (GGAC) សម្រាប់អាណត្តិ ២០២១-២០២៤។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត GGAC មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកម្មវិធីបង្កើនសមាជិកភាព ការអប់រំ និងការបណ្តុះបណ្តាល ការអភិរក្សបរិស្ថាន និងភាពខ្នះខ្នែងផ្នែកមនុស្សធម៌។ បន្ថែមលើនេះ លោកជំទាវបណ្ឌិតក៏បានបង្កើតលទ្ធផលជាប្រវត្តិសាស្ត្រមួយដោយនាំឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការ បោះឆ្នោតធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ ពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (WAGGGS) ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងប្រមូលផ្តុំក្រុមកាយឫទ្ធិមកពីជុំវិញពិភពលោក។ តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដារអនាម័យ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ។ លោកជំទាវ បណ្ឌិត បានផ្តល់អណ្តូងទឹកជាច្រើនសម្រាប់ អ្នកភូមិ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើងយ៉ាងខ្លាំង។ ការប្តេជ្ញារបស់លោកជំទាវចំពោះវិស័យសុខភាពសាធារណៈ និងការទទួលបានទឹកប្រកបដោយសុវត្ថិភាពប្រកបដោយនិរន្តរភាព បានធ្វើឱ្យមានការផ្លាស់ប្ដូរពិតប្រាកដសំរាប់ជីវិតរស់នៅរបស់ប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។ លោកជំទាវបណ្ឌិត ចន្ទមុន្នី បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកឱសថស្ថានពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាក្នុងឆ្នាំ២០០២, អនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យបូស្តុនក្នុងឆ្នាំ២០០៣, និងបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាលា Hygiene & Tropical Medicine នៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៣។ និក្ខេបបទ ថ្នាក់ បណ្ឌិតរបស់ លោក ជំទាវ បានផ្តោតសំខាន់ លើប្រសិទ្ធភាព នៃការសង្កេត ដោយផ្ទាល់ លើការ ព្យាបាល ជំងឺ របេង តាមសហគមន៍ (CDOT) នៅក្នុង ប្រទេស កម្ពុជា។ ចំណូលចិត្តរបស់លោកជំទាវបណ្ឌិត ចន្ទមុន្នី មកលើការងារមនុស្សធម៌ បានចាប់ផ្ដើមក្នុងអំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ ដោយលោកជំទាវបណ្ឌិតបានស្ដែងឲ្យឃើញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ខ្លួន ក្នុងនាមជាអនុប្រធានសមាគមនិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ លោកជំទាវបណ្ឌិត ក៏បានរួមចំណែកប្រកបដោយប្រសិទ្ធភាពបំផុតចំពោះការស្រាវជ្រាវសុខភាពផ្លូវចិត្ត ពាក់ព័ន្ធនឹងជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដែលជាគម្រោងមួយរបស់ស្ថាប័ន Harvard Group។ បំពេញតួនាទីជាភរិយាផង ជាម្ដាយផង និងជាអ្នកដឹកនាំផង លោកជំទាវបណ្ឌិត ចន្ទមុនី ចិញ្ចឹមបុត្រាបុត្រីទាំងបីប្រកបដោយមោទនភាព។ ក្រៅពីជីវិតគ្រួសារ លោកជំទាវបណ្ឌិតចូលចិត្តការអាន ការដើរលេង និងសកម្មភាពដែលជំរុញការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។ ក្នុងនាមជាជំទាវទីមួយរបស់កម្ពុជា លោកជំទាវបណ្ឌិតតំណាងឲ្យគុណតម្លៃដ៏រឹងមាំ និងជើងឯកក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយក្ដីមេត្តា និងការប្ដូរផ្ដាច់៕

 

ប្រភព៖ Dr. PICH CHANMONY, FIRST LADY OF THE KINGDOM OF CAMBODIA

អត្ថបទទាក់ទង