Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៩ « ហេដ្ឋារចនាសម្ពន្ធ សំខាន់ៗមរតកសម្ដេចតេជោ ហ៊ុន សែន »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 200
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៩ « ហេដ្ឋារចនាសម្ពន្ធ សំខាន់ៗមរតកសម្ដេចតេជោ ហ៊ុន សែន » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៩ « ហេដ្ឋារចនាសម្ពន្ធ សំខាន់ៗមរតកសម្ដេចតេជោ ហ៊ុន សែន »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។

ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។ វគ្គ៣៩ « ហេដ្ឋារចនាសម្ពន្ធ សំខាន់ៗមរតកសម្ដេចតេជោ ហ៊ុន សែន »

យើងដឹងហើយថា ក្រោយសម័យសង្រ្គាម ជាពិសេសក្រោយការដួលរលំរបស់របបកម្ពុជា ប្រជាធិបតេយ្យ ហេដ្ឋារចនាសម្ពន្ធរបស់ជាតិ សូម្បីរចនាសម្ពន្ធជាតិក៏គ្មាន ក៏បាត់បង់អស់ដែរ។ ដូច្នេះ អ្វីៗត្រូវរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវកសាងឡើងវិញ ដោយបាតដៃទទេ។ ក្រោយពីកម្ពុជា ទទួលបានសន្តិភាពពេញលេញ ការអភិវឌ្ឍគ្រប់វិស័យ ត្រូវធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មើលឃើញថា មានការរីកចម្រើន នឹងធ្វើឱ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី ។ ភាពរីកចម្រើនមិនមែនតែលើផ្នែកសេដ្ឋកិច្ចមួយនោះទេ ប៉ុន្តែ កត្តាសន្តិភាព ធ្វើឱ្យវិស័យហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ គមនាគមន៍ ក៏មានការរីកចម្រើនដែរ។ ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង១៣៥,២៤គីឡូម៉ែត្រ ចាប់ពី ព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអតីតកាល គឺកម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ រាប់ទាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាប់សម្លាប់មនុស្ស និងបំផ្លាយហេដ្ឋារចនាសម្ពន្ធទាំងស្រុង ។ សម្តេចតេជោ មានប្រសាសន៍ថា ថ្ងៃទី២០ឧសភា ដែលកម្ពុជា ចាត់ទុកជាថ្ងៃទិវាជាតិ នៃការចង់ចាំ គឺជាថ្ងៃមួយ ដែលប៉ុល ពត ប្រកាសនូវជោគជ័យរបស់ខ្លួន ក្នុងការធ្វើបដិវត្ត និងធ្វើទុក្ខបុកម្នេញឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតរាប់លាននាក់។ ដោយស្មារតី ៧មករា ធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីសេចក្តីស្លាប់ និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើន។ សម្តេតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះថា បើគ្មាន សន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។

យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រចាំខែមករា ឆ្នាំ២០១៨ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត នៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ ស្មើនឹងប្រមាណជាង ១៦ 000 គីឡូ ម៉ែត្រ ។ ប្រភពដដែលនេះបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះមានផ្លូវជាតិលេខ១ចំនួន៩ខ្សែ ផ្លូវជាតិលេខ២ មាន៦៦ខ្សែ ផ្លូវខេត្តលេខ៣ និងលេខ៤ មានចំនួន៥២៨ខ្សែ។ ផ្លូវទាំងនេះ មានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវក្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងនោះ មានផ្លូវចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧ ១១៣ គីឡូម៉ែត្រផងដែរ។ នៅខែសីហា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញរបាយការណ៍ថ្មីមួយទៀត ដោយបញ្ជាក់ឱ្យដឹងថា គិតមកដល់ខែសីហា ឆ្នាំ២០១៩ ការងារស្តារ និងស្ថាបនា ហេដ្ឋារចនាសម្ពន្ធផ្លូវជាតិ និងផ្លូវខេត្តប្រវែងចំនួន១៦ ២៩២គីឡូម៉ែត្រ, ក្រាលកៅស៊ូ និងបេតុងប្រវែង ៨ ៦២០គីឡូម៉ែត្រ, ផ្លូវជាតិដែលត្រូវពង្រីកជា៤គន្លង បានបញ្ចប់មានប្រវែង១៥៧គីឡូម៉ែត្រ និងកំពុងសាងសង់ពង្រីកបន្ថែមមានប្រវែងសរុប៤៣១ គីឡូម៉ែត្រ, ស្ពានធំៗ ដែលសាងសង់រួចមានចំនួន១៧ស្ពាន ប្រវែងសរុប ១៦ ០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ ចំនួន១ ប្រវែង១ ១៣១ ម៉ែត្រ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានក្នុងភូមិសាស្ត្រទឹកដី ខេត្តបាត់ដំបង នៅ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា សមិទ្ធផលនានា ដែលប្រសូតចេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ គិតត្រឹមឆ្នាំ២០១៨ កន្លងទៅនេះ រួមមាន៖ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវជាតិ និងផ្លូវខេត្ត បានប្រវែងចំនួន១៦ ២៩២ គីឡូម៉ែត្រ, បានក្រាលកៅស៊ូ និងបេតុងប្រវែង៨ ៦២០គីឡូម៉ែត្រ ស្មើនឹង៥៣% ក្នុងនោះផ្លូវជាតិកម្រិត១លេខ ក្រាលកៅស៊ូ និងបេតុងបាន១០០%, ផ្លូវជាតិកម្រិត២លេខ បាន៧២,៣០% និងផ្លូវខេត្តបាន ៣០,៤០%។ ផ្លូវជាតិដែលត្រូវពង្រីកជា៤គន្លង បានបញ្ចប់មានប្រវែង១៥៧គីឡូម៉ែត្រ កំពុងសាងសង់ពង្រីកបន្ថែមមានប្រវែងសរុប ៤៣១ គីឡូម៉ែត្រ ស្ពានធំៗ ដែលសាងសង់រួចមានចំនួន១៧ស្ពាន ប្រវែងសរុប១៦.០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ ចំនួន១ ប្រវែង១.១៣១ ម៉ែត្រ។

ក្រៅពីជួសជុល និងស្ថាបនា ផ្លូវប្រវែងប្រមាណជាង១ម៉ឺនគីឡូម៉ែត្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព ក៏បានបន្ថែមនូវសមិទ្ធផលសំខាន់ៗធំៗមួយចំនួនទៀត។ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏មានប្រសាសន៍ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ស្ពានឆ្លងទន្លេជាច្រើន រួមទាំងស្ពានអាកាសផងដែរ ។ ការស្ថាបនាផ្លូវ និងស្ពានច្រើនកន្លែង គឺជាទិសដៅរាជរដ្ឋាភិបាល មានបំណងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវដឹកកសិផលយកទៅលក់ និងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ សមិទ្ធផលធំៗ ទាំងនេះ មានជាប្រភេទស្ពានឆ្លងទន្លេ រំលងទឹកពីត្រើយម្ខាង ទៅ ត្រើយម្ខាងមាន៖

១. ស្ពានត្សឹបាសា (បក្សីត្រដាងស្លាប) ឬស្ពានអ្នកលឿង ស្ពាននេះ ស្ថិតក្នុងខេត្តព្រៃវែង ឆ្លងកាត់ទន្លេមេគង្គទី៣។ ស្ពានត្សឹបាសា សម្ពោធបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងរដ្ឋាភិបាលជប៉ុន។ ស្ពាននេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ មាន ប្រវែង២ ២១៥ម៉ែត្រ និងទទឹងប្រវែង១៣,៥០ ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានប្រវែង៣ ១០០ ម៉ែត្រ ជាស្ពានខ្នាតអន្តរជាតិ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

២. ស្ពានកោះកុង ស្ពាននេះ ស្ថិតក្នុងខេត្តកោះកុង ឆ្លងកាត់ទន្លេកោះប៉ោ។ ស្ពានកោះកុង សាងសង់ដោយ ក្រុមហ៊ុន លោកឧកញ្ញ៉ា លី យ៉ុងផាត់ ជាស្ពានយកប្រាក់ពីអ្នកធ្វើដំណើរឆ្លងកាត់។ ស្ពាននេះដាក់សម្ពោធឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០០២ តាមកិច្ចសន្យាក្នុងការវិនិយោគស្ពានមានរយៈពេល៣០ឆ្នាំ។ ស្ពានកោះកុង ជាស្ពានដែលសាងសង់ ឆ្លងកាត់ដៃសមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា មានបណ្តោយប្រវែង ១ ៩០០ ម៉ែត្រ ទទឹងមានប្រវែង៩ ម៉ែត្រ និងកម្ពស់ពីផ្ទៃទឹក៧ម៉ែត្រ វិនិយោគក្នុងការសាងសង់តាមរយៈប្រព័ន្ធ B.O.T.។ គួរជម្រាបជូនថានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសទិញស្ពានកោះកុងមកគ្រប់គ្រងវិញ។ សម្តេចស្នើឱ្យក្រសួង សាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីដោះស្រាយនៅពេលក្រោយ។

៣. ស្ពានស្ទឹងត្រែង ស្ពាននេះ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គទី៤។ ស្ពានឆ្លងកាត់ទន្លេមេគង្គពី ខេត្តស្ទឹងត្រែង តភ្ជាប់ទៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនស៊ាងហៃ ប្រទេសចិន មានបណ្តោយប្រវែង១ ៧៣១ ម៉ែត្រ និងទទឹង១៣ ម៉ែត្រ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ និងសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ៤. ស្ពានគីហ្សូណា ស្ពានគីហ្សូណាមានប្រវែង ១ ៥០០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទី១ សម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០១ ជាស្ពានឆ្លងទន្លេមេគង្គមុនគេ នៅក្នុងប្រទេសកម្ពុជា។ ការសាងសង់ស្ពាននេះ ត្រូវចំណាយពេលវេលា៣ឆ្នាំ និងថវិកា៥៦លានដុល្លារ ជាជំនួយរបស់ រដ្ឋាភិបាលជប៉ុន។ ស្ពាននេះ តភ្ជាប់ត្រើយខាងកើតនិងត្រើយខាងលិច នៃទន្លេមេគង្គ។

៥. ស្ពានព្រែកតាមាក់ ស្ពាននេះ ស្ថិតក្នុងខេត្តកណ្តាល ឆ្លងកាត់ទន្លេមេគង្គទី២។ ស្ពានព្រែកតាមាក់ មានបណ្តោយប្រវែង១ ០៦៦ ម៉ែត្រ និងទទឹងប្រវែង១៣,៥០ ម៉ែត្រ ចំណាយថវិកា៤៣,៥ លានដុល្លារ ជាប្រាក់កម្ចីពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៤២ ២០៨ ៧៣៣ ដុល្លារ និងប្រាក់បដិភាគរបស់រដ្ឋាភិបាលកម្ពុជា ២លាន ២សែនដុល្លារ។ ស្ពានព្រែកតាមាក់ បើកការដ្ឋានសាងសង់នៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ក្រោមអធិប-តីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

៦. ស្ពានសេកុង (ស្ពានមិត្តភាពកម្ពុជា-ចិន) ស្ពាននេះ ស្ថិតក្នុងខេត្តស្ទឹងត្រែង។ ស្ពានមិត្តភាព កម្ពុជា-ចិន ជាស្ពានឆ្លងកាត់ទន្លេសេកុង មានប្រវែង១ ០៧៥ម៉ែត្រ និងទទឹងប្រវែង១១ម៉ែត្រ កម្ពស់២១ម៉ែត្រ នៅរដូវប្រាំង។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ប្រាក់កម្ចី៥២០លានយាន់ ស្មើនឹង៧០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៤,៣ លានដុល្លារ សម្រាប់សាងសង់ស្ពាននេះ។ ស្ពាននេះសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨។

៧. ស្ពានព្រែកព្នៅ ស្ពានព្រែកព្នៅ ស្ថិតក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេសាប។ ស្ពានព្រែកព្នៅ ជាការវិនិយោគរបស់ក្រុមហ៊ុន L.Y. P.Group របស់លោកឧកញ៉ា លី យ៉ុងផាត់ មានប្រវែង ៩៩៦,២ ម៉ែត្រ និងទទឹងប្រវែង១៤ម៉ែត្រ ចំណាយថវិកា៤៣ ៥៥០ ០០០ដុល្លារ។ ស្ពាននេះចាប់ផ្តើមបើកការដ្ឋានស្ថាបនានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៨ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលបានចំណាយថវិការាប់លានដុល្លារ ទិញស្ពានព្រែកព្នៅ ពីឧកញ៉ា លី យ៉ុងផាត់ មកវិញ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ជិត៦ពាន់នាក់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសជា សាធារណៈម្តងទៀតថា ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចទិញស្ពាន និងផ្លូវ លី យ៉ុងផាត់ មកគ្រប់គ្រងវិញនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃ និងដើម្បីបំពេញគ្រប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

៨. ស្ពានព្រែកក្តាម ស្ពានព្រែកក្តាម មានប្រវែង ៩៨១ម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល ឆ្លងកាត់ទន្លេសាប។ ស្ពានព្រែកក្តាម បានបើកការសាងសង់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះបញ្ចប់សាងសង់នៅដើមខែមេសា ឆ្នាំ២០១០។ ថវិកាសម្រាប់ស្ថាបនាស្ពាននេះ ជាប្រាក់កម្ចីសម្បទានរយៈពេលវែង មានអត្រាការប្រាក់ទាបពីប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាប្រមាណជា៥%។ ស្ពានព្រែកក្តាម មានបណ្តោយប្រវែង ៩៧៥ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងកម្ពស់១០ ម៉ែត្រ ចំណាយថវិកា ២៨,៨ លានដុល្លារ។

៩. ស្ពានកោះពស់ (ស្ពានតេជោមរកត) ស្ពានឆ្លងសមុទ្រ ស្ពាននេះមានប្រវែង ៩០០ម៉ែត្រ ស្ថិតក្នុងខេត្តព្រះសីហនុ ឆ្លងកាត់សមុទ្រ។ ការសាងសង់ ស្ពានតេជោមរកត (ស្ពានកោះពស់) នេះចាប់ពីខែមករា ឆ្នាំ២០០៨ ហើយដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន។ ស្ពានតេជោមរកត ប្រើថវិកាស្ថាបនាស្ពាន៣០០លានអឺរ៉ូ ជាថវិការបស់ក្រុមហ៊ុនវិនិយោគកោះពស់ មានប្រវែង៩០០ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ និងកម្ពស់៣២,៥ ម៉ែត្រ ពីលើផ្ទៃ សមុទ្រ។

១០. ស្ពានតាខ្មៅ (ស្ពានព្រែកសំរោង) ស្ពាននេះ ស្ថិតក្នុងខេត្តកណ្តាល ឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង៨៥៥ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ។ ស្ពាននេះ សម្ពោធបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ និងបញ្ចប់នៅចុងឆ្នាំ២០១៤ ដោយចំណាយថវិកាអស់ ៣២,៨៩ លានដុល្លារ ជាប្រាក់កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

១១. ស្ពានជ្រោយចង្វារទី២ (ស្ពានជ្រោយចង្វាថ្មី) ស្ពានមិត្តភាពកម្ពុជា-ចិននេះ ស្ថិតក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេសាប។ ស្ពានជ្រោយចង្វាថ្មី បើកការដ្ឋានសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបញ្ចប់នៅចុងឆ្នាំ២០១៤។ ស្ពាននេះមានប្រវែង ៧១៩ម៉ែត្រ និងទទឹង១៣,៥ ម៉ែត្រ ដែលត្រូវចំណាយថវិកា ២៧,៥ លានដុល្លារ ជាប្រាក់ ឥណទានហិរញ្ញប្បទានពីប្រទេសចិន។ ការសាងសង់ស្ពាននេះ គឺក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ប្រទេសចិនជាអ្នកសាងសង់។

១២. ស្ពានព្រះមុនីវង្ស ថ្មី ស្ពានព្រះមុនីវង្សថ្មី បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩។ ស្ពានព្រះមុនីវង្សថ្មីនេះ សង់អែបនឹងស្ពានព្រះមុនីវង្សចាស់ មានប្រវែង២៦៩,២ម៉ែត្រ និងទទឹងប្រវែង១៤ ម៉ែត្រ ចំណាយថវិកា១០ ៤៨៩ ០៩៧ ដុល្លារ ជាថវិការបស់ រជារដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ។

១៣. ស្ពានជ្រៃធំ-ឡុងប៊ិញ ស្ពានជ្រៃធំ-ឡុងប៊ិញ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានជ្រៃធំ-ឡុងប៊ិញនេះ មានប្រវែង៤២៨ ម៉ែត្រ ភ្ជាប់ព្រំដែនកម្ពុជា និងវៀតណាម នៅខេត្តកណ្តាល មានទទឹង១៣,៥០ ម៉ែត្រ ដែលនឹងត្រូវ ចំណាយថវិកាសរុបចំនួន៣៨,៣៩លានដុល្លារ ក្នុងនោះភាគីកម្ពុជា ត្រូវចំណាយថវិកាចំនួន ២០,៥៩លានដុល្លារ ជាថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ១៨,៧៦ លានដុល្លារ រួមជាមួយថវិកាបដិភាគរបស់ រដ្ឋាភិបាលកម្ពុជា១,៨៣ដុល្លារ សម្រាប់ដោះស្រាយផលប៉ះពាល់។ ការស្ថាបនាស្ពានជ្រៃធំ-ឡុងប៊ិញ បានបញ្ចប់ក្នុងឆ្នាំ២០១៦។

១៤. ស្ពានកោះធំ ឆ្លងទន្លេបាសាក់ ស្ពានកោះធំឆ្លងកាត់ទន្លេបាសាក់ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពាននេះ មានប្រវែង៤១៥ម៉ែត្រ និងទទឹងប្រវែង១៣,៥០ម៉ែត្រ ស្ថិតនៅក្នុង ភូមិព្រែកធំ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ទៅផ្លូវជាតិលេខ១១០ នៅផ្នែកត្រើយខាងកើតនៃទន្លេបាសាក់។ ស្ពាននេះចំណាយថវិកាជាង១៩,៣៩ លានដុល្លារ ជាកម្ចីពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជា និងដាក់ឱ្យប្រើប្រាស់ក្នុងខែមីនា ឆ្នាំ២០១៦ ។

១៥. ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមសាងសង់ហើយ ដែលមានចំណុចចាប់ពីត្រើយខាងលិច ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ មានប្រវែងសរុប ១ ១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវចំណាយថវិកា៥៦,៩៩៨លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ដោយឡែកប្រភេទស្ពានឆ្លងថ្នល់ ឬហៅថា ស្ពានអាកាស រួមមាន៖ ១. ស្ពានអាកាសទី១ ក្បាលថ្នល់ ស្ពានអាកាសក្បាលថ្នល់ ជាស្ពានអាកាសមុនដំបូងគេ ដែលសង់គ្របលើផ្លូវគោក បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០។ ស្ពានអាកាស ឬស្ពានឆ្លងថ្នល់នេះ មានប្រវែង៣០៨ ម៉ែត្រ និងទទឹង១៤,២ ម៉ែត្រ កម្ពស់៧,៤ ម៉ែត្រ ចំណាយថវិកា៦ ០៤៨ ៤២៤ ដុល្លារ ជាថវិការដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ។ ២. ស្ពានអាកាស ៧ មករា ស្ពានអាកាស ៧មករា ជាស្ពានអាកាសទី២ បើកការដ្ឋានស្ថាបនានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ស្ពាននេះមានបណ្តោយប្រវែង៣៤៥ម៉ែត្រ និងទទឹង១៥,២០ម៉ែត្រ ហោះលើមហាវិថីសហព័ន្ធរុស្ស៊ី និងទម្លាក់ខ្នែងជាដៃស្ពានទៅស្របនឹងមហាវិថីកម្ពុជាក្រោម មានបណ្តោយប្រវែង១៦០ម៉ែត្រ និងទទឹង៦,៥ម៉ែត្រ។ ស្ថាបនារយៈពេល១៣ខែ និងអនុវត្តគម្រោងដោយក្រុមហ៊ុន O.C.I.C.។ ស្ពាននេះចំណាយថវិកា៨ ៧០៥ ៨០៨ ដុល្លារ ជាថវិកាបានមកពីជួលដីនៅតំបន់កោះពេជ្រ។

៣. ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាសស្ទឹងមានជ័យ ជាប្រភេទស្ពានឆ្លងផ្លូវ (ស្ពានអាកាសទី៣) បើកការដ្ឋាន ស្ថាបនានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ស្ពានអាកាសស្ទឹងមានជ័យ បានសង់រចនាបទ៖ ក- សាងសង់ស្ពានអាកាសធំ ពីបេតុងអារម៉េ ស្របពីលើផ្លូវលេ ២៧១ ត្រង់ចំណុច ភ្លើងស្តុប មានទទឹង១៤,៨០ម៉ែត្រ សម្រាប់ចរាចរណ៍ទ្វេទិស ដោយមានពីរខ្សែទៅ និងពីរខ្សែមក។ ខ- សាងសង់ស្ពានអាកាសតូចពីរឯកទិសពីបេតុងអារម៉េ មានទទឹង៦,៥០ម៉ែត្រ និង សាងសង់ស្ពានបេតុងមួយទៀត ជំនួសស្ពានបាទ្បេ ដែលមានទទឹង៨ ម៉ែត្រ។ គ- អ៊ុតកៅស៊ូអមសងខាងស្ពានមានទទឹងពី៥,៥០ ម៉ែត្រ ទៅ៧ម៉ែត្រ និងចិញ្ចើម៣ម៉ែត្រ។ ឃ- កម្ពស់សុវត្ថិភាពក្រោមស្ពានមានប្រវែង ៥,២០ម៉ែត្រ។ ង- ក្រៅពីនេះស្ថាបនាលូ, ច្រាំងបេតុង, ជើងទេរប្រឡាយ, សួនច្បារ, ខឿនបែងចែកទ្រូងស្ពាន, ដំទ្បើងបង្គោលភ្លើង, លាបគំនូសចរាចរណ៍ និងដាក់ស្លាកសញ្ញាចរាចរណ៍ជាដើម។ ស្ពានអាកាសស្ទឹងមានជ័យ ប្រើថវិកាសាងសង់ដែលបានមកពីគម្រោងវិនិយោគនៅតំបន់កោះពេជ្រ។ ស្ពាននេះស្ថាបនាដោយក្រុមហ៊ុន O.C.I.C. ជាក្រុមហ៊ុនក្នុងស្រុក។ ស្ពានអាកាសស្ទឹងមានជ័យ សម្ពោធឱ្យដំណើរការនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ស្ពាននេះ សាងសង់រួចរាល់មុនផែនការ ៨ខែ អស់ទឹកប្រាក់ចំនួន១៨ ៩៧៦ ៦៧៨ ដុល្លារ។ ៤. ស្ពានអាកាសទី៤ ស្តុបទួលគោក ស្ពាននេះ សម្ពោធបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានអាកាសទី៤ នេះ ដាក់ឈ្មោះថា ស្ពានអាកាសតិចណូ គឺមាន ផ្លូវ ស្ពានអាកាស និងផ្លូវក្រោមដី។ សាងសង់ដោយក្រុមហ៊ុន O.C.I.C. របស់លោកឧកញ៉ា ពុង ខៀវសែ ដោយចំណាយទឹកប្រាក់១៤លានដុល្លារ។ ស្ពានអាកាសទី៤ ឬ “ស្ពានអាកាសតិចណូ” លាតសន្ធឹងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីម អ៊ីលស៊ុង និងមហាវិថី ម៉ៅ សេងទុង មានបណ្តោយ ប្រវែង៣៨២ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ និងមានផ្លូវរត់ក្រោមដីប្រវែង ៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ។ ស្ពានអាកាសទី៤ នេះត្រួតពិនិត្យបច្ចេកទេសដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយបញ្ចប់ការសាងសង់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាសាងសង់១៤ ៥០២ ៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន O.C.I.C.។

៥. ស្ពានអាកាសទី៥ ផ្សារដីហុយ ស្ពានអាកាសផ្សារដីហុយ ដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពាននេះ នឹងត្រូវបើកឱ្យធ្វើចរាចរណ៍ទាំង៤ គន្លង សម្រាប់ទៅ២ និងមក២។ ស្ពានអាកាសស្តុបផ្សារដីហុយ ជាស្ពានអាកាសឆ្លងថ្នល់ទី៥នៅក្នុងរាជធានីភ្នំពេញ ហើយចាប់ផ្ដើមសាងសង់ កាលពីចុងខែសីហាឆ្នាំ២០១៦។ ស្ពាននេះ មានបណ្ដោយប្រវែង៩០៥ម៉ែត្រ ទទឹង១៦,៥ម៉ែត្រ កម្ពស់៥,៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។ ផ្លូវនេះជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុន សៀង ហៃ ត្រួតពិនិត្យបច្ចេកវិទ្យាដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ គួររម្លឹកថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កម្ពុជាត្រូវការស្ពានធំៗបីបន្ថែមទៀត ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ, ស្ពានឆ្លងកាត់ទន្លសាប ស្វាយជ្រុំ, ស្ពានឆ្លងកាត់ទន្លេសាប ភ្ជាប់ពីជ្រោយចង្វារ ទៅក្តីតាកុយ ជាដើម។ ក្រៅពីស្ពានឆ្លងទន្លេ ឆ្លងសមុទ្រ ក៏នៅមានគម្រោងជាច្រើនដែលត្រូវសាងសង់ស្ពានអាកាស ផ្សេងៗទៀតដែរ។ ក្នុងពិធីសម្ពោធឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងតិ៍ទី៥ នៅកម្ពុជា ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ចក្ខុ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល ការវិនិយោគសាធារណៈ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធប្រកបដោយគុណភាព គឺសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន ដើម្បីធានានូវគុណភាព និងនិរន្តរភាពផ្លូវ។ ជាមួយគ្នានេះដែរ ក្រោយពីកម្ពុជាទទួលបាននូវសុខសន្តិភាព រាជរដ្ឋាភិបាល ដែលមិនទាន់ស្កប់ស្កល់ចំពោះការអភិវឌ្ឍជាតិ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ លើកដំបូងគេ ដែលផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាម៉េរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងឱកាសនោះថា ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ព្រោះ សមិទ្ធផលនៃផ្លូវដ៏ស្រស់ស្អាត១ខ្សែនេះ អាចកើតមានឡើងបានដោយសារកម្ពុជាមានសុខ សន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន ។ សម្តេចបន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចសំខាន់៣។ ប៉ូលទី១ គឺរាជធានីភ្នំពេញ។ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀត គឺខាងប៉ែកភូមិភាគឦសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិឧស្សាហកម្ម។ សម្តេច ហ៊ុន សែន បន្ថែមថា ដោយសារផ្លូវនេះ ត្រូវបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដូច្នេះនៅថ្ងៃនេះ កម្ពុជា សូមប្រកាសថា កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ SEA Games នៅក្នុងអំឡុងឧសភា ២០២៣។ សម្តេតេជោបន្តថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ, អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូង ក៏ដូចជាតភ្ជាប់ផ្លូវហាយវ៉េអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន, ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ, ជាកំពង់ផែ, ជាព្រលានយន្តហោះ, ជាតំបន់សេដ្ឋកិច្ចពិសេស, ជាការដឹកជញ្ជូនទំនិញនិងអ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ តាមរបាយការណ៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨.៣០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រ កាត់ខេត្តកំពង់ស្ពឺប្រវែង៨០,៨០គីឡូម៉ែត្រ កាត់ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង