សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៨ « សមិទ្ធផលសំខាន់ៗក្នុងវិស័យនានា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន »
សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៨ « សមិទ្ធផលសំខាន់ៗក្នុងវិស័យនានា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន » ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ពីឆ្នាំ១៩៨៥ មក សម្តេច ហ៊ុន សែន បង្កើតនូវសមិទ្ធផលជាតិសំខាន់ៗជាច្រើន ដែលគេមិនបានលើកមកពណ៌នា ក្រៅពីការផ្សព្វផ្សាយនូវចំណុចអវិជ្ជមាន ឬចំណុចខ្វះខាត។ សមិទ្ធផលមហាសាលនៃការបង្កើតយុគមាសរបស់សម្តេច ដែលមិនអាចមើលរំលងរួមមាន៖ ១. បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីវាយពួកប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ២ ធ្នូ១៩៧៨។ ២. ដឹកនាំចលនារំដោះជាតិ ពីរបបឃោរឃៅ ប៉ុល ពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ៣. បង្កើតឱ្យមានកិច្ចចរចាស្វែងរកសន្តិភាពនៅកម្ពុជា រវាងសម្ដេចព្រះនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧។ ៤. ជាស្ថាបនិក និងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣តុលា ១៩៩១។ ៥. ជាស្ថាបនិកយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ (១៩៩៤-១៩៩៨ ) ៦. ជាស្ថាបនិកសន្តិភាពនៅកម្ពុជា (២៩ធ្នូ ១៩៩៨) ៧. ជាអ្នកបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្នុងប្រវត្តិសាស្រ្តជាង១ពាន់ឆ្នាំ ដោយគ្មាន ការបង្ហូរឈាម ឬចំណាយគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។ ៨. ផ្សះផ្សាពីប្រទេសមួយមានតំបន់ត្រួតត្រា៤ មកជាប្រទេសមួយមានតំបន់ត្រួតត្រា ឬគ្រប់គ្រងរដ្ឋបាលតែមួយ។ ៩. បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិពលោក។ ១០. បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ១១. បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ១២. បញ្ចូលរបាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌអរូបិយមនុស្សជាតិ។ ១៣. បញ្ចូលល្ខោនស្បែកធំ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។ ១៤. បញ្ចូលចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។ ១៥. បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ១៦. ធ្វើឱ្យកម្ពុជាមានប្រៀប ឬឈ្នះក្តី ក្នុងសំណុំរឿងប្រាសាទព្រះវិហារលើកទី២។ ១៧. ជាអ្នកប្តេជ្ញាយ៉ាងប្តូរផ្តាច់ ការពារសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ១៨. ជាអ្នកប្តេជ្ញា ការពាររបបរាជានិយម។ ១៩. ជាស្ថាបនិក ពីតំបន់សង្រ្គាម ប្រយុទ្ធបង្ហូរឈាម ទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអភិវឌ្ឍន៍។ ២០. ជាស្ថាបនិកតំបន់ព្រំដែននៃប្រទេសទាំង៤ កម្ពុជា, លាវ, ថៃ និងវៀតណាម ទៅជាតំបន់មានសន្តិភាព ស្ថិរភាព និងទំនាក់ទំនងពាណិជ្ជកម្ម។ ២១. ជាតួអង្គតែម្នាក់គត់ដែលនាំយកមេខ្មែរក្រហម ទាហាន និងប្រជាជនក្នុងតំបន់ខ្មែរក្រហម ឱ្យចូលមករួមរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាពវិញ។ ២២. ការចូលជាសមាជិកសមាគមអាស៊ាន។ ២៣. ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។ ២៤. ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ៧% ជាប់គ្នារយៈពេល២០ឆ្នាំ។ ២៥. ការកាត់បន្ថយភាពក្រីក្រ ពីលើស៥០% នៅឆ្នាំ១៩៩២ មក១៣% នៅឆ្នាំ២០១៩។ ២៦. ជាអ្នកធ្វើឱ្យអ្វីៗ មានជីវិតរស់ឡើងវិញលើគ្រប់វិស័យ រួមទាំងបានបញ្ជូនកងកម្លាំង មួកខៀវ ទៅជួយក្នុងបណ្តាប្រទេសមួយចំនួនផងដែរ។ ក្រៅពីនេះ ស្ថាបនិក និងបិតាសន្តិភាពរូបនេះ នៅបានធ្វើឱ្យមានកំណើន អ្វីៗគ្រប់យ៉ាងគួរឱ្យមោទកភាពបំផុត ក្នុងនោះមាន៖ ១. វិស័យអប់រំ ទោះបីគុណភាពវិស័យអប់រំកម្ពុជា នៅមានកម្រិតស្តង់ដា ដែលមិនទាន់អាចទទួលយកបាន១០០% ក្ដី ប៉ុន្តែកម្រិតនៃការបើកទូលាយ ឬការបង្កើតឱកាសឱ្យកុមារា កុមារី សិស្សានុសិស្ស នៅទីជនបទបានចូលរៀនតាមគោលដៅរបស់រាជរដ្ឋាភិបាល និងគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា គឺសិស្សនៅកម្ពុជាត្រូវតែបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ ដោយឥតបង់ថ្លៃ។ ក្រោយថ្ងៃរំដោះជាតិ ៧មករា ១៩៧៩ ការអប់រំនៅកម្ពុជា ចាប់ផ្តើមពីការរៀនក្រោមដើមឈើ យកធ្យូងធ្វើជាដីស និងក្នុងស្ថានភាពអ្នកចេះបង្រៀនអ្នកអត់ចេះ អ្នកចេះច្រើនបង្រៀនអ្នកតិច តែបច្ចុប្បន្ន ការអប់រំរីកចម្រើនលូតលាស់ច្រើនគួរឱ្យកត់សម្គាល់ និងមោទនៈ ហើយចំពោះខេត្តក្រចេះ ដែលពីអតីតកាលមានវិទ្យាល័យ ព្រះមហាក្សត្រិយ៍ព្រះកុសុមៈ តែមួយនោះ ប៉ុន្ដែមកដល់ឆ្នាំ២០១៧ ខេត្តនេះ មានវិទ្យាល័យនៅគ្រប់ស្រុក។ តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ២០១៩ របស់ក្រសួងអប់រំយុវជន និងកីឡា២០១៨ របស់លោករដ្ឋមន្រ្តីហង់ ជួនណារ៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៨ កម្ពុជា មានសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជន ប្រមាណជាង១ម៉ឺន៤ពាន់កន្លែង ក្នុងនោះមាន៖ ក. សាលាមត្ដេយ្យសិក្សា ៤៦៣២ កន្លែង ខ. សាលាបឋមសិក្សា ៧៦២១ កន្លែង គ. អនុវិទ្យាល័យ ១៣០៣ កន្លែង ឃ. វិទ្យាល័យ ៦៣៣ កន្លែង។ មត្ដេយ្យសិក្សាសហគមន៍មាន២៩៥៥កន្លែង កុមារចូលរៀនចំនួន៦៧៣៩៣នាក់ (កុមារី៥១,៣៣%) ហើយគិតមកដល់ខែមករា ឆ្នាំ២០១៨ សំណង់អគារសិក្សាដែលជាអំណោយផ្ទាល់ខ្លួនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាឧត្តមភរិយា សរុបមានចំនួន៤២៤៤ ខ្នង ស្មើនឹង ២៥៦២៨បន្ទប់។ របាយការណ៍បញ្ជាក់បន្ថែមថា សិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ពី មត្ដេយ្យសិក្សាដល់មធ្យមសិក្សាមានចំនួន ៣ ៣៤៦ ៣៣៦នាក់ ស្រី១ ៦៥២ ០២១នាក់ ស្មើនឹង៤៩,៣៧%។ គ្រឹះស្ថានឧត្ដមសិក្សាមាន១២១ ក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ៤៤ និងឯកជន៧៧ ដែលមានទីតាំង ស្ថិតនៅតាមរាជធានី-ខេត្ដ ចំនួន២០។ គ្រឹះស្ថានឧត្ដមសិក្សាទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នចំនួន១៦។ គ្រឹះស្ថានឧត្ដមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាមាន៧៣ ក្នុងនោះរដ្ឋ១៣ និងឯកជន៦០។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិត មានចំនួន២០៧,៤២៣នាក់ ក្នុងនោះមាននារី៩៤.២៤២នាក់ ស្មើនឹង៤៤,៤៣ %។ ២. វិស័យសុខាភិបាល មិនខុសគ្នាប៉ុន្មានពីវិស័យអប់រំ ទោះបីវិស័យសុខាភិបាល ត្រូវគេរកឃើញថា មិនទាន់បំពេញតាមតម្រូវការសុខុមាលភាពប្រជាពលរដ្ឋ១០០% ប៉ុន្តែ ក្រោយពីការបញ្ចប់សង្រ្គាម ឬក្រោយពីកម្ពុជា ទទួលនូវសុខសន្តិភាព១០០% នៅឆ្នាំ១៩៩៨ មក វិស័យសុខាភិបាល មានការរីកចម្រើនជាខ្លាំង។ តាមរបាយកាណ៍ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៧ នៅ ទូទាំងប្រទេសកម្ពុជា មានមន្ទីរពេទ្យចំនួន១១៧ និងមណ្ឌលសុខភាព ១ ១៩១។ ក្នុងនោះក៏មានមូលដ្ឋាន សុខាភិបាលឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដែលមានអាជ្ញាបណ្ណផ្ដល់សេវា និងបានចុះបញ្ជីក្នុងប្រព័ន្ធ៣.០ ជាមន្ទីរពេទ្យ, មន្ទីរពហុព្យាបាល, មន្ទីរព្យាបាល, មន្ទីរសម្ភព និងបន្ទប់ពិនិត្យពិគ្រោះជំងឺចំនួន១ ៦៦១ ។ ដើម្បីពង្រីកវិសាលភាព និងពង្រឹងវិស័យសុខាភិបាល ទៅតាមតម្រូវការ និងដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពខ្ពស់ នៅដើមឆ្នាំ២០១៩ ក្រសួងសុខាភិបាល បន្ដពង្រាយបុគ្គលិកសុខាភិបាល ទៅតាមតំបន់ ព្រំដែន និងតំបន់ជនបទឆ្ងាយៗបន្ថែមទៀត។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា ទន្ទឹមនឹងការរៀបចំហេដ្ឋារចនាសម្ពន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ បុគ្គលិកសុខាភិបាល ក៏មានកំណើនឡើង នៅតាមជនបទជាបន្តបន្ទាប់ដែរ តាមរយៈការចាត់បញ្ជូនឱ្យទៅបំពេញការងារនៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងនោះ ដែលរហូតមកដល់ឆ្នាំ២០១៩ មណ្ឌលសុខភាពទូទាំងប្រទេសមាន៖ -ប៉ុស្ដិ៍សុខភាពចំនួន១២៩ -មន្ទីរពេទ្យបង្អែកស្រុកចំនួន៩៤ -មន្ទីរពេទ្យបង្អែកខេត្ដ២៥ និង -មន្ទីរពេទ្យជាតិ ចំនួន៩ ដែលចំនួននេះ ធ្វើឱ្យមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព មានចំនួនដល់ទៅជិត ១ ៤០០កន្លែង ខណៈគិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៥ សរុបចំនួនសេវាសុខាភិបាល ឯកជនមានចំនួន៨ ៤៨៨កន្លែង ចាប់ពីប្រភេទមន្ទីរពេទ្យរហូតដល់បន្ទប់ថែទាំជំងឺ និងចាប់ពីឱសថស្ថានទៅឱសថស្ថានរង ក និងខ មានចំនួន២.១៥៦កន្លែង។ ក្នុងនោះបុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់រាជធានីខេត្ត មានចំនួន១៩ ៧១០នាក់ ស្មើនឹង៧៧,៤៨% នៃចំនួនបុគ្គលិកសុខាភិបាលសរុប ខណៈដើមឆ្នាំ២០១៨មាន៧២,៩៩% ។ ក្នុងការអនុវត្តផែនការក្របខ័ណ្ឌនៅឆ្នាំ២០១៩ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីរាជរដ្ឋាភិបាល ឱ្យជ្រើសរើសបុគ្គលិកជំនាញវិស័យសុខាភិបាល ចំនួន១ ៣០០នាក់ បន្ថែមទៀត សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីបំពេញតម្រូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ។ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅតំបន់ដាច់ស្រយាលជួបការលំបាក រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់លើកទឹកចិត្ត ហៅថាប្រាក់តំបន់ ជារៀងរាល់ខែជាប់រហូតមកដល់បុគ្គលិកសុខាភិបាលចំនួន៤.៣១៦នាក់ ដែលកំពុងបម្រើការងារ នៅតាមមណ្ឌល សុខភាព ចំនួន៥៧៦កន្លែង និងប៉ុស្តិ៍សុខភាពចំនួន៧៨ កន្លែង។ ជាមួយគ្នានេះដែរ ដើម្បីកែលម្អគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌គ្រូពេទ្យ លើកកម្ពស់គុណភាពសេវា អនុវត្តក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ បម្រើប្រជាជនឱ្យបានល្អ ជាពិសេសព្យាយាមអនុវត្តគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់កម្មករ កម្មការិនី ទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងមន្ត្រីសាធារណៈ អតីតយុទ្ធជន និវត្តន៍ជន ជនចាស់ជរាគ្មានទីពឹង និងជនក្រីក្រ នៅឆ្នាំ២០១៧ ក្រសួងសុខាភិបាល បង្កើតកម្មវិធីប្រកួតប្រជែង ផ្នែកកែលម្អគុណភាពសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងនោះរកឃើញមណ្ឌលសុខភាព ទទួលបានជ័យលាភីចំនួន៥ មកពីរាជធានីខេត្តចំនួន១៧ និងទទួលបានបណ្ណសរសើរចំនួន១៧ផ្សេងទៀត ក្នុងចំណោមមូលដ្ឋានសុខាភិបាល ទទួលស្គាល់ដោយ បេឡាជាតិរបបសន្តិសុខសង្គមចំនួន ៩២មូលដ្ឋាន ។ ក្នុងដំណាក់កាល នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព (ប.ស.ស) បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ដោយចុះកំណត់អត្តសញ្ញាណកម្មករ និយោជិត ឡើងវិញបានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករ និយោជិតប្រមាណ៩១ម៉ឺននាក់។ ក្នុងនោះសហគ្រាសដែលដាក់ឱ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស។ ប.ស.ស បង្កភាពងាយស្រួលឱ្យកម្មករ និយោជិត ទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និង លំនៅស្ថានក្នុងដំណាក់កាលនេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្ត ហើយមកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១ ២៨៩ មូលដ្ឋានគិតទាំងមន្ទីរពេទ្យថ្នាក់ជាតិ៤ មន្ទីរពេទ្យបង្អែកចំនួន១០៥ មណ្ឌលសុខភាពចំនួន១ ១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះសមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី ប.ស.ស ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ និង៥០% នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ ។ ដើម្បីលើកកម្ពស់សុខភាព និងកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋជាយថាហេតុ ក្រសួងសុខាភិបាល ក៏បានធ្វើយុទ្ធនាការលុបបំបាត់គ្រូពេទ្យ ដែលចាក់ថ្នាំប្រជាពលរដ្ឋ នៅតាមភូមិដោយគ្មានច្បាប់អនុញ្ញាត។ តាមការវិភាគលទ្ធផល នៃការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា បានបង្ហាញថា គ្រួសារដែលបានចំណាយលើសុខភាពលើសពី៤០% នៃចំណាយសរុបរបស់គ្រួសារ បានថយចុះពី៥,៦% នៃចំនួនគ្រួសារសរុបទូទាំងប្រទេសនៅឆ្នាំ២០០៧ មក៤,៩% នៅឆ្នាំ២០១៤។ សន្ទស្សន៍គ្រួសារដែលបានធ្លាក់ទៅក្នុងភាពក្រីក្រ ដោយសារចំណាយលើសុខភាពក៏បានថយចុះពី២,៥% មក១,៧% នៅក្នុងរយៈពេលដូចគ្នានេះ ។ ៣. វិស័យសេដ្ឋកិច្ច ក្រោយបញ្ចប់សង្រ្គាម និងទទួលបាននូវសុខសន្តិភាពស្ថាពរ១០០% ទូទាំងប្រទេស ឬអាចនិយាយថា ក្រោយពីបង្រួបបង្រួមទឹកដី ពីប្រទេសមួយមានតំបន់គ្រប់គ្រងបួន មកជាប្រទេសមួយ មានការគ្រប់គ្រងមួយ របស់សម្តេច ហ៊ុន សែន វិស័យសេដ្ឋកិច្ចធ្វើឡើងដោយបើកចំហ ជា ទីផ្សារសេរី ឬហៅថា សេដ្ឋកិច្ចចំហជើងមេឃ ឱ្យមានការប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស។ តាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់កម្ពុជា គឺកើនជិត៣០០០លានដុល្លារ គឺ២ ៦៨៨លានដុល្លារអាម៉េរិក ពីតំបន់សេដ្ឋកិច្ចពិសេស ស្មើនឹង២៧% ធៀបនឹងឆ្នាំ២០១៨ ហើយ គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤ ក្នុងនោះតំបន់ដែលមានអនុក្រឹត្យមានចំនួន៣៥ ដែលមានរដ្ឋបាលតំបន់បំពេញការងារជាអចិន្រ្តៃយ៍សរុប១៨តំបន់ មានក្រុមហ៊ុនវិនិយោគចំនួន៤៦៥ ក្រុមហ៊ុន និងមានកម្មករកំពុងបម្រើការងារចំនួន១២៥.០៩៤នាក់។ របាយការណ៍តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ របស់អង្គការ JICA ជប៉ុន បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៨ ប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤០កន្លែង។ ជាមួយគ្នានេះតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទីតាំងក្នុងខណ្ឌកំបូល លើផ្ទៃដី៣៥៣ហិចតា មានក្រុមហ៊ុនវិនិយោគចំនួន១២១ក្រុមហ៊ុន និងប្រើប្រាស់កម្លាំងពលកម្មប្រមាណជា២១ ៧១៧នាក់។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីចុះពិនិត្យមើលពីស្ថានភាពវិនិយោគ និងពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលអំឡុងពាក់កណ្តាល ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនមកពីប្រទេសថៃ, វៀតណាម, ចិន, ជប៉ុន, ប៊ែលហ្ស៊ិក, ហុងកុង, ម៉ាឡេស៊ី, សិង្ហបុរី, សហរដ្ឋអាម៉េរិក និងហ្វីលីពីន។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានថ្លែងបញ្ជាក់ប្រាប់ប្រតិភូធុរកិច្ចជប៉ុនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកាលានុវត្តភាពនានា ក្នុងការវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយបើកចំហជើងមេឃ ក្នុងការស្វាគមន៍ ការវិនិយោគផ្ទាល់ពីបរទេស ពិសេសការវិនយោគផ្ទាល់ពីជប៉ុនតែម្តង។ លោក សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូ ពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង២ទសវត្សរ៍កន្លងមក និងកំណើននៃការវិនិយោគរបស់ជប៉ុនក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលបានចូលរួមចំណែកដល់ការ ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានាំមកនូវបច្ចេកវិទ្យាថ្មីៗ។ ជុំវិញបញ្ហានេះ លោក អ៊ុជីអិ តេរឺហ៊ីកុ ប្រតិភូធុរកិច្ចជប៉ុនកោតសរសើរថា ការរីកចម្រើនរបស់កម្ពុជា ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ គឺជារឿងគួរឱ្យមោទនៈ។ លោកក៏បានសន្យា ថានឹងជួយជំរុញការវិនិយោគពីក្រុងសេនដាយ មកកម្ពុជា។ កាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ អាស៊ី ADB បានកត់សម្គាល់ និងព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៧- ២០១៨ នឹងកើនឡើងជាងឆ្នាំមុន ។ នៅពេល អេឌីប៊ី ធ្វើបច្ចុប្បន្នភាពរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ ២០១៧ ធនាគារនេះបានបន្ដរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងអត្រាខ្ពស់ជាងឆ្នាំ២០១៦ គឺ៧,១% សម្រាប់ឆ្នាំ២០១៧ និង២០១៨ ស្របតាមកំណើនដ៏ខ្លាំងក្លា ដែលសម្រេចបាននៅតាមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសឧស្សាហកម្មធំៗ។ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជាមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជាបន្ដមានកំណើនក្នុងសម្ទុះដ៏ខ្លាំងមួយ ដោយសារមានការជំរុញពីការធ្វើពិពិធកម្មការនាំចេញកំណើនខ្ពស់នៃវិស័យសំណង់ និងទេសចរណ៍ អាកាសធាតុមានលក្ខណៈល្អ អំណោយផល និងគោលនយោបាយសារពើពន្ធ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ។ ការបន្ដរក្សានិរន្ដភាពកំណើនសេដ្ឋកិច្ចឱ្យនៅតែខ្ពស់ប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ គឺពឹងអាស្រ័យលើលទ្ធភាពរបស់ប្រទេសកម្ពុជា ក្នុងការបន្ដរក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការបង្កើនផលិតភាពនៃកម្លាំងពលកម្ម ហើយបើតាម ទិន្នន័យរបស់គយ ការនាំចេញទំនិញកើនឡើង៧,៧% និងការនាំចូលកើនឡើង៨,១ % ក្នុងឆមាសទ១ ឆ្នាំ ២០១៧ ស្របពេលទិន្នន័យជញ្ជីងទូទាត់បង្ហាញថា ការនាំចេញទំនិញកើនឡើង២០,៧% ការនាំចូលកើនឡើង១១,១%។ ភាពលេចធ្លោសម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយមិនទាន់គិតបញ្ចូលដល់ការផ្ដល់ជំនួយឥតសំណង គឺថយចុះពី១០,៨% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៦។ ប៉ុន្ដែកើនលើសការព្យាករក្នុងរបាយការណ៍ទស្សនវិស័យ របស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៧។ ជាមួយគ្នានេះដែរ នៅដើមខែមេសា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានចេញផ្សាយរបាយការណ៍ព្យាករណ៍ថា កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ច៧%នៅឆ្នាំ២០១៩ និង៦,៨% ក្នុងឆ្នាំ២០២០ ខណៈកាលពីឆ្នាំ២០១៨ ADB បានឱ្យដឹងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ៧,៣% ដែលកំណើននេះ បានមកពីគោលនយោបាយដ៏ខ្ពស់នៃការនាំចេញ ភាពរឹងមាំនៃវិស័យ ទេសចរណ៍ និងការបន្តហូរចូល នៃវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ។ លោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា ថ្លែងថា កត្តាសំខាន់មួយដែលអាចទាក់ទាញ និងរក្សាឱ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា រួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។ ដើម្បីបន្តរក្សាកំណើនខ្ពស់នៅពេលអនាគត ប្រទេសកម្ពុជាត្រូវអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដែលងាយសម្របខ្លួនទៅតាមបន្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដូចជាការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ និង បច្ចេកវិទ្យាមនុស្សយន្ត ដែលកំពុងមានឥទ្ធិពលលើសេដ្ឋកិច្ចទូទាំងសកលលោក។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានលើកឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ថា សេដ្ឋកិច្ចកម្ពុជានឹងនៅរក្សាបានអត្រាកំណើនយ៉ាងហោចណាស់ប្រហែលនឹង ឆ្នាំ២០១៨ បើទោះបីមានកត្តាប្រឈមនឹងការថមថយកំណើនសេដ្ឋកិច្ច របស់បណ្តាប្រទេសជា ទីផ្សារនាំចេញរបស់កម្ពុជាក៏ដោយ។ ការរក្សាបាននូវកំណើននេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ទើបតែសម្រេចធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ដោយដាក់ចេញនូវយុទ្ធសាស្ត្រ ១៧ចំណុច ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម។ កំណែទម្រង់នេះនឹងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដោយសារវាកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញតាមនាវា ថ្លៃសេវាកំពង់ផែ កាត់បន្ថយថ្លៃអគ្គិសនី និងការលើកទឹកចិត្តផ្នែកសារពើពន្ធជាដើម។ ស្របពេលជាមួយកំណើនសេដ្ឋកិច្ច ខណៈកម្ពុជាកំពុងមានសន្តិភាព ឬមានភាពរកាំរកូសខ្លះៗ ពីនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០១៩ ថា ឆ្នាំ២០១៩ GDP កម្ពុជានឹងកើនឡើងដល់ ២៧,២២២លានដុល្លារ ស្របពេលចំណូលសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើងដល់១,៧០៦ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ។ ប្រភពដដែលបញ្ជាក់ថា តាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា បន្តសម្រេចបានក្នុងអត្រា៧,១% គឺប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩ ផ.ស.ស ថ្លៃបច្ចុប្បន្នកើនឡើងដល់ ១០៩ ៨៩៤ ៩៤៩លានរៀល សមមូលនឹងប្រមាណ ២៧,២២២លានដុល្លារអាម៉េរិក ខណៈ ផ.ស.ស សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១ ៧០៦ដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០១៨ គឺ១ ៥៦៣ដុល្លារអាម៉េរិក។ កត្តា ដែលនាំឱ្យមានកំណើននេះ ត្រូវអ្នកជំនាញអះអាងថា ទ្រទ្រង់ដោយវិស័យសំខាន់ៗចំនួន៣ ដូចជា៖ ទី១. កំណើនវិស័យឧស្សាហកម្ម ដែលនៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,០% ដែលវិស័យនេះគាំទ្រដោយភាពរឹងមាំ នៃវិស័យសំណង់ វិស័យកាត់ដេរ វិស័យកម្មន្តសាល ទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក ។ ទី២. វិស័យសេវាកម្មនៅបន្តកំណើនប្រមាណ៧,០% ដែលគាំទ្រដោយកំណើន ដោយ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន តាមរយៈកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសមកពីតំបន់អាស៊ី ដោយការបើកជើងហោះហើរត្រង់កាន់តែច្រើន និងការដាក់ចេញនូវគោលនយោបាយនានា ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម។ អនុវិស័យលក់ដុំ-រាយ ក៏នៅរក្សាកំណើនល្អប្រសើរ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ អនុវិស័យអចលនទ្រព្យ អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលនឹងបន្តរក្សាកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០១៨។ ទី៣. វិស័យកសិកម្ម ដែលនឹងសម្រេចកំណើនក្នុងរង្វង់១,៨% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល។ អនុវិស័យនេសាទ អនុវិស័យវារីវប្បកម្ម និងអនុវិស័យចិញ្ចឹមសត្វ ។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១% ក្នុងឆ្នាំ២០១៩ ស្របនឹងការរំពឹងទុកនៃកំណើនយឺត នៃថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងកំណើនយឺតជាងមុននៃថ្លៃម្ហូបអាហារ។ ចំណែកអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤.០៥០រៀល ក្នុងមួយដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ ឱនភាពគណនីចរន្ត (រួម បញ្ចូល បង្វែរ) ព្យាករណ៍ថានឹងស្ថិតក្នុងអត្រា៧,១% នៃ GDP ក្នុងឆ្នាំ២០១៩ ។ ភាពល្អប្រសើរនៃគណនីចរន្តនេះ នឹងឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកនៃភាពរួមតូច នៃឱនភាពសមតុល្យពាណិជ្ជកម្ម, ការកើនឡើងខ្ពស់ នៃចំណូលពីភ្ញៀវទេសចរអន្តរជាតិ និងកំណើននៃប្រាក់បង្វែរឯកជនពីបរទេស (Remittances)។ ទុនបម្រុងអន្តរជាតិសរុប រំពឹងថានឹងបន្តកើនឡើងដល់ប្រមាណ ១១.០៥៩លានដុល្លារអាម៉េរិក ដែលធានាការនាំចូលបាន នៅឆ្នាំ២០១៩ ។ ខ្លឹមសារសង្ខេបដដែលបញ្ជាក់ទៀតថា ជារួមផ្អែកលើសូចនាករម៉ាក្រូសេដ្ឋកិច្ច ដូចដែលបាន កំណត់ខាងលើ គេអាចនិយាយបានថា កម្ពុជានៅតែអាចបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧,០% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យម។ កំណើនសេដ្ឋកិច្ចកម្ពុជានេះ ក៏ព្យាករណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែតុលា ឆ្នាំ២០១៨ ថានឹងបន្ដសម្រេចបាន ក្នុងអត្រា៧,១% សម្រាប់ឆ្នាំ២០១៩។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្ដសម្រេចបានក្នុងអត្រា៧,១% ប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨ ដែលមានកំណើន៧,២%។ ដូច្នេះក្នុងឆ្នាំ២០១៩ ផ.ស.ស ថ្លៃបច្ចុប្បន្នកើនឡើងដល់ ១០៩ ៨៩៤ ៩៤៩ លានរៀល សមមូលនឹងប្រមាណ២៧. ២២២ លានដុល្លារអាម៉េរិក ។ ការព្យាករបន្តថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានភាពរឹងមាំសម្រាប់រយៈពេលមធ្យមទៅមុខ ដូច្នេះតាមការប៉ាន់ស្មានចុងក្រោយនេះ គឺកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៧ អាចនឹងសម្រេចបានប្រមាណ៧% ធៀបនឹងការព្យាករប្រមាណ៦,៩% ដោយសារកំណើនលើសពីការប៉ាន់ប្រមាណនៃវិស័យសំណង់ និងទេសចរណ៍។ កំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ នឹងអាចសម្រេចនៅក្នុងរង្វង់៧% ហើយនឹងអាចឡើងដល់៧,១% នៅឆ្នាំ២០១៩ ហើយបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពីសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា តាមការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជា បន្ដសម្រេចបានក្នុងអត្រា៧,១% ដែលប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០១៨។ កំណើននេះ ត្រូវទ្រទ្រង់ដោយ ទី១-កំណើននៃវិស័យឧស្សាហកម្ម ដែលនៅបន្ដរក្សាភាពរឹងមាំក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,០% ។ ទី២-វិស័យសេវាកម្ម នៅតែបន្ដមានកំណើនប្រមាណ៧,០% ដែលគាំទ្រដោយកំណើននៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងទី៣-វិស័យកសិកម្ម ដែលអាចសម្រេចបានកំណើនក្នុងរង្វង់១,៨% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល។ រាល់ការរក្សាបាននូវកំណើនសេដ្ឋកិច្ច កើតឡើងដោយសារការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ហើយកំណើននេះធ្វើឱ្យរាជធានីភ្នំពេញ មានចំនួនយានយន្តកើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង នៅឆ្នាំ២០១៨ ខណៈកាលពីចុងឆ្នាំ២០១៦ ចំនួនរថយន្តមានតែ៤០ម៉ឺនគ្រឿង ក្នុងនោះម៉ូតូមានចំនួន១លាន៤០ម៉ឺនគ្រឿង ។ យោងតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញថា ចំនួនយានយន្តនៅកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកើនឡើងប្រមាណ៧% ក្នុងមួយឆ្នាំ នៅរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដែលបច្ចុប្បន្នរថយន្តនៅក្នុងប្រទេសកម្ពុជា មានចំនួនជិត១លានគ្រឿង និងម៉ូតូប្រមាណជាង៦លានគ្រឿង។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយកាលពី ខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហាញថា កំណើនយានយន្តទូទាំងប្រទេសកម្ពុជា ដែលបានចុះបញ្ជីត្រឹមត្រូវក្នុង រយៈពេល១ខែ កើនជិតដល់៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ ។ ជាក់ស្តែងសម្រាប់ខែតុលាឆ្នាំ២០១៨ កើនឡើងចំនួន៣៩.៦១២គ្រឿង ក្នុងនោះម៉ូតូចំនួន៣៣.៨៥០គ្រឿង រថយន្តធុនស្រាល និងធុនធ្ងន់ចំនួន៥.៧៦២គ្រឿង។ របាយការណ៍បន្តថា បើគិតចាប់ពីឆ្នាំ១៩៩០ រហូតមកដល់ឆ្នាំ២០១៨កំណើនមធ្យោបាយធ្វើដំណើរ ឬយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងធ្វើចរាចរណ៍បានកើនដល់៤លាន៦សែន៤៣.១១៩គ្រឿង។ នេះមិនទាន់គិតពីយានយន្ត ដែលមិនបានចុះបញ្ជីផងទេ។ សម្តេច ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់សម្តេច កាលពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៩ ថា ជាងពីរទសវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម៧,៧%ក្នុងមួយឆ្នាំ ខណៈធនាគារពិភពលោកព្យាករណ៍ថា ទោះបីជាកម្ពុជារក្សាកំណើនសេដ្ឋកិច្ចជាមធ្យម៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ គឺចាប់ពីឆ្នាំ១៩៩៥-២០១៧។
៤. វិស័យពាណិជ្ជកម្ម (នាំចូល និងនាំចេញ) ដោយអនុវត្តគោលនយោបាយបើកចំហជើងមេឃ កម្ពុជាមានទំនាក់ទំនងការទូតជាមួយ បណ្តាប្រទេសប្រមាណ១៧២ ទូទាំងពិភពលោក ក្នុងចំណោមប្រទេសទាំង១៩០ ដែលជាសមាជិកអង្គការសហប្រជាជាតិ។ ទំនាក់ទំនងដ៏ល្អ និងគោលនយោបាយបើកចំហជើងមេឃផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ធ្វើឱ្យការនាំចេញ និងនាំចូលរបស់កម្ពុជាលេចធ្លោ។ បណ្តាប្រទេស និងសហគមន៍ ដែលកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ច មានប្រទេសទាំង១០ ក្នុងសមាគមអាស៊ាន សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ចិន បារាំង អូស្រ្តាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងរុស្ស៊ី ។ល។ ក. ពិភពលោក និងសហគមន៍អឺរ៉ុប យោងតាមរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេលមួយឆមាសឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម កម្ពុជា-ពិភពលោក សរុបប្រមាណ១៧,៣ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកមានទឹកប្រាក់ប្រមាណ៦,៨ពាន់លានដុល្លារអាម៉េរិក ខណៈនាំចូលមកវិញនូវទំហំទឹកប្រាក់ប្រមាណ១០,៥ពាន់លានដុល្លារអាម៉េរិក។ របាយការណ៍ដដែលបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាស្មើនឹងប្រមាណ៤៨,៨% នៃផលិតផលក្នុងស្រុកសរុប ហើយការនាំចូលវិញមានរហូតដល់៧៣,៦%នៃផលិតផលក្នុងស្រុកសរុប។ តាមតួលេខនេះក៏ង្ហាញដែរថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិនៅតែមានខ្ពស់ ខណៈត្រឹមតែរយៈពេល៦ខែ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន១៣,៩៨៥លានដុល្លារ ដោយក្នុងនោះការនាំចេញ មានចំនួន៥,៧៩៤លានដុល្លារ កើនឡើង១១%។ ចំណែកឯការនាំចូលមានចំនួន៨,១៩១លានដុល្លារ កើន១០.៦% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧។ ការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជា ត្រូវលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ថា កម្ពុជាបាននាំចេញទៅប្រទេសមួយចំនួន ដូចជា សហគមអឺរ៉ុប, សហរដ្ឋអាម៉េរិក, កាណាដា, ជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត ហើយវិស័យ ដែលនាំចេញច្រើនជាងគេរួមមានសម្លៀកបំពាក់ និងអង្ករជាដើម ។ លោកបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យទំហំពាណិជ្ជកម្មកើនឡើង បណ្ដាលមកពីស្ថិរភាពរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានវិនិយោគិនបរទេសជាច្រើនបានមកវិនិយោគនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា ប្រចាំឆ្នាំ២០១៨ បង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ២០១៨ បានរាយការណ៍ថា មានជាង៥.២០០លានដុល្លារអាម៉េរិក ដែលចំនួននេះ គឺមានខ្ពស់ជាងឆ្នាំ២០១៧ ប្រមាណ១ពាន់លានដុល្លារ។ តែយ៉ាងណា បើពិនិត្យលើរបាយការណ៍ឃើញថា អត្រាកំណើននៃការនាំចេញ និងការនាំចូលរបស់កម្ពុជា គឺមានមិនខ្ពស់ទាបជាងគ្នាណាស់ណានោះទេ ពោលគឺមានកំណើនក្នុងរង្វង់ជាង២០% ដូចគ្នា។ របាយការណ៍ពីធនាគារជាតិ បង្ហាញថា នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង១៣ពាន់៥០០ លានដុល្លារអាម៉េរិក ដែលមានកំណើន២១% ធៀបនឹងឆ្នាំ២០១៧ ខណៈការនាំចូលវិញ គឺមានប្រមាណជាង១៨ពាន់៧០០ លានដុល្លារអាម៉េរិក ដែលមានកំណើនជាង២១%។ តួលេខនេះបញ្ជាក់ថា ឱនភាពពាណិជ្ជកម្ម ឬការនាំចូលរបស់កម្ពុជា មានការកើនឡើងលើសការនាំចេញ រហូតដល់ជាង៥ពាន់២០០លានដុល្លារអាម៉េរិក ខ្ពស់ជាងឆ្នាំ២០១៧ប្រមាណ១ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញផលិតផលភាគច្រើនបំផុត គឺសម្លៀកបំពាក់ និងស្បែកជើង ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ, ផលិតផលកសិកម្មមានប្រមាណ៦៣០លានដុល្លារ និងផលិតផលផ្សេងៗទៀតជិត៣ពាន់លានដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា សហគមន៍អឺរ៉ុប នៅតែជាចំណែកទីផ្សារធំ សម្រាប់ការនាំចេញរបស់កម្ពុជា ពោលគឺមាន២៩% នៃចំណែក ទីផ្សារនាំចេញសរុប ខណៈ អាម៉េរិកមាន២៤% អង់គ្លេសមាន៩% និងជប៉ុនមាន៨%។ រីឯប្រទេស ដែលនាំចូលមកកម្ពុជា ឃើញថា ប្រទេសចិន បានឈរលំដាប់មុខគេ គឺជិត៣០% នៃការនាំចូលសរុប, ថៃ ជាង១៥%, វៀតណាម ជិត១២% និងជប៉ុន៤%។ របាយការណ៍ស្ថានភាពជញ្ជីងទូទាត់របស់ធនាគារជាតិកម្ពុជា NBC បានបង្ហាញថា កម្ពុជាបាននាំចូលទំនិញមានតម្លៃជាទឹកប្រាក់សរុប រហូតដល់១៨,៨ ពាន់លានដុល្លារនៅឆ្នាំ២០១៨ ខណៈនាំចេញទំនិញមានតម្លៃជាទឹកប្រាក់១៣,៦ ពាន់លានដុល្លារប៉ុណ្ណោះ។ យោងតាមNBC ទាំងទឹកប្រាក់នៃការនាំចេញ និងនាំចូលនៅឆ្នាំ២០១៨ សុទ្ធតែមានកំណើនធៀបនឹងឆ្នាំ២០១៧ ដែលការនាំចូលកើនឡើង២១,៣% និងការនាំចេញកើន២១% ។ NBCបង្ហាញទៀតថា ខណៈ ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា មានចំនួន៥,២ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ទឹកប្រាក់ នៃ ឱនភាពពាណិជ្ជកម្មកើនឡើង២២% ធៀបនឹងឆ្នាំ២០១៧ ប្រមាណ៤,២៧ពាន់លានដុល្លារ។ ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាកាលពីឆ្នាំ២០១៥ មានចំនួន៣,៩៤ ពាន់លានដុល្លារ និងឆ្នាំ២០១៦ មានចំនួន៣,៨៤ ពាន់លានដុល្លារ។ គួររម្លឹកថា ប្រទេសកម្ពុជាបានបើកឱ្យមានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឡើងវិញនៅទសវត្សរ៍១៩៨០ និងបើកឱ្យមានការវិនិយោគពីបរទេសនៅឆ្នាំ១៩៩៤ ។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន លាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាល្លឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរី វៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា បានកើនឡើង១៩.៨% ពី៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ពាន់លានរៀល នៅឆ្នាំ២០១៤។ ប្រទេសកម្ពុជា មានល្បឿនកំណើនសេដ្ឋកិច្ចខ្លាំងបំផុតក្នុងចំណោមសេដ្ឋកិច្ចប្រចាំប្រតំបន់ នាទសវត្សរ៍ចុងក្រោយនេះ ។ ទោះបីជាអត្រាកំណើននៅពាក់កណ្តាលឆ្នាំ២០១៥ មានលក្ខណៈយឺតជាងអ្វីដែលធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ទុកជាមុនក៏ដោយ ក៏ធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានកំណើន៧% ក្នុងឆ្នាំ២០១៥។ កំណើននេះគឺដោយសារថ្លៃប្រេងដែលចុះថោក និងអតិផរណាទាបជាងមុន ដែលបង្កើតឱ្យមានទន្សវិស័យកាន់តែល្អប្រសើរ សម្រាប់ការនំាចេញ និងទេសចរណ៍ និងការរំពឹងទុកខ្ពស់ជាងឆ្នាំមុនសម្រាប់វិស័យកសិកម្ម។ ខ. សហរដ្ឋអាម៉េរិក យោងតាមសារព័ត៌មាន Fresh News ដែលចេញផ្សាយកាលពីឆ្នាំ២០១៧ បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងអាម៉េរិក និងកម្ពុជាកើនឡើងដល់៣,៤៦ពាន់លានដុល្លារ ដែលកើនឡើងជាង៨% បើធៀបនឹងឆ្នាំ២០១៦។ សម្រាប់ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ប្រចាំឆ្នាំ២០១៨ បានឱ្យដឹងថា សម្រេចបាន៣,៣១ពាន់លានដុល្លារអាម៉េរិក បានកើនឡើង២៧% ។ មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ប្រមាណ៣,៣១ពាន់លានដុល្លារអាម៉េរិក កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ២,៦១ពាន់លានដុល្លា ក្នុងនោះការនាំចេញរបស់កម្ពុជា មានតម្លៃ២,៨៨ពាន់លានដុល្លារ និងនាំចូលមានតម្លៃ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាម៉េរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ លោករដ្ឋមន្រ្តីក៏បានអះអាងផងដែរថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះការនាំចេញទំនិញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១២,១ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង១០% ធៀបនឹងឆ្នាំ២០១៧ ហើយតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ នៃកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆមាសទី១មានជាង១៧ពាន់លានដុល្លារ ។
គ. ប្រទេសជប៉ុន តាមរបាយការណ៍ចុងក្រោយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន បានឱ្យដឹងថា ទំហំពាណិជ្ជ កម្ពុជា-ជប៉ុន សម្រាប់ឆ្នាំ២០១៩ គិតត្រឹមឆមាសទី១ មានចំនួនប្រមាណ១ពាន់លានដុល្លារ កើនឡើង១៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ឯការនាំចេញពីកម្ពុជាទៅកាន់ជប៉ុន មានទំហំទឹកប្រាក់ប្រមាណ៧៩២លានដុល្លារ កើនឡើង៣៤% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកម្ពុជាពីជប៉ុន មានទំហំទឹកប្រាក់ប្រមាណ២៥៦លានដុល្លារ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មដែលមានការកើនឡើង គឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាគ្រឹះដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបន្តថា ជាការពិត ការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំង ដោយសារការប្រឹងប្រែងរបស់លោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលរួមចំណែកយ៉ាងធំនៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាលពីឆ្នាំ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន៤៤០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជា ចំនួន៤៤០លានដុល្លារស្រេចទៅហើយ។ ឃ. កូរ៉េខាងត្បូង តាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០១៩ បានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើតឡើងគួរឱ្យគត់សម្គាល់ ។ ក្នុងនោះ នៅឆ្នាំ២០០៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានចំនួនទឹកប្រាក់ជាង២១៨លានដុល្លារ ដោយកម្ពុជានាំចេញទៅកូរ៉េជាង៩៣លានដុល្លារ និងកូរ៉េនាំចូលមកម្ពុជាវិញជាង២០៩លានដុល្លារ។ ឆ្នាំ២០១០ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានជាង២៧២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនធ្លាក់ចុះ សល់ត្រឹមតែជាង២៤លានដុល្លារប៉ុណ្ណោះ ខណៈកូរ៉េនាំចូលមកកម្ពុជាជាង២៤៤លានដុល្លារ។ ឆ្នាំ២០១១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៣៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៤៦លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣០០លានដុល្លារអាម៉េរិក។ ឆ្នាំ២០១២ ទំហំពាណិជ្ជកម្ម នៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៩៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៧០លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤២២លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៤៦៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង៩៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៦៩លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៥១៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១២៣លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៣៩០លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៥៩៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៣៧លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៩លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង៦០២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៦៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៣៨លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង៦២៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង១៦៩លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន៤៥៥លានដុល្លារអាម៉េរិក។ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ មានចំនួនជាង៧៤៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនជាង២០២លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាវិញមានចំនួនជាង ៥៤៣លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូង មានសម្លៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក។
ង. ប្រទេសចិន ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ពុជា-ចិន វិញត្រូវកំណត់ និងរំពឹងថានឹងបង្កើនឱ្យបានដល់ ៦ប៊ីលានដុល្លារ នៅឆ្នាំ២០២០ ខណៈកាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់៥ប៊ីលានដុល្លារ តាមផែនការកំណត់ និងអាចនឹងកើនដល់១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣ ។ ច. ប្រទេសថៃ ចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ នៅតាមព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០១៩ សម្រេចបាន៨០ពាន់លានបាត ស្មើនឹងប្រមាណ២,៦ ពាន់លានដុល្លារអាម៉េរិក ដែលចំនួននេះបានធ្វើឱ្យកម្ពុជា ឈរនៅលំដាប់ទី៤ ក្នុងចំណោមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មតាមព្រំដែន។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ។ ក្នុងនោះ ប្រទេសម៉ាឡេស៊ី នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ថៃ ដែលមានទំហំទឹកប្រាក់សរុប៨,៨ ពាន់លានដុល្លារ ខណៈដែល មីយ៉ាន់ម៉ា មានជាង ៣,៣ ពាន់លានដុល្លារ ប្រទេសលាវ មានជិត៣,២ ពាន់លានដុល្លារ ហើយកម្ពុជា ឈរលំដាប់ទី៤ មានជាង២ពាន់លានដុល្លារ ។ ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោក អាដុល ឆូទី នីសាខន រំពឹងថា ទំហំ ពាណិជ្ជកម្មនៅតាមព្រំដែនរបស់ថៃ នឹងបន្តកើនឡើងដោយរាជរដ្ឋាភិបាលថៃ នឹងជំរុញប្រតិបត្តិករវ័យក្មេងថៃ និងដៃគូរបស់ពួកគេ ឱ្យបង្កើតពិព័រណ៍នៅតាមប្រទេសជិតខាងកាន់តែច្រើន ដើម្បីសម្រេចទំហំពាណិជ្ជកម្មតាមព្រំដែន៤៨ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានជាង៦៨០លានដុល្លារ ខណៈដែលថៃនាំចូលមកកម្ពុជាវិញ មានចំនួនជាង៣,៤ពាន់លានដុល្លារ។ ប្រភពដដែលឱ្យដឹងទៀតថា កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេ ភាគីរវាងកម្ពុជា និងថៃ កើនឡើងរហូតដល់ជាង៨,៣ ពាន់លានដុល្លារ ដោយកម្ពុជានាំចេញទៅថៃក្នុងទំហំទឹកប្រាក់៧៦០លានដុល្លារ ខណៈដែលថៃនាំចូលមកកម្ពុជា មានចំនួន៧,៦ ពាន់លានដុល្លារ ហើយកម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ យោងតាមរបាយការណ៍ផ្លូវការ ពីស្ថានទូតថៃប្រចាំកម្ពុជាបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩,៤១ពាន់លានដុល្លារ កើនឡើង១២% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨,៣៨ពាន់លានដុល្លារ ។ ផលិតផលដែលកម្ពុជានាំចេញទៅថៃ ភាគច្រើនរួមមានដូចជា ពោត ដំឡូងមី និងសណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគគ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រៈយុទ្ធ ចន្ទអូឆា នាយករដ្ឋមន្រ្តីថៃ នៅក្រុងបាងកក កាលពីចុងឆ្នាំ២០១៦ ចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើនឡើងដល់១៥ពាន់លានដុល្លារអាម៉េរិក។
ឆ. វៀតណាម តាមទីភ្នាក់ងារព័ត៌មានរដ្ឋ AKP បានដកស្រង់ស្ថិតិរាជរដ្ឋាភិបាលដែលចេញផ្សាយកាលពី ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ពាណិជ្ជកម្មជាមួយប្រទេសវៀតណាម កើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០១៧ ជិតដល់៥ពាន់លានដុល្លារ។ ប្រភពដដែលបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាមសម្រេចដល់ជាង៤ពាន់៦០០លានដុល្លារ កើនឡើងជាង២៣% ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ វៀតណាមនាំចូលមកកម្ពុជា មានប្រមាណ៣ពាន់៧០០លានដុល្លារ ខណៈ កម្ពុជានាំទៅវៀតណាម មានត្រឹមតែ១០០០ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគយវៀតណាម បានឱ្យដឹងថា រយៈ៥ខែ ដំបូងឆ្នាំ២០១៩ ប្រទេសកម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង២ពាន់៣០០លានដុល្លារ ខណៈដែល៥ខែដំបូងឆ្នាំ២០១៨ មានតែប្រមាណ ២ពាន់លានដុល្លារប៉ុណ្ណោះ គឺកើនឡើងប្រមាណ៣០០លានដុល្លារអាម៉េរិក។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩ កម្ពុជានាំចេញទៅវៀតណាម សម្រេចបានជាង៥៦០លានដុល្លារ កើនឡើងជាង៦០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ ការនាំចូលរបស់វៀតណាម មកកម្ពុជា រយៈ៥ខែដូចគ្នា មានទំហំទឹកប្រាក់ជាង ១ពាន់៧០០លានដុល្លារ កើនឡើងប្រមាណជាង២៨០លានដុល្លារ រយៈពេល៥ខែដូចគ្នា កាលពីឆ្នាំ២០១៨។ ផលិតផលសំខាន់ៗដែលវៀតណាម នាំចូលមកកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ ចំណែកផលិតផល ដែលកម្ពុជានាំចេញទៅវៀតណាម មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត។ យោងតាមរបាយការណ៍ចុងក្រោយ របស់ការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាមបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ឈានដល់ជិត ៤ពាន់លានដុល្លារ រយៈពេល៣ត្រីមាស ក្នុងឆ្នាំ២០១៩ ។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧២០លានដុល្លារ និងនាំចូលមកពីវៀតណាមវិញ ក្នុងទំហំទឹកប្រាក់ជាង៣ពាន់២ រយលានដុល្លារ។
ជ. សិង្ហបុរី តាមរបាយការណ៍មិនផ្លូវការ ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសសិង្ហបុរីត្រូវគេឱ្យដឹងថា ជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទុនវិនិយោគប្រមាណ១,២ ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ខណៈនៅក្នុងឆ្នាំដដែល ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានកើនឡើងដល់ ៣ ពាន់លានដុល្លារ ។ លោក Andrew Tay អនុប្រធាន (កិច្ចការធុរកិច្ច) នៃក្លិប Singapore Club Cambodia បានឱ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា ពីមុនប្រជាជនសិង្ហបុរី ហាក់មិនដឹងព័ត៌មានច្រើនអំពីប្រទេសកម្ពុជាទេ ប៉ុន្តែបច្ចុប្បន្នតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងព័ត៌មានដែលកាន់តែមានវិសាលភាពធំទូលាយ ក្នុងរយៈពេល៦ខែចុងក្រោយ មានបេសកកម្មពាណិជ្ជកម្មជាច្រើនពីសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ដើម្បីស្រាវជ្រាវទីផ្សារ តាមរយៈរដ្ឋាភិបាល ឬសហព័ន្ធធុរកិច្ច។ សហគ្រិនសិង្ហបុរី កំពុងតែប្រតិបត្តិការអាជីវកម្មនៅគ្រប់ផ្នែក នៅក្នុងប្រទេសកម្ពុជារាប់ចាប់តាំងពីមន្ទីរពេទ្យ សណ្ឋាគារ ហាងកាហ្វេ សាលារៀន និងការធ្វើជំនួញជាច្រើនទៀត។ ក្នុងជំនួបនៃដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី របស់ប្រតិភូក្រសួងពាណិជ្ជកម្ម កម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឆាន ឈុនស៊ីង (Chan Chun Sing) រដ្ឋមន្ត្រី ពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជា ទៅសិង្ហបុរី ក្នុងពេលបច្ចុប្បន្ន នៅមានចំនួនតិចតួចនៅឡើយ។ ប៉ុន្តែលោកនៅមានក្តីសង្ឃឹមខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី នូវមុខទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវការខ្ពស់។ ក្រៅពីនេះ កម្ពុជាក៏មានសក្ដានុពលខ្ពស់ក្នុងការនាំចូលមកសិង្ហបុរីនូវបរិក្ខារសំណង់ដូចជាស៊ីម៉ងត៍ ខ្សាច់ និងទៅអនាគតអាចផ្គត់ផ្គង់ទឹកស្អាត និងថាមពលផងដែរ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីសិង្ហបុរី ដោយការពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ក្នុងការជំរុញឱ្យរឹតតែច្រើនឡើងនូវការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ចំពោះផលិតផលនាំចេញ លោកក៏ណែនាំបន្ថែមដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុង ដែលសុទ្ធតែជាផលិតផលកំណត់ភូមិសាស្ត្រ ជាពិសេសម្រេចកំពត ដែលជាប្រភេទម្រេចល្អលើសគេ និងមានតម្លៃខ្ពស់។ លោករដ្ឋមន្ត្រីក៏ណែនាំអំពីផលិតផលស្វាយ និងអង្ករបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនសិង្ហបុរី ឱ្យមកស្វែងឈ្វេងយល់បន្ថែម ឱ្យរឹតតែស៊ីជម្រៅពីផលិតផលសក្ដានុពលរបស់កម្ពុជា។ ឈ. ម៉ាឡេស៊ី ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី កាលពីឆ្នាំ២០១៥ កន្លងទៅសម្រេចបានជាង ៣០០លានដុល្លារ ដែលចំនួនមិនទាន់ឆ្លើយតប និងបំពេញតាមមហិច្ឆតា របស់ប្រទេសទាំងពីរនោះឡើយ ហើយប្រទេសទាំងពីរ ចង់ជំរុញទំហំពាណិជ្ជកម្មរវាងគ្នាឱ្យកាន់តែខ្លាំងថែមទៀត។ ក្នុងជំនួបដាច់ដោយឡែកមួយរវាងលោក ប៉ាន សូរស័ក្តិ និងលោក Mustapa Mohamed នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បានផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមួយចំនួន ដូចជា វិស័យស្រូវអង្ករ កៅស៊ូ ជលផល កសិផល (ដំឡូង ពោត សណ្ដែក ចេក។ល។) សត្វគោរស់ និងកិច្ចសហប្រតិបត្តិការ លើផលិតផលហាឡាល។ លោក ប៉ាន សូរស័ក្តិ ស្នើឱ្យភាគីម៉ាឡេស៊ី ធ្វើយ៉ាងណាទទួលទិញផលិតផលពីកម្ពុជា ឱ្យបានច្រើនដើម្បីធ្វើឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សិក្ខាសាលារួមគ្នាមួយស្តីពី “កាលានុវត្តភាពពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី” របាយការណ៍សភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា នាំចេញទៅម៉ាឡេស៊ី ១៥២,៦ លានដុល្លារ ខណៈចូលពីប្រទេសម៉ាឡេស៊ី មកកម្ពុជាមានប្រមាណ ២៣៥,៥លានដុល្លារ។ សភាពាណិជ្ជកម្ពុជា មានសុទិដ្ឋិនិយមថា ផ្អែកលើទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏នឹងកើនឡើងជាបន្តបន្ទាប់ដែរ។ ក្នុងជំនួបពិភាក្សា ផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធា មហាម៉េដ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ២០១៨ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំប្រមាណជា៥០០លានដុល្លារ ប៉ុន្តែ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ជាង៤០០លានដុល្លារ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជាម៉ាឡេស៊ី សម្តេច និងលោក មហាធា ឯកភាពឱ្យស្ថាប័នពាក់ព័ន្ធប្រទេសនៃទាំងពីរ រិះរកវិធីពង្រីកសហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត។ ក្រោយកិច្ចពិភាក្សា ប្រមុខដឹកនាំទាំងពីរ គឺសម្តេច ហ៊ុន សែន និង លោក មហាធា បានចុះកិច្ចព្រមព្រៀងរួមគ្នាចំនួនពីរ ក្នុងនោះមានអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេះពន្ធលើប្រាក់ចំណូល រវាងរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហការក្នុងវិស័យទេសចរណ៍ ដែលនឹងអនុញ្ញាតឱ្យទេសចរប្រើប្រាស់ទិដ្ឋាការតែមួយសម្រាប់ចូលទស្សនាប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ គួររម្លឹកថា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ម៉ាឡេស៊ី នៅកម្ពុជាសរុបចំនួន១៣៧គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន២,៧ពាន់លានដុល្លារ។ ដោយឡែក គិតមកដល់ខែមិថុនា ឆ្នាំ២០១៩ ម៉ាឡេស៊ីមានជើងហោះហើរត្រង់ រវាងកម្ពុជា និងម៉ាឡេស៊ី សរុបមានចំនួន៦ជើងក្នុងមួយថ្ងៃ តាមរយៈក្រុមហ៊ុន Malaysia Airline , AirAsia Airline និងក្រុមហ៊ុនអាកាសចរណ៍ Malindo Air ។
ញ. ប្រទេសមីយ៉ាន់ម៉ា យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា នៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានជិត២០លានដុល្លារ ។ របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំង២មាន៤,៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១,៤៧លានដុល្លារ ខណៈដែល មីយ៉ាន់ម៉ា នាំចូលមកកម្ពុជាវិញមាន៣,៣២លានដុល្លារ។ ប្រភពដដែលបន្តឱ្យដឹងទៀតថា នៅក្នុង ឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ា មានចំនួន៥,២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១,១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤,១២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ា មានចំនួន៤,៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ា មានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២,២៥លានដុល្លារ។ សម្រាប់រយៈពេល៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា មាន៤,៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ា មានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ា នាំចូលមកកម្ពុជាមាន៣,៦៧លានដុល្លារ។ ក្នុងជំនួបទ្វេរភាគីជាមួយលោកស្រី អួង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បង្ហាញជំហររួមគ្នាក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។សម្ដេច ហ៊ុន សែន បានស្នើសុំឱ្យមានការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសទាំងពីរ មានសក្តានុពលជំរុញឱ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឱ្យកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ ក្នុងជំនួបជាមួយលោក U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាព មីយ៉ាន់ម៉ា នៅវិមានសន្តិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ បានស្វាគមន៍ចំពោះវត្តមានរបស់ភាគីមីយ៉ាន់ម៉ា និងជំរុញធ្វើយ៉ាងណាឱ្យមានទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវប្បធម៌ និងទេសចរណ៍។ កម្ពុជា-មីយ៉ាន់ម៉ា មានកិច្ចព្រមព្រៀងមួយចំនួន ដោយខិតខំអនុវត្តយ៉ាងណាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា ព្រោះកន្លងមកការហោះហើយ ត្រង់មិនមានភ្ញៀវគ្រប់គ្រាន់ ហើយក៏ផ្អាកទៅវិញ។
ដ. ហ្វីលីពីន តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឆ្នាំ២០១៥ បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ហ្វីលីពីន នៅមានទំហំតូចនៅឡើយ។ ក្នុងនោះពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន នៅឆ្នាំ២០១៤ មានជាង២៥លានដុល្លារ កើនឡើង១៩ % បើធៀបនឹងឆ្នាំ២០១៣ ដែលមានជាង២១លានដុល្លារ។ ដោយឡែកសម្រាប់ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់ប្រមាណ២៦,៩៧លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅ ហ្វីលីពីន មាន១៧,៣៥លានដុល្លារ ហ្វីលីពីន នាំចូលមកកម្ពុជាវិញ មាន៩,៦២លានដុល្លារ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន មានចំនួន១២,៨៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅហ្វីលីពីនចំនួន៦,៥៥លានដុល្លារ ខណៈហ្វីលីពីន នាំចូលកមកម្ពុជា មានចំនួន៦,៣៤លានដុល្លារ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ២០១៨ ប្រកាសថា ដើម្បីពង្រីកវិស័យពាណិជ្ជកម្ម កម្ពុជា-ហ្វីលីពីន កម្ពុជាស្វាគមន៍គម្រោងហោះហើរត្រង់ទៅត្រង់មក ជាមួយប្រទេសហ្វីលីពីន និងប្រទេសជាមិត្តលើសកលលោក ដើម្បីជំរុញការដោះដូរពាណិជ្ជ-កម្ម និងទេសចរ។ សម្តេចបញ្ជាក់ថា កម្ពុជាសន្យាធានាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសមករកស៊ី ពិសេសបង្កើតដំណើរហោះហើរត្រង់មកកាន់កម្ពុជា។ គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីន កើតមានឡើងចាប់ពីសត្សវត្សរ៍ទី១៦មកម្ល៉េះ។ ប៉ុន្ដែទំនាក់ទំនងនេះ កាត់ផ្តាច់ម្តងក្នុងសម័យ ប៉ុល ពត ឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ១៩៩១ អ្នកជំនួញហ្វីលីពីន ចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជាឡើងវិញ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រីកចម្រើនជាលំដាប់រហូតមក។ បច្ចុប្បន្ន ហ្វីលីពីន មានអាជីវកម្មជាង៥០ក្រុមហ៊ុន ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុនទាំងនេះចូលរួមនៅក្នុងវិស័យជាច្រើន រាប់ចាប់ផលិតកម្មអាហារ ដល់ក្រុមហ៊ុនអាកាសចរណ៍ និងទូរគមនាគមន៍។ លោក ប៉ាន សូស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាធុរកិច្ចលាវ-កម្ពុជា ដែលរៀបចំឡើងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ (ស.ប.ប. លាវ) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា វេទិកានេះបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីធុរកិច្ចនាពេលអនាគត។ លោកក៏បង្ហាញពីគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជា ដល់វិស័យឯកជនប្រទេសលាវ ដែរថា មានលក្ខណៈបត់បែន និងអំណោយផលខ្ពស់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ដោយអាចជួយអ្នកវិនិយោគិនបង្កើតប្រាក់ចំណេញក្នុងរយៈពេលយូរអង្វែង ក្នុងការរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ។ លោករដ្ឋមន្ត្រី បានស្នើភាគីលាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងជំរុញវិស័យឯកជនប្រទេសទាំងពីរបង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-លាវ នៅមានកម្រិតនៅឡើយ គឺកើនឡើងតិចតួចពីទឹកប្រាក់២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥លានដុល្លារ នៅឆ្នាំ២០១៧។
ឌ. ឥណ្ឌូនេស៊ី ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅមានកម្រិតតិចតួចនៅឡើយ ដែលទាមទារឱ្យមានការជំរុញបន្ថែមតាមរយៈការនាំចេញ នាំចូលរវាងប្រទេសពីរ។ ការនាំចេញរបស់កម្ពុជាទៅកាន់ឥណ្ឌូនេស៊ី មានចំនួនតិចតួចបំផុត គឺត្រឹមជាង៣៣លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញទំនិញផ្សេងៗរបស់ឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជាវិញ មានទឹកប្រាក់ជាង៥២៥ លានដុល្លារ។ របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨កន្លងមក សម្រេចបានជាង៥៥៨លានដុល្លារ តែបើគិតរយៈពេល៥ឆ្នាំចុងក្រោយ គឺមានកំណើនជាមធ្យមជាង៧% ។ ដោយឡែកបើគិតត្រឹមខែ មេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានចំនួន១៩៦លានដុល្លារ កើនឡើងជាង១០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលក្នុងនោះការនំាចេញរបស់កម្ពុជាកើនឡើង៥៤% ខណៈឥណ្ឌូនេស៊ីនាំចូលមកកម្ពុជាកើនឡើងជាង ៧%។ ៥. រោងចក្រ សហគ្រាស ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញញ ចាប់ពីចុងឆ្នាំ១៩៩៨មក ទើបធ្វើឱ្យរហូតមកដល់ពេលនេះ កម្ពុជា កើនឡើងនូវរោងចក្រសហគ្រាស គួរឱ្យកត់សម្គាល់។ តាមលោក ហេង សួរ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទូទាំងប្រទេស មានចំនួន១១៥១រោងចក្រ នេះមិនទាន់រាប់បញ្ចូលរោងចក្រសហគ្រាស ដែលមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងទេ។ តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅអំឡុងខែឧសភា ឆ្នាំ២០១៩ បង្ហាញថា ក្រៅពីភ្នំពេញ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៦ និងនៅតាមបណ្តាខេត្តចំនួនទៀតដូចជា ខេត្តព្រះសីហនុ កោះកុង ប៉ោយប៉ែត និងស្វាយរៀងជាដើម។ ក្រុមហ៊ុនដែលបោះទុនវិនិយោគទាំងនោះ ភាគច្រើនជាក្រុមហ៊ុនមកពីប្រទេស ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងថៃ។ ចំពោះតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហនុ ភាគច្រើនវិនិយោគដោយក្រុមហ៊ុនចិន ក្នុងនោះក្រុមហ៊ុនចំនួន១៣១ កំពុងប្រតិបត្តិការ និងផ្តល់ការងារដល់មនុស្សចំនួន ២២ ០០០ នាក់។ ប៉ុន្តែនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី និងរោងចក្រថ្មីរបស់ក្រុមហ៊ុន ស៊ូមីត្រូនិក មេនញូហ្វេកធើរីង (ខេមបូឌា) លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការចំនួន២៣ ក្នុងនោះមានរោងចក្រចំនួន៤៩០ និងបង្កើតការងារចំនួនប្រមាណជាង១៣ម៉ឹនកន្លែង ។ ដោយឡែក ក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣កន្លែងដែលមានរោងចក្រចំនួន១៧ និងបង្កើតការងារចំនួនប្រមាណ៧.៥០០កន្លែង ក្នុងនោះរោងចក្រដែលជាការវិនិយោគមកពីប្រទេសជប៉ុន មានចំនួន៨ និងបង្កើតការងារចំនួនប្រមាណជាង ២ពាន់កន្លែង។ ដើម្បីទាក់ទាញឱ្យមានវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាល បានអនុគ្រោះពន្ធ និងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ដល់អ្នកវិនិយោគទុនថែមទៀត។ នេះជាមូលហេតុចម្បង ដែលទាក់ទាញក្រុមហ៊ុនជាច្រើនឱ្យមកបោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន និងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងសិក្ខាសាលាមួយ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ ប្រទេសកម្ពុជា បង្កើតតំបន់សេដ្ឋកិច្ចពិសេសបានចំនួន៥៤ ដែលក្នុងនោះមានក្រុមហ៊ុនវិនិយោគចំនួន៤៦៥ក្រុមហ៊ុន និងកម្មករ ដែលកំពុងបម្រើការងារជាង១,២ សែននាក់ ហើយនៅឆ្នាំ ២០១៩ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ មានទំហំទឹកប្រាក់ជាង២,៦ ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ២៧% ធៀបនឹងឆ្នាំ២០១៨ ។ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទីតាំងក្នុងខណ្ឌកំបូល បង្កើតឡើងលើផ្ទៃដី៣៥៣ហិកតា មានក្រុមហ៊ុនវិនិយោគជាង១២០ក្រុមហ៊ុន និងប្រើប្រាស់កម្លាំងពលកម្មប្រមាណជាង២ម៉ឺននាក់ ហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេចនាំចេញប្រមាណ៥១៨លានដុល្លារ។ តាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាCDC បង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ គម្រោង វិនិយោគដែលអនុម័តមានចំនួន ២៦៨គម្រោង ដែលមានទុនវិនិយោគសរុបជាង ៦,៨ពាន់លានដុល្លារ ហើយក្នុងអំឡុងពេលនេះ ការ វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៨៨គម្រោង ដែលមានទំហំទុនវិនិយោគជាង៦៦៧លានដុល្លារ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ដែលមានការវិនិយោគ ៦៣គម្រោង ក្នុងទំហំទឹកប្រាក់ ៣៥៧លានដុល្លារ។ តាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងឱកាសបើក ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល កម្ពុជា នៅខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កម្ពុជា កំពុងរៀបចំច្បាប់ស្តីពីការវិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពវិនិយោគក្នុងន័យលើកទឹកចិត្តឱ្យមានការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព មានតម្លាភាព និងគ្មានការរើសអើង។ ជំរឿនសហគ្រាសឆ្នាំ២០១១ ដែលធ្វើឡើងជាលើកទី១ នៅកម្ពុជា ពីថ្ងៃទី១ដល់ ថ្ងៃទី៣១ ខែមីនា បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានសហគ្រាសគ្រប់ធុនប្រមាណជាង៥ សែន សហគ្រាស។ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងនៅគ្រាននោះថា ប្រទេសកម្ពុជា មានសហគ្រាសសរុបចំនួនជាង៥សែន(៥០៣.០០៨)សហគ្រាស កំពុងដំណើរការធ្វើអាជីវកម្ម ហើយតួលេខនេះ នឹងផ្តល់ព័ត៌មានអំពីសកម្មភាពសេដ្ឋកិច្ចនានា នៃស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា ។សេចក្តីថ្លែងការណ៍ស្តីពីការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃជំរឿនសហគ្រាសឆ្នាំ២០១១ បានបង្ហាញថា៖ -រាជធានីភ្នំពេញមានសហគ្រាសចំនួន ៩៥.៤៦៧ ឬ១៩% នៃចំនួនសហគ្រាសសរុប -ខេត្តកំពង់ចាម មានសហគ្រាសចំនួន ៥៥ ៩០៣ -ខេត្តកណ្តាល មានសហគ្រាស ចំនួន ៤០ ៣៥៩ -ខេត្តបាត់ដំបង មានសហគ្រាសចំនួន ៣៣ ៩៨២ -ខេត្តសៀមរាប មានសហគ្រាសចំនួន ៣២ ០៣៤។ រាជធានីភ្នំពេញ និងខេត្តទាំងប្រាំមាន៥០% នៃចំនួនសហគ្រាសសរុប។ ប្រភពដដែលនេះ បញ្ជាក់ថា ចំនួនសហគ្រាសដែលមានអ្នកធ្វើការក្រោម១០នាក់ មានសមាមាត្រ៩៨%។ បើពិនិត្យទៅលើក្រុមបួននៃសហគ្រាសសរុប សហគ្រាសដែលមានអ្នកធ្វើការពីមួយនាក់ទៅ១០នាក់ មាន៤០៣.១១៧សហគ្រាស ស្មើនឹង៩៨% នៃសហគ្រាសសរុប ហើយបើពិនិត្យលើចំនួនសហគ្រាសខ្នាតធំ ដែលមានចំនួនអ្នកធ្វើការពី១០០នាក់ឡើងទៅឃើញថា នៅរាជធានីភ្នំពេញមាន ៣៤៨សហគ្រាស។ នៅខេត្តកណ្តាលមាន៤៩សហគ្រាស នៅខេត្តសៀមរាបមាន៣៩សហគ្រាស និងខេត្តព្រះសីហនុ មាន២៩សហគ្រាស ក្នុងនោះចំនួនសហគ្រាសខ្នាតមធ្យមដែលមានអ្នកធ្វើការពី៥១ទៅ១០០នាក់ ឃើញថា នៅរាជធានីភ្នំពេញមាន២៩៧សហគ្រាស។ ក្រោយមកនៅកំលុងខែតុលា ឆ្នាំ២០១៦ ការជំរឿនឡើងវិញរកឃើញថា នៅទូទាំងប្រទេសកម្ពុជា មានសហគ្រាសជាង៥សែន៣ម៉ឺន។ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា ក្នុងចំណោមសហគ្រាសជាង៥៣ម៉ឺននេះ មានប្រមាណពី៥ ទៅ៨% ចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសខ្នាតតូច និងមធ្យមមានប្រមាណ៩៩.៨% ក្នុងចំណោម៥៣ម៉ឺនសហគ្រាស មិនទាន់ចុះបញ្ជីនៅឡើយទេ។ លោក ហេង សុខគង់ បញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ មានរោងចក្រប្រមាណជាង៨០០ និងសហគ្រាស ដែលចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មានប្រមាណជិត ៣០០០។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប២១.១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ មាន ប្រសាសន៍ថា គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាង១ម៉ឺន២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង១លាន៤សែននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង២.លាន៤សែននាក់។ លោករដ្ឋមន្ត្រីអះអាងថា ឆ្នាំ២០១៨ វិស័យការងារបន្តអភិវឌ្ឍន៍រីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប១២,២៨៧គ្រឹះស្ថាន កើនចំនួន១០.០២% និងមានកម្មករ និយោជិតសរុបចំនួន ១,.៤៣៧.៧៩៤នាក់ កើនចំនួន២១,១១% (ស្រី ៨២០.៧៨៧នាក់) ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងផ្ដល់ការងារធ្វើដោយប្រយោលដល់ប្រជាពលរដ្ឋ ។ លោករដ្ឋមន្ត្រីឱ្យដឹងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងយកចិត្តទុកដាក់ដល់ពលករកម្ពុជាចំនួន១.២លាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយពង្រឹង កិច្ចសហការជាមួយប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងឱកាសការងារជូនពលករ និងការពារសិទ្ធិ ផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេស និងបង្កលក្ខណសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រលប់មកវិញ។ ជាមួយគ្នានេះ កាលពីខែឧសភា ឆ្នាំ២០១៧ លោកអ៊ិត សំហេង ក្នុងទិវាពលកម្មអន្តរជាតិ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា កើនដល់១.១០៧គ្រឹះស្ថាន មានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ កំពុងបម្រើការងារ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ។
៦. វិស័យវប្បធម៌ សង្រ្គាមជិត៣០ឆ្នាំ ញំាញីឱ្យប្រទេសកម្ពុជា ជួបតែទុក្ខលំបាកគ្មានស្រាកស្រាន្ត បណ្តាលឱ្យ វិស័យវប្បធម៌ធ្លាក់ចុះជាបន្តបន្ទាប់ស្ទើរដល់កម្រិតសូន្យ ប៉ុន្តែក្រោយពីកម្ពុជា ទទួលសុខសន្តិភាពពេញលេញ ពីឆ្នាំ១៩៩៨មក ធ្វើឱ្យកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍវិស័យសិល្បៈ និងវប្បធម៌ឱ្យរីកចម្រើនឡើង ក្នុងនោះមានការរៀបចំជួសជុល ការស្វែងរកវត្ថុវប្បធម៌បុរាណ ដែលជាកេរ ដំណែលតាំងពីដូនតាយកមកវិញ និងការចុះបញ្ជីសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ។ ក្នុងនោះគេអាចមើលឃើញពីសកម្មភាព ដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌ ជាលក្ខណៈពិភពលោកទាំង៨ដូចជា ៖ ១. តំបន់អង្គរវត្ត ជាសម្បត្តិវប្បធម៌បេតិកភណ្ឌរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ២. របាំព្រះរាជទ្រព្យ ជាសម្បត្តិបេតិកភណ្ឌអរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ៣. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ជាសម្បត្តិបេតិភណ្ឌអរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ៤. ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០០៨។ ៥. ល្បែងទាញព្រ័ត្រ សម្បត្តិបេតិកភណ្ឌអរូបី ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ៦. ចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌអរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ៧. ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌរូបី ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នៅក្រុង Krakow ប្រទេសប៉ូឡូញ។ ៨. ល្ខោនខោលវត្តស្វាយអណ្ដែត សម្បត្តិបេតិកភណ្ឌអរូបី ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។ ល្ខោនខោលនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ ។ សម្រាប់កិច្ចការជួសជុលវិញ ចាប់ពីឆ្នាំ២០០០មក ដោយសារប្រទេសគ្មានសង្រ្គាមធ្វើឱ្យដំណើរការនៃការងារជួសជុលប្រាសាទក្នុងតំបន់រលួសប្រព្រឹត្តទៅយ៉ាងល្អ ក្នុងនោះនៅចុងខែមិថុនា ឆ្នាំ២០១៨ ក្រុមអ្នកជំនាញបានជួសជុលឡើងវិញនូវប្រាសាទក្នុងតំបន់រលួសចំនួន៤។ លោក តាន់ សុផល អនុប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ អាយស៊ីស៊ី-អង្គរ កាលពីដើមខែមិថុនា ឆ្នាំ២០១៨ ថា ប្រាសាទក្នុងតំបន់រលួសដែលទទួលជួសជុលមានដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទបាគង។ លោកបន្ថែមថា ការជួសជុលទាំងនោះ ភាគច្រើនជាការ ជួសជុលប្រាសាទឥដ្ឋ ដោយមានទាំងការទល់ទ្រ និងការជួសជុលផ្នែករចនាសម្ពន្ធ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការខូចខាតតទៅមុខទៀត ។ ជាមួយគ្នានេះដែរ កំពែងក្រុងអង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារ ដីឆ្នាំង ប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណា នាឆ្នាំ២០០៩ កន្លងមក ជួសជុលរួចជាស្ថាពរ ហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។ ក្រៅពីការងារជួសជុលលើប្រាសាទជាច្រើនផ្សេងទៀតដូចជាប្រាសាទបាយន្ត ប្រាសាទអង្គរវត្ត និងកោះកែ ។ល។ ក្រុមការងារអភិរក្ស បានរុករកឃើញរាជធានីដ៏ល្បីល្បាញមួយទៀតនៅលើភ្នំគូលែនកាលពីអំឡុងឆ្នាំ២០១២។ ក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ លើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងអំណរគុណចំពោះ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សកម្ពុជា និងអនុវត្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទចាប់តាំងពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទ ភ្នំបាខែង។ លោកស្រីភឿង សកុណា ក៏លើកឡើងផងដែរថា សមិទ្ធផលទាំងនេះ ជាសមិទ្ធផលនៃកត្តាសន្តិភាព ព្រោះកត្តាសន្តិភាព ចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ន និងអនាគត រួមទាំងកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ។ ក្រៅពីនេះ នៅមានកិច្ចការដ៏សំខាន់មួយទៀតដែលរាជរដ្ឋាភិបាលកំពុងធ្វើ និងបន្តធ្វើ គឺស្វែងរក និងទាមទារយកមកវិញនូវរូបចម្លាក់ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ នៅដើមខែធ្នូ ឆ្នាំ២០១៣ កម្ពុជាទទួលរូបចម្លាក់ដែលបាត់ទៅជាង៤០ឆ្នាំ ពីសហរដ្ឋអាម៉េរិក មកវិញ។ រូបចម្លាក់បុរាណនោះ ដាក់ដេញថ្លៃនៅសារមន្ទីរ Sotheby កាលពីឆ្នាំ២០១១ ហើយដកចេញយ៉ាងតក់ក្រហល់ មុននឹងប្រគល់មកប្រទេសកម្ពុជាវិញ ដោយផ្អែកលើកិច្ចព្រមព្រៀង ។ ស្រ្តីជនជាតិបែលហ្ស៊ិក ដែលយករូបចម្លាក់នោះទៅដាក់លក់ដេញថ្លៃកាលពីឆ្នាំ២០១១ មិនទទួលសំណងអ្វីទេពីរដ្ឋាភិបាលកម្ពុជា ហើយសារមន្ទីរ Sotheby សម្តែងចេតនាថា ខ្លួននឹងចេញសោហ៊ុយសម្រាប់ដឹកជញ្ជូនរូបចម្លាក់អ្នកចម្បាំង មកឱ្យប្រទេសកម្ពុជាវិញ ហើយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ សហរដ្ឋអាម៉េរិក ប្រគល់វត្ថុបុរាណខ្មែរដែលបាត់បង់យូរមកហើយនេះមកឱ្យកម្ពុជាវិញ។ រូបចម្លាក់អ្នកចម្បាំងធ្វើពីថ្មភក់ ដែលមានកម្ពស់ជាង១ម៉ែត្រទាំងបីនេះ គឺមានបដិមាទុរយោធន៍ ភីម និង ពលរាម ដែលលួចចេញពីកម្ពុជាកាលពីអំឡុងសម័យសង្គ្រាមក្នុងទសវត្សរ៍១៩៧០ ពីប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ និងដែលត្រូវឆ្លាក់ឡើងនៅក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៤ នៅសតវត្សរ៍ទី១០។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធីប្រគល់នោះថា បន្ទាប់ពីដំណើរដ៏វែងឆ្ងាយជាង៤០ឆ្នាំ ឆ្លងកាត់សង្គ្រាមស៊ីវិល ការលួច ការជួញដូរខុសច្បាប់ និងការធ្វើដំណើរទូទាំង ពិភពលោកនៅពេលនោះ បដិមាទាំងបីទទួលនូវសេរីភាព និងត្រឡប់មកកាន់ទីឋានកំណើតរបស់ខ្លួនវិញហើយ។ ចំណែកឯបដិមាភីម ដែលនដាក់តាំងនៅឯសារមន្ទីរ Norton Simon តាំងពីចុងទសវត្សរ៍១៩៧០ បានប្រគល់ឱ្យកម្ពុជាវិញ បន្ទាប់ពីមានការសហការរវាងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការចរចាជាមួយសារមន្ទីរនេះ។ ដោយឡែកបដិមាពលរាម ត្រូវក្រុមហ៊ុនដេញថ្លៃChristie’s ប្រគល់មកឱ្យកម្ពុជាវិញដោយស្ម័គ្រចិត្ត។ លោក ចេហ្វ ដេហ្គល (Jeff Daigle) អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា អះអាងថា ការតាំងចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជានឹងបន្តជាយូរអង្វែងទៀត។ បន្ទាប់មកនៅខែឧសភា ឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកយល់ព្រមប្រគល់វត្ថុបុរាណ ចម្លាក់ហនុមាន មកឱ្យកម្ពុជាវិញដែរ បន្ទាប់ពីរូបចម្លាក់ដ៏មានតម្លៃនេះ ត្រូវគេដាក់តាំងអស់រយៈពេល៣៣ឆ្នាំ នៅសារមន្ទីរប្រទេសអាម៉េរិក។ រូបចម្លាក់ហនុមាន នៃប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ នៅសតវត្សរ៍ទី១០ ត្រូវគេបញ្ជូនពីសារមន្ទីរអាម៉េរិក មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ។ រូបចម្លាក់ជាវត្ថុបុរាណនេះ បានលួចចេញពីក្នុងតំបន់ប្រាសាទកោះកេរ ឬកោះកេរ ក្នុងសម័យសង្គ្រាមអំឡុងឆ្នាំ១៩៧០។ សូមរម្លឹកដែរថា គិតមកដល់ឆ្នាំ២០១៥ យ៉ាងហោចណាស់ វត្ថុបុរាណចំនួន៨ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមកវិញពីសារមន្ទីរចំនួន៤ នៅអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ រួមមានសារមន្ទីរ The Metropolitan ,សារមន្ទីរ Christie’s, សារមន្ទីរ Norton Simon និង សារមន្ទីរ Sotheby ។ នៅខែធ្នូ ឆ្នាំ២០១៧ គ្រឿងអលង្ការមាសសម្រាប់លម្អលើរូបចម្លាក់នាសម័យអង្គរ សរុបរួមមាន១០មុខ ទាមទារដោយជោគជ័យយកមកវិញ ហើយត្រូវក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និង អន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន ហើយយាងត្រឡប់មកកាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើងមានសុខសន្តិភាពពេញបរិបូណ៌។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ដែលចេញទៅទទួលគ្រឿងអលង្ការមាស សម័យអង្គរ នៅក្រុងឡុងដ៍ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា ប្រតិភូក្រសួងវប្បធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដង្ហែគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ មកដល់កម្ពុជាវិញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ។ នៅខែកក្កដា ឆ្នាំ២០១៧ ក៏មានស្រ្តីជនជាតិជប៉ុន១រូប ស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរ៨៥មុខ ឱ្យកម្ពុជាវិញដែរ ក្រោយពីកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ក្រោយមកទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងនឹងរៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ (និងបំណែក) ពីលោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា Fumiko Takakuwa ជនជាតិជប៉ុន ដែលស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ។ វត្ថុបុរាណទាំងនេះ ជាបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលម្អ ត្រាមានលម្អរូបសត្វធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ អំណោយវត្ថុបុរាណទាំង៨៥មុខនេះ នាំយកមកតាមរយៈលោក ម៉ាសាម៉ូតូ ហូស៊ីណូ និងភរិយារបស់លោក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។ នៅខែមេសា ឆ្នាំ២០១៩ ព្រះបដិមា ព្រះភៃសជ្យគុរុ “ព្រះពុទ្ធគ្រូសម្តេចថ្នាំ” សាងឡើងនៅដើមសតវត្សទី១៣ មានរចនាបទបាយ័ន ដែលឃ្លាតឆ្ងាយពីប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៨៩ឆ្នាំ ត្រូវអនិជនខ្មែរជាវពីអ្នកថែរក្សានាំយកមកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីប្រទះឃើញដាក់លក់នៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក។ ការប្រគល់បដិមា ព្រះភៃសជ្យគុរុ“ព្រះពុទ្ធគ្រូស្ដេចថ្នាំ” ធ្វើឡើងនៅចំពោះមុខលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ។ ព្រះដបិមានេះ នាំចេញពីប្រាសាទអង្គរវត្តនៅឆ្នាំ១៩៣០។ លោកជំទាវ ភឿង សកុណា ស្នើប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស ឬក្រៅប្រទេសក្តី ប្រសិនបើប្រទះឃើញមានការជួញដូរវត្ថុបុរាណរបស់ជាតិ សូមជូនដំណឹងរបស់ក្រសួងពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់តាមផ្លូវច្បាប់ ដើម្បីនាំយកវត្ថុបុរាណទាំងអស់ដែលនៅរាយប៉ាយ ទូទាំងពិភពលោកត្រឡប់មកកម្ពុជាវិញ។ លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រោមម្លប់សន្ដិភាពរបស់ សម្តេចតេជោហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលមកវិញនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន៖ បដិមាថ្ម, គ្រឿងអលង្ការសំរឹទ្ធ, ឆ្អឹងសពបុរាណ, ព្រះពុទ្ធបដិមា, សិលាចារឹក ស្លឹករឹត និងវត្ថុតូចធំមួយចំនួនទៀត ដែលប្រគល់ដោយស្ម័គ្រចិត្តពីសំណាក់ប្រទេសផ្សេងៗ រួមមាន៖ បារាំង, អាម៉េរិក, អូស្ដ្រាលី, ថៃ, ស្វីស, ហូឡង់ដ៍ និងជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ព្រះបដិមា និងវត្ថុបុរាណ ដែលជនខិលខូចលួចជួញដូរក្នុងសម័យសង្រ្គាមជិត៧០០ហើយត្រូវរកឃើញ និងទទួលយកមកពីបណ្តាប្រទេសនានា ភាគច្រើនមកពីប្រទេសថៃ។ ក្រៅពីនោះ ក៏មានការប្រគល់ដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ដែលនេះបង្ហាញឱ្យឃើញពីការវិវឌ្ឍ ដោយវិជ្ជមាននៃសិល្បៈ និងវប្បធម៌កម្ពុជា។ ជាក់ស្ដែងនៅខែតុលា ឆ្នាំ២០១៩ រូបចម្លាក់បដិមាព្រះសិវៈ និងព្រះនាងឧមា ដែលមានអាយុកាលជាង១១០០ឆ្នាំ ត្រូវអាជ្ញាធរអាម៉េរិករឹបអូសពីការលក់ដេញថ្លៃ និងត្រៀមប្រគល់ជូនមកប្រទេសកម្ពុជាវិញផងដែរ។ តាមសមត្ថកិច្ចអន្តោប្រវេសន៍ និងគយសហរដ្ឋអាម៉េរិក ( ICE Newsroo.com ) ផ្សព្វផ្សាយឱ្យដឹងថា រូបចម្លាក់បដិមាបុរាណរបស់ខ្មែរចំនួនពីរ បានរឹបអូសនៅក្រុងសាន់ហ្រ្វាន់ស៊ីសស្កូ រដ្ឋកាលីហ្វ័រញ៉ា ក្រោមកិច្ចសហការរវាងក្រុមសមត្ថកិច្ចអាម៉េរិកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហការជាមួយប៉ូលិសក្រុងញូយ៉ក អំឡុងពេលក្រុមឈ្មួញកំពុងរៀបចំដាក់លក់ដេញថ្លៃនៅក្នុងសង្កាត់ Southern District។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរអាម៉េរិកខាងលើនេះ រូបបដិមាបុរាណខ្មែរទាំង២ ត្រូវក្រុមឈ្មួញទិញបន្តពីរដ្ឋកាលីហ្វ័រនីញ៉ា កាលពីឆ្នាំ២០១៥ និងត្រៀមដាក់លក់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងសង្កាត់ Southern District នៃក្រុងញូយ៉ក ក្នុងតម្លៃ៣៥ម៉ឺនដុល្លារ។
៧. វិស័យសាសនា ក្រោយពីបំផ្លិចបំផ្លាញគ្មានសល់ ស្ទើរជាធូលីផេះផង់របស់របបកម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក ត្រូវកសាងប្រទេសពីបាតដៃទទេ ដែលប្រៀបបាននឹងមនុស្សក្រីក្រទុរគតម្នាក់ ត្រូវទទួលបន្ទុកចិញ្ចឹមមនុស្សមួយគ្រួសារ ពោរពេញទៅដោយជំងឺរុំារៃ។ ការខិតខំប្រឹងប្រែងទាំងត្រដាបត្រដួស ធ្វើឱ្យវត្តអារ៉ាមដែលជាឃ្លាំងផ្ទុកជីលាមក និងកន្លែងឃុំឃាំងមនុស្សសួរយកចម្លើយ ក្លាយជាវត្តអារ៉ាមមានលក្ខណៈពេញលេញវិញ។ តាមការសិក្សាស្រាវជ្រាវ ប្រជាជនកម្ពុជាចំនួន៩៣% កាន់ពុទ្ធសាសនាហិនយាន ដែលមានកាន់ជាទូទៅ និងយ៉ាងរឹងមាំ ក្នុងខេត្ត ក្រុងទាំងអស់ ដោយមានវត្តចំនួនប្រហែល៤៣៣០ នៅទូទាំងប្រទេស។ ជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិក។ សាសនានេះ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនា ប្រពៃណី វប្បធម៌ខ្មែរ និងជីវិតរស់នៅប្រចាំថ្ងៃ។ ការប្រតិបត្តិតាមព្រះពុទ្ធសាសនាចាត់ទុកជាទូទៅថា ចាំបាច់នៅក្នុងអត្តសញ្ញាណវប្បធម៌ និងជាតិសាសន៍នៅប្រទេសកម្ពុជា។ សាលាពុទ្ធិកមហាយាន មានអ្នកប្រតិបត្តិតាមចំនួន៣១៦៣៩នាក់ ហើយមានវត្តចំនួន៨៨ នៅទូទាំងប្រទេស ។ ដោយឡែកសម្រាប់សាសនាឥស្លាមនៅកម្ពុជា មានអ្នកប្រតិបត្តិប្រមាណពី៥០០ ០០០ ទៅ៧០០ ០០០នាក់ គឺចន្លោះពី៣,៥% ទៅ៥% នៃប្រជាជនសរុប ដែលភាគច្រើនលើសលុបគឺចាម ឬហៅថាខ្មែរឥស្លាម ដែលភាគច្រើនរស់នៅតាមទីក្រុង និងភូមិនេសាទតាមជនបទ តាមមាត់ទន្លេសាបនិងទន្លេមេគង្គ និងនៅក្នុងខេត្ដកំពត ។ អង្គការខ្លះធ្វើការប៉ាន់ប្រមាណថា ប្រទេសកម្ពុជា មានប្រជាជនចាមតិចជាងនេះ។ នៅកម្ពុជា សាសនាឥស្លាមមានបួននិកាយ គឺនិកាយស៊ីអា ទទួលឥទ្ធិពលពីម៉ាឡេស៊ី និងដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមចំនួន៨៨%។ និកាយ Salafi ទទួលឥទ្ធិពលពីប្រទេសគុយវេត និងអារ៉ាប៊ីសាអ៊ូឌីត (ពេលខ្លះគេហៅថា “Wahhabi”) ដែលមានអ្នកជឿប្រមាណ៦% នៃអ្នកកាន់សាសនាឥស្លាម តែចំនួននេះនៅមានការកើនឡើង។ និកាយដើមដែលមានឈ្មោះថា Iman-San ដែលប្រតិបត្ដិដោយអ្នកជឿចំនួន៣% និងនិកាយ Kadiani ដែលមានអ្នកជឿ៣%ដែរ។ នៅទូទាំងប្រទេសកម្ពុជា មានវិហារឥស្លាមចំនួនពី២៤៤ និងមានវិហារឥស្លាម Surav តូចៗ៣៣៣ ដែលជាកន្លែងប្រជុំ មានអ្នកចូលរួមរហូតដល់៤០នាក់ តែមិនមានកន្លែងសម្រាប់គ្រូប្រដៅសាសនាឈរ ធ្វើធម្មទេសនានៅថ្ងៃសុក្រឡើយ។ និកាយទាំង៤ មានSurav ខុសពីវិហារឥស្លាមធំ តែលើសំណង់ស្ថាបត្យកម្មប៉ុណ្ណោះ ដោយភាគច្រើនជាសំណង់តូច ហើយសង់នៅតាមតំបន់ជនបទ។ ក្នុងរបបខ្មែរក្រហម ខ្មែរក្រហមធ្វើបាប និងកាប់សម្លាប់ចាមជាច្រើន ហើយចាមទទួលរងការឈឺចាប់ជាខ្លាំងក្នុងសម័យនោះ។ តុលាការកាត់ក្តីមេខ្មែរក្រហមបើកសវនាការ ទាក់ទងនឹងការចោទពីបទប្រល័យពូជសាសន៍ទាក់ទងនឹងសាសនា និងក្រុមជនជាតិ ដែលប្រព្រឹត្តទៅលើចាម នៅក្នុងសម័យខ្មែរក្រហម។ ចំពោះ គ្រិស្តសាសនា មានអ្នកប្រតិបត្តិចំនួនតិចតួច តែកំពុងតែមានកំណើនឡើង ត្រូវជាប្រមាណ២% នៃប្រជាជនទាំងមូល។ មាននិកាយ ឬអង្គការសាសនាគ្រិស្ដប្រមាណ១០០ ដែលធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេស ហើយមានវិហារគ្រិស្ដសាសនាចំនួន១៦០៩ (១៥៤៤ ជាវិហារប្រូតេស្តង់ និង៦៥ជាវិហាររ៉ូម៉ាំង់កាតូលិក) នៅកម្ពុជា។ ក្នុងចំណោមនេះ មានតែវិហារចំនួនប្រហែល៩០០ ប៉ុណ្ណោះដែលបានចុះបញ្ជិកាជាផ្លូវការ។ អង្គការសាសនាដទៃទៀតដែលមានអ្នកជឿមិនច្រើន មា នសាសនា Baha’i Faith និងCao Dai របស់ វៀតណាម ដោយនិកាយនីមួយៗមានអ្នកប្រតិបត្ដិប្រហែល២០០០នាក់។ ក្រៅពីសាសនាធំៗទាំងបីនៅកម្ពុជា ប្រជាពលរដ្ឋមានសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិនិកាយ ឬជំនឿ អរូបិយផ្សេងៗទៀត ដែលមិនបង្កមហន្តរាយដល់វិស័យសាសនាដទៃ ឬសង្គមកិច្ច ឬប៉ះពាល់ដល់សិទ្ធិមនុស្ស ។ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស៣ព្រះអង្គ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម បានឱ្យដឹងថា នៅទូទាំងប្រទេសមានវត្តសរុប៤៩២៥វត្ត និងមានព្រះសង្ឃសរុប៦៦០៥៦ព្រះអង្គ ដែលក្នុងនោះខាងគណៈមហានិកាយ មានវត្តចំនួន ៤៧០០វត្ត មានព្រះសង្ឃ៦២១៥៦ព្រះអង្គ ក្នុងនោះខាងគណៈធម្មយុត្តិកនិកាយមានវត្តចំនួន២២៥វត្ត មានព្រះសង្ឃ៣៩០០ព្រះអង្គ ។ លោករដ្ឋមន្ត្រី រៀបរាប់ថា ក្រោយពីរស់រានមានជីវិតឡើងវិញនៅក្នុងពេលដំណាលគ្នាតែមួយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា បោះជំហានទៅមុខជាលំដាប់ក្នុងនោះ មានការវិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ដែរ។ វិស័យពុទ្ធិកសិក្សា បានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ពុទ្ធិកមធ្យមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ មកទល់ពេលនេះ មានពុទ្ធិកសាកលវិទ្យាល័យចំនួន៣ រួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធកសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ចាម។ ក្រៅពីនេះ ក្រសួងនៅមានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន២ គឺពុទ្ធិការមហាវិទ្យាល័យខេត្តកំពង់ឆ្នាំងនិងពុទ្ធិកមហា-វិទ្យាល័យខេត្តបាត់ដំបង។ ក្រៅពីរីកចម្រើនផ្នែកព្រះពុទ្ធសាសនា សាសនាដទៃទៀត ដូចជាឥស្លាមសាសនា គ្រិស្ដសាសនា ក៏រីកចម្រើនដែរ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យរហស្សនាមថា កម្ពុជា ជាឋានសួគ៌នៃសាសនា ឬកម្ពុជា ជាប្រទេសដែលមានសុខដុមរមនា ផ្នែកសាសនាទៀតផង ព្រោះតាំងពីក្រោយឆ្នាំ១៩៧៩មក កម្ពុជា ពុំដែលមានហេតុការណ៍នៃជម្លោះសាសនាឡើយ។ ជាទូទៅរាជរដ្ឋាភិបាលគោរពសេរីភាពសាសនា។ មិនមានផ្លាស់ប្តូរក្នុងស្ថានភាពនៃការគោរពសេរីភាពសាសនាដោយរដ្ឋាភិបាលទេ នៅក្នុងអំឡុងពេល នៃការធ្វើរបាយការណ៍នេះ។ ពុំមានសេចក្ដីរាយការណ៍ពីការរំលោភ ឬការរើសអើងពីសង្គមច្រើនទេ ទាក់ទងនឹងការចូល ការប្រតិបត្ដិ ឬជំនឿសាសនា។ ក្រុមសាសនាភាគតិច ជួបប្រទះតិចតួច ឬគ្មានតែម្ដងនូវការរើសអើងពីសង្គមក្នុងអំឡុងពេលនៃរបាយការណ៍នេះ តែអ្នកកាន់សាសនាគ្រិស្ដ និងអ្នកកាន់សាសនាឥស្លាម មានការប៉ះទង្គិចគ្នាតិចតួចជាលក្ខណៈបុគ្គល ។
៨. វិស័យកសិកម្ម ទោះបីប្រព័ន្ធធារាសាស្រ្ត មានប្រឡាយទំនប់ និងអាងស្តុកទឹកជាច្រើនត្រូវបំផ្លាញដោយសារ សង្រ្គាមជាង២ទសវត្សរ៍ ក្រោយថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ និងក្រោយពីកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញកាលពីចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានជួសជុល ស្តារ និងស្ថាបនាថ្មីឡើងវិញជាច្រើនកន្លែងដើម្បីបម្រើឱ្យផលប្រយោជន៍វិស័យកសិកម្ម។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារឆ្នាំ២០១៩-២០២០ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង កសិកម្ម សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកសិកម្មគឺជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាលដើម្បីពង្រឹងតួនាទី វិស័យកសិកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើទោះបីជា វិស័យកសិកម្មផ្តល់ឱកាសការងាររហូតដល់៤១,៥% ប៉ុន្តែ កម្ពុជាក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ដូច្នេះសម្ដេចសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តន៍បន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋានមួយចំនួន រួមមាន៖ ទី១៖ ត្រូវធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានិងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភជំរុញការប្រើប្រាស់បច្ចេកវិជ្ជាកសិកម្មថ្មីៗ លក្ខណៈឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្មឱ្យបានល្អប្រសើរ។ ទី២៖ ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាង រដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយដោះស្រាយញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្ម តាមកិច្ចសន្យា” ឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំ កសិផល និងផ្សព្វផ្សាយទីផ្សារកសិផលជូនដល់ប្រជាកសិករ។ ទី៣៖ ត្រូវបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិ-ភាពផលិតផលកសិកម្ម។ ត្រូវប្រើប្រាស់យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណីឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរ។ ទី៤៖ ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករដាំកៅស៊ូឱ្យបានច្រើនថែមទៀត។ ត្រូវបន្តពង្រីកសហគមន៍កៅស៊ូគ្រួសារ ដើម្បីការពារផលប្រយោជន៍កសិករនៅពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។ ទី៥៖ ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូល, ស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមានទិន្នផលខ្ពស់ គ្រប់គ្រងឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណីសត្វ បសុឱសថ ហាមមិនឱ្យធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះពាល់ដល់ថ្លៃទីផ្សារ។ ទី៦៖ ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក។ ទី៧៖ ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រីតាមស្រែ ត្រូវធ្វើឱ្យកើនយ៉ាងតិច២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិអភិវឌ្ឍន៍វារីវប្បកម្ម ឆ្នាំ២០១៦-២០៣០។ ទី៨៖ ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល តាមបរិការណ៍កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ព្រៃឈើតាមរយៈប្រព័ន្ធកសិរុក្ខកម្ម និងការចិញ្ចឹមសត្វ។ ទី៩៖ ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើទំនើបភាវូបនីយកម្មកសិកម្ម កម្ពុជាឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ ។ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា វិស័យកសិកម្ម ឆ្នាំ២០១៨-២០១៩ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលផលិតផលស្រូវសរុបសម្រេចបានក្នុងបរិមាណ១០,៨៧លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ៣,៣៧% និងអតិរេកស្រូវមានចំនួនជាង ៥,៨លានតោន ឬគិតជាអង្ករស្មើនឹងជាង៣,៧លានតោន។ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ ទៀតសម្រចបាន១៦,៧លានតោន កើនលើសឆ្នាំ២០១៧ ប្រមាណ២% ជាពិសេសផលិតកម្មកៅស៊ូមានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមនេះ ការប្រើប្រាស់គ្រឿងយន្តកសិកម្មក្នុងការភ្ជួររាស់សម្រាប់ស្រូវវស្សាកើនឡើងប្រមាណជាង៩៦% ដែលនេះជាជោគជ័យចំពោះវិស័យកសិកម្មកម្ពុជា។ របាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា តាមការពិនិត្យទៅលើផលិតផលក្នុងស្រុកសរុបសម្រាប់កសិករម្នាក់របស់កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយ មានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ គឺមានចំនួន៨០៥ដុល្លារ ខណៈវៀតណាមមានត្រឹមតែ៨០០ដុល្លារ និងប្រទេសថៃមានដល់ចំនួន២១០០ដុល្លារ។ នៅឆ្នាំ២០១៧ វិស័យកសិកម្មត្រូវប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់១,៦% នៅឆ្នាំ២០១៨ និង២០១៩ វិស័យនេះត្រូវព្យាករណ៍ថា នឹងនៅតែបន្តសម្រេចបានកំណើនដដែល ប៉ុន្ដែមានការការលូតលាស់យឺតក្នុងរង្វង់ប្រមាណ១,៨% ដែលគាំទ្រដោយអនុវិស័យមួយចំនួនដូចជា ដំណាំ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម ។ ក្នុងវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ព្រោះវិស័យនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ពិសេសផ្ដល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម និងជាប្រភពចំណូលជាតិដ៏សំខាន់ ដែលទទួលបានពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ចូលទៅក្នុង ទីផ្សារជាតិ និងអន្ដរជាតិ ។ ក្នុងនោះមានអនុវិស័យសំខាន់ៗមួយចំនួន ដែលលោករដ្ឋមន្រ្តីរំលេចឱ្យអង្គវេទិកាចាប់អារម្មណ៍គឺ៖ ទី១. អនុវិស័យផលិតកម្មកសិកម្ម (ដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម បន្លែ និងឈើហូបផ្លែ។ល។) ទី២. អនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ទី៣. អនុវិស័យជលផល ទី៤. អនុវិស័យព្រៃឈើ និង ទី៥. អនុវិស័យកៅស៊ូ អនុវិស័យទាំងអស់នេះ កំពុងវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ពីប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឱ្យសេចក្តីត្រូវការក្នុងស្រុក ទៅជាប្រទេសផលិតស្បៀងសម្រាប់នាំចេញ ជាក់ស្តែងក្នុង ឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបាន ១០,៨លានតោន ហើយបាននាំចេញអង្ករ ៦២៦ពាន់តោន ចេកអំបូងលឿងជាង១ម៉ឺនតោន ស្វាយកែវរមៀតប្រមាណជាង១ម៉ឺនតោន ហើយកម្ពុជាក៏នាំចេញបន្លែស្រស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានជាង៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងការជំរុញកំណើនផលិត-កម្ម កសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែង ទីផ្សារ ទាំងក្នុង និងក្រៅប្រទេស។ ដោយឡែកការអនុវត្តផលិតកម្មកសិកម្ម ផ្លាស់ប្តូរពីប្រើសត្វពាហនៈ មកការប្រើគ្រឿងយន្តកសិកម្មវិញ ការប្រើប្រព័ន្ធដំណក់ទឹក និងផ្ទះសំណាញ់ក្នុងផលិតកម្មបន្លែ ហើយប្រជាកសិករបានក្លាយជាកសិពាណិជ្ជករ សហគមន៍កសិកម្ម និងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជា។ មានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បាននិងកំពុងផ្ដល់សេវាកម្មបច្ចេកទេសថ្មីៗ និងជំនាញទីផ្សារ ដល់អ្នកផលិតយ៉ាងសកម្ម។ រីឯវិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមក៏បានលើកកម្ពស់ ហើយក្រុមហ៊ុនឯកជន ក៏បានខិតខំកែច្នៃកសិផលដែរ។ របាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយឱ្យដឹងថា រយៈពេល១១ខែ ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករចំនួនជាង៥១ម៉ឺនតោន កើនឡើង៣,៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះប្រទេសចិន នៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង គឺ២០ម៉ឺនតោនក្នុងមួយឆ្នាំ លេខ២ គឺប្រទេសបារាំង ជាង៧ម៉ឺនតោន និងលេខ៣ ប្រទេសម៉ាឡេស៊ី ជិត ៣ម៉ឺនតោនក្នុងមួយឆ្នាំ។ នៅដើមខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបញ្ចេញថវិកា ចំនួន៥០ លានដុល្លារអាម៉េរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់ជាទុនកម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីទទួលទិញស្រូវពីប្រជាកសិករ។ ការផ្ដល់កម្ចីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក៏ព្រមានខ្លាំងៗដល់ឈ្មួញទិញស្រូវ ក៏ដូចជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលទុនពីរដ្ឋហើយនោះ មិនត្រូវយកទុននោះទៅច្របាច់ករកសិករដោយការទិញស្រូវទម្លាក់ថ្លៃឡើយ។សម្ដេច ហ៊ុន សែន បង្ហើបដែរថា កាលពីចុងឆ្នាំ២០១៩ សម្ដេចក៏បានចុះហត្ថលេខាលើការបញ្ចេញទុន១០០ លានដុល្លារអាម៉េរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីជួយជំរុញដល់វិស័យឯកជន ខណៈវិស័យស្រូវអង្ករ ក៏ជាផ្នែកមួយនៃវិស័យសហគ្រាសធុនតូច និងមធ្យមនេះដែរ។ ដើម្បីលើកស្ទួយវិស័យនេះ ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានបង្កើតយុទ្ធសាស្រ្តមាសសសម្រាប់នាំចេញអង្ករកម្ពុជា ទៅកាន់សហគមន៍អឺរ៉ុប ឱ្យបាន១លានតោន នៅឆ្នាំ២០១៥។ ទោះបីការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំបួនខែ នៃឆ្នាំ២០១៥ មានត្រឹមតែ ៥៣៨ ៣៩៦តោន តែការនាំចេញនេះកើនឡើងជាងកាលពីឆ្នាំ២០១៤ ដែលបរិមាណនាំចេញអង្ករប្រមាណ៣៧៨,០៦១ ។ ទិន្នផលស្រូវជាមធ្យមកើនឡើងពី២,៨៣ តោនក្នុងមួយហិកតានៅឆ្នាំ២០០៩ ដល់៣,១១ តោន ក្នុងមួយហិកតាក្នុងឆ្នាំ២០១២។ ទន្ទឹមនឹងនេះ ក៏បង្កើតឱ្យមានផលិតផលថ្មីផ្សេងពីគ្នាគួរឱ្យកត់សម្គាល់ដែរ ទៅលើដំណាំមួយចំនួន មានដូចជា ពោត គ្រាប់ស្វាយចន្ទី និងដំឡូងមី ដែលជាតំបន់ដីដាំដំណាំ(មិនមែនស្រូវ) កើនឡើងពី ២១០ ០០០ហិកតា ក្នុងឆ្នាំ២០០៨ រហូតដល់ ៧៧០ ០០០ ហិកតា ក្នុងឆ្នាំ២០១២។ តំបន់ដាំដើមកៅស៊ូ កើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ គឺឈានដល់ ៣០៧ ៨៥៤ ហិកតា។ ដើម្បីទ្រទ្រង់វិស័យកសិកម្មឱ្យមាននិរន្តរភាព រាជរដ្ឋាភិបាលតាមរយៈ ក្រសួងធនធានទឹក និងឧតុនិយម បានប្រឹងប្រែងកសាង ស្ថាបនា នូវទំនប់បង្ហៀរតូចធំ តាមបណ្តាខេត្តនានាទូទាំងប្រទេស ដែលមានតម្រូវការទឹកជាចាំបាច់ក្នុងការបង្កបង្កើនផល ។ តាមរបាយការណ៍ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំនៅកម្ពុជា មានចំនួន ២.៤៨៣ប្រព័ន្ធ ដែលអាចផ្តល់ សក្តានុពលទឹកសម្រាប់ការស្រោចស្រព លើផ្ទៃដីបង្កបង្កើនផលចំនួន១ ៧១៦ ៧២០ហិកតា ឬស្មើនឹង៩៣% នៃផ្ទៃដីបង្កបង្កើនផល។ ប្រភពដដែលឱ្យដឹងទៀតថា ផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ៤០៧ ០០០ហិកតា ឬស្មើនឹងប្រមាណ១៨,០៦% នៃផ្ទៃដីបង្កបង្កើនផលនាឆ្នាំ១៩៩៨ ក្រសួងបានជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីបន្ថែមទៀតជាបន្តបន្ទាប់នូវប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ ប្រព័ន្ធការពារទឹកជំនន់ និងប្រព័ន្ធការពារទឹកប្រៃ ដែលតែងតែគំរាមកំហែងដល់រាជធានីភ្នំពេញ ខេត្តមួយចំនួន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។ ចំពោះការនេសាទ នៅក្នុងឆ្នាំ២០១៥ បរិមាណផលត្រីសរុបដែលនេសាទបានមានចំនួន ៧៥១ ៥៤៦តោន កើនបាន៦ ២៣៦ តោនធៀបទៅឆ្នាំ២០១៤។ ផលនេសាទ ដែលបានមកពីទឹកសាបមានចំនួន៤៨៧ ៩០៥តោន ត្រូវនឹង៦៥% នៃផលចាប់សរុប ហើយ១៦%ទៀត ប្រមាណ១២០ ៥០០តោន បានមកពីសមុទ្រ និង១៩% បានមកពីផលវារីវប្បកម្ម ។ ឆ្នាំ២០១៨ គម្រោងស្រាវជ្រាវសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលរំពឹងថា ផលនេសាទនឹងកើនឡើងដល់ ៩១០ ០០០ តោន។ វារីវប្បកម្មរំពឹងថា នឹងកើនឡើងក្នុងអត្រាលឿនពី៩៨ ៨០០ តោននៅឆ្នាំ២០១៤ ដល់១៧១ ០០០ តោននៅឆ្នាំ២០១៨។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា នាំចេញត្រី បង្គា ក្តាម និងផលិតផលកសិផលជាច្រើនទៀតទៅកាន់ប្រទេសចិន ជប៉ុន រុស្ស៊ី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ប៉ុន្ដែសហគមន៍អឺរ៉ុប ហាមឃាត់ការនាំចូលត្រីពីប្រទេសកម្ពុជា។ ចំណែករាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងវិស័យជលផលនៅឆ្នាំ២០០១ ដោយកាត់បន្ថយប្រព័ន្ធឡូត៍នេសាទបែបពាណិជ្ជកម្ម រហូតដល់ការលុបចោលប្រព័ន្ធឡូត៍នេសាទ បែបពាណិជ្ជកម្មនៅតំបន់បឹងទន្លេសាបក្នុងឆ្នាំ២០១២។ ការកែប្រែនេះមានគោលបំណងដើម្បីអភិរក្សបរិមាណត្រី និងលើកស្ទួយជីវភាពប្រជានេសាទ ។
៩. វិស័យទេសចរណ៍ ក្រោយពីប្រទេសមានសុខសន្តិភាព វិស័យទេសចរណ៍ កើនឡើងជារៀងរាល់ឆ្នាំ លើកលែងតែអំឡុងចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ប៉ុណ្ណោះ ដែលវិស័យនេះធ្លាក់ចុះ ដោយសារកត្តាមួយចំនួន ជាពិសេសបញ្ហាការឆ្លងវីរុសកូវីដ-១៩ ។ ក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយ ទប់ទល់នឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុងប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) វិស័យឯកជនរួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមម្ហូបអាហារនិងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងអំឡុងពេលចូលឆ្នាំចិនកន្លងទៅ គេសង្កេតឃើញមានភ្ញៀវទេសចរចេញដើរកម្សាន្តយ៉ាងសប្បាយរីករាយ ពិសេសគោលដៅទេសចរណ៍មួយចំនួន ដែលកន្លងទៅធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមានភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ ដូចជា ក្រុងព្រះសីហនុ តំបន់ទឹកធ្លាក់ធម្មជាតិ តំបន់អេកូទេសចរណ៍ តំបន់បេតិកភណ្ឌជាដើម។ តាមការលើកឡើងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឱ្យដឹងថា ចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជា មានភ្ញៀវទេសចរទាំងជាតិ និងបរទេស ចាប់ពី១០លាននាក់ ដល់ ១២លាននាក់ ក្នុងមួយឆ្នាំ។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា អំឡុងឆ្នាំ២០១៩ កម្ពុជាទទួលទេសចរបរទេសជាង៦លាន៧សែននាក់ ក្នុងនោះជនជាតិចិន ២លាន៥សែននាក់ ធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិទូទាំងប្រទេស នៅចុងឆ្នាំ២០១៩កើនឡើង៨% ។ តំបន់គោលដៅដែលមានចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងមានដូចជា កែប កំពត ព្រះសីហនុកោះកុង និងភូមិភាគឦសាន។ វិស័យទេសចរណ៍នៅកម្ពុជា ផ្តោតលើ៤ប្រភេទ គឺ៖ ទី១. តំបន់ទេសចរណ៍បែបវប្បធម៌ និងប្រវត្តិសាស្រ្ត គឺផ្តោតលើតំបន់ប្រាសាទ មាននៅតំបន់អង្គរវត្ត តំបន់សំបូរព្រៃគុក។ល។ ទី២. តំបន់ទេសចរណ៍ បែបប្រវត្តិសាស្រ្ត មាននៅសារមន្ទីរទួលស្លែង និងជើងឯក។ ទី៣. តំបន់ទេសចរណ៍បែបធម្មជាតិ មានដូចជាតំបន់ទឹកឈូ ខេត្តកំពត, គិរីរម្យ ខេត្តកំពង់ស្ពឺ និងទឹកជ្រោះប៊ូស្រា ខេត្តរតនគិរី។ ទី៤. តំបន់ទេសចរណ៍បែបកែច្នៃ មាននៅរមណីយដ្ឋានភ្នំបូកគោ ឆ្នេរខ្សាច់កែប ឆ្នេរខេត្តព្រះសីហនុ និងឆ្នេរខេត្តកោះកុង។ ក្នុងនោះតំបន់ទេសចរណ៍ល្បីៗប្រចាំកម្ពុជា ដែលជាគោលដៅ ភ្ញៀវអន្តរជាតិធំៗ សំខាន់ៗនោះមាន ចំនួន១០កន្លែងធំៗ ដូចជា៖ ១. តំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានប្រាសាទបុរាណរាប់ពាន់ ប្រាសាទ ២. រាជធានីភ្នំពេញ ៣. តំបន់សត្វស្លាបព្រែកទ័លបឹងទន្លេសាប ៤. តំបន់ឆ្នេរ និងកោះ ក្នុងតំបន់សមុទ្រ ៥. ប្រាសាទព្រះវិហារ ៦. ទស្សនាផ្សោត នៅខេត្តក្រចេះ ៧. ខេត្តព្រះសីហនុ ៨. ភ្នំជីសូរ ៩. ទស្សនាភ្នំ និងរាជធានីឧដុង្គ ១០.ទស្សនាសំណង់អគារសម័យបារាំង នៅបាត់ដំបង ក្រៅពីតំបន់ដ៏អស្ចារ្យទាំងនេះ កម្ពុជានៅមានតំបន់ទេសចរណ៍ តាមបណ្តាខេត្តនីមួយៗ ជាច្រើនទៀត ហើយដោយសារកម្ពុជា ជាប្រទេសមានអំណោយផលខ្ពស់ពីធម្មជាតិផង ធ្វើឱ្យឆ្នេរ សមុទ្រកម្ពុជា ជាប់ឆ្នោតជាឆ្នេរសមុទ្រស្អាតជាងគេលើលោកនៅឆ្នាំ២០១១ របស់ក្លឹបឆ្នេរសមុទ្រស្អាត។ លោកអ៊ឹម ឈុនលឹម អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានឱ្យដឹងថា ការសម្រេចខាងលើនេះ អាស្រ័យដោយលក្ខណសម្បត្តិរបស់ឆ្នេរសមុទ្រកម្ពុជា ឆ្លើយតបគ្រប់គ្រាន់រាល់លក្ខខណ្ឌតម្រូវដោយក្លឹប និងសំណុំឯកសារប្រកបដោយគុណភាពពិសេស គឺភាពវៃឆ្លាតរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដោយបានស្នើដាក់បញ្ចូលឆ្នេរសមុទ្រទាំងមូលដែលមានប្រវែង៤៤០គីឡូម៉ែត្រ កាត់ខេត្ត៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប ក្រោមឈ្មោះរួមថា “ឆ្នេរសមុទ្រកម្ពុជា” ។ លោកទេសរដ្ឋមន្ត្រីឱ្យដឹងទៀតថា ការជាប់ជាសមាជិកពេញសិទ្ធិនេះ ផ្តើមចេញពីការទទួលយកបេក្ខភាពរបស់ឆ្នេរសមុទ្រកម្ពុជា នាឱកាសមហាសន្និបាតលើកទី៦ របស់ក្លឹប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨មេសា ដល់ថ្ងៃទី២ឧសភា ឆ្នាំ២០១០ នៅក្រុងហាឡុង ប្រទេសវៀតណាម ដោយមហាសន្និបាតសម្រេចទទួលយកបេក្ខភាពឆ្នេរចំនួន២ ក្នុងចំណោមឆ្នេរចំនួន៣ ដែលស្នើសុំ គឺមានឆ្នេរសមុទ្រកកម្ពុជា ឆ្នេរសមុទ្រ Patmos របស់ប្រទេសក្រិច និងឆ្នេរសមុទ្រ Mackenzie របស់ប្រទេសកាណាដា។ ក្លឹបនេះបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៩៧ នៅក្រុងប៊ែរឡាំង ប្រទេស អាល្លឺម៉ង់ (ជា ONG auprès des Nations Unies ដែលស្ថិតក្រោមការគាំទ្ររបស់អង្គការយូណេស្កូ (UNESCO)។ បច្ចុប្បន្ន ក្លឹបនេះមានប្រទេសសមាជិកចំនួន២៤ប្រទេស និង១តំបន់ស្វយ័ត (ទ្វីបអាហ្វ្រិកចំនួន៦ប្រទេស ទ្វីបអាម៉េរិកចំនួន៧ប្រទេស ទ្វីបអាស៊ីចំនួន៥ប្រទេស និងទ្វីបអឺរ៉ុបចំនួន៧ប្រទេស) ដែលក្នុងនោះរួមមាន ៣២ឆ្នេរ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅក្រុងវ៉ាន(Vannes)ប្រទេសបារាំង ។ “ឆ្នេរសមុទ្រកម្ពុជា” ក្លាយជាសមាជិកទី៣៣ របស់ក្លឹប។ លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ការជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា មានជាអាទិ៍ ចូលរួមគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតំបន់ឆ្នេរ ដោយកម្ពុជានឹងអាចដកស្រង់បទពិសោធល្អៗក្នុងការអនុវត្ត ក៏ដូចជាទទួលជំនាញបច្ចេកទេស ក្នុងការគ្រប់គ្រងតំបន់ឆ្នេរ ពីឆ្នេរជា សមាជិកដទៃទៀត ពិសេសលើការអភិវឌ្ឍ និងការអភិរក្សតំបន់ឆ្នេរ ព្រមទាំងការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ជាដើម។ លើសពីនេះទៅទៀត ដើម្បីជំរុញដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាឱ្យបានល្អស្អាត ស័ក្តិសមជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក គណៈកម្មការអន្តរក្រសួង នឹងបន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន ដោយក្នុងនោះផ្តោតសំខាន់លើចំណុចចំនួន៤ ដូចខាងក្រោម៖ ១. ការរៀបចំឱ្យមានជាឆ្នេរគំរូមួយ (អាចយកឆ្នេរអូរត្រេះ សម្រាប់ការអនុវត្តជំហានដំបូង) សំដៅរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍ រួមមានទាំងប្លង់នគរូបនីយកម្ម ប្រព័ន្ធដឹកជញ្ជូន និងសេវាកម្មបម្រើដល់វិស័យទេសចរណ៍នានា ដើម្បីធានាឱ្យបាននូវអនាម័យ សន្តិសុខនិងសណ្តាប់ធ្នាប់ល្អ ជាគំរូសម្រាប់ការអនុវត្តនៅតាមឆ្នេរដទៃទៀត។ ២. ជំរុញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមឆ្មាំឆ្នេរសមុទ្រ កម្ពុជា ដោយចាប់ផ្តើមរៀបចំជ្រើសរើសឆ្មាំឆ្នេរសមុទ្រក្នុងក្របខ័ណ្ឌកិច្ចសន្យាការងារ ឬសេវា ឯកជន ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រ រៀបចំវគ្គបណ្តុះ- បណ្តាលចំណេះដឹង និងជំនាញចាំបាច់នានាដល់ក្រុមឆ្មាំឆ្នេរសមុទ្រ (ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំកម្មវិធីសិក្សា (Curriculum) សម្រាប់វគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរសមុទ្រ ដោយសហការជាមួយជំនាញការអូស្ត្រាលី និងបារាំង) មុននឹងឈានទៅបំពាក់សម្ភារៈចាំបាច់មួយចំនួន សម្រាប់បំពេញការងារដល់ក្រុមឆ្មាំឆ្នេរសមុទ្រ ។ ៣. ជំរុញឱ្យមានកន្លែងផ្ទុកសំណល់រឹង និងមធ្យោបាយគ្របគ្រងសំណល់រាវ ព្រមទាំងអប់រំឱ្យប្រជាពលរដ្ឋ អាជីវករ និងទេសចរ ចូលរួមសម្អាតឆ្នេរសមុទ្រ និងដាក់ចេញនូវវិធានការដ៏មាន ប្រសិទ្ធភាពដើម្បីសម្អាតឆ្នេរសមុទ្រកម្ពុជា ។ ៤. បង្កើនយុទ្ធនាការ និងយន្តការនានាដើម្បីការពារ និងអភិរក្សធនធានកម្រដែលកម្ពុជា កំពុងសហការជាមួយអង្គការ Acting for Life រៀបចំអនុវត្តគម្រោងអភិរក្សផ្កាថ្ម និងគម្រោងដទៃទៀត ។ ក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យវិស័យទេសចរណ៍អាចទាក់ទាញភ្ញៀវប្រមាណជាងកន្លះលាននាក់ ហើយនៅថ្ងៃឆ្លងឆ្នាំសកល២០១៨-២០១៩ ការធ្វើដំណើររបស់ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួនសរុប៣លាននាក់ ក្នុងនោះ រាជធានីភ្នំពេញមានជាង២លាននាក់ ។ ក្នុងខេត្តតំបន់ឆ្នេរ និងខេត្តសៀមរាប បាន ទាក់ទាញភ្ញៀវទេសចរសរុបចំនួន៦សែន៧ម៉ឺននាក់ ដែលមាន៦៤ ៨៩៧នាក់ ជាភ្ញៀវទេសចរ បរទេស។ លោក ថោង ខុន បានឱ្យក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងថា ខេត្តជាប់តំបន់ឆ្នេរ នឹងទទួលទេសចរ៤,៤២ លាននាក់ត្រឹមចុងឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរបរទេសកើនឡើងដល់៩សែន ២ម៉ឺននាក់។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា រាជរដ្ឋាភិបាលដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ សម្រាប់ឆ្នាំ២០១៧-២០១៨ ហើយក្រោយពីដាក់ចេញចលនានេះ រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី១៧ រាជធានី-ខេត្ត ស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ ទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់វិស័យទេសចរណ៍។ ក្រសួងទេសចរណ៍កំណត់យក ឆ្នាំ២០១៧ ជាឆ្នាំប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រឡងប្រណាំងរមណីយដ្ឋានស្អាត នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ គោលការណ៍សម្រាប់ការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១នេះ គណៈកម្មការវាយតម្លៃ ផ្តោតលើសូចនាករគោលចំនួន៣៖ ១. ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងត្រូវមានផែនការអភិវឌ្ឍន៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។ ២. ការគិតគូរពីបរិស្ថាន៖ ត្រូវគោរពតាមបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិស្ដីពីបរិស្ថាន ត្រូវមានភាពស្អាតនៅទីសាធារណៈ និងទីកន្លែងទទួលសាធារណជន និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវមានបង្គន់សាធារណៈ ស្របតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា។ ៣. ព័ត៌មាន សុវត្ថិភាព និងការពេញចិត្តរបស់ភ្ញៀវទេសចរ៖ បង្ហាញព័ត៌មានជាក់ស្ដែង និងការអនុវត្តល្អៗនៃបទប្បញ្ញត្តិ គិតគូរពីសន្តិសុខ សុវត្ថិភាព គិតគូរពីអនាម័យចំណីអាហារ គិតគូរពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពេញចិត្តរបស់ភ្ញៀវទេសចរ។ ដោយសារកម្ពុជា មានគោលដៅច្បាស់លាស់ និងមានសុខសន្តិភាព ទើបវិស័យទេសចរណ៍នៅតែកើនឡើន។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៩ នៅខេត្តកំពតថា កម្ពុជាមិនមែនធ្វើសេដ្ឋកិច្ច ដោយផ្អែកលើវិស័យណាមួយនោះទេ គឺពឹងផ្អែកលើគ្រប់វិស័យ ក្នុងនោះមានវិស័យទេសចរណ៍ជាមាសបៃតង ដែលកំពុងក្លាយទៅជាការពិត ខណៈកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានមួយភាគមកពីផ្នែកសេវានេះតែម្តង។ សម្ដេចតេជោ បន្ថែមថាក្នុងមួយឆ្នាំៗ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា កើនឡើងជាបន្ដបន្ទាប់ ហើយនៅក្នុងឆ្នាំ២០១៩ កម្ពុជា រំពឹងថានឹងទទួលបានភ្ញៀវទេសចរប្រមាណ ៦,៦ លាននាក់។ វិនិយោគិនមួយចំនួន បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលខ្ពស់សម្រាប់អ្នកវិនិយោគអាម៉េរិក ហើយបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញឱ្យដឹងថាវិស័យទេសចរណ៍នៅកម្ពុជា នៅតែរក្សាបាននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរបរទេស គិតត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥,២ លាននាក់ ដែលមានកំណើន៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ក្នុងនោះ ចំនួនភ្ញៀវទេសចរចិន បន្តកើនឡើងដល់ជាង២លាននាក់ ដែលមានកំណើន២៤% ឈរលើកំពូលតារាងតែម្តង។ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាសមកកាន់តំបន់មាត់សមុទ្រកម្ពុជា មានជាង១លាននាក់ កើនឡើងជាង៤២% ខណៈដែលការធ្វើដំណើរទៅកាន់ ខេត្តសៀមរាប មានជាង១លាន៨សែននាក់ ធ្លាក់ចុះប្រមាណ១៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងពិធីបើកវេទិកាវិនិយោគ វិស័យទេសចរណ៍នៅកម្ពុជាលើកទី២ ថាក្រៅពីតំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ កម្ពុជា ក៏មានតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ដែលតំបន់ទាំងអស់នេះ មានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងវិស័យទេសចរណ៍។ តាមការឱ្យដឹងពី ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,២ លាននាក់ កើនឡើង១០% និងនាំមកនូវប្រាក់ចំណូលប្រមាណ៤,៣ ពាន់លានដុល្លារអាម៉េរិក ដែលរួមចំណែកក្នុងផលិតផល ក្នុងស្រុកសរុប (GDP) ប្រមាណ ១២% ហើយកម្លាំងពលកម្មបម្រើឱ្យ វិស័យនេះ មានជាង៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០១៩ កម្ពុជា រំពឹងថាទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ ហើយនៅឆ្នាំ២០៣០ ប្រមាណ១៥លាននាក់ ដោយរំពឹងរកចំណូលបានប្រមាណ១០ពាន់លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារប្រមាណ ២លានកន្លែង។ លោក ថោង ខុន បន្ថែមថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគពី ឆ្នាំ២០១៦ដល់ខែសីហា ឆ្នាំ២០១៩ មាន៨១៣គម្រោង មានទុនវិនិយោគសរុបប្រមាណជាង២២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លារអាម៉េរិក ហើយបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ គម្រោងវិនិយោគដែលត្រូវអនុម័តមានចំនួន ២៦៨គម្រោង ដែលមានទុនវិនិយោគសរុបជាង៦,៨ ពាន់លានដុល្លារ ក្នុងនោះវិស័យទេសចរណ៍ គឺមាន១៨គម្រោង មានទុនវិនិយោគសរុបជាង៤,៨ ពាន់លានដុល្លារ ដែលធ្វើឱ្យតួលេខនេះកើនឡើងលើសលុបនៃទុនក្នុងវិស័យទេសចរណ៍។ វិស័យទេសចរណ៍នៅកម្ពុជា ក៏ទទួលការវាយតម្លៃខ្ពស់ពីសំណាក់អង្គការ និងភ្នាក់ងារទេសចរណ៍ អន្តរជាតិជាច្រើន ដោយផ្អែកទៅលើ លទ្ធផលស្រាវជ្រាវពីការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងជាពិសេសគឺ បទពិសោធជាក់ស្តែងដែលភ្ញៀវទេសចរទទួលបានពីប្រទេសកម្ពុជា។
១០. វិស័យអចលនទ្រព្យ ទោះបីមានភាពរកាំរកូសតិចតួចផ្នែកនយោបាយក្តី ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨មក ដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយភាពសុខដុម គ្មានការភ័យខ្លាច ធ្វើឱ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស រីកចម្រើនទៅមុខឥតឈប់ឈរ។ តាមការសង្កេតរបស់អ្នកជំនាញបង្ហាញឱ្យដឹងថា រយៈពេលមួយទសវត្សរ៍ចុងក្រោយ ចាប់ពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៩ កម្ពុជា រីកចម្រើនខ្លាំងលើផ្នែកអចលនទ្រព្យ។ អ្នកជំនាញលើកឡើងថា គិតត្រឹមឆ្នាំ២០១៥ នៅរាជធានីភ្នំពេញមានអគារកម្ពស់ចាប់ពី៥ជាន់ ដល់ជាង៤០ជាន់ មានចំនួន៥៦១អគារ ។ លោក ជា ស្រ៊ុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ លើកឡើងក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ ថា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ វិស័យសំណង់នៅកម្ពុជា ពិសេសរាជធានីភ្នំពេញ រីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ក្នុងនោះ គម្រោងស្នើសុំសាងសង់មានចំនួន៥៦១អគារ ដែលរួមមានអគារកម្ពស់ពី៥ ជាន់ទៅ៩ ជាន់មានចំនួន៣៦១, អគារកម្ពស់ចាប់ពី១០ ជាន់ទៅ១៩ជាន់មានចំនួន១៦៧, អគារកម្ពស់ចាប់ពី២០ ជាន់ទៅ២៩ ជាន់មានចំនួន២១, អគារចាប់ពី៣០ទៅ៣៩ជាន់មានចំនួន៨ និងអគារកម្ពស់ចាប់ពី៤០ ជាន់ឡើងទៅមានចំនួន៤អគារ ចំណែកបុរីមានចំនួន៧។ ប្រភេទអគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញមានដូចជា អគារការិយាល័យវឌ្ឍនៈ, ភ្នំពេញថោវើ កាណាឌីយ៉ា, De Castle Royal, Gold tower ៤២ និង Toyoko Inn ជាដើម។ យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បញ្ជាក់ថា នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ កម្ពស់ចាប់ពី៥ជាន់ដល់ជាង៤០ជាន់ ឡើងទៅចំនួន៧៩១អគារ ខណៈដែលបុរីមានចំនួន១៣៤បុរី។ រាជធានីភ្នំពេញ មានអគារខ្ពស់ៗ កម្ពស់ពី៥ជាន់ដល់ជាង៤០ជាន់ ចំនួន៧៩១អគារ ខណៈបុរីមានចំនួន១៣៤ ។ ប្រភពដដែលបានឱ្យដឹងទៀតថា អគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងទៅ គិតពីឆ្នាំ២០០៥ រហូតដល់ឆមាសទី១ ឆ្នាំ២០១៦ មានចំនួន៧៩១ អគារ ក្នុងនោះ៖ – អគារខ្ពស់ចាប់ពី៥ ជាន់ទៅ៩ជាន់ មានចំនួន៤៧៤អគារ។ – អគារខ្ពស់ចាប់ពី១០ ជាន់ទៅ១៩ជាន់ មានចំនួន២៤៩អគារ។ – អគារខ្ពស់ចាប់ពី២០ ជាន់ទៅ២៩ជាន់ មានចំនួន៤៣អគារ។ – អគារខ្ពស់ចាប់ពី៣០ ជាន់ទៅ៣៩ជាន់ មានចំនួន១៧អគារ។ – អគារខ្ពស់ចាប់ពី៤០ ជាន់ឡើងទៅ មានចំនួន០៨ អគារ។ របាយការណ៍បញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ ពិនិត្យលើ ឯកសារស្នើសុំលិខិតអនុញ្ញតសាងសង់ បានចំនួន៩០១គម្រោង ដែលមានផ្ទៃក្រឡាសាងសង់ជាង៧.៣៣៣,៧២៤ម៉ែត្រការ៉េ គិតជាទុនវិនិយោគសរុប ៣,១០២,០៦៥,៣០០ដុល្លារអាម៉េរិក បើធៀបទៅនឹងឆ្នាំ២០១៥ ដែលស្នើសុំសាងសង់ចំនួន៦៦២គម្រោង មានផ្ទៃក្រឡា៥ ៨០១ ៧៤២ម៉ែត្រការ៉េ គិតជាទុនវិនិយោគ២ ០១៤ ៥៩៨ ១០០ដុល្លារអាមេរិក កើនឡើង៥៩.៩២% ក្នុងនោះមាន៖ – សំណង់គ្មានលិខិតអនុញ្ញាត មានចំនួន២៦៣ការដ្ឋាន។ – សំណង់ខុសប្លង់អនុញ្ញាត មានចំនួន៦៣ការដ្ឋាន។ – សំណង់ជួសជុលមានលិខិតអនុញ្ញាត មានចំនួន១១ការដ្ឋាន។ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន ប្រសាសន៍ថា ពេលណាមានអគារខ្ពស់ៗច្រើន គឺបង្ហាញពីការរីកចម្រើនរបស់ប្រទេស ហើយបច្ចុប្បន្នកម្ពុជាមានធនធានមនុស្សសមល្មម ដែលអាចធ្វើការងារទាំងអស់ខាងលើបាន ហេតុនេះបើអ្នកអភិវឌ្ឍន៍សំណង់ទាំងអស់គោរពតាមប្លង់គោល និងការណែនាំត្រឹមត្រូវនោះ សំណង់ខ្ពស់ៗទាំងនោះ នឹងនាំមកនូវផលវិជ្ជមានជាច្រើនដល់សង្គម បរិស្ថាន និងបញ្ហាចរាចរណ៍។ ជាមួយគ្នានេះដែរ នៅឆ្នាំ២០១៨ តាមរបាយការណ៍ គេរកឃើញទិន្នន័យថ្មីថែមទៀតថា គិតចាប់ ឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ ភ្នំពេញមានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ មានចំនួន១២១៧អគារ បុរីលំនៅឋានមានចំនួន២៣៥ទីតាំង ខណៈឆ្នាំ២០១៥ មានចំនួន៥៦១អគារ ហើយបើគិតចាប់ពី២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសមានចំនួន ៤៣ ១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន១១៤២៩៧ ៦២១ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣ ពាន់លានដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៨ វិស័យសំណង់ទូទៅទូទាំងប្រទេសមាន២ ៨៦៧ គម្រោង លើផ្ទៃក្រឡាចំនួន១១,៤លានម៉ែត្រក្រឡា ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥,២ ពាន់លានដុល្លារ ធ្លាក់ចុះជាង១៨,៦៦% បើធៀបនឹងឆ្នាំ២០១៧ ដែលមាន៣០៥២ គម្រោង លើផ្ទៃក្រឡាចំនួន១០,៧ លានម៉ែត្រក្រឡាក្នុងទំហំវិនិយោគជាង៦,៤ពាន់លានដុល្លារ ។ ជាមួយគ្នានេះ រយៈពេល៤ខែ ដើមឆ្នាំ២០១៩ វិស័យសំណង់មានជិត៣ពាន់លានដុល្លារផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្វសីហា លើកឡើងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩ ទុនវិនិយោគវិស័យសំណង់មានប្រមាណ២៧៤២លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺមានកំណើនទុនវិនិយោគ ជាង៦៧,៣៧% ។ តាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បង្ហាញថា គិតត្រឹមខែមីនា ឆ្នាំ២០១៩ សំណង់ទូទាំងប្រទេសកម្ពុជាមានរហូតដល់៤២៩ គម្រោងដែលមានក្រឡាផ្ទៃជិត៦៥ ម៉ឺនម៉ែត្រការ៉េ នឹងមានទុនវិនិយោគសរុប៣១៨លានដុល្លារ។ ក្នុងចំណោមគម្រោងសាងសង់ទាំងនេះ គម្រោងមួយចំនួនធំ បានផ្ដល់សេវាកម្មសិក្សាគម្រោងប្លង់ស្ថាបត្យកម្មវិស្វកម្ម និងសាងសង់ដោយអ្នកបច្ចេកទេស។ លោក សីហា អះអាងថា ក្នុងឆ្នាំ២០១៨ ការវិនិយោគលើវិស័យសំណង់មានទំហំប្រហាក់ប្រហែល ៥ ៧៥៥ លានដុល្លារអាម៉េរិក បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៧ គឺកើនឡើង២៥,៥៥% នៃទុនវិនិយោគ។ ស្របពេលគ្នានេះ ការបោះទុនវិនិយោគរបស់ វិស័យឯកជនមកពីបរទេស គិតចាប់ពីឆ្នាំ២០០០ រហូតដល់ខែមេសា ឆ្នាំ២០១៩ មានចំនួន៣៩៥ គម្រោង និងទុនវិនិយោគប្រមាណ៥៦១៥ លានដុល្លារ ហើយក្នុងចំណោមអ្នកវិនិយោគបរទេសទាំងនេះ គឺមកពីបណ្តាប្រទេសចំនួន២១។ លោក សីហា អះអាងថា កំណើនវិនិយោគលើវិស័យសំណង់ គឺដោយសារអ្នកវិនិយោគក្នុងស្រុកនិងបរទេសទាំងនេះ មើលឃើញពីការរីកចម្រើនយ៉ាងលឿនរបស់សេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល២០ឆ្នាំចុងក្រោយ កំណើនសេដ្ឋកិច្ចប្រមាណជា ៧%ជារៀងរាល់ឆ្នាំ ស្របពេលកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ។ វិស័យស្ថាបត្យកម្ម និងសំណង់មានការពាក់ព័ន្ធ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់បច្ចុប្បន្ន ក្រសួងរៀបចំដែនដី បានចុះបញ្ជីក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ដែលមានសុពលភាពចំនួន៩៧៥ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់៤៦ និងក្រុមហ៊ុនសាងសង់៩២៩ និងបានចុះបញ្ជីដល់រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ដែលនៅមានសុពលភាពចំនួន១៣៤រូប ក្នុងនោះស្ថាបត្យករចំនួន៩៤រូប និងវិស្វករចំនួន៤១រូប និងចុះបញ្ជីស្ថាបត្យករនៅគណៈស្តាបត្យករកម្ពុជា បានចំនួន៧៦៥ រូប ក្នុងនោះមានស្ថាបត្យករបរទេសចំនួន១៣ រូប។ លោករដ្ឋលេខាធិការក្រសួងដែនដី បន្ថែមទៀតថា វិស័យស្ថាបត្យកម្ម និងសំណង់អគារមានការរីកចម្រើនយ៉ាងខ្លាំង ស្របពេលកំណើនសេដ្ឋកិច្ចជាតិឡើងខ្ពស់ អាស្រ័យដោយនយោបាយដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់នូវទស្សនទានថ្មីៗ លើវិស័យស្ថាបត្យកម្ម និងសំណង់អគារ ដោយដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យមានសំណង់ទំនើបខ្ពស់ នៅតាមទីតាំងនានា ដែលសមស្របធ្វើឱ្យភ្នំពេញមានអគារខ្ពស់ ដែលមានកម្ពស់ចាប់ពី៥ ជាន់ឡើងទៅមានចំនួន១២៤១អគារ និងការអភិវឌ្ឍន៍ទីក្រុងរណបថ្មីៗ និងបុរីលំនៅឋាន ឬបណ្ដុំលំនៅដ្ឋានមានលក្ខណៈបុរី ចំនួន២៥៧ទីតាំង ដើម្បីបន្ថែមកន្លែងរស់នៅ កន្លែងធ្វើការងារ និងកន្លែងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ទីក្រុង ទីប្រជុំជនឱ្យក្លាយជាទីក្រុងទំនើប ។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ស្របនឹងភាពរីកចម្រើនឥតឈប់ឈរ និងស្ថិរភាពនយោបាយនេះ ធ្វើឱ្យទុនវិយោគវិស័យសំណង់នៅទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឈានដល់៩,៣ប៊ីលានដុល្លារ គឺកើនឡើងជាង៧៨%នៅឆ្នាំ២០១៩។ របាយការណ៍បន្តថា ក្នុងឆ្នាំ២០១៩ សំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន៤ ៤៤៦គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន១ ៨៥៤០ ៨៧៩ ម៉ែត្រការ៉េ ហើយបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ សំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួន ២ ៨៦៧គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន១១ ៤២៧ ១៩០ មែត្រការ៉េ តម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ៥,២២ប៊ីលានដុល្លារ កើនឡើង៧៨,៨៨% ។ ក្នុងនោះគម្រោងអគារ ខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន៤៣២ គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន២០៣អគារ)។ – អគារកម្ពស់៥ជាន់ ឡើងទៅ៩ជាន់ មានចំនួន២០៨អគារ – អគារកម្ពស់ពី១០ជាន់ ឡើងទៅ១៩ជាន់ មានចំនួន១៣៥អគារ – អគារកម្ពស់ពី២០ជាន់ ឡើងទៅ២៩ជាន់ មានចំនួន៥៧ អគារ – អគារកម្ពស់ពី៣០ជាន់ ឡើងទៅ៣៩ជាន់ មានចំនួន២៣អគារ និង – អគារកម្ពស់ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។ ដោយឡែកសំណង់លំនៅឋាន មានចំនួន៣៧៣២គម្រោង មានផ្ទៃក្រឡា កម្រាលសំណង់ប្រមាណ៨,០២៤,២៨៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣,៦៦១,២.៧៥, ៣៥០ ដុល្លារ។ បុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី នៅទូទាំងប្រទេសមានចំនួន៤០ គម្រោង ស្មើនឹង១៦ ៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ២៤៩៦ ៣៥៨ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៨២១ ៣០៦ ៦៧៦ដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងថា អគារផ្ទះល្វែង និងភូមិគ្រឹះ នៅទូទាំងប្រទេសមាន២០៧៨១ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់៣៤៩៩ ២០៤ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១ ២៦៩ ៦៥៣ ១៨៨ ដុល្លារ និងអគារស្នាក់នៅរួមមាន ១៥២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ ៣ ២០៣ ០០១ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានលើទុនវិនិយោគប្រមាណ១ ៩០៧ ២៦៩ ៥៧៨ ដុល្លារ។ សម្រាប់សំណង់សណ្ឋាគារនៅទូទាំងប្រទេសមាន ចំនួន៦៦គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៨៦ ៣៩១ ៦៧៦ ដុល្លារ។ ដោយឡែកសំណង់អគារពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន៣១២គម្រោង មានតម្លៃប៉ាន់ស្មានទុន វិនិយោគប្រមាណ៣ ៥១៨ ០៥៣ ០៤៣ ដុល្លារ និងសំណង់អគាររោងចក្រនៅទូទាំងប្រទេសមានចំនួន១២១គម្រោង មានផ្ទៃក្រឡា កម្រាលសំណង់២ ៦៨៥ ២៩៣ ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១ ១៤១ ៧៧៩ ៦៩១ ដុល្លារ។ មួយវិញទៀត សំណង់អគារពហុមុខងារនៅ ទូទាំងប្រទេសមានចំនួន៩៤ គម្រោង ស្មើនឹង៥ ០៨១ ៤៣២ ម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិ-យោគប្រមាណ៣ ០៤៨ ៦៦៤ ៦២៦ ដុល្លារ។ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៤ ៨០០៤គម្រោង លើផ្ទៃក្រឡា សំណង់សរុបចំនួន១៣១ ៩៤៣ ៥៣៥ ម៉ែត្រការ៉េ និងតម្លៃទុនវិនិយោគសរុប ប្រមាណ ៥១ ០៣៥ ១២៤ ៤៥១ ដុល្លារ។ ស្របពេលគ្នានេះ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំង ប្រទេសមានចំនួន១ ៦២៤អគារ។ ក្នុងនោះមាន៖ – អគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួន៨៧២អគារ – អគារចាប់ពី១០ ជាន់ ទៅ១៩ជាន់មានចំនួន៤៦១អគារ – អគារចាប់ពី២០ជាន់ ទៅ២៩ជាន់មាន ចំនួន១៥៦អគារ – អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន៩៥អគារ – អគារចាប់ពី៤០ជាន់ឡើង មានចំនួន ៤០អគារ។ ដោយមើលឃើញពីភាពប្រាកដប្រជា នៃកំណើនសេដ្ឋកិច្ចនេះ ធ្វើឱ្យអ្នកជំនាញមើលឃើញ និងទស្សន៍ទាយថា ទោះបីឆ្នាំ២០១៩ ជិតបិទបញ្ចប់ទៅហើយ ក៏វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ នៅតែមានដំណើរការល្អ ជាពិសេសវិស័យដីធ្លី និងសំណង់ ហើយសម្រាប់ឆ្នាំ២០២០ វិស័យ សំណង់ នឹង នៅតែល្អដូចឆ្នាំ ២០១៩ ដដែល។ ក្នុងរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់សក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា កត្តាអំណោយផល និងកំណើនសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យទាំងនេះ ធ្វើឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រកឃើញថាការងាររកចំណូល និងលទ្ធកម្ម ក្នុងឆ្នាំ២០១៩ ក្រសួងរកចំណូលចូលជាតិបានជាង៤៥ម៉ឺនលានដុល្លាសហរដ្ឋអាម៉េរិក ឬស្មើនឹង ៤៥៦,៦១៧,៦៨៦,០៧៧រៀល ។ ក្រសួងរៀបចំដែនដី បង្ហាញឱ្យដឹងទៀតថា ចំណូលចូលថវិកាជាតិនៅក្នុងឆ្នាំ២០១៩ ទាំង ៤៥៦ ៦១៧ ៦៨៦ ០៧៧រៀលនេះ គឺគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ រួមមាន៖ – ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ២៩ ១០៧ ៧៣៦ ៣៧៤រៀល – សេវាសំណង់ទូទៅ ចំនួន ១៤ ៤០៩ ៤៨៩ ៧៥៨រៀល – សេវាសំណង់លើសសន្ទស្សន៍ ចំនួន ១៤ ៤១៧ ៧៨០ ០០០រៀល – ការជួលអចលនទ្រព្យចំនួន ២៨០ ៤៦៦ ៦១៦រៀល។ – ចំណូលមន្ទីរ ដ.ន.ស.ស.រាជធានី ខេត្ត មានចំនួន ៨០ ២៣៤ ៨០៣ ២២៧រៀល។ – ចំណូលបានមកពីសេវាសុរិយោដីចំនួន ៥០ ០២៥ ៧៨២ ៥១៤រៀល – លក្ខណៈជាប្រព័ន្ធ ចំនួន ១១ ៧៧១ ៥០៨ ៣០០រៀល – លក្ខណៈដាច់ដោយដុំ ចំនួន ៣៨ ២៥៤ ២៧៤ ២១៤រៀល និង – សេវាសំណង់ទូទៅ ចំនួន៣០ ២០៩ ០២០ ៧១៣រៀល។ ក្រសួងរៀបចំដែនដី ឱ្យដឹងទៀតថា ការងារលទ្ធកម្មវិញ មានគម្រោងលទ្ធកម្មសរុប សម្រាប់ឆ្នាំ២០១៩ មានចំនួន៣២គម្រោង ក្នុងនោះអនុវត្តនីតិវិធីទូទាត់ចំនួន២៩គម្រោង ស្មើនឹង៩០,៦២% ហើយបន្តអនុវត្តចំនួន១គម្រោង ស្មើនឹង ៣,១% និងគម្រោងដែលមិនអាចអនុវត្តបានចំនួន ២គម្រោង ស្មើនឹង៦,២៥ %។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ចាត់ទុកថា ឆ្នាំ២០១៩ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ លោក អះអាងថា វិស័យអចលនទ្រព្យ និងសំណង់នៅ កម្ពុជា កំពុងបន្តរក្សាយ៉ាងគត់មត់ និងរឹងមាំ ដោយធានាបាននូវស្ថិរភាពសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍលើគ្រប់វិស័យ បង្កើតនូវកិត្យានុភាពជាតិនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ របាយការណ៍ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៥៨៤ ០៣៤បណ្ណ ស្មើនឹង ៧៩,៧៧% នៃក្បាលដីប៉ាន់ស្មាន៧លានក្បាលដី ដោយចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន៤ ៩៦៦ ៥៩១បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន៤ ៦១៨ ៧៧១បណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ០១ប.ប បានចំនួន៦៤២ ៦០៣បណ្ណ សម្បទានដីសង្គមកិច្ចបានចំនួន ៦៥០៤បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៧ ៤៤៣បណ្ណ (ដីរដ្ឋបាន១ ៨៥៤បណ្ណ ទំហំ ៧៧៨ ៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន៦១៤ ៧៧០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣០សហគមន៍ ស្មើនឹង៨១៩បណ្ណ ទំហំ២៨ ៥២២,៥២ហិកតា សម្រាប់ ៣០៣៣គ្រួសារ)។ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០០៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួលពាក្យបណ្តឹងចំនួន៨ ៦៤៣ករណី ដោះស្រាយបពា្ចប់ដោយគណៈកម្មការសុរិយោដីទាំង៣ថ្នាក់ចំនួន៤ ១៣៦ករណី ច្រានចោលពាក្យបណ្តឹង បន្ទាប់ពីស៊ើបអង្កេត ឃើញថាខុសសមត្ថកិច្ចចំនួន២ ៨២០ករណី សុំដកពាក្យបណ្តឹងចំនួន៩០៨ករណី និងកំពុងដោះស្រាយចំនួន ៧៧៩ករណី។ លទ្ធផលនេះ ក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន៣ ៦២៦ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៥១ករណី ច្រានចោលចំនួន១ ០០៤ករណី ដកពាក្យបណ្តឹងចំនួន ៤៤៩ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣២២ករណី។ ដោយឡែកចាប់ពីឆ្នាំ២០០៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធ ២១ ៧២៥គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦៤៥០,៣៧ហិកតា។ ដោយ៖ គង់ សិរីរ័ត្ន