Grand News Close

បារាំង​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​សម្រាប់​​​វិស័យ​ថាម​ពល​

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 15:57 pm ព័ត៌មានជាតិ 1084
បារាំង​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​សម្រាប់​​​វិស័យ​ថាម​ពល​ បារាំង​ផ្តល់​ជំនួយ​ឱ្យ​កម្ពុជា​សម្រាប់​​​វិស័យ​ថាម​ពល​

 

វិស័យថាមពល​នៅ​កម្ពុជា​នឹង​បង្ហាញ​ភាព​​វិជ្ជមានទៅ​មុខបន្ថែម​ទៀត​បន្ទាប់​ពីតំណាង​រដ្ឋាភិបាល​កម្ពុជា-បារាំង​ បាន​​​ចុះ​ហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនអគ្គិសនី​បារាំង(Électricité de France-EDF) និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់ នៅ​ខេត្តកោះកុង។

ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រវាង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល លោក កែវ រតនៈ ជាមួយ​​តំណាង​ភាគី​បារាំង ដោយ​សហអធិបតីភាព​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង Emmanuel MACRON ក្នុងឱកាសដែលលោក​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេស​​កម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

បើ​​តាម​លោក កែវ រតនៈ ប្រទេស​បារាំងនឹង​​ផ្តល់​ជំនួយមកកម្ពុជា​លើ​វិស័យថាមពលក្នុង​ទឹក​ប្រាក់​ជាង ២០០លានដុល្លារ និង​បាន​ចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី អានុភាព ៨០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង ដែល​មាន​តម្លៃប៉ាន់ស្មានចន្លោះពី ៧០០-៩០០លានដុល្លារ។

លោក​ រតនៈ បាន​​អះអាង​ថា៖​«​នេះ​​ជាផលប្រយោជន៍ថ្មីបន្ថែមធំមួយនៅថ្ងៃអនាគត ទាំងអស់នេះបានមកដោយសារភាពជាម្ចាស់ផ្ទះរបស់កម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត»។

វិស័យ​ថាម​ពល​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការទាក់​ទាញ​វិនិយោគិន​​ជាតិ និង​អន្តរជាតិ​ឱ្យ​​បណ្តាក់​ទុនផ្ទាល់​នៅ​កម្ពុជា ខណៈ​រយៈ​ពេល​ជាង ១ ទសវត្សរ៍​កន្លង​មកនេះ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​សមត្ថភាព​​ក្នុង​ការ​ផលិត​ថាមពល​​អគ្គិសនី ជាពិសេសថាម​ពល​ស្អាត/កកើតឡើងវិញ។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉រ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ថាម​ពល​​​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្កើន​សក្តានុពល​ទាក់​ទាញ​ និង​លើក​ទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​​ចូល​​មក​បើក​ដំណើរ​ការ​រោង​ចក្រ/សហគ្រាស ឬ​អាជីវកម្ម​នៅ​កម្ពុជា ព្រោះបច្ចុប្បន្ន​នេះ​គ្រប់​ចង្វាក់​​ផលិតកម្ម និង​ការងារ​ការិយាល័យ សុទ្ធ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ថាម​ពល​អគ្គិសនី។

លោក​បាន​បន្ត​ថា ការ​បង្កើនសមត្ថភាព​ផ្គត់​ផ្គង់​ថាម​ពល ​តម្លៃ​អគ្គិសនីទាប ​ប្រព័ន្ធ​ចែកចាយទូលំទូលាយ និង​និរន្តរភាព​​របស់​ចរន្ត​ ​គឺ​ជាព័ត៌មាន​វិជ្ជមាន​សម្រាប់អ្នក​វិនិយោគ ព្រោះ​រាល់​ចំណាយ​ប្រតិបត្តិការ​របស់​អាជីវកម្ម គឺ​សុទ្ធតែ​​ទាក់​ទង​នឹង​តម្លៃ​របស់​ថាមពល។

លោក​បាន​ថ្លែងថា​៖​«​ជាទូទៅមុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ទៅ​​វិនិយោគ​នៅ​ទីតាំង​ ឬ​ប្រទេសណាមួយ អ្វីដែល​អ្នក​វិនិយោគ​​ត្រូវ​មើល​មុន​គេ គឺ​តម្លៃថាម​ពល ព្រោះ​បច្ចុប្បន្ន​នេះ​គ្រប់​ចង្វាក់​ផលិតកម្ម​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការប្រើប្រាស់​​ថាម​ពល។ ប្រព័ន្ធ​ចែកចាយ​ទូលំទូលាយ តម្លៃ​ទាប និង​និរន្តរភាពចរន្ត គឺ​ជា​អ្វី​ដែល​គ្រប់​អ្នក​វិនិយោគចង់​បាន»។

គិត​ត្រឹម​ចុង​ឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីនៅ​កម្ពុជា បានគ្របដណ្តប់លើភូមិចំនួន ១៤ ៤៣៨ កើនឡើងចំនួន ៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី​បានថយចុះពី ៩៩,១៥% មក ៩៩,០៩%។ នេះ​បើ​តាម​​លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

លោក វិសិដ្ឋ បានលើកឡើងថា នៅចុងឆ្នាំ២០២៣ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤ ០០៨ ស្មើ ៩៨,៨៧%។ មកដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤ ០៤៨ ស្មើ ៩៩,១៥% កើនឡើងចំនួន ៤០ភូមិ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា​បានបញ្ជាក់ថា មូលហេតុចំនួនភាគរយប្រៀបធៀបជាមួយចំនួនភូមិសរុប​មានការថយចុះ គឺ​​ដោយ​សារ​កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុប ១៤ ១៦៨ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុបថ្មី ដែលមានចំនួន ១៤ ៥៧០ គឺចំនួនភូមិបានកើនឡើង ៤០២ភូមិ។ ផ្អែកតាមគម្រោងផែនការក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៦៧ ភូមិទៀត។

លោក ពិសិដ្ឋ បាន​និយាយ​ថា​៖​«យើងអាចសល់ភូមិចំនួន ៦៥ ត្រូវជា ០,៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និង​តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ»៕

អត្ថបទទាក់ទង