Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ្វីទៅដែលគេរំពឹង ក្រោយការស្លាប់របស់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 339
វិភាគអន្តរជាតិ៖ តើអ្វីទៅដែលគេរំពឹង ក្រោយការស្លាប់របស់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម? វិភាគអន្តរជាតិ៖ តើអ្វីទៅដែលគេរំពឹង ក្រោយការស្លាប់របស់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម?

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី១៩ ខែកក្កដា អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ ដោយសារភាពចាស់ជរា និងរោគាពាធ។ ក្រោយមរណភាពរបស់លោក មានសំណួរដ៏សំខាន់មួយត្រូវបានគេចោទសួរភ្លាមៗ ថាតើនរណាអាចនឹងក្លាយជាអ្នកស្នងតំណែងកំពូលមួយនេះ? តាមក្បួនច្បាប់របស់ បក្សកុម្មុយនិស្ដវៀតណាម បេក្ខជនអគ្គលេខាធិការត្រូវជ្រើសរើសចេញពីតំណែងកំពូលទាំង៤ ដែលស្ថិតនៅក្រោមលោក Nguyen Phu Trong ទៅតាមឋានុក្រមនៅក្នុងបក្ស។ បេក្ខជនទាំងនោះរួមមានប្រធានាធិបតី លោក To Lam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានសភាជាតិ លោក Tran Thanh Man រួមទាំងសមាជិកអចិន្ត្រៃយ៍លេខាធិការដ្ឋាន គណបក្សកម្មុយនិស្ដវៀតណាម លោក Luong Cuong។

ក៏ប៉ុន្តែ នៅក្នុងចំណោមបេក្ខជនខាងលើ លោក To Lam គឺជាបេក្ខជនមានសក្ដានុពលជាងគេសម្រាប់តំណែងជាអគ្គលេខាធិការ។ មួយថ្ងៃមុនការប្រកាសពីដំណឹងមរណភាពរបស់លោក Nguyen Phu Trong ការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្ដវៀតណាម បានសម្រេចជ្រើសតាំងលោក To Lam ដឹកនាំកិច្ចការប្រចាំថ្ងៃរបស់អគ្គលេខាធិការ ដោយបើកផ្លូវឱ្យលោក គ្រប់គ្រង និងត្រួតពិនិត្យលើស្ថាប័នសំខាន់ៗរបស់បក្សរួមមានការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិម និងលេខាធិការដ្ឋានរបស់គណបក្ស បូកបន្ថែមពីលើមុខនាទីបច្ចុប្បន្ន ជាប្រធានរដ្ឋ ឬប្រធានាធិបតី។ នៅវៀតណាម គ្មានឡើយច្បាប់ដែលតម្រូវឱ្យប្រធានាធិបតីឡើងកាន់តំណែងជំនួសអគ្គលេខាធិការដែលស្លាប់ ឬអសមត្ថភាពដឹកនាំដោយប្រការណាមួយ។ ដូច្នេះការជ្រើសតាំងលោក To Lam នៅក្នុងចំណោមមេដឹកនាំកំពូលៗផ្សេងទៀត ឱ្យកាន់តំណែងជាអគ្គលេខាធិការបក្សជាបណ្ដោះអាសន្ន អាចបញ្ជាក់បានថារូបលោកមានអំណាចធំណាស់ នៅក្នុងបក្ស។

ជាលទ្ធផលក្រោយការស្លាប់របស់មេបក្សចាស់ ឥលូវ លោក To Lam កំពុងកាន់តំណែងធំៗ២នៅក្នុងដៃ ក្នុងចំណោមតំណែងមេដឹកនាំកំពូលទាំង៤នៅវៀតណាម នោះគឺជាអគ្គលេខាធិការ បក្សបណ្ដោះអាសន្នផង និងជាប្រធានាធិបតីផង។ លោក Nguyen Phu Trong ក៏ធ្លាប់បានកាន់តំណែង២ ក្នុងពេលតែមួយបែបនេះដែរចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ លោក To Lam បានក្លាយជា «ស៊ូភើស្ដារនយោបាយនៅវៀតណាម» យ៉ាងលឿនរហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីនេះ។ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈចាប់តាំងពីឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីខែឧសភា ឆ្នាំ២០២៤ ក្នុងពេលដែលមានការរុះរើតំណែងនៅក្នុងបក្សទ្រង់ទ្រាយធំ។

នៅក្នុងការរុះរើតំណែងក្នុងជួរបក្សចាយពេលជាង ១៧ខែមកនេះ គេបានមើលឃើញពីការបង្ខំឱ្យប្រធានាធិបតី២រូប ប្រធានសភាមួយរូប និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណបក្ស រួមជាមួយឧបនាយករដ្ឋមន្ត្រីជាច្រើននាក់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត លាលែងចេញពីតំណែង។ អ្នកដែលលាលែងចេញពីតំណែងទាំងអស់នោះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយ ក្នុងបរិបទនៃការដឹកនាំយុទ្ធនាការតាមកម្ចាត់អំពើពុករលួយដែលដាក់ចេញដោយលោក Nguyen Phu Trong កាលពីឆ្នាំ២០១៦។ ក្នុងនាមជារដ្ឋមន្ត្រីសន្តិសុខសាធារណៈដឹកនាំ យុទ្ធនាការកម្ចាត់អំពើពុករលួយ រហូតដល់ត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីខែឧសភា លោក To Lam ត្រូវបានគេសន្មត់ថាបានប្រើប្រាស់យុទ្ធនាការនេះដើម្បីពង្រឹងអំណាចនយោបាយ និងកម្ចាត់គូប្រជែងរបស់លោកនៅក្នុងបក្ស។ តាមក្រុមអ្នកជំនាញខ្លះ លោក To Lam ជាបេក្ខជនមានសក្តានុពលជាងគេដែលអាចនឹងឡើងកាន់តំណែងបន្តវេនពីលោក Nguyen Phu Trong ជាអគ្គលេខាធិការបក្សជាផ្លូវការ នៅឯសមាជជាតិលើកទី១៤ របស់គណបក្សកុម្មុយនិស្ដវៀតណាម នៅឆ្នាំ២០២៦។ ការយល់ឃើញបែបនេះត្រូវបានទាញចេញពីស្ថានការណ៍សព្វថ្ងៃដែល លោក To Lam កំពុងគ្រប់គ្រងលើការរៀបចំ និងនីតិវិធីរបស់សមាជកបក្ស។

ដូច្នេះតើគេអាចរំពឹងអ្វីខ្លះប្រសិនបើលោក To Lam អាចកាន់តំណែងជាអគ្គលេខាធិការបក្ស រហូតដល់ឆ្នាំ២០២៦? មរតកដ៏ធំមួយបន្សល់ទុកដោយលោក Nguyen Phu Trong នោះគឺ ការប្រមូលផ្ដុំអំណាចទំាងមូលឱ្យស្ថិតនៅក្រោម «តំណែងអគ្គលេខាធិការបក្ស» និងលុបចោល «គំរូដឹកនាំស្ទីលកង់សង់ស៊ីស»។ នៅត្រង់នេះបានន័យថាវានឹងប​ន្សល់ទុកនូវអំណាចនយោបាយ ផ្ទាល់ខ្លួន ក្លាយទៅជាកត្តាចម្បងសម្រាប់ការឡើងកាន់អំណាចដឹកនាំប្រទេស ដែលនឹងត្រូវបានលោក To Lam យកគំរូតាម ហើយកាន់តែពង្រឹងអំណាចខ្លាំងជាងមុនទៀត ប្រសិនបើលោកអាច កាន់តំណែងជាអគ្គលេខាធិការបក្សបណ្ដោះអាសន្នផង និងជាប្រធានាធិបតីផង រហូតដល់សមាជបក្សនៅឆ្នាំ២០២៦។ ពីព្រោះវានឹងផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យរូបលោក ដើម្បីបង្កើតឡើងវិញ នូវគំរូដឹកនាំដែលមនុស្សម្នាក់អាចកាន់តំណែងកំពូល២ក្នុងពេលតែមួយ ខណៈយុទ្ធនាការកម្ចាត់អំពើពុករលួយនឹងនៅតែបន្តធ្វើឡើង។

ដោយឡែក បើនិយាយពីគោលនយោបាយការបរទេសវិញ វាទំនងជានឹងមិនមានអ្វីប្រែប្រួលធំដុំនោះទេ។ ក៏ប៉ុន្តែការបង្កើនការផ្តោតលើសន្តិសុខនៅក្រោមការដឹកនាំរបស់លោក To Lam អាចនឹង ទាញឱ្យគណបក្សកុម្មុយនិស្តវៀតណាមកាន់តែមានភាពជិតស្និទ្ធជាមួយសមាភាគីចិន ខណៈអាចនឹងបង្កភាពរកាំរកូសដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ជាការពិតណាស់ ជម្លោះទឹកដីជាមួយចិន នៅសមុទ្រចិនខាងត្បូង គួបផ្សំសាធាណៈមតិវៀតណាមភាគច្រើនមានទំនោរមិនចូលចិត្តចិនផងនោះ ទីក្រុងហាណូយនឹងមិនផ្អៀងខ្លាំងជ្រុលពេកទៅរកប៉េកាំងនោះទេ។ តែទោះជាបែបនេះក្ដី ភាពស្រដៀងគ្នាខាងមនោគមន៍វិជ្ជាកុម្មុយនិស្តយូរអង្វែងមកនេះ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សកុម្មុយនិស្ដនៃប្រទេសទាំង២ អាចនឹងកាន់តែត្រូវបានពង្រឹង នៅក្រោមអាណត្តិរបស់លោក To Lam។ បើដូច្នេះមែន នោះវាអាចនឹងជំរុញឱ្យមានការបង្កើតគោលនយោបាយ ដើម្បីគ្រប់គ្រងមតិប្រឆាំង និងឥទ្ធិពលវប្បធម៌លោកខាងលិចលើសាធារណមតិ វៀតណាម។ ជាឧទាហរណ៍៖ គណបក្សកម្មុយនិស្ដវៀតណាមក្រោមការដឹកនាំរបស់លោក To Lam អាចនឹងអនុម័តច្បាប់មួយស្រដៀងគ្នានឹង «ច្បាប់ប្រឆាំងចារកម្ម (Counter-Espionage Law)» ឆ្នាំ២០២៣របស់ចិន ដែលនេះអាចនឹងឈានទៅដល់ការរឹតត្បិតកាន់តែខ្លាំងលើក្រុមអង្គការសង្គមស៊ីវិល។

គួរបញ្ជាក់ថា សព្វថ្ងៃ វៀតណាមបានបង្កើនទំនាកទំនងជាមួយបណ្ដាប្រទេសលោកខាងលិច តួយ៉ាងដូចជាសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំកំពូលៗ របស់បក្សកុម្មុយនិស្ដវៀតណាម និងក្រុមមន្ត្រីសន្តិសុខជាតិនៅតែមានការសង្ស័យ និងព្រួយបារម្ភជាប់ជានិច្ចថាការវិនិយោគ ឬឥទ្ធិពលខ្លាំងជ្រុលពេករបស់លោកខាងលិចអាចនឹងបង្កអស្ថិរភាព ដល់របបដឹកនាំរបស់ពួកគេ តាមរយៈការសាបព្រោះគំនិតលោកខាងលិចប្រឆាំងនឹងប្រព័ន្ធដឹកនាំឯកបក្ស និងបណ្ដុះគំនិតបដិវត្តន៍ពណ៌។ ការព្រួយបារម្ភបែននេះមានសន្ទុះខ្លាំងនៅភាគខាងត្បូង វៀតណាម និងទីក្រុង Ho Chi Minh ជាទីដែលអ្នកស្មោះស្ម័គ្រនឹងវៀតណាមខាងត្បូងនៅតែបន្តមានវត្តមាននៅទីនោះ។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ពលរដ្ឋអាមេរិកមានដើមកំណើតមកពី វៀតណាមខាងត្បូង កាន់តែច្រើនឡើងបានត្រឡប់ចូលទៅកាន់ប្រទេសវៀតណាមវិញ។

ចុងក្រោយគេ ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកវិញ ដោយសារតែតម្លៃយុទ្ធសាស្ត្ររបស់វៀតណាមដើម្បីប្រជែងជាមួយចិន សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលទីក្រុងហាណូយឡើយ ជាពិសេស ក្រោយប្រទេសទាំង២ បានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣។ តែយ៉ាងនេះក្ដី ការបង្កើនការផ្តោតណាមួយរបស់វៀតណាម លើសន្តិសុខ អាចនឹងជំរុញឱ្យមានការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកតំណាងរាស្ត្រអាមេរិកមួយចំនួន។ លើសពីនេះទៅទៀត អតុល្យភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងវៀតណាម ក៏អាច នឹងលើកទឹកចិត្តឱ្យទីក្រុងវ៉ាស៊ីនតោនដំឡើងពន្ធលើមុខទំនិញវៀតណាមផងដែរ ជាពិសេសប្រសិនបើលោក ដូណាល់ ត្រាំ អាចត្រឡប់មកកាន់អំណាចសាជាថ្មី ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង