Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាតាក់ទិកសង្រ្គាមជើងគោក របស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 734
វិភាគអន្តរជាតិ៖ អ្វីទៅជាតាក់ទិកសង្រ្គាមជើងគោក របស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស? វិភាគអន្តរជាតិ៖ អ្វីទៅជាតាក់ទិកសង្រ្គាមជើងគោក របស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស?

(ហ៊្សេរុយសាឡិម)៖ កងកម្លាំងអ៉ីស្រាអែល បានពង្រីកការធ្វើសកម្មភាពតាមផ្លូវគោក ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ Gaza កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថាសង្រ្គាមមានគោលដៅកម្ចាត់ពួកហាម៉ាស និងដែលបានប្រព្រឹត្តទៅ អស់រយៈពេលប្រមាណជា៣សប្តាហ៍មកហើយ គឺបានឈានចូលដល់ដំណាក់កាលទី២ហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Tel Aviv លោក Netanyahu បាននិយាយថាសង្រ្គាមបាន​ឈានដល់ដំណាក់កាលថ្មី ប៉ុន្តែលោកមិនបានទទួល ស្គាល់ថាកងទ័ពអ៉ីស្រាអែលបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំតាមជើងគោក ចូលក្នុងតំបន់ហ្កាហ្សានោះទេ។ «នេះគឺជាដំណាក់កាលទី២ នៃសង្រ្គាម ដែលមានគោលដៅយ៉ាងជាក់លាក់ នោះគឺកម្ទេចសមត្ថភាពនៃការគ្រប់គ្រង និងសមត្ថភាពយោធារបស់ពួកហាម៉ាស ហើយនាំយកចំណាប់ខ្មាំងទាំងអស់ ត្រឡប់មកវិញ។ ពួកយើង​កំពុងស្ថិតនៅចំណុចចាប់ផ្តើមនៅឡើយប៉ុណ្ណោះ។ យើងនឹងកម្ចាត់សត្រូវទាំងនៅលើផ្ទៃដី និងនៅក្រោមផ្ទៃដី»។ នេះការបញ្ជាក់របស់ លោក Netanyahu។

តាមយោធាអ៉ីស្រាអែល កងទ័ព និងរថក្រោះរបស់ខ្លួនត្រូវបានចល័តចូលតំបន់ Gaza កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ដោយផ្តោតសំខាន់​លើហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហាម៉ាស រួមមានទាំងបណ្តាញផ្លូវរូងក្រោមដីដ៏ខ្វាត់ខ្វែងរបស់ពួកគេ។ ប៉ុន្តែពុំមានការបញ្ជាក់អំពីទំហំនៃចំនួន​កងទ័ព និងរថក្រោះ ដែលត្រូវបានបញ្ជូន ទៅនោះឡើយ។

* តើសង្រ្គាមជើងគោកវាយលុកចូលហ្កាហ្សា ចាប់ផ្ដើមហើយ ឬនៅ?
លោកស្រី Veronika Poniscjakova ជាអ្នកជំនាញយោធា-សន្តិសុខនៃតំបន់មជ្ឈិមបូព៌ា និងអ៉ីស្រាអែល មកពីសាកលវិទ្យាល័យ Portsmouth មានមូលដ្ឋាន ក្នុងចក្រភពអង់គ្លេស បាននិយាយថាលោក​ Netanyahu នៅតែមានការស្ទាក់ស្ទើរក្នុងការហៅ «ការវាយលុក» កាលពីចុងសប្ដាហ៍កន្លងទៅថាជាសង្គ្រាមជើងគោក ទ្រង់ទ្រាយធំ។ បើតាមអ្នកជំនាញរូបនេះ អ៉ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយតូច ជាជាងលក្ខណៈទ្រង់ទ្រាយធំ ខណៈការវាយលុកទ្រង់ទ្រាយធំអាចនឹង កើតឡើង ឬក៏អត់ គឺវាអាស្រ័យទៅលើថាតើការយល់ឃើញរបស់ប្រជាជនអ៉ីស្រាអែល និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នឹងមានការប្រែប្រួលយ៉ាងដូចម្ដេច?

ក្នុងរយៈពេលជាង ៣សប្ដាហ៍មកនេះ ពោលចាប់តាំងពីលោក Netanyahu បានប្រកាសពីផែនការរបស់លោក ក្នុងការបើកធ្វើសង្រ្គាមជើងគោកទ្រង់ទ្រាយធំចូលក្នុងតំបន់ ហ្កាហ្សា ក្នុងពេលឆាប់ៗ ដើម្បីកម្ទេចក្រុមហាម៉ាស អ្វីដែលគេកំពុងឃើញ គឺការរំពឹងនេះត្រូវបានផ្លាស់ប្ដូរ។ មានហេតុផលចម្បង នោះគឺសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត របស់អ៉ីស្រាអែល បានផ្ដល់យោបល់ឱ្យអ៉ីស្រាអែលបើកធ្វើប្រតិបត្តិការវាយលុកទ្រង់ទ្រាយតូចៗសិន និងវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ជាជាងធ្វើសង្រ្គាម ជើងគោកទ្រង់ទ្រាយធំដែលខ្លួនបានប្រកាសថានឹងធ្វើ។ ម្យ៉ាងវិញទៀត ការយល់ឃើញនៅក្នុងចំណោមប្រជាជនអ៉ីស្រាអែលក្នុងពេលបច្ចុប្បន្ន ក៏បានផ្លាស់ប្ដូរផងដែរ បើធៀបទៅនឹងពេលដែលក្រុមហាម៉ាស បើកការវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ការស្ទង់មតិកាលពីសប្ដាហ៍មុន ​ធ្វើឡើងដោយ វិទ្យាស្ថាន Panel4All បានរកឃើញ ៤៩ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ បានជំទាស់ទៅនឹងការបើកប្រតិបត្តិការយោធាតាមជើងគោកភ្លាមៗ ខណៈ២៩ភាគរយ ប៉ុណ្ណោះបាននិយាយថាអ៉ីស្រាអែលគួរតែវាយលុកចូលហ្កាហ្សាភា្លមៗ។

លើសពីនេះទៅទៀត បញ្ហាចោទមួយទៀត គឺថាតើកងទ័ពអ៉ីស្រាអែល អាចកម្ទេចហាម៉ាសបានដោយជោគជ័យ ដោយមិនបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងជាង ២០០នាក់ ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស បានយ៉ាងដូចម្ដេច? ខណៈក្រុមអ្នកវិភាគយោធាភាគច្រើនយល់ថាឧបសគ្គចម្បងខាងយោធាដែលកងទ័ពអ៉ីស្រាអែល ត្រូវប្រឈមមុខក្នុងតំបន់ហ្កាហ្សា នោះគឺផ្លូវរូងក្រោមដីដែលអាចអនុញ្ញាតឱ្យក្រុមហាម៉ាសលាក់ខ្លួន និងវាយឆ្មក់លើកងទ័ពអ៉ីស្រាអែលមិនឱ្យដឹងខ្លួន។ ដូច្នេះគេអាចនឹង បានឃើញអ៉ីស្រាអែលធ្វើប្រតិបត្តិការវាយលុកទ្រង់ទ្រាយតូចៗ រយៈពេលច្រើនសប្ដាហ៍ ឬច្រើនខែទៅមុខ។

* ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ
មកទល់នឹងពេលនេះ គេមិនទាន់ដឹងនោះទេថាតើកងទ័ពអ៉ីស្រាអែលប៉ុន្មាននាក់ និងរថក្រោះប៉ុន្មានគ្រឿងដែលបានចូលទៅក្នុងតំបន់ហ្កាហ្សា។ តែក្នុងសេចក្ដីថ្លែងការណ៍ មួយ ចេញផ្សាយបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាហូរហែរពីការវាយលុកតាមជើងគោករបស់អ៉ីស្រាអែល លោក Jonathan Panikoff ជានាយកគំនិតផ្ដួចផ្ដើម Scowcroft Middle East Security Initiative នៃកម្មវិធី Middle East Program នៃវិទ្យាស្ថាន Atlantic Council បាននិយាយថា វានៅតែមានសំណួរបើក គឺថាតើអ្វីទៅជាទំហំ និងវិសាលភាពនៃសង្រ្គាមជើងគោក។

លោក Jonathan Panikoff បានចោទសួរដូច្នេះថា «នេះទើបតែជាការចាប់ផ្ដើមនៃការវាយលុកជើងគោកទ្រង់ទ្រាយធំមួយ ឬក៏នេះគឺជាការត្រៀមលក្ខណៈសម្រាប់ ប្រតិបត្តិការប្រឆាំងការបះបោរទ្រង់ទ្រាយតូច និងប្រយ័ត្នប្រយែងបំផុត?»។ យ៉ាងណាក៏ដោយ ដូចគ្នាទៅនឹងលោកស្រី Poniscjakova លោក Panikoff បានលើកឡើងថា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស អាចនឹងត្រូវចំណាយពេលយូរ អាចច្រើនសប្ដាហ៍ ឬខែ ដូចដែលលោក Netanyahu បានទទួលស្គាល់ថា អ៉ីស្រាអែលកំពុងស្ថិតនៅចំណុចទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៉ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំរបស់ហាម៉ាស បានសម្លាប់មនុស្សយ៉ាងហោច ១,៤០០នាក់ ដែលភាគច្រើនគឺជា ជនស៉ីវិល ហើយមនុស្សជាង ២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយកទៅតំបន់ Gaza។ ចំណែក បើតាមអាជ្ញាធរតំបន់ Gaza វិញ មនុស្សលើស ៨,០០០នាក់ហើយ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង