Grand News Asia Close

វិភាគអន្តរជាតិ៖ តើប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល អាចទប់ការវាយប្រហារពីអ៉ីរ៉ង់ ហ៊ូទី និងហេសបូឡា បានដែរទេ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 259
វិភាគអន្តរជាតិ៖ តើប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល អាចទប់ការវាយប្រហារពីអ៉ីរ៉ង់ ហ៊ូទី និងហេសបូឡា បានដែរទេ? វិភាគអន្តរជាតិ៖ តើប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល អាចទប់ការវាយប្រហារពីអ៉ីរ៉ង់ ហ៊ូទី និងហេសបូឡា បានដែរទេ?

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអ៉ីស្រាអែលតែងតែនិយាយជារឿយៗថាប្រទេសរបស់ពួកគេមានប្រព័ន្ធការពារដែនអាកាសល្អដាច់គេនៅលើពិភពលោក។ ប៉ុន្តែសព្វថ្ងៃ ប្រព័ន្ធការពារដែនអាកាស មានតម្លៃរាប់ពាន់លានដុល្លារទាំងនេះកំពុងស្ថិតនៅក្រោមការធ្វើតេស្ដពីការវាយប្រហារដោយចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ៉ីស្រាអែលក៏កំពុងត្រៀមលក្ខណៈ ផងដែរចំពោះលទ្ធភាពនៃការសងសឹកតាមរយៈការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៉ីរ៉ង់ ដែលបានចោទអ៉ីស្រាអែលថាជាអ្នកសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១​ ខែកក្កដាកន្លងទៅ។ ចលនាប្រដាប់អាវុធ ២ផ្សេងទៀត គឺក្រុមហេសបូឡាមានមូលដ្ឋាននៅលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន ក៏បានបង្កើន ការវាយប្រហារលើអ៉ីស្រាអែលដែរ ជាមួយការប្រើប្រាស់ដ្រូនបំពាក់គ្រឿងផ្ទុះ ដែលបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើលខ្លាំងជាងមីស៊ីល និងគ្រាប់រ៉ុក្កែត ដោយវាអាចហោះពីលើក្បាល ខែលការពារដែនអាកាសរបស់អ៉ីស្រាអែល។ ដូច្នេះតើប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល អាចនឹងទប់ទល់នឹងការវាយប្រហារពីអ៉ីរ៉ង់ ហេសបូឡា និងក្រុមហ៊ូទី បានដែរឬទេ? ខាងក្រោមនេះ ជាចំណុចសំខាន់ៗគួរដឹង៖

* តើអ្វីទៅជាការគំរាមកំហែងដល់អ៉ីស្រាអែល?
យោធាអ៉ីរ៉ង់ ត្រូវបានរាយការណ៍ថាមានស្តុកទុកមីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូសក្នុងចំនួនដ៏ច្រើន ព្រមទាំងដ្រូនមានសមត្ថភាពខ្ពស់ តែមានតម្លៃថោក។ អ៉ីរ៉ង់កាលពីខែមេសាកន្លងទៅ បានបើកការវាយប្រហារសងសឹកតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីស្រាអែល បន្ទាប់ពីចោទថាអ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើស្ថានកុងស៊ុលអ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលបាន សម្លាប់មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់។ ចំណែក អ៉ីស្រាអែល និងក្រុមហេសបូឡាសបានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកស្ទើរតែជារៀងៗរាល់ថ្ងៃនៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំង២ ដោយបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមពេញទំហឹងនឹងគ្នា។ បន្ថែមពីលើដ្រូន ហេសបូឡាត្រូវបានគេជឿថាមានមីស៊ីល និងគ្រាប់រ៉ុក្កែតប្រហែលជា ១៥០ ០០០គ្រាប់ នៅក្នុងឃ្លាំង ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ ដែលអាចទម្លុះចូលជ្រៅក្នុងទឹកដីអ៉ីស្រាអែល ក៏ដូចជាវាយប្រហារលើទីក្រុងធំៗ មូលដ្ឋានយោធា អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីជាដើម។ នេះបើតាមការវាយតម្លៃរបស់យោធាអ៉ីស្រាអែល។

ដោយឡែក ក្រុមហ៊ូទីវិញ ក្រៅតែវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងតំបន់សមុទ្រក្រហម ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែនមួយនេះ ក៏ធ្លាប់បាញ់ មីស៊ីលបាលិស្ទីគ និងដ្រូនលើអ៉ីស្រាអែលផងដែរ។ កាលពីថ្ងៃទី១៩ ខែកក្កដា ដ្រូនមួយគ្រឿងរបស់ហ៊ូទីបានវាយប្រហារលើអគារមួយស្ថិតនៅចំកណ្ដាលទីក្រុង Tel Aviv សម្លាប់បុរសម្នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។ នេះគឺជាការវាយប្រហារដោយដ្រូន បណ្ដាលឱ្យមានមនុស្សស្លាប់លើកដំបូងបំផុតនៅលើទឹកដីអ៉ីស្រាអែល។ ក្រោយការវាយប្រហារដោយដ្រូននេះ បានមួយថ្ងៃ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Hodeidah ស្ថិតនៅចម្ងាយជិត ២០០០គីឡូម៉ែត្រពីអ៉ីស្រាអែល ដោយសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងការវាយប្រហារដោយផ្ទាល់ ជាលើកដំបូងរបស់ខ្លួនលើយេម៉ែន។ ​

* តើអ៉ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសអ្វីខ្លះ?
នៅពេលនិយាយដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែល មនុស្សគ្រប់គ្នាប្រាកដជាគិតមុនគេទៅដល់ Iron Dome ដែលជាប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបបំផុតរបស់អ៉ីស្រាអែល។ Iron Dome បានស្ទាក់ចាប់បំផ្លាញគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់បាញ់ចេញពីក្រុមហេសបូឡា និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១១មក។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ អភិវឌ្ឍឡើងដោយក្រុមហ៊ុនអ៉ីស្រាអែល Rafael Advanced Defense Systems និងសហការផលិតជាមួយក្រុមហ៊ុនអាមេរិក Raytheon Technologies ចាប់តាំងពីឆ្នាំ២០១៤។ Iron Dome មានសមត្ថភាពបាញ់កម្ទេចមីស៊ីល ឬគ្រាប់រ៉ុក្កែត និងដ្រូនជាមួយរយៈចម្ងាយខ្លីចាប់ពី៤ ទៅ៧០គីឡូម៉ែត្រ។ កងទ័ពអ៉ីស្រាអែលបានអះអាងថា Iron Dome អាចស្ទាក់បំផ្លាញអាវុធទាំងនេះ ក្នុងអត្រា ៩០ភាគរយ មុនពេលពួកវាហោះតម្រង់ទៅរកតំបន់ទីប្រជុំជន។ យោធាអ៉ីស្រាអែលកាលពីខែមេសាកន្លងទៅ បានប្រកាសថាប្រព័ន្ធខែលប្រឆាំងមីស៊ីលមួយដែលជាកំណែថ្មីនៃ Iron Dome មានឈ្មោះថា C-Dome ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមហេសបូឡាប្រឆាំងនឹងកន្លែងរុករកប្រេង ឬកប៉ាល់របស់អ៉ីស្រាអែល។

David’s Sling៖ ក្នុងឆ្នាំ២០១៧ អ៉ីស្រាអែលបានដំឡើងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយពីមធ្យម ទៅរយៈចម្ងាយឆ្ងាយដែលគេស្គាល់ថា David’s Sling។ David’s Sling​ ជាប្រព័ន្ធខែល ប្រឆាំងមីស៊ីល ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Rafael និង Raytheon ហើយមានសមត្ថភាពចាប់សញ្ញា និងកម្ទេចមីស៊ីលបាលិស្ទីគ គ្រូសមីស៊ីល រួមទាំងដ្រូន នៅរយៈចម្ងាយ ២០០គីឡូម៉ែត្រ។ រយៈចម្ងាយនេះ គឺគ្របដណ្ដប់ទាំងមូលលើភាគខាងត្បូងប្រទេសលីបង់ ព្រមទាំងតំបន់ហ្កាហ្សា។

Arrow៖ អ៉ីស្រាអែលមានប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow ដែលផ្សំឡើងពីប្រព័ន្ធ Arrow 2 និង Arrow 3។ ក្រុមអ្នកអភិវឌ្ឍបាននិយាយថាប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow អាចស្ទាក់បំផ្លាញ មីស៊ីល ក្នុងរយៈចម្ងាយដល់ទៅ ២៤០០គីឡូម៉ែត្រ។ កាន់តែពិសេសទៅទៀតនោះ គឺ Arrow អាចបាញ់កម្ទេចមីស៊ីលនៅលើបរិយាកាសផែនដីជាទីដែលមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ ចំណាយពេលមួយផ្នែកត្រូវហោះឆ្លងកាត់។ Arrow អាចនឹងត្រូវបានដាក់ឱ្យដំណើរការ ប្រសិនបើក្រុមហ៊ូទី និងចលនាប្រដាប់អាវុធផ្សេងទៀតគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងអ៉ីរ៉ាក់ បើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជួយហេសបូឡា។

Iron Beam៖ យោធាអ៉ីស្រាអែល កំពុងធ្វើតេស្ដលើប្រព័ន្ធការពារដែនអាកាសស៊េរីថ្មីមួយមានឈ្មោះថា Iron Beam ដែលប្រើប្រាស់ឡាស៊ែរដើម្បីស្ទាក់ចាប់មីស៊ីល ឬដ្រូន ក្នុងរយៈចម្ងាយ ប្រហាក់ប្រហែលនឹង Iron Dome ដែរ តែចំណាយអស់តិចជាង។ Iron Beam ត្រូវបានគេរំពឹងថាអាចនឹងត្រូវដាក់ឱ្យប្រើនៅមុនពាក់កណ្ដាលឆ្នាំ២០២៥។

* ដូច្នេះតើប្រព័ន្ធការពារដែនអាកាសទាំងនោះពិតជាគ្មានគូប្រៀប មែនឬ?
តាមពិតទៅ ក្រុមហេសបូឡា បានបង្កការខូចខាត និងបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរបួសរួចទៅហើយ នៅភាគខាងជើងអ៉ីស្រាអែល ជាមួយការប្រើប្រាស់ដ្រូនអត្តឃាតបំពាក់គ្រឿងផ្ទុះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមដ្រូនទាំងនោះមានដ្រូនខ្លះអាចហោះឆ្លងផុត ប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែលបានទៀតផង។ មើលឃើញពីប្រសិទ្ធភាពរបស់ដ្រូន ក្រុមអ្នកវិភាគជឿថាហេសបូឡានឹងបង្កើនស្ដុកដ្រូនប្រភេទនេះ។ ការវាយប្រហារដោយដ្រូនពីសំណាក់ក្រុមហ៊ូទី លើទីក្រុង Tel Aviv ដែលមិនបានធ្វើឱ្យប្រព័ន្ធប្រកាសអាសន្នរបស់អ៉ីស្រាអែល បន្លឺសំឡេងឡើង ក៏បានបង្ហាញដែរថាអ៉ីស្រាអែលងាយរងគ្រោះនឹងការវាយប្រហារពីដ្រូន។ ខាងយោធាអ៉ីស្រាអែលបាននិយាយថាដ្រូនរបស់ក្រុមហ៊ូទីត្រូវបានចាប់សញ្ញា តែបរាជ័យក្នុងការស្ទាក់ បំផ្លាញ គឺដោយសារកំហុសរបស់មនុស្ស។

យោធាអ៉ីស្រាអែលថែមទាំងបានទទួលស្គាល់ទៀតផងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្នុងនោះរួមមាន Iron Dome អាចនឹងជួបបញ្ហាធំ នៅពេលត្រូវប្រឈមមុខនឹងមីស៊ីលក្នុងចំនួនដ៏ច្រើន ក្នុងពេលតែមួយ។ អ៉ីស្រាអែលរំពឹងថាហេសបូឡា អាចនឹងបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីល ៣០០០គ្រាប់ក្នុងមួយថ្ងៃនៅក្នុងសង្រ្គាមមួយ ហើយដែលបរិមាណនេះគឺលើសពីសមត្ថភាពស្ទាក់ចាប់របស់ ប្រព័ន្ធការពារដែនអាកាស។ ម្យ៉ាងប្រព័ន្ធការពារដែនអាកាសស៊េរីថ្មីរបស់អ៉ីស្រាអែល ក៏ទើបតែបានឆ្លងកាត់ការធ្វើតេស្តជាក់ស្ដែងនៅលើសមរភូមិកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។ ក្នុងនោះ Arrow 3 ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Israel Aerospace Industries និង Boeing បានប្រឡូកចូលក្នុងសមរភូមិកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលបាញ់ទម្លាក់មីស៊ីលមួយគ្រាប់បាញ់ចេញ ដោយក្រុមហ៊ូទី ឆ្ពោះទៅកាន់ភាគខាងត្បូងអ៉ីស្រាអែល។ រីឯ David’s Sling បានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតបាញ់ចេញពីតំបន់ហ្កាហ្សា ក្នុងការវាយប្រយុទ្ធគ្នាមួយដែលផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធការពារដែនអាកាសទាំង២នេះ ត្រូវបានប្រើប្រាស់ដោយជោគជ័យក្នុងការស្ទាក់ចាប់បាញ់ទម្លាក់មីស៊ីលបាញ់ចេញពីអ៉ីរ៉ង់កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ។ គួរបញ្ជាក់ថា អំឡុង ការវាយប្រហារនេះ អ៉ីស្រាអែល និងសម្ព័ន្ធមិត្តបានអះអាងថាបានស្ទាក់ចាប់បំផ្លាញក្នុងអត្រា ៩៩ភាគរយនៃមីស៊ីល និងដ្រូនជាង ៣០០ ដែលបាញ់ស្រោចលើអ៉ីស្រាអែល ដោយក្នុងនោះមាន ភាគច្រើនលើសលប់ត្រូវបានបាញ់ទម្លាក់ មុននឹងហោះចូលក្នុងដែនអាកាសអ៉ីស្រាអែល។ តែទោះជាបែបនេះក្ដី ជោគជ័យរបស់អ៉ីស្រាអែលក៏មានការចូលរួមចំណែកជួយពី ពីឡុតយន្ដហោះចម្បាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ ជោគជ័យបែបនេះប្រហែលជាមិនអាចកើតឡើងម្ដងទៀតទេ នៅក្នុងសង្រ្គាមមានរយៈពេលច្រើនសប្ដាហ៍ ឬច្រើនខែជាមួយក្រុមហេសបូឡា និងក្រុមហ៊ូទី ឬជាមួយអ៉ីរ៉ង់៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង