Grand News Asia Close

បញ្ឈប់វប្បធម៌វិប្បដិសារីសង្គម, ពូនផ្តុំវប្បធម៌ឱ្យ​តម្លៃពេលរស់ ថែរក្សាពេលមាន

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1015
បញ្ឈប់វប្បធម៌វិប្បដិសារីសង្គម, ពូនផ្តុំវប្បធម៌ឱ្យ​តម្លៃពេលរស់ ថែរក្សាពេលមាន រូបតំណាង

នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។  បាតុភូតសង្គមនោះគឺ​«ទាល់តែ​មនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់​តែ​​វត្ថុឬ​កេរ​ដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរ​​ពញ្ញាក់​មនសិការ​ដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពល​និងពូកែ​ខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់​អ្វី​ដែលកំពុង​មាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ?

ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត “ចាំស្តាយក្រោយ” នេះមិនមែនគ្រាន់តែជាវិបត្តិនៃអារម្មណ៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា “វិបត្តិមន​សិការរួម» និងជា “វិប្បដិសារីសង្គម” ដែលកំពុងរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ​និង​ការបណ្តុះ​ស្មារតីម្ចាស់ការរបស់សង្គមជាតិទាំងមូល។

នៅពេលដែលមនុស្សរស់—ជាពិសេសអ្នកមានសមត្ថភាព អ្នកច្នៃប្រឌិត អ្នកដឹកនាំគំរូ និងអ្នកធ្វើការដើម្បី​ប្រយោជន៍​សង្គម—មិនទទួលបានការលើកទឹកចិត្ត គាំទ្រ ឬផ្តល់តម្លៃឱ្យបានសមស្របពីបរិយាកាសជុំវិញខ្លួន ពួកគេនឹងធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្តនិងអស់ថាមពលពីខាងក្នុង។ ផលវិបាកចុងក្រោយចំពោះ​សង្គមគឺ កង្វះ​ធនធានមនុស្សសកម្ម និងការបាត់បង់ចលករនៃវឌ្ឍនភាពជាតិ។

ការផ្អើលធ្វើបុណ្យ លើកតម្កើង ឬសម្តែងការសោកស្តាយយ៉ាងគគ្រឹក​គគ្រេងតែ​នៅ​ពេ​លមនុស្សស្លាប់​ទៅ​ហើយ វាជាកាតព្វកិច្ចដ៏ប្រពៃ​មួយរបស់អ្នកនៅរស់។ ប៉ុន្តែជារឿយៗវាគ្រាន់តែជាការបំពេញ​មុខ​មាត់​សង្គម ឬជាការបង្ហាញអារម្មណ៍សោកស្តាយដែលហួសពេលតែប៉ុណ្ណោះ។ វប្បធម៌បែបនេះ កំពុង​បញ្ជូន​​សារដ៏ខុសឆ្គងមួយទៅកាន់មនុស្សទូទៅ ជាពិសេសយុវជនជំនាន់ក្រោយ ដោយធ្វើឱ្យពួកគេ​យល់​​ច្រឡំ​ថា ការខិតខំប្រឹង​ប្រែង ភាពជាពលរដ្ឋសកម្មនិងការលះបង់របស់ពួកគេដើម្បីសង្គមជាតិ​នឹង​គ្មាន​ន័យ គ្មានអ្នក​ដឹង​ឮ​ឡើយ លុះត្រាតែពួកគេលាចាកលោកនេះទៅ។ វាក៏បង្កើតឱ្យមានភាពព្រងើយកន្តើយ​ចំពោះ​ទ្រព្យ​សម្បត្តិវប្បធម៌ បេតិកភណ្ឌ និងបរិស្ថាន ដោយរង់ចាំរហូតដល់វត្ថុទាំងនោះរងការបំភ្លេចបំផ្លាញទើប​នាំ​គ្នាបង្កើតចលនាស្រឡាញ់ជាតិមួយឆាវបែបភ្លើងចំបើង ដែលខ្វះចីរភាពនិងខ្វះយុទ្ធសាស្ត្រពិតប្រាកដ។

ការសម្តែងការសោកស្តាយនៅពេលហួសពេល វាមិនខុសពី «ការផ្តល់ឆ័ត្រឱ្យមនុស្សនៅពេល​ដែល​ភ្លៀង​រាំងហើយនោះទេ»។ វាគ្មានតម្លៃ និងគ្មានផលចំណេញអ្វីឡើយសម្រាប់អ្នកដែលបានបាត់បង់ជីវិត ឬវត្ថុ​ដែល​ត្រូវបានបំផ្លាញទៅហើយនោះ។

ផ្នត់គំនិតដែលត្រូវផ្លាស់ប្តូរពីការស្តាយក្រោយបែបអកម្ម មកជាម្ចាស់ការបែបបុរេសកម្ម

ដើម្បីកសាងសង្គមមួយដែលមានភាពចាស់ទុំខាងបញ្ញា និងស្មារតី យើងត្រូវរួមគ្នាបង្កើតរបត់ថ្មីមួយដោយ​បំប្លែង “ការសោកស្តាយបែបអកម្ម” (Passive Regret) មកជា “សកម្មភាពបែបបុរេសកម្ម” (Proactive Action) តាមរយៈការផ្លាស់ប្តូរទម្លាប់ផ្ទុយគ្នានៃការអនុវត្តជាក់ស្តែង។ យើងត្រូវហ៊ានលះបង់ចោល​នូវ​វប្បធម៌​ចាំផ្អើលចូលបុណ្យសពយ៉ាងគគ្រឹកគគ្រេង ឬចាំរៀបរាប់គុណសម្បត្តិលាចាកលោក ហើយងាក​មក​​បង្កើតទម្លាប់​ឧបត្ថម្ភជីវភាព ផ្ដល់សន្តិសុខ និងសេវាសុខភាពដិតដល់ដល់អ្នកលះបង់ដើម្បីសង្គមជាតិ​និង​ធនធានមនុស្សចាស់ជរា ឬ នៅពេលដែលពួកគាត់កំពុងមានដង្ហើមរស់នៅវិញ។ ស្របពេលជាមួយ​គ្នា​នេះ ជំនួសឱ្យការចំណាយពេលសរសេរអត្ថបទកោតសរសើរយ៉ាងវែង​អន្លាយនៅលើបណ្តាញ​សង្គមតែ​នៅពេលបុគ្គលណាម្នាក់ស្លាប់បាត់ទៅនោះ យើងត្រូវចេះបង្ហាញការគាំទ្រ លើកទឹកចិត្ត និងចែករំលែក​ស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងគុណតម្លៃរបស់ពួកគាត់នៅថ្ងៃនេះ នាទីនេះ ដើម្បីជាកម្លាំងចិត្ត​ឲ្យពួកគាត់​បន្តបង្កើតផលវិជ្ជមាន។ ចំពោះទ្រព្យសម្បត្តិជាតិ វប្បធម៌ និងបរិស្ថាន ក៏ត្រូវបោះបង់ចោលដែរនូវ​ទម្លាប់​គិត​បែបអសកម្ម ដែលរង់ចាំតែស្រែកស្តាយស្រណោះ និងជេរប្រកាសកំហុសនៅពេល​បេតិកភណ្ឌរង​ការបំភ្លេចបំផ្លាញ ហើយត្រូវជំនួសមកវិញដោយការចូលរួមជាកម្លាំង ថវិកា និងយុទ្ធសាស្ត្រពិតប្រាកដ ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទ្រព្យសម្បត្តិជាតិឱ្យមានចីរភាពតាំងពីពេលនេះតទៅ។ លើសពីនេះទៅ​ទៀត របត់ផ្នត់គំនិតដ៏សំខាន់បំផុត គឺការបញ្ឈប់ការមើលរំលងមនុស្សជុំវិញខ្លួន មិនថាក្នុងរង្វង់គ្រួសារ ឬមិត្តរួមការងារ ដោយចាត់ទុកទង្វើល្អរបស់ពួកគេជាកាតព្វកិច្ចធម្មតានោះឡើយ ពោលគឺត្រូវអនុវត្ត «កតញ្ញូតាធម៌បែបសកម្ម» (Active Gratitude) តាមរយៈការហ៊ានពោលពាក្យអរគុណ ស្ញប់ស្ញែង និងលើកទឹកចិត្តចំពោះមុខភ្លាមៗ ដើម្បីឱ្យផ្កាស្រឡាញ់ និងការឱ្យតម្លៃ អាចរីកស្គុសស្គាយនៅក្នុងចិត្តរបស់​មនុស្សរស់ មុនពេលគ្រប់យ៉ាងហួសពេលនិងក្លាយជាវិប្បដិសារី។

យុទ្ធសាស្ត្រគន្លឹះ ៤ យ៉ាងដើម្បីបណ្តុះចរិតលក្ខណៈជាតិបែបឱ្យ​តម្លៃពេលរស់ ថែរក្សាពេលមាន

ដល់ពេលហើយ ដែលយើងទាំងអស់គ្នា ទាំងផ្នែកសាធារណៈ សង្គមស៊ីវិល និងវិស័យឯកជន ត្រូវរួមគ្នា​ផ្លាស់​ប្តូរទម្លាប់ និងបង្កើតយន្តការចរិតលក្ខណៈពិតប្រាកដ៖

១) ការអប់រំចរិតលក្ខណៈ និង កតញ្ញូតាធម៌បែបសកម្ម (Character Education & Active Gratitude)៖ ការអប់រំគប្បីឈប់ផ្ដោតតែលើការបង្រៀន​ឱ្យស្គាល់វីរជនក្នុងសៀវភៅប្រវត្តិសាស្ត្រ តែត្រូវ​ជំរុញ​​ការអប់រំ​ចរិត​លក្ខណៈ ដែលបង្រៀនឱ្យសិស្សានុសិស្សចេះស្វែងរក ផ្តល់តម្លៃ និងរៀនសូត្រពី “វីរជនរស់” ដែលកំពុងធ្វើសកម្មភាពវិជ្ជមាននៅក្នុងសហគមន៍ផ្ទាល់។ ការអប់រំត្រូវបណ្តុះទម្លាប់ឱ្យកុមារនិង​យុវជនចេះ​មើលឃើញទង្វើល្អរបស់ដទៃ និងចេះបង្ហាញសេចក្តីដឹងគុណដោយសកម្ម មិនមែនដោយ​ការស្ងៀម​ស្ងាត់នោះទេ។

២) យុទ្ធនាការ «អបអរសាទរឥឡូវនេះ» (Celebrate Now) ក្នុងប្រព័ន្ធផ្សព្វផ្សាយ៖ អ្នកបង្កើតមាតិកា (Content Creators) និងស្ថាប័នព័ត៌មានត្រូវងាកមកបង្កើតវេទិកាលើកតម្កើងស្នាដៃ គំនិតច្នៃប្រឌិត និងជីវិតរបស់បុគ្គលឆ្នើម សិល្បករ អ្នកធ្វើការងារសង្គម ឬបញ្ញវន្តក្នុងពេលដែលពួកគាត់មានសុខភាពល្អ និងមានជីវិត​រស់​នៅ ឱ្យ​បានច្រើនជាងមុន។ ការធ្វើបែបនេះ មិនត្រឹមតែផ្តល់ថាមពលដល់ពួកគាត់នោះទេ តែវាក៏ជាការសាបព្រោះគំរូល្អនិងភាពវិជ្ជមានទៅក្នុងចិត្តគំនិតរបស់យុវជនជំនាន់ក្រោយឱ្យចង់ធ្វើអំពើល្អ ផងដែរ។

៣) គោលនយោបាយគាំទ្រនិងយន្តការកសាងជាតិពិតប្រាកដ៖ រដ្ឋនិងស្ថាប័នពាក់ព័ន្ធត្រូវបង្កើត​ប្រព័ន្ធ​គាំ​ទ្រ​ពិតប្រាកដ។ ការផ្តល់តម្លៃត្រូវ​ស្តែង​ចេញជាសន្តិសុខសង្គម ការផ្តល់ការទទួលស្គាល់ និងកញ្ចប់ថវិកាគាំទ្រ​ស​កម្មភាពពិតៗ ជាពិសេស​សម្រាប់​ធនធានមនុស្សចាស់ជរា និងសម្រាប់កេរដំណែលវប្បធម៌-បរិស្ថាន មិនមែនរង់ចាំតែ​យន្តការ​សង្គ្រោះ​បន្ទាន់ ឬថវិកាចូលបុណ្យសពនោះទេ។

៤) គ្រួសារជាសាលាបណ្តុះសន្តិសុខខាងផ្លូវចិត្ត៖ នៅក្នុងគ្រួសារ យើងត្រូវបង្កើតទម្លាប់ហ៊ាននិយាយពាក្យ «អរគុណ» «ខ្ញុំមាន​មោទនភាព​ចំពោះអ្នក» ឬ «ខ្ញុំស្រឡាញ់អ្នក» ទៅកាន់មនុស្សជុំវិញខ្លួននៅ​ចំពោះមុខ​ឱ្យ​បានញឹក​ញាប់ និងដិតដល់បំផុត។ គ្រួសារដែលចេះផ្តល់តម្លៃឱ្យគ្នាពេលរស់ គឺជារបងការពារផ្លូវចិត្តដ៏​រឹងមាំ​​បំផុតសម្រាប់សមាជិកម្នាក់ៗ។

សរុបមកសង្គមមួយដែលមានភាពចាស់ទុំខាងបញ្ញា ស្មារតី និងមានការអភិវឌ្ឍប្រកបដោយចីរភាព គឺ​សង្គម​ដែល​ចេះ​​​ប្រើប្រាស់​វប្បធម៌ “សរសើរពេលរស់ ថែរក្សាពេលមាន”។ ចលនាស្រឡាញ់ជា​តិ​ត្រូវ​តែប្លែងពីការឆេះបែបភ្លើងចំបើងមួយឆាវ ទៅជា “ពន្លឺបំភ្លឺផ្លូវ” ទើបមានចីរភាព។

សូមកុំចាំទាល់តែ​​បាត់បង់ ទើបដឹង​ថាវា​មានតម្លៃ ហើយក៏សូមកុំចាំទាល់តែលាចាកលោក ទើបបង្ហាញថា​យើងស្រឡាញ់។ សកម្មភាពដែលឆ្លាតវៃ ទាន់ពេល និងមានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិ គឺការ​វិនិយោគលើការថែរក្សា លើកទឹកចិត្ត និងគាំទ្ររាល់មនុស្ស និងវត្ថុដែលកំពុងនៅ​ចំពោះមុខយើងនៅ​ថ្ងៃ​នេះ​ និងនៅពេលនេះ។ ការស្រឡាញ់ជាតិ និងមនុស្សជាទីស្រឡាញ់ មិនមែនជាកិច្ចការបង្ហើយកិច្ចពេល​ហួសពេលនោះទេ តែវាជាកាតព្វកិច្ចពលរដ្ឋដែល​ត្រូវធ្វើជាប្រចាំ ដើម្បីកុំឱ្យពាក្យថា “ស្តាយស្រណោះ” ក្លាយជាវិប្បដិសារីសង្គមដែលដេញតាមយាយីយើងមិនចេះចប់មិនចេះហើយ៕ -Khmer Post-

ដោយ៖ ប៉ា ចន្ទរឿន,

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកបណ្តុះបណ្តាលការអភិវឌ្ឍភាព​ជាអ្នកដឹកនាំ

អត្ថបទទាក់ទង