Grand News Asia Close

វិភាគអន្តរជាតិ៖ ក្នុងពេលផុងខ្លួនក្នុងសង្រ្គាមអ៉ីរ៉ង់ លោក ត្រាំ ងាកទៅរកមនុស្សធ្លាប់ស្គាល់ គឺលោក គីម ជុងអ៊ុន

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 16:07 pm ទស្សនៈ-Opinion 1069
វិភាគអន្តរជាតិ៖ ក្នុងពេលផុងខ្លួនក្នុងសង្រ្គាមអ៉ីរ៉ង់ លោក ត្រាំ ងាកទៅរកមនុស្សធ្លាប់ស្គាល់ គឺលោក គីម ជុងអ៊ុន វិភាគអន្តរជាតិ៖ ក្នុងពេលផុងខ្លួនក្នុងសង្រ្គាមអ៉ីរ៉ង់ លោក ត្រាំ ងាកទៅរកមនុស្សធ្លាប់ស្គាល់ គឺលោក គីម ជុងអ៊ុន

(វ៉ាស៊ីនតោន)៖ លើកចុងក្រោយបំផុតដែលបានប្ដេជ្ញាបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបទល់មុខគ្នាចំនួន៣លើក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយថែមទាំងមានប្រកាសទៀតផងថាមេដឹកនាំនៃប្រទេសទាំង២បានបង្កើតទំនាក់ទំនងដ៏អស្ចារ្យមួយ។ តែនៅទីបំផុតទៅ លោក ត្រាំបានឡើងជិះយន្ដហោះត្រឡប់ទៅសហរដ្ឋអាមេរិកទាំងបាតដៃទទេរ។ រឿងទាំងអស់នេះបានកើតឡើងក្នុងអាណត្តិទី១របស់លោក ត្រាំ។ គ្រាន់តែកិច្ចចរចាតាមផ្លូវការទូតទទួលបរាជ័យ លោក គីម បានចាប់ផ្ដើមពន្លឿនភ្លាមៗនូវកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់លោក។ សព្វថ្ងៃកូរ៉េខាងជើងត្រូវបានគេប៉ាន់ស្មានថាកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦០គ្រាប់ ព្រមទាំងមានមីស៊ីលបាលិស្ទីគអន្តរទ្វីបមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។

បច្ចុប្បន្ន អស់រយៈពេលជាច្រើនខែមកហើយ អ្នកជំនាញខាងការរីកសាយអាវុធនុយក្លេអ៊ែរបានចោទសួរនូវសំណួរថាតើលោក ត្រាំ អាចនឹងដើរចេញដោយបាតដៃទទេរពីកិច្ចប្រឹងប្រែងរំសាយកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែរឬក៏យ៉ាងណា? ជាពិសេសក្នុងពេលដែលលោក ត្រាំហាក់កំពុងផ្តោតលើការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាជាងផ្តោតលើការដោះស្រាយបញ្ហាស្ដុកអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ដែលត្រូវបានកប់នៅក្រោមគំនរបែកបាក់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២៥។ ដោយពុំទាន់អាចរកច្រកចេញពីសង្រ្គាមជាមួយអ៉ីរ៉ង់ លោក ត្រាំប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបានបង្កើនការផ្ដោតត្រឡប់ទៅរកកូរ៉េខាងជើងវិញ បើទោះជាក្រុមអ្នកវិភាគមើលឃើញពីលទ្ធភាពតិចតួចបំផុត ឬសឹងតែមិនអាចទៅរួចក្នុងការជំរុញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ត្រាំបានកោតសរសើរលោក គីម ជុងអ៊ុន និងបានចេញបញ្ជាជាសាធារណៈឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំបានច្រើនបំផុតជាមួយកូរ៉េខាងត្បូងដែលជាសម័្ពន្ធមិត្តដ៏សំខាន់មួយរបស់វ៉ាស៊ីនតោន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ភាសាទន់ភ្លន់របស់លោក ត្រាំ ចំពោះកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាការឱ្យសញ្ញាថារូបលោកមានបំណងចង់ចាប់ផ្ដើមកិច្ចចរចាឡើងវិញជាមួយលោក គីម។ រហូតមកទល់នឹងថ្ងៃទី១៨ ខែសីហា វាមិនទាន់ច្បាស់ថាតើមន្ទីរបញ្ចកោណនឹងកាត់បន្ថយតួនាទីរបស់ខ្លួនក្នុងសមយុទ្ធយោធាមានរយៈពេល១១ថ្ងៃជាមួយកូរ៉េខាងត្បូង ដោយរបៀបណានោះទេ? ហើយសេចក្ដីថ្លែងការណ៍ដែលមានត្រឹមមួយបន្ទាត់របស់មន្ទីរបញ្ចកោណក៏មិនបានផ្ដល់ព័ត៌មានលម្អិតដែរ។ «ក្រសួងសង្រ្គាម (ក្រសួងការពារជាតិ) កំពុងធ្វើការយ៉ាងសកម្មដើម្បីអនុវត្តតាមបទបញ្ជារបស់អគ្គមេបញ្ជាការកងទ័ព (ប្រធានាធិបតីអាមេរិក)»។ នេះជាការគូសបញ្ជាក់របស់សេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ។ បើតាមក្រុមអ្នកវិភាគ ការបង្ហោះទាំងកំហឹងរបស់លោក ត្រាំ ក៏មានគោលដៅដាក់ទោសកូរ៉េខាងត្បូងផងដែរ សម្រាប់ការបដិសេធចូលរួមក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ជាគោលជំហរមួយដែលធ្វើឱ្យលោក ត្រាំខឹងក្រោធ ហើយត្រូវបានរូបលោកលើកឡើងជាថ្មីម្ដងទៀតក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម និងម្ដងហើយទៀត នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី១៧ ខែសីហា។

លោកប្រធានាធិបតី ត្រាំ ក៏ខឹងក្រោធនឹងកូរ៉េខាងត្បូងផងដែរចំពោះការយឺតយ៉ាវក្នុងការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង ៣៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ កាលពីខែតុលា ឆ្នាំ២០២៥ លោក ត្រាំបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង និងបានអបអរសាទរពីការសន្យាបោះទុនវិនិយោគរបស់កូរ៉េខាងត្បូងនៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការសន្យាពង្រីករោងចក្រផលិតបន្ទះឈីបក្រុមហ៊ុន Samsung ក្នុងរដ្ឋ Texas។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung កាលពីខែមិថុនាកន្លងទៅ បាននិយាយថាលោក ត្រាំ ហាក់ចង់បើកកិច្ចចរចាឡើងវិញជាមួយលោក គីម ជុងអ៊ុន។ លោក ត្រាំបានបង្ហោះរូបថតរបស់លោកថតជាមួយមេដឹកនាំកូរ៉េខាងជើងនៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងហោច ២លើកក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែសីហា លោក ត្រាំ បានបង្ហោះរូបថតរបស់លោកថតជាមួយលោក គីម នៅឯតំបន់ព្រំដែនគ្មានយោធរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាលពីឆ្នាំ២០១៩ លើបណ្ដាញទំនាក់ទំនងសង្គមដោយរៀបរាប់ថា «លោក គីម ជុងអ៊ុន និងខ្ញុំត្រូវរ៉ូវគ្នាខ្លាំងណាស់»។

បន្ទាប់មក នៅថ្ងៃទី១៧ ខែសីហា លោក ត្រាំ បានបង្ហោះរូបថតលោក គីម ជុងអ៊ុនកំពុងនិយាយទូរស័ព្ទដោយមានមន្ត្រីកូរ៉េខាងជើង ឈរនៅពីក្រោយ ដោយសរសេរចំណងជើងថា «ហេ ដូណាល់ តើយើងនៅតែជាមិត្តនឹងគ្នាឬ»? កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានក្លាយជាក្ដីកង្វល់របស់សហរដ្ឋអាមេរិកតាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០ ពោលគឺមុនកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ស្ថិតនៅក្រោមរ៉ាដារបស់សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ១៩៩៤ អំឡុងវិបត្តិមួយដែលបង្កឡើងដោយសារកូរ៉េខាងជើងបណ្ដេញក្រុមមន្ត្រីអធិការកិច្ចនុយក្លេអ៊ែរអន្តរជាតិចេញពីប្រទេស រដ្ឋបាលអតីតប្រធានាធិបតី លោក Clinton បានបើកការជជែកដេញដោលពីគម្រោងវាយប្រហារយោធាលើរោងចក្រនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង។ តែគម្រោងវាយប្រហារនេះត្រូវបានលុបចោល ហើយក្រោយមកទៀត ក្នុងឆ្នាំដដែលនោះ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានចុះកិច្ចព្រមព្រៀងមួយជាមួយលោក Kim Il-sung ដែលជាជីតារបស់លោក គីម ជុងអ៊ុន ដើម្បីបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរជាថ្នូរទៅនឹងការផ្ដល់ជំនួយពីសហរដ្ឋអាមេរិក ក្នុងការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរស៊ីវិលជំនួសវិញ។

ក៏ប៉ុន្តែផែនការគ្រប់យ៉ាងដើម្បីរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបានទទួលបរាជ័យទាំងអស់។ ក្នុងឆ្នាំ២០០៦ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្តអាវុធនុយក្លេអ៊ែរដំបូងបំផុត និងបានធ្វើតេស្ត៥លើកបន្ថែមទៀត ដោយការធ្វើតេស្ដថ្មីចុងក្រោយបំផុតធ្វើឡើងកាលពីឆ្នាំ២០១៧។ រហូតដល់ឆ្នាំ២០១៨ លោក ត្រាំបានជួបលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី ហើយក្រោយកិច្ចប្រជុំនេះ លោក ត្រាំបានប្រាប់កាសែតអាមេរិក New York Times ថារូបលោករំពឹងថាកូរ៉េខាងជើងនឹងរំសាយកម្មវិធីនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស។ ក្នុងពេលរំឮកឡើងវិញពីជំនួបជាមួយលោក គីម កាលពីអាណត្តិទី១ លោក ត្រាំ តែងតែយកសំបុត្រឆ្លើយឆ្លងជាមួយមេដឹកនាំកូរ៉េខាងជើងមកអានខ្លាំងៗនូវចំណុចខ្លះឱ្យក្រុមអ្នកសារព័ត៌មានស្ដាប់។ កិច្ចប្រជុំកំពូលលើកទី២ ជាមួយលោក គីម បានធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៩ បានបិទបញ្ចប់ទៅដោយបរាជ័យ។ បើតាមអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John R. Bolton លោក ត្រាំ កិច្ចប្រឹងប្រែងទាំងឡាយបានបរាជ័យ នៅពេលលោក គីម បានបដិសេធបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រៅរោងចក្រនុយក្លេអ៊ែរ Yongbyon។

ក្រុមអ្នកវិភាគយល់ថាបរាជ័យដូចគ្នាអាចនឹងកើតឡើងជាថ្មីម្ដងទៀត។ «កិច្ចប្រជុំកំពូលសាជាថ្មីណាមួយរវាងលោក ត្រាំ និងលោក គីមដែលមើលទៅលោក ត្រាំចង់ឱ្យកើតឡើង អាចនឹងនៅតែបញ្ចប់ដោយបរាជ័័យ»។ នេះជាការលើកឡើងរបស់លោក Joel S. Wit ជាអតីតមន្ត្រីក្រសួងការបរទេសអាមេរិកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើង និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «Fallout: The Inside Story of America’s Failure to Disarm North Korea»។ លោកបន្ថែមថាលោក ត្រាំ ហាក់មិនបានទទួលស្គាល់ទេថាលោក គីម ជុងអ៊ុន ឥលូវមិនចាប់អារម្មណ៍លើការសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះទេ។ លោក គីមនៅតែតាំងចិត្តបញ្ជូនកងទ័ពទៅអ៊ុយក្រែនដើម្បីគាំទ្រដល់កងទ័ពរុស្ស៉ី និងសម្លុតគំរាមកូរ៉េខាងត្បូង។

លោក Victor D. Cha ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Georgetown និងធ្លាប់ធ្វើកិច្ចការស្ដីពីគោលនយោបាយអាស៊ី នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George W. Bush បានចាត់ទុកថាការបង្ហោះសារទាំងកំហឹងរបស់លោក ត្រាំ លើបណ្ដាញទំនាក់ទំនងសង្គម គឺជារោគសញ្ញាមួយកើតចេញពីការខកចិត្តរបស់លោកចំពោះសង្គ្រាមអ៉ីរ៉ង់។ តាមសាស្ត្រាចារ្យរូបនេះ ការប្រើប្រាស់ភាសាទន់ភ្លន់របស់លោក ត្រាំ ចំពោះលោក គីម កើតមានឡើងចំពេលលោកប្រធានាធិបតីអាមេរិកកំពុងប្រឹងប្រែងរក្សាគោលជំហរ ម៉ឺងម៉ាត់ប្រឆាំងនឹងអ៉ីរ៉ង់ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីវិធីសាស្ត្រ២ខុសគ្នាស្រឡះរបស់លោក ត្រាំ ក្នុងការដោះស្រាយការរីកសាយអាវុធនុយក្លេអ៊ែរបង្កឡើងដោយកូរ៉េខាងជើង និងអ៉ីរ៉ង់។ លោក Victor D. Cha បានសង្កត់ធ្ងន់ថាលោក ត្រាំ កំពុងដើរក្នុងទិសដៅ២ផ្ទុយគ្នា ដោយនៅម្ខាង លោកចង់បានកិច្ចចរចាប្រាកនិយមជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែររួចទៅហើយ តែក្នុងករណីអ៉ីរ៉ង់ លោក ត្រាំ ប្រកាន់យកជំហរដាច់ខាត។

លោក ត្រាំ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃ១៧ ខែសីហា បានការពារវិធីសាស្ត្ររបស់លោកចំពោះកូរ៉េខាងជើង។ នៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់សួរថាតើលោកបាននិងកំពុងធ្វើសកម្មភាពដែលហុចប្រយោជន៍ដល់សត្រូវរបស់សហរដ្ឋអាមេរិក ជាជាងសម្ព័ន្ធមិត្ត លោក ត្រាំ បានឆ្លើយថារូបលោកកំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែមានសុវត្ថិភាព។ «លោក គីម ជុងអ៊ុនតែងតែប្រព្រឹត្តចំពោះខ្ញុំដោយការគោរព។ ខ្ញុំស្គាល់លោក ហើយលោកក៏ស្គាល់ខ្ញុំដែរ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។ ក៏ប៉ុន្តែបើតាមលោក Victor D. Cha លោក គីម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសង្រ្គាមរបស់លោក ត្រាំជាមួយអ៉ីរ៉ង់ដែលសង្រ្គាមនេះបានបង្ហាញកូរ៉េខាងជើងថា «ពួកគេកំពុងធ្វើត្រូវក្នុងការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញទប់ស្កាត់ការវាយប្រហារយោធា និងកុំឱ្យរបបដឹកនាំលោក គីម ជុងអ៊ុនមានវាសនាដូចមេដឹកនាំអ៉ីរ៉ង់ អារ៉ាក់ ឬលីប៊ី ឬក៏អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ៕ -Fresh News-

អត្ថបទទាក់ទង