Grand News Asia Close

ទស្សន:មិត្តអ្នកអាន៖ យុត្តិធម៌ត្រូវតែមានចំពោះការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ភាគីថៃ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1014
ទស្សន:មិត្តអ្នកអាន៖ យុត្តិធម៌ត្រូវតែមានចំពោះការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ភាគីថៃ ទស្សន:មិត្តអ្នកអាន៖ យុត្តិធម៌ត្រូវតែមានចំពោះការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ភាគីថៃ

ស្ថានភាពនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ បាននិងកំពុងបន្តស្ថិតក្នុងភាព​តានតឹងគួរឱ្យព្រួយបារម្ភ ស្របពេលដែលភាគីថៃនៅតែបន្តសកម្មភាពរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាជារៀងរាល់ថ្ងៃ។ ​សកម្មភាពបំពានខុសច្បាប់ជាឯក​តោ​ភាគីរបស់យោធាថៃទាំងនោះមានដូចជា ការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការជីក​លេណ​ដ្ឋាន​ ក៏ដូ​ចជាការក​សាងហេដ្ឋារេចនាសម្ព័ន្ធថ្មី
ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ទង្វើទាំងនេះមិនត្រឹមតែបង្កើនភាពតានតឹងនៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកជាសំណួរអំពីការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់រដ្ឋក្នុងការមិនបង្កើតការប្រែប្រួលជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ ខណៈសហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។

ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ AOT ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានចុះតាមដាន និងកត់ត្រាការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាប្រចាំ។ របាយការណ៍ និងការរកឃើញរបស់ក្រុមអ្នកសង្កេតការណ៍ទាំងនេះ បានក្លាយជាភស្តុតាងសំខាន់មួយសម្រាប់បង្ហាញដល់សហគមន៍អន្តរជាតិអំពីសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានពីសំណាក់ប្រទេសថៃ និងយោធាថៃ តាមរយៈការប្រើប្រាស់កម្លាំងយោធាចូលកាន់កាប់ និងកែប្រែស្ថានភាពជាក់ស្តែងនៅលើដីក្នុងតំបន់ដែលកម្ពុជាអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន។

ប្រឈមមុខនឹងសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការឈ្លានពានដ៏អយុត្តិធម៌នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយផ្ញើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ទៅកាន់ភាគីថៃ។ ជំហររបស់កម្ពុជាគឺច្បាស់លាស់ និងឥតងាករេ ពោលគឺមិនទទួលស្គាល់ជាដាច់ខាតនូវការកាន់កាប់ទឹកដីដោយការប្រើប្រាស់កម្លាំង ឬការប៉ុនប៉ងណាមួយក្នុងការកែប្រែស្ថានភាពដើមនៅលើដីជាក់ស្តែងនោះឡើយ ព្រោះទង្វើបែបនេះផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺសកម្មភាពញុះញង់ និងការបង្កើនភាពតានតឹងពីសំណាក់យោធាថៃ ដែលកំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់ស្ថិរភាពនៅតាមព្រំដែន និងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។ ទង្វើទាំងនេះមិនត្រឹមតែបង្កការប្រឈមមុខដាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដោយផ្ទាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅចំពោះមុខសាក្សីអន្តរជាតិជាច្រើន រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ក្នុងគោលបំណងធានាការរក្សាសន្តិភាពរវាងប្រទេសទាំងពីរ។

ជាងនេះទៅទៀត សកម្មភាពរបស់ភាគីថៃមិនត្រឹមតែធ្វើឱ្យជំនឿទុកចិត្តទ្វេភាគី និងពហុភាគីចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរុញច្រានស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនឱ្យវិលត្រឡប់ទៅរកហានិភ័យនៃជម្លោះប្រដាប់អាវុធសារជាថ្មី ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

បច្ចុប្បន្ននេះសហគមន៍អន្តរជាតិកាន់តែច្រើនឡើងៗបានមើលឃើញកាន់តែច្បាស់ពីភាពក្រឡិចក្រឡុច និងការរំលោភបំពាន​ច្បាប់អន្តរជាតិ​ម្តងហើយ​ម្តងទៀត​របស់ប្រទេស​ថៃមកលើប្រទេសកម្ពុជាដែល​ជា​ប្រទេស​ទន់ខ្សោយជាង។ ​ដោយមើលឃើញពីស្ថានភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី សភាប្រើភាសាបារាំង (APF) ក្នុងកិច្ចប្រជុំពេញអង្គ ដែលប្រារព្ធឡើងនៅរដ្ឋធានីយ៉ាអ៊ុនដេ នៃសាធារណរដ្ឋកាមេរូន កាលពីថ្ងៃទី១០–១១ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តសេចក្តីសម្រេចចិត្តមួយស្តីពី បូរណភាពទឹកដីកម្ពុជា។នេះគឺជាការគាំទ្រលើផ្នែកការទូត និងនយោបាយនៅលើឆាក​អន្តរជាតិ​ដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក APF ប្រមាណ​៩០​ប្រទេស​ ដែលបានរួមគ្នាចេញមុខអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពកម្ពុជា និងអនុវត្ត​តា​មការប្តេជ្ញាចិត្តចំពោះសន្តិភាព ព្រមទាំងចៀសវាងរាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលបង្កភាពតានតឹង។​

នៅក្នុងសេចក្តីសម្រេចចិត្តរបស់ APF ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យវប្បធម៌ និងសង្គមផងដែរ ដោយសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា រៀបចំពិធីសាសនានៅក្នុងតំបន់វប្បធម៌ ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមបែងចែកដីធ្លីជាឯកតោភាគីនៅក្នុងតំបន់ជម្លោះ។ តាមការវាយតម្លៃរបស់ APF សកម្មភាពទាំងនេះមិនត្រឹមតែបង្កការលំបាក និងទុក្ខវេទនាដល់ប្រជាជនស៊ីវិលនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែង និងបំផ្លាញដល់បេតិកភណ្ឌវប្បធម៌ ដែលជាកេរដំណែលរួមរបស់មនុស្សជាតិផងដែរ។ លើសពីនេះ ទង្វើបែបនេះក៏បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការកសាងសន្តិភាពយូរអង្វែង និងជំរុញដំណើរការផ្សះផ្សានៅក្នុងតំបន់។

ទោះ​បីជាមានការរំលោភបំពានយ៉ាងណាក្តី សហគមន៍អន្តរជាតិ តាមរយៈសភាប្រើភាសាបារាំងនៅតែបន្តជំរុញ និងគាំទ្រឱ្យមានការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគឺគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)។ ការដោះស្រាយត្រូវតែផ្អែកលើស្មារតី​នៃកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ និងការគោរពច្បាប់អន្តរជាតិ ដើម្បីអាចឈានទៅដល់ការខ័ណ្ឌសីមាព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់ ដោយមិនផ្អែកលើការប្រើប្រាស់កម្លាំងយោធានោះឡើយ។

ជាសរុបមក ដំណោះស្រាយបញ្ហា​ព្រំដែន​ប្រកបដោយនិរន្តរភាពសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺអាចសម្រេច​ទៅបានលុះត្រាតែមានការទទួលស្គាល់ពី​គ្នាទៅវិញទៅមក នៅ​លើអធិបតេយ្យភាព បូរណ​ភាពទឹកដី និងភាពមិនអាចរំលោភបាននៃព្រំដែន ស្របតាមលិខិតុបករណ៍គតិយុត្តអន្តរជាតិ។ ការចេញ​សេចក្តីសម្រេចចិត្តរបស់សភាប្រើភាសាបារាំង (APF) ក្នុងការគាំទ្រកម្ពុជា នាពេលនេះគឺជាសក្ខីកម្មសកលមួយដែលបញ្ជាក់ថាតម្លៃនៃសន្តិភាព និងយុត្តិធម៌មិនអាចត្រូវរំលោភបំពានដោយអំពើជាឯកតោភាគីរបស់ប្រទេសណាមួយឡើយ ហើយការវិលត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួម​ក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ គឺជាផ្លូវដើរដ៏ត្រឹមត្រូវតែមួយគត់ដើម្បីស្ថិរភាពការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរនៅតាមបណ្តោយព្រំដែន៕

ដោយ : ឌី វីរ:

អត្ថបទទាក់ទង