Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ថ្មម៉ាប ១.១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 616

CMF:

ខ្ញុំព្រះករុណាខ្ញុំក្រាបថ្វាយបង្គំសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី
សម្តេចព្រះមហាសង្ឃរាជ និងព្រះគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ,
សូមក្រាបថ្វាយបង្គំសម្តេចព្រះរាជាគណៈគ្រប់ព្រះអង្គទាំងពីរគណៈ ជាទីគោរពសក្ការៈ,
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី, លោកយាយ លោកតា,
អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋទាំអស់ ជាទីស្រឡាញ់រាប់អាន!

ថ្ងៃនេះខ្ញុំមានកិត្តិយស និងសប្បាយរីករាយដែលបានចូលរួម នៅក្នុង «ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាពេលនេះ ។

ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និង ការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនរបស់លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថានិង ការជួយឧបត្ថម្ភគាំទ្រ, ទាំងស្មារតី សម្ភារៈ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និង សាសនា, គណៈសង្ឃនាយក, សប្បុរសជន និង ពុទ្ធបរិស័ទគ្រប់ទិសទី ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និង ជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ដ៏ល្អប្រណិតនៅលើនេះ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ខ្ញុំក៏សូមយកឱកាសនេះអបអរសាទរចំពោះអ្នកឧកញ៉ា ញឹក ប៊ុនថា ដែលបានព្រះមហាក្សត្រ ព្រះករុណាព្រះ​បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះប្រទានគោរម្យងារជាអ្នកឧកញ៉ា កាលពីល្ងាចមិញនេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អរគុណចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមកសាងនូវសមិទ្ធ​ផលនេះឡើង។ ពិតណាស់គឺសមិទ្ធផលនេះកើតពីការគិតផ្តួចផ្តើមដោយអ្នកឧកញ៉ា ញឹក ប៊ុនថា ប៉ុន្តែការចូលរួមគាំទ្រដើម្បីផលប្រយោជន៍រួមរបស់យើងនៅក្នុងវិស័យសាសនា ដែលមានតួនាទីសំខាន់នៅក្នុងសង្គមជាតិរបស់យើង ក៏មានការចូលរួមគាំទ្រច្រើនពីស្ថាប័នរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ហើយជាពិសេសសប្បុរសជនជិតឆ្ងាយ។ ក្នុងឱកាសនេះខ្ញុំសូមឆ្លៀតឱកាសដើម្បីថ្លែងអំណរគុណដោយស្មារតីរួមគ្នា នៅក្នុងនោះក៏មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជវររាជមាតាជាតិខ្មែរ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសប្បុរសជនជាច្រើនរូបទាំងក្នុង និងក្រៅប្រទេស ដែលរួមគ្នានៅក្នុងការកសាងសមិទ្ធផលនៅទីនេះ។

[ចប់សេចក្តីអធិប្បាយទី១]

ជាមួយគ្នានេះ, ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានលើកឡើងអំពីភាពរីកចម្រើនលើគ្រប់វិស័យ នៅក្នុងខេត្តកំពង់ស្ពឺ, ជាពិសេសការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ទន្ទឹមនេះ, ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ កន្លងទៅដែលបានផ្តល់ការទុកចិត្ត គាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីមុនតាមរយៈការបោះឆ្នោតជាកន្លងមកនេះ ដែលរួមទាំងការបោះឆ្នោតសកលនៅខែកក្កដាឆ្នាំ ២០២៣។ ព្រឹត្តិកាណ៍ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែកុម្ភៈ​ កន្លងទៅ​ និងថ្មីៗនេះក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបនឹងចប់នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ កិច្ចការទាំងអស់នេះគឺបញ្ជាក់អំពីភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងការផ្តល់ឱកាសដើម្បីឱ្យគណប្រជាជនកម្ពុជាបានដឹកនាំ អនុវត្តនូវគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ស្ពឺនេះតែម្តង។

[ចប់សេចក្តីអធិប្បាយ២]

ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា ក្រោយការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ជាស្ថាពរតាមគម្រោងប្លង់មេដែលបានគ្រោងទុក ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូល នឹងក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេស​ចរជាតិ និង អន្តរជាតិ មកទស្សនាយ៉ាងច្រើនកុះករ និង បម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

ការរីកចម្រើនទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ នៅទីនេះគឺសំខាន់។ ទឹកដីដែលកកើតនៅក្នុងប្រទេសយើងរាប់ពាន់ឆ្នាំមកហើយ បានប្រែក្លាយជាច្រើនដំណាក់កាល ហើយនៅទីនេះក៏ធ្លាប់ជាទីកន្លែងដែលល្អនៅមុនសង្គ្រាម ប៉ុន្តែក៏ជាកន្លែងដ៏ឈឺចាប់នៅក្នុងសង្គ្រាម។ ឥឡូវយើងបានកសាងសមិទ្ធផលបន្ថែមសម្រាប់ទៅអនាគត។ អញ្ចឹង សមិទ្ធផលនៅថ្ងៃនេះ មិនត្រឹមតែជួយនៅក្នុងវិស័យព្រះពុទ្ធសាសនាសម្រាប់ពុទ្ធបរិស័ទ សីល​វន្ត សីលវតី ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការទាក់ទាញនៅក្នុងវិស័យទេសចរណ៍ ដែលឱ្យមានប្រជាជនទាំងក្នុងនិងក្រៅប្រទេស ជាតិនិងអន្តរជាតិមកកម្សាន្តបន្ថែម។

[ចប់សេចក្តីអធិប្បាយ៣]

លើសពីនេះ មជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា អាចចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយខាងលើ ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និង ផ្លូវធម៌ សំដៅពង្រឹងវប្បធម៌ជាតិ បណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និង ចេះគោរពមាតាបិតា, ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ ។ មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និង សមាទានសីលនៅទីនេះ ។ បន្ថែមលើនេះ, មជ្ឈមណ្ឌលនេះ នឹងក្លាយជាជម្រកសម្រាប់កុមារ និង យុវជនមួយចំនួន ដែលខ្វះលទ្ធភាពជាពិសេសសិស្សនិស្សិតមកពីជនបទដាច់ស្រយាល, បានប្រើប្រាស់សម្រាប់បួសរៀន និង បន្តការសិក្សា ។

ជាមួយនឹងព្រៃភ្នំ និង ធនធានធម្មជាតិល្អផូរផង់, មជ្ឈមណ្ឌលវប្បធម៌នេះ ផ្ដល់នូវខ្យល់បរិសុទ្ធ បរិយាកាសអនុគ្រោះសម្រាប់ការរស់នៅ ការប្រតិបត្តិធម៌ ការធ្វើសមាធិអប់រំចិត្ត ការចម្រើនសមាធិរបស់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទទូទៅ, ដែលនេះគឺមានសារៈសំខាន់ ក្នុងការជួយលើកកម្ពស់សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តរបស់ប្រជាជន ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាប័ន្ន ។

ក្រោមម្លប់នៃសុខសន្តិភាព និង ការអភិវឌ្ឍ, យើងមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សា ចីរភាពនៃសុខសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើនឡើង ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(១) មានសន្តិភាព មានសិទ្ធសេរីភាព មានការប្រតិបត្តិសាសនា និងមានលទ្ធភាពកសាងសមិទ្ធផលសាសនា

អម្បាញ់មិញ នៅក្នុងរបាយការណ៍និងសន្ទរកថា របស់ឯកឧត្តម អភិបាលគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកហើយពីសារៈសំខាន់នៃសុខសន្តិភាព។ ពាក្យនេះលោកតា លោកយាយ​ អ៊ំពូមីង បងប្អូន ប្រហែលជាបានដឹងបានលឺបានស្តាប់ ហើយអង្គុយថ្ងៃនេះក៏កំពុងតែបានផលពីសន្តិភាពដែរ។ ថ្ងៃនេះ យើងនិយាយពីការកសាងសមិទ្ធផលនៅក្នុងវិស័យពុទ្ធសាសនា និយាយពីការធ្វើបុណ្យ។ យើងនឹងអាចមកប្រារព្ធពិធីនេះច្រើនថ្ងៃ ច្រើនខែ ច្រើនឆ្នាំ តទៅមុខទៀត។ បើយើងនិយាយពីសន្តិភាព និងការធ្វើបុណ្យនោះ យើងអាចបញ្ជាក់ថា(ព្រឹត្តិការណ៍ទាំង)ពីរហ្នឹងពាក់ព័ន្ធគ្នានៅកម្ពុជា ពិសេសដោយសារសន្តិភាពនេះហើយ ទើបយើងអាចមានលទ្ធភាពធ្វើបុណ្យបាន។ បើគ្មានសន្តិភាពទេ និងគ្មានការផ្តល់សិទ្ធិសេរីភាព ដោយគ្មានគ្រាប់ផ្លោងនោះទេ ការប្រារព្ធពិធីធ្វើបុណ្យ ឬមួយការប្រតិបត្តិសាសនា ក៏អាចមានការលំបាក។ ដោយសារសន្តិភាពនេះហើយ ទើបសាសនារីកចម្រើន។ ដោយសារសន្តិភាពនេះហើយ ទើបយើងអាចមានសេរីភាព និងលទ្ធភាពកសាងបាននៅទីនេះ។ សមិទ្ធផលនៅទីនេះច្រើន។ (មានការចំណាយ)ថវិកាច្រើន។ ដោយសារសន្តិភាពនេះហើយ ទើបក្រៅពីមានសិទ្ធិសេរីភាព ប្រ​ជា​ពលរដ្ឋអាចមានលទ្ធភាពបរិច្ចាគធនធានជួយគ្នាបាន។ ដោយសារតែសន្តិភាពទើបប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមនៅក្នុងការកសាងនូវសមិទ្ធផលនៅទីនេះបាន។

(២) បច្ចុប្បន្ន កម្ពុជាជួបជុំគ្នា កសាងសមិទ្ធផលបន្ថែមសម្រាប់កូនចៅតទៅ

ពេលដែលយើងមានសង្គ្រាម អ្នកនៅក្រៅប្រទេសមិនអាចជួបអ្នកនៅក្នុងប្រទេស(បានទេ) ដោយសារយើងបែកពីគ្នា តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ (ដូចដែលយើងបាន)ដឹងហើយ។ នៅដើមឆ្នាំ១៩៩០ ខ្ញុំចាំបានថាពេលនោះមានអនិកជនខ្មែរមកពីស្រុកបារាំង មកពីអាមេរិក ចំនួនតិចណាស់ ដែលបានប្រកាសរកបងប្អូនតាមទូរទស្សន៍។ ឥឡូវយើងរួមគ្នា ជួបជុំគ្នា កសាងនូវសមិទ្ធផលបន្ថែមសម្រាប់ឱ្យកូនចៅយើងតទៅទៀត។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសក៏ប្រហែលជាចង់មកលេងនៅទីនេះដែរ ព្រោះថាយើងសំរេចបានសមិទ្ធផលធំនៅទីនេះ។ នេះទើបតែជាលើកទី១ ទេ ដែលខ្ញុំបានមកឃើញផ្ទាល់។ តែបានឃើញតាមរូបភាព ហើយចង់មកយូរហើយ។ ថ្ងៃនេះមានឱកាសមកផ្ទាល់។ អញ្ចឹងអ្នកផ្សេងទៀត ប្រជាពលរដ្ឋយើងផ្សេងទៀតទាំងក្នុងនិងក្រៅប្រទេស ដែលឃើញក៏គិតថាចង់មកទីនេះ(ដើម្បីបានឃើញផ្ទាល់ដូចគ្នា)។ ដោយ​សារសន្តិភាពនេះហើយ ទើបយើងអាចចែករំលែកបាន អនុវត្តនូវវប្បធម៌ការចែករំលែកជួយគ្នា នៅក្នុងការកសាងនូវសមិទ្ធផលនេះបាន។

(៣) ការរំដោះជីវិតមនុស្សថ្ងៃ ៧មករា ជួយកសាងជីវភាពពីបាតដៃទទេ ការផ្តលស់សិទ្ធសេរីភាពសាសនា និងការធ្វើអោយមានសន្តិភាពដោយនយោបាយឈ្នះឈ្នះ សុទ្ធតែជាការធ្វើបុណ្យ

អញ្ចឹង សន្តិភាពអាចឱ្យយើងធ្វើបុណ្យ។ តែនៅស្រុកខ្មែរយើង ការធ្វើបុណ្យនេះហើយដែលនាំឱ្យមានសន្តិភាពផងដែរ។ ប្រទាក់ក្រឡាគ្នាធ្វើបុណ្យយ៉ាងម៉េច? ក្នុង ៤៥ឆ្នាំ នេះ រាជរដ្ឋាភិបាលចេញគោលនយោបាយនានាពីការធ្វើបុណ្យហ្នឹងឯង។ (ទី១) ធ្វើបុណ្យមុនគេធំបំផុតគឺ ៧មករា ឆ្នាំ ១៩៧៩។ ការរំដោះជីវិតមនុស្សនោះហើយ ជាការធ្វើបុណ្យ។ ទី២ ធ្វើបុណ្យជាមួយ​ប្រជាពលរដ្ឋជួយកសាងជីវភាពរស់នៅតាំងពីបាតដៃទទេ រហូតមកដល់យើងមានលទ្ធភាពប៉ុណ្ណេះ មានឱកាសរៀនសូត្រ មានឱកាសកសាងសមត្ថភាពក្មួយៗនៅទីនេះ។ នេះហើយគឺជាការធ្វើបុណ្យ។ (ទី៣) ការផ្តល់សិទ្ធិសេរីភាពប្រតិបត្តិសាសនា មានឱកាសបានរីកចម្រើន គឺជាការធ្វើបុណ្យ។ ធ្វើបុណ្យធំបំផុតមួយទៀតដែលយើងអាចអង្គុយនៅទីនេះបានគឺដោយសារ នយោ​បាយឈ្នះឈ្នះ។ គឺជាការធ្វើបុណ្យធំណាស់។ នយោបាយឈ្នះឈ្នះ ដាក់ចេញពីមូលដ្ឋាននៃការយោគយល់គ្នា មិនប្រកាន់ទោសគ្នា។ នេះហើយការធ្វើបុណ្យ ការមិនប្រកាន់ មិនរើសអើង ការយោគយល់គ្នា ក្នុងស្មារតីជាខ្មែរ។ ការធានានូវជីវិតរបស់អតីតខ្មែរក្រហម ការធានានូវទ្រព្យសម្បត្តិ ការធានានូវការងារ។

ជាក់ស្តែងទីនេះ គឺជាតំបន់ខ្មែរក្រហមកាន់កាប់ … ឯកឧត្តម កែវ ពង្ស បានមកទេ? (អត់បានមក)។ នៅតំបន់ឱរ៉ាល់ តំបន់ត្មាតពងនេះ សុទ្ធតែជាតំបន់វាយគ្នា។ កងពលលេខ៨ ឯកឧត្តម កែវ ពង្ស កាន់កាប់នៅទីនេះ។ កាលពីក្មេង ខ្ញុំជិះចូលមិនដល់ទីនេះទេ។ ឡើងផ្លូវមកអញ្ចេះទេ ជិះកាត់តែផ្លូវជាតិលេខ៤ ហ្នឹង មានអាយកូម ជេរគ្នា រកបាញ់គ្នាហើយ។ ដោយសារនយោបាយឈ្នះឈ្នះនេះហើយ បានជាមានការកសាងនៅទីនេះ។ យើងភ្ជាប់គ្នាបាន មិនបាច់ទៅនិយាយឯណាឆ្ងាយទេ។ លោកតា លោកយាយ អ៊ំពូមីង កន្លែងដែលយើងអង្គុយនេះឯងក៏ធ្លាប់ជាកន្លែងសមរភូមិដែរ។ ខ្ញុំចាំថាប៉ុន្មានឆ្នាំមុន ប្រហែលជា ១០ឆ្នាំជាងមុន ខ្ញុំដឹកនាំកម្លាំងមកហ្វឹកហ្វឺននៅទីនេះ។ កំពុងតែដើរល្បាតនៅក្នុងព្រៃ ក៏ប្រទះគ្រាប់បែកសល់ពីជំនាន់សង្គ្រាមនៅទីហ្នឹង។ សួរថាបើសិនជាគ្មាននយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម តើអាចធ្វើ(ការកសាងនិងពិធី)នៅទីនេះបានទេ? ខ្ញុំមិនដឹងថាឈូសនៅកន្លែងនេះប៉ះមីនប៉ុន្មានគ្រាប់ផង? ប៉ះច្រើន។ រាវចេញ។ កាលពីប៉ុន្មានថ្ងៃមុននោះ ជាអកុសល មានប្រជាពលរដ្ឋយើងម្នាក់នៅព្រះវិហារ ជាសមាជិកក្រុមប្រឹក្សា។ មកបោះឆ្នោតហើយ ទៅវិញ ភ្ជួរដីដោយត្រាក់ទ័ររបស់គាត់។ កិនមីនតោនស្លាប់។ មានម្នាក់ទៀត ហេងមហាហេង (ភ្ជួរដី)ទៅដល់មីនតោន​ជាប់ចន្លោះ(ធ្មេញ)នង្គ័លហ្នឹង។ បើសិនជាចំកណ្ដាល គឺផ្ទុះស្លាប់ចោលប្រពន្ធកូនហើយ។ កុំថាយើងមកទីនេះ ជិះឡានមកទំងន់ប៉ុណ្ណេះ ក៏អាចផ្ទុះ …។

(៤) ធ្វើបុណ្យនាំមកនូវសន្ដិភាព និងមានសន្ដិភាពផ្ដល់ឱកាសឱ្យធ្វើបុណ្យ

ហ្នឹងហើយការធ្វើបុណ្យដែលនាំមកនូវសន្ដិភាព ហើយដែលសន្ដិភាពផ្ដល់ឱកាសឱ្យយើងធ្វើបុណ្យ។ នៅទីតាំងនេះ ព្រឹកនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយសម្រាប់ប្រទេសកម្ពុជា។ បើគ្មានការធ្វើបុណ្យ ដាក់គោលនយោ​បាយយោគយល់គ្នាទេ យើងមិនចប់សង្រ្គាមនោះទេ។ ថ្ងៃទី២២(ឧសភា) សម្ដេចតេជោ ទៅកម្មវិធីនៅសាលាក្ដីខ្មែរក្រហម ដែលយើងបញ្ចប់(ការកាត់ទោស)។ លោកបានបញ្ជាក់ថា មុនបង្កើតសាលាក្ដីខ្មែរក្រហម គឺមានការ(តតាំងគ្នា) ហើយទម្រាំតែចប់ គឺមានការចរចាគ្នាតឹង ព្រោះអន្តរជាតិមួយចំនួនទាមទារឱ្យកម្ពុជាចាប់មេដឹកនាំ(ខ្មែរក្រហម)ដែលពាក់ព័ន្ធ យកមកកាត់ទោសទាំងអស់ដោយគ្មានលើកលែង។ សម្ដេចតេជោ ថា លោកមិនអាចឱ្យប្រទេស(កម្ពុជា)ក្លាយទៅជា(ប្រទេសមាន)សង្រ្គាមវិញទេ។ បើសិនជាតុលា​ការ​អន្តរជាតិមិនចូលរួម(ក្នុងការកាត់ទោស)ហ្នឹង ក៏លោកមិនអាចឱ្យប្រទេស(កម្ពុជា)ក្លាយទៅជា(ប្រទេសមាន)ភ្លើងសង្រ្គាមវិញទេ។

(៥) យោគយល់ចំពោះមេដឹកនាំថ្នាក់ក្រោមខ្មែរក្រហមដែលអនុវត្តបទបញ្ជារបស់ថ្នាក់លើ ដើម្បីការបង្រួបបង្រួមជាតិ

(នេះបញ្ជាក់ថា) បើយើងគ្មានការយោគយល់ (ស្ថានការណ៍នឹងមិនអាចវិវត្តមកដូចសព្វថ្ងៃទេ)។ មេដឹកនាំជាន់ខ្ពស់(នៃរបបខ្មែរក្រហម)ត្រូវការកាត់ទោស ត្រូវទទួលខុសត្រូវ(ចំពោះវិនាសកម្មនិងមនុស្សឃាត) ប៉ុន្តែយើងត្រូវមានការយោគយល់ចំពោះមេដឹកនាំថ្នាក់ក្រោម ដែលដឹកនាំកងពល ដែលអនុវត្តបទបញ្ជារបស់ថ្នាក់លើ (និងអនុវត្ត)គោលនយោបាយ ដើម្បីជាការបង្រួបបង្រួមជាតិ។ បើមិនអញ្ចឹងទេ ម៉ោងថ្មើនេះនៅវាយគ្នានៅឡើយ។ ឧទាហរណ៍ថា ដាក់ផែនការចាប់ឯកឧត្តម កែវ ពង្ស, ចាប់មេកងពលនៅទីនេះ។ ចាំតែគាត់ទំលាក់អាវុធទេតើ។ កម្លាំងរបស់គាត់ មានគ្រួសារនៅក្នុងនេះរាប់រយរាប់ពាន់នាក់។ បើសិនជាយើងគ្មានការសន្យានិងការអនុវត្តគោលនយោបាយ ដែលផ្ដល់ការលើកលែង ការយោគយល់គ្នាក្នុងនាមជាខ្មែរ អ្វីដែលវាកើតមានពីអតីតកាល(នឹងមិនអាចបញ្ចប់បានទេ)។ ឥឡូវយើងរួមគ្នាបញ្ចប់ ដើម្បីកសាងសន្ដិភាពនិងកសាងប្រទេសរួមគ្នា។ នេះហើយការដាក់ចេញនូវគោលនយោបាយប្រកបដោយ(ការយោគយល់និងបំពេញបុណ្យដោយ)បរិបូរណ៍។

(៦) កម្ពុជាមិនមានជម្លោះសាសនា ធ្វើឱ្យមានសុខសន្ដិភាព និងស្ថិរភាព

ដោយហេតុនេះ សន្ដិភាពធ្វើអោយមានឱកាសធ្វើបុណ្យ ប៉ុន្តែសន្ដិភាពក៏កើតឡើងដោយសារការអនុវត្តគោលនយោបាយដែលធ្វើឱ្យមានការយោគយល់គ្នា។ យើងនឹងបន្តតទៅទៀត។ ការធ្វើបុណ្យ ការប្រតិបត្តិសាសនានេះ មិនត្រឹមតែនាំមកនូវសន្ដិភាពទេ ប៉ុន្តែក៏ជាគោលដៅថែរក្សាសន្ដិភាព។ សង្គមមួយគ្មានបុណ្យ គ្មានការយល់ដឹងពីការយោគយល់គ្នា មិនថា សាសនាព្រះពុទ្ធ សាសនាគ្រិស្ដ សាសនាឥស្លាមនោះទេ យើងគ្មានសន្ដិភាពទេ គ្មានស្ថិរភាពទេ។ បើមនុស្សនៅតែរើសអើង សហគមន៍នីមួយៗ នៅក្បែរគ្នាកាប់ចាក់គ្នា។ នៅប្រទេសខ្លះ មានសាសនាច្រើន ប៉ុន្តែអត់ត្រូវគ្នា។ បន្ដិចៗ ឃើញតែប្រជាជនពីសាសនានេះ ទៅដាក់គ្រាប់បែកវាយសាសនានោះ។ តែនៅកម្ពុជា យើងមិនមានជម្លោះសាសនា។ នោះហើយគឺការយោគយល់ ការធ្វើបុណ្យឆ្លងសាសនារបស់ប្រជាជន ដែលយើងឱ្យមានសុខសន្ដិភាព ដែលមានស្ថិរភាព មិនឱ្យមានជម្លោះគ្នា។ នេះហើយដែលខ្ញុំថា ការធ្វើបុណ្យដែលមានមូលដ្ឋាននៅក្នុងសាសនាមួយភាគធំ គឺសំខាន់សម្រាប់សង្គមជាតិរបស់យើង។

(៧) គុណធម៌ និងសីលធម៌ ចេញពីការធ្វើបុណ្យនិងយោគយល់គ្នា ជាមូលដ្ឋានថែរក្សាសុខសន្ដិភាព និងស្ថិរភាព

(យើងត្រូវ)ថែរក្សាស្ថិរភាពតទៅមុខ (ដើម្បីប្រទេសជាតិ)នឹងរីកចម្រើន ជាពិសេសក្នុងដំណាក់កាលសកលភាវូបនីយកម្ម ដែលប្រទេសមានការរីកចម្រើន ការប្រកួតប្រជែងកាន់តែខ្លាំង។ មិនត្រឹមតែប្រកួតប្រជែងរវាងប្រទេសនិងប្រទេស ក្នុងប្រទេសហ្នឹងក៏ប្រកួតប្រជែងខ្លាំងដែរ។ នៅក្នុងការងារ នៅក្នុងវិស័យឯកជន នៅគ្រប់វិស័យ ការប្រកួតប្រជែងតែងតែមាន។ យើងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍រីកចម្រើន ជោគជ័យទាំងអស់គ្នា ប៉ុន្តែវាត្រូវមានព្រំដែន។ ព្រំដែនធំបំផុត គឺព្រំដែនគុណធម៌ សីលធម៌នេះឯង ដែលបង្កើតចេញពីមូលដ្ឋាននៃការធ្វើបុណ្យ និងការយោគយល់គ្នា។ បើប្រកួតប្រជែងចង់តែឈ្នះ អ្នកណាស្លាប់ក៏ស្លាប់ទៅ រលាយអ្នកណាក៏រលាយទៅ ឱ្យតែខ្លួនបានជោគជ័យ ហ្នឹងគឺនាំអោយ(ប្រទេសជាតិ)រលាយ។ បើយើងខិតខំប្រឹងប្រែងរួមគ្នា ប្រកបទៅដោយសីលធម៌ គុណធម៌ យល់គ្នា ព្រំដែនអី្វដែលយើងធ្វើបាន ព្រំដែនអី្វដែលយើងធ្វើមិនបាន ហ្នឹងបានជាមូលដ្ឋាននៃការថែរក្សាសុខសន្ដិភាព ស្ថិរភាពនោះ ព្រោះការគោរពគ្នាទៅវិញទៅមកនេះហើយ គឺជាអ្វីដែលធ្វើឱ្យប្រទេសេអាចបន្តរីកចម្រើនតទៅទៀត ជាមូលដ្ឋាននៃការធ្វើបុណ្យរួមគ្នា។

(៨) យោគយល់ យកអាសារគ្នា ជួយគ្នាពេលមានការលំបាក មិនធ្វើបាបអ្នកដទៃ រួមគ្នាបន្តកសាងសន្ដិភាព សាមគ្គីភាព និងឯកភាពជាតិ គឺជាការធ្វើបុណ្យ

ពាក្យថា ធ្វើបុណ្យ មិនមែនធ្វើបុណ្យ(តែ)នៅក្នុងវត្តនោះទេ។ ពាក្យថា ធ្វើបុណ្យ បានន័យថា យើងធ្វើការ​ងាររាល់ថ្ងៃ រស់នៅរាល់ថ្ងៃដោយការយោគយល់ យកអាសារគ្នា ការជួយគ្នាពេលមានការលំបាក ការមិនធ្វើបាបអ្នកដទៃ ការរួមគ្នាបន្តកសាងមូលដ្ឋាននៃសន្ដិភាព និងសាមគ្គីភាពជាតិ ឯកភាពជាតិនេះហើយគឺជាការធ្វើបុណ្យ។ សារសំខាន់នៃការធ្វើបុណ្យបន្ត គឺដើម្បីឱ្យកម្ពុជាកាន់តែមានភាពរឹងមាំ។ នេះហើយគឺជាអ្វីដែលមានសារសំខាន់នៃមូលដ្ឋានដែលមានមួយផ្នែកធំពីសាសនានៅក្នុងការអប់រំនេះឯង។ ពិតណាស់ គ្រប់សាសនាមានព្រះរៀងៗខ្លួន មានគម្ពីរៀងៗខ្លួន។ ប៉ុន្តែខ្ញុំវិភាគមើលទៅ គ្មានអ្វីក្រៅពីដំបូន្មានសម្រាប់ឱ្យរៀនរស់នៅជាមួយគ្នាបានល្អ ឱ្យរៀនកសាងអំពើល្អ ឱ្យរៀនសាមគ្គីគ្នា ឱ្យរៀនចែករំលែកជាមួយគ្នា ដូចដែលយើងកសាងសមិទ្ធផលនេះអញ្ចឹង។ (ដូចជា)សមិទ្ធផលនៅទីនេះ កើតឡើងដោយការចែករំលែក។ ទី១ រាជរដ្ឋាភិបាលសម្ដេចតេជោបានប្រគល់ដី ១២៦ហិកតា នៅក្នុងឧទ្យានជាតិ ដើម្បីកសាងសមិទ្ធផលរួម។ នេះជាការចែករំលែក។ ទី២ ការចែករំលែកធនធាន ថវិកា កម្លាំងកាយចិត្តរបស់អ្នកឧកញ៉ា ក៏ដូចជា អ្នកផ្ដួចផ្ដើមនិងសប្បុរជន ដើម្បីរួមគ្នាធ្វើកសាងនេះឯង។

(៩) ចែករំលែកសិទ្ធិ សេរីភាព ឱកាសបណ្ដុះបណ្ដាល ដើម្បីបង្កឱកាសការងារ និងកសាងជីវភាពរស់នៅ

(វត្ថុដែល)បានកសាងនេះ មិនបានយកទុកប្រើប្រាស់ជាទ្រព្យ​ផ្ទាល់ខ្លួនទេ គឺសម្រាប់ចែករំលែក។ អ្នកណាក៏អាចមកប្រតិបត្តិបាន មិនចាំបាច់តែអ្នកប្រតិបត្តិសាសនាទេ សូម្បីតែ tourists ក៏អាចមកបានដែរ។ បើកទូលាយ។ មិនប្រកាន់ថា ទាល់តែសាសនាព្រះពុទ្ធបានមកបានទេ។ ខ្ញុំជឿថា ថ្ងៃនេះប្រហែលជាមានអ្នកកាន់សាសនាផ្សេងអញ្ជើញចូលរួមដែរ សាសនាគ្រិស្ដ សាសនាឥស្លាម សាសនាផ្សេងៗ អត់ប្រកាន់ទេ។ ហ្នឹងហើយជាការចែករំលែក បន្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល(មុនៗ) ជាពិសេសអាណត្តិទី៧នេះ យើងដាក់គោលនយោបាយចែករំលែកនេះដែរ។ ចែករំលែកសិទ្ធិ សេរីភាព ដើម្បីប្រជាពលរដ្ឋមានសុខភាពកាន់​តែល្អ ចែករំលែកឱកាសក្នុងការបណ្ដុះបណ្ដាលដើម្បីប្រ​ជា​ពលរដ្ឋយើងមានសមត្ថភាព។ ចែករំលែកដោយដើរទាក់ម៉ូយដើម្បីយកមកចែករំលែកជាឱកាសការងារ ឱកាសកសាងជីវភាពរស់នៅ។ ចែករំលែកអ្វីដែលរដ្ឋមានទៅឱ្យប្រជាពលរដ្ឋ​ ដោយជំរុញការបើកឱកាសផ្ដល់នូវគោលការណ៍ផ្សេងៗ។ ត្រឡប់មកវិញ ពាក្យសន្តិភាពនិងការធ្វើបុណ្យ ឬការធ្វើបុណ្យដើម្បីសន្តិភាព ធ្វើបុណ្យដើម្បីរក្សាសន្តិភាព គឺមានន័យបែបនេះ។ ប្រទេសយើងត្រូវរួមគ្នាថែរក្សាសន្តិភាពតាមរយៈការបន្តធ្វើបុណ្យ ការយោគយល់គ្នា ការអភិវឌ្ឍខ្លួនប្រកួតប្រជែងប្រកបទៅដោយក្របសីលធម៌ច្បាស់លាស់។

(១០) សម័យទំនើបនិងសម្ភារៈនិយម ត្រូវធ្វើឱ្យការប្រកួតប្រជែងម្នាក់ៗ ក្លាយជាការប្រកួតប្រជែងរីកចម្រើនរួម

ការប្រកួតប្រជែងផ្សេងៗ ជាពិសេសក្នុងក្រឹត្យក្រមសម័យទំនើប សម័យសម្ភារៈនិយម ត្រូវធ្វើឱ្យការប្រកួតប្រជែងរបស់យើងម្នាក់ៗ វាបូក(ចូលគ្នា)ទៅជាសម្រាប់ការប្រកួតប្រជែងរីកចម្រើនរួម។ សំរាប់ក្មួយៗនៅទីនេះ ការប្រកួតប្រជែងគ្នាគឺការរៀនសូត្រ ការធ្វើការងារសង្គម មិនថាពាក់អាវកាកបាទក្រហម កាយរិទ្ធ ឬអាវណានោះទេ។ កុំប្រកួតប្រជែងរឿងកាប់ដាវ។ ម្សិលមិញ បានបញ្ជាឱ្យចៅហ្វាយខេត្តតាកែវរកឱ្យឃើញក្រុមកាប់ដាវនៅត្រាំកក់។ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ។ តាមរកឱ្យឃើញ។ ឥឡូវ ដូចមិនគួរលក់ដាវសាមូរ៉ៃធ្វើអីទេ។ ផ្គាក់សម្រាប់គេធ្វើកសិកម្ម កាប់ឆ្ការអីផ្សេងៗ … ប៉ុន្តែរឿងអាវុធជារឿងមួយ។ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង។ កាំភ្លើងគេផលិតមកប្រើដើម្បីការពារសុខសន្តិភាព សន្តិសុខ។ នេះដែលត្រូវការ។ កុំយកទៅប្រើដើម្បីប្លន់គេ ដើម្បីគំរាមគេ។ ត្រូវបណ្ដុះអប់រំឆន្ទៈជាពិសេសក្មួយៗ យុវជន យុវនារី ក្មួយៗជំទង់ គឺជាវ័យមួយដែលចង់ឃើញអីប្លែកៗ។ ក្លាហានត្រូវហើយ តែកុំក្លាហានផ្លូវខុស។ តែក្លាហានផ្លូវខុស នឹងត្រូវច្បាប់តម្រង់ទិស។ ដើម្បីបានសុខទាំងអស់គ្នានេះគឺជាអ្វីដែលយើងត្រូវធ្វើបន្ត សម្រាប់សារៈសំខាន់នៃការពង្រឹងគ្រប់សាសនាទាំងអស់។

(១១) សាសនាប្រកាន់ជំហរសាមគ្គី យោគយល់ រស់នៅនិងធ្វើកិច្ចការជាមួយគ្នា ទទួលបានឱកាសក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងបានជោគជ័យទាំងអស់គ្នា

ថ្ងៃនេះ នៅ(ក្នុងកម្មវិធី)សាសនាព្រះពុទ្ធ ប៉ុន្តែគ្រប់សាសនាទាំងអស់ត្រូវរួមគ្នា កុំឱ្យកម្ពុជាមានជម្លោះសាស​នាឱ្យសោះ។ នេះជាមូលដ្ឋានដែលយើងត្រូវយកចិត្តទុកដាក់។ ជាពិសេស ត្រូវទប់ឱ្យបាននូវភាពជ្រុលនិយមនៅក្នុងសាសនានីមួយៗ។ យើងមានសាសនាព្រះពុទ្ធ ឥស្លាម គ្រីស្ត តែយើងប្រកាន់យកសាសនាទៅតាមប្រភេទដែលមិនជ្រុលនិយម។ នេះហើយជាហេតុដែលខ្ញុំថាគ្មានជម្លោះសាសនានៅកម្ពុជា។ ថ្នាក់ដឹកនាំសាសនាទាំងអស់ប្រកាន់ជំហរសាមគ្គី ប្រកាន់ជំហរយោគយល់គ្នា សហគមន៍យើងនៅរស់ក្បែរគ្នា ប្រជាពលរដ្ឋយើងកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាមនៅភូមិជាប់គ្នា អត់មានដែល(ឈ្លោះគ្នា)។ រៀនសាលាជាមួយគ្នា ធ្វើកិច្ចការជាមួយគ្នា ទទួលបានឱកាសជាមួយគ្នានៅក្នុងជួររាជរដ្ឋាភិបាល នៅក្នុងវិស័យឯកជនដោយមិនប្រកាន់។ យើងមានថ្នាក់ដឹកនាំសាសនាកាន់តួនាទីកងកម្លាំងប្រដាប់អាវុធ នៅក្នុងតួនាទីរដ្ឋផ្សេងៗទៀត បានជោគជ័យទាំងអស់គ្នា។

(១២) ទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយមក្នុងសាសនានិងក្នុងអាណាចក្រ រួមគ្នាថែរក្សាភាពសុខសាន្តក្នុងសង្គមជាតិ

ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ! សង្គ្រាមមិនមែនផ្ទុះដោយសារអាវុធទេ គឺដោយសារមនុស្ស។ វាផ្ដើមចេញឡើងពីផ្នត់គំនិត។ ជំនាន់ប៉ុល ពត កូនហ៊ានវាយឪពុក-ម្ដាយចោលដោយ​សារមនុស្សហ្នឹងឯង។ ផ្នត់គំនិតមនុស្ស មនោគមវិជ្ជា ហ៊ានរាយការណ៍ឱ្យគេយកឪពុក-ម្ដាយ(ទៅសម្លាប់) ដោយគ្មានការយោគយល់ គឺដោយសារផ្នត់គំនិត។ មនុស្សដូចគ្នាពីឆ្នាំ១៩៧០ មុនឆ្នាំ១៩៧៥ គាត់មានទស្សនៈផ្សេង។ គ្រាន់តែបញ្ចូលមនោគមវិជ្ជាគឺការធ្វើផ្សេង។ អញ្ចឹងដាច់ខាតត្រូវទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ទាំងក្នុងសាសនានិងក្នុងអាណាចក្រ ដើម្បីរួមគ្នាថែរក្សា(ភាពសុខសាន្តក្នុងសង្គមជាតិ)។ បានន័យថារួមគ្នាធ្វើបុណ្យនិងយោគយល់គ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព ដើម្បីអនាគតយើងទាំងអស់គ្នា។ ក្មួយៗ ប្រហែលជាចង់មកលេងនៅទីនេះហើយ ចង់ឱ្យកន្លែងនេះក្លាយជាទីដែលមានទេសចរណ៍មកច្រើនទៀត។ អត់ចង់កាន់កាំភ្លើងវាយគ្នាដូចជំនាន់អ៊ំៗ ជំនាន់មុនទេ។ ចង់ឱ្យកំពង់ស្ពឺកាន់តែរីកចម្រើនខ្លាំង។ ជំនាន់នេះ គ្រាន់បើជាងជំនាន់លោកតា លោកយាយយើង ដែលលំបាក។ (សូម)ឱ្យជំនាន់កូនយើង ចៅយើងកាន់តែរីកចម្រើន។ កំពង់ស្ពឺកាន់តែខ្លាំងជាងនេះទៀត។ យើងម្នាក់ៗ ជាតួអង្គសំខាន់។ ឱ្យគេដឹង ល្បីយុវជនកំពង់ស្ពឺខ្លាំងខាងការងារសង្គម រៀនខ្លាំងប្រឡងនិទ្ទេស A។ កុំខ្លាំងខាងកាប់ដាវ កុំខ្លាំងខាងប្រណាំងម៉ូតូ …។

(១៣) កំពង់ស្ពឺមានសក្តានុពលធំ ទាំងកសិកម្មទាំងឧស្សាហកម្ម

ខេត្តកំពង់ស្ពឺសក្ដានុពលធំ។ ខ្ញុំទើបនិយាយជាមួយឯកឧត្តម វ៉ី សំណាង ថ្ងៃមុន … ឯកឧត្តម វ៉ី សំណាង ឧស្សាហ៍និយាយពីរឿងអ្នករលាក់កងជើង អ្នកដែលក្របំផុត។ ឥឡូវកំពង់ស្ពឺគឺជាខេត្តដែលត្រូវប៉ាន់។ ភ្នំពេញរីកធំហើយចង្អៀត។ ខេត្តព្រះសីហនុរីកធំមានសក្ដានុពលធំ តែខេត្តកំពង់ស្ពឺធំទាំងកសិកម្មនិងឧស្សាហកម្មនៅទីនេះ។ បន្តិចទៀតធ្វើផ្លូវមួយខ្សែតទៅផែកោះកុងមួយទៀត។ បន្តិចទៀតខេត្តកំពង់ស្ពឺកាន់តែខ្លាំង។ ខ្លាំងខាងសក្ដានុពល តែបើអត់ធនធានមនុស្សខេត្តកំពង់ស្ពឺចាប់យកឱកាសអត់បានទេ។ អញ្ចឹង ក្មួយៗហ្នឹងហើយ(ជាធនធានមនុស្សកំពង់ស្ពឺ) … មុននឹងយើងត្រឡប់ទៅវិញ ត្រូវធ្វើឲ្យកំពង់ស្ពឺក្លាយទៅជាភ្នំពេញ … (សួរទៅយុវ​ជនមួយរូប) មើល! ឥឡូវអាយុប៉ុន្មានឆ្នាំហើយ។ ១៦ ឆ្នាំ? … ក្នុងពេលមួយឆ្នាំៗ ត្រូវប្រើឲ្យអស់លទ្ធភាពដើម្បីកសាងសមិទ្ធផល ព្រោះជីវិតមិនទៀងទេ។ អ្វីៗក៏មិនទៀង។ ប៉ុន្តែចាប់យកឱកាសមួយៗ … ដើម្បីបង្កើតនូវសមិទ្ធផលខ្លួនឯង ដើម្បីជួយគ្រួសារ ដើម្បីជួយសង្គមជាតិ។ សំរាប់អ្នកកំពង់ស្ពឺ មិនចាំបាច់ចាំ ៥០ ឆ្នាំទៀតទេ ក្នុងការខំប្រឹងធ្វើតាំងពីខេត្តមួយដែលមានជីវភាពលំបាក(អោយប្រែប្រួលដូចសព្វថ្ងៃ)។ សូម្បីតែនៅក្នុងតំបន់ នៅក្នុងទសវត្សរ៍ទី ៨០ ខេត្តកំពង់ស្ពឺក៏មិនបានដូចថ្ងៃនេះដែរ។ ទីតាំងនេះ គឺជាទីកន្លែងដែលផ្តាច់ពីគ្នា។ មិនបានភ្ជាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អ្នកភ្នំពេញជិះឡានមកលេង មកទេសចរណ៍នៅទីនេះ(នោះទេ)។ ជាកន្លែងដែលបាញ់គ្នា។

(១៤) មិនអាចមានតែចំណេះដឹង មិនមានបុណ្យក្នុងខ្លួនបានទេ

ខ្ញុំជិះឡានពីក្មេងតាមផ្លូវជាតិលេខ៤ មកដល់ហ្នឹង គឺមានខ្មែរក្រហមនិយាយតាមអាយកូមស្រែកជេរពីក្រៅ។ យើងចាប់អាយកូមបាន។ ខ្ញុំចាំបានថាពូខ្ញុំ ជិះឡានកាម៉ង់កា (UAZ-469)។ គាត់មានអាយកូម ក៏តាំងជេរគ្នា។ ខ្មែរក្រហមស្រែកពីក្នុងថា ឃើញហើយឡាននៅហ្នឹង បន្តិចទៀតអញបាញ់ឈូសបេខ្ទេចតែម្តង។ ពូៗ ថាបាញ់មក។ ខ្ញុំដែលនៅក្មេងក៏ថាបាញ់អីខ្ញុំនៅហ្នឹងដែរ។ ហ្នឹងនៅតំបន់ភ្នំស្រួច។ កុំថាដីនៅតាមផ្លូវ ខ្ញុំសួរឯកឧត្តម យឿន សុខុន គាត់ថាពីក្មេង កាលជំនាន់ ៨០ជាង ៩០ជាង ប្រជាពលរដ្ឋយកមកដាក់តាមផ្លូវអត់នៅទេ។ មិនមែនដូចឥឡូវ មួយការ៉េចូលប៉ុន្មានខ្ញុំមិនដឹងទេ? ចែកទទេអត់នៅទេ។ រត់ទៅវិញ ព្រោះកន្លែងអសន្តិសុខ ហើយដាច់អត់មានស្អីទាំងអស់។ អត់ភ្លើង អត់ទឹក។ ឥឡូវយើង(មានការប្រែប្រួលដូច)នេះ។ បើអញ្ចឹង បន្តទៅទៀត មិនត្រឹមតែប៉ុណ្ណេះទេ គឺត្រូវឲ្យរីកខ្លាំងជាងហ្នឹង។ ធនធានមនុស្សនៅកំពង់ស្ពឺនេះជាពិសេសក្មួយៗដែលជាកូន ជាចៅ របស់លោកយាយរបស់អ៊ំពូមីង ដែលគាត់បាត់ឱកាសច្រើននៅក្នុងជំនាន់សង្រ្គាម ពេលនេះមានឱកាសហើយ។ ការធ្វើបុណ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ជាការចាំបាច់សម្រាប់កសាងធនធានមនុស្ស កសាងខ្លួន។ (យើងមិនអាច)មានតែចំណេះដឹង (តែ)អត់មានបុណ្យក្នុងខ្លួន(បានទេ)។ ការធ្វើបុណ្យចែករំលែក នៅមិនទាន់គ្រប់ទេ ត្រូវរួមគ្នាធ្វើ រួមគ្នាជួយគ្នាទាំងអស់។

(១៥) ព្រែកជីកហ្វូណនជាគម្រោងប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋគាំទ្រ

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណលោកតា លោកយាយ អ៊ំ ពូ មីង បង ប្អូន ព្រះតេជព្រះគុណគ្រប់ព្រះសង្ឃ នៅខេត្តកំពង់ស្ពឺនេះ ដែលបានគាំទ្រដល់ការផ្តួចផ្តើមគំនិតជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ក្នុងការកសាងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍សង្គមជាតិយើងធំណាស់ … រឿងពេលវេលាមានតម្លៃណាស់។ យ៉ាងច្រើន ១៥០ ឆ្នាំម្នាក់ តែមិនច្បាស់ទេ។ វាអត់សំខាន់យើងនៅដល់ ១៥០ ឆ្នាំ នៅដល់ ១០០ ឆ្នាំ ទេ។ សំខាន់ ពេលដែលយើងនៅ យើងកសាងបានអ្វីខ្លះ? ហ្នឹងហើយដែលយើងត្រូវបញ្ចប់សង្រ្គាម។ ខ្ញុំគិតថាមានការព្យាយាមចេញគោលនយោបាយច្រើនហើយ ប៉ុន្តែគោលនយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមតែ ២ ឆ្នាំគត់ បញ្ចប់សង្រ្គាម ៥០០ ឆ្នាំ។ ដាក់នយោបាយត្រូវ ក្នុងតែ ២ឆ្នាំគត់ នៅឆ្នាំ ១៩៩៦ តំបន់ឱរ៉ាល់ក្លាយជាឈ្នួនផ្ទុះ។ យើងចាប់ផ្តើមពីតំបន់ហ្នឹង។ (សង្គ្រាមបាន)បញ្ចប់នៅឆ្នាំ ១៩៩៨។ ពីរឆ្នាំគត់ យើងអាចបញ្ចប់សង្រ្គាមដែលមានមក ៥០០ ឆ្នាំបាន។ អញ្ចឹង ត្រូវតែធ្វើព្រែកជីកហ្វូណននេះជាបន្ទាន់។ យើងត្រូវធ្វើ។ ឥឡូវអត់ចាំនរណាទៀតទេ។ គេសួរច្រើនណាស់។ មានអ្នកខ្លះចេញមកថាអញ្ចេះថាអញ្ចុះ។ អ្នកខ្លះថាធ្វើអាហ្នឹងសម្រាប់ផលប្រយោជន៍វៀតណាម។ ម្តងថាប្រយោជន៍ចិន វាយវៀតណាម។ រឿងអ្នកណាថាអីថាទៅ។ ផលប្រយោជន៍អ្នកណា បើធ្វើព្រែកជីកហ្វូណនតេជោនៅក្នុងទឹកដីខ្មែរវាគឺដើម្បីប្រជាពលរដ្ឋខ្មែរ។ រឿងសេដ្ឋកិច្ចពិភពលោករឿងមួយ ប៉ុន្តែរឿងជាតិយើងភ្ជាប់សេដ្ឋកិច្ចពិភពលោកគឺដើម្បីខ្មែរខ្លាំង។ នេះជាគម្រោងប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋបានគាំទ្រ។

(១៦) ខ្មែរធ្វើបាន – ព្រែកជីកហ៊្វូណនតេជោ បើកការដ្ឋានក្នុងខែសីហា ២០២៤

កិច្ចការនេះយើងមិនបង្អង់ទេ។ ពេលដែលចាប់ផ្តើមសាងសង់នឹងមានខ្មែរយើងចូលរួមជាភាគច្រើន។ ពិតណាស់ យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិនដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួនធ្វើ។ ឥឡូវនេះ យើងបានចរចា ហើយសុំជម្រាបលោកយាយ លោកតា ថា ខ្មែរយើងនឹងមានហ៊ុនភាគច្រើននៅក្នុងក្នុងការសាងសង់គម្រោងនេះ។ ការបើកការដ្ឋានមិនចាំយូរទេ នាំឲ្យយប់យន់សុបិន្តច្រើន។ ចង់ឲ្យឈប់ស្រមៃទាល់តែធ្វើតែម្តង។ យើងនឹងបើកការដ្ឋាននៅក្នុងខែ ៨ខាងមុខនេះ។ កុំឲ្យអ្នកខ្លះថាធ្វើមិនកើត ធ្វើអញ្ចេះធ្វើអង្កាល។ តែស្មារតីខ្មែររួមគ្នាដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ ប៉ុណ្ណេះយើងធ្វើបាន។ មានការចូលរួមពីវិនិយោគិនខាងក្រៅ ឬមិនធ្វើ ខ្ញុំបានប្រកាសហើយ។ អ្នកខ្លះគេសួរថាចុះបើគេមិនដាក់ទុនធ្វើយ៉ាងម៉េច? អត់ទេ អ្នកណាធ្វើមិនធ្វើ ខ្មែរធ្វើ។ ធ្វើនៅក្នុងទឹកដីខ្មែរដើម្បីលោកតា លោកយាយ ហើយលោកតា លោកយាយ។ ចាំពេលធ្វើហើយ យើងថាខ្ទង់ ៥ ទៅ ៦ ឆ្នាំទៀត លោកតា លោកយាយនៅកម្លាំងពេញ អាចជិះទូកលេងពីភ្នំពេញទៅកែប តាមផ្លូវទឹក។ ក្មួយៗដូចគ្នាដែរ។ អត់ឲ្យយូរទេ យើងនឹងធ្វើ។

(១៧) ព្រែកជីកហ៊្វូណនតេជោនឹងប្រែក្លាយសក្តានុពលបណ្តាខេត្តទិសនិរតីរួមជាមួយកំខេត្ត​ពង់​ស្ពឺ

គម្រោងមួយនេះមានលក្ខណៈពិសេសជាងគម្រោងផ្សេង។ ហេដ្ឋារចនាសម្ព័ន្ធយើងធ្វើច្រើន ហើយមិនមែនតែគម្រោងទំហំប៉ុណ្ណេះទេ ថវិកា ១០០០ លាន(ដុល្លារ)ជាង។ យើងធ្វើគម្រោងខ្លះច្រើនជាងនេះទៀត ដូចជាព្រលានយន្តហោះធំៗ ជាងនេះទៀត ប៉ុន្តែមិនមានគម្រោងណាដែលគាំទ្រដោយស្មារតីប្រជាជនខ្មែរទូទាំងពិភពលោកដូចនេះ។ ពិតណាស់ មានអ្នកមានយោបល់ជំទាស់។ អ្នកខ្លះខំស្រែកតាមហ្វេសប៊ុករាល់ថ្ងៃដើម្បីឲ្យប្រជាជនលែងជឿទុកចិត្ត លែងគាំទ្រគម្រោងរបស់ខ្មែរមួយនេះ។ ជាគម្រោងដែលមានលក្ខណៈជាតិនិយមនៅត្រង់ថា ប្រជាជនខ្មែរគ្រប់និន្នាការយល់ថាជារបស់ខ្មែរ ជាផលប្រយោជន៍ខ្មែរ។ បន្តិចទៀតកូនខ្មែរនឹងចូលរួមកសាងជាភាគច្រើន ដើម្បីផលប្រយោជន៍ខ្មែរយើង។ ជាគម្រោងដែលប្រជាពលរដ្ឋយល់និងគាំទ្រជាកម្លាំងចិត្តធំណាស់។ ថ្ងៃក្រោយ ទេសចរអាចជិះទូក ហើយឡើងមកមើលកន្លែងនេះ ហើយកំ​ពង់​ស្ពឺ ជាមួយខេត្តទិសនិរតីហ្នឹងគឺតាកែវ កំពត និងកែប កាន់តែមានសក្ដានុពល។ អញ្ចឹងត្រូវប៉ាន់អ្នកកំពង់ស្ពឺថែមទៀត។ កន្លែងនោះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចរីកចម្រើន កសិកម្ម កសិ-ឧស្សាហកម្ម ហើយនៅកន្លែងនេះ ដូចដែលខ្ញុំទៅកូរ៉េថ្ងៃមុនយើងមានសក្ដានុពលច្រើន រឿងកសិ-ឧស្សាហកម្ម ដំណាំស្វាយដំណាំអី។ ថ្ងៃមុន ទៅចរចាជាមួយកូរ៉េសុំទម្លាក់ពន្ធនាំចូល ដើម្បីយើងអាចនាំចេញ។

(១៨) ការធ្វើបុណ្យរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យប្រជាជនមានបាន

ក្រៅពីនេះ គ្រាន់តែរោងចក្រនៅទីនេះ មាន(ប្រហែល)៩០០ជាង ហើយកម្មករជាង ១០ម៉ឺននាក់។ យើងនឹងបង្កើនបន្ថែមទៀត។ បានន័យថា រកថវិកាមកដើម្បីដាក់ចូលហោប៉ៅអ្នកកំពង់ស្ពឺ។ នេះហើយការធ្វើបុណ្យនោះ។ សម្រាប់រាជរដ្ឋាភិបាល ការធ្វើបុណ្យគ្មានអីក្រៅពីធ្វើឲ្យប្រជាជនមានបាននោះទេ។ ការធ្វើបុណ្យបែបនេះត្រូវបន្ត ដើម្បីថែរក្សាស្ថិរភាព ជីវភាពរស់នៅ និងសន្តិភាព។ ការធ្វើបុណ្យ គឺធ្វើឲ្យប្រជាជនរីកចម្រើនជីវភាពនេះហើយ ដែលទប់ស្កាត់នូវអំពើជ្រុលនិយម ដែលនាំប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាម។ អញ្ចឹងការធ្វើបុណ្យ ការកសាងគោលនយោបាយដែលផ្អែកទៅលើការផ្ដល់ឱកាសជូនប្រជាពលរដ្ឋរីកចម្រើន ផ្អែកទៅលើមូលដ្ឋានផ្ដល់សិទ្ធិសេរីភាព និងជីវភាពរស់នៅឲ្យកាន់តែរីកចម្រើន គឺជាការធ្វើបុណ្យរបស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាងសមិទ្ធផលនិងកសាងប្រទេសជាតិយើង …។

(១៩) ក្នុង ១០០ឆ្នាំ ព្រែកជីកនឹងក្លាយជា​សមិទ្ធផលប្រវត្តិសាស្រ្តដែលកូនចៅជំនាន់សតវត្សរ៍ទី២១ រួមគ្នាបង្កើត ទុកជាស្នាដៃ

សូមអរគុណសាជាថ្មីលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ត្រឡប់ទៅវិញ (ដែលគាំទ្រ)រឿងព្រែកជីកនេះ ហើយយើងនឹងធ្វើឲ្យបានក្នុងពេលឆាប់ៗ ដើម្បីលោកតាលោកយាយអាចបានឃើញទាំងអស់គ្នា។ វាជាគម្រោងប្រវត្តិសាស្រ្តមួយ ក្នុងទីតាំងប្រវត្តិសាស្រ្ត។ តំបន់នេះ នៅសម័យហ៊្វូណន កន្លែងហ្នឹងក៏ជាទីតាំងសំខាន់។ អញ្ចឹងយើងធ្វើ ហើយ(ធ្វើដោយ)កូនខ្មែរ។ នៅក្នុង ១០០ឆ្នាំទៀត ព្រែកជីកនេះនឹងក្លាយជាព្រែកជីក​ប្រវត្តិសាស្រ្ត ថែមទៅលើសមិទ្ធផលដែលកូនចៅជំនាន់ថ្មីក្នុងសតវត្សរ៍ទី២១ រួមគ្នាបង្កើតទុកជាស្នាដៃបន្ត។ ខ្មែរយើងសាងអង្គរ សាងប្រាសាទច្រើន ប៉ុន្តែជាអកុសលយើងធ្លាប់បែកបាក់គ្នា។ ឥឡូវរួមគ្នាហើយ។ យើងកសាងសមិទ្ធផលថ្មីបន្ថែម។ យើងកសាងសមិទ្ធផលកម្រិតស្តង់ដា។ បើនិយាយពីសមិទ្ធផលប្រវត្តិ​សាស្រ្តមានច្រើនកម្រិតធំៗ ដូចយ៉ាងព្រលានយន្តហោះ មិនជាបុរាណ មិនជាសម័យទំនើប ប៉ុន្តែជាសមិទ្ធផលដែលយើងមិនធ្លាប់មានលើទឹកដីរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៥]

ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យទំាងផ្នែកពុទ្ធចក្រ និងអាណាចក្រ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តចូលរួមអនុវត្ត ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែប្រសើរថែមទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងជាពុទ្ធបរិស័ទមួយរូប ខ្ញុំសូមចូលរួមផ្តល់នូវទស្សនទានមួយចំនួន ដូចខាងក្រោម៖

ទី១. មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គួរមាននូវយុទ្ធសាស្រ្តជាក់លាក់ ដែលធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍមជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ សម្រាប់បម្រើនូវឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា សេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទំាងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ទី២. សូម ក្រសួងធម្មការ និង សាសនា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការក្នុងការដាក់ចេញនូវលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទស្តង់ដាសម្រាប់ការកសាងសំណង់ពាក់ព័ន្ធនឹងវិស័យសាសនា ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្រឹត្យក្រម សម្រាប់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។

ទី៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវចូលរួមអភិរក្ស និង អភិវឌ្ឍបរិស្ថានធម្មជាតិនៅទីនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដូចជា ការថែទាំ និងការដាំដើមឈើបន្ថែម និងការអភិរក្សសត្វព្រៃជាដើម។ ក្រៅពីការរួមគ្នាអភិរក្ស និងអភិវឌ្ឍ យើងក៏ត្រូវបន្តថែរក្សាមជ្ឈមណ្ឌលនេះ ឱ្យមានបរិស្ថានល្អ បរិយាកាសរីករាយ និងសុវត្ថិភាព ដើម្បីជាការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ដើម្បីធ្វើឱ្យទីកន្លែងនេះផ្ដល់ផលប្រយោជន៍បំផុតដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេស ការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ដោយទីកន្លែងនេះស័ក្ដិសមបំផុតសម្រាប់ការអប់រំ លើកកម្ពស់សីលធម៌សង្គម និងការប្រតិបត្តិធុរៈខាងផ្នែកព្រះពុទ្ធសាសនា។

ទី៤. ខ្ញុំស្នើឱ្យ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីប្រើប្រាស់ទីកន្លែងនេះ ជាកន្លែងពហុវិស័យ ក្នុងការបម្រើផលប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្ដុះគុណធម៌ សីលធម៌ សុជីវធម៌ និងបដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ទី៥. ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការសាមគ្គីគ្នា និងបង្កើនទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលប្រព័ន្ធនេះ បង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការងារព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន។ ក្នុងក្របខ័ណ្ឌ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ការងារត្រូវអនុវត្តប្រកបដោយសហថាមពល (ការផ្គួបថាមពលដោយប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា) មានកិច្ចសហការជិតស្និទ្ធ ផ្ដល់ព័ត៌មាន និងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការទទួលខុសត្រូវ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ អភិវឌ្ឍ និងផែនការសកម្មភាពនានា។

ទី៦. ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា ត្រូវបន្តបង្កើនសកម្មភាពអប់រំសីលធម៌ គុណធម៌ សុជីវធម៌ តម្លៃនៃប្រពៃណី សាសនា និងតម្លៃការរស់នៅក្នុងសង្គម ដើម្បីជាការបង្ហាញ និងពន្យល់ដល់ប្រជាជន និងយុវជនឱ្យបានយល់ដឹងកាន់តែជ្រៅជ្រះ ចៀសវាងការប្រព្រឹត្តជាអកុសលបង្កបញ្ហាដល់សង្គម ដើម្បីរួមចំណែកដល់ការសម្រេចបាននូវសង្គមកម្ពុជាមួយដែលមានអារ្យធម៌ខ្ពស់។

មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងអំណរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា និងមន្ត្រីរាជការ នៃក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយក និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ សប្បុរសជននានា ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមគ្នាបង្កើតបានសមិទ្ធផលថ្មីដ៏ល្អប្រណីតនេះ សម្រាប់ជាទីកន្លែងគោរពបូជា សម្រាប់ពុទ្ធសាសនិកជន។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរ សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និងសេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរព្រះគុណ និង សូមអរគុណ!

[ផ្ដើមសេចក្ដីអធិប្បាយ៦]

ក្នុងឱកាសនេះផងដែរ សម្រាប់លោកយាយលោកតា ១០០នាក់ (សូមជូន)ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល។ ជូនយុវជនកាយាឫទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សរុប ៣០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ សាលាស្រុកភ្នំស្រួចថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្ពពិធីថវិកា ៣លានរៀល និងជូនថវិកា ៥០លានរៀល ដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីរួមចំណែកគាំពារដល់មជ្ឈមណ្ឌល។ ហើយក៏សូមអំពាវនាវដល់បណ្ដាឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលជាសប្បុរសជន សូមបន្តចូលរួមដើម្បីកសាងនូវសមិទ្ធផលបន្ថែមនៅទីនេះ សម្រាប់ទាំងព្រះពុទ្ធសាសនា ទាំងវិស័យផ្សេងៗទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង។ អរគុណ៕

អត្ថបទទាក់ទង