Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 744

CMF:

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា
ថ្នាក់ដឹកនាំតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន JIACA ប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋ អ៊ំ ពូមីងទាំងអស់ … សូមពាំនាំនូវការផ្តាំផ្ញើប្រសិទ្ធពរពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសដែលជិតចូលឆ្នាំថ្មីនេះ ទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

(១) ខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងចាស់ បើកបញ្ជីថ្មីរវាងកម្ពុជានិងជប៉ុន

ថ្ងៃនេះគឺជាលើកទី៣ ដែលខ្ញុំជាមួយឯកឧត្តម UENO Atsushi ក្នុងរយៈពេល ៤ ខែនេះ បានសម្ពោធរួមគ្នានូវសមិទ្ធផលសំខាន់ៗ ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោង នៅក្នុងប្រទេសកម្ពុជាដែលកើតឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ ខួប ៧០ឆ្នាំនៃកម្ពុជាជប៉ុន នៅសល់តែ ៤ថ្ងៃទៀតឈានទៅដល់ដាច់ឆ្នាំ។ ប៉ុន្តែមិនមែនមានន័យថា ដាច់ឆ្នាំដាច់ទំនាក់ទំនងនោះទេ។ វាគ្រាន់តែឈានទៅដល់ឆ្នាំទី ៧១ នៃទំនាក់ទំនង ដែលយើងបន្តទៅទៀត។ អញ្ចឹងការបិទបញ្ជីនៅថ្ងៃនេះ គឺបិទបញ្ជីសម្រាប់ខួបទី ៧០ឆ្នាំ ប៉ុន្តែយើងបើកបញ្ជីច្រើនណាស់ មុខព្រួញច្រើនណាស់ សម្រាប់កិច្ចការងារបន្ត។ ម្សិលម្ង៉ៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានដឹកនាំប្រជុំអន្តរក្រសួងជាមួយភាគីជប៉ុន ដើម្បគិតគូរអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្តទៅទៀត ជាពិសេសគម្រោងយុទ្ធសាស្ត្រក្នុងការពង្រឹងនិងតភ្ជាប់សេដ្ឋកិច្ចជាតិរបស់យើងទាំងពីរ។

នេះបានន័យថា ៣ ថ្ងៃឈានទៅដល់ការចប់នៃឆ្នាំចាស់ ប៉ុន្តែបើយើងមើលមួយជ្រុងទៀត គឺ ៣ថ្ងៃ ឈានទៅដល់ការចាប់ផ្តើមនៃឆ្នាំថ្មី។ នេះគឺជាតថភាពជាក់ស្តែង។ អ្វីដែលសំខាន់ ហើយខ្ញុំសូមអរគុណណាស់ឯកឧត្តមឯកអគ្គរាជទូតដែលបានសង្ខេប ​និងគម្រោងជាច្រើន ដែលយើងធ្វើតែក្នុងមួយឆ្នាំនេះ និងទិសដៅទៅខាងមុខទៀត។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណទៅដល់ឯកឧត្តមឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូតគ្រប់ជំនាញ ក៏ដូចជាលោកស្រី​ KAMEI Haruko ប្រធានទីភ្នាក់ងារស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JIACA ប្រចាំកម្ពុជា ក៏ដូចជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងតែផ្តល់នូវជំនួយ និងការគាំទ្រមកដល់ប្រជាជនយើង។

(២) ប្រវត្តិទំនាក់ទំនងប្រជាជនកម្ពុជាជប៉ុនអាយុជាង ៤០០ឆ្នាំ

ទំនាក់ទំនង(ការទូតរវាងប្រទេស)យើង(ទាំងពីរមានអាយុ) ៧០ឆ្នាំ ប៉ុន្តែប្រជាពលរដ្ឋជប៉ុន(និងប្រជាជនកម្ពុជា)មានទំនាក់ទំនងតាមប្រវត្តិសាស្ត្រជាង ៤០០ ឆ្នាំហើយ។ តាមការស្រាវជ្រាវគឺនៅក្នុងសម័យឧត្តុងនោះ ក៏មានវត្តមាននៃប្រជាជនជប៉ុន ដែលមានភូមិជប៉ុនមួយនៅរាជធានីឧត្តុងរបស់យើងដែរ និងការតភ្ជាប់កំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន។ អញ្ចឹងមិនមែនទើបតែ ៧០ឆ្នាំនេះទេ។ អ្វីដែលសំខាន់គឺពីមុនមកយើងមានដាច់ៗ ពី ៧០ឆ្នាំនេះយើងបានឡើង ដាច់មួយតង់ជំនាន់យើងសង្គ្រាមខ្មែរក្រហម ហើយយើងភ្ជាប់ឡើងវិញក្នុងទំនាក់ទំនងនេះ ដើម្បីធ្វើយ៉ាងណាធានានូវនិរន្តភាពនៃទំនាក់ទំនងនេះ។ ខ្ញុំក៏សូមអរគុណណាស់ ចំពោះឯកឧត្តមអគ្គរាជទូតដែលបានលើកឡើងអំពីចំណុចខ្ពស់នៃទំនាក់ទំនងយើង ៧០ ឆ្នាំ។ យើងដើរដល់ណា? ទំនាក់ទំនងយើង ៧០ ឆ្នាំនេះ ទោះបីជាមានផ្លូវរលាក់ខ្លះ កន្លែងខ្លះត្រូវដាច់តំណបន្តិចបន្តួច ប៉ុន្តែក្រោយពីការភ្ជាប់ឡើងវិញនេះ ជាពិសេសក្រោយកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទស្សវត្សរ៍ទី ៩០ ជប៉ុនក៏បានដើរតួនាទីសំខាន់នៅក្នុងការចូលរួមជួយកម្ពុជា រាប់ទាំងក្នុងដំណាក់កាលនៃការចរចា។

(៣) តម្លើងកម្រិតទំនាក់ទំនងកម្ពុជាជប៉ុនដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ថ្ងៃមុន ខ្ញុំបានចូលគាល់ព្រះចៅអធិរាជជប៉ុននៅទីក្រុងតូក្យូ។ ឪពុករបស់ព្រះមហេសី/empress ជប៉ុន ពីដើមជាអ្នកការទូតម្នាក់ ជាមន្ត្រីម្នាក់ដែលបានដើរតួនាទីក្នុងការជួយសម្របសម្រួលនៃកិច្ចចរចាសន្តិភាព(កម្ពុជា)ដែរ។ លោកបានមានបន្ទូលជាមួយខ្ញុំផ្ទាល់ថា “ខ្ញុំសូមនិយាយរឿងផ្ទាល់ខ្លួនមួយ។ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយកម្ពុជាដោយសារឪពុករបស់ខ្ញុំធ្លាប់ដើរតួនាទីក្នុងការសម្របសម្រួលនេះ”។ ដោយហេតុនេះ តាំងពីរាជវង្សរហូតដល់ប្រជាជនជប៉ុនគឺមានទំនាក់ទំនងជាមួយកម្ពុជា។ អញ្ចឹងការរៀបចំតភ្ជាប់ពង្រឹងនិងការតម្លើងទំនាក់ទំនងបន្ថែមទៀត ជាពិសេសឆ្នាំនេះ មិនត្រឹមតែជាខួបទី ៧០ឆ្នាំទេ ក៏ប៉ុន្តែជាការតម្លើងកម្រិតទំនាក់ទំនងកម្ពុជាជប៉ុន ដល់កម្រិតខ្ពស់បំផុតនៃប្រវតិ្តសាស្ត្រ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះមានអត្ថន័យធំណាស់ថា យើងបានលើកកម្ពស់ និងពង្រឹងបន្ថែមទំនាក់ទំនងលើវិស័យសំខាន់ៗជាច្រើន។

(៤) ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជានិមិត្តរូបសហប្រតិបត្តិការកម្ពុជាជប៉ុន ធ្វើឱ្យបរិស្ថានកាន់តែល្អ

សូមអបអរសាទរសាជាថ្មី ជាមួយនឹងសាលារាជធានី និងប្រជាពលរដ្ឋយើងនៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលសមិទ្ធផលថ្មីនេះ ហើយក៏សូមអរគុណទៅដល់មិត្តជប៉ុនដែលបានជួយកសាងនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅ(ក្នុងរាជធានីភ្នំពេញ)។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្ងៃនេះ គឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍប្រទេសរបស់យើង ក៏ដូចជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងជប៉ុន ដែលយើងនឹងបន្តទៅទៀតឲ្យកាន់តែល្អប្រសើរ។ ការកសាង(ប្រព្រឹត្តកម្មទឹកកខ្វក់)នៅទីនេះនឹងជួយធ្វើឲ្យបរិស្ថានកាន់តែល្អ ហើយផាសុខភាពរបស់ប្រជាជនកាន់តែល្អ។ ទំនាក់ទំនងយើងក៏ដូចគ្នា។ បើប្រៀបធៀបជា​មួយប្រជាជននិងបរិស្ថាន ទំនាក់ទំនងយើងក៏នឹងកសាងនូវសមិទ្ធផលនានាបន្តទៀតនិងកាន់តែល្អប្រសើរ។ នេះ ជាសមិទ្ធផលពិសេសមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់នៅ​កម្ពុជា ដែលកន្លងទៅភាគីជប៉ុនក៏បានជួយនៅក្នុងការកសាងនិងអភិវឌ្ឍន៍ផែនការមេ ក៏ដូចជាអនុវត្តគម្រោងជាច្រើនទាក់ទងទៅនឹងការរំដោះទឹកជំនន់នៅភ្នំពេញ។

(៥) ប្រែក្លាយបឹងជើងឯកពីកន្លែងកប់សាកសពមនុស្សជាង ២ម៉ឺននាក់ ជាសមិទ្ធផលបម្រើមនុស្សរាប់សែននាក់

ការគ្រប់គ្រងទឹកកខ្វក់នេះជាគម្រោងមួយពិសេសមែនទែន។ បើយើងឈប់ ហើយក្រឡេកមើលក្រោយបន្តិច នៅទីនេះយើងប្រហែលជាដឹងថាកាន់តែពិសេសតទៅទៀត។ បើយើងនិយាយពីគុកទួលស្លែង ហើយ(និង)បឹងជើងឯក ប្រហែលជាគ្រប់គ្នាស្រមៃឃើញលលាដ៍ក្បាលជនរងគ្រោះដែលត្រូវ(របបប៉ុល ពតសម្លាប់)ដោយអកុសល។ អ៊ំ ពូមីង បងប្អូន ងាកមើលជុំវិញខ្លួន (ក៏ឃើញថាមាន)គ្នាប្រហែលជាខ្ទង់ ៣ពាន់នាក់ជាង។ យកចំនួនហ្នឹងគុណនឹង៧ ឃើញ ២ម៉ឺននាក់។ តើដឹងថា ចំនួន ២ម៉ឺននាក់ហ្នឹងអីគេទេ? គឺចំនួនអ្នកដែលរងគ្រោះគេយកវាយចោល(នៅបឹងជើងឯក)ហ្នឹង។ ជំនាន់ ប៉ុល ពត (ពួកគេបាន)យក(អ្នកទោស) ២ម៉ឺននាក់ពីគុកទួលស្លែងមក(សម្លាប់)ចោលនៅកន្លែងហ្នឹង … ២ម៉ឺននាក់នោះជាអ្នកណា? បើសិនជាគាត់នៅមានជីវិត ប្រហែលជាមានកូនចៅរាប់ម៉ឺននាក់តទៅទៀត។ ប៉ុន្តែជាអកុសលពួកគាត់ត្រូវបានផ្ដាច់ជីវិត។ កន្លែងនេះ ពីមុនគេហៅថាកន្លែងកប់ខ្មោចឬព្រៃខ្មោច … យើងមានមណ្ឌលចងចាំបឹងជើងឯកមួយនៅទីនេះ។ អញ្ចឹង យើងឃើញថាកន្លែងកប់ខ្មោច កន្លែងដែល ២ម៉ឺននាក់ត្រូវគេយកមកផ្ដាច់ជីវិតនៅទីនេះ ថ្ងៃនេះបានប្រែក្លាយជារស់រវើក។ កន្លែងដែល ៣ពាន់នាក់មកចូលរួមអបអរសាទរសមិទ្ធផលសម្រាប់បម្រើដល់ការរស់នៅ នៃមនុស្សរាប់សែននាក់ទៀត។ នេះហើយជាចំណុចពិសេសនៃបឹងជើងឯកនិងសមិទ្ធផលថ្ងៃនេះ។

តើអ្នក ២ម៉ឺននាក់ នេះស្លាប់ដោយសារអី? ស្លាប់ដោយសារគេវាយសម្លាប់។ មូលហេតុអីបានជាគេចាប់ពួកគាត់មកវាយសម្លាប់? ដោយសាររឿងហេតុដែលបានកើតពី ៥៣ឆ្នាំមុន។ រដ្ឋប្រ​ហារ ១៨ មីនា បានធ្វើឱ្យសង្គ្រាមឆេះឡើងនៅក្នុងទឹកដីយើង រហូតដល់ខ្មែរក្រហមឡើងកាន់អំណាច វាយមនុស្សសម្លាប់នៅទីនេះ។ បើគ្មានសង្គ្រាមផ្ទុះនៅក្នុងទសវត្សរ៍ទី៧០ គ្មានខ្មែរក្រហមមកត្រួតត្រា យក(មនុស្ស) ២ម៉ឺននាក់មកវាយសម្លាប់កន្លែងនេះទេ។ នេះជាការពិត។ បើយើងមើលតែ(រូបភាពនា)ពេលបច្ចុប្បន្ន យើងគិតថាជាកន្លែងធម្មតា។ ភ្នំពេញកន្លែងណាក៏មានបុរីដែរ។ កន្លែងនេះ កាលពីមុនជាបឹង ឥឡូវទៅជាផ្លូវច្រើនខ្សែ។ វាធម្មតាទៅហើយ។ ប្រទេសយើងឃើញ(ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ)ហ្នឹងរាប់ឆ្នាំមកហើយ … ប៉ុន្តែបើយើងមើលទៅក្រោយបន្ដិច យើងនឹង​ដឹងពីប្រវត្តិកន្លែងនេះ ដែលប្រែក្លាយពីកន្លែងដែលគេយកមនុស្ស ២ម៉ឺននាក់មកវាយចោល កន្លែងដែលស្ងាត់ជ្រងំនៅឆ្នាំ ១៩៧៩ កន្លែងដែលមានដោយរណ្ដៅខ្មោច ទៅជាកន្លែងដែលរស់រវើក កន្លែងដែលមានសេដ្ឋកិច្ច កន្លែងដែលយើងសម្ពោធសមិទ្ធផលថ្ងៃនេះ ជានិមិត្តរូបទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនដ៏រស់រវើក ជាកន្លែងដែលបម្រើការប្រព្រឹត្តកម្មទឹកកខ្វក់ជួយដល់បរិស្ថាន និងផាសុខភាពប្រជាពលរដ្ឋអ្នកភ្នំពេញ …។

(៦) ការពារសមិទ្ធផលដែលកំពុងសំរេចបាន និងធានាការវិវឌ្ឍតទៅមុខទៀត

យើងត្រូវចងចាំករណីពិសេសដែលកើតមានឡើងនេះ។ (យើងអាចធ្វើបាន)ដោយសារសុខសន្តិភាព។ បើ(យើងនៅបន្តមាន)សង្គ្រាម យើងវេទនាដូចមុន។ តែយើងមានសន្តិភាព។ ២ថ្ងៃទៀត យើងត្រូវគោរពខួប ២៥ឆ្នាំនៃការសម្រេចបាននយោបាយឈ្នះឈ្នះគឺការបញ្ចប់សង្គ្រាម។ ថ្ងៃមុនមានគេលើកយោបល់ឱ្យខ្ញុំថា គួរតែមានទិវាសន្តិភាព។ មិនចាំបាច់មានទិវាសន្តិភាពទេ។ ទិវាដែលនាំដល់ការបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីហ្នឹង អត្ថន័យគឺទិវាសន្តិភាពហើយ។ ៥០០ឆ្នាំ (ប្រទេសកម្ពុជា)បែកបាក់គ្នា កាប់ចាក់គ្នា។ អញ្ចឹងផលលាភដែលយើងបានថ្ងៃនេះគឺដោយសារ ២៥ឆ្នាំមុន យើងបានបញ្ចប់សង្គ្រាម និងសេដ្ឋកិច្ចយើង(មានការ)កើនឡើងជាវិជ្ជមាន … ទន្ទឹមនឹងនិយាយពីបច្ចុប្បន្ន និងសមិទ្ធផលយើងទៅអនាគត យើងត្រូវនិយាយផងដែរពីការដាក់ទិសដៅការពារសមិទ្ធផល(ដែលកំពុងសំរេចបាន)នេះ និងធានានូវការវិវឌ្ឍតទៅមុខទៀត កុំវាឱ្យវាថយ ដូច(កាលពីជាង) ៤០ឆ្នាំមុន។ យើងត្រូវការពារសុខសន្តិភាពឱ្យបានដាច់ខាត … បើយើងមើលសមិទ្ធផលនៅទីនេះ ត្រូវកុំភ្លេចឈប់មួយភ្លែតងាកមើលក្រោយផង។

(៧) រំលឹកប្រវត្តិសាស្ត្រដើម្បីអោយមានការចងចាំ និងដឹងថាមកពីត្រឹមណា ដល់ត្រឹមណា

អ្នកខ្លះចោទ ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅណានិយាយតែរឿងប្រវត្តិសាស្ត្រ និយាយតែរឿងដដែលៗ។ និយាយដើម្បីឱ្យចងចាំពីប្រវត្តិសាស្ត្រ និយាយឱ្យដឹងថាយើងដើរដល់ណា ដើម្បីយើងមានភាពជឿជាក់និងមានមោទនភាពថា ខ្មែរយើងបានរួមគ្នាដល់ចំណុចនេះ។ ទោះបីយើងមិនទាន់វិវឌ្ឍដូចអាមេរិកដូចអីក៏ដោយ ប៉ុន្តែបើប្រៀបការវិវឌ្ឍពីកន្លែងទៅមួយកន្លែង នៅក្នុងមួយកន្លែងពីដំណាក់កាលមួយទៅដំណាក់កាលមួយ យើងគួរតែមានមោទនភាពក្នុងនាមជាខ្មែរ។ យើងចេញពីដំណាក់កាលនៃការបែកបាក់កាប់សម្លាប់គ្នា ដែលសូម្បីតែកន្លែងនេះ ដែល ៦០ឆ្នាំមុន ជាកន្លែងធម្មតា ៤០ឆ្នាំមុនកន្លែងវាយ(មនុស្ស កប់)ខ្មោច ឥឡូវយើងទៅជាកន្លែងដែលកសាងសមិទ្ធផល។ ទៅអនាគត ដរាបណាសន្តិភាពត្រូវបានធានា មិនបែកបាក់ទៀត កន្លែងនេះនឹងកាន់តែអភិវឌ្ឍតទៅទៀត។ យើងជាខ្មែរត្រូវមានមោទនភាព និងត្រូវការពារឱកាសនេះឱ្យបាន … យើងត្រូវចាំអ្វីដែលជាកត្តាជាក់ស្ដែង។ កាលណាបើយើងនិយាយពីសមិទ្ធផល យើងត្រូវនិយាយពីការថែរក្សាផង។ នៅក្នុងរបាយការណ៍កសាងសមិទ្ធផលនេះ យើងនិយាយពីការកសាង តែយើងក៏និយាយពីការថែទាំផងដើម្បីឱ្យបានយូរអង្វែង។ អ្វីដែលសំខាន់បំផុតត្រូវថែទាំឱ្យបានគឺបរិស្ថាន ព្រោះវាអំណោយផលឱ្យយើងរស់រានមានជីវិត។ គប្បីឈប់កាប់ចាក់គ្នា កសាងប្រទេស ថែរក្សាសុខសន្តិភាព ឯកភាពជាតិ ដែលសម្រេចបានដោយការលំបាក …។

(៨) ជប៉ុនជួយកម្ពុជាទាំងក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ទាំងក្នុងដំណាក់កាលកសាងប្រទេសឡើងវិញ

ក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងទម្រាំតែយើងរកបានហើយកសាងប្រទេសឡើងវិញនេះ … យើងត្រូវទទួលស្គាល់និងអរគុណចំពោះការចូលរួមរបស់មិត្តជប៉ុន។ ​ហូតែលដែលគណៈប្រតិភូខ្មែរទៅជប៉ុន(ស្នាក់នៅតាំងពីដំណាក់កាលនៃការចរចាសន្តិភាព) New Otani ហ្នឹង … មានប្រវត្តិនៅទីនោះ។ ថ្ងៃមុន នាយករដ្ឋមន្ត្រី ប្រ​ទេសផ្សេងៗ បានសួរខ្ញុំថាសម្រាកនៅឯណា? (ខ្ញុំឆ្លើយថា) កម្ពុជា(ស្នាក់)នៅតែសណ្ឋាគារ New Otani ព្រោះមានប្រវត្តិតាំងពីសម្ដេចតេជោ (អញ្ជើញស្នាក់)នៅក្នុងដំណាក់កាលចរចាសន្តិភាព។ ក្នុងដំណាក់កាលនៃការកសាង មិត្តជប៉ុនបានដើរតួនាទីសម្របសម្រួល។ ក្នុងដំណាក់កាលការចរចា ក៏ដូចជាការរៀបចំ SNC (ឧត្តមក្រុមប្រឹក្សាជាតិ យើងមាន) ឯកឧត្តម Yasushi Akashi ជនជាតិជប៉ុនជាប្រធានអ៊ុនតាក់ (UNTAC) កងទ័ពជប៉ុនដែលចូលរួមរក្សាសន្តិភាពដែលជប៉ុនបញ្ជូនចេញក្រៅប្រទេសជាលើកទីមួយ ក្រោយសង្គ្រាមលោកលើកទី២ គឺមកកម្ពុជា ដើម្បីចូលរួមថែរក្សាសន្តិភាព។

ថ្ងៃមុន ខ្ញុំបានជួបនាយឧត្តមសេនីយ៍ Watanabe ដែលកាលពីពេលនោះ ជាមេបញ្ជាការកងវិស្វកម្ម។ កាលនោះ(ប្រហែលជា)វរសេនីយ៍ទោ ឬវរសេនីយ៍ឯកទេ។ ឆ្នាំ៩០ ជាងគាត់មកធ្វើផ្លូវ។ គាត់មានរូបភាពដែលគាត់ធ្វើផ្លូវមួយនៅតាកែវ។ ចេញពីរង្វង់នាគព័ន្ធបន្តិចទៅ។ ផ្លូវទៅទន្លេបាទី។ កាលនោះផ្លូវតូច ហើយស្ពានមានតែឈើ២កំណាត់។ ខ្ញុំប្រាប់គាត់ថា បើអញ្ជើញមកទៀត គឺមើលអត់ស្គាល់ទេ ព្រោះផ្លូវនឹងរីកធំ ហើយជុំវិញហ្នឹងអត់មានស្រែទៀតទេ។ គាត់(អាយុ)៩០ឆ្នាំជាងហើយ។ ក្នុងដំណាក់កាលនៃការកសាងប្រទេសឡើងវិញដំបូង ជប៉ុនក៏ជាដៃគូសំខាន់ជួយនៅក្នុងការពង្រឹកសមត្ថភាពជំនាញ ជួយជាបច្ចេកទេស ជួយជំនួយអភិវឌ្ឍផ្សេងៗ កសាងស្ពានហេដ្ឋរចនាសម្ព័ន្ធ។ មកដល់ម៉ោងនេះ នៅតែជាដៃគូ ហើយមិនត្រឹមតែជាដៃគូដែលបានជួយប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងភាពសកម្មនៃដៃគូនេះកាន់តែកើនបន្តទៅទៀត។ ឆ្នាំនេះជាខួបទំនាក់ទំនងទី ៧០ឆ្នាំ ប៉ុន្តែក៏ជាការឈានដល់កម្រិតខ្ពស់បំផុតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងកម្ពុជាជប៉ុន ដែលត្រូវដើរតួនាទីនិងពង្រឹងតទៅអនាគត។

(៩) ជប៉ុននិងកម្ពុជា បន្តគាំទ្រ ពង្រឹង និងពង្រីកទំនាក់ទំនង ទៅវិញទៅមក

ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុនក្នុងការជួយទៅដល់កិច្ចការនេះក្នុងរយៈពេល ៧០ ចូល ៧១ឆ្នាំនេះ។ ឯកឧត្តមឯកអគ្គរាជទូត បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បន្តចូលរួមគាំទ្រពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជាជប៉ុន។ ខ្ញុំក៏ដូចគ្នា សូមស្នើតាមរយៈឯកឧត្តមជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបន្តចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែច្រើនផងដែរ។ ធ្វើអីទាល់តែធ្វើទាំងសងខាង។ ទះដៃម្ខាងអត់ឮ​ … បើត្រូវគ្នាគឺកសាងបានច្រើន ហើយយល់ចិត្តគ្នា … សូមអរគុណសាជាថ្មីជូនចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥណទានឥតសំណង សម្រាប់ការកសាងនូវគម្រោងប្រព្រឹត្តិកម្មនេះ និងបន្តទៅទៀតការជួយជាបច្ចេកទេសដើម្បីប្រើប្រាស់និងអនុវត្ត។ ខ្ញុំឯកភាពជាមួយនឹងឯកឧត្តមថាមិនមែនគ្រាន់តែការសាង​សង់អ្វីមួយហើយចប់នោះទេ ត្រូវចេះប្រើប្រាស់ថែទាំដើម្បីទាញយកផលប្រ​យោជន៍ឲ្យបានច្រើន។ បើគ្រាន់តែសង់ ទុកមួយឆ្នាំ ២ឆ្នាំចោល ពុកផុយអត់ប្រយោជន៍ ឬមួយប្រើមិនចំគោលដៅ។ ចំពោះការកសាងនៅទីនេះគឺប្រើបច្ចេកទេសទំនើបរបស់ជប៉ុន អញ្ចឹងត្រូវការការបណ្តុះបណ្តាល ត្រូវការការជួយដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេសវិស្វកររបស់យើងដើម្បីជាធនធានបន្តការប្រើប្រាស់និងថែទាំបានត្រឹមត្រូវ។ 

(១០) រាជធានីភ្នំពេញកាន់តែរីកធំ ចំនួនមនុស្សកាន់់តែកើនឡើង ប្រព្រឹត្តទឹកស្អាតកាន់តែសំខាន់

រាជធានីភ្នំពេញបានរីកធំ។ ក្នុងទំហំប៉ុណ្ណេះ (យើងមានប្រជាពលរដ្ឋរស់នៅ)ជាង ២លាន ជិត ៣លាន(នាក់)។ បន្តិចទៀតនឹងរីកបន្ថែមទៀត។ ឥឡូវមកទិសខាងត្បូងនេះ យើងរីកបន្តិចទៀត។ យើងមានព្រលានយន្តហោះនៅកន្លែងនេះ នៅតំបន់បឹងជើងឯក និងតំបន់ផ្លូវ ៦០ ម៉ែត្រ ជាតំណភ្ជាប់រវាងចាក់អង្រែជាមួយនឹងមានជ័យ … កាលមុនជាបឹង តែឥឡូវមានសកម្មភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្រួសារ សាលារៀន អ្នកមានការងារធ្វើ។ គ្រាន់តែនៅ Aeon ក្បែរនេះ ការងារចូលរាប់ពាន់កន្លែងទៅហើយ។ សកម្មភាពសេដ្ឋកិច្ចបម្រើបានច្រើន។ បន្តិចទៀត គឺរីកដល់រាប់សែន រាប់លាននាក់អ្នកនៅទីនេះ។ អញ្ចឹងត្រូវការប្រព្រឹត្តិកម្មនិងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យប្រជាពលរដ្ឋដើម្បីរស់នៅ។ ការធ្វើប្រព្រឹត្តិកម្ម​ទឹកស្អាតនេះសំខាន់ណាស់។ បងប្អូនដឹងហើយ បើយើងមិនមានប្រព័ន្ធលូ សូម្បីតែផ្ទះមួយ កូនភូមិមួយក៏ពិបាកទៅហើយរឿងអនាម័យរឿងអី ទម្រាំតែរាប់សែនគ្រួសារ រាប់សែនផ្ទះ បើយើងមិនមានប្រព័ន្ធប្រព្រឹត្តិកម្មនេះទេគឺមានបញ្ហា … ខ្ញុំគិតថា ក្នុងមួយផ្ទះៗ តិចបំ​ផុតមួយថ្ងៃត្រូវចំ​ណាយថា ១០លីត្រចុះចូលមកក្នុងប្រព័ន្ធលូ។ ហ្នឹងប្រើតិចបំផុត … ទម្រាំរាប់សែនខ្នង​ផ្ទះ។ បើសិនជាចាក់ចូលបឹងជើងឯក ចូលទន្លេទាំងអស់ បងប្អូនគិតមើលទៅ ប្រហែលជាមិនបានសអញ្ចេះទេ។ ប្រហែលជាខ្មៅ … មិនដឹងស្អីខ្លះទេ … អញ្ចឹងវាពុលបរិស្ថាន ពុលត្រី ហើយប្រជាពលរដ្ឋរស់នៅហ្នឹងក៏ពិបាក។

(១១) រាជរដ្ឋាភិបាលគិតពីការបង្ការជងឺ ដោយខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានអាហារូបត្ថម្ភបានល្អ

ប្រព្រឹត្តិទឹកនៅទីនេះ នឹងផ្តល់ផលច្រើនដល់សេដ្ឋកិច្ចជាតិ ដែលសុខភាពប្រជាពលរដ្ឋជាកិច្ចការធំរបស់យើង។ ទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ យើងបានដាក់ចេញនូវគោលការណ៍ជាច្រើន។ អាណត្តិទី ៧នេះគឺផ្តោតទៅលើការពង្រឹងការផ្តល់ប្រព័ន្ធគាំពារសង្គមនិងការជួយពង្រឹងសេវា។ ល្ងាចមិញ បានប្រជុំមួយល្ងាចជាមួយឯកឧត្តម ឈាង រ៉ា និងក្រុមការងារ (ពិភាក្សារក)វិធានគន្លឹះពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន មណ្ឌលសុខភាព ពេទ្យបង្អែក កម្រិតមួយ កម្រិតពីរ កម្រិតបី និងរៀបចំជាផែនការសកម្មភាពដើម្បីអនុវត្ត ជំរុញការរៀបចំមណ្ឌលសុខភាព ពេទ្យបង្អែកនេះឲ្យកាន់តែល្អប្រសើរ ផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ មានគុណភាពថ្នាំ គុណភាពសម្ភារៈកាន់តែល្អ … បង្កើនកម្រិតសមត្ថភាពព្យាបាលប្រជាពលរដ្ឋ។ យ៉ាងណាក្តី ការព្យាបាលគឺជាដំណាក់កាលចុងក្រោយ។ ដំណាក់កាលដែលសំខាន់បំផុត រាជរដ្ឋាភិបាលគិតពីការបង្ការការឈឺថ្កាត់របស់ប្រជាពលរដ្ឋ តាមរយៈការខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋ ដើម្បីឲ្យអាហារូបត្ថម្ភបានល្អ។ យើងតែងតែនិយាយដោយសាមញ្ញថា ពីក្មេង ខ្ញុំឮគេថាប្រជាជនខ្មែរយើងជំនាន់អង្គរ សុទ្ធតែ(កម្ពស់) ២ម៉ែត្រ។ ដល់ឥឡូវចេះតែរួញខ្លី។ ប៉ុន្តែជំនាន់ក្មេងក្រោយ ប៉ុល ពត ជំនាន់ក្រោយសង្រ្គាមគឺរីកឡើងវិញ។ ក្មួយខ្ញុំអាយុ ១៦ ឆ្នាំ (កម្ពស់) ១ ម៉ែត្រ ៩០។ ខ្ញុំមានកំពស់ ១ ម៉ែត្រ ៦៨។ អត់លាក់កម្ពស់ទេ។ កាលពីក្មេងចេះតែប្រាប់គេថា ១ ម៉ែត្រ ៧០ ជាពិសេសកាលពីនៅលីវ … ខុសពីឥឡូវ។ ខ្ញុំអាយុជិត ៥០ឆ្នាំហើយ .. តែកាត់សក់ទៅច្រឡំ ២០ជាង ព្រោះយើងមានអាហារូបត្ថម្ភគ្រប់គ្រាន់ (ស្បែក)មិនសូវជ្រួញ។ មិនមែនតែខ្ញុំទេ អ្នកជំនាន់ខ្ញុំក៏អញ្ចឹងដែរ។ លើកលែងតែអ្នកដាច់យប់ច្រើន …។

(១២) មធ្យមភាគនៃអ្នកយកកូននឹងកាន់តែថយ អត្រារំពឹងរស់កាន់តែវែង ដោយសារថ្នាំសង្កូវ

អង្គុយនិយាយគ្នាជាមួយឯកឧត្តម ឈាង រ៉ា (ក៏ដល់ប្រធានបទ)ថាប្រហែលជាប៉ុន្មានសិបឆ្នាំទៀត យើងនឹងមានមនុស្សចាស់ច្រើនជាងក្មេង ដោយសារប្រជាពលរដ្ឋយើង(ដែលនៅក្មេង) នឹងមានអ្នកយកកូនកាន់តែតិច។ បានន័យថាឥឡូវ ៤, ៥, ៦ នាក់។ ទៅថ្ងៃមុ​ខ មធ្យមភាគនៃអ្នកយកកូនហ្នឹងកាន់តែថយ ហើយអត្រា(រំពឹងរស់របស់)ប្រជាពលរដ្ឋកាន់តែវែង។ អញ្ចឹងអត្រាប្រជាពលរដ្ឋយើងថា អ្នកកើតតិចជាងអ្នកស្លាប់ដោយសារថ្នាំសង្កូវជួយជីវិតប្រជាពលរដ្ឋ (ជួយ)សុខភាព។ បានន័យថានៅ​មូលដ្ឋានក៏ដោយ នៅខេត្តក៏ដោយ យើងជួយបានច្រើននៅពេលដែលចំនួនតិច​។ អញ្ចឹងការបង្ការ និងការការពារប្រជាពលរដ្ឋយើងតាមរយៈការបង្កើនអាហារូបត្ថម្ភ ធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែកើន ជាគោលដៅសំខាន់។ បើសិនជាការ​ពារមិនបាន ត្រូវព្យាបាល។ យើងត្រូវបង្កើនប្រព័ន្ធសុខាភិបាល ធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពបានល្អ។ នេះគឺជាគោលដៅធំ ដែលយើងបានធ្វើក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលអាណត្តិទី ៧ ប្តេជ្ញាចិត្តខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ការកសាង និងពង្រឹងប្រព្រឹត្តិកម្មទឹកកង្វក់នៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃការកសាង(ពង្រឹងផាសុខភាពប្រជាពលរដ្ឋ)។

(១៣) Winston S. Churchill៖ “បើរវល់តែរើសដុំថ្មគប់គ្រប់តែឆ្កែដែលព្រូស នឹងដើរមិនមដល់គោលដៅ”

និយាយរឿងប្រព្រឹត្តកម្មទឹកហ្នឹង ខ្ញុំសុំបើករង្វង់ក្រចកបន្តិច … ការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើង តាំងពីថ្ងៃ ២២(ធ្នូ) ដែលខ្ញុំជួបឯកឧត្តម UENO Atsushi … អ្នកវាយប្រហារមួយក្រុមនៅក្រៅប្រទេស …. គឺមនុស្សមួយក្រុមជាអ្នកសរសេរ ដែលខ្ញុំបូកទៅប្រហែលមិនដល់ ២០នាក់ទេ ទាំងអនឡាញទាំងអី វាយប្រហាររឿងព្រែកជីក ហ្វូណនតេជោ ដែលយើងចង់ធ្វើដើម្បីភ្ជាប់ទន្លេរទៅសមុទ្របម្រើឱ្យសកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូនផ្លូវទឹករបស់ប្រជាពលរដ្ឋភ្ជាប់(ទៅសមុទ្រ) … រឿងបកស្រាយ បញ្ចេញមតិ ខ្ញុំមិនខ្វល់ទេ។ រឿង(វិភាគជា)សិទ្ធិរបស់អ្នកឯង … ទស្សនៈរបស់ខ្ញុំផ្តោតទៅលើការងារស្នូលគឺប្រជាពលរដ្ឋ។ ខ្ញុំចូលចិត្តពាក្យស្លោករបស់អតីតនា​យករដ្ឋមន្ត្រី Winston S. Churchill របស់អង់គ្លេស នៅសង្គ្រាមលោកលើកទី២ ដែលថាបើ «បើយើងរវល់តែរើសដុំថ្មគប់គ្រប់តែឆ្កែដែលព្រូស យើងនឹងដើរមិនដល់គោលដៅទេ»។ (និយាយដូចនេះ) មានអ្នកខ្លះថាខ្ញុំហៅគេថាឆ្កែ។ ខ្ញុំមិនបានហៅថាឆ្កែឯណា។ ខ្ញុំនិយាយពីពាក្យស្លោករបស់លោក Winston S. Churchill … បានន័យថា អ្នកនយោបាយ ថ្នាក់ដឹកនាំរដ្ឋាភិបាល បើរវល់តែគិតរឿងគេលើកយោបល់ស្អីៗ យើងមិនអាចសម្រេចភារកិច្ចបម្រើជាតិនិងប្រជាជនទេ។ កន្លងទៅខ្ញុំមិនសូវនិយាយទេ អ្នកឯងថាអីថាទៅ ប៉ុន្តែរបៀបដែលពួកគេធ្វើហ្នឹងគឺ “វាយប្រហារ។ បើមិនតប គេនឹងយល់ថាការពិត។ ប្រជាពលរដ្ឋនឹងជឿ។ បើតបគេនឹងថានាយករដ្ឋមន្ត្រីហ្នឹងគ្មានភាពអំណត់។ ប៉ះមិនបាន” … រាល់ថ្ងៃហ្នឹង បើគិតថារឿងវាយប្រហារជាបាយ ខ្ញុំត្រូវហូបព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយនៅសល់ច្រើនទៀត។ ប៉ុន្តែ អ្វីដែល(ចាំបាច់)តប (ទើបខ្ញុំ)ឆ្លយតប … ថ្ងៃនេះ ខ្ញុំសូមឆ្លើយតបបន្តិច តែខ្ញុំមិនមែនឆ្លើយតបទៅអ្នកឯងទេ (តែបកស្រាយជូនប្រជាពលរដ្ឋបានេជ្រាប) … ឯកឧត្តម ស្វាយ  ស៊ីថា អាចដឹងហើយ។ អ្នកធ្វើកាសែតបានតែប៉ុណ្ណឹងយកទៅស្លប្រហែលជា ២០ឆ្នាំងទៀត។ ខ្ញុំមានកាតព្វកិច្ច ២ ដែលត្រូវឆ្លើយបញ្ជាក់ចំពោះការប្រឌិតទាំងនោះ។​ ទី១ ខ្ញុំត្រូវបំភ្លឺជូនប្រជាពលរដ្ឋរបស់ខ្ញុំ។ ទី២ ខ្ញុំត្រូវការពារមន្ត្រីរបស់ខ្ញុំរាប់សិបនាក់ដែលខិតខំធ្វើការបម្រើជាតិ តែគេថាគាត់ធ្វើដើម្បីបំផ្លាញជាតិ។ ខ្ញុំផ្ញើសារទៅអស់លោក ដែលបូកទៅប្រហែលត្រឹម ២០នាក់ហ្នឹងឯង មិនដល់ ២០នាក់ផង មានទាំងអ្នកស្លៀកស្បង់ចីវរ វិភាគនយោបាយរហូត មិនដឹងស្អីជាស្អីទេ។

(១៤) ការផ្សាយថារាជរដ្ឋាភិបាលខ្ចីលុយចិនសំរាប់គំរោងព្រែកជីកហ្វូណនជាការប្រឌិតព័ត៌មានកុហក

ម្សិលមិញហ្នឹងវាចេញមកអញ្ចេះថា “តាមប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយរូប ដែលសូមមិនបញ្ចេញឈ្មោះបានខ្សឹបថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន ៥០០០ លាន(ដុល្លារ) ដើម្បីយកមកវិនិយោគធ្វើព្រែកជីកហ្វូណន ដែលមន្ត្រីនោះគិតថាគ្មានប្រយោជន៍សម្រាប់ជាតិ”។ រឿងទស្សនៈមានប្រ​យោជន៍ ឬគ្មានប្រយោជន៍ជារឿងមួយ។ អ្នកឯងបញ្ចេញចុះ។ ប៉ុន្តែរឿងកុហកចោទថារដ្ឋាភិបាលនេះអត់មានការទទួលខុសត្រូវ ដើរខ្ចីលុយគេឱ្យប្រទេសជំពាក់គេវណ្ឌក យកមកធ្វើព្រែកជីក (…) គឺជាការប្រឌិតទាំងស្រុង។ មិនមែនពួកអស់លោកមិនដឹងទេ។ សម្តេចតេជោ បានបញ្ជាក់រួចហើយថាគម្រោងនេះ មិនមែនគម្រោងឥណទានខ្ចីថវិកាគេមកធ្វើទេ គឺជាគម្រោងឯកជនតាមរូបភាព BOT។ បានន័យថាសាងសង់ ធ្វើអាជីវកម្មហើយផ្ទេរ។ ក្រុមហ៊ុនដែលសុំសិទ្ធិវិនិយោគនេះ គាត់ទទួលខុសត្រូវក្នុងការរកខ្ចីលុយគេមកចំណាយសាងសង់ ហើយដោយសាររដ្ឋាភិបាលយើងអត់ចេញលុយ ក្រុមហ៊ុននឹងយកលុយមកធ្វើ។ យើងអនុញ្ញាតឱ្យធ្វើ និងប្រតិបត្តិការអាជីវកម្មមួយរយៈ។ ប្រទេសជាច្រើនធ្វើតែអញ្ចឹង។ ដល់ពេលចប់កុងត្រាហ្នឹង គេផ្ទេរឱ្យជាតិយើង។ រដ្ឋាភិបាលយើងត្រូវគិតថាត្រូវ(អោយប្រតិបត្តិការ)បន្ត ឬមួយយកជារបស់ជាតិ …។

ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ប្រទេស ការជំពាក់ ការខ្ចីបំណុល គឺជាការកាតព្វកិច្ចរបស់យើងដែលត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ។ យើងមិនខ្ចីរហូតទៅដល់ជំពាក់វណ្ឌករដូចគេថានោះទេ។ យើងមានច្បាប់ប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាខ្ចីកម្រិតណាដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ យើងខ្ចីមកវិនិយោគតែលើគម្រោងណាដែលមានផលប្រយោជន៍ជាតិ ហើយធ្វើដោយតម្លាភាព។ យើងមិនមែនចេះតែធ្វើទេ … (រឿង​នៅទីនេះគឺការនិយាយថា) “តាមប្រភពពីមន្ត្រីជាន់ខ្ពស់ដែលសូមមិនបញ្ចេញមុខ”។ ហ្នឹងប្រើចិត្តសាស្ត្រ … មនុស្សយើង បើសិនគេនិយាយប្រាប់ឡូងៗ មិនសូវជឿទេ។ បើតែខ្សឹបហ្នឹង ក៏ជឿណាស់ … កាសែតក៏ចេះតែដាក់ ទាំងមិនដឹងថាប្រភពមកពីណា។ ជួនកាលដេកស្រមៃ ដេកយល់សប្តិសោះ … ខ្ញុំមិនជឿថាមានមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមនុស្សមានចំណេះដឹងនិងសមត្ថភាព បទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នារវាងអ្វីទៅដែលជាឥណទានដែលយើងខ្ចី និងអ្វីទៅជាគម្រោង BOT … យកអ្នកណាមិនយក ទៅយកមន្ត្រីជាន់ខ្ពស់(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) … រឿងនេះគ្មានអ្នកណាលាក់ទេ។ សម្តេចតេ​ជោបានប្រកាស ហើយមានទាំងព្រែកជីក មានទាំងវីដេអូ ផ្សព្វផ្សាយជាសាធារណៈ។ ឯកឧត្តម ស៊ុន ចាន់ថុល ផ្សព្វផ្សាយពីគម្រោងហ្នឹងថាយ៉ាងណាទៀតផង។

សួរថាអ្នករកស៊ីដឹកជញ្ជូនរាល់ថ្ងៃដឹកតាមទន្លេសាបចុះទៅកាន់វៀតណាម ទៅសមុទ្រ ប្រាកដជាចង់បានផ្លូវពីរបីហើយបងប្អូន។ ខ្ញុំសួរអ្នកណាខ្លះនៅចាក់អង្រែ សូមលើកដៃបន្តិច? អ្នកណានៅមានជ័យខ្លះ? … មុននឹងកន្លែងនេះធ្វើ មានផ្លូវតភ្ជាប់ពីចាក់អង្រែទៅមានជ័យ យើងពិបាកទេ ដែលមានផ្លូវតែមួយ? (ផ្លូវវា)វែង។ តើបងប្អូនចង់បានផ្លូវច្រើនខ្សែឬទេដើម្បីធ្វើដំណើរ? បើមានតែមួយខ្សែ ចរាចរណ៍ស្ទះទៀត ដឹងតែរាប់ម៉ោង​។ អញ្ចឹងបានជាយើងចង់បានផ្លូវច្រើនខ្សែដើម្បីយើងមានជម្រើស។ ឥឡូវយើងបានផ្លូវបណ្ដើរៗហើយ … ផ្លូវទឹកក៏ដូចគ្នាដែរ។ បើមានតែផ្លូវមួយ ដឹកទំនិញពីក្រចេះ កំពង់ចាម ចេញទៅអឺរ៉ុប ជប៉ុន ទៅអីផ្សេងៗ ដើម្បីទីផ្សារ យើងកាត់តាមផ្លូវតែមួយ តើយើងមិនចង់បានផ្លូវមួយទៀតទេឬ? ប្រជាពលរដ្ឋយើងដែលរស់នៅតាមសណ្ដបណ្ដោយព្រែកជីកហ្នឹងនៅខេត្តកំពត តាកែវអីហ្នឹង ពេលដែលបង្កើតព្រែកហ្នឹង គេនឹងដាក់រោងចក្រ បង្កើតការងារ ដឹកទំនិញគាត់ចេញទៅ។ សួរគាត់ទៅមើលចង់បានឬអត់? ខ្ញុំគិតថាគាត់ចង់បានហើយ។ (អ្នក)ដឹកទំនិញ គេចង់មានជម្រើសទាំងផ្លូវគោកនិងផ្លូវទឹក។ នៅលើពិភពលោកនេះ ហេតុអីបានជា ៩០%នៃទំ​និញទូទាំងពិភពលោកនៅតែដឹកតាមផ្លូវទឹក? ដោយសារដឹកបានច្រើន ហើយវាថោក។ អញ្ចឹងហើយបានជាយើងខំបង្កើតផ្លូវទឹកមួយទៀត តភ្ជាប់ក្នុងទឹកដីយើង។ មិនមែនធ្វើដើម្បីកាត់មួយកំណាត់ខាងក្រោមឲ្យទៅអ្នកណាទេ។ គឺដើម្បីឲ្យប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋដែលធ្វើសេដ្ឋកិច្ចភ្ជាប់ផែទឹកសាបនិងផែទឹកប្រៃ …។

ខ្ញុំមិនជឿថា មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនយល់​ពីអត្ថប្រយោជន៍ដែលថាគម្រោងនេះបានផលយ៉ាងណាសម្រាប់កម្ពុជានោះទេ។ បើមន្រ្តីកម្រិតកណ្ដាល កម្រិតក្មេងៗ ក្រែងលោគ្នាមិនដឹង … ក្រុម ២០ នាក់ជ្រកក្រោមស្លាក (Cambodia) Daily នៅក្រៅប្រទេស មួយថ្ងៃៗគិតតែបង្កើតរឿង។ ថ្ងៃមុន នៅមិននៅ ចោទឧកញ៉ា ឌួង ឆាយ បើកក្លិប​លក់គ្រឿងញៀន។ ឧកញ៉ា ឌួង ឆាយ ចេញមកថា ក្លិបហ្នឹងខ្ញុំបិទ ៥ ឆ្នាំហើយ។ ដល់ថ្នាក់ហ្នឹង។ វាគ្មានក្រមសីលធម៌វិជ្ជាជីវៈ។ ជ្រកក្រោមពាក្យថាសារព័ត៌មាន តែធ្វើទង្វើថោកទាប … អ្វីដែលខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលតាមដានរឿងគម្រោងព្រែកជីកហ្វ៊ូណននេះ គឺ(យើងធ្វើ)ដើម្បីផ្គុំគ្នាជាមួយគម្រោងហេដ្ឋាសម្ព័ន្ធផ្សេងៗ ដែលជប៉ុនបានធ្វើ ហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយពីចិន ហេដ្ឋារចនាសម្ព័ន្ធដែលបានពី ADB ពីធនាគារផ្សេងៗ និងធ្វើខ្លួនឯង ដើម្បីភ្ជាប់ជាសរសៃឈាម។ តើយើងធ្វើដើម្បីអ្នកណា? ដើម្បីជាតិនិងប្រជាជនរបស់យើង ដើម្បីលើកសេដ្ឋកិច្ចយើងឲ្យកើន ដើម្បីបានផលយកមកចែកឲ្យកូនចៅប្រជាពលរដ្ឋយើងនៅគ្រប់កន្លែង …។

(១៥) ប្រភពថវិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធមានឥណទានឥតសំនង កម្ចីការប្រាក់សមរម្យ និង BOT

ជាការល្អហើយ ដែលក្រុមអស់លោកហ្នឹងមិនបានដឹកនាំប្រទេស។ បើសិនជាបានដឹកនាំវិញ (មុខជា)រលាយ(មិនខាន)។ ប្រទេសមួយរីកចម្រើនត្រូវការការវិនិយោគ។ ការវិនិយោគត្រូវការមូលធន ត្រូវការលុយ និយាយតាមបែបសាមញ្ញ ដែលមួយផ្នែកជាលុយរបស់ជាតិ តែវាមិនគ្រប់។ លុយរបស់ជាតិនេះ យើងចំណាយច្រើនទៅលើសុខាភិបាល អប់រំ បម្រើប្រជាពលរដ្ឋ។ តើយើងនៅចាំសន្សំតក់ៗដើម្បីធ្វើឬ? ដូចបងប្អូនធ្វើអាជីវកម្ម បើសន្សំលុយខ្លួនឯង ពង្រីកបានតិច។ អញ្ចឹងទៅខ្ចីធនាគារដើម្បីពង្រីកអាជីវកម្មឲ្យបានលឿន ដោះស្រាយការងារ។ អញ្ចឹងយើងត្រូវមានប្រភព ក្រៅពីលុយសន្សំរបស់ជាតិ … ដើម្បីដោះស្រាយការវិនិយោគបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងការងារផ្សេងៗ។ ទីមួយ យើងស្នើសុំជំនួយឥណទានឥតសំណង ដូចគម្រោងនៅទីនេះ។ ទីពីរ យើងខ្ចីកម្ចីមានការប្រាក់សមរម្យ ដើម្បីយើងវិនិយោគ តាមលទ្ធភាពដែលយើងអាចសងបាន។ ទីបី អញ្ជើញវិនិយោគទាំងក្នុង និងក្រៅប្រទេស យកលុយឯកជនមកវិនិយោគ (BOT)។

ក្រុមលោកអស់នោះតាំងខ្លួនសុទ្ធតែអ្នកជំនាញសេដ្ឋកិច្ច (មើលឃើញ)ស្អីក៏ខុសដែរ។ ជំនួយជប៉ុនដែលជួយឥតសំណងនេះ (កាលពី)ជំនាន់សម្ដេច(តេជោ) គេថារដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលស្មុំ។ ខុសទៀត។ សុំជំនួយឥតសំ​ណង ថាជារដ្ឋាភិបាលស្មុំ។ ដល់រដ្ឋាភិបាលទៅខ្ចីឥណទានយកមក ថាជារដ្ឋាភិបាលជំពាក់គេវ័ណ្ឌក។ ដល់រដ្ឋាភិបាលហៅវិនិយោគបរទេសមកធ្វើការ ថារដ្ឋាភិបាលហៅតែវិនិយោគយកមក បាត់អធិបតេយ្យភាព។ ទីបំផុតមិនដឹងថាស្អីជាស្អី អត់លុយធ្វើអីតែម្ដង។ ជាការល្អហើយដែលបងប្អូនជ្រើសរើសត្រូវ បន្តឲ្យសម្ដេចតេជោនិងគណបក្សប្រជាជននៅបន្តដឹកនាំ ដឹកនាំ ៤០ឆ្នាំ ដាក់គោលនយោបាយត្រូវ … ជាការប្រឆាំងដើម្បីតែប្រឆាំង។ ធ្វើការតាមអារម្មណ៍។ វិភាគបែបស៊ីអារម្មណ៍។ ស្អីក៏ខុសដែរ … ម្ង៉ៃៗ ជេរខ្ញុំថាទន់ខ្សោយ ជា bébé។ ម្ង៉ៃថាខ្ញុំផ្ដាច់ការ។ ប្រហែលតាមទ្រឹស្ដីរបស់គាត់មានជនផ្ដាច់ការដែលជា bébé … ខ្ញុំមិនរើសដុំថ្មគប់គ្រប់តែពេលទេ។ តែពេលខ្លះត្រូវការពារខ្លួន។ ត្រូវការពារអី? ត្រូវការពារភាពស្អាតស្អំរបស់មន្រ្តីរាជការ។ ការចរចារគម្រោងនេះ មិនមែន(ដូច)អស់លោកប្រមាណ ២០នាក់ថាទេ។

យើងបានផ្គុំគ្នា គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជាគ្រប់ស្ថាប័នទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ រួមគ្នាគិតពិចារណា រួមទាំងអ្នកប្រឹក្សាយោបល់បរទេសផ្សេងៗទៀត ដើម្បីពិនិត្យ​មើលថាតើគម្រោងនេះចំណេញឬទេ? គម្រោងនេះមានប៉ះពាល់ដល់ធនធានទឹក ប៉ះពាល់ផលដល់ប្រទេសជាតិ/ប្រជាជន ប៉ះពាល់ដល់ទន្លេមេគង្គឬអត់? គេខំគិតខំចរចាជាមួយក្រុមហ៊ុន ទម្រាំតែបានធ្វើម៉េចឲ្យបានថោកបំផុតនិងខ្លីបំផុត ឲ្យមានគុណភាព … សូមទោស ឯកឧត្ដម Ueno (សម្រាប់ការនិយាយ)ថ្ងៃនេះ ប៉ុន្តែត្រូវតែបកស្រាយលើការងារនេះ ត្រូវការពារមន្រ្តីទាំងអស់។ សួរថាតើគាត់ជាអ្នកក្បត់ជាតិឬទេ យកលុយមកដើម្បីបំផ្លាញនៅលើស្អីមួយឬ? មន្រ្តីទាំងអស់នោះ ឯកឧត្ដម ស៊ុន ចាន់ថុល មន្រ្តីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំកសាង ការពារ រាជរដ្ឋាភិបាលអាណត្តិមុន សម្ដេចតេជោ និងថ្នាក់ដឹកនាំតាំងពីអាណត្តិមុន ខិតខំធ្វើការដើម្បីបម្រើជាតិ។ ខ្ញុំត្រូវតែការពារភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំបំភ្លឺឲ្យប្រជាពលរដ្ឋយើងបានយល់ថាមន្រ្តីរបស់រាជរដ្ឋាភិបាលទាំងពីអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអីដែលមិនទទួលខុសត្រូវ ហើយមិនធ្វើអីដើម្បីបំផ្លាញជាតិនោះទេ។ ផ្ទុយទៅវិញ គិតគូរគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង។ មិនមែនស្នេហាជាតិតែអ្នកឯងប៉ុន្មាននាក់ដែលស្រែកជេររហូតហ្នឹងទេ … ទី២ ត្រូវផ្ដល់យុត្តិ​ធម៌ដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេសឲ្យបានដឹង ថាតើអ្វីដែលគេលើកមកបង្កាច់បង្ខូចនេះវាពិតឬទេ? ព្រោះវាពាក់ព័ន្ធនឹងអនាគតរបស់បងប្អូនយើង …។

អ្នកខ្លះបង្កើតវេទិកា “មហាជន” មានតែ ២នាក់គត់ គឺប្រធាននិងអនុប្រធាន។ អនុប្រធានហ្នឹងអួតណាស់ ហើយរិះគន់។ ប៉ុន្តែថ្ងៃមុន ងោចៗផ្ញើសារតាមអ្នកធ្វើការឱ្យខ្ញុំម្នាក់អង្វរសុំចូលស្រុក។ នៅក្រៅប្រទេស តាមហ្វេសប៊ុក សុទ្ធតែ ហ៊ុន ម៉ាណែត ចង់ជួបគេ ប៉ុន្តែជាក់ស្ដែងផ្ញើសារសុំអង្វរ(ចូលស្រុក) … រឿងអ្នកឯងវិភាគ ជាទស្សនៈ ខ្ញុំមិនថាខ្ញុំមិនឆ្លើយតបទេ។ ធ្វើអីធ្វើចុះ ប៉ុន្តែកុំប្រឌិតរឿងទិតៀន រិះគន់ក្នុងចេតនាណាមួយ ក្នុងទស្សនៈណាមួយ។ រឿងរិះគន់ស្ថាបនា … វាខុសគ្នាពីការប្រឌិតរឿងប្រឌិតបញ្ហាដើម្បីបំផ្លាញ។ សំខាន់បំផុតរឿងនេះ វាពាក់ព័ន្ធនឹងប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដែលខ្ញុំត្រូវបកស្រាយ … បើមិនឆ្លើយតប មិនពន្យល់ គេថារឿងហ្នឹងរឿងពិត។ ព្រោះតែរឿងពិតហើយ បានអត់មាន(ការបកស្រាយ)។ ស្ងាត់ជ្រាប។ ម្សិលមិញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពន្យល់ហើយ តែថ្ងៃនេះខ្ញុំសុំពន្យល់ទៀត ព្រោះឃើញមួយអាទិត្យហ្នឹងចេញរហូត ស្អីៗភាគអាថ៌កំបាំង។ សម្ដេចតេជោ លោកតែងតែនិយាយ “២៣តុលា ហ្នឹង សម្បូរអ្នកចេញមកបកស្រាយណាស់ អាថ៌កំបាំង ២៣តុលា អត្ថន័យ ២៣តុលា។ ត្រង់សម្ដេចតេជោដែលចរចា ២៣តុលាខ្លួនឯង អត់ព្រមសួរទេ … ថ្ងៃមុនគេថា កាលពីនៅរៀននៅអាមេរិក ហ៊ុន ម៉ាណែត ស្រលាញ់ស្រីអាមេរិកាំង ចង់ការជាមួយនឹងស្រីអាមេរិកាំង។ ខ្ញុំអត់ទាំងដឹងអីផង។ គេថាបានព័ត៌មានជាក់លាក់ណាស់។ ឪពុកខ្ញុំអត់ដឹង ម្ដាយខ្ញុំអត់ដឹង ខ្ញុំអត់ដឹង …។

រឿងនេះ រឿងក្រមសីលធម៌។ ខ្ញុំមិនអង្វរ ហើយខ្ញុំមិនសុំឱ្យឈប់រិះគន់នោះទេ សិទ្ធិរបស់អ្នកឯង។ ធ្វើចុះ។ ប៉ុន្តែសុំឱ្យមានក្រមសីលធម៌ គោរពសិទ្ធិរបស់ប្រជាពលរដ្ឋផង។ បានន័យថា ខ្លួនឯងតាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្ដល់ព័ត៌មាន សូមស្រាវជ្រាវព័ត៌មានពិត ឱ្យប្រជាពលរដ្ឋដឹងផង កុំយករឿងក្លែងក្លាយយកមកឱ្យប្រជាជនមានការកង្វល់ អត់មានហេតុផលច្បាស់លាស់។ អ្នកឯងមិនបានបម្រើប្រជាជនពិតប្រាកដទេ តែទីបំផុតកេងប្រវ័ញ្ចលើប្រជាជន ដោយយកព័ត៌មានមកបំភ្លៃដើម្បីកេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាច … រដ្ឋាភិបាលមិនខ្លាចនឹងទទួលខុសត្រូវនូវទង្វើអវិជ្ជមាននិងការរិះគន់។ កន្លងទៅ បានដឹងរឿងហ្នឹងហើយ ដែលយើងដោះស្រាយបញ្ហាច្រើនណាស់។ រឿងគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដីធ្លី … ម្សិលមិញដោះស្រាយរឿងអ្នកគ្រូមួយនៅខេត្តបន្ទាយមានជ័យ ដែលសារព័ត៌មានបានដឹង និងសរសេរមកមានចន្លោះប្រហោង … (ព័ត៌មាន)ចេញមក មិនមែនយើងចេះតែទទួលទេ។ យើងបញ្ជូនឱ្យពិនិត្យមើលករណីពិតឬមិនពិតយ៉ាងម៉េច ដើម្បីដោះស្រាយ …។

ខ្ញុំអរគុណដល់បងប្អូនសារព័ត៌មានដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែធ្វើយ៉ាងម៉េចឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សូមកែសម្រួលដើម្បីឱ្យបងប្អូន(ប្រជាពលរដ្ឋបានដឹងខុសឬត្រូវ) កុំដល់ពេលដឹងថាខុស មិនខ្ចីមាត់ ខ្លាចបាក់មុខ។ ត្រូវតែមានក្រមសីលធម៌ថា “ខ្ញុំផ្សាយអត់គ្រប់ជ្រុងជ្រោយ ខ្ញុំសូមកែតម្រូវ”។ នេះជាកាតព្វកិច្ច(វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន)។ ឯកឧត្តម នេត ភក្រ្តា មកឬទេ? បានន័យថា យើងស្រាវជ្រាវហើយ តែបើយើងចន្លោះប្រហោង ពេលដែលយើងបានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងចេញកែសម្រួល ដើម្បីឱ្យដឹង។ ហ្នឹងជាកាតព្វកិច្ច មិនមែនយកមកផ្សាយមិនត្រូវ … ដើម្បីបាន like ដើម្បីបានគេតាមទេ។ ខ្ញុំសូមបងប្អូនទាំងអស់ អនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ … បើយើងភរ យើងធ្វើឱ្យប៉ះពាល់អ្នកផ្សេងទៀត។ យើងមួលបង្កាច់បង្ខូចអ្នកដទៃ យើងរំលោភសិទ្ធិលើអ្នកដទៃ យើងបញ្ជូនព័ត៌មានជាចេតនាអាក្រក់ឱ្យប្រជាពលរដ្ឋ យើងរំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលនូវព័ត៌មានពិតពីអនាគតជាតិ …។

រឿងនេះ ខ្ញុំសូមបញ្ជាក់បន្ថែម ក្រែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារបច្ចេកទេស ២សន្លឹកទៅស្ដាប់អត់យល់ … មានរឿងផ្សេងៗទៀតច្រើនណាស់។ ខ្ញុំមិនខ្ចីខ្វល់ទេ … តែរឿងសំខាន់មួយចំនួនពាក់ព័ន្ធត្រូវឱ្យយល់។ កុំយករូបភាពថាតាមប្រភពព័ត៌មានច្បាស់លាស់ តែមិនហ៊ានបញ្ចេញអត្តសញ្ញាណ។ វាស្មើនឹងភរហ្នឹងហើយ។ ដូចតែខ្សឹបគេហ្នឹងថា “រឿងសំងាត់ ខ្ញុំដឹងច្បាស់ណាស់”។ ចិត្តសាស្រ្ត តែភរប្រជាពលរដ្ឋ។ ខ្ញុំសូមបញ្ជាក់ យកឱកាសនេះឆ្លើយតបបកស្រាយជូនប្រជាពលរដ្ឋយើងឱ្យបានដឹងពីទិដ្ឋភាពនេះ។ កិច្ចការនេះ ខ្ញុំសូមបើកវង់ក្រចកតែប៉ុណ្ណេះ។ ខ្ញុំសូមបិទវិញប៉ុណ្ណឹង។

ឥឡូវត្រឡប់មកជើង​ឯកវិញ។ អម្បាញ់មិញយើងទៅដល់ហ្វូណន ភ្ជាប់ពីទន្លេទៅដល់សមុទ្រកំពត។ ឥឡូវយើងត្រឡប់មកខណ្ឌមានជ័យបន្តរឿងយើងទៀត។ ខ្ញុំសូមយកឱកាសនេះ ក៏ធ្វើការថ្លែងអំណរគុណ និងកោតសរសើរទៅដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ​ខណ្ឌ​មានជ័យ ក៏ដូចជាបណ្ដាខណ្ឌសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋជាសេវាសាធារណៈគ្រប់ប្រភេទ ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវសុខសន្ដិភាព ស្ថិរភាព ប្រែក្លាយតំបន់មួយ ជាតំបន់ដែលងងឹតឈឹង ទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ ភ្លើងផ្លូវភ្លឺចែងចាំង ដែលមានការកសាងនិងអភិវឌ្ឍ រួមទាំងស្ថិរភាពសង្គម ជាពិសេសក្នុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ពីខែមុន ៥ លាននាក់ជាង ដែលមកកម្សាន្តនៅភ្នំពេញ ប្រព្រឹត្តិទៅដោយមិនមានបញ្ហាអ្វីធំដុំ

ខ្ញុំសូមយកឱកាសនេះ ដើម្បីផ្ដល់ការណែនាំឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ដើម្បីបម្រើប្រជាពលរដ្ឋប្រជាពលរដ្ឋ ជាពិសេស ថែរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងនឹងបទល្មើសគ្រប់បែបយ៉ាង ការអនុវត្តឱ្យបានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាពិសេស ប្រឆាំងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជួយធ្វើយ៉ាងណាលុបបំបាត់នូវភាពអសកម្ម និងភាពហានិភ័យដល់ប្រជាពលរដ្ឋយើង ដើម្បីរក្សាកន្លែងនេះ និងរាជធានីភ្នំពេញទៅជាកន្លែងដែលរស់នៅដោយផា​សុខភាព និងសន្ដិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តរបស់យើង។

[ចប់សេចក្ដីអធិប្បាយ១]

[សុន្ទរកថា]

ឈរលើមូលដ្ឋាននេះ នឹងស្របពេលដែលព្រឹត្តិការណ៍ចូលឆ្នាំសកល ឆ្នាំ ២០២៣-២០២៤ កាន់តែខិតជិតចូលមកដល់ ក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខេត្តនានាត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការតាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ង បង្កអោយមានចលាចលវឹកវរ និងអសន្តិសុខ​ក្នុងសង្គមជាពិសេស ក្នុងអំឡុងពេលព្រឹត្តការណ៍ចូលឆ្នាំសកល ឆ្នាំ ២០២៣ ខាងមុខ។ នឹងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានភាពសប្បាយរីករាយជាអធិកអធម។

ទី២ ក្រសួងទេចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ដើម្បីរៀបចំតុបតែងលំអទីតាំងសប្បាយ អាទិភាព អោយបានច្រើនជំរើសបម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកល ២០២៣-២៤ ជាពិសេសទីតាំងដែលរាប់ថយក្រោយ សូមលើកទឹកចិត្តឱ្យមានចូលរួមប្រាស្រ័យតាមរយៈការរៀបចំព្រឹត្តការណ៍ប្រគំតន្រីសំដែងសិល្បៈ កីឡាប្រដាល់គុណខ្មែរ  ជម្រើសនិងការកម្សាន្តផ្សេងៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យបាន។

ទី៣ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលដែលល្អជាងគេ ប្រចាំឆ្នាំ Best count down city of the year ដែលត្រូវពិនិត្យនិងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ការតុបតែងលំអ។ ជំរើសនៃការកម្សាន្តទីតាំង នៃការសប្បាយ ភាពពេញចិត្តនិងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះគឺផ្នែកមួយនៃការលើកកម្ពស់វិស័យទេចរជាតិរបស់យើង

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

ខ្ញុំតែងតែប្រាប់បងប្អូនប្រជាជន ជាពិសេសមិត្តបរទេសថាម៉េចបានខ្ញុំស្កូវលឿន? ដោយសារនៅកម្ពុជាខ្ញុំចូលឆ្នាំច្រើនដងណាស់។ ឆ្នាំខ្មែរ ឆ្នាំចិន និងឆ្នាំសកល ហើយមានរ៉ាម៉ាដាន។ ខាងបងប្អូនខ្មែរឥស្លាម ខ្ញុំចូលរួមអបអរសា​ទរដែរ។ អញ្ចឹងមួយឆ្នាំចូល ៤ដង។ កាលពីក្មេង បុណ្យណូអែលនេះមិនសូវមានទេ ទូតរុស្ស៊ីធ្វើបន្តិចបន្តួច ក្រៅពីហ្នឹងស្ងាត់ឈឹង។ តែឥឡូវយើងក៏អបអរសាទរ។ ក្រៅពីនោះ ចន្លោះហ្នឹងមានបុណ្យភ្ជុំបិណ្ឌ អុំទូក និងទិវានៃក្ដីស្រឡាញ់ … ខ្ញុំថាទិវាសង្សារ ឯកឧត្ដមខាងលើថា ទិវានៃសេចក្ដីស្រឡាញ់ …។

[ចប់សេចក្ដីអធិប្បាយ២]

មុននឹងបញ្ចប់ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសមិទ្ធផលនេះ ខ្ញុំសូមណែនាំដល់ក្រុមការងារគ្រប់គ្រងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មន្ត្រីបច្ចេកទេសដែលបានទទួលការបណ្ដុះបណ្ដាល ពីមន្ត្រីជំនាញការរបស់ជប៉ុន ត្រូវយកចិត្តទុកដាក់ថែទាំនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវនឹងបទដ្ឋានបច្ចេកទេស​ នូវរាល់គ្រឿងយន្តស​ម្ភារនិងឧបករណ៍បច្ចេកទេសនានា ដើម្បីធានាអាយុកាលប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះតាមរយៈវេទិកាថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ការទុកសម្រាម ដាក់សម្រាម សំណល់រឹង សំណល់ប្លាស្ទិក ការបញ្ចេញចោលនូវសំណល់រាវគ្រប់ប្រភេទដោយយោងត្រូវចាត់ទុកថាការលើកកម្ពស់អនាម័យ បរិស្ថាន គឺជាកាតព្វកិច្ចរួមគ្នា ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ក្រៅពីបរិស្ថានស្អាតនេះ ក៏វាជួយកាត់បន្ថយនូវរឿងទឹកលិចក្រុងផងដែរ។ កន្លងទៅ ជប៉ុនក៏បានជួយនៅក្នុងការកសាងផែនការមេនិងអនុវត្តប្រព័ន្ធរំដោះទឹកកុំឲ្យលិចនៅក្នុងក្រុង។ ការស្ដារលូសំខាន់ណាស់។ រាជធានីភ្នំពេញក៏បានធ្វើ។ ខ្ញុំបានចារឯកភាព កាលពីខែមុននូវគម្រោងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយរាជធានីភ្នំពេញ។ ខ្ញុំសូមអរគុណគម្រោងរបស់ជប៉ុនដែលយើងធ្វើការរំដោះទឹកនៅប៉ុន្មានខណ្ឌ ហើយខណ្ឌទាំងនោះមិនសូវមានបញ្ហា។ ប៉ុន្តែយើងមិនទាន់បានដោះអស់នៅតាមគ្រប់ខណ្ឌ។ អញ្ចឹងបានជាពេលដែលភ្លៀងលើសបរិមាណ កន្លែងខ្លះនៅលិច។ អញ្ចឹង អាទិភាពមួយផងដែរនៅក្នុងអាណត្តិនេះ នៅរាជធានីភ្នំពេញ គឺការកសាងប្រព័ន្ធរំដោះទឹកបន្ថែម។ ​​​​ខ្ញុំក៏បានចារហើយគម្រោងប៉ុន្មានរយលានឯណោះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ master plan និងអនុវត្តជាបន្តបន្ទាប់ជាមួយសាលារាជធានីភ្នំពេញ សហការជាមួយគម្រោងដៃគូភាគីមិត្ត ដើម្បីធ្វើយ៉ាងណាបណ្ដាខណ្ឌមួយចំនួនដែលមិនទាន់ដោះ បូកជាមួយប្រព័ន្ធបញ្ចៀសទឹកកុំឲ្យបុកមកភ្នំពេញ ដោះទឹកនៅរាជធានីភ្នំពេញទៅថ្ងៃមុខ កុំឲ្យមានបញ្ហាចោទពីការលិចលង់ដោយទឹកភ្លៀងច្រើន។ យើងមិនអាចធានាថាមិនឲ្យលិចនោះទេ។ ជាបច្ចេកទេស តែភ្លៀងលើសពីប៉ុន្មានសង់ទីម៉ែត្រ ឯកឧត្ដម ថោ ជេដ្ឋា នៅទីនេះស្រាប់ ប្រព័ន្ធលូ​កម្រិតណាក៏ពិបាក។ នៅតូក្យូ ញូវយ៉ក បាងកក សិង្ហបុរីអី តែលើស(ក៏នឹងលិច)។ គ្រាន់តែថា វាហូរមិនទាន់អស់ តែយើងត្រូវខិតខំដោះប្រភេទណា ដែលថាប្រព័ន្ធមិនទាន់ធ្វើ យើងនៅតែខិតខំដើម្បីភ្ជាប់ប្រព័ន្ធ និងបញ្ចៀសទឹកជាច្រើន។ នេះជាអាទិភាព។ តែធាតុផ្សំមួយគឺការថែរក្សាបរិស្ថានស្អាតនេះឯង។ ការរក្សាសំរាមកុំឲ្យចូលទៅក្នុងប្រព័ន្ធលូអីផ្សេងៗ គឺជាកិច្ចការសំខាន់ជួយបន្ថែម។ យើងស្ដារបន្ថែមទៀត។

[ចប់សេចក្ដីអធិប្បាយ៣]

ជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលទទួលបានូវសមិទ្ធផលថ្មី ក្រោមហិរញ្ញប្បទានឥតសំណងរបស់មិត្តជប៉ុន និងសូមយកឱកាសដ៏វិសេសវិសាលនេះ ជូនពរទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន កាន់តែរឹងមាំប្រកបដោយផ្លែផ្កាយូរអង្វែងជានិច្ចនិរន្ត។ ជាទីបញ្ចប់ក្នុងឱកាសចូលឆ្នាំសកល ២០២៣-២៤ នេះខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ​ សូមបានប្រកបតែនឹងពុទ្ធពរនិងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

នៅក្នុងឱកាសនេះផងដែរ សូមជូនក្រុមយុវជនកាយឫទ្ធិ កាកបាទក្រហម សសយក ៦០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។  មិនច្រើន តែបើផ្គុំគ្នាអាចច្រើន។ ជូនសាលាខណ្ឌមានជ័យថវិកា ២លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល និងក្រុមតន្រី្តសម័យថវិកា ៥លានរៀលផង៕

[ចប់សេចក្ដីអធិប្បាយ៤]


 

អត្ថបទទាក់ទង