Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 403
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម លាវ នីង លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ សម្តេចធិបតី បានអរគុណចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ប្រកបដោយភាតរភាព ពីសំណាក់ថ្នាក់ដឹកនាំ និង ប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ។
ឯកឧត្ដមលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជាមានមោទនភាព និងកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី និងគណៈប្រតិភូ ។ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចធិបតី ដែលបានជ្រើសរើសយកប្រទេសចិន ជាប្រទេសទី១ សម្រាប់បំពេញទស្សនកិច្ចផ្លូវការ ក្រោយពីសម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។
បន្ទាប់មក ឯកឧត្ដមលេខាធិការបក្ស បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីសក្ដានុពលឧត្តមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរ និងចំពោះការរាយការណ៍ និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត មានជាមួយប្រទេសកម្ពុជា ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមលេខាធិការបក្ស និងគណៈប្រតិភូអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ សម្ដេចធិបតី នៅរដ្ឋធានីប៉េកាំង ដែល សម្តេចធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping), ឯកឧត្តមប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចាវ ឡឹជី (Zhao Leji) និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានជួយជំរុញឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកលូតលាស់ និងរឹងមាំ ថែមមួយកម្រិតទៀត ។
ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង, សម្តេចធិបតី បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏ស្នើឱ្យ ឯកឧត្ដមលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្ដោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្ដេចធិបតី ឯកឧត្ដមលេខាធិការបក្ស បានអរគុណចំពោះ សម្ដេចធិបតី ដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្ដមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។
ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្ដមលេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង