(វីដេអូ) សម្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រគល់សញ្ញាបត្រជូនគរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ វិទ្យាស្ថានជាតិគរុកោសល្យ រាជធានីភ្នំពេញ
ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ តំណាងដៃគូអភិវឌ្ឍន៍
សាស្រ្តាចារ្យ បុគ្គលិកសិក្សា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
គរុសិស្ស គរុនិស្សិតជ័យលាភី និងអង្គពិធីទាំងមូលជាទីមេត្រី!
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) អត្រានៃការបោះបង់ការសិក្សាជាគរុសិស្សមានកំរិតទាប
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សជំនាន់ទី ២ និងគរុនិស្សិតជំនាន់ទី ៣១ ក៏ដូចជាសម្ពោធដាក់ឱ្យប្រើប្រាស់អគារ អន្តេវាសិកដ្ឋានគ្រូ មួយខ្នង ៤ ជាន់ ៧០ បន្ទប់ ដែលយើងទើបកាត់ខ្សែបូអម្បាញ់មិញនេះ។ សូមអរគុណណាស់ចំពោះរបាយការណ៍របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលយើងតំឡើងពីកម្រិតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានី មកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឆ្នាំ ២០១៧ កន្លងមកនេះ ៧ឆ្នាំមុន។ ថ្ងៃនេះ ខ្ញុំសូមអបអរសាទរដល់គរុសិស្ស/និស្សិតជ័យលាភីទាំង ២៦៦នាក់ ដែលបានពុះពារប្រឹងប្រែង ដើម្បីសម្រេចនូវគោលបំណងបញ្ចប់ការសិក្សាដោយជោគជ័យ។ យើងចប់ពីការធ្វើជាកូនសិស្ស ចេញទៅធ្វើជាគ្រូ។ ត្រឡប់ពីម្ខាងទៅម្ខាង។ ពីអង្គុយក្នុងថ្នាក់ ទៅឈរឱ្យមេរៀន។ ចូលមកអម្បាញ់មិញនេះ ខ្ញុំជួបជាមួយនឹងប្អូនប៉ុន្មាននាក់។ (ពួកគាត់)មានការប្ដេជ្ញាចិត្ត ហើយមានការរំភើបរីករាយ។ ដើរទៅតាមស្តង់ ខ្ញុំសួរថាតើអត្រានៃការបោះបង់ប៉ុន្មានភាគរយ? (អ្នកដែលបោះបង់)មានតិច។ មានន័យថា អ្នកដែលចូលរៀននេះ មានការសម្រេចចិត្ត ដាក់ទិសដៅច្បាស់លាស់ និងខិតខំប្រឹងប្រែង …។
(២) ប្រឹងប្រែងរៀនផងនិងយកឱកាសក្នុងពេលអភិវឌ្ឍកែទម្រង់ផង
នៅក្នុងការផ្ដល់ជូនអាហារូបករណ៍របស់សម្ដេចតេជោមួយឆ្នាំជាង ២០០០កន្លែង ដល់ពេលចប់ យើងបានត្រឹមតែ ៤០%, ៥០% ទៅ ៦០% តែប៉ុណ្ណោះ។ តែសម្រាប់និស្សិតនិងសិស្សដែលរៀននៅតាមគរុកោសល្យនេះ គឺជាការបង្ហាញនូវឆន្ទៈ និងការខិតខំយកចិត្តទុកដាក់ និងការសម្រេចចិត្តច្បាស់លាស់ នៅក្នុងការចាប់យកអាជីពជាគ្រូបង្រៀន។ នេះគឺជាមោទនភាព ហើយខ្ញុំសូមអបអរសាទរ និងអរគុណណាស់។ នេះជាជំនាញដែលសំខាន់។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់គរុនិស្សិតដែលកំពុងសិក្សា និងបានតស៊ូមកដល់ពេលនេះ។ អាចថា ឆ្នាំក្រោយៗ ទៀតនឹងបញ្ចប់ការសិក្សា(ជាបន្តបន្ទាប់)។ ម្នាក់ៗសុទ្ធតែមានបញ្ហាប្រឈមរៀងខ្លួនៗ … ការសម្រេចចិត្តនិងការខិតខំ ទាំងការប្រឈមនៅក្នុងការរៀនសូត្រ ការចាប់យកនូវកម្រិតស្តង់ដាមួយ ដែលយើងកំពុងរៀនផង និងអភិវឌ្ឍការកែទម្រង់ផង ដើម្បីយកឱកាសបន្ត។ នៅពេលដែលយើងចេះ ធ្វើជាគ្រូ យើងយកឱកាសពីការបណ្ដុះបណ្ដាលនៅទីនេះចែកទៅដល់ការកសាងសមត្ថភាពរបស់សិស្សនៅតាមបណ្ដាសាលា។
(៣) រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ កែទម្រង់និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ
សូមយកឱកាសនេះ អរគុណ និងកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូឧទ្ទេស និងបុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលបានខិតខំនៅក្នុងការចែករំលែកបទពិសោធ ស្រាវជ្រាវបន្ថែម និងសម្រួលដឹកនាំ ដំណើរការរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានសម្រេចជោគជ័យ។ សូមអរគុណដល់ឪពុកម្ដាយ អាណាព្យាបាល គ្រួសាររបស់គរុសិស្ស និងគរុនិស្សិតជ័យលាភី ដែលបានផ្ដល់កម្លាំងចិត្ត។ សមិទ្ធផលថ្ងៃនេះ គឺសមិទ្ធផលរួមរបស់អ្នកចូលរួម។ អ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើ គឺប្រឹងតែបង្កើតឱកាសទេ ការដាក់ចេញនូវគោលនយោបាយ ការកែទម្រង់និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការចាប់យកឱកាស និងការបង្កើតឱកាស និងការដាក់ចេញនូវផែនការ ការអនុវត្តជាក់ស្ដែង គឺអាស្រ័យទៅលើតួអង្គទាំងប៉ុន្មាននេះ ទាំងអាណាព្យាបាល គ្រួសារ គ្រូ គណៈគ្រប់គ្រង និងទាំងសិស្ស នេះគឺជាកត្តាដែលសំខាន់។
(៤) ការសង់អន្តេវាសិកដ្ឋានជាការចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ
សូមអបអរសាទរចំពោះការដាក់ឱ្យសម្ពោធនូវអគារអន្តេវាសិកដ្ឋានដ៏ធំមាន ៧០បន្ទប់។ សួរទៅថា អាចដាក់បានគ្រូ ២៨០នាក់មកពីតាមខេត្ត។ ផែនការយើងគ្រោងធំ។ នេះជាការចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ជាពិសេស ការយកចិត្តទុកដាក់នៅក្នុងការអប់រំ (តាមរយៈការកសាងអន្តេវាសិកដ្ឋានដូចនេះ)។ នៅក្នុងស្តង់មួយ មាននិយាយពីការវវិត្ត ការកសាងគ្រូដំបូងគេ ដូចជានៅខែកញ្ញា ឆ្នាំ១៩៧៩។ ចេញពី(របប) ប៉ុល ពត មកនោះ យើងនៅសល់គ្រូប្រហែលជា ២០% ទៅ ៣០% តែប៉ុណ្ណោះ មិនបាន ១២ បូក ៤ ដូចរាល់ថ្ងៃនេះទេ។ យើងចាប់ផ្ដើមប្រមូលអ្នកដែលចេះខ្លះ បង្រៀនអ្នកមិនចេះ។ កាលហ្នឹង មានកម្មវិធីអនក្ខរកម្ម។ សិស្សបឋម សិស្សរៀន កខគ អីហ្នឹង មិនមែនសិស្សអាយុ ៦-៧ ឆ្នាំទេ។ មានអ្នកខ្លះមានប្តីប្រពន្ធហើយទើបចូលរៀន។ គេចាក់តាមទូរទស្សន៍។ “ប្ដីទើបរៀនថ្នាក់ទី១ … គ្រូឱ្យឡើងក្ដារខៀន មិនសូវចេះ។ ឱ្យប្រពន្ធដែលរៀនបានចេះច្រើនមកពួននៅព្រៃចេកខាងក្រោយសាលា(ដើម្បីលួចប្រាប់)។ គ្រូឱ្យអាន(ប្រកបពាក្យ) ធ្មេញ … ជារឿងកំប្លែង តែវាបញ្ជាក់អំពីតថភាពជាក់ស្ដែងកាលពីជំនាន់នោះ ទម្រាំយើងបានថ្ងៃនេះ។
(៥) ក្នុងរយៈពេល ៧ឆ្នាំ ប្រែពីមណ្ឌលគរុកោសល្យភូមិភាគ ជាវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
យើងនៅមានកង្វះគ្រូតាមមូលដ្ឋាន នៅតាម(សាលា)មួយចំនួន។ ប៉ុន្តែបើយើងនិយាយពីធនធានគ្រូ មកដល់ម៉ោងនេះ យើងពង្រាយនៅទូទាំងប្រទេសបានច្រើនណាស់ បើប្រៀបធៀបពីជាង ៤០ឆ្នាំមុន។ អ្នកខ្លះថា មកដល់ម៉ោងនេះ (បែរជា)និយាយតែ ៤០ ឆ្នាំមុន។ យើងត្រូវតែនិយាយ យើងត្រូវតែចាំ ត្រូវទទួលស្គាល់នូវការវិវត្តរបស់ប្រទេសយើង ត្រូវមានមោទនភាពនូវអ្វីដែលយើងបានសម្រេច (ក្នុងការពុះពារឆ្លងកាត់)ការលំបាក តស៊ូរហូតបានប៉ុណ្ណេះ បានកសាង និងជំរុញវិស័យអប់រំដោយម្ចាស់ការខ្លួនឯង។ យើងបន្តកសាងសមិទ្ធផលបន្ថែមៗ ទៀត។ សូមកោតសរសើរសាជាថ្មីចំពោះ ដែលក្នុងរយៈពេល ៧ឆ្នាំ បានប្រែក្លាយពីមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ទៅជាវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយផ្តោតទៅលើការបណ្ដុះបណ្ដាលគរុនិស្សិត និងបានបំពេញភារកិច្ចនិងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ យើងដំឡើងពី ១២បូក២ មក ១២ បូក ៤។ នៅទូទាំងប្រទេស ដូចជាមាន ៣(សាលា) នៅខេត្តបាត់ដំបង រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការដំឡើងនូវគុណវុឌ្ឍិគ្រូ។
(៦) ពង្រឹងវិស័យអប់រំ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា វិធីសាស្រ្តសិក្សា ឧបករណ៍សិក្សា និងគ្រូ
សូមឆ្លៀតឱកាសនេះ អរគុណចំពោះបណ្ដាប្រទេសនិងដៃគូ ក្នុងនោះមានរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដែលបានចូលរួមគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតវិទ្យាស្ថានគរុកោសល្យភ្នំពេញ និងខេត្តបាត់ដំបង ផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ វិនិយោគជាច្រើនទៅលើការកសាង ប្រែក្លាយទីនេះ ឱ្យទៅជាកន្លែងដែលមានសក្ដានុពលសម្រាប់បណ្ដុះបណ្ដាលគ្រូ។ សូមអរគុណចំពោះគូអភិវឌ្ឍន៍នានា រួមមានអង្គការ UNICEF, UNESCO, VVOB, KIZUNA, NIPPON FOUNDATION ជាដើម ដែលបានចូលរួមកសាងនិងពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានទាំង ២។ ក្នុងនោះមានការកសាងឯកសារប្រតិបត្តិ អភិវឌ្ឍកម្មវិធីសិក្សា អភិវឌ្ឍសមត្ថភាព គ្រប់គ្រងគ្រូឯកទេសជាបន្តបន្ទាប់។ ការកសាងសមត្ថភាពស្ថាប័ន មិនមែនកសាងតែផ្នែករឹងឬហេដ្ឋារចនាសម្ព័ន្ធទេ។
ការពង្រឹងវិស័យអប់រំ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែល(មាន)កម្មវិធីសិក្សា វិធីសាស្រ្តសិក្សា ឧបករណ៍សិក្សា បូកជាមួយគ្រូ។ ការចូលរួមរបស់ដៃគូក្នុងការជួយពង្រឹងស្ថាប័ននេះ សំខាន់គឺជួយចែករំលែកវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ អ្នកខ្លះយល់ថា យល់ថាការស្រាវជ្រាវគឺធ្វើអំពីផលិតផល ស្រាវជ្រាវគីមីថ្មី ស្រាវជ្រាវបច្ចេកវិទ្យាដាំថ្មី ស្រាវជ្រាវអំពី(អ្វីផ្សេងៗ) ប៉ុន្តែក៏មានការស្រាវជ្រាវវិធីសាស្រ្តបង្រៀនដែរ។ វិធីសាស្រ្តបង្រៀន គឺធានានូវប្រសិទ្ធភាពនូវការបង្រៀន។
(៧) គ្រូត្រូវស្រាវជ្រាវនិងមានចំណេះដឹងច្រើនជាងសិស្ស
បង្រៀនមួយម៉ោងដូចគ្នា មិនប្រាកដថាបានផលដូចគ្នាទេ បើលោកគ្រូអ្នកគ្រូមិនមានវិធីសាស្ត្របង្រៀន គរុកោសល្យ និងវិធីសាស្រ្តក្នុងការស្រាវជ្រាវ ចងក្រង(មេរៀនសម្រាប់បង្រៀន)។ ខ្ញុំធ្លាប់ធ្វើជាគ្រូជំនួយរយៈពេលខ្លីទេ។ ពេលដែលសិស្សដល់ម៉ោង ទាញកាបូបទៅ(ផ្ទះ) អង្គុយស្រមើស្រមៃ ជួនកាលពីយប់ដាច់យប់ទៅ អង្គុយរៀនអាចមួយម៉ោងស្ដាប់បាន ២០នាទី។ តែ ធ្វើជាគ្រូ(បង្រៀន) ត្រូវត្រៀមឯកសារ ត្រៀមមេរៀន ត្រៀមចាំឆ្លើយចម្លើយទៀត … ត្រូវយល់ច្បាស់ថា សិស្សអាចចេះ ៨០% ឬ៩០% បាន(និទ្ទេស)A ហើយ គ្រូត្រូវចេះ ១១០% ១២០% គ្រប់ពេល … (ដូច្នេះជា)គ្រូ ត្រូវស្រាវជ្រាវច្រើនជាងសិស្ស។ គ្រូមិនអាចអង្គុយចាំដល់ម៉ោងទៅសូត្រពីសៀវភៅ (ទាំងដែល)មិនយល់ផង ទៅបង្រៀនគេទេ។ សិស្សអាចទន្ទេញដោយមិនបាច់យល់។ មុខវិជ្ជាមួយចំនួន ធ្វើតេស្ដ(ជាប់ដោយ)ទន្ទេញចាំ តែមិនបាច់យល់ក៏បានដែរ ប៉ុន្តែគ្រូត្រូវតែយល់ត្រូវធ្វើបាន … កម្មវិធីសិក្សាគឺជាការចាំបាច់។ យើងមិនអាចបង្រៀននៅសតវត្សរ៍ទី២១ ដោយប្រើឯកសារសតវត្សរ៍ទី ២០ទេ។ កាលខ្ញុំរៀន ខ្វះឯកសារ។ កាលនោះ យើងរៀន math ដោយស្រាវជ្រាវផង យកសៀវភៅជំនាន់មុនខេមរយានកម្មមកប្រើផង … ឥឡូវខ្ញុំសប្បាយរីករាយ ដែលមិនត្រឹមតែលោកគ្រូអ្នកគ្រូទេ សូម្បីតែសិស្សខ្លួនឯងក៏ចេះស្រាវជ្រាវ បង្កើតនូវលំហាត់ផ្សេងៗ។ នេះជាភាពសម្បូរបែបដែលត្រូវធ្វើ។ គេដល់ AI ហើយ។ យើងមិនអាចទៅយកមេរៀនកុំព្យូទ័រដំបូង IBM ទេ …។
(៨) ត្រូវផ្សារភ្ជាប់គ្នានូវ ការកែទម្រង់ ទំនើបកម្មកម្មវិធីសិក្សានិងមេរៀន និងវិធីសាស្រ្តបង្រៀន
នៅវិទ្យាស្ថាននេះ ការបង្រៀនបានន័យថា … ចេញពីសាលានេះ សិស្សជាអ្នកយកទៅបង្រៀន។ អ្នកប្រតិបត្តិ ខុសគ្នា។ សាកលវិទ្យាល័យធម្មតា និស្សិតរៀនខាង accounting គាត់ចេញទៅជាអ្នកប្រតិបត្តិ។ គាត់ទៅធ្វើការ accounting ធនាគារ ជាដើម។ ប៉ុន្តែសាលានេះ (រៀនចប់)ចេញទៅគឺបង្រៀនគ្រូដែលអ្នកប្រតិបត្តិ។ បានន័យថាម៉េច? យើងបង្រៀននិស្សិត ដែលចេញពីនេះទៅនិស្សិតទាំងនោះក្លាយជាគ្រូ ដើម្បីបង្រៀន(គរុសិស្ស)បន្ត។ អ្នកនោះភាគច្រើនទៅជាអ្នកប្រតិបត្តិ។ ដូចនេះ ការគិតគូរ ការធានាគុណភាព ជាពិសេស ផ្សារភ្ជាប់ទៅនឹងអ្វីដែលគាត់ត្រូវតែធ្វើជាក់ស្ដែង កុំឱ្យចេញពីសាលាផ្សឹង ទៅបង្រៀនសិស្សផ្សេង … ការកែ(ទម្រង់) រៀបចំទំនើបកម្មកម្មវិធីសិក្សានិងមេរៀន បូកជាមួយនឹងវិធីសាស្រ្តបង្រៀន ត្រូវផ្សារភ្ជាប់គ្នា … អម្បាញ់មិញ ក្មួយស្រីធ្វើ IT/programs។ ដល់ពេលចេញទៅ គាត់ត្រូវជាគ្រូ។ មានមេរៀនខ្លះជាមេរៀនថ្នាក់ STEM។ អញ្ចឹងគ្រូទាល់តែធ្លាប់ឆ្លងកាត់សិន។ ចេះធ្វើសិន។ មិនមែន copy ពី YouTube ឬមួយពីសៀវភៅមកទេ។ គ្រូទាល់តែចេះធ្វើផ្ទាល់ ទើបទៅបង្រៀនសិស្សបាន។ កុំឱ្យដល់ម៉ោងបង្រៀន គ្រូចាក់ YouTube ឱ្យមើល។ (ដល់)សិស្ស(សួរ)ថា ម៉េចបានវាឆ្លង (គ្រូឆ្លើយថា) អត់ដឹង …។
(៩) គុណភាពគ្រូជាកត្តាគន្លឹះក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ
គុណភាពមនុស្ស គឺជាកត្តាកំណត់នៃសមត្ថភាពប្រទេស និងការអភិវឌ្ឍ(ប្រទេស)។ ទាល់តែមនុស្សខ្លាំង បានយើងអភិវឌ្ឍខ្លាំង។ បើប្រជាជនយើងអត់ចេះកុំព្យូទ័រ អត់ចេះភាសាអង់គ្លេស តើទៅយកកុំព្យូទ័រ យកអីមកប្រើម៉េចកើត។ នៅតែសរសេរដៃដដែល។ តើយើងទាន់គេឬទេ? អត់ទាន់ទេ។ អញ្ចឹងស្អីទៅជាកត្តាកំណត់នៃគុណភាពធនធានមនុស្ស គឺការអប់រំបណ្ដុះបណ្ដាលនេះឯង។ ពិតណាស់ យើងមានការអប់រំ មិនមែន(មាន)តែក្នុងសាលាប៉ុណ្ណោះទេ។ ក្រៅសាលាក៏មានដែរ។ កន្លែងខ្លះគេចូលទៅហាត់ការផ្ទាល់ផង។ ប៉ុន្តែរឿងយើងនិយាយថ្ងៃនេះ យើងនិយាយនៅក្នុងសាលា។ គុណភាពនៃការអប់រំបណ្ដុះបណ្ដាលសំខាន់ណាស់ គុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃការអភិវឌ្ឍប្រទេស។ ពីរហ្នឹងបញ្ចូលគ្នា។ ឆ្អឹងខ្នងនៃវិស័យអប់រំ គឺគ្រូបង្រៀនហ្នឹងឯង។ (គ្រូបង្រៀន)ជាឆ្អឹងខ្នងដែលទ្រនូវវិស័យអប់រំ … ដោយហេតុនេះ បើយើងភ្ជាប់តាមសមីការ គុណភាពគ្រូជាកត្តាគន្លឹះនៅក្នុងការធានានូវគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ។ នេះគឺភ្ជាប់គ្នាដូចនេះ។
(១០) ពង្រឹងសមត្ថភាពនិងគុណភាពគ្រូ ជាមូលដ្ឋាននៃការកែទម្រង់វិស័យអប់រំ
បើសិនជាគ្រូមិនពូកែ គ្រូមិនចំណាប់ សិស្សចេញទៅក៏មិនចំណាប់។ ធនធានមនុស្សយើងមិនចំណាប់ ទៅធ្វើអីក៏មិនសូវចំណាប់ ប្រកួតជាមួយគេមិនឈ្នះទេ។ នេះហើយការសំខាន់របស់គ្រូ និងគ្រឹះស្ថានបណ្ដុះបណ្ដាលធនធានគ្រូនេះ។ យោងលើប្រការនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពនិងគុណភាពគ្រូ ជាដែលមូលដ្ឋាននៃការកែទម្រង់វិស័យអប់រំ។ យើងទៅយកវិធីសាស្រ្តថ្មី បច្ចេកវិទ្យាថ្មីមកដូចម្តេចបាន បើលោក/អ្នកគ្រូយើងអត់អាប់ដេត(ដើរទាន់បច្ចុប្បន្នភាព)ផង? បើលោក/អ្នកគ្រូយើងអត់ចេះភាសា វិទ្យាសាស្រ្ត តើយកមកយ៉ាងម៉េច? យករបស់មកទាល់តែយកគេមកដែរ។ ដដែលជាដដែលហ្នឹង។ អញ្ចឹង ការខិតខំធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ ត្រូវតែផ្ដោតទៅលើ(សមត្ថភាពនិងគុណភាព)គ្រូនេះ។ ក្នុងន័យនេះ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាពខ្ពស់នៃការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា។
(១១) ថវិកាជាតិសម្រាប់វិស័យអប់រំ កើនពី ៧៨២លានដុល្លារនៅឆ្នាំ២០២០ ទៅជិត ១ពាន់លានដុល្លារឆ្នាំ២០២៤
ដូចដែលបានឯកឧត្ដម ហង់ជួន ណារ៉ុន រាយការណ៍សង្ខេបអម្បាញ់មិញ។ ក្នុងផែនការនិងសកម្មភាព(កែទម្រង់វិស័យអប់រំ) ដែលយើងបានធ្វើជាបណ្ដើរៗ តាំងពីឆ្នាំ២០១៣-២០១៤មក រហូតមកដល់សម្រេចបានសមិទ្ធផលបច្ចុប្បន្ននេះតាមរយៈការធ្វើកំណែទម្រង់មុតស្រួច ជាពិសេសក្រោយកំណែទម្រង់ ១០ឆ្នាំជាងនេះ ដែលយើងដាក់ទិសដៅបន្តពីកំណែទម្រង់មុនៗ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាតិទៅប្រើប្រាស់ក្នុងវិស័យអប់រំធំជាងគេ។ កាលជំនាន់សង្រ្គាម (ថវិកាប្រើប្រាស់ក្នុងវិស័យ)ការពារជាតិធំ។ ចប់សង្រ្គាមភ្លាម ការពារជាតិថយ … យើងគិតមើល កាលពីឆ្នាំ២០២០ ថវិកាជាតិដែលផ្ដល់ទៅវិស័យអប់រំមាន ៣,២ទ្រីលានរៀល ស្មើនឹង ៧៨២លានដុល្លារជាង ហើយមកដល់ឆ្នាំ២០២៤ បានដំឡើងរហូតដល់ ៣,៧ទ្រីលាន ឬ ៩១១លានដុល្លារជាង គឺជិតនឹង ១ពាន់លានដុល្លារ។ យើងនឹងខិតខំបន្តផ្តល់អាទិភាពធំលើវិស័យអប់រំ ព្រោះមនុស្សកំណត់អ្វីៗទាំងអស់។
(១២) ការពង្រឹងធនធានមនុស្ស គឺជាការបង្កើតធនធានដែលនឹងបង្កើតធនធាន
បើយើងមិនពង្រឹងធនធានមនុស្ស ពង្រឹងវិស័យអប់រំ យើងមិនទាន់គេទេ។ ផ្ទុយទៅវិញ ការពង្រឹងធនធានមនុស្ស គឺជាការបង្កើតធនធាន ដែលទៅបង្កើតធនធាន។ ខ្ញុំតែងតែនិយាយថារថយន្តមួយផលិតហើយ ប្រើវាអត់វិវឌ្ឍទេ រថយន្តអត់បង្កើតកូនទេ តែជាបន្ទុក។ តែធនធានមនុស្សមិនមែនជាបន្ទុកទេ។ ធនធានមនុស្សចេញទៅបង្កើតសមិទ្ធផលបន្ថែមទៀត។ ដូចជាគ្រូនៅទីនេះ ២៦៦នាក់ ចេញទៅបង្រៀនសិស្សរាប់ពាន់រាប់ម៉ឺនរាប់សែននាក់ ក្នុងមួយពេល។ យើងចប់ឆ្នាំ២០២៤ អាយុថា ២២ឆ្នាំចុះ ទម្រាំចូលនិវត្តន៍ប្រហែលជាអាយុ ៦០ឆ្នាំ។ អញ្ចឹង បើយើងនៅគ្រូមួយជីវិត ម្នាក់ៗនៅទីនេះនឹងបង្រៀនសិស្សយ៉ាងហោចណាស់ថា ១ពាន់នាក់។ ខ្ញុំគិត ៣០ឆ្នាំ មួយថ្នាក់ថា ៣០នាក់ អញ្ចឹង គុណទៅជិត ១ពាន់នាក់។ អញ្ចឹង ២៦៦នាក់ គុណទៅ ២០ម៉ឺននាក់ជាង ដែលយើងត្រូវទៅជួយពង្រីកបន្ថែម។ ដូចនេះ គឺកិច្ចការសំខាន់ណាស់ដែលយើងត្រូវវិនិយោគលើធនធានមនុស្ស។ យ៉ាងណាក្តី ការបង្កើនថវិកា មិនប្រាកដថាធានាប្រសិទ្ធភាពនោះទេ។
(១៣) ការចាយវាយចំទិសដៅ លើគោលដៅជាសូចនាករ ៤
ជួនកាលថវិកាច្រើន តែបើមិនមានផែនការ មិនមានចក្ខុវិស័យច្បាស់លាស់ វានឹងទៅជាចាក់ចោលខ្ជះខ្ជាយ។ ដោយហេតុនេះ សមិទ្ធកម្មដែលក្រសួងអប់រំបានធ្វើក្នុងរយៈពេល១០ឆ្នាំនេះ គឺជាឧទាហរណ៍ជាក់ស្ដែងថាការបង្កើនថវិកាជាតិ(លើវិស័យអប់រំ) មិនមែនប៉ោងតែថវិកា ចេញជាចំនួនលុយទេ។ ការទម្លាក់ថវិកាទៅបានចំទិសដៅ មានផែនការច្បាស់ ធានានូវប្រសិទ្ធភាពនៃការបង្កើន(សមត្ថភាពនិងគុណភាពគ្រូ/សិស្ស) … ជាក់ស្ដែងផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ២០១៣ ដាក់ចេញដោយក្រសួងអប់រំ … យើងមានការដាក់ចេញជាសូចនាករ ចង់ធ្វើ ចង់ពង្រឹង ចង់កែទម្រង់ ផ្ដោតទៅលើ ៤គោលដៅធំ ដើម្បីលើកកម្ពស់កិត្តិយស តួនាទី ឋានៈគ្រូបង្រៀននៅក្នុងសង្គម។ ចក្ខុវិស័យនៃការបង្កើនប្រសិទ្ធភាព និងគុណភាព សមិទ្ធផលដែលបង្កើតបាននៅក្នុងវិស័យអប់រំ មានគោលដៅ ៤ ជាក់ស្ដែងគឺ ទី១ ធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។ ទី២ គិតគូរពីជីវភាពរស់នៅរបស់គ្រូ ដោយផ្ដោតទៅលើការដំឡើងបៀវត្សរ៍។ (ទី៣) ការបង្កើនគុណវុឌ្ឍិគ្រូ និង (៤) ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូ … ទើបយើងចាយលុយត្រូវ មិនខ្ជះខ្ជាយ។
តម្រូវការមិនចេះគ្រប់ទេ។ គ្មានអ្វីដែលគ្រប់ទេ។ ដូចខ្ញុំឧស្សាហ៍និយាយរឿងទាហានរបស់ខ្ញុំអញ្ចឹង។ ១០០ ក៏គ្រាន់ ១ពាន់ក៏គ្រប់ អត់សោះក៏បាន។ ប្រាក់ខែនៅ ១០០ ផឹកកាហ្វេខ្មៅមួយពែង។ ប្រាក់ខែឡើង ១ពាន់ ចូលដល់ Starbucks។ ថវិកាឡើងដល់ ១ម៉ឺន ចូលទៅដល់កន្លែងច្រៀងមានភ្លេង បៀរហ្គាឌិន។ តម្រូវការកើន។ ជាការវិវឌ្ឍ។ សង្គមវិវឌ្ឍដោយសារសមត្ថភាព លទ្ធភាពប្រជាពលរដ្ឋ។ កាលយើងអត់មានបៀវត្សរ៍គ្រប់គ្រាន់ យើងនៅជាមួយឪពុកម្ដាយ។ ឥឡូវជីវភាពយើងស្រួល យើងអាចទិញផ្ទះបង់រំលស់ ទិញម៉ូតូ ទិញរថយន្ត បំបែកផ្ទះបាន។ យើងត្រូវធ្វើ ប៉ុន្តែត្រូវតែមានទិសដៅច្បាស់លាស់ … លទ្ធផលក្នុងរយៈពេល ១០ឆ្នាំនេះ បង្ហាញថាសូចនាករទិសដៅ៤ ក្នុងកំណែទម្រង់ពិតប្រាកដនេះតម្រង់ទិសយើងដើម្បីធ្វើថវិកាជាតិ បូកនឹងដៃគូ តម្រង់ទៅ។
(១៤) កែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គឹបង្កើនកម្រិតបណ្ដុះបណ្ដាល និងគុណវុឌ្ឍិគរុសិស្ស
កម្មវិធីថ្ងៃនេះគឺជាឧទាហរណ៍មួយជាក់ស្ដែងនៃ (ទី១)កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។ យើងដំឡើងពីមណ្ឌលគរុកោសល្យរាជធានី មកជាវិទ្យាស្ថាន ដើម្បីបង្កើនកម្រិត(បណ្តុះបណ្តាល និង)កម្រិតគុណវុឌ្ឍិរបស់គ្រូ។ ចេញពីរបប ប៉ុល ពត ដំបូង រកអ្នកដែលចេះទៅបង្រៀនអ្នកដែលមិនចេះ។ ៣បូក ១អីអញ្ចឹងទៅ។ កាលពីខ្ញុំរៀន … ចំនួនកម្រិតថ្នាក់រៀនរហូតដល់បាក់ឌូប្លិ៍មាន ១១ឆ្នាំ។ ខ្ញុំប្រឡងចេញផុតទៅ ទើបបានបន្ថែមដល់ ១២ឆ្នាំពេញ។ យើងបង្កើនបន្តិចម្ដងៗ។ គុណវុឌ្ឍិគ្រូដូចគ្នា។ កាលមុន គុណវុឌ្ឍិសិស្សយើងបានតែប៉ុណ្ណឹង ចប់បាក់ឌូប្លិ៍បានតែ១០ឆ្នាំ ព្រោះរកគ្រូបង្រៀនលើហ្នឹងមិនកើត។ ឥឡូវ យើងត្រូវដំឡើងគរុសិស្ស១២ បូក២។ គោលដៅទៅថ្ងៃក្រោយ គឺ ១២បូក ៤ បានន័យថាចង់ឱ្យលោក/អ្នកគ្រូមានឱកាសរៀនដល់បរិញ្ញាបត្រ មិនមែនត្រឹមតែគុណភាពអប់រំ តែផ្ដល់ឱកាសដល់លោក/អ្នកគ្រូផង។ ចេញពីសាលាទៅ មានបរិញ្ញាបត្រ មានជម្រើសទៅយក Master អីបន្ថែមទៀត។ នេះជាការកែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដែលយើងបានធ្វើនៅទីនេះ។
យើងធ្វើបាននៅភ្នំពេញ និងបាត់ដំបង។ យើងមានវិទ្យាស្ថានជាតិយូរហើយ។ ទៅថ្ងៃក្រោយ អាចពង្រីកទៅតាមតំបន់មួយចំនួនទៀត។ តាមសាលានីមួយៗ យើងក៏ដំឡើងដែរ ព្រោះដើម្បីភាពបត់បែន។ ឥឡូវឧទាហរណ៍ ចង់បង្រៀនលោកគ្រូថ្នាក់បរិញ្ញាបត្រ ទាល់តែរកគ្រូថ្នាក់ Master មកបង្រៀន។ មិនអាចយកលោកគ្រូត្រឹមបរិញ្ញាបត្រមកបង្រៀនថ្នាក់ ១២ បូក ៤ ទេ។ វាទាល់តែសាលាយើងថ្ងៃក្រោយ មានសមត្ថភាពបណ្ដុះរហូតទៅដល់បរិញ្ញាបត្រជាន់ខ្ពស់ និងអាចដល់បណ្ឌិតអីផ្សេងទៀត នៅក្នុងវិស័យអប់រំ។ ពិតណាស់ យើងមានគ្រូមកពីខាងក្រៅ គ្រូទៅរៀនពីខាងក្រៅមក បាន Master អី។ យើងត្រូវបន្ថែមរកឱ្យកាន់តែច្រើន។ នេះហើយគឺជាកិច្ចការកំណែទម្រង់។
(១៥) គិតគូរពីជីវភាពរស់នៅរបស់គ្រូ
ទី២ ការគិតគូរពីជីវភាពរស់នៅរបស់គ្រូ ជាពិសេស បៀវត្សរ៍។ អម្បាញ់មិញ ឯកឧត្ដម ហង់ជួន ណារ៉ុន បានលើកឡើងពីអ្វីដែលយើងបានធ្វើជាង ១០ ឆ្នាំនេះ។ ពី ២០១៣ ក្របខ័ណ្ឌ គ បើតាមទិន្នន័យដែលខ្ញុំមាន ឡើងពី ៣០ម៉ឺនរៀល មកជាង ១លាន ៤សែនរៀល ស្មើនឹង ៤,៦ដង ក្នុង១០ឆ្នាំនេះ។ ក្របខ័ណ្ឌ ខ ពី ៤៣ម៉ឺន៨ពាន់រៀល មកជាង ១លាន៥សែនរៀល ស្មើនឹង ៣,៥ដង។ ក្របខ័ណ្ឌ ក ពី ៦២ ជិត ៦៣ម៉ឺនរៀល មក ១លាន ៦សែនជាង។ ហ្នឹងទិន្នន័យដែលខ្ញុំមាន។ ប៉ុន្តែ ការដោះស្រាយបៀវត្សរ៍មិនមែនជាគោលទេ គ្រាន់តែជាចំណុចមួយប៉ុណ្ណោះ។ ការបន្ធូរចំណាយតាមរយៈការផ្ដល់នូវបេឡាសន្តិសុខសង្គមសម្រាប់សុខភាព ការជួយអ្នកគ្រូដែលមានផ្ទៃពោះក៏យើងបានគិតគូរទៅលើការងារនេះ …។
(១៦) ផ្តល់ការឧបត្ថម្ភជាអត្ថប្រយោជន៍ដល់ស្រ្តីជាប់ទោសមានផ្ទៃពោះ និង/ឬត្រូវកើតកូន
ខ្ញុំសូមឱ្យឯកឧត្ដម ហេង សួរ និងសង្គមកិច្ចគិតគូរផង រឿងស្រ្តីមានផ្ទៃពោះ។ យើងមានគោលនយោបាយសម្រាប់កម្មការិនី និងមន្រ្តីរាជការ។ ឥឡូវគិតគូរផងពីពិរុទ្ធជននៅក្នុងគុក។ លោកជំទាវ អ៊ឹង កន្ថាផាវី (រដ្ឋមន្ត្រីកិច្ចការនារី)ថា អ្នកក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ។ អញ្ចឹងគាត់ក៏ត្រូវការ care ដែរ។ ម្ដាយធ្វើខុសតែកូនអត់ខុសទេ។ កន្លងទៅ សម្ដេចតេជោ ក៏បានលើកគោលការណ៍បែបនេះឱ្យគិតគូរ។ តាមការគណនាទៅមិនច្រើនទេ។ គិតគូរអំពីអត្ថប្រយោជន៍ផ្ដល់ការឧបត្ថម្ភទៅដល់ស្រ្តីដែលជាប់ទោសមានផ្ទៃពោះ និង/ឬត្រូវកើតកូន។ យើងឧបត្ថម្ភដូចប្រជាពលរដ្ឋ ដូចមន្រ្តីរាជការដែរ។ តាំងពីប៉ុន្មានខែមុននិងក្រោយកើតកូន។ យើងគិតដល់កូន ព្រោះកូននេះគ្នាមិនដឹងអីទេ។ ខ្ញុំក៏ធ្លាប់ជាប់គុកដែរ នៅក្នុងពោះម៉ែ។ កាលពីជំនាន់អាពត គេយកម៉ែខ្ញុំទៅដាក់គុក។ ខ្ញុំនៅក្នុងពោះ ហើយខ្ញុំទៅប្រាប់គេថាខ្ញុំធ្លាប់ជាប់គុក មេដឹកនាំមួយចំនួនឆ្ងល់។ ចុម៎! ជាប់គុកដោយសារអី? កាលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក។ ខ្ញុំក៏នៅក្នុងគុកដែរ ជាស្វ័យប្រវត្តិ ៧ខែក្នុងពោះ។
សូមគិតគូររឿងហ្នឹង។ នេះជាការងារមនុស្សធម៌។ សូមឱ្យខាង ប.ស.ស ខាងសង្គមកិច្ច ... ពិភាក្សាគ្នាទៅ។ ផ្ដាំទៅឯកឧត្ដម ជា សុមេធី ផង ហើយខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួល(ដោះស្រាយថវិកា សូមសហការ) ព្រោះអត់ច្រើនទេ។ ទោះបីជាប៉ុន្មាន ក៏យើងត្រូវជួយ ព្រោះសុទ្ធតែជាកូនចៅរបស់យើងទេ។ ម្ដាយធ្វើខុស រឿងគាត់ទទួលកំហុស តែពេលដែលគាត់មានផ្ទៃពោះ កូនក៏នៅតែជាកូនក្មេងរបស់យើង។ គ្នាមិនដឹងអីទេ ត្រូវទទួលបានអត្ថប្រយោជន៍ដែលយើងគិតគូរជួយផង។ ត្រូវគិតគូររឿងហ្នឹង សម្រាប់ឧបត្ថម្ភដូចក្មេងៗដែលកើត(នៅក្នុងគុក)ដែរ រហូតដល់អាយុ២ឆ្នាំ តាមផែនការរបស់យើង។
(១៧) គន្លងអាជីពគ្រូបង្រៀន ខុសពីគន្លងអាជីពមន្រ្តីរាជការផ្សេង
ត្រឡប់មកវិញ ជាមួយគ្រូ យើងមានការគិតគូរប្រាក់តំបន់ ការគិតគូរផ្សេងៗទៀត បន្ថែមទៅលើប្រាក់បៀវត្ស។ ក្រៅពីនោះ សម្រាប់គរុសិស្ស ឆ្នាំនេះប្រហែលជាអាចដឹងហើយ … គន្លងអាជីពគ្រូខុសពីគន្លងអាជីពមន្រ្តីរាជការឯទៀតបន្តិច។ មន្រ្តីរាជការផ្សេងពេលប្រឡងជាប់ ត្រូវទៅធ្វើកម្មសិក្សាមួយឆ្នាំ ហើយបានតាំងស៊ប់។ បៀវត្សរ៍កាលមុនដូចជារាងខុសគ្នា តែឥឡូវខ្ញុំបានឱ្យគោលការណ៍ស្មើគ្នាហើយ តាំងពីដើមឆ្នាំនេះ។ ពីមុន កម្មសិក្សាការីដូចបានតែប៉ុន្មានភាគរយនៃតាំងស៊ប់ទេ។ ឥឡូវឱ្យស្មើតែម្ដង។ ប៉ុន្តែ គ្រូយើងអត់ទេ។ ប្រឡងចប់ យើងអត់ទៅជាកម្មសិក្សាការីទេ យើងជាសិស្ស។ បានន័យថា ប្រឡងបានអាហារូបករណ៍ចូលរៀនក្នុងសាលាដើម្បីទៅជាគ្រូ ព្រោះគ្រូខុសពីអ្នកប្រតិបត្តិ។ អ្នកផ្សេងប្រតិបត្តិ គេចេញទៅធ្វើការ រៀននៅនឹងកន្លែង ព្រោះមានមន្រ្តីចាស់ទុំបង្រៀននៅនឹងកន្លែង។
(១៨) អនុវត្តពីខែមករា២០២៤ គរុសិស្សទទួលបានអាហារូបករណ៍ស្មើនឹង ៧០% នៃបៀវត្សរ៍ក្របខ័ណ្ឌ
យើងចេញទៅត្រូវបង្រៀនគេ។ អញ្ចឹងត្រូវចូលមករៀនធ្វើជាគ្រូ។ អញ្ចឹងហើយបានជាកន្លងទៅយើងមិនមានបៀវត្សរ៍ទេ។ គេហៅថា អាហារូបករណ៍ ឬប្រាក់ឧបត្ថម្ភ។ ប្រាក់ឧបត្ថម្ភនេះមិនដូចជាបៀវត្សរ៍ទេ។ យើងមានតិចតួច ដោយសារលទ្ធភាពថវិកា។ កាលមុនដូចជាមានត្រឹមតែ ៤ម៉ឺនទេ។ ឆ្នាំ២០០០ជាង សម្ដេចតេជោបានដំឡើងម្ដង។ កាលនោះដូចជាឆ្នាំ ២០២២-២០២៣។ យើងបានចូលដូចជា ក្របខ័ណ្ឌ គ ៥៣ម៉ឺនជាង ក្របខ័ណ្ឌ ខ ដូចជា ៥៨ម៉ឺន និងក្របខ័ណ្ឌ ក ដូច ៦០ម៉ឺន។ កាលពីថ្ងៃ៥ ខែ១០ គិតគូរជាមួយឯកឧត្ដម ហង់ជួន ណារ៉ុន ខ្ញុំបានសម្រេចដំឡើងម្ដងទៀត … យើងមិនរាប់ជាមន្រ្តីរាជការទេ។ អញ្ចឹងប្រាក់ឧបត្ថម្ភឥឡូវបានច្រើន។ សម្ដេចតេជោ លោកបានដំឡើង ប៉ុន្តែយើងប្រឈមមួយនៅក្នុងការទាញយកបេក្ខជន។ បេក្ខជនល្អៗជួនកាលគាត់មករៀននេះ ឬមួយចូលក្រសួងនោះ ប្រឡងជាប់២ គាត់ទៅណា?
គាត់ទៅនោះបានប្រាក់ខែពេញ។ គាត់មកនេះត្រូវចាំ ៤ឆ្នាំទៀត។ អញ្ចឹង កន្លងទៅ ឯកឧត្ដម ហង់ជួន ណារ៉ុន ក៏គិតគូរថា គួរតែយើងជំរុញបន្តិចម្ដង ដើម្បីការជួយលើកទឹកចិត្តទៅដល់បេក្ខជនដែលមានគុណវុឌ្ឍិខ្ពស់ ប្រឡងជាប់ធ្វើជាគ្រូ។ អញ្ចឹង បានយើងចេញអនុក្រឹត្យ ហើយអនុវត្តពីខែ១មក។ ខ្ញុំឱ្យគិតប្រាក់ឧបត្ថម្ភ អាហារូបករណ៍របស់គរុសិស្សស្មើនឹង ៧០% នៃបៀវត្សរ៍នៃក្របខ័ណ្ឌនីមួយៗតែម្ដង។ យើងបានអនុវត្តពីខែ១ហើយ ពេលដែលប្រកាសចេញទៅ សិស្សចាស់ៗ អតីតគ្រូ គាត់ថា ឯងស៊យ គ្រូៗក្រោយគេសំណាង។ យើងដំឡើងក្របខ័ណ្ឌ ក ពី ៦០ម៉ឺន មក ១លាន ១សែន ៨ម៉ឺន។ ក្របខ័ណ្ឌ គ និង ខ ដែលជាគរុនិស្សិត ដំឡើងពី ៥៦ម៉ឺន មក ១លាន ១សែនជាង។ បើក្របខ័ណ្ឌ ខ និង គ ដែលជាគរុសិស្ស ពី ៥៣ម៉ឺន មក ៩៨ម៉ឺន អញ្ចឹងក៏បានគ្រាន់បើជាងមុន។ សូមអបអរសាទរ តែប្រឹងផង។
(១៩) គ្រូបង្រៀននិងគ្រូពេទ្យ ដើរតួនាទីទេវតា, ការវាយតម្លៃសមិទ្ធផលគ្រូបង្រៀន និងគ្រូពេទ្យ
ខ្ញុំសួរអ្នកដែលស្ម័គ្រចិត្តចាប់យកអាជីពជាគ្រូ តែងមានការតាំងចិត្តខ្ពស់ បើផ្អែកទៅលើអត្រានៃការបោះបង់(ការសិក្សា)។ នេះមិនមែន(មានអត្រាមិនបោះបង់ការសិក្សាខ្ពស់)ទើបនឹងដំឡើង(អាហារូបករណ៍)ទេ។ តាំងពីមុនមក (មាន)អត្រាខ្ពស់(រហូតមកហើយ) បានន័យថា ការប្ដេជ្ញាចិត្តខ្ពស់នេះគឺជាមោទនភាពរបស់យើង។ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់គរុសិស្សក្នុងការចាប់យកអាជីពមួយនេះ។ មានអាជីពពីរដែលដើរតួនាទីរបស់ទេវតាមាន គឺពេទ្យនិងគ្រូ។ ពេលគេទៅបន់គេសុំអី? គេសុំឱ្យសុខភាពល្អ កុំឱ្យមានជំងឺ។ អញ្ចឹងពេទ្យអ្នកឆ្លើយតប។ ទី២ សុំឱ្យមានជោគជ័យ ហ្នឹងភាគច្រើនផ្អែកទៅលើសមត្ថភាព ចំណេះដឹង។ ពិតណាស់មានអ្នកខ្លះទៅបន់ថ្ងៃហ្នឹងចេញអី? អាហ្នឹងវាក្រៅខ្លួន តែអ្វីក្នុងខ្លួនសមត្ថភាពយើងធ្វើបាន គឺការឆ្លើយតបនេះឯង។
សមិទ្ធផលនៃអាជីពគ្រូបង្រៀន ក៏ដូចគ្រូពេទ្យ មិនមែនវាយតម្លៃទៅលើថាយើងសល់/បានអីនោះទេ? គឺវាយតម្លៃទៅលើថាអ្នកផ្សេងបានអី? ខុសគ្នាត្រង់ហ្នឹង។ គេវាយតម្លៃសមត្ថភាពពេទ្យមិនមែនដោយសារពេទ្យហ្នឹងធំ មានឧបករណ៍ច្រើនទេ តែដោយសារអ្នកជំងឺមកព្យាបាលជា មានប្រសិទ្ធភាព។ គ្រូដូចគ្នា។ គេមិនវាយតម្លៃសមិទ្ធផលរបស់គ្រូនៅក្នុងវិស័យអប់រំដោយសារគាត់ជាមហាសេដ្ឋីរកបានស្អីដូច Elon Musk ទេ ប៉ុន្តែសិស្សរបស់គាត់ដែលរៀនចេញទៅប្រឡងជាប់និទ្ទេស A ហើយជោគជ័យអីយ៉ាងម៉េច? រឿងតែប៉ុណ្ណឹង។ បើតាមអាជីវកម្មផ្សេងៗគេវាយតម្លៃថាក្រុមហ៊ុនបានបង្កើនទ្រព្យប៉ុន្មានអាហ្នឹងគេវាយតម្លៃអញ្ចឹង។
(២០) “គ្រូមួយថ្ងៃគ្រូមួយជីវិត” និង “គ្រូគឺជាសេដ្ឋីនៃកិត្តិយស”
សម្រាប់គ្រូ បើសិស្សកាន់តែជោគជ័យ និទ្ទេស A កាន់តែច្រើន គឺជាសមិទ្ធផលរបស់សាលា របស់គ្រូ។ នេះជាអាជីពមួយដែលគេថា “គ្រូមួយថ្ងៃគ្រូមួយជីវិត” នោះ។ ឯកឧត្តម ពិត ចំណាន គាត់ថាគ្រូគឺជាសេដ្ឋីនៃកិត្តិយស។ គ្រូខ្ញុំទោះបីខ្ញុំឡើងជានាយករដ្ឋមន្ត្រីក៏ដោយ ខ្ញុំជួបអ្នកគ្រូថ្នាក់ទី ១ ខ្ញុំនៅតែគោរពគាត់ជាគ្រូរបស់ខ្ញុំ នេះគឺជាកត្តាជាក់ស្តែង … មានម្តង ធ្វើកម្មវិធីនៅវិទ្យាល័យស៊ីសុវត្ថិ ជាមួយអតីតនិស្សិត។ លោក/អ្នកគ្រូឆ្នាំ ២០១២ មកអង្គុយបង្ហាញការសប្បាយចិត្ត ដែលបានឃើញសិស្សចេញទៅជោគជ័យ។ អ្នកខ្លះដែលគាត់ត្រូវថ្មោងច្រើនជាងគេ ឥឡូវជោគជ័យ គ្រាន់តែរាងខុសពីមុន ខ្លះដុះពោះ ខ្លះអស់សក់ ខ្លះពីមុននៅក្មេង ឥឡូវនាំកូន នាំចៅមកជម្រាបសួរគាត់។ គាត់មានភាពសប្បាយរីករាយ។ ពេលដែលគាត់បានចូលរួមចំណែកមួយផ្នែកនៅក្នុងការជួយឱ្យអ្នកនេះជោគជ័យ។ នេះហើយដែលថាការគិតគូរទៅដល់អាជីពនេះសំខាន់។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើកស្ទួយតាមគ្រប់វិធីដល់វិស័យអប់រំ ដោយមួយផ្នែកវិនិយោគទៅលើគ្រូបង្រៀន ទាំងការគិតជីវភាពរស់នៅ កិត្តិយស តួនាទីរបស់គ្រូ បូកជាមួយនឹង(មួយផ្នែកទៀត) បង្កើននូវគុណវុឌ្ឍិរបស់គ្រូ។
(២១) សូចនាករ គុណវុឌ្ឍិ និងស្តង់ដាវិជ្ជាជីវៈគ្រូ
ទី ៣ សូចនាករ គុណវុឌ្ឍិ និងស្តង់ដាវិជ្ជាជីវៈគ្រូ ដែលក្រសួងអប់រំ បានដាក់នេះគឺបានឆ្លើយតបទៅហើយនៅក្នុងរបាយការណ៍ ហើយឃើញនៅទីនេះហើយ។ អញ្ចឹង ក្នុង ១០ឆ្នាំនេះ ដែលថវិកាកើនច្រើន ប៉ុន្តែច្រើនទៅតាមទិសដៅជាក់ស្តែង។ ផែនការជាក់ស្តែងនេះហើយ ទើបធានាប្រសិទ្ធភាព។ សួរថាគ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ យើងត្រូវពង្រឹងថែមទៀត។ គ្មានវិស័យអប់រំនៅប្រទេសណាដែលគ្រប់នោះទេ។ នៅអាមេរិកក៏គេស្រាវជ្រាវបន្ថែមដែរ ព្រោះវិទ្យាសាស្ត្រ បច្ចេកវិទ្យាវាមាននវានុវត្តន៍រហូត។ អ្វីដែលយើងដើរមកដល់ពេលនេះជាមោទនភាពហើយត្រូវបន្តពង្រឹងបន្ថែមទៀត។ តួនាទីរបស់វិទ្យាស្ថាន របស់មណ្ឌល របស់សាលាគរុកោសល្យបណ្តុះបណ្តាលគ្រូ កាន់តែដើរតួនាទីសំខាន់រក្សាគុណភាពនិងស្តង់ដាគ្រូ។ វិស័យអប់រំត្រូវមានស្តង់ដា។ ពិតហើយ ក្នុងវិស័យអប់រំ វិស័យសុខាភិបាល ត្រូវមានស្តង់ដាជាពិសេស ការធ្វើវិមជ្ឈការកម្រិតណា? ស្តង់ដាអប់រំត្រូវតែមានមួយមិនអាចគ្រូរើសដោយខេត្តនេះ បណ្តុះបណ្តាលដោយសៀវភៅខុសគ្នា ជាមួយនឹងខេត្តនោះទេ។ មិនអាចប្រឡងម្តង យកវិញ្ញាសាដាក់ខេត្តបាត់ដំបង ជាមួយខេត្តកំពង់ចាម ចេញមកគុណភាពខុសគ្នាទេ។ ត្រូវតែស្តង់ដាតែមួយ។ ការបណ្តុះបណ្តាលគ្រូត្រូវមានស្តង់ដាតែមួយចេញទៅគ្រប់តំបន់។
(២២) ការតែងតាំងមន្ត្រីមន្ទីរអប់រំ គប្បីយកអ្នកមានមូលដ្ឋានអប់រំ
ពេលដែលអនុវត្ត ប្រតិបត្តិមានភាពបត់បែន មិនរឹងកំព្រឹសទេ ប៉ុន្តែត្រូវមានគោលការណ៍ស្តង់ដារួម ដែលក្រសួងត្រូវដើរតួនាទីសំខាន់ ដោយនៅតាមខេត្តមានសេនាធិការ មន្ទីរអប់រំដែលជាសេនាធិការ។ ការជ្រើសតាំងមន្ទីរអប់រំសំខាន់ណាស់។ មន្ត្រីមន្ទីរ។ ថ្ងៃមុនមានអ្នកសួរខ្ញុំ។ ឯកឧត្តម ហង់ជួន ណារ៉ុន សួរថាឥឡូវតែងតាំង(ប្រធាន/មន្ត្រីក្នុង)មន្ទីរអប់រំ តើយកអ្នកមានសញ្ញាបត្រ Master ពីខាងកសិកម្ម ឬមួយពីខាង Management បានឬទេ? ខ្ញុំថាបើអប់រំគួរតែផ្តោតទៅលើអ្នកដែលមានមូលដ្ឋានអប់រំ ព្រោះបើមិនអញ្ចឹងគេថា ពេលខ្លះចេះច្រើនពេកអត់មានស្តង់ដារួម។ យើងចេះពីខាងក្រៅ តែមកផ្អែកលើមូលដ្ឋានខាងក្នុង មិនមែនយកខាងក្រៅមកជំនួសក្នុងទេ។ យកខាងក្រៅមកបំពេញ និងពង្រឹងមូលដ្ឋាន ទិសដៅនៅខាងក្នុងរបស់យើង។ ដូចក្នុងកងទ័ព កាលមុន សិស្សយើងចេញពីការសមាហរណកម្ម មានអតីតយោធិន អតីតនាយទាហាន ដែលមកពីលោកខាងលិច មកពីលោកខាងកើត និមត្តិសញ្ញាយោធាសរសេរខុសគ្នា។ អ្នកដែលបណ្តុះបណ្តាលនៅអតីតសូវៀត និងប្លុកខាងសង្គមនិយមគឺក្រហមជាមិត្ត ខៀវជាសត្រូវ។ ដល់ពេលគ្រូដែលមកពីទាហានលោកខាងលិច ខៀវជាមិត្ត ក្រហមជាសត្រូវ។ បើមិននិយាយគ្នាទេ ពេលឡើងផែនការ ច្បាស់ជាបាញ់ដាក់គ្នាឥឡូវហ្នឹង។ គ្រាន់តែគូសផែនទីដាក់ទីតាំងឈរជើងរបស់ខ្មាំងនិងមិត្តហ្នឹង បញ្ជូនទៅឱ្យម្ខាងទៀត ផ្លោងមកចំគ្នាឯងតែម្តង ព្រោះស្តង់ដាវាអត់ត្រូវគ្នា។
(២៣) មន្ទីរអប់រំជាសេនាធិការធ្វើតាមសូចនាករ និងនិយាមដែលក្រសួងដាក់ឱ្យក្នុងការរើសនាយកសាលា
ជាស្តង់ដាអប់រំ ធ្វើវិមជ្ឈការក្នុងការប្រតិបត្តិមួយ ប៉ុន្តែស្តង់ដាគោលការណ៍រួមជាគម្ពីរដើម ត្រូវមានស្តង់ដារួម ទាំងការរើសគ្រូ ការបំប៉នគ្រូត្រូវមានគុណវុឌ្ឍិមួយច្បាស់លាស់។ បើមិនអញ្ចឹងទេស្តង់ដាមិនដូចគ្នា ធ្វើឱ្យកម្រិតសមត្ថភាពសិស្សខុសគ្នា។ ប្រទេសមួយមានកម្រិតគុណភាពរបស់សិស្សចេញពីគម្ពីរខុសគ្នា បង្រៀនខុសគ្នាជាបញ្ហា។ យើងមានមេរៀនដូចគ្នា យើងមានកម្មវិធីដូចគ្នាប៉ុណ្ណឹងហើយ សិស្សនៅតែខុសគ្នាទៀត ដោយសារគុណវុឌ្ឍិ កង្វះគ្រូ។ ទម្រាំតែឱ្យអត់ស្តង់ដាទៀត សាលាណាខ្វះគ្រូ ចេះតែយកពីកន្លែងណាមកបង្រៀនវានឹងធ្វើឱ្យមានបញ្ហា។ យើងរៀននៅថ្នាក់មត្តេយ្យថ្នាក់អីពេលខ្លះរកឪពុកម្តាយមកជំនួស ប៉ុន្តែដល់ថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យ មិនអាចចេះតែទៅយក(អ្នកមកជំនួសទេ) …។
ខ្ញុំសូមនិយាយដោយត្រង់តែម្តង ខ្ញុំអត់លាក់ទេ។ កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំរៀនបានល្អខាងជីវៈ ខាងគីមី ខ្ញុំយល់ច្បាស់ តែឥឡូវខ្ញុំទៅយកសៀវភៅកូនខ្ញុំយកមកមើល ខ្ញុំគ្រាន់តែចាំថាខ្ញុំធ្លាប់ដឹង តែខ្ញុំអត់ចាំទៀតទេ … អញ្ចឹងហើយបានថា ការរើសនាយកសាលាក៏ត្រូវមានស្តង់ដា។ យើងវិមជ្ឈការទៅឱ្យខេត្តរើសវិទ្យាល័យ អនុវិទ្យាល័យ។ មន្ទីរអប់រំជាសេនាធិការត្រូវធ្វើតាមសូចនាករ និងនិយាមដែលក្រសួងដាក់ឱ្យដើម្បីបានឯកភាព។ កាលពីដើមទី មានសាកល្បងនៅខេត្តបាត់ដំបងដែលឱ្យរើសនាយកបឋម។ ឱ្យទៅសាកដល់ស្រុក។ អញ្ចឹងឯកឧត្តម ស សុខា បានធ្វើបទបង្ហាញថាធ្វើជោគជ័យ ប៉ុន្តែមិនបាន ១០០% ដូចបាន ៦០%ទៅ ៧០% ។ ៣០% គឺរើសខុសគោលការណ៍។
សម្រាប់ខ្ញុំតែ ១% ក៏ពិបាកដែរ សម្រាប់ធ្វើនាយកសាលា។ នាយកសាលាគឺជាអ្នកដឹកនាំស្ថាប័នសំខាន់។ បើមេស្ថាប័នហ្នឹងគាត់ច្បាស់ គ្រូនៅក្នុងក៏គាត់តម្រង់ទិស។ បើនាយកអត់មានចក្ខុវិស័យច្បាស់ រើសខុស គ្រូៗគាត់មានគំនិតច្នៃប្រឌិតម៉េចក៏ដោយ ជួនកាលនាយកមិនឱ្យធ្វើទៀត។ គណៈគ្រប់គ្រងជាមួយនឹងគ្រូ គឺត្រូវមាននិយាម។ ខ្ញុំថាផ្អាកសិន។ យើងមកឱ្យខេត្តរើសដដែល។ យើងបន្តវិនិយោគ មិនមែនថាមិនទុកចិត្ត ប៉ុន្តែគិតមើលនៅក្នុងខេត្តមួយដែលយើងរើសតាមនិយាមត្រឹមត្រូវ មានតែ ៣០%។ បានន័យថាយើងវាយតម្លៃនៅចន្លោះប្រហោង។ អញ្ចឹងបើគុណនឹង ៧ ០០០សាលាបឋមសិក្សាទូទាំងប្រទេស គុណទៅប៉ុន្មាន … យើងមានហានិភ័យនៃការរើសនាយកខុស។ ១ឆ្នាំៗ គឺជាការកំណត់មួយជំហាននៃជីវិតរបស់មនុស្ស។ សិស្សមួយឆ្នាំត្រូវឡើងម្តង។ បើសិនពីមួយឆ្នាំៗ យើងកំណត់ស្តង់ដាអត់បានយើងខាត។ ដល់ថ្នាក់ទី ១២ ចេញមកបូកលេខអត់ទាន់ត្រូវ។
(២៤) កម្រិតបឋម ត្រូវពង្រឹងមូលដ្ឋានអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា
ខ្ញុំគាំទ្រការប្រជុំគ្នាពីការពង្រឹងថ្នាក់មធ្យម ១២ឆ្នាំនេះ ផ្តោតទៅលើពង្រឹងបឋម ហើយ ឯឧ ហង់ជួន ណារ៉ុន ដាក់មកគឺថា កម្រិតបឋមត្រូវពង្រឹងមូលដ្ឋានអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យាឱ្យច្រើន ដោយបង្កើនការអាន ការសរសេរឱ្យបានច្រើន។ ខ្ញុំគាំទ្រ។ ពិតណាស់ យើងបន្ថែមរៀនភាសាអង់គ្លេសចូលឱ្យបានចេះ ប៉ុន្តែមិនទាន់មានការចាំបាច់នៅក្នុងថ្នាក់បឋម ឱ្យគាត់ទៅចាប់ភាសាផ្សេងមានមូលដ្ឋានជាងភាសាខ្មែរទេ។ ត្រូវធ្វើម៉េចឱ្យភាសាខ្មែរមានមូលដ្ឋានរឹងមាំ។ ថ្នាក់បឋមទី ១ ដល់ទី ៦នេះ។ ឡើងថ្នាក់អនុ(វិទ្យាល័យ) ថ្នាក់អី យើងនៅពង្រឹងបន្ថែម តែពេលនោះយើងអាចបន្ថែមម៉ោងជាភាសាអង់គ្លេសទៀត។ យើងបង្រៀន/រៀនភាសាអង់គ្លេស ប៉ុន្តែយើងមិនឱ្យស៊ីម៉ោងច្រើនជាងភាសាខ្មែរ … ព្រោះបើថ្នាក់ទី ១២ សរសេរអក្សរខ្មែរអត់ត្រូវ … អត់ចេះគុណលេខ បូកលេខផង យើងអាងអី … Computer, Calculator ហ្នឹងមិនធានាគ្រប់ពេលទេ។ សូម្បីតែ GPS យោធាហ្នឹងក៏ខុសដែរពេលខ្លះ។ បើអត់ចេះមើលផែនទី …។
(២៥) ការអាន ស្រាវជ្រាវ ការសរសេរ ការជជែក ជាការបណ្តុះគំនិត
ចូលមក បានឃើញថ្នាក់អំណានថ្នាក់អី។ ខ្ញុំសួរថាតើសៀវភៅយើងផ្តល់ឱ្យបាន ១០០%ទេ? ថាបានថ្នាក់បឋម យើងធានា។ យើងជួយ។ សៀវភៅសំខាន់ណាស់។ អ្នកដែលរៀនជំនាន់ឆ្នាំ ១៩៨០ ជាមួយខ្ញុំដឹងហើយ តើយើងលំបាកទេពេលនោះ? ដោយសារគ្មានសៀវភៅយើងគ្មានជម្រើសក្រៅពីកត់ត្រាចូលមកកត់ ហើយទៅទន្ទេញឱ្យចាំតែប៉ុណ្ណឹង។ តែស្រាវជ្រាវមើលបន្ថែមសម្រាប់ជជែកបន្ថែមលំបាក។ ទៅអានមុនម៉ោងអត់បានទេ ព្រោះលោកគ្រូ អ្នកគ្រូ គាត់អត់មានអីឱ្យ មានតែចាំ Copy។ ឥឡូវសិស្សអាចត្រៀម។ វិធីសាស្ត្របង្រៀនខ្លះឥឡូវម៉ោងរៀន គេបង្រៀនតិច តែគេឱ្យសិស្សអានមុនដើម្បីជជែកគ្នា ឱ្យមនុស្សមានភាពបត់បែន កុំឱ្យ Copy and Paste … ព្រោះមិនមែនរៀនត្រឹមតែមួយចាំទេ តែឱ្យចេះ ឬ Copy តែរៀនឱ្យយល់។ អញ្ចឹងបានម៉ោងខ្លះគេឱ្យទៅអានមុន … ការជជែកគ្នា មិនចាំបាច់ទាល់តែធំៗ ទាល់តែថាថ្នាក់វិទ្យាល័យបានត្រូវតស៊ូមតិទេ។ ក្មេងៗក៏គេឱ្យចេះជជែកតាំងពីតូច។ ប្រធានបទបឋម សរសេរស្រាវជ្រាវពីរឿងបរិស្ថាន រឿងអីគាត់សរសេរ គាត់គិតគូរ។ នេះជាការបណ្តុះគំនិត … អរគុណដៃគូដែលបានបន្ត ហើយរដ្ឋាភិបាលនឹងបន្តខិតខំ។ ការដាក់ចេញនូវការឧបត្ថម្ភ អាហារូបត្ថម្ភ សម្រាប់ជួយដល់មត្តេយ្យមួយចំនួនគឺយើងត្រូវបន្ត តាមលទ្ធភាព និងថវិកាដែលអាចធ្វើទៅបាន ការជួយនៅតាមកម្មវិធីសមធម៌ផ្សេងៗ ដែលយើងធ្វើសម្រាប់គិតគូរពីសិស្ស ពីក្មេងតែម្តង។
(២៦) ធ្វើឱ្យគ្រូបឋម គ្រូអនុវិទ្យាល័យ ក្លាយទៅជាគ្រូដែលមានកម្រិតបរិញ្ញាបត្រ
ការបង្កើនគុណវុឌ្ឍិគ្រូ គឺជាកិច្ចការសំខាន់។ ឥឡូវយើងមានគ្រូ ១២បូក៤ មិនទាន់គ្រប់ទេ តែយើងបានដាក់ទិសដៅឱ្យមានកាន់តែច្រើន។ លោកគ្រូដែលអត់មានបរិញ្ញាបត្រកាន់តែថយ។ មិនមែនបានន័យថា ដោយសារគាត់ចូលនិវត្តន៍អស់នោះទេ។ លោក/អ្នកគ្រូមួយចំនួន ដែលចេញពីជំនាន់ឆ្នាំ ១៩៧៩ គាត់ចូលនិវត្តន៍ហើយ។ ប៉ុន្តែលោកគ្រូមួយចំនួនគាត់បានប្តូរពីអត់មាន ១២បូក៤ ទៅជា ១២បូក៤ ទៅ ១២បូក២ ចេញពីម្រិតទាបទៅកម្រិតខ្ពស់។ នេះជាចក្ខុវិស័យ។ យើងនឹងព្យាយាមតាមផែនការរបស់ក្រសួងអប់រំ ធ្វើឱ្យគ្រូបឋម គ្រូអនុក្លាយទៅជាគ្រូដែលមានកម្រិតបរិញ្ញាបត្រ។ នេះជាគោលដៅ។ សង្ឃឹមថាយើងនឹងធ្វើបាន។ ការណ៍នេះនឹងផ្តល់ផលទៅដល់គរុសិស្សរបស់យើង។ ជ្រុលជារៀនហើយ រៀនឱ្យបានបរិញ្ញាបត្រតែម្តង។ យើងចេញទៅមិនត្រឹមតែមានលទ្ធភាពបង្រៀនទេ តែថ្ងៃក្រោយយើងក៏មានលទ្ធភាពពង្រីកនូវចាប់យកឧត្តមភាពបន្ថែមៗទៀត …។
(២៧) សហគមន៍/គ្រួសារ ចូលរួមសាងសង់សាលា/ថ្នាក់រៀន ផ្អែកតាមកំណើនប្រជាពលរដ្ឋ
ទន្ទឹមនឹងសមិទ្ធផលផ្លែផ្កា យើងនៅមានបញ្ហាប្រឈមច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ បញ្ហាវាអត់ចេះអស់ទេ។ ស្អីក៏ដោយបើអស់បញ្ហា គឺចប់ហើយ។ ដូចជីវិតអញ្ចឹង។ ទាល់តែថាផុតដង្ហើមតែម្តងបានលែងមានបញ្ហា។ ក្នុងសាសនាថាមានជីវិតមានទុក្ខ (ត្រូវការ)ដំណោះស្រាយផ្សេងៗ។ វិស័យអប់រំដូចគ្នា។ ពេលណាដែលយើងចប់ គឺយើងលែងទៅមុខហើយ។ យើងចាប់ផ្តើមថយហើយ។ បើយើងនៅនឹងថ្កល់ ក៏គេដើរទៅមុខដែរ។ អញ្ចឹងបើប្រៀបធៀបបានន័យថាយើងថយ។ បើយើងមិនថែម បានន័យថាកាន់តែរិចរិល។ ការដោះស្រាយបញ្ហា យើងត្រូវតែធ្វើ។ បន្តយកចិត្តទុកដាក់ដល់កង្វះខាតគ្រូបង្រៀន គុណវុឌ្ឍិរបស់គ្រូដែលយើងត្រូវបង្កើនបន្ថែម ការបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ប្រជាពលរដ្ឋយើងកើនលឿន … ប្រជាពលរដ្ឋកើនចំនួនកាន់តែច្រើន ជាពិសេសនៅតំបន់ដែលជាអតីតសមរភូមិ។ ធ្វើផ្លូវទៅដល់ណា ប្រជាជនចាប់ផ្ដើមរីក។ កន្លែងខ្លះកន្លែងហ្នឹងធ្លាប់តែជាសមរភូមិ (ឥឡូវក៏មានការតាំងជាភូមិករ)។ ខ្ញុំទៅសំឡូតធ្លាប់តែជាតំបន់សមរភូមិ ឥឡូវទៅសួរប្រជាជនកើតថ្មី។ អ្នកខ្លះទៅពីកំពង់ចាម ត្បូងឃ្មុំ តាកែវ ទៅដើម្បីកកើតភូមិថ្មី។ អញ្ចឹងយើងត្រូវបង្កើតភូមិ បង្កើតសាលា។ កន្លែងខ្លះ ដោយសារតម្រូវការ ហើយយើងដោះស្រាយមិនទាន់ លោកគ្រូ អ្នកគ្រូមួយចំនួនគាត់បានខិតខំជាមួយសហគមន៍រៀបជាផ្ទះឬស្សី ផ្ទះអីជាថ្នាក់រៀន/សាលា … ពិតណាស់យើងពង្រាយរាប់ពាន់ខ្នង អគារថ្មមាន១ជាន់, ២ជាន់, ៣ជាន់, ៤ជាន់, ប៉ុន្តែមិនទាន់បានទាំងអស់។ យើងនៅបន្តធ្វើតទៅទៀត។ ការចូលរួមរបស់សហគមន៍/គ្រួសារ គឺជាកិច្ចសំខាន់ …។
(២៨) ហាមការបង្ខំឬដាក់កម្រិតឱ្យឪពុក-ម្ដាយបង់ថវិកាចូលរួម
កន្លងទៅមានការចូលរួមរបស់គ្រួសារតាមស្មារតីតាមស្ម័គ្រចិត្ត … កន្លែងខ្លះគឺមានរៀបចំនូវការចូលរួមជាថវិកាដើម្បីឧបត្ថម្ភគ្រូបន្ថែមទៀត អ្វីបន្ថែមទៅលើគោលរបបរបស់ក្រសួង។ គាត់យល់ថាការជួយគ្រូជាអ្នកបង្រៀនកូនគាត់ មិនមែនជាការបង្ខិតបង្ខំទេ។ ខ្ញុំប្រាប់ឯកឧត្តម ហង់ជួន ណារ៉ុន ថា យន្តការអីក៏ដោយគឺហាមនៅក្នុងការបង្ខំឬឬដាក់កម្រិតឱ្យឪពុក-ម្ដាយត្រូវបង់។ បើសិនជាសហគមន៍ បើជាឪពុក-ម្ដាយចូលរួម អត់មានហាមទេ។ យើងគ្មានសិទ្ធិហាមគាត់មិនឱ្យជួយអភិវឌ្ឍសាលា គ្មានសិទ្ធិហាមឪពុក-ម្ដាយ ដែលស្ម័គ្រចិត្តឬមួយក៏សប្បុរសជនចូលទៅជួយកសាងបណ្ណាល័យបន្ថែមឱ្យនៅសាលាបំពាក់កុំព្យូទ័រឱ្យ កសាងផ្លូវ កសាងទីលានអីផ្សេងទេ … តែថែមទាំងលើកទឹកចិត្តគាត់ទៀត។ កន្លងទៅសម្ដេចតេជោបានកសាងសមិទ្ធផលច្រើននៅទូទាំងប្រទេស ជាង២០ទៅ៣០ឆ្នាំនេះ ដែលលោកចេញគោលការណ៍មានការចូលរួមពីសប្បុរសជនច្រើន ធ្វើអគារ សាលា ព្រោះថវិកាជាតិយើងមានកំណត់។ អញ្ចឹង(ត្រូវ)ចលនា។ អង្គការដៃគូក៏ចូល វិស័យឯកជនក៏ចូល សប្បុរសជនក៏ចូល សហគមន៍ក៏ចូល។ សហគមន៍ខ្លះម្ចាស់ការធ្វើខ្លួនឯង។ ខ្ញុំមើលនៅតំបន់ខ្លះ តំបន់ភ្នំ តំបន់អី រដ្ឋធ្វើមួយអគារឬពីរអគារអញ្ចឹងទៅ ដល់ខ្វះថវិកាយើងមិនទាន់ទៅដល់កន្លែងផ្សេង គាត់ចលនាគ្នា។ កន្លែងខ្លះដូចនៅព្រៃឈរ ព្រៃទទឹង កន្លែងផ្សារ គាត់មានជីវភាពល្អ គាត់ជួយ ព្រោះបានដល់កូនចៅស្រុកភូមិគាត់។
(២៩) ការអប់រំនៅសាលា នៅផ្ទះ និងក្នុងបរិស្ថានទូទៅ
ខ្ញុំសូមបន្តលើកទឹកចិត្តឱ្យបន្តគោលការណ៍ចូលរួមរបស់សហគមន៍ និងមាតាបិតា មិនមែនតែក្នុងថវិកាទេ តែក្នុងការអប់រំ ដែលខ្ញុំនិយាយថាឪពុក-ម្ដាយ និងគ្រូ ជាតួអង្គ២ធំបំផុតនៅក្នុងការអប់រំ។ ការអប់រំមាន៣កន្លែង៖ ទីមួយនៅសាលា, ទីពីរនៅផ្ទះ, និងទីបីនៅក្នុងបរិស្ថានទូទៅ នៅកន្លែងធ្វើការ នៅកន្លែងដើរលេងអីផ្សេងៗ។ អញ្ចឹង បើឪពុក-ម្ដាយ និងគ្រូចាប់ដៃគ្នាសហការគ្នាល្អនៅការពង្រឹងនេះ ខ្ញុំគិតថាវាជួយជះឥទ្ធិពលខ្លាំងដែលគាត់ទទួលឥទ្ធិពលអាក្រក់ពីបរិស្ថានទី៣។ ផ្ទុយទៅវិញ តម្លៃក្នុងខ្លួនដែលគាត់បានពីផ្ទះ បានពីសាលាគឺនឹងយកទៅដើម្បីជួយកែបរិស្ថានទី៣នេះឱ្យល្អ។ ឥឡូវថាសីលធម៌សង្គមយុវជនយើងមួយចំនួនរាងសប្បាយពេកភ្លើតភ្លើនអាចធ្លាក់ អញ្ចឹងការចូលរួមនៅក្នុងការពង្រឹងនេះគឺជាកិច្ចការសំខាន់។
(៣០) ពង្រឹងវិស័យអប់រំតាមវិធានការគន្លឹះទី៤ គឺការចូលរួមនៃសហគមន៍ និងឪពុក-ម្ដាយ (PCP)
វិធានការគន្លឹះទី៤ ក្នុងការពង្រឹងវិស័យអប់រំ គឺការចូលរួមរបស់សហគមន៍ និងឪពុក-ម្ដាយ តាមរូបភាព PCP(Public Community Participation) រដ្ឋនិងសហគមន៍ដើម្បីជួយពង្រឹងសាលាយើង។ ការអប់រំនៅក្នុងសាលាគំរូបឋមសិក្សាដែលក្រសួងអប់រំរុញឆ្នាំនេះ ១០០(សាលា) បូកជាមួយសាលាដែលយើងដាក់គម្រោង (សាកល្បង) ពីឡុត ៤២សាលាទៀត ដែលពង្រឹងតាមការបំពេញម៉ោងបន្ថែម បង្រៀនក្រៅម៉ោង បូកជាមួយនឹងការពង្រឹងឥរិយាបទនេះសំខាន់។ បើសិនយើងបង្រៀនឱ្យចេះតែចំណេះរឹង អត់មានចំណេះទន់ ក៏ពិបាក ចេះវិទ្យាសាស្ត្រ ចេះ IT ប៉ុន្តែអ្នក IT ប្រើខុសគ្រោះថ្នាក់។ ថ្ងៃមុនធនាគារណានោះ ត្រូវបានក្រុម IT ពីក្រៅប្រទេស Hack យកលុយខ្ទេច ធ្វើឱ្យសេដ្ឋកិច្ចច្របូកច្របល់ វេទនាអ្នកដាក់ម្ចាស់លុយ។ តែបើ IT ធ្វើល្អ ការពារ ជួយបង្កើនប្រសិទ្ធភាពការងារនេះគឺប្រសើរ។ ការគោរពចាស់ទុំ ដឹងគុណ ការគោរពវប្បធម៌ សីលធម៌របស់យើងនេះជាកិច្ចការសំខាន់ ជាពិសេសយើងបណ្ដុះតាំងពីក្មេង។ មានក្រុមដូចគ្រូឆេង ចុះទៅគ្រប់កន្លែង ឃើញសាលាច្រើនចាប់អារម្មណ៍។
(៣១) បន្តការប្រឡងប្រចាំឆ្នាំរកសាលាគំរូ គ្រូគំរូ ដើម្បីពង្រីកវិសាលភាពតាមលទ្ធភាពអាចធ្វើទៅបាន
(ខ្ញុំបានឃើញ)បំណិន ឬ Soft Skill ដែលត្រូវបន្ថែម ហើយចាប់អារម្មណ៍ពីមូលដ្ឋានតែម្ដង។ ខ្ញុំឃើញលោកគ្រូ អ្នកគ្រូ តាមហ្វេសប៊ុកចាប់អារម្មណ៍។ គាត់ផ្ដួចផ្ដើមខ្លួនឯង។ គ្រូខ្លះម៉ោងទំនេរបង្រៀនឱ្យស្គាល់រាំវង់ រាំអីអញ្ចឹងទៅ។ បន្តិចបន្តួចតែជាសង្វាក់វប្បធម៌។ គ្រូខ្លះគាត់យកការច្នៃប្រឌិតមកបង្រៀនដើម្បីឱ្យចេះ។ នេះទឹកចិត្តគ្រូ ទឹកចិត្តដែលថាយើងជាឪពុក-ម្ដាយទី២ គឺចង់បង្រៀនកូនយើងឱ្យចេះ។ នេះគឺជាអ្វីដែលខ្ញុំសុំលើកទឹកចិត្តនៃការលើកទឹកចិត្តបន្ថែមពីការចូលរួមសហគមន៍ ឪពុក-ម្ដាយ លោកគ្រូ អ្នកគ្រូ និងគ្រប់ស្ថាប័នរបស់យើងដែលពាក់ព័ន្ធសុំបន្តជួយ។ ជាពិសេសពង្រឹងការអប់រំរបស់យើង ដោយពង្រឹងការលើកទឹកចិត្តទៅដល់គ្រូបង្រៀនរបស់យើង។ សូមបន្តធ្វើតទៅទៀតការប្រឡងប្រចាំឆ្នាំ សាលាគំរូ គ្រូគំរូ ដើម្បីពង្រីកវិសាលភាពតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។ មិនចាំបាច់ទាល់តែក្រសួងធ្វើដែរទេ។ ខ្ញុំថាសាលានីមួយៗគាត់មានភាពម្ចាស់ការ។ សាលាខ្លះខ្ញុំឃើញគាត់ច្នៃ។ លោកគ្រូមួយខ្ញុំនិយាយ ខ្ញុំជួប ខ្ញុំឃើញគាត់ដាក់ដែលថាសាលាគាត់លើកទឹកចិត្តសិស្សឱ្យប្រកួតប្រជែងគ្នា សាលាខ្លះមានរង្វាន់ពេលបាននិទ្ទេស A បាន iPad បានអីទៅ អាហ្នឹងពេលប្រឡងក្រុមការងារជួយ។ សាលាខ្លះគាត់មានរង្វាន់អី ឪពុក-ម្ដាយជួយ។
(៣២) ខេត្ត ស្រុក អាចច្នៃប្រឌិតការលើកទឹកចិត្តគ្រូតាមសាលានីមួយៗ
លោកគ្រូម្នាក់ច្នៃអត់អស់លុយទេ។ គាត់ថាសិស្សរៀនពូកែ គាត់អត់មានថវិកាទិញអីឱ្យទេ តែបើសិនជាឪពុក-ម្ដាយផ្ដល់ឱ្យ សូម្បីតែក្រដាសមួយសន្លឹកដែលសរសេរថា “ប៉ាមានភ័ព្វវាសនាជាមួយកូន” គាត់បង្កើតឱកាសឱ្យឪពុក-ម្ដាយ យកឱ្យកូនដោយមិនចាំបាច់ប្រឹង ហើយលើកទឹកចិត្តសិស្សឱ្យខំប្រឹង។ នេះការច្នៃប្រឌិត។ ការលើកទឹកចិត្តប្រកួតប្រជែងគាត់លើកទឹកចិត្តឱ្យសិស្សខំប្រឹង។ ការលើកទឹកចិត្តគ្រូនៅក្នុងសាលានីមួយៗ ខ្ញុំគិតថាមិនចាំបាច់ក្រុមការងាររបស់(រាជរដ្ឋាភិបាល)ឬមួយការវាយតម្លៃរបស់ក្រសួងទេ។ ការលើកទឹកចិត្តផ្ទៃក្នុង ក៏អាចធ្វើបាន នៅក្នុងខេត្តនីមួយៗ ស្រុកនីមួយៗ ច្នៃប្រឌិត ព្រោះយើងមានមន្ទីរមានអី។ ខ្ញុំឃើញខេត្តច្រើនក៏បានធ្វើរួចទៅហើយ។ ខ្ញុំគិតថាការលើកទឹកចិត្តភ្ជាប់ជាមួយសមិទ្ធកម្មនេះធំណាស់ ទាំងអស់នេះគឺការច្នៃប្រឌិតនិងការចូលរួមរបស់ទាំងអស់គ្នា។ ខ្ញុំត្រឡប់ទៅវិញរាងវែងបន្តិចហើយ ប៉ុន្តែចែកសញ្ញាបត្ររាល់ដង ចែកសញ្ញាបត្រទៅសិស្ស ឥឡូវចែកសញ្ញាបត្រឱ្យសិស្សដែលក្លាយទៅជាគ្រូ។ អញ្ចឹង(ត្រូវ)និយាយពីអាជីពគ្រូដែលជាអាជីពសំខាន់។ ប្អូនៗនៅទីនេះ ខ្ញុំហៅប្អូនៗ ព្រោះសុន្ទរកថាឱ្យមកខ្ញុំ គេដាក់ក្មួយៗ។ បើសិនជាហៅក្មួយៗ ខ្ញុំមានអារម្មណ៍ខ្ញុំចាស់ពេក …។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ចំពោះបញ្ហាប្រឈមដែលយើងមាន រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន, ទាំងគ្រូបង្រៀន មានក្របខ័ណ្ឌ និង គ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និង ប្រកបដោយគុណភាព, ការកៀរគរ និង ការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និង អនុវត្តការទម្រង់សាលារៀន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៣៣) រើសឱ្យត្រូវ បំពេញឱ្យគ្រប់ រក្សាឱ្យនៅ មានភាពបត់បែនក្នុងការបំពេញបន្ថែម
ការយកចិត្តទុកដាក់ទៅលើការពង្រាយគ្រូបន្ថែម ក៏ដូចជាការជ្រើសរើសគ្រូដែលមានភាពបត់បែន ឱ្យស្របទៅតាមតម្រូវការនិងស្ថានភាពសក្ដានុពលនៅមូលដ្ឋានត្រូវការបើកច្រកនេះបន្ថែម។ ក្រសួងមុខងារសារធាណៈបានធ្វើការជាមួយក្រសួងអប់រំ ដើម្បីបើកច្រកនេះបន្ថែម។ ឥឡូវយើងមានប្រឡងចូលរៀនចេញពីសាលាទៅ អាយុប៉ុន្មានអញ្ចឹង ពេលខ្លះនៅមូលដ្ឋានក៏មានលោកគ្រូ អ្នកគ្រូ ឬមួយក៏អ្នកដែលមានគរុកោសល្យពីខាងក្រៅ មានសមត្ថភាពត្រូវការបំពេញគរុកោសល្យ។ យើងបើកច្រកដើម្បីទាញកុងត្រាបច្ចេកទេសក្នុងកម្រិតណាមួយសម្រាប់បង្រៀន។ បើគ្រូនៅមូលដ្ឋានស្រួល។ ផ្ទះនៅទីនោះស្រាប់ មិនលំបាក។ លោកគ្រូទៅពីចំងាយជួនកាលគាត់លំបាក។ គាត់ត្រូវការផ្ទេរ។ យើងពិបាករក្សាមូលដ្ឋាន។ អញ្ចឹងគោលដៅរបស់យើងគឺ “រើសឱ្យត្រូវ បំពេញឱ្យគ្រប់រក្សាឱ្យនៅ” និងពាក្យចុងក្រោយមួយទៀត “ត្រូវមានភាពបត់បែននៅក្នុងការបំពេញបន្ថែម” …។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ដើម្បីលើកទឹកចិត្ត និង យកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ ខ្ញុំសូមផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់អនុវត្តបន្ត ដូចខាងក្រោម៖
ទី១. បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញតាម “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន” “ស្តង់ដាសាលាគរុកោសល្យគំរូ” និង ការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
ទី២. យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្រ្តបង្រៀន, វិធីសាស្រ្តរៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយវិចារណញ្ញាណ ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និង អនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៣. លើកកម្ពស់គុណវឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងកែលម្អមាតិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗគរុនិស្សិតជ័យលាភី ត្រូវបន្ដអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ, តាមរយៈ ការសិក្សាស្រាវជ្រាវ, ការសិក្សាបន្ថែម, ការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងបំណិនឌីជីថល, ការអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ, ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធពីថ្នាក់ដឹកនាំ និងសហការីនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង។
ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗគរុនិស្សិតដែលកំពុងសិក្សា សូមខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម។
ខ្ញុំសង្ឃឹមថា ក្មួយៗគរុនិស្សិតជ័យលាភី នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីកសាងសង្គមកម្ពុជា ដែលឈរលើចំណេះដឹង, ជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍, ជាពិសេស តាមរយៈ ការកសាងពលរដ្ឋឌីជីថល សម្រាប់ទាញយកផលប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល។
មុននឹងបញ្ចប់, ខ្ញុំសូមលើកទឹកចិត្តដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាវិទ្យាស្ថានគុរកោសល្យដទៃទៀត បន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីបន្តគាំទ្រដល់គរុនិស្សិតជ័យលាភីរបស់វិទ្យាស្ថាន ឱ្យកាន់តែមានសមត្ថភាព, វិន័យ និងសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនសម្រាប់បន្ដវេន និង ជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិយើង។ ខ្ញុំក៏សូមយកឱកាសនេះ, ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្ដាប្រទេសជាមិត្ត, ដៃគូអភិវឌ្ឍ, អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រហូតដល់ទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ព្រមទាំងក្មួយៗគរុនិស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និង ពរ, ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។ ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអន្តេវាសិកដ្ឋានគ្រូបង្រៀននៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញចាប់ពីពេលនេះតទៅ !
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
នៅក្នុងថ្ងៃនេះដែរ ក៏មានរៀបចំសម្រាប់គរុសិស្ស គរុនិស្សិតជ័យលាភី និងកំពុងស្នាក់នៅអន្តវាសិកដ្ឋាន សាស្ត្រាចារ្យ បុគ្គលិកសិក្សាសរុប ៧៤២នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញថវិកា១០លានរៀល, អនុវិទ្យាល័យអូរបែកក្អមថវិកា២លានរៀល, សាលបឋមសិក្សាអនុវត្តរាជធានីភ្នំពេញថវិកា១លានរៀល, និងជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីថវិកា ៣លានរៀល ផងដែរ។
(១) អគារបានហើយប៉ុន្តែខ្វះគ្រែ សំណូមពរគ្រែឌុប២ជាន់។ ជូនគ្រែឌុប២ជាន់ ,តុចំនួន២៨០, កៅអី២៨០, សម្រាប់បំពាក់បន្ទប់ស្នាក់នៅអន្តវាសិកដ្ឋានគ្រូដែលទើបសាងសង់រួច សូមជូនតាមសំណើឱ្យ ឯកឧត្តម ខេង សុមេធ រៀបចំជូន។ ថែមពូកឱ្យសម្រាប់១៤០គ្រែ។ ២) ជួយពង្រីកបណ្ដាញលូរំដោះទឹកចេញពីវិទ្យាស្ថាន ដែលជួបប្រទះនិងបញ្ហាប្រឈមលិចលង់។ ឯកភាព និងឱ្យឯកឧត្តម ឃួង ស្រេង មន្ទីរសារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដោះស្រាយជូនតែម្ដង។