Grand News Asia Close

សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | កម្ពុជា​ឆ្លើយតប​ពីរចំណុច ទៅនឹងផេកផ្លូវការ​របស់​កង​ទ័ព​ភូមិភាគ​ទី១​ថៃ ដែលផ្សាយព័ត៌មានមិនពិត

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1004
សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | កម្ពុជា​ឆ្លើយតប​ពីរចំណុច ទៅនឹងផេកផ្លូវការ​របស់​កង​ទ័ព​ភូមិភាគ​ទី១​ថៃ ដែលផ្សាយព័ត៌មានមិនពិត សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យក្រសួងការពារជាតិ | កម្ពុជា​ឆ្លើយតប​ពីរចំណុច ទៅនឹងផេកផ្លូវការ​របស់​កង​ទ័ព​ភូមិភាគ​ទី១​ថៃ ដែលផ្សាយព័ត៌មានមិនពិត

 

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។

ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
____
#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង