សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជា និងចិនបន្តកិច្ចសហការឱ្យបានល្អថែមទៀត
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានកម្ពុជានិងចិន ទាំងស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្ដាញសារព័ត៌មាន ទាំងផ្នែករដ្ឋ និងឯកជន បន្តកិច្ចសហការឱ្យបានល្អថែមទៀតក្នុងការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua និងវិទ្យុមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីកន្លងមកនោះសម្ដេចតេជោហ៊ុន សែន ថ្លែងថា ខ្ញុំបានសង្កេតឃើញថា មានទាំងវិទ្យុមានទាំងទូរទស្សន៍បានធ្វើការផ្លាស់ប្ដូរព័ត៌មានគ្នា ដែលវាផ្ដល់ឱកាសឱ្យប្រជាជនចិនយល់ពីកម្ពុជា ហើយក៏ផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ពីចិនផងដែរ។
ខ្ញុំសូមលើកទឹកចិត្តឱ្យទាំងស្ថានីយ៍វិទ្យុ ទូរទស្សន៍ ដែលមានកិច្ចសហ ប្រតិបត្តិការជាមួយគ្នា និងបណ្ដាញសារព័ត៌មានដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងផ្នែករដ្ឋ និងឯកជន បន្តការងារនេះជាបន្តទៀត ដោយជួយផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក ពិសេសពីការយល់ដឹងពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអំពីកិច្ចការទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដែលនោះគឺជាការជួយលើកស្ទួយក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញទៅដល់ការទំនាក់ទំនងក្នុងវិស័យ វប្បធម៌ ទេសចរណ៍ ព័ត៌មាន ក៏ដូចជា ជួយទៅដល់ការទ្រទ្រង់ក្នុងការទំនាក់ទំនងខាងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យដទៃទៀតរវាងរដ្ឋនិងរដ្ឋ។ ចំណុចនេះគឺជាចំណុចដែលមិនត្រូវមើលស្រាលទេ ប្រសិនបើយើងគ្មានការតភ្ជាប់គ្នាបែបនេះទេ បើម្ខាងយល់ផ្សេង ឧទាហរណ៍ប្រទេសនិងប្រជាជនចិនមិនយល់ពីកម្ពុជា ប្រជាជនកម្ពុជាមិនយល់ពីប្រជាជនចិនគឺវាជួបការលំបាក ប៉ុន្តែឥឡូវខ្ញុំគិតថា យើងមានយន្តការ យើងមានបណ្ដាញក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទាំងអស់នេះ គប្បីលើកទឹកចិត្តឱ្យធ្វើតទៅទៀត។
ពាក់ព័ន្ធជាមួយនឹងសំណួរស្ដីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនោះ សម្ដេចតេជោមានប្រសាសន៍ថា បញ្ហានេះទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា សង្គ្រាមពាណិជ្ជម្ម ដែលបានចាប់ផ្ដើម យើងក៏មានការកង្វល់អំពីបញ្ហានេះ ដែលវាអាចប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចពិភពលោក។ បញ្ហាការដាក់ពន្ធមកលើប្រទេសចិនរបស់សហរដ្ឋអាមេរិក ឬក៏ប្រទេសដ៏ទៃទៀត វាបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរីករាលដាលទូទាំងពិភពលោក ដែលវាអាចមានផលប៉ះពាល់ជាមួយនិងកំណើននៃសេដ្ឋកិច្ចពិភពលោក។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា វាហាក់ដូចជាឆាប់ពេកដែលយើង នឹងធ្វើការវាយតម្លៃថា តើសភាពការណ៍និងទៅដល់ណា ព្រោះវានៅមានការសង្ឃឹមខ្លះៗ ថានឹងអាចមានការស្រុះស្រួល បើវាមិនទាំងស្រុង វាអាចជាផ្នែកមួយនៃការស្រុះស្រួល រវាងចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ជាមួយនឹងដៃគូដ៏ទៃទៀតដែលមាន ផលប៉ះពាល់ជាមួយគ្នា។ ប៉ុន្តែខ្ញុំសង្កេតឃើញថា បណ្ដាប្រទេសនៅអឺរ៉ុបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរកស៊ីជាមួយចិន សភាពការណ៍នេះក៏អាចកាត់បន្ថយនូវផលប៉ះពាល់ដែលអាចកើតមាន។ ប្រសិនជាថា ទាំងអាម៉េរិក ទាំងអឺរ៉ុបគេទៅជាមួយគ្នា ហើយដាក់សម្ពាធមកលើចិនតែឯង អាចនឹងមានការលំបាក ប៉ុន្តែនេះគឺអាម៉េរិកប៉ះជាមួយនិងចិនផង ប៉ះជាមួយដៃគូទាំអស់ ទាំងអឺរ៉ុប ទាំងកាណាដា។ល។ ប៉ុន្តែខ្ញុំនៅតែមានសុទិដ្ឋិនិយមថា នៅពេលណាមួយនោះសភាពការណ៍ នឹងដើរមកដល់នៃការសម្របសម្រួលមួយ ចំណុចនេះវាពិតជាអាចកើតមាន ព្រោះមិនអាចតឹងរហូតរបៀបនេះតទៅទៀតបានទេ បើមិនដូច្នោះ នឹងធ្វើឱ្យពិភពលោកមានការធ្លាក់ចុះដោយស្មានមិនដល់។ ប៉ុន្តែឥឡូវវាឆាប់ពេកដើម្បី នឹងធ្វើការសនិដ្ឋាន យើងត្រូវបន្តតាមដានដោយការយកចិត្តទុកាដាក់។
សម្ដេចបានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលយើងត្រូវប្រឹងទាក់ទងជាមួយកម្ពុជាផ្ទាល់ គឺការប្រឹងខ្លួនឯងគឺជាបញ្ហាសំខាន់ គឺត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចខ្លួនឯងបានរឹងមាំ បើទោះបីជាផលប៉ះពាល់នោះវាធ្លាក់មកលើខ្លួន ក៏កុំឱ្យផលប៉ះពាល់វាមាន ទំហំធំពេកសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ កម្ពុជាត្រូវប្រឹងប្រែងខ្លួនឯង ដើម្បីងើបឈរ ឡើងនៅក្នុងកាលៈទេសៈនៃសភាពការណ៍ខាងក្រៅមិនអំណោយផលយ៉ាងដូច្នេះ ទាក់ទងជា មួយនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបាន និងកំពុងកើត ហើយនឹងបន្តកើតទៅមុខទៀត៕
ដោយ ជឹម ណារី