លោក ហ៊ុន ម៉ាណែត ច្រានចោលការអះអាងរបស់ថៃថា ដំណើរការនីតិសមុទ្រ UNCLOS បិទផ្លូវចរចាព្រំដែនគោក
In an exclusive interview with Bloomberg, Prime Minister Hun Manet covered a wide range of subjects, including maritime disputes with Thailand and the Kingdom’s ongoing efforts to suppress cybercrimes. Bloomberg
ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានច្រានចោលការអះអាងរបស់ភាគីថៃថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបិទទ្វារចំពោះការចរចាទ្វេភាគីលើបញ្ហាព្រំដែន ដោយហៅការលើកឡើងនេះថា «មិនត្រឹមត្រូវ» និង «មិនយុត្តិធម៌»។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Bloomberg ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានៅតែប្តេជ្ញាដោះស្រាយទាំងវិវាទព្រំដែនសមុទ្រ និងព្រំដែនគោកដោយសន្តិវិធី ប៉ុន្តែកម្ពុជាគ្មានជម្រើសផ្សេង ក្រៅពីងាកទៅប្រើយន្តការរបស់ UNCLOS បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី។
លោកបានថ្លែងថា៖ «ខ្ញុំបានឮថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេសថៃ លើកឡើងថា ដោយសារកម្ពុជាបានទៅ UNCLOS ទើបបិទទ្វារការចរចាព្រំដែនគោក។ ខ្ញុំគិតថា ការលើកឡើងនេះមិនសូវត្រឹមត្រូវ ហើយក៏មិនសូវយុត្តិធម៌ដែរ»។
លោកបានពន្យល់ថា មូលហេតុដែលកម្ពុជាសម្រេចប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោម UNCLOS គឺដោយសារភាគីថៃបានលុបចោល MOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា។
«មូលហេតុដែលយើងទៅប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោម UNCLOS គឺដោយសាររដ្ឋាភិបាលថៃសម្រេចលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្តីពីបញ្ហាសមុទ្រ គឺ MOU ឆ្នាំ២០០១»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អស់រយៈពេលជាង ១៥ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃជាច្រើនជំនាន់ បានព្យាយាមស្វែងរកដំណោះស្រាយក្រោមក្របខណ្ឌ MOU ឆ្នាំ២០០១ រួមទាំងក្នុងអំឡុងពេលអតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត ផងដែរ។
លោកបន្តថា កម្ពុជាបានព្រមាន និងស្នើឱ្យភាគីថៃកុំលុបចោលកិច្ចព្រមព្រៀងនេះ ប៉ុន្តែថៃនៅតែសម្រេចលុបចោល ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីប្រើយន្តការផ្លូវច្បាប់អន្តរជាតិ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃបានអះអាងថា ការដែលកម្ពុជាប្រើយន្តការ UNCLOS បានធ្វើឱ្យការចរចាទ្វេភាគីលើបញ្ហាព្រំដែនកាន់តែស្មុគស្មាញ។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានអះអាងថា ដំណើរការផ្សះផ្សាក្រោម UNCLOS និងការចរចាព្រំដែនគោក គឺជាយន្តការពីរដាច់ដោយឡែកពីគ្នា ហើយមិនគួរយកមកភ្ជាប់បញ្ចូលគ្នានោះទេ។
លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃដំណើរការផ្សះផ្សាផងដែរ ដោយបញ្ជាក់ថា ភាគីទាំងពីរបានតែងតាំងសមាជិកគណៈផ្សះផ្សាចំនួនពីររូបរៀងៗខ្លួន ហើយបច្ចុប្បន្នកំពុងបន្តពិភាក្សាដើម្បីជ្រើសរើសប្រធានគណៈផ្សះផ្សា ដែលជាសមាជិកទី៥។
លោកបានបន្ដថា: «យើងបានតែងតាំងសមាជិកពីររូបរៀងៗខ្លួន ហើយឥឡូវនេះកំពុងធ្វើការលើការជ្រើសរើសប្រធាន គឺសមាជិកទី៥»។
នៅពេលត្រូវបានសួរថា តើកម្ពុជានឹងពិចារណាបង្រួមវិសាលភាពនៃការពិភាក្សា ឱ្យផ្តោតតែលើការកំណត់ព្រំដែនសមុទ្រ ដោយមិនលើកឡើងពីការអភិវឌ្ឍរួមក្នុងតំបន់ត្រួតស៊ីគ្នាដែរឬទេ លោកបានឆ្លើយថា នៅពេលនេះនៅមិនទាន់ដល់ដំណាក់កាលនោះនៅឡើយ។
«យើងបានដាក់សំណើទាំងពីររួចហើយ ទាំងការកំណត់ព្រំដែន និងការអភិវឌ្ឍរួម។ ប៉ុន្តែនៅដំណាក់កាលនេះ យើងគួរតែផ្តោតលើការធ្វើឱ្យដំណើរការនេះដើរទៅមុខជាមុនសិន»។
ក្នុងបទសម្ភាសន៍ដដែល លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនគួរត្រូវបានរារាំងដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។
លោកបានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ដែលនឹងមានការចូលរួមពីប្រទេសចិន និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI)។
«ខ្ញុំបានអញ្ជើញគណៈប្រតិភូ FBI ហើយលោក Kash Patel បានបញ្ជាក់ថា នឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួម»។
លោកបានសង្កត់ធ្ងន់ថា បណ្តាញឧក្រិដ្ឋកម្មអាចវាយប្រហារប្រទេសណាមួយបាន ដោយមិនគិតពីនិន្នាការនយោបាយ ហើយការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះត្រូវការកិច្ចសហប្រតិបត្តិការពហុភាគី។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានធានាចំពោះវិនិយោគិនថា កម្ពុជានឹងមិនអនុញ្ញាតឱ្យតំបន់សេដ្ឋកិច្ចពិសេស (SEZ) ណាមួយក្លាយជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឡើយ។
លោកបានឱ្យដឹងថា បានណែនាំឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
«ប្រសិនបើតំបន់សេដ្ឋកិច្ចពិសេសណាមួយ ត្រូវបានរកឃើញថាបានលាក់បាំង ឬគាំទ្របទល្មើសឆបោក នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចគ្នានឹងអ្នកដទៃដែរ»។
លោកបន្ថែមថា មកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញភស្តុតាងណាមួយដែលបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកនោះទេ ប៉ុន្តែការត្រួតពិនិត្យនឹងបន្តធ្វើដោយមិនបន្ធូរដៃ។
ពាក់ព័ន្ធនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន ម៉ាណែត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើភាពត្រឹមត្រូវនៃវិធានការនេះ ដោយចាត់ទុកថា ជាបញ្ហាផ្លូវច្បាប់របស់បុគ្គល។
ទោះជាយ៉ាងណា លោកបានអះអាងថា រាជរដ្ឋាភិបាលបានចាត់វិធានការជាច្រើនរួចមកហើយចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
«យើងបានដកមន្ត្រីថ្នាក់ឧត្តមសេនីយ៍ផ្កាយបី ផ្កាយពីរ ផ្កាយមួយ អភិបាលខេត្ត និងស្នងការនគរបាលខេត្ត ដែលមានភស្តុតាងពាក់ព័ន្ធ ឬបរាជ័យក្នុងការបង្ក្រាបបទល្មើសទាំងនេះ ហើយការស៊ើបអង្កេតនឹងបន្តទៅមុខទៀត»។
អត្ថបទនេះផ្អែកលើបទសម្ភាសន៍ផ្តាច់មុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយទូរទស្សន៍ Bloomberg ដែលចាក់ផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
-Post Khmer-





