Grand News Asia Close

កិច្ចសម្ភាសន៍ពិសេស ! ខួប២៦ឆ្នាំ នយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំង៖ សំបុត្រអនាមិកដែលធ្វើឲ្យ ប៉ុលពត បញ្ជាសម្លាប់លោក សុន សេន ទាំងពូជ តើជារបស់អ្នកណា ?

ដោយ៖ ម៉ម សុគន្ធ ​​ | 17 ម៉ោងមុន កិច្ចសម្ភាសន៍ ព័ត៌មានជាតិ 329
កិច្ចសម្ភាសន៍ពិសេស ! ខួប២៦ឆ្នាំ នយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំង៖ សំបុត្រអនាមិកដែលធ្វើឲ្យ ប៉ុលពត បញ្ជាសម្លាប់លោក សុន សេន ទាំងពូជ តើជារបស់អ្នកណា ? កិច្ចសម្ភាសន៍ពិសេស ! ខួប២៦ឆ្នាំ នយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំង៖ សំបុត្រអនាមិកដែលធ្វើឲ្យ ប៉ុលពត បញ្ជាសម្លាប់លោក សុន សេន ទាំងពូជ តើជារបស់អ្នកណា ?

(ភ្នំពេញ)៖ ឱកាសខួប២៦ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤, លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News រំលឹកទៅដល់សំដីរបស់ប៉ុលពត ដែលសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិកាំង Nate Thayer ដែលបាននិយាយគូសបញ្ជាក់ថា «សុន សេន ជាយុទ្ធមិត្តដ៏ស្មោះត្រង់ជាមួយខ្ញុំ (ប៉ុលពត) ប៉ុន្តែកាលពីខែមករា ឆ្នាំ១៩៩៧ ខ្ញុំ (ប៉ុលពត) ចាប់បានឯកសារសំបុត្រអនាមិកចំនួន៣ ដែលផ្ញើពីខេត្តកំពង់ធំ ជាតំបន់កាន់កាប់ដោយសម្តេចតេជោ ហ៊ុន សែន កាលពេលនោះ…»

ក្រោយពីចាប់បានឯកសារសំបុត្រហើយ ប៉ុលពត បានចេញបញ្ជាឲ្យសម្លាប់ក្រុមគ្រួសាររបស់លោក សុន សេន ទាំងពូជតែម្តង ហើយក្រោយពីសម្លាប់ សុន សេន, តាម៉ុក បានបញ្ជាឲ្យកម្លាំងរបស់ខ្លួនតាមចាប់ ប៉ុលពត ដើម្បីដាក់ឃុំនៅផ្ទះ។

ពាក់ព័ន្ធសំបុត្រអនាមិកដ៏សាហាវនេះ និងនៅក្នុងឱកាសខួប២៦ឆ្នាំនៃនយោបាយឈ្នះឈ្នះ, បុរសខ្លាំងតេជោសែន នៃកម្ពុជា បានទម្លាយអាថ៌កំបាំងតាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុនមួយថ្ងៃនៃខួបទិវាសន្តិភាព, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖

សំបុត្រអនាមិកដែលធ្វើឲ្យ ប៉ុលពត បញ្ជាសម្លាប់លោក សុន សេន ទាំងពូជ គឺជារបស់សម្តេច ហ៊ុន សែន ក្នុងការប្រើល្បិចយុទ្ធសាស្ត្រ DIFID ដោយសារនយោបាយពាលស៊ីពាលរបស់មេខ្លោងខ្មែរក្រហម បាននាំឱ្យ ប៉ុលពត បញ្ជូនទាហានក្រោមបង្គាប់ប្រមាណ៣០នាក់ ធ្វើការសម្លាប់ សុន សេន និងក្រុមគ្រួសារអស់មួយពូជ នាយប់ថ្ងៃទី៩ មិថុនា ឆ្នាំ១៩៩៧ នៅអន្លងវែង។ អំពើកាប់សម្លាប់ សុន សេន និងក្រុមគ្រួសារអស់មួយពូជ គឺជានយោបាយពាលស៊ីពាល របស់ពួកប៉ុលពត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សំបុត្រហ្នឹងពិតជាសំបុត្ររបស់ខ្ញុំ។ ខ្ញុំបានសរសេរ គឺមានអង់តែត (En Tete) ត្រឹមត្រូវ ប៉ុន្តែអត់មានដាក់ថា ផ្ញើជូនអ្នកណានោះទេ គឺផ្ញើជូនលោកពូ សួរសុខទុក្ខធម្មតា។ ហើយសំបុត្រនោះផ្ញើតាមកូនរបស់ កែពក។ សំបុត្រហ្នឹងគឺថា ទៅមួយលើកហើយ ទៅមួយលើកទៀត។ ខ្ញុំសរសេរសំបុត្រតែពីរទេ តែសំបុត្រទីបី មិនដឹងជារបស់អ្នកណា»

សូមបញ្ជាក់ថា «កែ ពក» មានស្រុកកំណើតក្នុងខេត្តកំពង់ធំ គឺជាជំនួយការម្នាក់របស់ប៉ុលពត និងជាអតីតលេខាភូមិភាគកណ្តាល ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យ។ កែ ពក បានបាត់បង់ជីវិតក្នុងឆ្នាំ២០០២ គឺជាអតីតមេបញ្ជាការខ្មែរក្រហមម្នាក់ ដែលធ្វើសកម្មភាព ដូចជាកម្លាំងចារកម្មបង្កប់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា «ទោះបីជាមិនបានបញ្ជាក់ថា (កែពក) ជាចារកម្មរបស់ ហ៊ុនសែន ក៏ដោយ ក៏ប៉ុន្តែ កែវ ពក គឺបានធ្វើការឲ្យខ្ញុំ…នៅក្នុងហ្នឹងរាប់ទាំងការបញ្ចូនកូនឲ្យមកជួបខ្ញុំ ដល់ផ្ទះច្រើនលើក ហើយចុងក្រោយ កែវពក ផ្តាច់ខ្លួនមកជួបជុំនៅ ស្តាតអូឡាំពិក ឆ្នាំ១៩៩៧»

សម្តេចតេជោ ហ៊ុន សែន បានបន្តទម្លាយអាថ៌កំបាំងជាង២០ឆ្នាំ ពាក់ព័ន្ធមូលហេតុនៃការធ្វើឱ្យមានសំបុត្រអនាមិក ដើម្បីឱ្យធ្លាក់ចូលទៅក្នុងដៃរបស់ប៉ុលពត។ សម្តេច បានមានប្រសាសន៍រំលឹកបន្តទៀតថា៖

«ក្នុងពេលជាមួយគ្នា យើងបានធ្វើការតែងតាំង នី កន និង សុន ឈុំ ដែលជាប្អូនរបស់ សុន សេន ឲ្យធ្វើជាទីប្រឹក្សាក្រសួងការពារជាតិ ឋាន:ឧត្តមសេនីយ៍ទោ ទាំងពីរនាក់ហ្នឹង។ យើងក៏ប្រើប្រាស់ឈ្មោះលោក «ឆន» ដែលជាប្អូនបង្កើតរបស់ យុន យ៉ាត ហើយជាប្អូនថ្លៃរបស់ សុន សេន ឲ្យទៅឈរជើងនៅខេត្តកំពង់ធំ ដូចជានៅម្តុំប្រាសាទបល្លង្គ ដើម្បីធ្វើជាឈ្នាន់បញ្ចូនកម្លាំង និងបញ្ចូនទំនាក់ទំនងទៅអន្លង់វែង»

សូមបញ្ជាក់ថា យុន យ៉ាត គឺជាភរិយារបស់លោក សុន សេន ។ យុន យ៉ាត ដែលមានឈ្មោះហៅក្រៅថា សមមិត្តនារី «អាត» គឺជាស្ត្រីដែលមាន ឋានៈខ្ពស់ខ្ពស់ម្នាក់ក្នុងជួរកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ ក្នុងតំណែងបក្សគឺជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនីស្តកម្ពុជា ដែលទទួលបន្ទុកផ្នែកព័ត៌មាន និងអប់រំក្នុងនិងក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកនូវព្រឹត្តិការណ៍ ពាក់ព័ន្ធយុទ្ធសាស្ត្រ DIFID បំបែកក្បាលម៉ាស៊ីនសត្រូវ ដ៏ធំនៃសំបុកឧទ្ទាមលាក់ខ្លួនចុងក្រោយរបស់ក្រុមខ្មែរក្រហម នៅអន្លង់វែង នឹងរឿងធ្វើឱ្យបែកធ្លាយសំបុត្រដល់ដៃ ប៉ុលពត៖

«សំបុត្រគឺសំបុត្រ (ខ្ញុំ) គឺមានអង់តែត (En Tete) ត្រឹមត្រូវ ប៉ុន្តែមិនដាក់ផ្ញើជូនឈ្មោះអ្នកណាទេ គឺផ្ញើជូនលោកពូ សួរសុខទុក្ខធម្មតា។ …ហ្នឹងហើយ ដែលហៅថា ឌីហ្វីដ នោះ ។ អាហ្នឹងគឺខ្ញុំសរសេរពិតប្រាកដ។ សំបុត្រទី១ គឺផ្ញើនៅក្នុងរង្វង់ចុងឆ្នាំ១៩៩៦, សំបុត្រទី២ នៅឆ្នាំ១៩៩៧ មុនពេលផ្ទុះអាវុធ នៅទីក្រុងភ្នំពេញ…អញ្ចឹងបាន(ខ្ញុំ)ចង់ផ្តាច់ព្រ័ត្រ នៅអន្លង់វែងឆ្នាំ៩៧…ប៉ុន្តែមិននឹកស្មានថា ផ្ទុះអាវុធនៅភ្នំពេញ…អញ្ចឹងអាក់ខាន…អញ្ចឹងបញ្ហាសំបុត្រនេះ គឺយើងមានចេតនាប្រាប់ទៅកូនរបស់ កែវ ពក ឱ្យមកទទួលសំបុត្រផ្ទាល់ និងណែនាំថា សំបុត្រនេះធ្វើឲ្យបែកធ្លាយនៅក្នុងអន្លង់វែង។ ហើយគេមិនដឹងថា ជាសំបុត្រចេញពីត្រង់ណាទេ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ល្បិចនេះទោះបីពិសពុលបន្តិច ប៉ុន្តែគឺ «ដើម្បីបំបែកក្បាលម៉ាស៊ីនសត្រូវតែម្តង ព្រោះពេលហ្នឹង ខ្ញុំចូលដល់ក្បាលម៉ាស៊ីនហើយ… កែវ ពក ក៏នៅជាកម្លាំងបង្កប់របស់(ខ្ញុំ) ដែលបានបញ្ចូនកូនមក…អាហ្នឹង គឺវាជារឿងចារកម្ម។ កែ ពក ទោះបីជាមិនបានបញ្ជាក់ថា ជាចារកម្មរបស់ ហ៊ុនសែន ក៏ដោយ ក៏ប៉ុន្តែ កែវ ពក គឺបានធ្វើការឲ្យ ហ៊ុន សែន នៅក្នុងហ្នឹង រាប់ទាំងការបញ្ចូនកូនឲ្យមកជួប ហ៊ុន សែន ដល់ផ្ទះច្រើនលើក ហើយចុងក្រោយ កែ ពក ផ្តាច់ខ្លួនមកជួបជុំនៅស្តាតអូឡាំពិកឆ្នាំ១៩៩៧»។

គួរបញ្ជាក់ថា សំបុត្រផ្លុងចោលជាបែបអនាមិកនោះហើយ បានធ្វើឱ្យ ប៉ុលពត កាន់តែចាប់ផ្តើមសង្ស័យដាក់មកលើ សុន សេន គួបផ្សំនឹងការទទួលបានព័ត៌មានខ្លះទៀត ដែលនិយាយអំពីសកម្មភាពទាក់ទងជាបុគ្គលរវាង សុន សេន ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន។

នៅត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តមានប្រសាសន៍សង្កត់ធ្ងន់ថា៖

«នៅពេលដែល សុន សេន មកភ្នំពេញឆ្នាំ១៩៩២ គេសង្កេតឃើញថា សុន សេន មានភាពជិតស្និទ្ធជាមួយនឹង ហ៊ុន សែន ខ្លាំងណាស់។ ហើយតាំងពីពេលប្រជុំ SNC (Supreme National Council) នៅទីក្រុងបាងកក ឆ្នាំ១៩៩១ និងការដែលទៅប្រជុំនៅកន្លែងខ្លះទៀត គឺ សុន សេន តែងតែមកនិយាយលេងរាក់ទាក់ជាមួយខ្ញុំ ប៉ុន្តែអ្វីដែលធ្ងន់ គឺគេសង្កេតឃើញថា សុន សេន នៅពេលមកដល់សណ្ឋាគារសកល១ ដែលជាផ្ទះភ្ញៀវរបស់រដ្ឋកម្ពុជាហ្នឹង…ពេលដែល (ខ្ញុំ) ទៅសួរសុខទុក្ខ សុន សេន ហើយ សុន សេន បានចាប់ឱប ហើយនិយាយគ្នា អស់រយៈពេលប្រមាណជិត២ម៉ោង តែគេមិនដឹងថានិយាយអ្វីខ្លះទេ។ ដូច្នេះ សុន សេន អាចត្រូវគេសង្ស័យតាំងពីពេលនោះមក។ អាហ្នឹង គឺជាការគួបផ្សំ ជាមួយនឹងលិខិតនេះ»

«តាំងពីបង្កើត SNC…គឺការជួបគ្នានៅ តូក្យូ ពេលទៅប្រជុំ, ការជួបគ្នានៅហ្សាកាតា, ការជួបគ្នានៅ ប៉េកាំង, ការជួបគ្នានៅ ញូយ៉ក, ការជួបគ្នានៅ ប៉ារីស គឺសុទ្ធតែ សុន សេន បង្ហាញនូវកាយវិការ ជាមនុស្សរាក់ទាក់ជាមួយនឹង (ខ្ញុំ) ហ៊ុន សែន»

សូមជំរាបថា នៅក្រោយការសម្លាប់ សុន សេន និងកូនចៅមួយពូជអស់រួចមក គឺនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ អ្នកភូមិក្នុងអន្លង់វែង បានដឹងអំពីរឿងសោកនាដកម្មនោះគ្រប់ៗគ្នា។ អ្នកភូមិបានរួមជាមួយ តាម៉ុក ដេញតាមចាប់ ប៉ុលពត និងបក្ខពួក។ ប៉ុលពត ត្រូវបានក្រុមតាម៉ុក ចាប់ខ្លួននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ និងត្រូវបាន «តុលាការប្រជាជន» ក្រោមបញ្ជារបស់តាម៉ុក នៅអន្លង់វែង កាត់ទោសដាក់ឃុំក្នុងផ្ទះអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទសម្លាប់ សុន សេន និង ក្រុមគ្រួសារអស់មួយពូជ។

ក្នុងការកាត់ទោសប៉ុលពត នាពេលនោះ អ្នកកាសែតអាមេរិកាំង Nate Thayer ត្រូវបានគេអនុញ្ញាតឱ្យជួបសម្ភាសន៍សាកសួរអំពីរឿងរបស់ ប៉ុលពត ដែលនិយាយបញ្ជាក់ថា ការសម្លាប់ សុន សេន និងក្រុមគ្រួសារអស់មួយពូជនោះ គឺដោយសារតែការសង្ស័យនូវអំពើរបស់ សុន សេន ទាក់ទងនឹងសម្តេច ហ៊ុន សែន ជាពិសេសសំបុត្រអនាមិកបី ដែលចាប់បានផ្ញើមកពីខេត្តកំពង់ធំ៕ ប្រភព៖ Fresh News

 

អត្ថបទទាក់ទង