Grand News Asia Close

ប្រាក់រៀល ៣ប្រភេទនាសម័យសង្គមរាស្ត្រនិយមឆ្លុះបញ្ចាំងពីវប្បធម៌ សាសនា និងជីវភាពប្រជាជនខ្មែរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 440

បន្ទាប់ពីសម័យអាណាព្យាបាលបារាំងត្រូវបានបញ្ចប់ ប្រទេសកម្ពុជាចាប់ផ្ដើមមានរូបិយវត្ថុជាតិ​ដោយខ្លួនឯង​ដើម្បីជំនួសប្រាក់ព្យ៉ាស់។ ប្រាក់រៀលត្រូវបានចេញផ្សាយដំបូងនៅខែកញ្ញា ឆ្នាំ១៩៥៥ ក្នុងសម័យសង្គម​រាស្ត្រ​និយម។

ប្រាក់រៀលត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នដោយធនាគារជាតិនៃកម្ពុជា និងបានដើរតួនាទីយ៉ាងសកម្ម​សម្រាប់​គោលនយោបាយអភិវឌ្ឍន៍របស់របបសង្គមរាស្ត្រនិយមដែលផ្តោតលើការអប់រំ សុខាភិបាល និង​ហេដ្ឋា​រចនាសម្ព័ន្ធជាដើម។ ទាំងនេះគឺជារូបិយវត្ថុជាតិដែលបានចេញផ្សាយនៅចន្លោះឆ្នាំ១៩៥៥ ដល់​១៩៧០ ដែល​ក្នុង​នោះ​មាន​ក្រដាស​ប្រភេទ​ ៥០០​រៀល​ ២​ប្រភេទ​ និង​ក្រដាស​ ១០០០​រៀល​ ១​ប្រភេទ​ ។

ក្រដាស​ប្រាក់​ប្រភេទ​ ៥០០​រៀល​ បោះ​ផ្សាយ​ឆ្នាំ​១៩៥៦​ បាន​រំលេច​នូវ​រូប​វត្ត​អារាម​ ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​ផ្នែក​ខាង​មុខ​ អម​ដោយ​រុក្ខជាតិ​ ព្រៃ​ព្រឹក្សា​នៅ​សងខាង​ ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​រូប​ប្រជាកសិករ​ខ្មែរ​កំពុង​ ភ្ជួរ​ស្រែ​ដោយ​ប្រើ​កម្លាំង​សត្វ​គោ​ជា​ជំនួយ​អូស​នង្គ័ល​ ទិដ្ឋភាព​នេះ​សឹង​តែ​លែង​មាន​ទៅ​ហើយ​នា​បច្ចុប្បន្ន​ដោយ​សារ​គេ​និយម​ប្រើ​ត្រាក់ទ័រ​ និង​គោយន្ត​ជំនួស​វិញ។

ប្រភេទ​ក្រដាស​ ៥០០​រៀល​ដែល​បោះ​​មួយ​ប្រភេទ​ទៀត​នៅ​ឆ្នាំ​តែ​មួយ​ គឺ​ឆ្លុះ​បញ្ចាំង​ច្រើន​អំពី​សិល្បៈ​វប្បធម៌​ដោយ​ផ្នែក​ខាង​មុខ​ មាន​លម្អ​ទៅ​ដោយ​ចម្លាក់​ទេព​អប្សរា​ ទំនង​ជា​ចម្លង​ពី​ប្រាសាទ​អង្គរ​វត្ត​ និង​តាព្រហ្ម​​ ហើយ​ផ្នែក​ខាង​ក្រោយ​ ដាក់​បង្ហាញ​ពី​របាំ​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ (​កេន្នរី?)។

ចុងក្រោយ​គឺ​ក្រដាស​ប្រាក់​ប្រភេទ​១០០០​រៀល​ ដែល​បោះ​ផ្សាយ​ឆ្នាំ​១៩៦១​ មាន​រំលេច​រូប​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​​គោបុរៈ​ទី​៥ នៅ​ផ្នែក​ខាង​មុខ​ហើយ​ផ្នែក​ខាង​ក្រោយ​ គឺ​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​ភ្នំ​ដង​រែក​ ត្រង់​ផ្នែក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ភ្នំ​ព្រះវិហារ​ ដែល​គេ​ឃើញ​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ច្បាស់​នៅ​លើ​ក្រដាស​ប្រាក់​នោះ៕

ប្រភព៖ social.sabay អត្ថបទ៖ សៀនហួរ

រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

អត្ថបទទាក់ទង