Grand News Asia Close

បទអត្ថាធិប្បាយស៊ីជម្រៅ៖ ការសុំទោសរបស់ James Sok បង្ហាញពីភាពក្លាហាន ហ៊ានទទួលស្គាល់ការពិតជាងពួកក្រុមជ្រុលនិយម

ដោយ៖ ម៉ម សុគន្ធ ​​ | 12 ម៉ោងមុន ទស្សនៈ-នយោបាយ 321
បទអត្ថាធិប្បាយស៊ីជម្រៅ៖ ការសុំទោសរបស់ James Sok បង្ហាញពីភាពក្លាហាន ហ៊ានទទួលស្គាល់ការពិតជាងពួកក្រុមជ្រុលនិយម បទអត្ថាធិប្បាយស៊ីជម្រៅ៖ ការសុំទោសរបស់ James Sok បង្ហាញពីភាពក្លាហាន ហ៊ានទទួលស្គាល់ការពិតជាងពួកក្រុមជ្រុលនិយម
(ភ្នំពេញ)៖ សំណេរបង្ហាញការសុំទោសរបស់អ្នកអត្ថាធិប្បាយបណ្តាញសង្គមលោក James Sok ចំពោះភាពឆ្គាំឆ្គងរបស់ខ្លួន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ត្រូវបានគេចាត់ទុកថាជាការហ៊ានទទួលស្គាល់នូវការពិតមួយ។
 
អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គម លោក សុខ សុគន្ធ ដែលគេស្គាល់ថាឈ្មោះ James Sok បានបង្ហោះសារសុំទោសមួយ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការនិយាយមិនពិតជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ អ្នកអត្ថាធិប្បាយ សុខ សុគន្ធ បាននិយាយថា «លោក ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់» ប៉ុន្តែមិនបានបរិយាយលើប្រភពជាក់ស្តែងណាមួយដោយច្បាស់លាស់ឡើយ។
 
លោក សុខ សុគន្ធ ឬ James Sok ត្រូវគេនិយាយថា លោកជាមនុស្សតែងធ្វើអត្ថាប្បាយនូវរឿងស្ទើរគ្រប់បែបយ៉ាងទាំងអស់ សូម្បីតែរឿងមិនច្បាស់ ឬមានភាពសង្ស័យស្រពិចស្រពិលណាមួយក៏ដោយ គឺលោក ចេម សុខ កម្រនឹងលើកលែងណាស់។
 
សម្តេចតេជោ បានសរសេរតាមបណ្តាញសង្គមប្រាប់ទៅបុគ្គល James Sok នោះវិញថា «គម្រោងទស្សនកិច្ចនៅចិន (របស់សម្តេច) គឺបានរៀបចំតាំងពីជិត២ខែមុនមកម្ល៉េះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង»។ សម្តេចតេជោបានបញ្ជាក់ថា «នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ ឬតក់ក្រហល់នោះទេ»។
 
ក្នុងសំណេរនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានហៅ James Sok «ប្អូន» និងរំពឹងថា ប្អូន ចេម សុខ នោះគួរតែឈប់ ធ្វើជាអ្នកចេះដឹងគ្រប់រឿងទៀតទៅ។ សំណេររបស់សម្តេច នៅបានជូនពរ ចេម សុខ សូមឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ និងពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស» នោះទៅ។ សំណេរ ចុងក្រោយរបស់សម្តេច នៅបានបន្ថែមទៀតថា ប៉ុន្តែបើសិនជា James Sok ចង់ធ្វើចេះគ្រប់រឿងថែមទៀតនោះ សូមបន្តតាមចិត្តចង់ទៅចុះ។
 
បុគ្គល James Sok ដែលតែងប្រសិទ្ធនាមឈ្មោះក្រៅសម្តេចតេជោ «ផ្កាយព្រឹក» ក្រោយឃើញសំណេររបស់សម្តេចតាមបណ្តាញសង្គម បានប្រញាប់សរសេរសុំទោសមកសម្តេចតេជោវិញ។ James Sok បានសរសេរថា «សូមគោរពសម្តេចបង «ផ្កាយព្រឹក» ជាទីគោរពប្អូនសូមអភ័យទោសពីសម្តេចបង បើមានការខុសឆ្គងត្រង់ណា»។
 
បុគ្គល James Sok បាននិយាយសារភាពថា គាត់ពិតជា «មនុស្សឈឺ និងពុលទឹកមាត់» និងថាគាត់ចូលចិត្តនិយាយលេងសើចច្រើនពិតប្រាកដមែន។ ក្នុងសំណេរលើបណ្តាញសង្គមនោះ បុគ្គល James Sok បានសរសេរថា សូមសម្តេចមេត្តាកុំប្រកាន់ទោសអូសដំណើរ… និងសារដដែលបានជូនពរសម្តេច «ឱ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តមដើម្បីប្រទេសជាតិ» ក្នុងឱកាសដែលសម្តេចកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននោះថែមទៀត។
 
សារសុំទោសរបស់បុគ្គល James Sok តាមបណ្តាញសង្គមនោះ ត្រូវបានគេបង្ហោះយ៉ាងទូលំទូលាយ និងបើទោះបីជាសារនោះ បានបង្កប់អត្ថន័យអ្វីក៏ដោយសារនោះពិតជាបានសារភាពនូវការសុំទោសចំពោះការនិយាយមួយ ដែលមិនសំអាងលើប្រភពពិតប្រាកដណាមួយនោះឡើយ។ សាររបស់លោក James Sok ត្រូវគេចាត់ទុកថា លោកហ៊ានទទួលស្គាល់ការពិត ដែលការទទួលស្គាល់នេះ គឺជាប្រយោជន៍មួយក្នុងការជួយបញ្ចៀសអំពើភ័ន្តច្រឡំ និងបញ្ចៀសការនាំប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងហាយនភាពសង្គ្រាម។
 
សារសុំទោសនោះត្រូវគេចាត់ទុកថា គឺមានភាពប្រសើរជាងពួកក្រុមជ្រុលនិយម ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ដែលចូលចិត្តមិនត្រឹមតែបង្កើតព័ត៌មានមិនពិតបង្កភាពសង្ស័យប៉ុណ្ណោះទេ ក្រុមជ្រុលនិយមទាំងនោះ ថែមទាំងយកព័ត៌មានមិនពិតនោះ បិទបាំងដល់ភ្នែកពិភពលោកថែមទៀត។
 
ក្រុមជ្រុលនិយមជារៀងរាល់ថ្ងៃ តែងបង្ហោះសារញុះញង់ ដើម្បីការចង់នាំប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ គេមិនដែលឃើញសារណាមួយរបស់ក្រុមជ្រុលនិយម ជាពិសេសសាររបស់មេខ្លោងឈ្មោះ សម រង្ស៊ី ដែលពីមួយថ្ងៃទៅមួយថ្ងៃ តែងនិយាយចោទតែរឿងដដែលៗ ដោយគ្មានការពិតអ្វីទាល់តែសោះ។ ការប្រើព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយម គឺក្នុងបំណងដើម្បីចង់ឱ្យប្រទេសកម្ពុជាដែលមានសន្តិភាព ធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី តែប៉ុណ្ណោះ។
 
*គេមិនត្រូវនាំប្រទេស ដែលមានសន្តិភាព ធ្លាក់ចូលទៅក្នុងសង្គ្រាមសាជាថ្មីវិញឡើយ
 
កម្ពុជាតាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ រយៈពេល១០៥២យប់និងថ្ងៃ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូល បានទទួលសុខសន្តិភាពទាំងស្រុង និងការឯកភាពទឹកដីយ៉ាងពេញលេញបរិបូរណ៍ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សង្គ្រាមតាមរយៈដើមចមនៃអំពើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជា ជិត៣០មកនេះរងភាពខ្ទេចខ្ទាំយ៉ាងខ្លាំងក្លា។
 
សង្គ្រាមស៊ីវិល បានធ្វើឱ្យជីវិតមនុស្សស្លាប់ច្រើនលាននាក់ ក្នុងនោះគ្រាន់តែការរុញប្រទេសជាតិ ឱ្យធ្លាក់ចូលក្នុងសម័យដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម មានមនុស្សស្លាប់ដល់ទៅជាង៣លាននាក់រួចទៅហើយ។ សង្គ្រាមបានធ្វើឱ្យក្រុមគ្រួសារខ្មែររងការបែកបាក់គ្នា ដែលការពិតបានបង្ហាញហើយថា គ្មានក្រុមគ្រួសារណាមួយ បានរួចផុតពីការបែកបាក់គ្នា ដោយសារសង្គ្រាមជិត៣០ឆ្នាំ នៅកម្ពុជានេះឡើយ។
 
សង្គ្រាមមិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិត និងព្រាត់ប្រាសក្រុមគ្រួសារប៉ុណ្ណោះទេ សង្គ្រាមបានធ្វើឱ្យសម្បត្តិវប្បធម៌ជាតិខ្ទេចខ្ទាំ, ប្រាសាទបុរាណខ្មែរមួយចំនួនត្រូវបានបំផ្លាញដោយសារសង្គ្រាម, រូបចម្លាក់ និងវត្ថុបុរាណក្នុងប្រាសាទ ត្រូវចោរលួចយកចេញទៅក្រៅប្រទេស, ប្រព័ន្ធភាពស៊ាំនានារបស់សង្គម បានខូចបាត់បង់អស់គ្មានសល់, អ្នកចេះដឹងខ្មែរ ដូចជាគ្រូបង្រៀន បញ្ញវ័ន្ត សាស្ត្រាចារ្យ ត្រូវបានរបបខ្មែរក្រហម ចាប់ដាក់គុកនិងសម្លាប់ចោល និងសង្គ្រាមបានរុញជាតិសាសន៍ខ្មែរ មិនអាចធ្វើដំណើរទៅមុខលឿនដូចប្រទេសដទៃដែលគ្មានសង្គ្រាមឡើយ។
 
ដូច្នេះ បើសិនជាឧបាយកលរបស់ក្រុមជ្រុលនិយម បានសម្រេចមែននោះប្រទេសជាតិកម្ពុជា អាចនឹងត្រូវប្រឈមហាយនភាពដូចតទៅនេះ៖
 
១៖ ផលប៉ះពាល់ដល់ប្រជាជន
 
បើសិនជាប្រទេសមានសង្គ្រាម ជីវិតមនុស្សស្លូតត្រង់នឹងត្រូវស្លាប់ និងរបួស, ទ្រព្យសម្បត្តិ រងភាពអន្តរាយ សង្គមនឹងរងភាពបែកបាក់ ប្រជាជនដែលធ្លាប់តែសប្បាយនឹងសន្តិភាពអាចទទួលការរងគ្រោះដល់ជីវភាព និងសេចក្តីសុខ។ ដូច្នេះ គេមិនត្រូវឱ្យឧបាយកលរបស់ក្រុមជ្រុលនិយម បានសម្រេចឡើយ។
 
២៖ ការបាត់បង់សេដ្ឋកិច្ច
 
សង្គ្រាមនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិដួលរលំ ដូចអ្វីដែលមានជាឧទាហរណ៍នៅក្នុងប្រទេសស៊ូដង់ អ៊ុយក្រែន និងបណ្តាប្រទេសដទៃ ដែលកំពុងជួបប្រទះសង្គ្រាម ពីព្រោះកាលណាបើសេដ្ឋកិច្ចជាតិដួលរំលំហើយ គ្មានអ្នកវិនិយោគជាតិ និងអន្តរជាតិណាហ៊ាននឹងចូលមកកម្ពុជាទៀតឡើយ ហើយប្រទេសនឹងរងនូវវិបត្តិផ្សេងៗដទៃទៀតជាមិនខានឡើយ ហើយវាមិនដូចអ្វីដែលពួកគេតែងនិយាយថា វាមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេបើសេដ្ឋកិច្ចជាតិដួលរលំនោះ។ ដូច្នេះគេមិនត្រូវឱ្យប្រទេសឈានទៅរកការកើតមានសង្គ្រាមឡើយ។
 
៣៖ ការបាត់បង់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
 
នៅក្នុងសង្គ្រាម សិទ្ធិមនុស្សតែងតែត្រូវបានបំពាន ហើយប្រជាជនគ្មានសុខសុវត្ថិភាពទេ កុំថាឡើយដល់ដំណើរការអនុវត្តប្រជាធិបតេយ្យនោះ។ ជាឧទាហរណ៍ សង្គ្រាមស៊ីវិលដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែនក្តី នៅក្នុងមជ្ឈិមបូព៌ាក្តី និងជាក់ស្តែងអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ក្នុងសង្គ្រាមជិត៣០ឆ្នាំកន្លងមក។
 
ទី៤៖ សន្តិភាព គឺជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍
 
ប្រទេសដែលមានសន្តិភាព គឺជាប្រទេសដែលមានសក្ដានុពលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអប់រំ។ ដូច្នេះការរុញប្រទេសខ្លួនឯងឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមវិញ គឺដូចជាការសម្លាប់ការអភិវឌ្ឍជាតិ និងដូចជាការសម្លាប់ជាតិខ្មែរខ្លួនឯងទាំងមូល។ ដូច្នេះ គេត្រូវរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសង្គ្រាមងាយស្រួល និងឆាបឆេះ ប៉ុន្តែការពន្លត់សង្គ្រាម មិនមែនងាយដូចពេលបញ្ឆេះឡើយ។ ជាក់ស្តែង គឺកម្ពុជាមានមនុស្សស្លាប់ច្រើនលាននាក់ ខណៈតួលេខពិតប្រាកដមិនមានការវាយតម្លៃច្បាស់លាស់នោះឡើយ ប៉ុន្តែក្នុងរយៈកាល៣ជំនាន់ ដែលមានអំពើបង្ហូរឈាម ការបាត់បង់ជីវិត ត្រូវបានគេប៉ាន់ប្រមាណដូចតទៅនេះ៖
 
នោះគឺក្នុងសង្គ្រាមជាង៥ឆ្នាំ រវាងពីឆ្នាំ១៩៧០ ដល់១៩៧៥ មានមនុស្សស្លាប់ប្រមាណ ៧០ម៉ឺននាក់, នៅក្នុងរបបខ្មែរក្រហម មានមនុស្សស្លាប់ជាង ៣លាននាក់ និងនៅក្នុងដំណាក់កាលសង្គ្រាមស៊ីវិល រវាងពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ មានមនុស្សស្លាប់ប្រមាណ ៥ម៉ឺននាក់។
 
ក្នុងរយៈពេលស្តារ២៦ឆ្នាំរួចមកនេះ សន្តិភាពរបស់កម្ពុជា នៅតែរងនឹងការគំរាមជាប់ជាប្រចាំ ដោយសារតែក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងស្វះស្វែងបង្កើតនូវព័ត៌មានប្រឌិត ព័ត៌មានញុះញង់ និងព័ត៌មានបំភិតបំភ័យ ដើម្បីតែចង់ឱ្យមានឈ្នួនផ្ទុះសង្គ្រាម បង្កភាពអសន្តិសុខដល់ប្រទេសកម្ពុជាសាឡើងវិញ។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងអំពាវនាវដល់ ប្រជាជនទូទាំងប្រទេសត្រូវរួមគ្នាការពារឱ្យបាននូវសុខ សន្តិភាពជានិរន្តន៍៖
«អ្វីដែលបាននឹងកំពុងកើតនៅលើទឹកដីកម្ពុជា គឺបានមកពីអ្វីដែលសំខាន់? កត្តាសន្តិភាព គឺជាកត្តាចម្បងបំផុតដែលនាំមកនូវជោគជ័យ សម្រាប់ការទាក់ទាញវិនិយោគ ក៏ដូចជាការអភិវឌ្ឍនៅគ្រប់ផ្នែក គ្មានសន្តិភាព គឺមិនអាចធ្វើអ្វីបានទេដូច្នេះត្រូវរួមគ្នាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍនៅពេលអនាគត។ ជនណាក៏ដោយ ដែលមានចេតនាបំផ្លាញស្ថិរភាព មិនត្រូវបានទទួលការអត់ឱនទេ ព្រោះយើងធ្លាប់បានឆ្លងកាត់ឈាមនិងទឹកភ្នែកហើយ»។
 
ដូច្នេះ ដើម្បីការរក្សាសន្តិភាព គឺគេមិនត្រូវឱ្យសន្តិភាពដែលកំពុងមានរយៈពេល២៦ឆ្នាំរួចមកនេះ ត្រូវឃ្លាត ឬរបូតចេញពីកម្ពុជាទៀតបានឡើយ។ យើងត្រូវនាំគ្នាអរគុណសន្តិភាព និងប្រឆាំងដាច់ខាតឧបាយកលនាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង