Grand News Asia Close

យល់ដឹងពីការចូលវស្សា, ដង្ហែទៀនវស្សានិងសាដក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 963
យល់ដឹងពីការចូលវស្សា, ដង្ហែទៀនវស្សានិងសាដក យល់ដឹងពីការចូលវស្សា, ដង្ហែទៀនវស្សានិងសាដក

មុននឹងនិយាយដល់ប្រវត្តិនៃការចាំវស្សា ឬ ការចូលវស្សា និងហែទៀនវស្សា សូម​ពន្យល់ ពាក្យខ្លះៗដែលប្រើក្នុងទីនេះ៖

– វស្សា=(ន) បាលី,សំស្ក្រឹត មានន័យថា ឆ្នាំ,ភ្លៀង,រដូវភ្លៀង។

– កាន់វស្សា ឬចាំវស្សា = នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់​របស់​បព្វ​ជិត​​ពុទ្ធសាសនិក ។

– ចូលវស្សា = ប្តេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។

– ដាច់វស្សា = នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាស (វត្ត) ដែល​កំណត់​ចាំវស្សា​របស់​ភិក្ខុ សាមណេរ ។

– ទៀនវស្សា = ទៀនធំដែលទាយកទាយិកាប្រគេនដល់ភិក្ខុ សាមណេ​រ​ឲ្យ​អុជ​ក្នុង​រដូវ​ចូលវស្សា ។

– សាដក = (ន) បាលី, សំស្ក្រឹតមានន័យថាសំពត់ សំពត់ងូត (សំពត់ទឹកភ្លៀង)។

 

ការចាំវស្សារបស់ព្រះសង្ឃពុទ្ធសាសនិក

ការចូលវស្សា ឬ ចាំវស្សា ជាប្រពៃណី​របស់ព្រះសង្ឃ​ពុទ្ធសាសនិក​មាន​តាំង​ពីជំនាន់​ពុទ្ធ​កាល​រៀងមក សម្រាប់ព្រះសង្ឃថេរវាទក្នុងសកលលោក មានប្រទេស​ស្រី​លង្កា​ ប្រទេសថៃ ប្រទេសភូមា ប្រទេសលាវ ព្រមទាំង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ប្រទេសកម្ពុជាយើងផងដែរ ។ រឿងនេះ មានសម្តែង​ទុកក្នុង​គម្ពីរព្រះ​ត្រៃ​បិដក​ភាគ​ទី ៧ ក្នុងវស្សូបនាយិកក្ខន្ធកៈ ទំព័រ១ ផ្នែកព្រះវិន័យ។

 

ក. មូលហេតុនៃការចូលវស្សា

សម័យនោះ ព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ​ឯងការចាំវស្សា​ព្រះមាន​ព្រះភាគ​មិនទាន់បាន​អនុញ្ញាតដល់ភិក្ខុ​ទាំងឡាយ​នៅ​ឡើយ​ទេ ។ ភិក្ខុទាំងនោះក៏ចេញដេីរទៅកាន់ចារិក ផ្សេងៗអស់ហេមន្តរដូវ ខ្លះអស់​គិម្ហរ​​ដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោ​ល​ទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តិយ៍ មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅ្រសស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិពា្វជកមានលទ្ធិដទៃ ជាអ្នកពោល​ធម៌​អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាក់ចាំវស្សា ឬ សូម្បីពួកសត្វស្លាបទៀតសេាត ក៏គង់​តែធ្វើសំបុកលើចុងឈើ ហើយសម្ងំឈប់សម្រាកចាំវស្សាដែរ។ ពេល​មនុស្ស​​ទាំងឡាយកំពុងលើកទោសបែបនេះ ពួក​ភិក្ខុទាំង​នោះ​ក៏បាន​ឮច្បាស់​នឹង​ត្រ​ចៀក​ផ្ទាល់ហើយក៏នាំសេចក្តីនោះទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា “អនុជា នាមិ ភិក្ខុវេ វស្សំ ឧបគន្តុំ = ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា” ។

 

ខ.ការចូលវស្សា ឬចាំវស្សាមានពីរគឺ៖

១.បុរិមិកាវស្សា (វស្សាខាងដើម)

២.បច្ឆិមិកាវស្សា (វស្សាខាងចុង ១)។

 

សេចក្តីពន្យល់៖

ការចូលបុរិមិកាវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញ​នៅថ្ងៃ​ពេញបូណ៌មី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ ១ រោជ ខែទុតិយាសាឍ ព្រោះ​​​មានពុទ្ធានុញ្ញាតថា “អនុជានាមិ ភិក្ខុវេ រាជូនំ អនុវត្តិតុំ = ម្នាលភិក្ខុទាំងឡាយ តថាគ​តអនុញ្ញាតឲ្យចូលវស្សាទៅតាមការ អនុវត្តលេីខែរបស់ព្រះរាជាចុះ ” ។ ការ​ចូល​បច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែស្រាពណ៌ ហើយ​ចេញ​នៅថ្ងៃ​ពេញ​បូណ៌មី​ខែកត្តិក ។ ប្រសិនបើភិក្ខុណាមានធុរៈ មិនបាន​ប្តេជ្ញាអ​ធិដ្ឋាន​បាលី​ចូល​បុរិមិកា​វស្សា​ទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលបច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុ​ពុំអាច​គេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញាត្តិថា “ន ភិក្ខុវេ វស្សំ ន ឧបគន្តព្វំ យោន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស = ម្នាលភិក្ខុទាំងឡាយ​ភិក្ខុ​កុំមិន​ចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះ​ត្រូវអា​បត្តិ​ទុក្កដ”។

 

គ. សត្តាហករណីយ

ភិក្ខុ កាលបើបានប្តេជ្ញាអធិដ្ឋានចូលវស្សា ក្នុងអាវាសណាមួយហើយ ត្រូវ​ស្ថិត​នៅ​ក្នុង​បរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញ​ក្រៅអាវាស​នោះ​ឲ្យកន្លង​រាត្រី​ណា​​មួយឡើយ ដូចមានពុទ្ធប្បញ្ញាត្តិថា “ន ភិក្ខុវេ វស្សំ ឧបគន្ត្វា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវសិត្វា ចារិកា បក្កមិតព្វា យោបក្កមេយ្យ អាបត្តិ ទុក្កដស្ស = ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬ​បច្ឆិ​មិកា​វស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារិកឡើយ, ភិក្ខុណា​ចៀស​ចេញ​​ទៅត្រូវអាបត្តិទុក្កដ” ។ ប៉ុន្តែបើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំ​ច្បាប់​ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់​មកអាវាស​វិញឲ្យ​ទាន់​ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។ ឯធុរៈចាំបាច់​ដែលភិក្ខុ​លើក​យកមក​ធ្វើជា​មូល​ហេតុ​ដើម្បីលើកសត្តាហៈនោះគឺ៖

– ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ឧបាសក ឧបាសិកា ចង់ធ្វើទាន ចង់ស្តាប់ធម៌ ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន។

– ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជម្ងឺ ឬក៏មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន។

– បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជម្ងឺ ហើយ​គេ​បញ្ជូន​បម្រើ​មក ភិក្ខុ អាចលើកសត្តាហៈទៅបាន។

 

ឃ. ឯវិធីលើកសត្តាហៈនោះគឺ៖

ភិក្ខុ ត្រូវគ្រងចីពរឆៀងស្មាម្ខាង ចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋាន​បាលី​លើកសត្តាហៈថា “សចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ = ប្រសិន​គ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គ នឹងវិលត្រឡប់​មក​អាវាស​នេះ​វិញក្នុងចន្លោះនៃ៧ថ្ងៃ” (សូត្របីដង)។ បើភិក្ខុបានលើក​សត្តាហៈ​បែបនេះ​ហើយ​ចេញទៅ ស្រាប់តែមានឧបសគ្គតាមផ្លូវ ធ្វើឲ្យ​ភិក្ខុមិន​អាច​ត្រឡប់​មក​អា​វាស​វិញ ក្នុងចន្លោះនៃ៧ថ្ងៃទេ ភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស) ឡើយ ។ នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើ​ឲ្យភិក្ខុ​ត្រូវ​ចេញ​ចាក​អាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ។ អន្តរាយ​ទាំងនោះដូចជាសត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើង​ឆេះ​ស្រុក និងទីសេនាសនៈ, ទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួក​ទាយ​ក​ជាច្រើនឥតមានសទ្ធាជ្រះថ្លា, ខ្វះចង្ហាន់បិណ្ឌបាត, គ្មានឧបដ្ឋាកដ៏សមគួរ, ស្រី​ប្រលោមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ, នាងថុល្លកុមារី ប្រលោម ភិក្ខុ, មនុស្ស​ខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ, ស្តេចប្រលោមភិក្ខុ, ពួកចោរប្រលោមភិក្ខុ, អ្នកលេងប្រលោមភិក្ខុ, ភិក្ខុឃើញកំណប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា។

 

ង. ការកំណត់ចាំវស្សាក្នុងសម័យពុទ្ធកាល

ស្រុកភូមិណា ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែង​នាំ​គ្នា​រៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬ​ច្រើ​ន​អង្គតាមសទ្ធានិមន្ត ឲ្យគង់ចាំវស្សាទីនោះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ផ្សេងៗ។ ភិក្ខុមុននឹងសម្រេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវ​ពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិនសឹមទទួលនិមន្ត ។ បើ​ពិនិត្យ​ឃើញ​ថា កន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុ​គប្បី​ទទួល​និមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុង​រូង​ឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុង​អាង​ទឹក (និងទីកន្លែងមានរង្កៀស)។

 

ច. ទិដ្ឋភាពនៃការចូលវស្សា

ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃ ដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញាត្ត​ទុក​ត​មក​នោះ ពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការ​ចូលវ​ស្សា​របស់​​ភិក្ខុ​សង្ឃកម្ពុជា គេសង្កេតឃើញមានសកម្មភាព និងពិធី​អមគួប​ផ្សំមួយ​ចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ។

ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើត ត្រូវ​បាន​ឈប់​សម្រាក​​ចំនួនពីរសប្តាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោម ឯញា​តិ​ញោមក៏បវារណាចតុប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី។

មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរ​ប្រកូក​ប្រកាស​ដំណឹង​អំពី​ថ្ងៃចូលវស្សា និងសុំឲ្យឧបាសក ឧបាសិកា ទាយកទា​យិកា​ចំណុះជើង​វត្តជួយ​បរិច្ចាគ​ចតុប្បច្ច័យតាមកម្លាំងសទ្ធា ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​ដែលនឹង​គង់ចាំវស្សា​ក្នុង​វត្ត​របស់ខ្លួននាឆ្នាំនេះ។

ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់​វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ ។ តាមឯកសារនានា បានបញ្ចាក់ថា ព្រះ​អតីត​មហាក្សត្រ​ខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លា បំពេញព្រះរាជកុសល​ក្នុងឱកាស​ព្រះ​សង្ឃ​ចូលវស្សានេះដែរ ដូចជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និង​ពិធី​និមន្ត​ទេវរូបចូលវស្សាជាដើម។

នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿង​សម្ភារៈ​ប្រទក្សិណ​ព្រះវិហារ​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេន​ព្រះ​សង្ឃ ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត។

នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហា ។ ព្រះ​សង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើន​រំលឹក​អំពី​ក្រឹត្យ​វិន័យ ដែលទាក់ទងដល់ការចូលវស្សាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ទុតិយម្បិ ឥមស្មឹ… វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ… វស្សំ ឧបេមិ = ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះ អស់វារវពីរដងផង អស់វារៈបីដងផង” ជាកិច្ចបពា្ចប់នៃពិធីចូលវស្សា។

 

ពាក្យថាទៀនជានាមស័ព្ទ មានន័យថាគ្រឿងសម្រាប់អុជ ធ្វើដោយ​ក្រមួន​ឬខ្លាញ់​មាន​អំបោះជាប្រឆេះ សម្រាប់អុជយកពន្លឺជាសក្ការបូជាឬអុជបំភ្លឺតាមធម្មតា ។ ពេល​រដូវវស្សាយើងហែទៅប្រគេន ភិក្ខុ សាមណេរសម្រាប់​អុជក្នុង​ខែ​វស្សាយើង​ហៅ​ទៀននោះថា ទៀនវស្សា។

 

មុននឹងឈានដល់ការយល់ដឹងពីទៀនវស្សាខ្ញុំសូមរៀបរាប់ពីឈ្មោះរាយនាមទៀនខ្មែរ ដែលដកស្រង់ពីមជ្ឈមណ្ឌលនគរខ្មែរ៖ ទៀនរាយ, ទៀនគោល, ទៀនកល្ប, ទៀនពេល, ទៀនស្នែងក្របី, ទៀនជើងត្បូង, ទៀនបេះបក, ទៀនកុឡែ, ទៀន​បង្វិល​ពពិល, ទៀនជ័យ, ទៀនវស្សា, ទៀនត្រែង, ទៀនកំភ្លឹង។

 

»ទៀនកល្ប ទៀនមួយប្រភេទធំខ្លី សម្រាប់អុជជូនដំណើរបុគ្គល ដែលជិតនឹង​ទទួល​មរណភាព (ប្រើតាម ទម្លាប់អ្នកស្រុក ចំពោះតែអ្នកត្រូវការ)។

»ទៀនគោល ទៀនធំលញ់ ដោយក្រមួន ទម្ងន់តាំងពី ១ តម្លឹងឡើងទៅ សម្រាប់ប្រើ ក្នុងពិធីបុណ្យ និងមង្គលការផ្សេងៗ ឬបិទនៅគ្រែទេសនា ដោយសន្មតថា ជាគោលលើសអស់ទៀនទាំងពួង។

 

»ទៀនជ័យ ទៀនធំ សិតដោយក្រមួន តាំងពីទម្ងន់ ១៦ នាឡិឡើងទៅ សម្រាប់អុជ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ឬអុជក្នុងពិធីសូត្រ ភាណយក្ស ក្នុង​ព្រះ​បរមរាជវាំង (តាមទម្លាប់ រាជប្រពៃណី ក្នុងកម្ពុជរដ្ឋ) អុជទៀនជ័យ, លត់​ទៀន​ជ័យ។

 

»ទៀនវស្សា ទៀនធំស្រដៀងគ្នា នឹងទៀនជ័យ ប៉ុន្តែសិតដោយ ក្រមួនច្រើន ដែល​ទាយកទាយិកាធ្វើប្រគេនភិក្ខុសង្ឃ ក្នុងថ្ងៃ ១៥ កើត ឬថ្ងៃ ១ រោចខែអាសាឍ សម្រាប់ព្រះភិក្ខុសង្ឃ អុជបូជាចំពោះព្រះរតនត្រ័យរាល់យប់ ក្នុងរដូវវស្សា សិតទៀនវស្សា, ហែទៀនវស្សា, វេរទៀនវស្សា៕

 

ប្រភពនៃការសាងទៀនវស្សា

 

ប្រទេសខ្មែរ មានទំនៀមសាងទៀនវស្សាជាច្រើនរាជ្យមកហើយ បានជាថា​ដូច្នេះ​ដោយអាងគោល ២ យ៉ាង៖

 

១.ដោយឃើញបុរាណវត្ថុ គឺជើងទៀនវស្សាធ្វើពីថ្មភក់ ដែលពុទ្ធបរិស័ទ​វត្ត​លង្កា​ក្រៅ​ក្នុងខេត្តសៀមរាប បាននាំយកមកតម្កល់ទុកក្នុងមន្ទីរពុទ្ធសាសនបណ្ឌិត្យ ដែល​​អ្នកគ្រប់គ្រងមន្ទីរនេះបានតរូបជើងទៀននោះ ព្រមទាំងធ្វើសេចក្តី​អធិប្បាយ​រឿង​​ជើងទៀននោះ ចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយា ថាជើងទៀននោះ ប្រហែល​ជា​សាង តាំងពី ព.ស.២៣៥០, គ.ស.១៨០៧, ព.ស.២៤០០, គ.ស.១៨៥៧ ម៉េ្លះ។

 

២.ដោយឃើញព្រះរាជពង្សាវតារក្រុងកម្ពុជារជ្ជកាលព្រះបរមកោដ្ឋ (ព្រះអង្គឌួង) ថា ថ្ងៃ១៤ កើត ខែអាសាឍហែទៀនវស្សា ថ្ងៃ១៥កើត ខែអាសាឍ ហែទៀនវស្សា ថ្ងៃ១៥កើត ខែអាសាឍ​ អុជទៀនវស្សា និមន្តព្រះសង្ឃចូលព្រះវស្សា។

ព្រះករុណា បរមកោដ្ឋ ទ្រង់ប្រសូតក្នុង ព.ស.២៣៣៩, គ.ស.១៧៩៥, ទ្រង់​សោយ​រាជ្យ​ក្នុង ព.ស.២៣៩១, គ.ស.១៨៤៨, ទ្រង់សោយទិវង្គត ក្នុងព.ស.២៤០៤, គ.ស.១៨៥៩។

 

សង្កេតសករាជនៃរឿងទាំង២ គឺរឿងជើងទៀន វស្សា​របស់​វត្ត​លង្កា​ក្រៅ​ហើយ​និង​រឿង​ព្រះរាជកុសលសាងទៀនវស្សា របស់ព្រះករុណាបរមកោដ្ឋ ឃើញថា ស្រ​បាល​គ្នា គឺថាជើងទៀនវស្សារបស់វត្តលង្កាក្រៅ សាងក្នុង​រជ្ជកាល​ព្រះករុណា​បរម​កោដ្ឋ​នោះឯង។

ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បី​ព្រះសង្ឃ​អុជថ្វាយ​ព្រះរតនត្រ័យ​អស់​ខែ​បី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកម្ពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មាន​ក្បាច់​ត្រ​បក​ឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដួង ឬប្រេង​សណ្តែក​ដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះ ឆេះឆាប​អស់​មុន​ពេល​ចេញវស្សា។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប ទៅបិទ​ជាល​ម្អ​លើ​តួ​ទៀន​ក៏មាន។ របៀបធ្វើទៀនវស្សានេះ មាន​រចនា​ច្រើន​បែប​ណាស់តាម​ការ​និយម​របស់អ្នកស្រុក ។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់​អុជថ្វាយ​ព្រះ​រតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែ​ត្រូវ​អុជ​ឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ ។ ទំនៀម​ធ្វើ​ទៀន​វស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះ ពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរ​យើងនិយមសម្តែងនៅពេលចូលវស្សានេះឯង។ គម្ពីរនេះ ពុំមាន​ដាក់​ឈ្មោះ​អ្នក​តែង ហើយមិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ។ ឯសេចក្តីក្នុងសាស្ត្រានេះ ដំណាល​ថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់​ម្នាក់​រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោត​ចេញពីរូងមួយរៀងរាល់ថ្ងៃ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់​ក៏​ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយ​ក៏វេច​យកមក​បង្ហាញ​អ្នកជិត​ខាង​ឲ្យ​ជួយមើល ។ អ្នកជិតខាងប្រាប់ថា “អាចម៍ខ្លាឃ្មុំនេះ គេតែងយក​មក​ស្ងោរ​ធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក” ។ បុរសកម្សត់នោះ នឹកគិតថា “ចុះ​បើ​អាចម៍ខ្លាឃ្មុំនេះ គេអាចយកមក ធ្វើជាទៀនអុជបាន តើ​គេ​អាច​យក​ទាន​នោះ ទៅ​អុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ? ពេល​ដែល​បុរស​នោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់​តែឃើញ​ព្រះ​មហារោហន្ទ​ត្ថេរនិមន្តមកដល់ ក៏ទូលសួរលេាកតាមដំណើរ ។ ព្រះ​មហា​រោហន្ទត្ថេរ មានដីកាថា ”ជាការប្រសើរណាស់ ” ។ លុះ​បុរស​នោះ​ធ្វើ​បាន​ជា​ទៀន​ច្រើនហើយក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរ​ដែលជា​អ្នក​ដឹក​នាំទៅនោះ បានទូលព្រះអង្គថា ”បពិត្រព្រះអង្គដ៏ចម្រើន បុរស​នោះ​បាន​ទៅ​យក​អាចម៍ខ្លាឃ្មុំមកស្ងេារយកក្រមួនលញ់ជាទៀន យកមកអុជបូជាព្រះអង្គ ហើយ​សង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើប​ខ្ញុំព្រះ​អង្គនាំ​គាត់​ចូល​មក​នេះ” ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ”ម្នាលអាវុសោអើយ! បុរសនេះនឹង​ត្រូវ​បាន​ទទួលផលានិសង្សច្រើនប្រការ ប្រាថ្នាអ្វីសឹងបានដូចបំណងទាំងអស់” ។ បុរស​នោះស្តាប់ហើយ ត្រេកអរក្រៃលែង ។ នៅពេលដែល​បុរសយក​ទៀនទៅ​ថ្វាយព្រះ​ពុទ្ធ​អង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្តាលឲ្យក្តៅក្រហាយ ដល់ព្រះ​ឥន្ទ្រធិរា​ជ​ទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកម្សត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះវិស្សកម្ម​ទេវបុត្រឲ្យ​ទៅជប​ជា​ប្រាសាទ​មាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួន​ប្រកប​ដោយ​ដើម​ឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់​បម្រើ​ច្រើន​ត្រៀប​ត្រា ពុំមានខ្វះកន្លះអ្វីឡើយ។

លុះបុរស​ត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរ​ជាឃើញ​ឯប្រា​សាទ​ភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈ​មានដីកាថា ”ចូរអ្នកឡើងទៅនៅចុះ ព្រោះជា​លទ្ធផល​នៃបុញ្ញ​កម្ម​របស់​អ្នក​ហើយ”។

ដោយសារមានរឿងនិទានដូច្នេះហើយបានជាខ្មែរយេីងនិយមសិតទៀនវស្សាបូជាព្រះ នៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីពុទ្ធសាសនា​គ្មាននិយាយ​ទាក់ទង​ដល់​ទៀន​វស្សាទេ ប៉ុន្តែមាននិយាយពីប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជាមួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើ​ទៀន​វស្សា​បូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះ​ពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេល​ប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀន ឬភ្លើង​រលត់​ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សា​នេះ​ក៏​មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់​ថាជាការ​ដាច់​វស្សា​ហើយ តែក្នុងវិន័យមិនបាននិយាយថា ដាច់វស្សា​ព្រោះកា​ររលត់​ភ្លើងទៀន​នោះ​ឡើយ។

អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយ​ពញ្ញាក់​ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញាត្តិ កុំឲ្យមានការថ្លោះ​ធ្លោយ​ដាច់​វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើង​មិន​ប្រយ័ត្ន​ប្រាកដជាដាច់ពុំខាន ។ អ្នកខ្លះទៀតសន្និដ្ឋានថា ទៀន​វស្សា​នេះជា​និមិត្ត​រូប​នៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណ របស់ព្រះពុទ្ធអង្គ ដែលតែង​តែភ្លឺ​ស្វាង​និង​មានជានិច្ច ចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ។

រឿង​ដែលឧបាសក ឧបាសិកា និយម​ធ្វើសាដក​ប្រគេន​សង្ឃ​សម្រាប់​ស្រង់​ទឹកនោះ មាន​សម្តែងទុកនៅក្នុងគម្ពីព្រះត្រៃបិដក ភាគទី ៨ (វិន័យបិដក) ទំព័រ ១២៥ នៃចីវរក្ខន្ធកៈ ផងនិងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង។

 

ក/ គម្ពីព្រះត្រៃបិដក បានឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទៀប​ក្រុង​សាវត្ថី ។ វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះ​អង្គ​ដ៏​ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ជាមួយនឹង​ភិក្ខុសង្ឃ ។ ព្រះមានព្រះភាគទ្រង់ ទទួលនិមន្តដោយតុណ្ហីភាព ។ នាង​វិសា​ខាក៏​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះសាស្តាចេញទៅ ។ លុះរាត្រីកន្លង​ទៅមានភ្លៀង​ធំធ្លាក់​ចុះសព្វទ្វីប​ទាំង​បួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។ ជួនពេលនោះ នាងវិសាខា បាន​ប្រើ​ទាសី​ឲ្យ​ទៅ​និមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។ នាងទាសីក៏​ធ្វើដំណើរ​ទៅ​ដល់​វត្ត​ជេត​ពន រកមើលមិនឃើញពួកភិក្ខុសោះឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏​គិត​ថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកជម្រះកាយ រួចក៏​ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា ”បពិត្រ​អ្នក​នាង​ម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ”។ នាងវិសាខា ជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា ”ច្បាស់​ជា​លោក​ម្ចាស់ទាំង​ឡាយ​ដាក់​ចីវរ​ចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវក​ទៅ​វិញ” ។ នាងវិសាខាក៏ប្រេីនាងទាសីនេាះជាលេីកទីពីរទៀត ។ នាងទាសី​ក៏ទៅដ​ល់​វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ ។ នាង​វិសាខា រិះគិតថា ”ច្បាស់ជាលោក​ម្ចាស់ទាំង​ឡាយងូត​ទឹកហើយ​ចូលទៅ​លំនៅ​វិញ​ដូច​ដែល បានជានាងទាសីនេះមិនឃើញ” ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត ។ គាប់​ជួន​ដល់​វេលាភត្តកាលហើយ ព្រះសាស្តាក៏ទ្រង់ត្រាស់​ឲ្យពួក​ភិក្ខុរៀប​ចំចេ​ញ​ដំណើរ​ទៅផ្ទះ​នាង​វិសាខា ដើម្បីទទួលភក្ត តាមការនិមន្ត ។ លុះព្រះមានព្រះភាគ និងភិក្ខុ​សង្ឃ​គ្រាន់​តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា ”បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ​អង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ” ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ”ម្នាល​នាង​វិសាខា ធម្មតា ព្រះតថាគតទាំងឡាយគ្មានពរទេ” ។ នាងវិសាខាក្រាប​ទូលថា”​បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស” ។

 

ព្រះមានព្រះភាគទ្រង់ត្រាស់ថា ”ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ, ។ នាង​វិសាខា ក៏ក្រាបទូលថា ”បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ប្រគេន

១.វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)

២.អាគន្តុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)

៣.គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ)

៤.គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជម្ងឺ)

៥.គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបម្រេីភិក្ខុជម្ងឺ)

៦.គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)

៧.ធុវយាគូ (បបរសម្រាប់ភិក្ខុឆាន់ជានិច្ច)

៨.ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី

 

ព្រះសាស្តាទ្រង់ត្រាស់ថា ”ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបាន​ពរប្រាំបី​ប្រការ​អំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខាបើដូច្នេះ តថាគត​អនុញ្ញាត​ពរប្រាំបី​ដល់​នាង”។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើប​ពុទ្ធសាសនិក​ខ្មែរ និយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃ សម្រាប់ស្រង់ទឹក ជៀសវាង​ស្រង់ទឹក​អាក្រាត​កាយ, រហូតមកដល់បច្ចុប្បន្ននេះ។

 

ខ/ សាស្ត្រាអានិសង្សសាដក៖ សេចក្តីតំណាលថា មានទាសាទាសី ប្តីប្រពន្ធពីរនាក់ ។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ ”នាងអមយ្យទាសី” ។ ក្រោយមក ឪពុក​នាង​ក៏​ទទួល​មរណភាព​ទៅ ។ នាងក៏រស់នៅជាមួយម្តាយ ហើយធ្វើជា​ទាសីគេ​ទាំងពីរ​នាក់ម្តាយ​កូន​តទៅទៀត ។ ថ្ងៃមួយ នៅពេលចូលវស្សា នាងអមយ្យ​ទាសីបាន​ឃើញ​អ្នកស្រុក​នាំគ្នា​យកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្តីជ្រះថ្លាក្រៃលែង ប៉ុន្តែ​នាង​គ្មានលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀតទេ ព្រោះនាងទ័លក្រពេកណាស់។ នាងគិតមិនលេចសោះ ក្នុងការ​ស្វែង​រក​លុយ​កាក់​សម្រាប់​ធ្វើសាដក, នាង និងម្តាយ ក៏សម្រេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ថៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះ​នាង​ជំពាក់​គេក្រែ​​លណាស់ទៅហើយ ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា ”ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនាឃើញការកុសលនៅនឹងមុខហើយ ឈោ​ង​ចាប់​យកដូចគេពុំបាន តើកាលណាឡើយនឹងបានធ្វើបុណ្យនឹងគេ, បើ​អញ​ស្លាប់​អំពី​ជាតិ​នេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ, ណ្ហើយចុះ ដើម្បី​កុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្តីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្ត ខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក” ។ លុះនាង​គិតហើយ​ក៏ផ្លាស់​សំពត់​អំពីខ្លួន​យក​ទៅបោក​គក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ចត់​រួចយក​ទៅ​ប្រគេន​ព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយ​តាំងចិត្តអធិដ្ឋានថា ”សេចក្តីជ្រះ​ថ្លាដែល​ញាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ, លុះអនាគតជាតិទៅ សូមកុំ​ឲ្យខ្ញុំ​ស្គាល់​ការខ្វះខាតដូចជាតិនេះទៀតឡើយ” ។ ក្រោយមក ដោយ​អំណាច​ផលានិ​សង្ស ដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បាន​ទៅជាឯក​អគ្គម​ហេសី​នៃ​ព្រះរាជាមួយព្រះអង្គ ។ ដោយ​សារមាន​និទាន​នេះហើយ​ទើប​ខ្មែរយើង​និយម​ធ្វើ​សំពត់​សាដក ប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ។

 

តំណមក្នុងឱកាសចូលវស្សា

តាំងពីបុរាណកាលរៀងមកក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មាន​ទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀបមង្គលការកូនចៅ តំណមសង់​ផ្ទះ​សម្បែង ដោយចាត់ទុកថា ”ជាថ្ងៃឃ្លុប” ។ ចំពោះតំណមនេះ អ្នកប្រាជ្ញ​ខ្លះសន្និដ្ឋាន​ថា ”តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះ​បុរាណ​ណា​ចារ្យ​យើង​យល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជា​ខែដែល​យើង​មមាញឹក​បង្កបង្កើនផល” ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះ​លោក​យល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬជា​ហេតុ​មិនអាច​ធ្វើ​ផ្ទះ​សម្បែងបានល្អទេ។ តែបច្ចុប្បន្នភាពនេះមិនសូវមានការតមទេ ឲ្យតែមានពេល ហើយ​ភ្លៀវអាចចូលរួមបានច្រើនគេចាប់ផ្តើម​ធ្វើ ឬរៀបអាពាហ៍ពិពាហ៍៕

 

តើទៀនវស្សារលត់ឈ្មោះថាដាច់វស្សាដែរឬទេ?

ចំពោះទៀនវស្សា ដែលតម្កល់ក្នុងវត្តនានា នោះ​តាំង​ពីវេលា​អុជហើយ​សម័យ​បច្ចុប្បន្ន​ពុំ​មានត្រណមអ្វីតឹងតែងទេ សម័យបុរាណ មានត្រណមតឹងណាស់ គឺលោ​កចៅអធិការវត្តតែងតែចាត់ភិក្ខុសាមណេរ ១ រូប ឬ ២ រូប ឲ្យនៅថែ​រក្សា​ទៀន​វស្សាជានិច្ច ដោយផ្លាស់វេនគ្នាចាំដរាបដល់គ្រប់ ៣ ខែ គឺរហូតដល់​ថ្ងៃចេញ​វស្សា មិនឲ្យរលត់ទៀននោះឡើយ បើរលត់គេជឿថានឹងដាច់វស្សា តែតាម​ច្បាប់​ព្រះ​ពុទ្ធសាសនា វស្សារបស់ភិក្ខុណាដែលបានចូលក្នុង វត្តណា​នីមួយ​ហើយ​លុះ​ត្រា​តែ​ភិក្ខុនោះ ធ្វើឲ្យទាស់ខុស នឹងវិនយប្បញ្ញត្តិ មាន​ដើរ​ចេញ​ចាក​វត្ត​ឲ្យ​កន្លង​រាត្រី​ដោយពុំបានអធិដ្ឋានសត្តាហកិច្ចជាដើម ទើបដាច់ មិនមែន​ដាច់​ដោយ​រលត់​ទៀន​វស្សានោះទេ។

ត្រណមិនឲ្យរលត់ទៀនវស្សាកណ្តាលវស្សានេះ ជាប្រស្នាមួយ​ដែលរាប់​បញ្ចូល​ក្នុង​បណ្តាប្រស្នាអាថ៌កំបាំង លំបាកវិនិច្ឆ័យដែរ។

អ្នកសរ​សេររឿងនេះសូមវិនិច្ឆ័យ អំពីត្រណមនោះដូចតទៅនេះ៖ ធម្មតា ពួក​ព្រាហ្ម ក្នុងប្រទេសឥណ្ឌាវេលាធ្វើយញ្ញវិធី ឬមង្គលពិធីផ្សេងៗ គេតែង​យកភ្លើង​ជាធំ ។ រឿងនេះសឹងមានក្នុងព្រះសុត្តន្តបិដកថា អគ្គិហុតមុខា យញ្ញា យញ្ញ​ទាំង​ឡាយ (ក្នុងសាសនាព្រាហ្មណ៍) មានការបូជាភ្លើងជាប្រធាន ។ អធិប្បាយថា ពួក​ព្រាហ្មណ៍កាលគេធ្វើការបូជាយញ្ញ ឬមង្គលអ្វីមួយគេ​តែងអុជ​ទៀនឲ្យ​ឆេះតាំង​ពី​ដំបូង​រហូតដល់ទីបំផុត មិនឲ្យរលត់កណ្តាលការ បើរលត់គេយល់ថាមិនល្អ គឺ​គេ​សម្គាល់ភ្លើងនោះជាប្រផ្នូល ជាភស្តុតាងថា បើភ្លើងនោះ ឆេះដល់ចប់ពិធី សេចក្តី​សុខ​សេចក្តីចម្រើននឹងមានដល់អ្នកធ្វើពិធីនោះ រហូតមួយជីវិត បើរលត់​កណ្តាល​ការ សេចក្តីសុខសេចក្តីចម្រើនក៏រលត់កណ្តាលជីវិតដែរ។

ប្រទេស​កម្ពុជា វេលាធ្វើពិធីផ្សេងៗ ដូចយ៉ាងព្រះរាជពិធីរាជាភិសេក ឬចម្រើ​ន​ព្រះ​ជន្មវស្សា​នៃ​ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង តែងយក​ទៀន​ជ័យ​ជាគោល តាម​បែបព្រាហ្មណ៍ ។ ទៀនជ័យនោះកាលណាអុជហើយ គេរក្សាទុកមិនឲ្យរលត់ ដរាបដល់អស់កិច្ចព្រះរាជពិធីនោះទើបរលត់ដោយពិធី ហៅថា ពិធី​រំលត់​ទៀន​ជ័យ​​ដែលព្រះរាជាទ្រង់ប្រារព្ធ ជាមួយនឹង​សម្តេច​ព្រះសង្ឃ​នាយក​ទាំង​ពេល​អុជ​ទាំង​ពេល​រំលត់។

 

សេចក្តីសន្និដ្ឋាន

ពេលវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយ​មានតម្លៃ​ពិសេស​ព្រោះ​វាជា​សញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើន​សេចក្តីព្យាយាមបំពេញគន្ថធុរៈក្តី វិបស្សនាធុរៈក្តី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់ ។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ ។ ដូច្នេះ​ហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោក​​យ៉ាង​ខ្លាំង​ប្លែក​ពី​ធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក, ដាក់បិណ្ឌ, ភ្ជុំបិណ្ឌ… ដើម្បី​សម្តែង​នូវ​សមាន​ចិត្ត, ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បី​ជាផលា​និសង្ស​សម្រាប់ខ្លួនផង។

______________

ផ្សាយចេញពីវត្ត ប្រាសាទស្រះកណ្តាល (ខ្ចាស់)

បន្ទាយមានជ័យ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៣

រៀបរៀងដោយ៖ សាមណេរ ធម្មាលង្ការោ ចាន់ សុជន

អត្ថបទធម្មទានដោយ៖ FB សច្ចធម៌

អត្ថបទទាក់ទង