Grand News Asia Close

ចំណេះដឹងទូទៅ៖ វិជ័យ (Vijaya) រាជធានីដ៏ល្បីល្បាញរបស់អាណាចក្រចាម្ប៉ា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 318
ចំណេះដឹងទូទៅ៖ វិជ័យ (Vijaya) រាជធានីដ៏ល្បីល្បាញរបស់អាណាចក្រចាម្ប៉ា ចំណេះដឹងទូទៅ៖ វិជ័យ (Vijaya) រាជធានីដ៏ល្បីល្បាញរបស់អាណាចក្រចាម្ប៉ា

FN (ភ្នំពេញ)៖ ដោយសារត្រូវកងទ័ពដាយវៀតវាយលុកចូលរាជធានីក្រុងឥន្ទ្របុរៈ (Indrapura) ក្សត្រក៏បានបន្តរើរាជធានីទីក្រុងដ៏សំខាន់មួយនៅវិជ័យ ឬវិជយៈ (Vijaya) ដើម្បីកសាងកម្លាំងដែលនៅសេសសល់ ពង្រឹងអំណាចរាជការ និងយោធា ទប់ទល់នឹងការវាយលុកបន្តរបស់ពួកយួនដាយវៀត។

ជារឿយៗ កងទ័ពចាមបានវាយទៅកាន់ភាគខាងជើង ដើម្បីដណ្ដើមទឹកដីដែលបានបាត់បង់មកវិញ ដូចជា ក្រុងសិង្ហបុរៈ ក្រុងឥន្ទ្របុរៈ ក្រុងអមវតីជាដើម។ ប៉ុន្តែនៅពេលដែលអាណាចក្រដាយវៀតត្រូវបានគ្រប់គ្រងដោយស្ដេចលីញ៉ាតុង (Ly Nhan Tong) កងទ័ពដាយវៀតបានវាយបកមកលើក្រុងវិជ័យវិញនៅឆ្នាំ១០៦៩ ដើម្បីសងសឹកលើចំពោះការរំខាននៅព្រំដែនខាងត្បូង។ ពេលនោះហើយដែលក្សត្រចាមព្រះបាទរុទ្រវម៌្មទី៣ (Rudravarman III) ត្រូវចាញ់សង្រ្គាមជាមួយដាយវៀត និងបានរត់មកទឹកដីចក្រភពខ្មែរបំណងសុំសិទ្ធិជ្រកកោណ ប៉ុន្តែត្រូវកងទ័ពយួនចាប់បានតាមផ្លូវ ទម្លាក់ជាឈ្លើយសឹក។ សព្វមុខនាម៉ឺនមន្ត្រីចាមបានស្នើសុំព្រះរាជារបស់ខ្លួនមកវិញ ជាថ្នូរនឹងការកាត់ក្រុងភាគខាងជើងចំនួន៣ឱ្យទៅអាណាចក្រដាយវៀត នោះគឺក្រុងសិង្ហបុរៈ ក្រុងឥន្ទ្របុរៈ និងក្រុងអមរវតី។

រាជការចាមក្រុងវិជ័យក៏ជាប់ពាក់ព័ន្ធក្នុងសង្រ្គាមជាមួយមហាអំណាចខ្មែរក្នុង​សតវត្ស​ទី១២ និង​ទី១៣ដែរ។ ការលុកលុយរបស់កងទ័ពខ្មែរទៅលើក្រុងវិជ័យ ទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយព្រះបាទសូរ្យវម៌្មទី២ ក៏វាយបំបាក់ក្រុងវិជ័យបាននៅឆ្នាំ១១៤៥ ដោយផ្តួលរំលំព្រះបាទជយឥន្ទ្រវម៌្មទី៣ (Jaya Indravarma III) និងបានដាក់ព្រះញាតិវង្សរបស់ព្រះអង្គ ព្រះនាមហរទេវៈ ធ្វើជាព្រះរាជទេសាភិបាលនៅក្រុងវិជ័យ។ ប៉ុន្តែនៅឆ្នាំ១១៤៩ ព្រះហរិទេវៈ ក៏ត្រូវកងទ័ពចាមវាយបណ្តេញពីក្រុងវិជ័យវិញ ហើយក្រោយមកក៏បានវាយមកដល់រាជធានីក្រុងយសោធរបុរៈរបស់ខ្មែរថែមទៀត។ ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ក្រុងវិជ័យក៏ធ្លាក់ក្រោមចំណុះឱ្យចក្រភពខ្មែរម្ដងទៀត។ ប៉ុន្តែរហូតដល់រាជ្យព្រះបាទឥន្ទ្រវម៌្មទី២ (បុត្រព្រះបាទជយវម៌្មទី៧) នាសតវត្សទី១៣ ព្រះអង្គក៏បានប្រគល់ឯករាជ្យឱ្យក្សត្រចាមវិញ។

ក្រុងវិជ័យ ត្រូវដណ្តើមកាន់កាប់បានដោយកងទ័ពរាជវង្សយ័ន (Yuan Dynasty) ដែលដឹកនាំដោយមេទ័ពម៉ុងហ្គោល Sogetu នៅដើមឆ្នាំ១២៨៣។ ក្រោយមក ពួកម៉ុងហ្គោលត្រូវបានបណ្តេញចេញទៅវិញ ប៉ុន្តែទីក្រុងនេះបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយទ្រព្យសម្បត្តិមានតម្លៃនានា​ត្រូវបានបាត់បង់។ នៅឆ្នាំ១៣៧៧ ទីក្រុងនេះត្រូវបានឡោមព័ទ្ធដោយកងទ័ពវៀតណាម។ សង្រ្គាមធំៗជាមួយវៀតណាម ត្រូវបានប្រយុទ្ធម្តងទៀតនៅអំលុងសតវត្សទី១៥ ដែលនៅទីបំផុតនាំទៅដល់ការបរាជ័យរបស់ពួកចាមនៅក្រុងវិជ័យ និងការដួលរលំនៃអាណាចក្រចាម្ប៉ាខាងជើង នៅឆ្នាំ១៤៧១។ ព្រះរាជាចាមក្រោយក៏បានបង្កើតរដ្ឋថ្មីនៅរាជធានីក្រុងគោធរៈ (ខេត្តញ៉ាចាង) និងនៅក្រុងបណ្ឌុរង្គៈ (ខេត្តហ្វាន់រ៉ាង) ភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន៕

 

 

 

 

 

 

 

 

អត្ថបទទាក់ទង