Grand News Asia Close

ចំណេះដឹងទូទៅ៖ តើសត្វនាគ តំណាងឱ្យអ្វីខ្លះក្នុងវប្បធម៌និងអរិយធម៌ចិន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 306
ចំណេះដឹងទូទៅ៖ តើសត្វនាគ តំណាងឱ្យអ្វីខ្លះក្នុងវប្បធម៌និងអរិយធម៌ចិន? ចំណេះដឹងទូទៅ៖ តើសត្វនាគ តំណាងឱ្យអ្វីខ្លះក្នុងវប្បធម៌និងអរិយធម៌ចិន?

(ភ្នំពេញ)៖ សត្វនាគ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌និងអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ពិសេសវប្បធម៌សត្វនាគបានជ្រាបចូលជីវភាពរស់នៅរបស់ប្រជាជនចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អាស្រ័យហេតុនេះមកទល់បច្ចុប្បន្នជនជាតិចិននៅតែហៅខ្លួនឯងថាជា «ទាយាទសត្វនាគ»។ បុណ្យចូលឆ្នាំចិនខាងមុខ២ថ្ងៃទៀតនេះ គឺជាឆ្នាំរោង ដូច្នេះតើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន?

កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ពន្ធជនជាតិហួរសៀ (ជនជាតិចិនបច្ចុប្បន្ន) ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹម (totem) របស់ខ្លួន។ ក្រោយមក កុលសម្ពន្ធជនជាតិហួរសៀបានបង្រួបបង្រួមជាមួយកុលសម្ពន្ធដទៃទៀត ហើយក៏ស្រូបយកតូតឹមរបស់កុលសម្ពន្ធដទៃ បង្កើតបានជារូបសញ្ញាសត្វនាគដែលមានខ្លួនពស់ ក្បាលជ្រូក ស្នែងប្រើស ត្រចៀកគោ ពុកមាត់ពពែ ក្រញាំឥន្ទ្រី និងស្រកាត្រី ដូចជារូបសត្វនាគដែលយើងបានឃើញបច្ចុប្បន្ន។

តាំងពីដើមមក នាគចិនបានតំណាងឱ្យសិរីសួស្តី អំណាច សេចក្តីថ្លៃថ្នូរ សំណាងល្អ បញ្ញា ថាមពល និងភាពអង់អាចក្លាហាន។ល។ ក្នុងសម័យបុរាណចិន សត្វនាគជាសញ្ញាសម្គាល់នៃព្រះរាជវង្សានុវង្ស ដែលបង្ហាញពីឫទ្ធានុភាព និងកិត្យានុភាពស្តេចផែនដី ហើយព្រះចៅផែនដីតែងហៅខ្លួនឯងថាជា «នាគរាជចុះពីឋានសួគ៌» អាស្រ័យហេតុនេះ មានតែស្តេចផែនដីនិងព្រះរាជវង្សានុវង្សប៉ុណ្ណោះដែលអាចប្រើរូបសញ្ញាសត្វនាគ ដូចជាការប៉ាក់រូបនាគនៅលើព្រះពស្ត្រា ការដាក់បញ្ចូលធាតុនាគទៅក្នុងរចនាបថសំណង់ របស់របរប្រើប្រាស់នៅក្នុងព្រះរាជដំណាក់ និងផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរាជបល្ល័ង្ក ដែលជាការស្តែងពីឫទ្ធានុភាពរបស់អ្នកគ្រប់គ្រងផែនដី។

ក្នុងសម័យបច្ចុប្បន្ន រូបសត្វនាគត្រូវបានប្រជាជនចិនប្រើប្រាស់ជាទូទៅ ពោលគឺលែងជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាទៀតឡើយ។ ប្រជាជនចិនជឿជាក់ថា សត្វនាគអាចនាំមកនូវសិរីមង្គល និងសំណាងល្អ ដូចនេះទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីសំខាន់ៗគេតែងឃើញមានវត្តមាននៃរូបសត្វនាគនៅលើសម្ភារៈផ្សេងៗ។

ក្នុងពិធីអាពាហ៍ពិពាហ៍ រូបនាគនិងហង្សជារបស់មិនអាចខ្វះបាន ព្រោះសត្វនាគតំណាងឱ្យកូនប្រុស ឯសត្វហង្សតំណាងឱ្យកូនស្រី ដែលនាំមកនូវសិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មី ហើយនេះក៏ជាការរំលេចពីវប្បធម៌ចិនដែលជនជាតិចិនតែងហៅខ្លួនឯងថាជា «ទាយាទសត្វនាគ» ផងដែរ។

ក្នុងអក្សរសិល្ប៍ចិន ពាក្យ «នាគ» ត្រូវបានប្រើប្រាស់គួបផ្សំជាមួយនឹងពាក្យជាច្រើនបង្កើតជាកន្សោមពាក្យដែលប្រៀបធៀបអំពីរឿងរ៉ាវផ្សេងៗ ពិសេសតំណាងឱ្យភាពខ្លាំងក្លា រឹងមាំ ឫទ្ធានុភាព និងស្មារតីអង់អាចក្លាហានជាដើម ដែលជាធាតុផ្សំដ៏សំខាន់នៃអក្សរសិស្ប៍ដែលត្រូវបានប្រជាជនចិន និងអ្នករៀនសូត្រអក្សរចិនប្រើប្រាស់យ៉ាងទូលំទូលាយ។

គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះត្រូវជាឆ្នាំរោង ដូចនេះប្រជាជនចិនដែលមានវប្បធម៌សត្វនាគដ៏សម្បូរបែប និងមានមនោសញ្ចេតនាដ៏ពិសេសចំពោះសត្វនាគ ពួកគេជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពក្សេមក្សាន្ត។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានសម្រេចចិត្តជាឯកច្ឆន្ទដោយកំណត់យកថ្ងៃបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ។ តំណាងប្រទេសចិនបានថ្លែងថា «ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីសំខាន់បំផុតរបស់ចិន បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំគ្រួសារ និងទទួលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាការបន្តវេននូវទស្សនសន្តិភាព ភាពសុខដុមរមនា និងភាពចុះចម្រុងគ្នាជាដើម ដែលជាអរិយធម៌ចិន ហើយវាក៏ជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលដែលបង្ហាញពីសុខដុមនីយកម្មនៃក្រុមគ្រួសារ សង្គមដែលប្រកបដោយបរិយាបន្ន និងការរស់នៅដោយចុះចម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ។ ប្រទេសជាច្រើនបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកតាមច្បាប់ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណ១ភាគ៥នៅលើពិភពលោកបានអបអរថ្ងៃបុណ្យចូលឆ្នាំចិនតាមទម្រង់ខុសៗគ្នា។

ជាការពិតណាស់ ការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការយល់ដឹងអំពីប្រពៃណីនិងទំនៀមទម្លាប់នៃប្រទេសមួយ ហើយក៏ជាវិធីសាស្ត្រដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទងនៃជាតិសាសន៍ទីទៃគ្នាផងដែរ។ ការរៀនសូត្រនិងទទួលយកវប្បធម៌និងអរិយធម៌ល្អៗទៅវិញទៅមក ពិសេសបុណ្យចូលឆ្នាំថ្មីដែលជានិមិត្តរូបនៃវប្បធម៌នៃជាតិសាសន៍នីមួយៗ នឹងអាចធ្វើឱ្យវប្បធម៌និងអរិយធម៌ទីទៃគ្នាមានភាពបរិយាបន្នទៅវិញទៅមក និងឈានដល់ភាពសុខដុមនីយកម្មនៃអរិយធម៌សកលដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិយើង៕

ប្រភព៖ តាំង ស៊ីឡេង បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទទាក់ទង