សង្ក្រាន្តមានន័យម្តេច
តើពាក្យថា សង្ក្រាន្ត មានប្រភពមកពីណា? មានប្រវត្តិដូចម្ដេចនៅកម្ពុជា? ហើយសង្ក្រាន្តមានន័យថា ចូលឆ្នាំថ្មី មែនឬទេ? លោកសាស្ត្រាចារ្យ ហ៊ុន ឈុនតេង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញសិលាចារឹកខ្មែរបានពន្យល់តាមរយៈអត្ថបទរបស់លោកដូច្នេះថា៖
មុនដែលប្រជាជនខ្មែរបានឮ បានស្គាល់អំពីអង្គរសង្ក្រាន្ត ឬសង្ក្រាន្តផ្សេងៗ យើងធ្លាប់ឮតែពាក្យ «មហាសង្ក្រាន្ត» បើទោះបីជាតាមរយៈបទចម្រៀងក្តី ឬតាមឯកសារផ្សេងៗ ក្ដី។ តើ «សង្ក្រាន្ត» និង «មហាសង្ក្រាន្ត» ខុសគ្នាឬទេ?
ជាដំបូង យើងនាំគ្នាពិនិត្យមើលប្រភពឯកសារដែលយើងនិយមប្រើប្រាស់ទាំងអស់គ្នាជាមុនសិន។ វចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យលើកទី៥ បានបង្ហាញថា «សង្ក្រាន្ត» ជាពាក្យមកពីភាសាសំស្ក្រឹតថា «សង្ក្រាន្ត» មានន័យថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបមួយជុំរាសិចក្រ គឺដំណើរដែលដើម និងចុងនៃរាសិចក្រជួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី) ពិធីចូលឆ្នាំថ្មី (សង្ក្រាន្តមានបីថ្ងៃគឺ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជាពារកណ្ដាល ឬហៅថា វ័នបត(ថ្ងៃខ្វាក់) ថ្ងៃទី៣ ជាពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង។
គួរកត់សម្គាល់ថា ពាក្យ «សង្ក្រាន្ត» ក្ដី ក៏ដូចជាពិធីទាក់ទងនឹង «សង្ក្រាន្ត» ក្តី គឺទទួលឥទ្ធិពលពីឥណ្ឌា។ ដូច្នេះជាបន្ទាប់ យើងត្រូវទៅមើលឥណ្ឌាម្ដង។ ក្នុងភាសាសំស្ក្រឹត ពាក្យ «សង្ក្រាន្ត» មកពីបុព្វបទ «សំ» (ជាមួយ) + «ក្រាន្ត» (ឈានហើយ) មានន័យថាឆ្លងពី មួយទៅមួយ ឈានពីកន្លងមួយទៅកន្លែងមួយ។ ចំណែកនៅក្នុងតារាសាស្ត្រ «សង្ក្រាន្ត» ឬ «សង្ក្រាន្តិ» សំដៅដល់ដំណើរផ្លាស់ទីរបស់ព្រះអាទិត្យ ពីរាសីមួយទៅកាន់រាសីមួយទៀត។ ល្វែងរបស់រាសីមួយមានគម្លាត៣០អង្សា នាំឱ្យគេចែក «សង្ក្រាន្ត» នេះចែកជា១២ តាមរាសីទាំង១២នោះដែរ។ ដូច្នេះ មួយជុំល្វែងរាសីមាន៣៦០អង្សា។ តាមជំនឿ និងហេតុផលដោយឡែកពីគ្នា ប្រជាជននៅតំបន់ផ្សេងៗ បានជ្រើសរើសយក «សង្ក្រាន្តិ» ណាមួយក្នុងចំណោម១២ ដើម្បីប្រារព្ធពិធីចូលឆ្នាំ។ នៅប៉ែកខ្លះនៃប្រទេសឥណ្ឌា គេជ្រើសរើសយក «មករាសង្ក្រាន្ត» ដើម្បីប្រារព្ធពិធីចូលឆ្នាំ និងមានពិធីបង្ហោះខ្លែងផងដែរ។ កន្លែងខ្លះជ្រើសរើស កក្កដាសង្ក្រាន្ត ឬធ្នូសង្ក្រាន្ត ដើម្បីប្រារព្ធពិធីចូលឆ្នាំ។ នៅភាគខ្លះ នៅឥណ្ឌា និងដែនអាស៊ីអាគ្នេយ៍ គេជ្រើសរើស «មេសរាសី» ឬ «មេសសង្ក្រាន្ត» ដើម្បីប្រារព្ធពិធីចូលឆ្នាំ ដោយយល់ថាពេលនោះថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ដូច្នេះយើងឃើញថា ពាក្យ «សង្ក្រាន្ត» ឬពាក្យ «សង្ក្រាន្តិ» មិនមែនជាពាក្យកំណត់ថាជាពេលចូលឆ្នាំនោះឡើយ ដ្បិតក្នុងមួយឆ្នាំមាន១២សង្គ្រាន្តឯណោះ។
បើមើលតាមរយៈឯកសារសិលាចារឹកវិញ កាលពីបុរាណពាក្យនេះមានសំណេរបី បែបគឺ «សំក្រាន្ត, សង់ក្រាន្ដ និងសង្ក្រាន្ត»។ ពាក្យ “សង្ក្រាន្ត” ដែលចាស់ជាងគេទំនងមានក្នុងសិលាចារឹកប្រាសាទភិមានអាកាស (K.291) ផ្ទាំងខាងជើង បន្ទាត់ទី៣១-៣២ ចារនៅ មហាសករាជ ៨៣២ ត្រូវនឹងគ្រិស្តសករាជ ៩១០ ក្នុងរាជ្យព្រះបាទហស៌វរ្មទី១ នៅត្រង់ចំណុចរៀបរាប់ពីដង្វាយប្រចាំថ្ងៃសង្ក្រាន្ត។ ទោះបីជាសំណេរបែបណាមួយក៏ដោយ ក៏ពាក្យនេះពុំបានបង្ហាញពីការចូលឆ្នាំនោះឡើយ ប៉ុន្តែសំដៅដល់ការផ្លាស់រាសីមួយចូលរាសីមួយទៀតប៉ុណ្ណោះ។
សិលាចារឹកប្រាសាទបេង (K.989) បានរៀបរាប់ពីដង្វាយសម្រាប់ថ្ងៃពិសេសៗ ដូចមានឃ្លាថា […] (រៀងរាល់) ថ្ងៃសូរ្យគ្រាស ចន្ទ្រគ្រាស សង្ក្រាន្ត បញ្ចោត្សវ(បុណ្យទាំង៥ប្រចាំឆ្នាំ) មហោត្សវ(បុណ្យធំ) ថ្ងៃពិសេស ត្រូវរៀបដង្វាយគ្រូដល់បុរោហិតវៃស្ណវៈ មានសំលៀកផ្លាស់១បន្លាស់ ដង្វាយបូជាជាស្រូវ១កញ្ជើ […]។
ចំណែកឯសិលាចារឹកភ្នំសណ្ដក (K.195) សរសេរថា […] (កាល)ធ្វើអាស្រម គប្បីថ្វាយគ្រឿងដង្វាយ ដល់ព្រះមានព្រះចរុ១ ប្រចាំថ្ងៃសង្ក្រាន្ត១ដើ […]។
ឥឡូវយើងមកមើលសិលាចារឹកដែលមានប្រើពាក្យ «សង្ក្រាន្ត» ដែលភ្ជាប់ជាមួយកាលបរិច្ឆេទម្តង។ សិលាចារឹកទេពប្រណម្យ (K.290) សរសេរថា […] ឆ្នាំ ៩២៧ នៃមហាសករាជ ២កើត ខែពិសាខ ថ្ងៃសៅរ៍ ថ្ងៃសង្ក្រាន្ត […] ។
![សិលាចារឹកទេពប្រណម្យ K.290 សិលាចារឹកទេពប្រណម្យ K.290](https://grandnewsasia.com/app/uploads/2024/04/Stone-Script-K.290.jpg)
សិលាចារឹក (K.391) សរសេរថា […] ឆ្នាំ ១០០៤ មហាសករាជ ថ្ងៃពេញ បូណ៌មី ខែកត្តិក ឫក្សកតិកា ថ្ងៃសង្ក្រាន្ត ថ្ងៃសុក្រ។
![](https://grandnewsasia.com/app/uploads/2024/04/Stone-Script-K.391.jpg)
សិលាចារឹក (K.392) ពុំមានចុះកាលបរិច្ឆេទ ប៉ុន្តែមានខែថ្ងៃ មានសេចក្ដីសម្រួលថា […] ថ្ងៃទី១៣កើត ខែមិគសិរ ថ្ងៃសៅរ៍ ថ្ងៃសង្ក្រាន្ត […] ។
![](https://grandnewsasia.com/app/uploads/2024/04/Stone-Script-K.392.jpg)
ចំណែកឯ សិលាចារឹកកំផែងណៃ (K.374) មានប្រើពាក្យដែលគួរឱ្យចាប់អារម្មណ៍គឺ «វិសុវសំក្រាន្ដ» ដែលសម្គាល់ដល់វេលាដែលយប់ និងថ្ងៃមានពេលស្មើគ្នា។ សិលាចារឹកនោះ មានសេចក្ដីសម្រួលថា […] ឆ្នាំ ៩៦៤ មហាសករាជ ពីរកើត ខែចេត្រ ថ្ងៃវិសុវសង្គ្រាន្ត […] ។
![](https://grandnewsasia.com/app/uploads/2024/04/Stone-Script-K.374.jpg)
តាមរយៈការបង្ហាញខាងលើ យើងឃើញថាកាលដើមឡើយខ្មែរយើងពុំបានប្រើពាក្យ «សង្ក្រាន្ត» ដើម្បីសម្គាល់ថ្ងៃចូលឆ្នាំនោះឡើយ។ បើយើងយល់ថាពាក្យ «សង្ក្រាន្ត» ដែលមានភ្ជាប់នឹងកាលបរិច្ឆេទខាងលើត្រូវគ្នានឹងចូលឆ្នាំនោះ ហេតុអ្វីក៏ម្ដងចូលឆ្នាំខែនេះ ម្តងចូលឆ្នាំខែនោះទៅវិញ។ ដូចបានជម្រាបមកហើយថា ពាក្យនេះគ្រាន់តែសំដៅដល់ការដូររាសីតាមតារាសាស្ត្រប៉ុណ្ណោះ។ បន្ថែមពីនេះ ក៏ដូចជាគ្មានឯកសារសិលាចារឹកណា មួយនិយាយពីរឿងចូលឆ្នាំនេះដែរ។
ឥឡូវយើងមកមើលពាក្យ «មហាសង្ក្រាន្ត» វិញម្ដង។ ពុំមានឯកសារតាមរយៈសិលាចារឹកនិយាយពីពាក្យនេះឡើយ ប៉ុន្តែយើងឃើញមានឯកសារចាស់ៗមួយចំនួនបាន បង្ហាញពីពាក្យនេះ ដូចជាសៀវភៅ «សូរ្យយាត្រឡើងស័ក-ប្រក្រតិទិន» ឬសៀវភៅ «មហាសង្ក្រាន្ត» តាមឆ្នាំនីមួយៗ ជាដើម ដែលមានចេញផ្សាយជារៀងរាល់ឆ្នាំ។
![](https://grandnewsasia.com/app/uploads/2024/04/Poav-Um-Book.jpg)
បើគិតតាមការពន្យល់ខាងលើ យើងអាចយល់បានយ៉ាងងាយអំពីពាក្យនេះ ហើយហេតុអ្វីចាស់បុរាណ ប្រើពាក្យនេះ។ «មហា» មានន័យយ៉ាងសាមញ្ញថា «ធំ»។ ដូច្នេះ «មហាសង្ក្រាន្ត» មានន័យថា សង្ក្រាន្តធំ។ ហេតុអ្វីគេបានជាធំ? ដ្បិតគេកំណត់ថាថ្ងៃសង្ក្រាន្តណា ដែលរាប់ថាជាថ្ងៃ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី គឺរាប់ថាជា «មហាសង្ក្រាន្ត» ហើយ។ ពាក្យ «មហាសង្ក្រាន្ត» ហាក់ចាប់ផ្ដើមសាបបន្តិចម្ដងៗពីសង្គមខ្មែរ ម្យ៉ាងដោយសារមានការជំនួសដោយព្រឹត្តិការណ៍ធំៗនានា នៅពេលចូលឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រភព៖ Troryorng
សម្រួលចេញពីអត្ថបទរបស់សាស្ត្រាចារ្យ ហ៊ុន ឈុនតេង