(វីដេអូ) សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ
ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធី “ទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ”។ រូបខ្ញុំផ្ទាល់ ជាមួយនឹងប្រជាជនកម្ពុជាទាំងមូល សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្រ្គាមស៊ីវិល ការលួច និងជួញដូរខុសច្បាប់ទៅក្រៅប្រទេស។
សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានដ៏រឹងមាំ និងមានតម្លៃពុំអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាអាចឈានមកដល់ការអភិវឌ្ឍលើគ្រប់ វិស័យដូចសព្វថ្ងៃ និងប្រជាជនរស់នៅដោយសុខដុមរមនា។ ថ្ងៃនេះ អង្គពិធីទាំងមូលកំពុងស្ថិតនៅចំពោះមុខរូបបដិមាព្រះឥសូរ ជាអាទិទេពកំពូលមួយនៅក្នុងព្រហ្មញ្ញសាសនា និងក៏ជាឪពុករបស់បុត្រទាំងពីរ គឺ ព្រះស្កន្ទ និង ព្រះគណេស ដែលកំពុងគង់នៅអមសងខាងឪពុកនាពេលនេះ។ ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬ ជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ដែលមានយានជាសត្វក្ងោក។ នៅសម័យបុរាណខ្មែរមានជំនឿទៅលើទេពអង្គនេះខ្លាំងណាស់ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលាចារឹក។ ចំណែកឯ ព្រះគណេស ដែលមានក្បាលដំរីនេះ គឺជាទេពនៃបញ្ញាញាណ និងជំនះឧបសគ្គ ទាំងឡាយ ដូច្នេះហើយទើបព្រះអង្គ ស្ថិតក្នុងចំណោមទេពមួយ ដែលត្រូវបានគេគោរពបូជាជាងគេ ក្នុងជំនឿសាសនាព្រាហ្មណ៍។ ពេលនេះ គ្រួសារអាទិទេពមួយ (ឪពុក និងកូនទាំងពីរ) បានជួបជុំ គ្នាឡើងវិញ តាមរយៈបញ្ញាញាណដ៏ខ្ពស់បំផុតក្នុងការស្វែងរកសន្តិភាព ក្រោយពីបានបែកគ្នាអស់ជាង ៤ ទសវត្សរ៍កន្លងទៅ ដោយសារជនទុច្ចរិតបានលួចចេញពី ក្រុមប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៃសង្គ្រាម។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមានសារ:សំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអទិទេព ក៏ត្រូវការនូវសន្តិភាពសម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។
បច្ចុប្បន្ន កម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាង នៃសម្បត្តិវប្បធម៌ ដែលត្រូវបានលួចយកចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមមធ្យោបាយចរចាដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះ ដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយ និងបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះ ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
ពិធីដែលយើងកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។
កម្ពុជា ក្នុងនាមជាប្រទេសតូចមួយដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងទទួលរងនូវភាពខ្ទេចខ្ទាំយ៉ាងដំណំ បច្ចុប្បន្នបានធ្វើសមាហរណកម្មខ្លួនយ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងដើរតួនាទីយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចការសកលនៃការអភិរក្សមរតកវប្បធម៌ និងអារ្យធម៌របស់មនុស្សជាតិ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានរួមចំណែកធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលវិសេសវិសាលទាំងនេះ។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះមានដូចជាក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តម ប៉ាទ្រិក ម៉ូរហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។
កិច្ចសហការរវាងប្រទេស និងប្រទេសដៃគូ ជាមួយអង្គការអន្តរជាតិនានា ដែលនាំមុខដោយ អង្គការយូណេស្កូលើកិច្ចគាំពារ សហការ ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ គឺជាគំរូដ៏មានតម្លៃ និងសារ:សំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាននៃសាធារណមតិ ក៏ដូចជានិន្នាការសីលធម៌ និងគុណធម៌សកលលោក ដែលយល់ឃើញកាន់តែច្រើនឡើងៗថា មរតកបេតិកភណ្ឌនៃប្រទេសណា គួរតែបានវិលត្រឡប់ទៅកាន់មាតុភូមិកំណើតរបស់ខ្លួនវិញ។
ជាការពិត ការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិពរណ៌វត្ថុ សិល្បះ វប្បធម៌វិលជុំជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បៈរយៈពេលវែងរវាងសារមន្ទីរ និងសារមន្ទីរ មិនត្រឹមតែជាយន្តការ និងនិន្នាការថ្មីមួយ ដែលអាចជួយទប់ស្កាត់នូវការជួញដូរខុសច្បាប់វត្ថុបុរាណនៃបណ្តាប្រទេស ដែលរងគ្រោះនៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែក៏ជាយន្តការមួយដែលបានផ្សព្វផ្សាយវប្បធម៌នៃប្រទេសសាមីផង និងជាការឱកាសសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលនៅឆ្ងាយៗពីគ្នា អាចបានទស្សនា នូវលម្អនៃស្នាដៃសិល្បៈ បញ្ញាញាណច្នៃប្រឌិតរបស់បុព្វជននៃ សម័យបុព្វកាល និងក៏អាចជាការជំរុញនូវចំណង់ចិត្ត ដើម្បីអញ្ជើញមកទស្សនាដោយផ្ទាល់នៅក្នុងប្រទេសដែលជាប្រភពដើមតែម្ដង។
ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំ ប្រកបដោយការព្យាយាម អត់ធ្មត់ និងទទួលខុសត្រូវ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់កន្លងមកឱ្យបានមកកាន់ប្រទេសកំណើតវិញ ក្នុងនោះ រួមមានទាំងការចរចា និងយោគយល់គ្នារវាងក្រុមគ្រួសារ របស់លោក ឌូក្លាស ឡាចហ្វដ ( Douglas Latchford )សារមន្ទីរអន្តរជាតិ និងអ្នកកាន់កាប់សមុច័្ចយឯកជនមួយចំនួនទៀតផង។ ស្នាដៃនេះ គឺជាលទ្ធផលនៃកិច្ចសហការរួមនៃក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មាការទី ៧ នៃរដ្ឋសភាជាតិ និង សហពន្ធ័សហភាពយុវជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអញ្ជើញដោយផ្ទាល់ទៅកាន់ប្រទេសអង់គ្លេសចំនួនពីរលើក ដើម្បីនាំយកគ្រឿងអលង្ការខ្មែរសម័យបុរាណមកកាន់ប្រទេសជាតិវិញ។ នេះគឺជាគំរូ និងការរួមចំណែកនៃយុវជនកម្ពុជាក្នុងការអភិរក្សសម្បត្តិវប្បធម៌ជាតិ។
ពាក់ពន្ធ័កិច្ចការនេះ ខ្ញុំក៏សូមថ្លែងអំណរគុណធនាគារ កាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ ដែលបានគាំទ្រ និងផ្តល់ជាថវិកា ជួយដល់បេសកម្មវប្បធម៌ក្នុងគ្រប់ទម្រង់ ហើយខ្ញុំក៏សូមអំពាវនាវឱ្យវិស័យឯកជននានា ចូលរួមឱ្យបានកាន់តែច្រើន ដើម្បីបុព្វហេតុនៃវប្បធម៌ជាតិយើង ក្នុងនោះការគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតមូលនិធិវប្បធម៌ ដែលជាគុណតម្លៃថ្មី ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការចូលរួមនៃអ្នកជំនាញច្បាប់អន្តរជាតិ លោក ប្រែតលី ជេម ហ្គដេន (Bradley James Gordon)និងលោក ស្ទីវិន អានឌ្រូ ហេមបឺគ (Steven Andrew Heimberg)រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង ក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
ជាទីបញ្ចប់ ខ្ញុំសូមបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរដែលបានត្រឡប់មកមាតុភូមិកំណើតវិញ ជានិមិត្តរូបដ៏ប្រពៃនូវការជួបជុំនៃប្រជាជាតិកម្ពុជា ជាមង្គលរបស់ជាតិ នៅក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខ សូមបារមីនៃបុព្វបុរសទាំងអស់ តាមជួយបីបាច់ថែរក្សាកម្ពុជា ឱ្យជួបតែនឹង សុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិរន្តរ៍ ហើយក៏សូមព្រះអង្គប្រទានពរ សព្ទសាធុការដល់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមប្រកបដោយ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ !