Grand News Asia Close

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ដែលប្រោសព្រះរាជទាន ព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសថ្ងៃខួបកំណើត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 105
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ដែលប្រោសព្រះរាជទាន ព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសថ្ងៃខួបកំណើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ដែលប្រោសព្រះរាជទាន ព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ក្នុងឱកាសថ្ងៃខួបកំណើត

 

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សារលិខិតមានខ្លឹមសារថា «ខ្ញុំម្ចាស់មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 20.000 USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ព្រមទាំងផ្កាដ៏ស្រស់ល្អ ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា អំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ សម្រាប់ជីកអណ្តូងទឹកស្អាតសាងសង់ផ្ទះ ជូនប្រជានុរាស្តឥតទីពឹងនៅតាមជនបទ។ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»។

ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សតីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

អត្ថបទទាក់ទង