Cambodia PR Team ទាក់ទងនឹងចេតនារបស់ក្រុមប្រឆាំងចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងចេតនារបស់ក្រុមប្រឆាំងចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា
(Cambodia PR Team) ទាក់ទងនឹងចេតនារបស់ក្រុមប្រឆាំងចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលគិតតែរៀបចំព្រឹត្តិការណ៍ផ្សេងៗ បណ្តោយឱ្យភាគីថៃសាងសង់សំណង់ និងឈ្លានពានទឹកដីតាមអំពើចិត្ត គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់នេះ គឺជាការបំភ្លៃការពិត និងមានចេតនាធ្វើឱ្យសាធារណជនយល់ច្រឡំចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលមិនបាននៅស្ងៀម ឬទទួលយកសកម្មភាពរបស់ភាគីថៃឡើយ ប៉ុន្តែកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការ រំលោភបំពានទាំងឡាយនៅក្នុងតំបន់ដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់។
ជាមួយគ្នានេះ កម្ពុជាបានប្រើប្រាស់យន្តការទ្វេភាគី និងយន្តការអន្តរជាតិយ៉ាងសកម្ម ដោយបានលើកបញ្ហានេះទៅកាន់ អង្គការសហប្រជាជាតិ អាស៊ាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីផ្ទៀងផ្ទាត់អង្គហេតុ និងជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ ដោយឡែក ការរៀបចំ ព្រឹត្តិការណ៍ផ្សេងៗ មិនមែនជាការមិនខ្វាយខ្វល់អំពីបញ្ហាព្រំដែននោះទេ ប៉ុន្តែជាការពង្រឹងស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការឈ្លានពាន និងសារៈសំខាន់នៃការការពារបូរណភាពទឹកដី។
សំណួរទី ២៖ តើការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងថា ថៃបានសាងសង់បង្គោលព្រំដែនថ្មីលេខ៣១ និង៣៣ ចូលមកក្នុងទឹកដីកម្ពុជា គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការអះអាងថាភាគីថៃបានសាងសង់បង្គោលព្រំដែនថ្មីលេខ ៣១ និង៣៣ ចូលមកក្នុងទឹកដីកម្ពុជា មិនមែន ជាព័ត៌មានពិតទេ។ ព័ត៌មាននេះមានប្រភពចេញពីការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមមួយចំនួននៅប្រទេសថៃ ដែលមានចេតនាបង្កការយល់ច្រឡំ និងបំភាន់សាធារណមតិប៉ុណ្ណោះ។ ជាក់ស្តែង បញ្ហាបង្គោលព្រំដែន និងការខណ្ឌសីមា ព្រំដែន គឺស្ថិតក្រោមការទទួលខុសត្រូវរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងត្រូវផ្អែកលើឯកសារផែនទី និងការវាស់វែងរួមដែលមានការឯកភាពពីភាគីទាំងពីរ។ បើមានការសាងសង់ចូលទឹកដីកម្ពុជាមែន កម្ពុជាច្បាស់ជា តវ៉ាជាមិនខាន។
សំណួរទី ៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ពេលមានការសាងសង់ព្រះពុទ្ធបដិមា ៣៦អង្គ កម្ពុជាមិនអាចធ្វើអ្វីបាន បានត្រឹមតែតវ៉ា គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការលើកឡើងបែបនេះគឺជាការមើលរំលងតួនាទី និងសារៈសំខាន់នៃយន្តការច្បាប់ និងការទូត អន្តរជាតិ។ ការតវ៉ាជាផ្លូវការរបស់កម្ពុជា គឺជាការបញ្ជាក់ជំហរថា កម្ពុជាមិនទទួលស្គាល់សកម្មភាពណាមួយដែលប៉ះពាល់ ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ គេមិនត្រូវមើលខ្លីតែអ្វីដែលនៅចំពោះមុខទេ តែត្រូវមើលឱ្យ វែងឆ្ងាយពីព្រោះបញ្ហាព្រំដែនមិនអាចដោះស្រាយបានត្រឹមមួយថ្ងៃឬពីរថ្ងៃបានទេ។
ជាក់ស្តែង កម្ពុជាបានប្រើប្រាស់យន្តការទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីកត់ត្រាអង្គហេតុ រក្សាសិទ្ធិស្របច្បាប់ និងជំរុញ ឱ្យមានការគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។ ការតវ៉ាទាំងនេះក៏ជាភស្តុតាងសំខាន់សម្រាប់គាំទ្រជំហររបស់កម្ពុជា នៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិនាពេលខាងមុខផងដែរ។ ដូច្នេះ ការតវ៉ាទាំងនេះមិនមែនមានន័យថា «កម្ពុជាមិនអាច ធ្វើអ្វីបាន» នោះទេ ប៉ុន្តែ វាជាការអនុវត្តវិធានការដោយទំនួលខុសត្រូវ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផល ប្រយោជន៍ជាតិ ខណៈកំពុងបញ្ជៀសការបង្កជម្លោះ និងការបង្ហូរឈាម។
សំណួរទី ៤៖ តើការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន អាចប៉ះពាល់ដល់សង្គម និងសន្តិសុខ ជាតិយ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាព្រំដែន និងអធិបតេយ្យភាពជាតិ គឺជាបញ្ហារសើបដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍ជាតិ។ ដូច្នេះ
ការផ្សព្វផ្សាយព័ត៌មានបំភាន់ អាចបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន បង្កភាពភ័យខ្លាច អរិភាព និងការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលជាអ្វីដែលភាគីប្រឆាំង និងក្រុមឃោសនាបរទេសចង់បាន។
ជាក់ស្តែង ការបំផ្លើស ឬបកស្រាយអង្គហេតុខុសពីការពិត អាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នជាតិ ប៉ះពាល់ ដល់ស្មារតីរួបរួមរបស់ប្រជាជាតិ និងជះឥទ្ធិពលអវិជ្ជមានដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
អ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះ គឺព័ត៌មានមិនពិតទាំងនោះអាចត្រូវបានភាគីថៃយកទៅប្រើប្រាស់ជាឧបករណ៍ឃោសនា ដើម្បីគាំទ្រការចោទប្រកាន់ ឬបង្កើនសម្ពាធលើកម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះ ប្រជាពលរដ្ឋគួរតាមដានព័ត៌មានតែពី ប្រភពផ្លូវការ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីរួមចំណែកថែរក្សាសាមគ្គីភាពជាតិ និង ការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិ៕





