ពី «នរកនៅថៃ» ទៅ «សួគានៅហ្វីលីពីន»៖ លោក ឆាំង យុ បកអាក្រាតទង្វើមនុស្សធម៌ក្លែងក្លាយរបស់ថៃមកលើជនភៀសខ្លួនខ្មែរថាជាឆាកល្ខោននយោបាយ
- លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (ឆ្វេង) និងលោក ប្រាផាស សុនចៃឌី មេបញ្ជាការអាកាស និងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ដែលបានអះអាងថា ភូមិបានណងចាន់ ជានិមិត្តរូបនៃតួនាទីមនុស្សធម៌របស់ថៃក្នុងវិបត្តិជនភៀសខ្លួនកម្ពុជា ក្រោយសង្គ្រាម។ រូបថត សហការី
#ព័ត៌មានជាតិ
ភ្នំពេញ៖ ខណៈប្រទេសថៃបន្ដស្រែកក្ដែងៗពីតួនាទីរបស់ខ្លួនក្នុងការផ្តល់ជម្រកដល់ជនភៀសខ្លួនកម្ពុជាក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក លោក ឆាំង យុ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនដែលផ្ទុយស្រឡះ ដោយពណ៌នាថា ជីវិតជនភៀសខ្លួនរបស់លោក គឺស្ថិត «រវាងនរកនៅថៃ និងឋានសួគ៌នៅហ្វីលីពីន»។
លោក ឆាំង យុ បានចោទជាសំណួរថា ហេតុអ្វីបានជាថៃលើកយកបញ្ហាភូមិជោគជ័យ ភូមិព្រៃចាន់ ដែលហៅថា ភូមិបានណងចាន់ (Ban Nong Jan) ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើនជំនាន់បានរស់នៅទីនោះដោយសន្តិភាព និងចូលរួមអភិវឌ្ឍសហគមន៍អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោកបានសរសេរថា៖ «ហេតុអ្វីបានជាថៃជ្រើសរើសយកបានណងចាន់ ជាកន្លែងប្រជាពលរដ្ឋកម្ពុជាបានរស់នៅដោយសន្តិភាព ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ មកធ្វើជាប្រធានបទសម្រាប់ការអះអាងទឹកដីភ្លាមៗបែបនេះ?»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានដកស្រង់សម្តីលោក ប្រាផាស សុនចៃឌី (Praphas Sonjaidee) មេបញ្ជាការអាកាស និងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ដែលបានអះអាងថា ភូមិបានណងចាន់ គឺជានិមិត្តរូបនៃតួនាទីមនុស្សធម៌របស់ថៃ ក្នុងការជួយជនភៀសខ្លួនកម្ពុជាក្រោយសង្គ្រាម។
លោក ប្រាផាស បានបញ្ជាក់ថា ថៃបានសហការជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដើម្បីផ្តល់អាហារ សេវាសុខាភិបាល ទឹកស្អាត និងជម្រកបណ្តោះអាសន្នដល់ជនភៀសខ្លួនកម្ពុជា ព្រមទាំងទទួលបន្ទុកចំណាយ និងការទទួលខុសត្រូវផ្នែកសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ។

លោកក៏បានអះអាងថា ការពិភាក្សាអំពីបានណងចាន់ គួរតែត្រូវបានយល់ឃើញក្នុងបរិបទប្រវត្តិសាស្ត្រ ហើយបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ថៃចំពោះច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីទ្វេភាគីក្នុងការដោះស្រាយបញ្ហាព្រំដែន។
ប៉ុន្តែ សម្រាប់លោក ឆាំង យុ រឿងរ៉ាវជនភៀសខ្លួន មិនអាចនិយាយត្រឹមតែតាមការនិទានរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ។
លោកបានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា៖ «ថៃមានចេតនាទាញយកផលប្រយោជន៍នយោបាយពីវេទិកាអន្តរជាតិទិវាជនភៀសខ្លួនពិភពលោក»។
លោកបន្តថា៖ «ថៃមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួនទេ។ នេះជារឿងសំខាន់ណាស់ ពីព្រោះនៅក្នុងអាស៊ាន មានតែប្រទេសហ្វីលីពីនមួយប៉ុណ្ណោះ ដែលជាប្រទេសហត្ថលេខី»។
លោក ឆាំង យុ បានលើកឡើងថា៖ «មិនមែនសុខៗ ថៃនិយាយរឿងជនភៀសខ្លួននេះទេ ប៉ុន្តែជាការចង់ទាញយកផលប្រយោជន៍នយោបាយពីអនុសញ្ញាអន្តរជាតិមួយ ដែលខ្លួនឯងមិនមែនជាប្រទេសហត្ថលេខី»។
លោក ឆាំង យុ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងក្លាយជាអ្នកស្រាវជ្រាវឈានមុខគេមួយរូបអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បាននិយាយថា បទពិសោធន៍របស់ជនភៀសខ្លួនកម្ពុជាជាច្រើននៅក្នុងប្រទេសថៃ មិនមែនពោរពេញទៅដោយការការពារនោះទេ ប៉ុន្តែជាការភ័យខ្លាច និងការរំលោភបំពាន។
លោកបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ជនភៀសខ្លួនកម្ពុជា មិនត្រូវបានការពារនោះទេ ប៉ុន្តែត្រូវបានរំលោភបំពានដោយកងទ័ពថៃ ដែលគេស្គាល់ថា ឆ.ក. (Task Force 80)»។
នៅក្នុងសារដែលលោកបានផ្សព្វផ្សាយតាមបណ្តាញសង្គម លោកបានរំឭកពីជីវិតជាជនភៀសខ្លួនរបស់លោកថា៖ «ខ្ញុំបានរស់នៅរវាង “នរកនៅថៃ និងឋានសួគ៌នៅហ្វីលីពីន”។ ខ្ញុំនឹងដឹងគុណដល់ហ្វីលីពីនជារៀងរហូត ហើយថ្ងៃនេះ ខ្ញុំលែងជាជនភៀសខ្លួនទៀតហើយ»។
លោកបានបញ្ជាក់ថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោកធ្លាប់រស់នៅមជ្ឈមណ្ឌលជនភៀសខ្លួន ខៅដាង Khao-I-Dang (KID) នៅប្រទេសថៃ មុននឹងបន្តទៅរស់នៅមជ្ឈមណ្ឌលដំណើរការជនភៀសខ្លួនហ្វីលីពីន (PRPC) ក្នុងទីក្រុង Morong ខេត្ត Bataan។

លោកថា ភាពខុសគ្នារវាងបទពិសោធន៍ទាំងពីរ បានជាប់នៅក្នុងការចងចាំរបស់លោករហូតមកដល់សព្វថ្ងៃ។
លោក ឆាំង យុ ថ្លែងក្នុងឱកាសប្រារព្ធទិវាជនភៀសខ្លួនពិភពលោក នៅមជ្ឈមណ្ឌលជនភៀសខ្លួន Morong ថា៖ «ប្រជាជនហ្វីលីពីនបានបើកទ្វារប្រទេសរបស់ពួកគេ ទទួលជនភៀសខ្លួនកម្ពុជាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅទសវត្សរ៍ឆ្នាំ១៩៨០។ រដ្ឋាភិបាល និងប្រជាជនហ្វីលីពីន បានងើបឈរឡើងជួយពួកយើង និងទទួលយកពួកយើង»។
លោកបានបន្ថែមថា៖ «ខ្ញុំចង់ឆ្លៀតឱកាសនេះ សរសើរហ្វីលីពីនចំពោះទឹកចិត្តសប្បុរសរបស់ពួកគេនៅពេលនោះ។ ក្តីសង្ឃឹមដែលពួកគេបានផ្តល់ឱ្យប្រជាជនកម្ពុជា គឺជាគំរូដ៏ភ្លឺស្វាងមួយ ដែលបង្រៀនឱ្យយើងកុំបោះបង់ក្តីសង្ឃឹម»។
ហ្វីលីពីនបានលើកកម្ពស់នយោបាយ «ទ្វារបើកចំហ» (Open Door Policy) ជាយូរមកហើយ ដោយអះអាងថា ខ្លួនបានទទួលជនភៀសខ្លួនចំនួន ១០ រលក ក្នុងរយៈពេលជាងមួយសតវត្សរ៍ រួមទាំងជនជាតិយូដាដែលរត់គេចពីរបបណាស៊ី ជនជាតិរុស្ស៊ីស្បែកស ជនភៀសខ្លួនវៀតណាម និងជនភៀសខ្លួនកម្ពុជាពីសង្គ្រាម។
យោងតាមយុទ្ធនាការទិវាជនភៀសខ្លួនពិភពលោករបស់រដ្ឋាភិបាលហ្វីលីពីន ប្រពៃណីទទួលជនភៀសខ្លួនរបស់ប្រទេសនេះ មានប្រវត្តិយូរជាង ១០០ឆ្នាំ។
លោក Ralph Reiss អ្នករស់រានមានជីវិតពី Holocaust និងជាអតីតជនភៀសខ្លួនជនជាតិយូដា បានថ្លែងថា៖ «ខ្ញុំមិនអាចឈរនៅទីនេះ ដើម្បីប្រាប់រឿងរ៉ាវរបស់ខ្ញុំបានទេ ប្រសិនបើគ្មានមនុស្សធម៌ ភាពក្លាហានផ្នែកនយោបាយ និងទឹកចិត្តសប្បុរសនៃនយោបាយទ្វារបើកចំហរបស់ប្រធានាធិបតី Quezon នៃប្រទេសហ្វីលីពីន»។
សម្រាប់លោក ឆាំង យុ ភាពខុសគ្នានេះ មិនមែនគ្រាន់តែជាការចងចាំទេ ប៉ុន្តែជាការប្តេជ្ញាចិត្តផ្នែកច្បាប់ផងដែរ។
ថៃមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ដែលជាឯកសារចម្បងអន្តរជាតិគ្រប់គ្រងការការពារជនភៀសខ្លួននោះទេ។
ផ្ទុយទៅវិញ ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅអាស៊ីអាគ្នេយ៍ ដែលបានចូលជាសមាជិកនៃឯកសារទាំងពីរនេះ និងបានរក្សាកម្មវិធីទទួលជនភៀសខ្លួនជាយូរមកហើយ។
ការលើកឡើងរបស់លោក ឆាំង យុ ក៏បានរំឭកឡើងវិញពីការជជែកដេញដោលជាប្រវត្តិសាស្ត្រ អំពីតួនាទីរបស់ថៃក្នុងអំឡុងពេលជម្លោះនៅកម្ពុជា។
ក្នុងចំណោមឯកសារដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានសៀវភៅមួយចេញផ្សាយនៅឆ្នាំ១៩៨៣ ក្រោមចំណងជើង «Thai Policy Vis-à-Vis Kampuchea» ដែលបោះពុម្ពផ្សាយដោយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះ។
ឯកសារនេះបានចោទប្រកាន់អាជ្ញាធរថៃថា បានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពនៅតាមព្រំដែនក្នុងអំឡុងសង្គ្រាមត្រជាក់។
ទោះបីការចោទប្រកាន់ទាំងនោះនៅតែជាផ្នែកមួយនៃការជជែកដេញដោលផ្នែកប្រវត្តិសាស្ត្រក៏ដោយ លោក ឆាំង យុ ជឿថា ប្រវត្តិសាស្ត្រជនភៀសខ្លួន គួរតែត្រូវបានវាយតម្លៃតាមបទពិសោធន៍របស់អ្នកដែលបានឆ្លងកាត់វាផ្ទាល់។
លោកបានសរសេរថា៖ «ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅនៅក្នុងប្រទេសថៃ មិនមែនគ្រាន់តែជាជនភៀសខ្លួនទេ។ ពួកគេជាអ្នកជំនាញ សហគ្រិន កម្មករ ពលករជំនាញ និងជាអ្នកផ្គត់ផ្គង់គ្រួសារ។ ពួកគេមិនខ្លាចក្នុងការប្រថុយ ហើយបានលះបង់ខ្លួនជារៀងរាល់ថ្ងៃ សម្រាប់គ្រួសារ សហគមន៍ ប្រទេសជាតិ និងមនុស្សជាតិទាំងមូល»។
សម្រាប់លោក រឿងរ៉ាវជនភៀសខ្លួន មិនមែននិយាយអំពីព្រំដែន ឬការនិទានផ្នែកនយោបាយនោះទេ។
ប៉ុន្តែ វាគឺជាការចងចាំថា តើអ្នកណាខ្លះបានបើកទ្វារទទួលពលរដ្ឋកម្ពុជា នៅពេលដែលពួកគេគ្មានទីកន្លែងណាផ្សេងទៀតត្រូវទៅ និងធានាថា សេចក្តីថ្លៃថ្នូររបស់ពួកគេ នឹងមិនត្រូវបានគេបំភ្លេចឡើយ។
-Post Khmer-





