Grand News Asia Close

កំណើត​នៃ​ការ​ធ្វើ​កឋិនទាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 410
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន កំណើត​នៃ​ការ​ធ្វើ​កឋិនទាន

ដោយៈ មេសា​/​ភ្នំពេញៈ កឋិនទាន គឺជា​ប្រភេទ​ចីវរ​ទាន ហើយក៏​ជា​ទាន​ដែល​មានតែ​ក្នុង ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​និង ជា​ទាន​មានចែង​ក្នុង​ព្រះ​វិន័យ​ហើយក៏​ជា​ទាន​ដ៏​ពិសេស​មួយ​ដោយ មានកំណត់​ពេលវេលា​ច្បាស់លាស់ ហើយ​កឋិន​កាល​មាន​រយៈពេល​តែ ២៩ ថ្ងៃ​ប៉ុណ្ណោះ ។​

​ទិដ្ឋភាព​ទូទៅនៃកឋិន​

​នៅក្នុង​ព្រះ​វិន័យ​បានឱ្យ​និយម “ កឋិន “ ថា “ កម្រ “ ព្រោះ​កឋិនទាន គឺជា​ទាន​មួយ​ដែល​គេ​អាច ធ្វើបាន​ដោយ​កម្រ ។ ហេតុអ្វី​បានជា​ធ្វើបាន​ដោយ​កម្រ ?

១. អ្នកទទួលៈ ត្រូវតែ​ជា​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​ដោយ​ចប់សព្វគ្រប់​រយៈពេល​បី ខែ ហើយក៏​ត្រូវតែ​ជាការ​ចូល​បឋម​វស្សា​ហើយ​ត្រូវតែ​គ្មាន​ជម្លោះ​ធំដុំ​កើតឡើង​ក្នុងចំណោម​ភិក្ខុ សង្ឃ​ក្នុង​អារាម​នោះ ។ ក្នុង​ព្រះ​វិន័យ​បានកំណត់​ច្បាស់​ថា សាមណេរ​គ្មាន​សិទ្ធិ​ទទួល​កឋិន បានទេ គឺ​បានតែ​ភិក្ខុ ហើយ​បើ​ភិក្ខុ​នោះ​មិនបាន​ចូល​វស្សា ឬ បាន​ចូល​វស្សា​ដែរ​ប៉ុន្តែ​បានធ្វើ ដាច់​វស្សា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។ ហើយ​បើទោះជា​មិន​ដាច់​វស្សា​ប៉ុន្តែ​ភិក្ខុ​ទាំងនោះ មាន​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។

​ម្យ៉ាងទៀត ភិក្ខុ​ដែល​គង់​ចាំ​វស្សា​នៅ​អារាម​ណាមួយ អាច​ទទួល​កឋិន​បានតែ​នៅក្នុង​វត្ត​នោះ ប៉ុណ្ណោះ មិនអាច​ភិក្ខុ​គង់​ចាំ​វស្សា វត្ត​ណា​ផ្សេង​មក​ទទួល​កឋិន​ក្នុង​វត្ត​ផ្សេង បានឡើយ ។​

២. វត្ថុៈ កឋិន​ជា​ប្រភេទ​ចីវរ​ទាន ហេតុនេះ វត្ថុ​ដែល​ប្រើប្រាស់​ដែលជា​តួអង្គ​កឋិន មានតែ ស្បង់ ចីពរ ឬ សង្ឃាដី (​ទីទៃ​ពីនេះ​ទៅ​ហៅថា​បរិវា​កឋិន ឬ អានិសង្ស​លាភ​ហើយ​គេ​អាច​នាំ​សម្ភារ នានា​ទៅ​រួម​ក្នុង​កឋិន​នេះ​បាន​តាម​ប្រាថ្នា ) ។ ប៉ុន្តែ​សំពត់​ដែល​អាច​ប្រើប្រាស់​ជា​សំពត់​កឋិន បាន​លុះណាតែ​ធ្វើ​ត្រឹមត្រូវ​តាម​ខ្នាត​ដែល​បាន​កំណត់ដោយ​វិន័យ ។​

៣. ពេលវេលាៈ ក្នុង​មួយឆ្នាំ រយៈ​ពេលដែល​អាចធ្វើ កឋិន បាន​មានតែ ២៩ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី ០១ រោច ខែ អស្សុជ ដល់​ថ្ងៃ ១៥ កើត ខែ កត្តិក ដែល​ឆ្នាំ ២០២០ នេះ ត្រូវ​នឹង​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ៣១ ខែ តុលា ហៅថា​កឋិន​កាល ។ ទីទៃ​ពី​រយៈ​ពេលនេះ​ទៅ មិន​ហៅថា​កឋិន​ឡើយ ។ មួយ សោត ក្នុង​វត្ត​មួយ អាចធ្វើ​កឋិន​បានតែ​ម្តង​ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅក្នុង​ថ្ងៃមួយ​នោះ ទោះ​មាន​អ្នក កឋិន ចូល​ប៉ុន្មាន​អ្នក ប៉ុន្មាន​ត្រៃ ក៏​ធ្វើបាន​តាម​ប្រាថ្នា ។​

​កឋិនទាន​ជា​ទាន​ពិសេស​

​បព្វជិត ឬ គ្រហស្ថ ក៏ អាចធ្វើ កឋិនទាន បានដែរ ។ កឋិនទាន មិនមែន​គ្រាន់តែ​ជា​ទាន​ដែល​ធ្វើ បាន​ដោយ​កម្រ​ដូចដែល​បានលើកឡើង​ខាងលើ​ជាដើម​ឡើយ ប៉ុន្តែ​កឋិនទាន​ក៏​ជា​ទាន​ពិសេស ជាង​ចីវរ​ទាន​ទាំងពួង​ផងដែរ ព្រោះ​ចីវរ​ទាន​ទាំងឡាយ ( ក៏ដូចជា​ទាន​ទាំងពួង​ផ្សេងទៀត​ដែរ ) រមែង​បាន​អានិសង្ស​តែ​ផ្នែក​ខាង​អ្នក​បរិច្ចាគ ឬ អ្នកធ្វើ​តែប៉ុណ្ណោះ ។ ប៉ុន្តែ ចំពោះ កឋិនទាន វិញ បាន​អានិសង្ស​ទាំង​អ្នកទទួល​គឺ​ភិក្ខុសង្ឃ​ផងដែរ ហើយ​អានិសង្ស​ទាំងនោះ​គឺជា​អ្វីដែល​ទទួល បាន​នាពេល​បច្ចុប្បន្ន ពោលគឺ​បន្ទាប់ពី​ទទួល​កឋិន​ភ្លាម គឺ​មិនចាំបាច់​រង់ចាំ​ដល់​ជាតិ​មុខ​ជាតិ ក្រោយ​ឡើយ ។

​វិន័យ​ពុទ្ធ​ប្ប​ញ្ញ​បានកំណត់​ជាក់ច្បាស់​ថា ភិក្ខុសង្ឃ​ដែលជា​អ្នកទទួល​ក្រាល កឋិនទាន កាលបើ​ក្រាល​បាន​ត្រឹមត្រូវ​តាម​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​ហើយ​នោះ រមែង​ទទួលបាន​អានិសង្ស​ដែរ គឺ​បាន​អានិសង្ស ០៥ យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរបែប យ៉ាងណាក៏ដោយ ហើយ​អានិសង្ស​ទាំង ០៥ យ៉ាងនោះ មិនមែន​បានតែ​ចំពោះ​ភិក្ខុ​ដែលជា អ្នក​ក្រាល​គ្រង​ដែរ​។ ប៉ុន្តែ​គឺ​បាន​ទៅដល់​ភិក្ខុ​ស​ង្ស​ទាំងអស់ ដែល​អ្នកទទួល​អនុមោទនា គឺ​បាន​ស្មើៗ​គ្នា​ទាំងអស់​គឺ​៖

​ទី​១. ភិក្ខុ​និមន្ត​ទៅណា​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន ត្រូវ​អាបត្តិ ( ក្នុង​បរិបទ​នេះ គេ​គប្បី​ដឹងថា វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​បានកំណត់​ថា ភិក្ខុ​គង់នៅ​ក្នុង​អាវាស ឬ អារាម​ណាមួយ មុនពេល​និមន្ត​ចេញ ទៅ​ទីណា​មួយ​ផ្សេង​ពី អាវាស ឬ អារាម នោះ ត្រូវ​ប្រាប់ ឬ ជូនដំណឹង​ដល់​ភិក្ខុ​ដទៃ​ដែល​គង់នៅ ក្នុង​វត្ត​នោះ​ជាមួយគ្នា​ឱ្យបាន​ដឹង ពុំ​នោះទេ នឹងត្រូវ​អាបត្តិ ពោល​គឺមាន​កំហុស ។ ប៉ុន្តែ​បន្ទាប់ ពី​បានទទួល កឋិនទាន ហើយ ភិក្ខុ​ទាំងនោះ អាច​និមន្ត​ចេញពី​អាវាស ឬ អារាម នោះ​ដោយ​ពុំ ចាំបាច់​ប្រាប់​ភិក្ខុ​ដទៃ ក៏​មិន ត្រូវ​អាបត្តិ ពោលគឺ​មិនមាន​កំហុស​ខុសឆ្គង ឬ ទោសពៃរ៍ អ្វី​ឡើយ ។ នោះឯង​ហើយ​គឺជា​អានិសង្ស​ទី ១ នៃ កឋិនទាន សម្រាប់​ភិក្ខុ​អ្នក​ក្រាល​គ្រង និង​ទទួល​អនុ មោទនា )​។​

​ទី​២ លោក​និមន្ត​ទៅណា មិនបាច់​យក​នូវ​ត្រៃចីវរ​ទៅជា​មួយ​ក៏បាន ( ក្នុង​បរិបទ​នេះ​មួយទៀត គេ​ក៏​គប្បី​ដឹង​ដែរ​ថា ក្នុង​វិន័យ​បញ្ញត្តិ បាន​កំណត់ថា ភិក្ខុ មិនត្រូវ​ទុក​សំពត់​ចីវរ​របស់ខ្លួន​ឱ្យនៅ ឆ្ងាយ​ពី​ខ្លួន​កន្លង​រាត្រី​ឡើយ ពុំ​នោះទេ នឹងត្រូវ​អាបត្តិ ពោល​គឺមាន​កំហុស ក្នុង​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ ។ ហេតុនេះ រាល់ពេល​និមន្ត​ទៅណា មក​ណា​កន្លង​រាត្រី​ភិក្ខុ​តែងតែ​យក​ត្រី​ចីវរ​ទៅជា​មួយ​ជាប់ ជានិច្ច ដែល​ប្រការនេះ នាំឱ្យមាន​ក្តី​លំបាក​ក្នុងការ​ធ្វើដំណើរ ។ ប៉ុន្តែ​បន្ទាប់ពី​បានទទួល កឋិនទាន ហើយ ភិក្ខុ​នោះ អាច​និមន្ត​ទៅ​កន្លែង​ផ្សេង​ដោយ​យកទៅ​ជាមួយ​ខ្លួន​តែ​ចីវរ​ដែល​ខ្លួន ត្រូវការ​បាន​ហើយ ដោយ​មិនចាំបាច់​យកទៅ​តាម​ជាមួយ​នូវ​ចីវរ​ទាំង ត្រៃ ឬ ទាំង ៣​ក៏​មិន ត្រូវ​អាបត្តិ ពោលគឺ​គ្មាន​កំហុស​ក្នុង​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​ឡើយ ) ។​

​ទី ៣. ឆាន់​ភោជន​ដែល​គេ​និមន្ត ឬ ដាក់ចេញ​ឈ្មោះ ( ដូចជា​សូម​និមន្ត​ឆាន់​សាច់មាន់ និមន្ត ឆាន់​សាច់ជ្រូក ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​មិន​បានទទួល​អានិសង្ស កឋិន ទេ ការធ្វើ​បែបនេះ នាំឱ្យ​ភិក្ខុ​រូបនោះ ត្រូវ​អាបត្តិ គឺមាន​កំហុស​ក្នុង​ព្រះ​វិន័យ ) មិនត្រូវ​អាបត្តិ ។​

​ទី​៤ លោក​អាច​ទុកដាក់​អតិរេកចីវរ ( គឺ​ចីវរ​ដែល​គេ​ប្រគេន​លើសពី​មួយ​កំ​ប្លេ ។ ក្នុងន័យនេះ ក៏​គប្បី​ដឹង​ដែរ​ថា វិន័យ​ពុទ្ធបញ្ញត្តិ មិន​អនុញ្ញាតឱ្យ​ភិក្ខុ រក្សាទុក​ចីវរ​លើសពី​តម្រូវការ​របស់ខ្លួន ឡើយ ពុំ​នោះទេ នឹងត្រូវ​អាបត្តិ ។ ប៉ុន្តែ​បន្ទាប់ពី​បានទទួល​អានិសង្ស កឋិន ហើយ​ភិក្ខុ​អាច រក្សាទុក​ចីវរ លើសពីនោះ ក៏​មិន​ត្រូវបាន​អាបត្តិ ដែរ ) បាន បាន​ដោយ​មិនត្រូវ​អាបត្តិ និង ទី ៥ គឺ​កឋិន​ចីវរ ដែល​កើត​នៅក្នុង​ទី​អារាម​ណាមួយ នឹងមាន​ដល់​ភិក្ខុ​អ្នកទទួល​ក្រាល​គ្រង ឬ អនុមោទនា​កឋិនទាន​នៅក្នុង​ទី​វត្ត​នោះ ( បានសេចក្តីថា ភិក្ខុ ដែល​គង់នៅ​ក្នុង​វត្ត​ណាមួយ មាន​សិទ្ធិ​ទទួលបាន​នូវ​ចំណែក នៃ ចីវរ ដែល​កើត​ពី កឋិន នៅក្នុង​វត្ត​នោះ ) ។

​សូមបញ្ជាក់ថា ទាំង​ប្រាំ​ចំណុច​ដូចដែល​បានលើកឡើង​ខាងលើ​ដោយ​សង្ខេប​នេះ ស្តាប់ទៅ ហាក់​មិនមាន​អ្វី​ធំដុំ​ទេ ប៉ុន្តែ​សម្រាប់​ភិក្ខុ​ក្នុង​ព្រះពុទ្ធសាសនា ការប្រតិបត្តិ​វិន័យ​ទាំងនេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ។ ដោយហេតុនេះ ការណ៍​ដែល​ទទួលបាន​អានិសង្ស​ទាំង ប្រាំ នេះ ពិតជា​បាន​សម្រាល​ក្តី​លំបាក​យ៉ាងច្រើន​ដល់​ភិក្ខុ​ក្នុង​សាសនា ។​

​ដោយសារតែ​តាមរយៈ​កឋិនទាន ទើបបាន​ជួយ​សម្រាល​ដល់​ក្តី​លំបាក​របស់​ភិក្ខុសង្ឃ​នេះ ឯង​ហើយ​ជាហេតុ​នាំឱ្យ ចំណែក​ទាយក ទាយិកា អ្នកធ្វើ​កឋិន​ទទួលបាន​អានិសង្ស​ច្រើន ប្រមាណ​មិនបាន​។​

​កំណើត​កឋិន​
​នៅក្នុង​គម្ពីរ​វិន័យ​បិដក បាន​តំណាល​ថា កាលណោះ​មាន​ភិក្ខុ​ទាំង ៣០ រូប នៅពេល​មុន​ថ្ងៃ ចូល​វស្សា មានបំណង​ទៅ​វន្ទា​លា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ដែល​កំពុង​ក្នុង​វត្ត ជេតពន នា​ក្រុង​សាវត្ថី ។ ប៉ុន្តែ​មិនទាន់បាន​ទៅដល់​អាវាស​ដែល​ព្រះ​ដ៏​មាន​ភាគ​គង់នៅ​ផង ត្រូវ​ពេល​ថ្ងៃ​ចូល​វស្សា​មកដល់ ក៏​ព្រមព្រៀងគ្នា​នៅចាំ​វស្សា​ក្នុង​ដែន បា​ថេ​យ្យៈ នា​ក្រុង សាកេ​ត ត្រង់​កណ្ដាលផ្លូវ​តែម្ដងទៅ ។​

​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ចំ​កាល​វេលា​ចុង រដូវវស្សា ជា​សម័យ​ភ្លៀង​ធ្លាក់​ជោកជាំ​ជា ធ្វើ​ឲ្យ​ភិក្ខុ​ទាំង ៣០ អង្គ​ទទឹកជោក​ទាំង​ស្បង់​ចីវរ សង្ឃាដី ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​ដូចដែល​បាន​ពន្យល់​នៅក្នុង​វង់ក្រចក​ខាងលើ មកហើយ​ថា វិន័យ​ពុទ្ធ​ប្បញ្ញត្តិ មិន​អនុញ្ញាត ឱ្យ​ភិក្ខុ មាន​ចីវរ​លើសពី​មួយ​កំ​ប្លេ​ឡើយ​ពោលគឺ មួយអង្គៗ គ្មាន​ត្រៃចីវរ ២ បន្លាស់​ទេ ) លុះដល់​វត្ត ជេតពន​ហើយក៏​នាំគ្នា​ចូលគាល់​បង្គំ​ព្រះ​ដ៏​មាន ព្រះ​ភាគ​ទាំង​ទទឹកជោក ។​

​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ព្រះតម្រិះ​ថា ប្រសិនបើ​តថាគត​បានអនុញ្ញាត​ក​ឋិ​ន​ត្ថា​រ​កិច្ច​ដល់​ភិក្ខុសង្ឃ ពីមុន​រួចមកហើយ សមបើ​លោក​ទាំងនេះ​មិន​ជួប​ការលំបាក​យ៉ាង​ហឹ្ន​ង​ទេ ហើយ​កឋិន​នេះ​ទៀត សោត ព្រះពុទ្ធ​ពី​អ​តី​តៈ​ក៏បាន​អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​

​ដោយហេតុ​នោះ ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ​សម្ដែង​ធម្មិក​ថា ហើយ​ទ្រង់​អនុញ្ញាត កឋិន​ត្ថា​រ​កិ​ច្ចនេះ​ថា “ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ដែល​នៅចាំ​វស្សា រួចហើយ ទទួល​ក្រាល កឋិន បាន ! ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស ប្រាំ ប្រការ​នឹង​សម្រេច​ដល់ ភិក្ខុ​ទាំងឡាយ​ដែល​បាន​ក្រាល ( អនុមោទនា ) កឋិន​រួចហើយ ! “ ។

​ដូច្នេះ កឋិន​ត្ថា​រ​កិ​ច្ចនេះ គឺ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវ័ក​ចាប់តាំងពី​ពេល នោះមក ។​ ប្រភព៖ រស្មីកម្ពុជា

​អ្នកធ្វើ​កឋិន​មុនគេ​ក្នុងសម័យ​ពុទ្ធកាល​
​បន្ទាប់ពី​បានដឹងថា ព្រះពុទ្ធ​អង្គ អនុញ្ញាត​ឲ្យ​សាវ័ក​ទទួល​កឋិន​ត្ថា​រ​កិច្ច ព្រះបាទ​ប​សេន​ទិ​កោ សល ដែលជា​ព្រះរាជា​នា​ក្រុង សាវត្ថី បាន​ផ្ដើមធ្វើ កឋិនទាន មុនគេ​បង្អស់​ក្នុងសម័យ​ពុទ្ធកាល ។ កាលនោះ​ព្រះមហា​កច្ចាយន​ត្ថេ​រ ជា​ប្រធាន បានទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សម្រេច​គ្រប់ប្រការ ។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​បានទេ​សនា​ក្នុង​ពិធីបុណ្យ​នោះ​ដោយ​ទ្រង់​សរសើរ​អំពី អានិសង្ស នៃ កឋិនទាន ជា​អនេកបរិយាយ ។​

​ក្នុង​ធម្មទេសនា ព្រះអង្គ​លើក​អតីតនិទាន​កាល​ព្រះអង្គ​យោនយកកំណើត​កើតជា នរ​ជី​ទុគ្គ បរម​ពោធិសត្វ បាន​ជួយ​វេយ្យាវច្ចៈ ខ្វល់ខ្វាយ​ក្នុង​អង្គ​កឋិនទាន​របស់ កុដុម្ពិកៈ​ម្នាក់​នាំទៅ​ថ្វាយ ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ប​ទុ​មុ​ត្ត​រៈ​ដែល​ពេលនោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជា ត​ត្ថេ​រ អគ្គសាវ័ក ព្រះ​អង្គជា​អ្នក​ក្រាល​គ្រង ។ ឯ នរ​ជីវ​ទុគ្គត បរម​ពោធិសត្វ នៃ យើង​បាន ពុទ្ធព្យាករណ៍ ពី​ពេល​នោះមក ដោយសារ​បាន​ជួយ​ចាត់ចែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជា្ញ ស្មារតី ក្នុង​ពិធីបុណ្យ​នោះ ។

​ឯ​ប៉ែក​ខាង​បព្វជិត​វិញ ព្រះ​ភិក្ខុ​នាម នារ​ទ​ត្ថេ​រ កាលបើ​បាន​ស្ដាប់​នូវ​ព្រះ​ធម្មទេសនា​របស់ ព្រះ​បរមគ្រូ​ក្នុង​បុណ្យ​របស់ ព្រះបាទ​សេន​ទិ​កោសល​មហារាជ ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ក៏ ទៅ​បបួល​ញាតិ​សាច់សាលោហិត របស់លោក​ធ្វើ កឋិនទាន មួយ​ដង្ហែ​ទៅ​ថ្វាយ​ព្រះ​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះអង្គ​ទ្រង់​សរសើរ​ទាន​នេះ ហើយ​ទ្រង់​ក៏​លើកយក​អតីតនិទាន កាល​ព្រះអង្គ​នៅ​ជា​ស្ដេច​ចក្រពត្តិ​នាម វិ​ជិត​រាជ្យ ជាធំ​លើ​ទ្វីប​ទាំង​បួន បាន​នាំ​កឋិន​ទៅ​ថ្វាយ ព្រះពុទ្ធ​នាម កោ​ណ្ឌ​ញ្ញៈ ដែរ ។​

​ចំណែក​ផលានិសង្ស​ធ្វើ កឋិន សូម​ពិនិត្យមើល​អតីតនិទាន​ខាងលើ​ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ទេសនា​សរសើរ​ជា​អនេកបរិយាយ និង នាំ​អតីតនិទាន​ទាំងពីរ​រឿង​នោះ​ឲ្យ​បានច្បាស់លាស់​ផង​ចុះ ។​

​ទស្សនវិជ្ជា នៃកឋិនទាន​
​ចំពោះ​ទស្សនវិជ្ជា ដែល​បង្កប់​នៅក្នុង​ពិធីបុណ្យ​កឋិនទាន​ត្រូវបាន​លោកអ្នក​ពហុ​ស្សូត្រ ទាំងឡាយ លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា មានដូចជា សាមគ្គីភាព ការចុះ​សម្រុង​គ្នា ការផ្សះផ្សា​សម្រុះសម្រួល​គ្នា ( ដូចដែល​បានលើកឡើង​ខាងដើម​មកហើយ​ថា ទោះបីជា ភិក្ខុ​គង់​ចាំ​វស្សា បាន​ត្រឹមត្រូវ​ហើយ​ក្តី ប៉ុន្តែ​ប្រសិនបើ​មាន​ជម្លោះ​ទាស់ទែង​ខ្វែងគំនិត​គ្នា នៅក្នុង​វត្ត​នោះ មិនអាច​ធ្វើ​កឋិន​បានទេ ដែល​ប្រការនេះ តម្រូវឱ្យមាន​ការសម្រួល​សម្រួល រក​ដំណោះស្រាយ រម្ងាប់​អធិករណ៍​ទាំងនោះ​ជាមុនសិន ទើប​អាចធ្វើ​កឋិន​ទៅបាន ) ការគោរព ច្បាប់​ដោយ​ត្រឹមត្រូវ ភាព​ស្ទាត់ជំនាញ​នៅក្នុង​កិច្ច​ការដែល​ខ្លួន​ត្រូវធ្វើ ( ព្រោះ​ដើម្បី អាចធ្វើ កឋិន ទៅបាន​លុះណាតែ​មាន​ភាព​ស្ទាត់ជំនាញ ខាង​វិន័យ ) ការបរិច្ចាគ​ទាន​ឱ្យចំ​គោលដៅ​ពោលគឺ ទៅកាន់​អ្នក​ដែល​ត្រូវការ​បំផុត ( ព្រោះ​វិន័យ​កំណត់ថា ភិក្ខុ​ដែលមាន​សំពត់ គឺ​ចីវរ មាន​ទុព្វល ភាព គឺ ចាស់ ជា​អ្នកមាន​អាទិភាព​ក្រាល​គ្រង​កឋិន ដោយ​មិន​ប្រកាន់​ថា ភិក្ខុ​នោះ មាន​ឋានៈ ឬ ឥត​ឋានៈ ចាស់ ឬ ក្មេង ជាដើម​ឡើយ ) ដោយ​មិន​ប្រកាន់​រើសអើង និង សមភាព រវាង​អ្នកតូច អ្នកធំ អ្នកមាន និង អ្នកក្រ ( មាន​ជាអាទិ៍ អ្នកធ្វើ​កឋិន ទោះជា​អ្នកក្រីក្រ ឬ អ្នកមាន​ស្តុក​ស្ត​ម អ្នកតូចតាច ឬ មន្ត្រី​ខ្ពង់ខ្ពស់​យ៉ាងណាក្តី ធ្វើ​កឋិន គឺ​បាន​អា​និ​ស្សង ៥ ដល់​ភិក្ខុ​អ្នកទទួល និង បាន​កុសល​ជា​អនេក ដល់​អ្នកធ្វើ​ដូចគ្នា ) ជាដើម ដែល​ទាំងនេះ​សុទ្ធតែជា​គំរូ​ដែល​សង្គម ជាតិ​សាសន៍​នីមួយៗ សិក្សា​រៀនសូត្រ និង ត្រាប់​តាម​បាន ដើម្បី សេចក្តីសុខ​សន្តិភាព និង វឌ្ឍនភាព ហើយក៏​ជាការ​រួមចំណែក​ក្នុងការ​ថែរក្សា​សិល្បៈ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ របស់​ជាតិ​សាសន៍​នីមួយៗ ក៏ដូចជា​ការរួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ ព្រោះ​តាម រយៈ កឋិន នីមួយៗ​គឺ​រមែង​មាន​តម្រូវការ​របស់របរ​ជាច្រើន ។

​ទស្សនវិជ្ជា និង អត្ថន័យ​ដូចដែល​បានលើកឡើង​មកនេះ​យើង​នឹង​លើកយក​ម​បកស្រាយ សម្រាយ​សេចក្តី នៅពេល​ក្រោយ ទៅតាម​ការណ៍​គួរ ៕ ប្រភព៖ រស្មីកម្ពុជា

អត្ថបទទាក់ទង