Grand News Asia Close

ចំណេះដឹងទូទៅ៖ តើជនបរទេសរូបណាដែលបានមកដល់ «តំបន់ប្រាសាទកោះកេរ» មុនគេបង្អស់? (ភាគ២)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 669
ចំណេះដឹងទូទៅ៖ តើជនបរទេសរូបណាដែលបានមកដល់ «តំបន់ប្រាសាទកោះកេរ» មុនគេបង្អស់? (ភាគ២) ចំណេះដឹងទូទៅ៖ តើជនបរទេសរូបណាដែលបានមកដល់ «តំបន់ប្រាសាទកោះកេរ» មុនគេបង្អស់? (ភាគ២)

FN- (ភ្នំពេញ)៖ តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ប៉ុន្តែនៅចុងសតវត្សទី១០ ព្រះរាជាខ្មែរក៏បានចាកចេញពីកោះកេរនេះមកក្រុងអង្គរវិញ។ លុះដល់សតវត្សទី១៩ ក៏មានជនជាតិអឺរ៉ុបបានទៅដល់តំបន់ប្រាសាទដ៏អស្ចារ្យនេះ។ តើអ្នកដឹងទេថា ជនបរទេសរូបណាដែលបានទៅដល់តំបន់រាជធានីកោះកេរមុនគេបង្អស់?

តំបន់កោះកេរ (ជូនសរសេរ កោះកេរ្តិ៍  កោះកែ) មានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ» ឬ «ឆោកគគីរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរនាសម័យអង្គរ។ ប៉ុន្តែនៅពេលព្រះបាទជ័យវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»

មានព្រះមហាក្សត្រខ្មែរចំនួន ២ អង្គ ដែលបានសោយរាជ្យនៅរាជធានីលិង្គបុរៈនេះ រួមមាន៖

* ព្រះបាទជ័យវម៌្មទី៤
នៅឆ្នាំគ្រិស្ដសករាជ ៩២១ ព្រះបាទជ័យវម៌្មទី៤ បានជ្រែករាជ្យដណ្ដើមអំណាចពីក្មួយរបស់ព្រះអង្គ គឺព្រះបាទឦសានវម៌្មទី២ ដែលសោយរាជ្យនៅក្រុងអង្គរទី១ ហើយព្រះបាទជ័យវម៌្មទី៤ ក៏បានទៅតាំងរាជធានីថ្មីនៅក្រុងលិង្គបុរៈ ឬតំបន់កោះកេរបច្ចុប្បន្ន ប៉ុន្តែព្រះបាទឦសានវម៌្មទី២ ក៏នៅតែសោយរាជ្យនៅក្រុងអង្គរនៅឡើយដែរ។ លុះដល់ឆ្នាំគ្រិស្ដសករាជ ៩២៨ ព្រះបាទឦសានវម៌្មទី២ ក៏បានសោយទិវង្គត ទើបព្រះបាទជ័យវម៌្មទី៤ ទទួលបានព្រះបរមសិទ្ធិជាព្រះមហាក្សត្រពេញលេញ គ្រប់គ្រងចក្រភពខ្មែរទាំងមូល។ ព្រះបាទជ័យវម៌្មទី៤ បានសោយរាជ្យនៅក្រុងលិង្គបុរៈនេះរហូតដល់ឆ្នាំគ្រិស្ដសករាជ ៩៤១។

* ព្រះបាទហស៌វម៌្មទី២
ព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទជ័យវម៌្មទី៤ និងព្រះនាងជ័យទេវី (ប្អូនស្រីរបស់ព្រះបាទយសោវម៌្មទី១)។ ព្រះអង្គបានសោយរាជ្យនៅក្រុងលិង្គបុរៈ ចាប់ពីឆ្នាំគ្រិស្ដសករាជ ៩៤១-៩៤៤។ រាជ្យបល្ល័ង្កក៏បានទៅលើព្រះបាទរាជេន្ទ្រវម៌្មទី២ ដែលជាព្រះញាតិវង្សសាច់ឆ្ងាយរបស់ព្រះបាទហស៌វម៌្មទី២។

* ព្រះបាទរាជេន្ទ្រវម៌្មទី២
ព្រះអង្គជាព្រះរាជបុត្ររបស់ស្ដេចមួយអង្គសោយរាជ្យនៅក្រុងភវបុរៈ គឺបាទមហេន្ទ្រវម៌្ម និងព្រះនាងមហេន្ទ្រទេវី ដោយក្សត្រីអង្គនេះជាប្អូនស្រីម្នាក់ទៀតរបស់ព្រះបាទយសោវម៌្មទី១ (ម្ចាស់មីងរបស់ព្រះបាទហស៌វម៌្មទី២) ដូច្នេះបើរាប់តាមលំដាប់សែស្រឡាយ ព្រះបាទរាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយរបស់ព្រះបាទជ័យវម៌្មទី៤ ហើយក៏ជាបងប្អូនជីដូនមួយរបស់ព្រះបាទហស៌វម៌្មទី២ ផងដែរ។ បន្ទាប់ពីព្រះបាទហស៌វម៌្មទី២ សោយទិវង្គតទៅ ព្រះបាទរាជេន្ទ្រវម៌្មទី២ ក៏បានស្នងរាជ្យបន្តទាំងវ័យក្មេង ប៉ុន្តែព្រះអង្គមិនបានតាំងរាជធានីនៅក្រុងលិង្គបុរៈទៀតនោះទេ ដោយព្រះអង្គបានលើករាជធានីមកតាំងនៅក្រុងយសោធរបុរៈវិញ (ក្រុងអង្គរ) នៅឆ្នាំគ្រិស្ដសករាជ ៩៤៤ បន្តរហូតដល់គ្រិស្ដសករាជ ៩៦៨។

តាំងពីពេលនោះមក តំបន់កោះកេរ ឬ ឆោកគគ៌្យរ ក៏លែងជារាជធានីរបស់ចក្រភពខ្មែរទៀតហើយ ប៉ុន្តែក៏នៅជាទីក្រុងរណបរបស់ចក្រភពខ្មែរដដែល។ ចំណេរក្រោយមក ប្រវត្តិសាស្ត្រកម្ពុជាក៏បានឈានមកដល់សម័យក្រោយៗមកទៀត រីឯតំបន់កោះកេរ ក៏លែងជាទីប្រជុំជនដូចមុនទៀតហើយ។

ខណៈដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង ក៏មានអ្នកស្រាវជ្រាវជនជាតិបារាំងចូលទៅដល់តំបន់កោះកេរនេះជាបន្តបន្ទាប់ ក្នុងនោះមានជាងគំនូរជនជាតិបារាំងម្នាក់ គឺលោក ល្វី ដឺឡាព័រ (Louis De Laporte) បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំគ្រិស្ដសករាជ ១៨៧៣។ លោក ល្វី ដឺឡាព័រ បានហៅទីនោះថា បន្ទាយកកែវ (Banteay Ka-Keo)។ លោកបានសិក្សាស្រាវជ្រាវនៅតំបន់នេះអស់ពេលជាច្រើនឆ្នាំ។ ក្រោយមក លោកក៏បានសរសេរជាសៀវភៅមួយក្បាល «សៀវភៅ Voyage au Cambodge- Architectures Khmers» បកប្រែជាខេមរភាសាថា «ការធ្វើដំណើរនៅកម្ពុជា- ស្ថាបត្យកម្មខ្មែរ» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ ១៨៨០។

នៅអំលុងឆ្នាំគ្រិស្ដសករាជ ១៨៨២ ក៏មានអ្នកប្រាជ្ញខាងភាសាវិទ្យាជនជាតិបារាំងម្នាក់ទៀត គឺលោក អេជែន អៃម៉ូនីញ៉េ (Etienne Aymonier) ក៏បានចូលទៅសិក្សាស្រាវជ្រាវ និងបកប្រែអក្សរលើសិលាចារឹកនៅតាមប្រាសាទនីមួយៗនៃតំបន់កោះកេរនេះ រហូតសរសេរបានជាសៀវភៅថ្មីមួយក្បាលទៀតមានចំណងជើងថា «Le Cambodge» បកប្រែជាខេមរភាសាថា «ប្រទេសកម្ពុជា» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ ១៩០០។ ក្រៅពីនេះ ក៏នៅមានអ្នកស្រាវជ្រាវជាច្រើនទៀត ដែលមានទាំងជនជាតអឺរ៉ុប និងជនជាតិខ្មែរដែរ៕

ប្រភព៖
*សៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ត្រឹង ងា
* សៀវភៅ «ដែនដីអាថ៌កំបាំង អច្ឆរិយៈ ប្រាសាទកោះកែរ» ស៉ឹម សុភក្ត្រា

អត្ថបទទាក់ទង