លោក ស៉ី ជីនពីង ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
(ភ្នំពេញ)៖ លោក ស៉ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តីចិន បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។
ក្នុងលិខិតរបស់លោក ស៉ី ជីនពីង មានខ្លឹមសារដូច្នេះថា «ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ក្នុងនាមបក្សកុម្មុយនិស្តចិន និងប្រជាជនចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអប់អរសាទរយ៉ាងកក់ក្តៅ ចំពោះសម្តេចប្រធាន គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។
៧០ឆ្នាំមុន តាមរយៈការខិតខំតស៊ូប្រជាជនកម្ពុជា ទទួលបានឯករាជ្យជាតិ និងបានដើរលើវិថីនៃការស្ដារប្រទេសជាតិ ឡើងវិញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏មោះមុតរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា បានការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ហើយសម្រេចបាន សមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ខ្ញុំជឿជាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា នឹងបន្តចូលរួមចំណែកថ្មីបន្ថែមទៀត ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ សុភមង្គលរបស់ប្រជាជន និងសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។
ប្រទេសចិន និងកម្ពុជា គឺជាសហគមន៍ជោគវាសនារួមជាមួយគ្នា។ ប្រទេសចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការ ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ និងប្រកាន់យកមាគ៌ាអភិវឌ្ឍន៍ដែលស្របតាម លក្ខខណ្ឌជាតិរបស់ខ្លួន។
ខ្ញុំមានឆន្ទៈក្នុងការធ្វើការជាមួយសម្តេចតេជោ ប្រធានគណបក្ស ដើម្បីធ្វើឱ្យកាន់ស៊ីជម្រៅនូវការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រឹងការផ្លាស់ប្តូរទស្សនវិជ្ជានយោបាយ ទំនាក់ទំនងទ្វេភាគី និងរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រទេស និង ប្រជាជនទាំងពីរ។
សូមជូនពរឱ្យប្រទេសកម្ពុជា ទទួលបាននូវវិបុលភាព និងប្រជាជនកម្ពុជា ទទួលបាននូវសុខសុភមង្គល!»៕