Grand News Asia Close

សម្រង់ប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 504


CNV:

សម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ,
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,
លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា
ព្រមទាំងបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនេះ

(១) សមាគមឧកញ៉ាមានរចនាសម្ព័ន្ធ បទដ្ឋានគតិយុត្តិ យន្តការទ្រទ្រង់ ធានាបានប្រសិទ្ធិភាពនិងនិរន្តភាព

ជាដំបូង អនុញ្ញាតឲ្យខ្ញុំពាំនាំការសាកសួរសុខទុក្ខនិងជូនពរ ចំពោះជោគជ័យនៃសន្និបាតប្រចាំឆ្នាំនៃគ្រួសារសមា​គម​ឧកញ៉ាកម្ពុជា ពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនិងសម្តេចម៉ែ សម្តេចព្រះរាជមាតាជាតិខ្មែរ។ ព្រះអង្គ សូមកោតសរសើរ និង ជូនពរចំពោះអង្គសន្និបាត ក៏ដូចជាអ្នកឧកញ៉ា លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងឧកញ៉ាទាំងអស់ សូមមានជោគជ័យ សិរីសួស្តីតរៀងទៅ។ ខ្ញុំមានការរីករាយ ដែលបានមកចូលរួមជាលើកទី២ ជាមួយនឹងសន្និបាតប្រចាំឆ្នាំលើកទី២ របស់សមាគមឧកញ៉ាកម្ពុជា។ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ខ្ញុំមិនប្រើប្រាស់តួនាទីជាប្រមុខរដ្ឋស្តីទីដើម្បីនឹងមានសង្កថានោះទេ ប៉ុន្តែជាការជៀសមិនរួច ត្បិតមានមុខ​ងារជាប់នឹងខ្លួន ដែលរួមមានទាំងប្រមុខរដ្ឋស្តីទី រួមមានទាំងប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយក៏ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសមាគមឧកញ៉ាដែលបានធ្វើសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ តាមរបាយការណ៍ និងការមើលវីដេអូអម្បាញ់មិញនេះ បង្ហាញពីការរៀបចំនូវរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដែលមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធិភាពនៃដំណើរការនៃសមាគម។ ខ្ញុំសូមកោតសរសើរគំនិតផ្តួចផ្តើមទាំងឡាយ ដែលសមាគមឧកញ៉ាបានធ្វើ ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ យោងទៅលើអ្វីដែលជាបទដ្ឋានគតិយុត្តិ មានធានាឲ្យការប្រព្រឹត្តទៅស្របតាមបទបញ្ញត្តិ យន្តការទ្រទ្រង់ ដើម្បីនឹងដំណើរការ មានការរៀបរយបានល្អ។ ខ្ញុំធ្លាប់បាននិយាយជាហូរហែថា ការបង្កើតឲ្យមានជារឿងលំបាកហើយ ប៉ុន្តែការធានាឲ្យមាននិរន្តភាពវាកាន់តែលំបាកជាងទៀត។ យ៉ាងណាក្តី ក្នុងរបាយការណ៍ ក៏ដូចជាវីដេអូបញ្ចាំងអម្បាញ់មិញនេះ  ក៏បានបង្ហាញឲ្យឃើញនូវយន្តការដ៏រឹងមាំផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តិផង និងផ្អែកលើយន្តការនិងភាពសកម្មនៃធនធានមនុស្សរបស់សមាគមឧកញ៉ាផងដែរ។

(២) វិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច ឯរដ្ឋជាសេដ្ឋវិទូនិងគ្រប់គ្រងការដឹកនាំ

ជាមួយនឹងការអបអរសាទរ នៃការរៀបចំដំណើរការរបស់សមាគម ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់ការចូលរួមរបស់សមាគមទៅលើកិច្ចការមួយចំនួន ក្នុងនោះមានការចូលរួមថ្វាយចំពោះព្រះមហាក្សត្រ និងចំពោះសម្តេចម៉ែ ដើម្បីព្រះអង្គមានលទ្ធភាពធ្វើសកម្មភាពមនុស្សធម៌។ អស់លោកអ្នកបានដឹងហើយថា នៅលើពិភពលោកយើងនេះ មានតែព្រះមហាក្សត្រយើងទេដែលក្រជាងគេ ប៉ុន្តែគឺជាព្រះមហាក្សត្រដែលមានព្រះទ័យសណ្តោសខ្លាំងជាងគេដែរ។ ដូច្នេះ តាមរយៈជំនួយដែលសមាគមឧកញ៉ាបានថ្វាយចំពោះព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ព្រះអង្គបានយកនូវអំណោយទាំងនោះជូនចំពោះប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលការលំបាក ដែលជាការរួមចំណែកមួយ សម្រាប់ការដោះស្រាយបញ្ហាដែលជាបញ្ហាប្រឈម។ ការចូលរួមរបស់សមាគមឧកញ៉ាជាមួយនឹងកាកបាទក្រហមកម្ពុជា ជាមួយនឹងបណ្តាមន្ទីរពេទ្យ សកម្មភាពដទៃទៀត រាប់ទាំងកីឡា និងវប្បធម៌ សុទ្ធតែបង្ហាញអំពីសកម្មភាពនៃការចូលរួមទ្រទ្រង់ នៃដំណើរការសម្រាប់សង្គមរបស់យើង។

អ្វីដែលសំខាន់ជាងនឹងទៀត យើងត្រូវយល់ឲ្យបានច្បាស់ពីយុទ្ធសាស្ត្រនិងវិធីសាស្ត្រ ក៏ដូចជាស្ថានភាពជាក់ស្តែងដែលបានកើតនិងកំពុងកើត ហើយនឹងត្រូវកើតនៅពេលអនាគត នោះនៅត្រង់ថា វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ឯរដ្ឋគ្រាន់តែជាសេដ្ឋវិទូនិងគ្រប់គ្រងការដឹកនាំតែប៉ុណ្ណោះ។ ដូច្នេះ វិស័យឯកជនបានប្រមូលផ្តុំនៅក្នុងសមាគមឧកញ៉ា។ បើទោះបីថាមានឧកញ៉ាមួយចំនួនមិនទាន់បានចូលក្តី ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា កម្លាំងនឹងរីកធំធាត់បន្តទៀត តាមរយៈសកម្មភាពដ៏រស់រវើកនៃសមាគមឧកញ៉ា។ ការបង្កើតបាននូវផលិតកម្ម ការបង្កើតបានការងារធ្វើរាប់លាននាក់ គឺផ្តើមចេញពីតួអង្គនៃក្បាលម៉ាស៊ីននៃវិស័យឯកជននេះ។ រោងចក្រ សហគ្រាស ក៏ដូចជាកសិដ្ឋានដំណាំខាងផ្នែកកសិកម្ម ឬការតភ្ជាប់កសិឧស្សាហកម្ម ផ្តើមចេញពីអ្នកវិនិយោគទុននេះឯង។

(៣)​ ទំហំពាណិជ្ជកម្មកើនដល់ ៥៦ពាន់លានដុល្លារ ប្រែពីប្រទេសនាំចូលទៅមានសមត្ថភាពផលិតនាំចេញ

អម្បាញ់មិញ ខ្ញុំក៏បានស្តាប់ដោយយកចិត្តទុកដាក់ដល់ការផ្សាយផ្ទាល់ និងបន្តផ្ទាល់ នៃការថ្លែងរបស់នាយករដ្ឋមន្ត្រីដែលបានបិទនូវសន្និបាត។ តាមការយល់ដឹងនោះ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានឡើងរហូតទំហំសរុបដូចជា ៥៦ពាន់លាន ក្នុងនោះទំហំនាំចេញរបស់កម្ពុជាកើនឡើងដល់ជាង ២៦ពាន់លាន ក្នុងពេលដែលការនាំចូល ២៨ពាន់លាន។ ខ្ញុំសូមបកស្រាយលើចំណុចនេះ។ ទី១ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ពេលនេះកម្ពុជាមានសមត្ថភាពជាប្រទេសផលិតដើម្បីការនាំចេញ។ ដូច្នេះស្ថានភាពនេះវាខុសគ្នា រវាងរយៈពេលមុន និងក្នុងពេលនេះ។ ប្រជាជន ១៧លាននាក់ ប្រទេសដែលទើបងើបចេញពីសង្គ្រាម ហើយដែលមានលទ្ធភាពនិងសន្តិភាពគ្រប់គ្រាន់ត្រឹមតែ ២៦ឆ្នាំលើទឹកដីកម្ពុជា។ យើងមានសមត្ថភាពនាំចេញគិត​ជាទឹកប្រាក់ទំហំ ២៦ពាន់លាន ប៉ុន្តែក៏មានចំណោទអាចសួរថាហេតុអ្វីបានជាមានអតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចូល ២៦ពាន់លាន(ដុល្លារ) ឯការនាំចេញ ២៨ពាន់លាន(ដុល្លារ)។ តើកើតចេញពីអ្វី? រឿងនេះ ពួកក្រុមដែលមិនយល់ ហើយតាំងខ្លួនជាគ្រូសេដ្ឋកិច្ច ហើយភាគច្រើននៅក្នុងក្រុមជ្រុលនិយម តែងបានលើកប្រៀបធៀបអតុល្យភាពជញ្ជីងពាណិជ្ជកម្មពីប្រទេសយើងទៅប្រទេសមួយផ្សេង ឬពីប្រទេសនេះទៅប្រទេសនោះ។

(៤) ទំហំពាណិជ្ជកម្មទ្វេទិសកើន តែការនាំចេញតូចជាងនាំចូលពីថៃ វៀតណាម និងចិន

ដើម្បីឱ្យអស់លោកដែលជាអ្នកសេដ្ឋកិច្ចអាចយល់ដឹងបាន នៅលើពិភពលោកនេះ ជាការកម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នានោះ។ មូលហេតុងាយយល់។ ឧទាហរណ៍ យើងជាមួយនឹងសហរដ្ឋអាមេរិក។ យើងនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងនាំចូលពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកដែលមានប្រជាជនជាង ៣០០លាននាក់ មានតម្រូវការខ្ពស់ ដូចនេះការនាំចេញរបស់យើងទៅសហរដ្ឋអាមេរិកមានចំនួនធំ រីឯការ​នាំចូលពីអាមេរិកមកវិញមានទំហំតូច ដោយសារតែយើងមានប្រជាជនត្រឹមតែ ១៧លាននាក់។ ឧទាហរណ៍ តើយើងត្រូវការរថយន្ត FORD របស់អាមេរិកប៉ុន្មានគ្រឿងឱ្យគ្រប់ ដើម្បីឱ្យស្មើជាមួយការចាំចេញទៅអាមេរិក។ អាហ្នឹងចំណុចមួយ។

ត្រឡប់ទៅពាណិជ្ជកម្មរវាងកម្ពុជាជាមួយថៃ។​ ទំហំសរុបនៃការនាំចេញរវាងថៃនិងកម្ពុជា គឺប្រមាណ ១០ពាន់លាន(ដុល្លារ) ប៉ុន្តែយើងនាំចូលពីថៃច្រើនជាងនាំចេញពីកម្ពុជាទៅថៃ។ តើមូលហេតុអ្វីទៅ? មូលហេតុ​ដោយយើងមានតម្រូវការ។ ការផ្គត់ផ្គង់ពីថៃចូលមកបំពេញឱ្យតម្រូវការនៃការសាងសង់ ឬការប្រើប្រាស់នៅកម្ពុជា ដូចជាប្រេងឥន្ធនៈ ឬសម្ភារៈផ្សេងទៀត​​។

ទំហំពាណិជ្ជកម្មរវាងយើងជាមួយវៀតណាម ក៏មានប្រមាណជាង ១០ពាន់លានដុល្លារ ហើយមានអត្រាប្រហាក់ប្រហែលគ្នា ដោយយើងក៏មានសមត្ថភាពដើម្បីនាំចេញទៅវៀតណាម។ មុននេះយើងនាំចូលពីវៀតណាមច្រើន​ជាងការនាំចេញទៅវៀតណាម។ យើងនាំចេញទៅវៀតណាម​តិចជាង​ ចំនួនដែលនាំចូលច្រើន។ ឥឡូវ យើងបានប្រឹងប្រែងស្ទើរតែមានតុល្យភាពទៅហើយ។

មួយទៀត (អ្នកទាំងនោះ)ក៏ត្រូវយល់ដឹងឱ្យបានច្បាស់(ពីតុល្យភាពពាណិជ្ជកម្ម)រវាងកម្ពុជានិងចិន។ យើងនាំទៅចិនមានចំនួនតិចជាង​ បើប្រៀបធៀបនឹងការនាំពីចិនចូលមកកម្ពុជា។ ហេតុអ្វីបានជាមានអតុល្យភាពបែបនេះ? ពួកប្រឆាំងវាយប្រហារយើងលើបញ្ហានេះ។ សុំផ្ដល់ការណែនាំចំពោះក្រុមប្រឆាំងឱ្យយល់។ កម្ពុជាត្រូវការវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ជាពិសេសសាច់ក្រណាត់ដើម្បីបម្រើឱ្យបណ្ដារោងចក្រកាត់ដេរនៅកម្ពុជា។ តាមរយៈរោងចក្រកាត់ដេរនោះ យើងនាំវត្ថុធាតុដើមជាសាច់ក្រណាត់ពីប្រទេសចិនចូលមកកម្ពុជា កាត់ដេររួចហើយនាំទៅប្រទេសក្រៅ។ (ក្នុងន័យនេះ) ចិនបានចូលរួមចំណែកជួយដល់កម្ពុជាក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មបម្រើឱ្យការនាំចេញ។

(៥) បន្តរក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី

អ្នកដែលមិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ច ប៉ុន្តែចូលចិត្តនិយមបន្ដុះបង្អាប់ជនជាតិឯង វាមិនមែនជាមនុស្សទេ។ បើប្រៀបធៀបទៅ វាជាសត្វ។ ខ្ញុំមិនចង់សំដៅទៅលើ(អ្នកណាម្នាក់ទេ)។ ប៉ុន្តែ ​​យើងនិយាយទៅកាន់ពួក(ដែលបង្អាប់ជាតិឯង)។ គោលដៅធំបំផុត ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ ១៧លាននាក់នៅក្នុងប្រទេសឱ្យយល់ថា អ្វីទៅជាជញ្ជីងពាណិជ្ជកម្ម។ មូលហេតុអ្វីបានជាតុល្យភាពពាណិជ្ជកម្មមានការខុសគ្នារវាងការនាំចូលនិងការចេញ។ ការនាំចេញពីកម្ពុជាទៅកាន់ប្រ​ទេសខ្លះក្នុងក្របខណ្ឌអាស៊ាន មានច្រើនជាងការនាំចេញពីប្រទេសនោះមកកាន់កម្ពុជា​ ដូចជាការនាំចេញរបស់យើងទៅកាន់ប្រទេសម៉ាឡេស៊ី គឺមានចំនួនច្រើនជាងការនាំពីម៉ាឡេស៊ីមកកម្ពុជា។ នេះហើយជាក្រឹត្យក្រមសេដ្ឋកិច្ចរវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់។ បើសិនជាអ្នកឯងមិនយល់ពីបញ្ហានេះ អ្នកឯងកុំតាំងខ្លួនធ្វើជាបញ្ញវន្តសេដ្ឋកិច្ច ឬចង់ក្លាយទៅជាមេដឹកនាំ (បើមិនយល់ពី)ទំហំនាំចេញនិងនាំចូល។ ខ្ញុំសូមបញ្ជាក់ថា ពីប្រទេសមួយដែលពឹងផ្អែកលើការនាំចូលដើម្បីចិញ្ចឹមខ្លួន កម្ពុជាបានក្លាយទៅជាប្រទេសមួយដែលផលិតសម្រាប់ការនាំចេញ។ យើងកំពុងបន្តធ្វើតទៅទៀត តាមរយៈនៃសមាគមឧកញ៉ាផង តាមរយៈនៃសភា​ពាណិជ្ជកម្មផង ដើម្បីបន្តអនុវត្តការរក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី។ ខ្ញុំសូមអបអរសាទរ និងកោតសរសើរគំនិតផ្ដួចផ្ដើមរបស់សមាគមឧកញ៉ា ដែលបានធ្វើដំណើរជាមួយប្រមុខរដ្ឋាភិបាលទៅក្រៅប្រទេស ចូលរួមក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។

(៦) វិស័យឯកជនកាន់តែរឹងមាំ ប្រទេសកាន់តែខ្លាំង ប្រើប្រាស់គ្រប់វិធីពង្រឹងសមត្ថភាពអ្នកមានធនធានក្នុងស្រុក

ពេលដែលកម្លាំងវិស័យឯកជនរបស់យើងកាន់តែខ្លាំង ប្រទេសយើងក៏កាន់តែខ្លាំង។ អញ្ចឹងបានជាខ្ញុំធ្លាប់និយាយហើយថា ខ្ញុំប្រើប្រាស់គ្រប់វិធីដើម្បីពង្រឹងសមត្ថភាពអ្នកដែលមានធនធាននៅកម្ពុជា។ នេះជាវិធីសាស្រ្តខុស ឬជាវិធីសាស្រ្តត្រូវ? សូមសំលឹងមើលប្រធានាធិបតី ដូណាល់ ត្រាំម៍ ដែលទើបចូលកាន់តំណែងអាណត្តិទី២ គាត់ប្រមូលពួកមហាសេដ្ឋី​មកជួយគ្រប់គ្រងរដ្ឋ។ នេះមិនមែនជាការខុសឆ្គងទេ ក៏ប៉ុន្តែបទពិសោធន៍នៃអ្នកគ្រប់គ្រងធុរកិច្ចដែលពូកែៗ ដូចជា Elon Musk ជាដើម ជួយឱ្យគាត់អាចត្រួតពិនិត្យប្រសិទ្ធភាពរបស់រដ្ឋាភិបាល។ អញ្ចឹងដែលអ្នកប្រឆាំងជ្រុលនិយមដែលតែងទិតៀនថា ពួកឧកញ៉ាជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជន ពួកឧកញ៉ាជាសម្ព័ន្ធភាពរបស់រាជរដ្ឋាភិបាល តើអ្នកឯងនិយាយយ៉ាងម៉េចចំពោះការដែលប្រធានាធិបតី ដូណាល់ ត្រាំម៍ យកសុទ្ធតែមហាសេដ្ឋីទៅជួយគ្រប់គ្រងរដ្ឋ។ អ្នកឆ្លើយឱ្យខ្ញុំ​។ នេះជាឧទាហរណ៍មួយ។ បើគ្មានឧទាហរណ៍ច្រើន ក៏គង់មានឧទាហរណ៍ដែលហៅថា បិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាសេដ្ឋកិច្ចទី១ របស់ពិភពលោក ហេតុអ្វីត្រូវធ្វើអញ្ចឹង? ការធ្វើ(អញ្ចឹង)នៅសហរដ្ឋអាមេរិក ​កាន់តែបង្ហាញពីតួនាទីនៃវិស័យឯកជនរបស់កម្ពុជា ដែលយើងត្រូវតែពង្រឹងនូវសមត្ថភាពនេះ។

 (៧) ក្រុមហ៊ុននានានៅកម្ពុជាអនុវត្តបានល្អកាតព្វកិច្ចពន្ធដារ

ខ្ញុំអរគុណបណ្ដាក្រុមហ៊ុននៅកម្ពុជា ដែលអនុវត្តកាតព្វកិច្ចពន្ធដារដ៏ល្អ ដែលក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ខ្ញុំជានាយករដ្ឋមន្រ្តី និងក្នុងពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្រ្តី ហើយរដ្ឋាភិបាលថ្មី(ចូលដឹកនាំ) ក៏នៅបន្តភាពល្អប្រសើរនៃប្រាក់ចំណូលជាតិ តាមរយៈពន្ធគយនិងពន្ធដារ។ យើងត្រូវមើលឃើញតួនាទី(នៃវិស័យឯកជន)នេះ។ ខ្ញុំសង្ឃឹមថា បណ្ដាក្រុមហ៊ុនទាំងអស់មិនឈានទៅរកការក្ស័យធនទេ ទោះបីជាក្រុមហ៊ុនទាំងអស់ឆ្លងកាត់នូវការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំនៃកូវីដ-១៩ រហូតមកដល់សម័យសង្រ្គាមនៅអឺរ៉ុប ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើស្ថានភាពសេដ្ឋកិច្ចសង្គមទូទាំងពិភពលោក រាប់ទាំងការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយផង។

សង្ឃឹមថា អ្នកទាំងអស់គ្នាមិនធុញទ្រាន់នឹងការលើកឡើងរបស់ខ្ញុំទេ។ ខ្ញុំក៏មិនប្រណាំងប្រជែងជាមួយនាយករដ្ឋមន្ត្រីក្នុងការនិយាយ ដែលគាត់បានផ្ដល់សុន្ទរកថានៅទីនេះរួចហើយ។ មានអ្នកសួរថាតើ ហ៊ុន សែន ដូច ហ៊ុន ម៉ាណែត ឬ ហ៊ុន ម៉ាណែត ដូច ហ៊ុន សែន? គេជាកូនខ្ញុំ។ ខ្ញុំមិនអាចជាកូនគេទេ។ ខ្ញុំមិនអាចដូចគេទេ។ គេដូចខ្ញុំបានត្រូវ។ (ម៉ាណែត អាយុ)ប្អូនខ្ញុំ ២៥ឆ្នាំ។ អញ្ចឹង យើងអ្នកបង្កើត វារឿងអីទៅដូចវា។ វាដូចយើង។ និយាយវា ព្រោះជាមួយកូនពិបាកដែរ។ សម្ដេចនាយករដ្ឋមន្ត្រីអីទេ សុំកាត់កងខ្លះដែរ។

(៨) រួមគ្នាកុំអោយកម្ពុជាធ្លាក់/ជាប់ក្នុងអន្ទាក់ប្រទេសប្រាក់ចំណូលមធ្យម

ខ្ញុំចង់លើកឡើងនៅទីនេះថា សូមអ្នកធុរកិច្ចទាំងឡាយដែលមានគោរមងារជាលោកឧកញ៉ា លោកអ្នកឧកញ៉ា ឧកញ៉ា ឬមិនមែនឧកញ៉ាដែលកំពុងធ្វើធុរកិច្ច គាំទ្រគោលដៅដែលបានដាក់ចេញរួចមកហើយ គឺសម្រេចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៦ ដោយត្រូវធ្វើអោយប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងត្រូវសម្រេចគោលដៅនៅឆ្នាំ២០៥០ ជាប្រ​ទេសដែលមានប្រាក់ចំណូលខ្ពស់។ សង្ឃឹមថាទាំងរាជរដ្ឋាភិបាល និងបណ្ដាបក្សនយោបាយនៅកម្ពុជា និងប្រជាជនកម្ពុជា ក្នុងនោះវិស័យឯកជនរបស់យើងដែរ នឹងចូលរួមចំណែកកុំអោយកម្ពុជាធ្លាក់ក្នុងអន្ទាក់នៃប្រទេសប្រាក់ចំណូលមធ្យម។ ប្រទេសមួយចំនួននៅលើពិភពលោកបានជាប់នៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំ​ណូលមធ្យម។ យើងត្រូវខិតខំជៀសបញ្ហានេះ ដោយខិតខំបង្កើនសមត្ថភាពរបស់រដ្ឋ ខិតខំបង្កើនសមត្ថភាពនៃវិស័យឯកជន ដើម្បីពន្លឿនការរីកលូតលាស់ កុំអោយធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យម។ យើងត្រូវតែក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍនិងមានប្រាក់ចំណូលខ្ពស់។

(៩) អំពាវនាវបងប្អូនពលករត្រឡប់មករក​ឱកាសការងារនៅក្នុងប្រទេស

តាមការសិក្សារបស់អ្នកសេដ្ឋកិច្ចក៏ដូចជាសមាគមផ្ទាល់ យើងចាប់ផ្ដើមខ្វះកំលាំងពលកម្មហើយ។ ដូច្នេះ យើងក៏ត្រូវការអំពាវនាវអោយបងប្អូនពលករនៅប្រទេសថៃ ឬនៅប្រទេសផ្សេង ត្រឡប់មកកម្ពុជាវិញ(ដើម្បី)ស្វែងរក​ឱកាសការងារនៅក្នុងប្រទេសរបស់ខ្លួន។ ពិតមែនតែប្រទេសថៃ ឬប្រទេសដទៃមានប្រាក់ខែខ្ពស់ ក៏ប៉ុន្តែ(ការ)ចំ​ណាយក៏វាខ្ពស់ និងត្រូវធ្វើចំណាកស្រុកទៀតផង។ ថ្ងៃមុនខ្ញុំបានស្ដាប់លោកស្រីម្នាក់ដែលបាននិយាយថា “ប្រឹងឡើង​ដើម្បីធ្វើឲ្យប្រទេសយើងលែងមានចំណាកស្រុកដូចពេលនេះ”។ លោកស្រីភូទខ្លាំងពេកហើយ។ សូម្បីតែប្រទេសថៃពេលនេះ ក៏នាំចេញកំលាំងពលកម្មទៅប្រទេសកូរ៉េខាងត្បូងដែរ។ ប្រទេសថៃនាំចេញពលកម្មទៅកូរ៉េខាងត្បូង  Arab Emirates  ទៅមជ្ឍិមបូព៌ា ទៅទីកន្លែងដែលមានប្រាក់ខែខ្ពស់ ដោយយកពលករ​ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ទៅបំពេញឱ្យក្នុងប្រទេសថៃវិញ។ តើលោកជំទាវចង់ភូទដល់ណាទៀត?

លោកជំទាវធ្លាប់ភូទធ្វើឱ្យ ហ៊្វុនស៊ិនប៉ិច រលាយទៅហើយ។ តើលោកជំទាវគិតថា មនុស្សនៅកម្ពុជាត្រូវធ្វើជាសេដ្ឋីទាំងអស់គ្នាឬយ៉ាងម៉េច? នេះជាអំពើអ្នកប្រឆាំងដែលមិនយល់ពីសេដ្ឋកិច្ច មិនយល់អ្វីទៅជាចរន្តសេដ្ឋកិច្ចនិងតម្រូវការ។ គេធ្វើកិច្ចព្រមព្រៀងរហូតដល់ពាក់ព័ន្ធនិងការដោះស្រាយការងារក្នុងក្របខណ្ឌអាស៊ាន និងក្រៅក្របខណ្ឌអាស៊ាន ដូចកម្ពុជាមានកិច្ចព្រមព្រៀងជាមួយជប៉ុន កូរ៉េខាងត្បូងពីការនាំពលករចេញ(ពីកម្ពុជាទៅប្រទេសទាំងនោះ)។​ ប្រទេសមួយចំនួនធ្វើកិច្ចព្រមព្រៀងជាមួយយើងដើម្បីនាំពលករចេញ។ យើងប្រឹងប្រែងដោះស្រាយទីផ្សារការងារ ឱ្យកម្មកររបស់យើងនៅប្រទេសក្រៅ។ ការធ្វើដូចនេះមិនមែនជាកំហុសទេ។ យើងត្រូវឃើញថា ទើបតែ ២៦ឆ្នាំចុងក្រោយនេះទេដែលកម្ពុជាមានឱកាសពេញលេញក្នុងការកសាងប្រទេស។ រយៈពេលពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះគឺត្រដររស់។ សង្គ្រាមបន្តក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតដល់១៩៩៨ ទើបមានឱកាស។

(១០) យុទ្ធសាស្ត្រត្រីកោណ និងគោលដៅ២ ដាក់ចេញនៅឆ្នាំ១៩៩៨

សូមបញ្ជាក់លើចំណុចនេះបន្តិច ដើម្បីអោយអ្នកទាំងអស់គ្នារៀបចំឥរិយាបទ អនុវត្តគោលដៅនោះ។ ខ្ញុំយល់ថារដ្ឋាភិបាលបច្ចុប្បន្ន មិនបោះបង់ចោលនូវអ្វីដែលជាគោលដៅបានដាក់ចេញទេ ហើយបន្តយុទ្ធសាស្ត្រចតុកោណ ដែលបំពេញបន្ថែមដោយតម្រូវការជាក់ស្ដែងមួយទៀតគឺបច្ចេកវិទ្យា បូកជាមួយនឹងអភិក្រមទី៥ គឺចីរភាព។ ខ្ញុំចង់បញ្ជាក់ពីយុទ្ធសាស្ត្រត្រីកោណ និងគោលដៅ២ ដែលខ្ញុំដាក់ចេញនៅឆ្នាំ១៩៩៨។ យុទ្ធសាស្ត្រត្រីកោណមានមុំ ៣។ មុំទី១ ធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា តាមរយៈការពង្រឹងសន្តិភាព កុំឱ្យប្រទេសកម្ពុជាកើតសង្គ្រាមឡើងវិញ។ ខ្ញុំហ៊ាននិយាយជាមួយអគ្គលេខាអង្គការសហប្រជាជាតិ នៅវិមានសន្តិភាពក្នុងឆ្នាំ២០១០ ពេលគាត់មកទស្សនកិច្ច។ ខ្ញុំបានប្រាប់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ថា “ខ្ញុំសុខចិត្តអោយតុលាការកូនកាត់បរាជ័យ តែខ្ញុំមិនអោយប្រទេសខ្ញុំកើតសង្គ្រាមឡើងវិញទេ”។ កាត់ទោស៥នាក់ ឬ១០នាក់ ឬ២០នាក់ ឬ១០០នាក់ ធ្វើអោយប្រទេសកម្ពុជាកើតសង្គ្រាមឡើងវិញ មិនមែនជាការចង់បានរបស់ប្រទេសកម្ពុជា ដែលត្រូវស្លាប់មនុស្សរាប់ម៉ឺននាក់នោះទេ។ ដូច្នេះហើយបានជាខ្ញុំមោទនភាពចំ​ពោះអ្វីដែលកម្ពុជាបានធ្វើ … កម្ពុជារក្សាបានសិទ្ធិអំណាចរបស់ខ្លួន នៅក្នុងក្របខណ្ឌតុលាការកូនកាត់។ ខ្ញុំពិតជាមានមោទនភាព។

ម្សិលមិញ ខ្ញុំបានជួបប្រជុំជាមួយបណ្ដាអនុប្រធានគណបក្ស និងមនុស្សសំខាន់ៗ របស់គណបក្ស។ ខ្ញុំនិ​យាយពីមោទនភាពនៃគណបក្សប្រជាជនដែលមានខ្ញុំដឹកនាំរាជរដ្ឋាភិបាល។ ខ្ញុំការពារបានឥស្សរជន រាប់ទាំងសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលត្រូវបានចោទប្រកាន់និងកោះហៅរបស់តុលាការ។ ខ្ញុំបានប្រាប់ច្បាស់ថា “ខ្ញុំអត់ធ្វើទេ”។ គេចង់ពង្រីកការកាត់ទោសនេះ រហូតដល់មនុស្សមិនតិចទេ ០១, ០២, ០៣, ០៤ មិនដឹងថារហូតសូន្យប៉ុន្មានទេ។ សរុបចុងក្រោយ ខ្ញុំថាអត់ធ្វើទេ ខ្ញុំអោយតុលាការបរាជ័យចុះ តែប្រទេសខ្ញុំអត់ត្រូវមានសង្គ្រាមទេ។ ពិតដូចថា។ ឥឡូវតុលាការបានបញ្ចប់ជាមួយនឹងសន្តិភាពត្រូវបានរក្សា។ នេះហើយមុំទី១ គឺការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា គឺពង្រឹងសន្តិភាព។

មុំទី២ នៃយុទ្ធសាស្ត្រត្រីកោណ គឺធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមអន្តរជាតិ។ ក្នុងមួយអាទិត្យក្រោយ យកកៅអីនៅអង្គការសហប្រជាជាតិត្រឡប់មកវិញ។ កៅអីនេះត្រូវបានព្យួរពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ១៩៩៨ គឺជាងមួយឆ្នាំ។ ក្រោយបង្កើតរាជរដ្ឋាភិបាលអាណត្តិទី២ រួចហើយ កម្ពុជាបានយកកៅអីនៅអង្គការសហប្រជាជាតិមកវិញ។ ខ្ញុំត្រូវដឹកនាំប្រទេសនេះចូលអាស៊ាន ចូលអង្គការពាណិជ្ជកម្មពិភពលោក ចូលគ្រប់សមាសភាពនៃយន្តការអន្តរជាតិ ទោះបីត្រូវបង់ថ្លៃសម្រាប់សមាជិកភាព រាប់ទាំងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក៏កម្ពុជាជាសមាជិកដែរ។ នៅក្នុងប្រទេសអាស៊ាន ពីមុនមានកម្ពុជានិងហ្វីលីពីន តែហ្វីលីពីនបានដកខ្លួនចេញ។ ឥឡូវមានតែកម្ពុជាមួយគត់ដែលជាសមាជិក ICC។

(១១) ហ៊ុន សែន របស់កម្ពុជា

ពេលដែលគេចាប់ Duterte (ពួកប្រឆាំង)គេបានយក ហ៊ុន សែន ទៅផ្សារភ្ជាប់។ ខ្ញុំសូមរំឭករឿងនេះបន្តិច។ ជូនសារទៅអ្នកដែលលើករឿងនេះផង។ ពេលដែលមានការសម្លាប់ Gaddafi អ្នកប្រៀបធៀបខ្ញុំនឹង Gaddafi។ ពេលដែល Aung San Suu Kyi ឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា ពួកអ្នកប្រៀបធៀបខ្លួននឹង Aung San Suu Kyi ហើយដាក់ខ្ញុំទៅជាពួកយោធានៅមីយ៉ាន់ម៉ាដែលចាញ់ឆ្នោត។ ដោយសារតែសកម្មភាពនេះធ្វើឲ្យអ្នកមិនអាចចូលស្រុកបានរហូតដល់ពេលនេះ។ ឆ្នាំទៅ ពេលដែលរដ្ឋាភិបាលបង់ក្លាដេសត្រូវបានផ្ដួលរំលំ ពួកអ្នកក៏ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដេសភ្លាម។ ពេលដែល Assad ចាកចេញពីប្រទេស ដោយកម្លាំងប្រឆាំងចូលទៅគ្រប់​គ្រងប្រទេស អ្នកប្រៀបធៀបខ្ញុំទៅនឹង Assad ទៀត។ ពេលដែលគេចាប់ Duterte ក៏អ្នកឯងប្រៀបធៀបខ្ញុំទៅនឹង Duterte។ មានម្នាក់នៅបាត់ដំបង ត្រូវនាំខ្លួនពីព្រឹកមិញមកភ្នំពេញ ដោយសារតែបានជាចូល comment ថាបន្តិចទៀតនឹងដល់ពេល ហ៊ុន សែន។ ដូចនេះ ត្រូវតែយកមកសួរ។ កុំរពិសដៃក្នុងហ្វេសប៊ុកហ្នឹង។ អ្នកណាមិនដឹងទេ តែ ហ៊ុន សែន នឹងធ្វើ។ ត្រង់នាយករដ្ឋមន្រ្តីបញ្ជា ឬមិនបញ្ជា ខ្ញុំមិនដឹងទេ។ តែសមត្ថកិច្ចគេត្រូវតែធ្វើ។

រឿង Duterte ជារឿងរបស់ Duterte។ ហ៊ុន សែន មិនមែន Duterte នោះទេ។ ខ្ញុំប្រយុទ្ធប្រឆាំងខ្មែរក្រហមដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា តើខ្ញុំជាអ្នកខុសឬទេ? ផ្ទុយទៅវិញ តុលាការអន្តរជាតិកូនកាត់ក្នុងអង្គជំនុំជម្រះវិសាមញ្ញ បានកាត់ទោសខ្មែរក្រហមឱ្យមានទោសរួចហើយ។ យើងដាក់ច្បាប់មួយថាអ្នកណាដែលមិនទទួលស្គាល់ថាមានអំពើប្រល័យពូជសាសន៍នៅកម្ពុជាត្រូវមានទោស។ គ្មានអ្វីខុសទេ។ អ្នកណាហ៊ាននិយាយថាពួក Fascist អាល្លឺម៉ង់ គ្មានកំហុស ត្រូវជាប់ទោសនៅអឺរ៉ុប។ តើកម្ពុជាធ្វើហ្នឹងខុសឬ? គ្មានអីខុសទេ។ សូមផ្ដាំថា អ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យរបស់អ្នកដទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យទម្លាក់ឲ្យ ហ៊ុន សែន។ ហ៊ុន សែន គឺ ហ៊ុន សែន របស់កម្ពុជា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃនេះទី១៤ មីនា គឺនៅសល់ ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ។ ក្នុងវ័យមិនទាន់គ្រប់ ១៨ឆ្នាំផង ហ៊ុន សែន ស្ម័គ្រចិត្តតាមការអំពាវនាវរបស់សម្ដេចឪចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយនេះ។ របួស ៥ដង ដើម្បីអ្វី? … តើខ្ញុំវាយពួកឈ្លានពាន ខុសឬក៏អត់? បើកុំមានរដ្ឋប្រហារ ១៨មីនា តើប្រទេសកម្ពុជាមានសង្រ្គាមឬទេ? វាមិនមានទេ។ បើទុកឲ្យសម្ដេចឪ ព្រះអង្គនៅដឹកនាំប្រទេស តើកម្ពុជារីកចម្រើនដល់ណា។ ពេលនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ជាអ្នករាយការណ៍ ធ្វើដំណើរជាមួយខ្ញុំ។ ចូលគាល់ព្រះករុណាសោយនៅឯស្នួល យើងបានបង្ហាញតួលេខថាមានប្រាក់ចំណូលជាង ២៧០ដុល្លារ ក្នុងពេលដែលកូរ៉េខាងត្បូងមិនទាន់ដល់ ១០០ដុល្លារទេ សម្រាប់មនុស្សម្នាក់ៗ នៅពេលនោះ។

ឥឡូវនេះ យើងបានប្រាក់ចំណូលក្នុងឆ្នាំ ប្រមាណជិត ៣ពាន់ដុល្លារសម្រាប់មនុស្សម្នាក់ៗ ក្នុងពេលដែលកូរ៉េខាងត្បូងមានពី ៥ ទៅ ៦ម៉ឹនដុល្លារ។ នេះដោយសារយើងបាត់បង់ឱកាស។ ពេលរបប ប៉ុល ពត មកដល់ តើខ្ញុំដឹកនាំការតស៊ូវាយ ប៉ុល ពត ហ្នឹងវាខុសឬទេ? បន្ទាប់ទៅ នៅពេលដែលខ្ញុំបន្តរួមចំណែកដឹកនាំទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តើខ្ញុំខុសឬទេ? … បើសូម្បីតុលាការរបបខ្មែរក្រហមក៏បានកំណត់ថាប៉ុល ពត ជាមនុស្សមានទោសទៅហើយ អញ្ចឹងតើអ្នកដែលផ្ដួលរំលំ ប៉ុល ពត មានកំហុសឬទេ? ពិភពលោកទទួលស្គាល់យ៉ាងនេះ។ ក្រុមប្រឹក្សាសន្តិសុខក៏ទទួលស្គាល់រឿងនេះរួចហើយ

អ្នកត្រូវចាំ អ្នកមិនអាចប្រៀបធៀបខ្ញុំនឹងអ្នកដទៃដែលត្រូវបានចាប់ខ្លួននោះទេ។ អ្នកកុំសង្ឃឹមឲ្យសោះ។ អ្នកនិ​យាយពីរឿង “ផ្ការីក” ឲ្យបះបោរមួយប្រទេស ជាពិសេសនាងម្នាក់នោះ។ កុំនឹកស្មានថា រំលាយ group មួយចោលហើយ ខ្ញុំស្ដាប់នាងនិយាយមិនបាន។ ប្រាប់ឲ្យបះបោរមួយប្រទេស។ សួរថា បះបោរប្រឆាំងនាង ក្រុមមេនាង ឬងើបឡើងដើម្បីចលនាជាតិកសាងប្រទេស? នាងជាកូនអុកដែលគេប្រើដើម្បីវាយដ្រូនចូលផ្ទះខ្ញុំ។ សូមប្រាប់ថា ខ្ញុំស្ដាប់សំឡេងនាងរាល់ថ្ងៃ។ ទោះបីនាងរំលាយ group មួយចោល ទៅបង្កើត group មួយថ្មី ក៏ខ្ញុំតាមនាងរហូត។ ឥឡូវ នាងប្រហែលកំពុងស្ដាប់ហើយ។ ឥឡូវ នាងចង់មកសែនផ្នូររបស់ឪពុក។ អញ្ជើញមក។ ឪពុកនៅស៊ីសុផុន បន្ទាយមានជ័យ។ ម្ដាយស្លាប់នៅអាមេរិក។ ឥឡូវចង់មក អញ្ជើញមក។ សម្ដីវាឈ្លើយ ប៉ុន្តែខ្លាច។ ដូចមេអញ្ចឹង។ មេចេះត្រង់នេះ បង្អាប់គេបង្អាប់ឯង បង្អាប់ទាំងអស់ ហ៊ុន ម៉ាណែត ឡើងតាមជើងខោ អត់ចេះអីទេ។ សួរទៅវិញថា លោកឯងចេះអីដែរ ក្រៅតែពីដើរបំផ្លាញ?

មានរឿងមួយដែលខ្ញុំគួរតែនិយាយ។ បើកវង់ក្រចកបន្តិច។ មុំទី២ មិនទាន់ចប់ទេ។ មានអ្នកសារព័ត៌មានម្នាក់ទៅដល់សកលវិទ្យាល័យ Bristol សុំថតចម្លងនិក្ខេបបទរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ ប៉ុន្តែសកលវិទ្យាល័យ Bristol បានបញ្ជាក់ថា គេគ្មានសិទ្ធិផ្ដល់និក្ខេបបទរបស់និស្សិតណាម្នាក់ឲ្យទៅអ្នកផ្សេងទេ។ ពេលនោះ គេបើកយុទ្ធនាការ​វាយប្រហារ ហ៊ុន ម៉ាណែត ពីសមត្ថភាពរបស់ ហ៊ុន ម៉ាណែត។ ខ្ញុំក៏បានទូរស័ព្ទទៅសួរថា កូន! តើសព្វថ្ងៃមាននៅនឹងខ្លួនឬទេ និក្ខេបបទនោះ? គាត់ថាមាន។ អញ្ចឹងតើកូនឯងបង្ហោះបានឬអត់? ម៉ាណែត ក៏សុំបង្ហោះទាំងនិក្ខេប​បទបណ្ឌិតសេដ្ឋកិច្ចនៅឯសកលវិទ្យាល័យ Bristol និងសារណានៅសកលវិទ្យាល័យ New York ទៅជាមួយគ្នា។ ចាប់តាំងពីហ្នឹងមក គ្មាននរណានិយាយមួយម៉ាត់។ មូលហេតុអី? មូលហេតុថាអ្នកដែលប្រមាថនេះវាមិនមែនជាបណ្ឌិត។ ដូច្នេះតើមានសិទ្ធិអីទៅពិនិត្យនិក្ខេបបទបណ្ឌិត?

វាមិនអាចវាយតម្លៃនិក្ខេបបទថ្នាក់បណ្ឌិតបានទេ ហ្នឹងចំណុចទី១។ ឯចំណុចទី ២ បើទោះបីអ្នកឯងជាបណ្ឌិតក៏ដោយ បើសិនជាអ្នកឯងហ៊ានវិនិច្ឆ័យលើនិក្ខេបបទបណ្ឌិតនេះ អ្នកឯងមិនមែនវាយក្បាល ហ៊ុន ម៉ាណែត ទេ (គឺ)វាយសាកលវិទ្យាល័យ Bristol និងសាស្ត្រាចារ្យដែលជាក្រុមប្រឹក្សាការពារនិក្ខេបបទរបស់ ហ៊ុន ម៉ាណែត។ អញ្ចឹងទេ ខ្ញុំដឹង ខ្ញុំយល់ តែថ្ងៃនេះខ្ញុំនិ​យាយថា ពួកអ្នកឯង អ្នកខ្លះបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភ្នំពេញ ជិះយន្តហោះមួយយប់ដល់ប្រ​ទេស​បារាំង ក្លាយទៅជាបណ្ឌិតសាស្ត្រាចារ្យទៀតផង។ ទៅរួច ទៅកើត។ នេះដែលហៅថាល្បិចភូទលើគោក។ អ្នកណាមិនស្គាល់ មនុស្សខ្លះរៀនក្រោមដំបូល ហ៊ុន សែន ហ៊ានកាត់រូប ហ៊ុន សែន ជូនមេដាយឱ្យទៀត។ ប៉ុន្តែជិះយន្តហោះពីភ្នំពេញដល់ប្រទេសបារាំង ត្រឹមតែមួយយប់ក្លាយទៅជាបណ្ឌិត។ អញ្ចឹងកូនចៅរបស់គេបែបនេះ មនុស្សធននេះតើអាចយកទៅជាគ្នាបានទេ?

(១២) កត្តា៤ ទាក់ទាញកម្ពុជាឱ្យចូលអាស៊ាន

ឥឡូវខ្ញុំបកមកនិយាយពីសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមអន្តរជាតិ។ យើងបានចូលគ្រប់តួអង្គ(ស្ថាប័នអន្តរជាតិ)។ ខ្ញុំបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសជំនាន់បង ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត ឈន់ ថាបងចូលទៅ កុំខ្លាចនឹងបង់ប្រាក់ ព្រោះយើងត្រូវមានសិទ្ធិបោះឆ្នោតមួយសន្លឹក។ ដូច្នេះ ដៃគូដែលចង់ជាប់ឆ្នោតធ្វើជាមេដឹកនាំអង្គការនេះអង្គការនោះ តែងមកពឹងពាក់យើង។ ដូច្នេះ វាជាដំណើរការនៃទំនាក់ទំ​នងការទូតមួយដែរ។ ខ្ញុំប្តេជ្ញាចិត្តត្រូវដឹកនាំកម្ពុជាចូលអាស៊ានឱ្យខានតែបាន ទោះបីយើងមិនបានចូលឆ្នាំ១៩៩៧ ជាមួយឡាវ និងមីយ៉ាន់ម៉ា ដោយសារយើងមានបញ្ហាផ្ទៃក្នុង។ ខ្ញុំសូមនិយាយសាជាថ្មីម្តងទៀត មានកត្តា ៤ទាក់ទាញកម្ពុជាឱ្យចូលអាស៊ាន

កត្តាទី១ គឺគោលការណ៍មិនជ្រៀកជ្រែកចូលកិច្ចការផ្ទៃក្នុង … កត្តាទី២ គឺស្មារតីសហគមន៍។ អ្វីទៅដែលខ្ញុំហៅថា ស្មារតីសហគមន៍? នោះធ្វើការតាមកុងសង់ស៊ីស អត់មានសំឡេងភាគតិចទេភាគច្រើនទេ។

ក្នុងពេលធ្វើធម្មនុញ្ញអាស៊ាន ខ្ញុំជាអ្នកចេញមុខការពារនូវគោលការណ៍ កុងសង់ស៊ីស ដោយបោះបង់ចោលនូវការប៉ុនប៉ងបោះឆ្នោតក្នុងអាស៊ាន។ នៅ Cebu ឆ្នាំ ២០០៧ ខ្ញុំបានទៅក្នុងអង្គប្រជុំថា ប្រសិនបើអាស៊ានបោះឆ្នោត អាស៊ាននឹងបែកបាក់ ដោយមានសំឡេងភាគច្រើន និងសំឡេងភាគតិច ឬក៏អនុប្បវាទ។ ត្រូវរក្សានូវគោលការណ៍ ធ្វើការតាមកុងសង់ស៊ីស។ នេះហើយដែលខ្ញុំនិយាយអំពីស្មារតីសហគមន៍។

ចំណុចទី៣ យើងទទួលផលអំពីការធ្វើសម្មាហរណកម្មខាងសេដ្ឋកិច្ច។ ក្នុងនោះ កាលប្រជុំឆ្នាំ២០០០ នៅសិង្ហបុរី ធ្វើជាប្រធានអាស៊ាន បានដាក់ចេញនូវគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដែលទីបំផុតយើងបានទទួលផលពីតួអង្គអាស៊ានចាស់ជួយរួមចំណែកដល់អាស៊ានថ្មី តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការអនុគ្រោះពន្ធសូម្បីក្នុងក្របខណ្ឌ AFTA។ យើងក៏មានភាពអនុគ្រោះអូសបន្លាយពេលមួយចំនួននៃការអនុវត្តនូវទំនិញរសើប ។

ចំណុចទី៤ អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។ ដោយសារអាស៊ានមានដៃគូច្រើន ទាំងដៃគូតំបន់ និងដៃគូតាមប្រទេស ដូចជាអាស៊ានបូក៣ អាស៊ានបូក១ អាស៊ាន-អឺរ៉ុប អាស៊ាន-អង្គការសហប្រជាជាតិ អាស៊ាន-អាមេរិក អាស៊ានផ្សេងៗទៀត។ អញ្ចឹងទំនាក់ទំនងការទូតរបស់កម្ពុជានឹងរីកធំ។

យើងត្រូវចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ដែល ឯកឧត្តម ចម ប្រសិទ្ធ ជាតួអង្គសំខាន់នៃការដឹកនាំចរចាចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ តាមពិត យើងចូលតាំងពីឆ្នាំ២០០៣ ឯណោះ ក៏ប៉ុន្តែដោយសារយើងមានភាពជាប់គាំងក្រោយការបោះឆ្នោតឆ្នាំ២០០៣ មួយរយៈ បានជាការចូលអង្គការពាណិជ្ជកម្មពិភពលោកកើតនៅឆ្នាំ២០០៤ វិញ ព្រោះយើងអត់មានសភាឱ្យសច្ចាប័ន ដោយសារតែការឃុបឃិតប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលនៅឆ្នាំ ២០០៣ និង ២០០៤។ វាបង្កើតនូវផលអវិជ្ជមាន ក្នុងការក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ តាមរយៈយន្តការអង្គការពាណិជ្ជកម្មពិភពលោកនោះហើយ ដែលយើងមានលទ្ធភាពកាន់តែច្រើន ដើម្បីពង្រីកទៅកាន់មុខសញ្ញានៃការអនុវត្ត។ យើងទទួលបានផល។ យើងបានប្រឹងប្រែងធ្វើការងារច្រើនណាស់។ អញ្ចឹងនេះគឺជាយុទ្ធសាស្ត្រត្រីកោណ មុននឹងឈានទៅដល់យុទ្ធសាស្ត្រចតុកោណនៅឆ្នាំ២០០៤។

(១៣) ប្រែតំបន់អតីតសមរភូមិជាតំបន់អភិវឌ្ឍនិងទីផ្សារ និងបង្កើតខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

គោលដៅ២ ដែលខ្ញុំចង់បញ្ជាក់ជាអ្វី? គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ និងទៅជាទីផ្សារ។ បច្ចុប្បន្នយើងធ្វើបានប្រមាណជា ៩៥% លើដែនដីកម្ពុជាហើយ។ ៥% ទៀតស្អី? គឺដីដែលមិនទាន់បានដោះមីន និងគ្រឿងមិនទាន់ផ្ទុះ។ ឯក្រៅពីនោះ តំបន់តាមព្រំដែនគឺមានការអភិវឌ្ឍការដាំដុះ ជាទីផ្សារ ជាតំបន់ឧស្សាហកម្មទៅហើយ។ យើងត្រូវបន្តទៅទៀត។ យើងកំពុងរួមគ្នាសម្រេចគោលដៅទី១ ដោយសមាគមឧកញ៉ា និងអ្នកឧកញ៉ា អ្នកមានធនធានក៏បានរួមចំណែកចូលរួមអភិវឌ្ឍ។

ឯគោលដៅទី២ គឺប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សូមកុំយកគ្នាជាសត្រូវ។ ត្រូវដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងការចរចា ជាទ្រឹស្តី និងលើការជាក់ស្តែង។ ប្រទេសមួយដែលមានការអភិវឌ្ឍត្រូវមានកត្តា ២ ជាសំខាន់។ កត្តាទី១ គឺស្ថិរភាពផ្ទៃក្នុង។ កត្តាទី២ គឺមានទំនាក់ទំនងជិតខាងល្អ។ មិនអាចយកកងទ័ពទៅឱ្យមូសខាំនៅតាមព្រំដែន ហើយជាបន្ទុកទម្ងន់នៃការដែលយើងត្រូវរកអាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងជ្រើសរើសកងទ័ពយកទៅដាក់ការ​ពា​រទល់ដែនឱ្យណែននោះទេ។

អញ្ចឹងទេ ទាំងយើងទាំងអ្នកជិតខាងយើង ត្រូវខិតខំដោះស្រាយ(ការប្រឈមមុខ)។ ការភាន់ច្រឡំខាងព័ត៌មានខ្លះត្រូវបានពន្យល់គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេស ឬទាំងរដ្ឋមន្ត្រីការពារជាតិ ឬរដ្ឋមន្ត្រីមហាផ្ទៃ អាចចាប់ទូរស័ព្ទនិយាយគ្នាជាមួយវៀតណាម និយាយគ្នាជាមួយឡាវ និយាយគ្នាជាមួយថៃ បាន។ បើយើងធ្វើបានយ៉ាងដូច្នេះ យើងមានស្ថិរភាពល្អ។

(១៤) ជាអ្នកសម្របសម្រួលអាស៊ាន-អាមេរិក កម្ពុជាគាំទ្រការស្រាយបញ្ហាពិភពលោកតាមការចរចាដោយសន្តិវិធី

នេះយុទ្ធសាស្រ្ត៣ និងគោលដៅ២ (ដែលយើង)កំពុងបន្តដំណើរការ ជាគ្រឹះបង្កើតបាននូវសមិទ្ធផលមកដល់ពេលនេះ និងក្លាយទៅជាយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ។ នេះជាការចងចាំរបស់ខ្ញុំ។ មនុស្សដែលបានធ្វើខ្លួនឯងវាចូលទៅក្នុងខួរក្បាលដូច computer អញ្ចឹង។ វាគ្រាន់តែថាបញ្ចេញនៅពេលណាតែប៉ុណ្ណោះទេ។​ តែល្ងាចនេះ ខ្ញុំហាក់ដូចជានិយាយច្រើនពេក។ ខ្ញុំដឹងថាមានសិល្បៈ។ ខ្ញុំដឹងថាមាន ចំរើន ចរិយា មកទៀត ដែលខ្ញុំសូមឲ្យច្រៀង មរត៌កអាពាហ៍ពិពាហ៍ពុកម៉ែ។ ខ្ញុំទទួលបានសារថាលោកចេវត្រៀមចម្រៀងមួយបទហ្នឹង។ ដូចជា ភួង សុគន្ធ ជាអ្នកនិពន្ធ ហើយច្រៀងមនុស្សច្រើនគ្នា ក្នុងចំណោមហ្នឹងមានអ្នកចម្រៀងម្នាក់ចេះច្រៀងបទហ្នឹងគឺ ចំរើន ចរិយា។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាឃ្លាន ប៉ុន្តែខ្ញុំមានការចាំបាច់ដើម្បីនឹងនិយាយ។ ខ្ញុំជូនសារ (សូមអ្នកប្រ​ឆាំង)​កុំសង្ឃឹមលើ “(យុទ្ធសាស្ត្រ)ផ្ការីក”។ អ្នកឯងកុំសង្ឃឹម។ ថ្ងៃណាក៏(និយាយតែពីការ)ផ្តួល។ ខ្ញុំឆ្ងល់អ្នកឯងចេះទៅអាមេរិកទៅរួច។ អ្នកឯងទិតៀនដល់ Donald trump ជាចំហរក្នុងពេលយុទ្ធនាការបោះឆ្នោត។ ឥឡូវអ្នកឯងកំពុងទៅពឹងប្រទេសអាមេរិកដើម្បីនឹងដាក់ការគាបសង្កត់នៅប្រទេសកម្ពុជា។

កម្ពុជាកំពុងធ្វើជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិក។  អ្នកយល់ពីបញ្ហានេះទេ? តើអ្នកល្ងង់ពិត ឬធ្វើជាល្ងង់?  ប៉ុន្តែរឿងបែបនេះគឺពិតជាល្ងង់ហើយ។ បើកម្ពុជានិងអាមេរិកមើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលរវាងអាស៊ាននិងអាមេរិក។ ដាក់ស្អីមក កម្ពុជាមិនព្រមៗ។ អ្នកឯងធ្វើម៉េច? កម្ពុជាមានសិទ្ធិ ម្ខាងជាសមាជិកអាស៊ាន ម្ខាងទៀតជាអ្នកសម្របសម្រួល។ ដូច្នេះ អាណត្តិ Donald Trump គឺជាអាណត្តិដែលចាំបាច់ត្រូវមានការសម្របសម្រួលបន្តពី Joe Biden រឿងនេះវាអញ្ចឹង។ យើងក៏មិនយកអាមេរិកធ្វើជាសត្រូវដែរ។ យើងធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ។ យើងគាំទ្រឲ្យដោះស្រាយបញ្ហាទាំងអស់នៅលើពិភពលោកតាមរយៈការចរចាដោយសន្តិភាព។ យើងគាំទ្រដល់ការឈប់បាញ់គ្នានៅតំបន់កាសា បាឡេស្ទីន និងបន្តដំណាក់កាលចរចាដើម្បីឈានទៅភាពស្ងប់ស្ងាត់។ យើងក៏លើកទឹកចិត្តដល់ការចរចាដោះស្រាយបញ្ហានៅអ៊ុយក្រែន តាមរយៈការចរចា មិនថាតួនាទីនេះជាតួនាទីអាមេរិក ឬតួនាទីរបស់អ្នកណាទេ អោយតែសង្រ្គាមត្រូវបានស្ងប់ វាជាការល្អ និងដែលយើងចង់បាន

(១៥) សំណូមពរសមាគមឧកញ៉ា ជួយទិញស្រូវ និងបង្កើតតម្លៃបន្ថែមក្នុងផលិតកម្មកសិកម្ម

ខ្ញុំគិតថា មានរឿងមួយដែលខ្ញុំសូមឲ្យលោកសមាគមឧកញ៉ា ដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម គឺការគាំទ្រតម្លៃស្រូវ និងតម្លៃកសិផល ជាពិសេសតម្លៃស្រូវ ដែលច្រើនតែពិបាក។ ជួយនេះគឺខ្ញុំសូមសំណូមពរអញ្ចេះ។ ពេលដែលមានវិបត្តិស្រូវ ដែលប្រជាជនត្រូវការលក់ មានឧកញ៉ាយើងខ្លះគាត់ត្រូវការជួយឧបត្ថម្ភប្រជាជនយើងជាអង្ករ។ អញ្ចឹង យើងអាចទៅជួយទិញស្រូវដើម្បីមកកិនទៅជាអង្ករយកទៅចែកចាយជូនប្រជាជន ឬក៏ដូចជាកម្មកររបស់ខ្លួន ត្រូវផ្គត់ផ្គង់ឲ្យកម្មកររបស់ខ្លួន។ យើងអាចប្រើវិធីថា ឥឡូវគឺកម្មករបើកប្រាក់ខែពីយើង គាត់ទិញអង្ករនៅផ្សារ។ អញ្ចឹងយើងអាចថាកម្មករ ១០ ០០០ នាក់ ឬ ៥ ០០០ នាក់ ឬ ៣០០០ នាក់ ជួយទិញអង្ករក្រុមហ៊ុនដោយតម្លៃថោក ឬប្រហាក់ប្រហែលទីផ្សារ។ អញ្ចឹងវាជាការរួមគ្នាដើម្បីជួយកសិករយើងកុំឲ្យជួបវិបត្តិលក់អង្ករមិនដាច់ និងថ្លៃថោក។ នេះជាចំណុចទី ១។

ឯទី២ គួរពិនិត្យបង្កើតតម្លៃបន្ថែមតាមរយៈផលិតកម្មកសិកម្ម។ យើងមានស្វាយចន្ទីច្រើន ដោយកម្ពុជាកំពុងក្លាយជាប្រទេសដែលមានផលិតផលស្វាយចន្ទីស្រស់ច្រើនជាងគេនៅលើពិភពលោក។ ពីមុន Cote d’lvoire ឥឡូវ Cote d’lvoire ផលិតតិចជាងយើង។ តែយើងផលិតហើយ យើងកែច្នៃខ្លួនឯងបានតិចណាស់។ យើងនាំចេញ។ គ្រាន់តែនាំចេញទៅប្រទេសវៀតណាមជាង ៨០ម៉ឺនតោន។ វៀតណាមជាប្រទេសទី១ ដែលនាំគ្រាប់ស្វាយចន្ទីចែកចាយទៅលើទីផ្សារពិភពលោក។ ឥណ្ឌាជាប្រទេសទី២ ដែលចែកចាយស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក។ ប៉ុន្តែ ឥណ្ឌាក្តីវៀតណាមក្តីមិនមានស្វាយចន្ទីគ្រប់គ្រាន់ដើម្បីធ្វើការកែច្នៃទេ។ វៀតណាមត្រូវយកយន្តហោះទៅដឹកពីអាហ្វ្រិកមកកែច្នៃក្នុងប្រទេសរបស់ខ្លួន។ ដោយសារកម្ពុជាមានច្រើន វៀតណាមនាំពីកម្ពុជា។ ទៅប្រជុំកន្លងទៅ វៀតណាមគាំទ្រឲ្យមានការវិនិយោគលើការកែច្នៃនៅកម្ពុជា ប្រសើរជាងការដឹកជញ្ជូនចូលទៅក្នុងប្រទេសវៀតណាម។

(១៦) ដំណាំឧស្សាហកម្ម លើកកម្ពស់ជីវភាពកសិករ និងបង្កើតគម្របព្រៃឈើធានាដល់ភាពបៃតងកាន់តែធំ

បើសិនជាយើងដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពកសិករ យើងបង្កើតបាននូវគម្របព្រៃឈើកាន់តែធំ ដែលធានាដល់ភាពបៃតងរបស់កម្ពុជា។ ចំណុចនេះ គួរត្រូវបានរួមគ្នា។ បើយើងក្លាយទៅជាកសិឧស្សាហកម្ម និងកសិពាណិជ្ជកម្ម វាជាការប្រែក្លាយគោលដៅឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ២០៥០។ បើសិនជាយើងមិនរុញបញ្ហាហ្នឹងទេ ច្បាស់ណាស់ថាយើងជាប់នៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលទាប។ សង្ឃឹមថាក្រុមហ៊ុន ទាំងអស់នៅកម្ពុជាមិនថាតូចមិនថាធំ (ពិចារណា ទោះបីថាមាន)សមត្ថភាពលើការកែច្នៃមិនធំពេកក្តី តូចៗ មិនចាំបាច់ដាក់ទីតាំង នាំទៅបង្កើតការដឹកជញ្ជូនវែងឆ្ងាយទេ។ មានក្រុមហ៊ុនបរទេសខ្លះមកលេងជាមួយខ្ញុំ ថាគួរកុំដាក់ខ្នាតធំ ឧទាហរណ៍ ប្រមូលផ្តុំ ដាក់នៅខេត្តមួយ ត្រូវដឹកពីខេត្តមួយផ្សេងទៀត។ អញ្ចឹងទេចំណាយទៅលើការដឹកជញ្ជូនវាធំ។ អញ្ចឹងយើងធ្វើក្នុងទំហំកម្រិតណាមួយដែលអាចនឹងបម្រើឲ្យការនាំចេញរបស់យើងកាន់តែច្រើន និងសំបូរបែប ។

(១៧) បក្សមានតួនាទីកំណត់គោលនយោបាយ រាជរដ្ឋាភិបាលចាត់តាំងអនុវត្ត

សង្ឃឹមថាអ្នកទាំងអស់គ្នាមិនធុញទ្រាន់នឹងការបញ្ជូនសារទាំងក្នុងទាំងក្រៅ ហើយសង្ឃឹមថាលោកនាយករដ្ឋមន្រ្តី មិនប្រកាន់ខ្ញុំលើការរំលឹកពីយុទ្ធសាស្រ្តអតីតកាលនិងនិយាយជំនួស។ ហាក់ដូចជានិយាយជំនួស ប៉ុន្តែរឿងហ្នឹងវាត្រូវនិយាយ ព្រោះប្រធានគណបក្សកាន់អំណាចត្រូវដឹង។ កិច្ចការហ្នឹងដាក់ចេញយូរហើយៗ ដាក់ចេញតាំងពី ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ អញ្ចឹង សង្ឃឹមថាទាំងនាយករដ្ឋមន្រ្តីទាំងរដ្ឋមន្រ្តី ទាំងឧបនាយករដ្ឋមន្រ្តីមិនធុញទ្រាន់ មិនថាខ្ញុំដណ្តើមការងារ។ ពួកបរទេសនិយាយថា ហ៊ុន សែន នៅមានអំណាចធំ។ ច្បាស់ណាស់ និយាយអស់អំណាចយ៉ាងម៉េច។ ខ្ញុំជាប្រធានបក្សកាន់អំណាច។ អ្នកឯងត្រូវយល់។ ពួកអ្នកឯងវិញទេដែលល្ងង់ ព្រោះអ្នកឯងគ្រាន់តែសិក្សាពីប្រព័ន្ធបោះឆ្នោតក៏អ្នកឯងមិនចេះផង។ មុននឹងអ្នកឯងនិយាយថា ហ៊ុន សែន មានអំណាចឬអត់ អ្នកឯងត្រូវសិក្សាពីប្រព័ន្ធបោះឆ្នោតសិន។

ការបោះឆ្នោតសមាមាត្រ បក្សមានតួនាទីលើការកំណត់គោលនយោបាយ។ រាជរដ្ឋាភិបាលយកទៅចាត់តាំងអនុវត្តក្នុងក្របខណ្ឌនៃគោលនយោបាយរបស់គណបក្ស។ បើសិនជាមានការប្រែប្រួល នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតកែតំរូវក្នុងក្របខណ្ឌគោលនយោបាយបក្ស។ សូម្បីតែ(ក្នុង)បក្ស ការបោះឆ្នោតឯកត្ដនាម ក៏គេគោរពគោលនយោ​បាយរបស់បក្សគេដែរ។ ខ្ញុំនិយាយហើយ (ថា)អ្នកឯងមានសំណាងត្រឹមកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្ដែខួរក្បាលរបស់អ្នកឯងមិនប្រាកដថាពូកែជាងមនុស្សដែលកើតនៅក្នុងប្រទេសក្រីក្រទេ។ គ្រាន់តែគ្នាក្របានជាងអ្នកឯងមើលងាយ។ គ្រាន់តែប៉ុណ្ណឹងអ្នកឯងអត់យល់ផង។ សូម្បីតែបញ្ញវ័ន្ដខ្លះដែលជ្រុលនិយម និយាយថា ទាល់តែ ហ៊ុន ម៉ាណែត ធ្វើសកម្មភាពផ្ទុយពីឪពុក ទើបហៅថាសេរី។ គេចោទសួរថា ពេលណា ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក ឬស្រមោលគណបក្សប្រជាជន? វាមិនអាចទៅរួចទេ។

(១៨) រដ្ឋធម្មនុញ្ញហាមឃាត់ការដកសញ្ជាតិ និងការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស

តើហ៊ុន ម៉ាណែត ឬ ឧបនាយករដ្ឋមន្ដ្រីដែលអង្គុយនៅទីនេះ ហ៊ានធ្វើទេ? ចំពោះឪពុករបស់ខ្លួនដែលអង្គុយនៅទីនេះ? ទាំង(អ្នក)កាន់កំលាំងប្រដាប់អាវុធទាំងស្អីទាំងអស់។ ហ៊ានធ្វើទេ? នៅក្នុងបក្សជាមួយគ្នា បែរជាធ្វើអញ្ចឹងកើតឬ? ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីនទេ ក៏ប៉ុន្ដែសំរាប់កម្ពុជា ប្រកាសដាច់ណាត់ មិនចាប់ពលរដ្ឋរបស់ខ្លួនប្រគល់ឲ្យប្រទេសដទៃទេ។ នេះជារឿងមួយ ហើយរដ្ឋធម្មនុញ្ញ(កម្ពុជាក៏)ហាមឃាត់(ការ)ដកសញ្ជាតិ ហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស។ ប៉ុន្ដែរឿងហ្វីលីពីន (ជា)រឿងមួយផ្សេង ខ្ញុំមិនលូកលាន់ទេ។ កុំមកប្រៀបធៀប ហ៊ុន សែន ជាមួយ( Rodrigo) Duterte ឲ្យសោះ

យុទ្ធសាស្ដ្រងើបមួយវ៉ៃមួយនៅបន្ដ អត់ដកថយទេ។ តែរពឹសដៃតាមហ្វេសប៊ុក ក៏តាមមកដែរ។​ យកមកសួរ ថាម៉េចបានជានិយាយអញ្ចឹង? ម្នាក់ដែលកំពុងធ្វើដំណើរពីបាត់ដំបងមកថាវាជប់លៀង ៣យប់៣ថ្ងៃ។ វាហៅ(ខ្ញុំ) “អាសាញ់”។ វា(ថា)ជិតដល់(វេន)អាសាញ់ហើយ។ ពេលនឹងជប់លៀង ៣យប់ ៣ថ្ងៃ។ ជប់លៀងក្នុងគុក នៅមន្ទីរឃុំឃាំងទៅ។ កុំរពឹសដៃ។ ទាក់ទងនឹងផ្នែកឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យាត្រូវបានតាមដានយ៉ាងហ្មត់​ចត់។ មិនមែនអ្នកឯងជេរ បញ្ចេញមតិដោយមិនមានហេតុផលទេ …

(១៩) នឹងប្រគល់ឯកសារតាំងពីឆ្នាំ១៩៧៨ រហូតដល់ឯកសារចុងក្រោយ ទៅរក្សាទុកនៅវិមានឈ្នះឈ្នះ

សូម្បីតែអម្បាញ់មិញ ខ្ញុំបង្ហោះរូបមួយ (ហើយ)ចង់បានអ្នកដែលគេបង្ហោះរូបនោះ។  រូបនោះទើបចេញ ហើយអ្នកដែលបាន(បង្ហោះរូប)ហ្នឹង ខ្ញុំមិនទាន់បាន reply ត្រឡប់ទៅវិញផង។ (រូបនោះថត)នៅឯប្រទេសអូស្ដ្រាលី ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងក្រុងប៉ារីសហើយ។ ខ្ញុំធ្វើដំណើរមកបាងកក ហើយចេញពីបាងកកទៅអូស្ដ្រាលី។ ទស្សនកិច្ចមុនពេលចូលស្រុក។ ថ្ងៃទី ២៧ ២៨ ២៩(?) ហើយ(រូបនោះ) មុខរបស់ខ្ញុំដូចជាគិតអ្វីម្យ៉ាង។ បញ្ហាគិតច្បាស់ជាមាន ប៉ុន្ដែខ្ញុំនៅចងចាំ។ ពេលនោះ ជាខួបចំរើនព្រះជន្មព្រះករុណានៅឯប៉េកាំង។ ខ្ញុំត្រូវមានភារកិច្ចត្រូវទៅទទួលព្រះករុណា ហ្លួងម៉ែ និងព្រះរាជវង្សានុវង្សនៅប៉េកាំងចូលប្រទេស។ ខ្ញុំក៏បាននិពន្ធចំរៀងមួយបទ សូរិយារះហើយ។ បើមានអ្នកចេះច្រៀងបទសូរិយារះហើយដែលខ្ញុំតែងអមព្រះរាជដំណើរព្រះករុណា(ត្រឡប់ចូលប្រទេស) ហើយបានចាក់នៅថ្ងៃទី១៤ វិច្ឆិកា ១៩៩១ សូមច្រៀងមួយបទឲ្យផង(យប់នេះ)។ នេះជាអនុស្សាវរីយ៍ចងចាំ ព្រោះវានៅក្នុងខួរក្បាល ហ៊ុន សែន។ (រូបនោះ) មុខ កំពុងគិត ខ្ញុំគិតថា តើប៉ុល ពត យល់ព្រមឈប់បាញ់ ឬអត់? រឿងនេះ ដូចអ្វីដែលខ្ញុំគិតគឺ ប៉ុល ពត ដកខ្លួន។ ទីចុងបំផុត តំរូវឲ្យយើងធ្វើនយោបាយឈ្នះឈ្នះ ។

ព្រឹកមិញ ខ្ញុំបានប្រាប់ទៅសម្ដេច ពិជ័យ សេនា ទៀ បាញ់ និងជួបជាមួយ ឯកឧត្តម ណឹម សុវត្ថិ ខ្ញុំនឹងប្រគល់ឯកសារទាំងអស់ជូនទៅគណៈកម្មាការដែលគ្រប់គ្រងនៅវិមាន ឈ្នះ ឈ្នះ រាប់ទាំងឯកសារពីកាលមុនបង្កើតរណសិរ្សសាមគ្គីសង្គ្រាះជាតិកម្ពុជាឆ្នាំ ១៩៧៨ រហូតដល់ឯកសារចុងក្រោយនេះ ឱ្យយកទៅរក្សាទុកនៅក្នុងហ្នឹង។ គេ(នឹង)ឃើញអក្សរដៃរបស់ ហ៊ុន សែន  សរសេរពីអី តាំងពីឈ្មោះរណសិរ្ស ស្អីៗ នៅក្នុងនោះទាំងអស់។ រហូតមកដល់(ពេល)បោះពុម្ពលុយនៅទីក្រុងភ្នំពេញ ដែលពេលនោះ ប៉ែន សុវណ្ណ ហៅខ្ញុំទៅគូរ។ បន្ទាប់ទៅខ្ញុំត្រូវពន្យល់បង ចា រៀង តើបោះពុម្ព ក្រដាសប្រាក់ប៉ុណ្ណេះយ៉ាងម៉េច? មាននៅក្នុងសៀវភៅហ្នឹង។ មហាសន្និបាតរណសិរ្ស អ្នកណានៅក្រុមណា អ្នកណាធ្វើអី។ សន្និបាតគណបក្សលើកទី៣ អ្នកណានៅក្រុមណា មានទាំងអស់នៅក្នុងហ្នឹង ចែកជាប៉ុន្មានក្រុម ហើយថ្ងៃបោះឆ្នោត អ្នកណាមានប៉ុន្មានសំលេងៗ មានក្នុងនឹង(សៀវភៅ) មានទាំងសន្លឹកឆ្នោត ដែលនៅសល់ទៀតផង។ ប៉ុន្ដែឥលូវខ្ញុំចាស់ហើយ។

សូមមើលនៅក្នុង comment គ្រាន់តែពាក្យថាកាលពីក្មេងលោកពុក ឬលោកតា សង្ហាណាស់ ប្រមាណជាង ៩០%  (ដោយសារ) ពាក្យសង្ហាហ្នឹងហើយបានជាមិនសូវបានវាយកូនហ្គោលនោះ។ លោកពុក លោកតា សង្ហាណាស់កាលពីក្មេង ហើយមានខ្លះថែមទៀតថា សង្ហារហូតដល់ឥលូវ។ ប៉ុន្ដែមានមួយចូលមកព្រហើន វាថាមុខសង្ហាដូចមេក្របី។ ប្រហែលជាពួក admin  គេ block ទៅវិញនូវការ reply របស់ខ្ញុំ។ វាចូលមកឈ្លើយ។ មួយថា “សម្ដេចពុក! កុំភ្លេចកោះគត់ និងប្រាសាទតាមាន់ ដែលសៀមប្រុងលេប”។ យើងមិនដែលភ្លេចពីការការពារទឹកដីទេ ប៉ុន្ដែ comment កន្លែងណា(វា)ថា ឃើញរូបចាស់ខ្មាសមេក្របី។ ហើយខ្ញុំ reply ទៅវិញថាបង្ករឿងមែនទេ? បងប្អូនយើងលេងតាមក្រោយ។ នេះចង់រកគុក។ នេះឈ្មោះ  set dara។ កុំភ្លេចថា ហ៊ុន សែន ជាមនុស្សម្នាក់ដែលលេងអញ្ចឹងដែរ។ ពេលខ្លះក៏បានមើល ពេលខ្លះមិនបានមើល។

ប៉ុន្ដែមកតាមឡានអម្បាញ់មិញ អត់បានមើលផ្លូវទេ មើល comment អ្វីខ្លះ ហើយមានអាជើងឈ្លើយចូលមកទៀតអត់? មានជើងឈ្លើយម្នាក់ចូលមក ប៉ុន្ដែបើអ្នកនៅក្នុងស្រុកសុំទោសឲ្យហើយទៅ។ បើមិនសុំទោសទេ អាចទៅដល់កន្លែង។ មុខ ហ៊ុន សែន ដូចមេក្របីមែនអី? ទាល់តែលេងខ្លាំងខ្លះ។ សិទ្ធិបញ្ចេញមតិ បញ្ចេញមកអញ្ចឹង? បើសិទ្ធិនិយាយចេញមកថា សូមសម្ដេចកុំភ្លេច កោះគត់ និងប្រាសាទតាមាន់ ជាមតិដែលល្អ។ ខ្ញុំឆ្លើយតបដោយសុភាពថា យើងមិនដែលភ្លេចពីការការពារទឹកដីទេ។ នេះទើបជាការបញ្ចេញមតិក្នុងន័យស្ថាបនា ក្នុងន័យដាស់តឿនយើង។ យើងក៏ប្រាប់ទៅវិញថាយើងមិនភ្លេចទេ។ ចូលថា ឃើញរូបចាស់ខ្មាសមេក្របី មិនមែនជាភាសាបញ្ចេញមតិទេ អ្នកឯងចង់ជេរខ្ញុំ។

ចប់ប៉ុណ្ណឹងហើយ។ អរគុណសំរាប់ការយកចិត្តទុកដាក់។ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា បងប្អូន ទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះសូមប្រកបដោយសិរីសួស្ដី ជ័យមង្គល ក្នុងឱកាស ចូលឆ្នាំថ្មីពេលខាងមុខសូមជួបប្រទះពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង