Grand News Asia Close

វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1010

(ភ្នំពេញ)៖ នៅក្នុងបណ្តាខែខាងមុខនេះ ប្រទេសកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក អាចនឹងជួបប្រទះនូវឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) ដែលនាំមកនូវសីតុណ្ហភាពកាន់តែក្ដៅខ្លាំង អាកាសធាតុស្ងួតហួតហែងអូសបន្លាយពេលយូរ ការកើនឡើងសម្ពាធលើប្រភពធនធានទឹក និងហានិភ័យកាន់តែខ្ពស់នៃភ្លើងឆេះព្រៃ។

ទោះបីជាយើងមិនអាចរារាំងបាតុភូតអាកាសធាតុធម្មជាតិនេះមិនឱ្យកើតឡើងបានក៏ដោយ ប៉ុន្តែយើងអាចរួមគ្នាត្រៀមលក្ខណៈដើម្បីទប់ទល់នឹងវាបាន។ ខែលការពារដ៏រឹងមាំបំផុតដែលយើងអាចកសាងបាន មិនមែនធ្វើឡើងពីបេតុង ឬដែកថែបនោះឡើយ។ ប៉ុន្តែវាត្រូវបានបង្កើតឡើងពី «ដើមឈើ»។

រាល់ដើមឈើដែលយើងដាំនៅថ្ងៃនេះ គឺជាការវិវិយោគសម្រាប់ថ្ងៃស្អែក។ ដើមឈើជួយធ្វើឱ្យខ្យល់អាកាសត្រជាក់ ការពារប្រភពទឹករបស់យើង បង្កើនជីជាតិដី ផ្តល់ជម្រកដល់សត្វព្រៃ ស្រូបយកឧស្ម័នកាបូនិក ផលិតឧស្ម័នអុកស៊ីសែន និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ដើមឈើមួយដើមអាចបង្កើតឱ្យមានការប្រែប្រួល។ ដើមឈើរាប់លានដើមអាចផ្លាស់ប្តូរមុខមាត់ប្រជាជាតិមួយទាំងមូល។

ដោយទទួលស្គាល់នូវសារៈសំខាន់នៃការកើនឡើងគម្របបៃតងនៅកម្ពុជា ក្រសួងបរិស្ថានបានរៀបចំកូនឈើចំនួន ៥លានដើម សម្រាប់ការចែកជូនដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជានៅក្នុងឆ្នាំនេះ។ នេះគឺជាគំនិតផ្តួចផ្តើមដាំដើមឈើជាសាធារណៈដ៏ធំបំផុតមួយរបស់ជាតិ ដែលឆ្លុះបញ្ចាំងពីជំនឿចិត្តថា ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។

ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាតិអបអរសាទរនេះ ខ្ញុំសូមគោរពអញ្ជើញយ៉ាងកក់ក្តៅចំពោះគ្រប់គ្រួសារកម្ពុជា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតា ព្រះសង្ឃ កសិករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់អាជីវកម្ម អង្គការសហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប មកចូលរួមទស្សនា «ពិព័រណ៍ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។ នេះមិនមែនគ្រាន់តែជាការតាំងពិព័រណ៍ធម្មតានោះឡើយ ប៉ុន្តែវាគឺជា «ការអំពាវនាវឱ្យរួមគ្នាធ្វើសកម្មភាព»។

នៅក្នុងកំឡុងពេលបួនថ្ងៃនេះ អ្នកចូលរួមទស្សនានឹងទទួលបានកូនឈើដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមផ្ទះសម្បែង សាលារៀន វត្តអារាម ចំការ កន្លែងធ្វើការ ភូមិដ្ឋាន និងលំហសហគមន៍ផ្សេងៗ។ រាល់កូនឈើដែលត្រូវបាននាំយកទៅផ្ទះ គឺជាការសន្យាមួយក្នុងការចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែបៃតង ត្រជាក់ និងមានភាពធន់ជាងមុន។ នៅពេលដែលអ្នកដាំដើមឈើមួយដើម អ្នកកំពុងដាំដុះអ្វីៗដែលមានតម្លៃលើសពីកូនឈើមួយពន្លកឆ្ងាយណាស់។ អ្នកកំពុងដាំដុះម្លប់ត្រជាក់សម្រាប់កូនចៅរបស់អ្នក។

អ្នកកំពុងដាំដុះខ្យល់អាកាសបរិសុទ្ធសម្រាប់សហគមន៍របស់អ្នក។
អ្នកកំពុងដាំដុះសន្តិសុខទឹកសម្រាប់បងប្អូនកសិករ។
អ្នកកំពុងដាំដុះជម្រកសម្រាប់បក្សាបក្សី និងសត្វព្រៃ។
អ្នកកំពុងដាំដុះសេចក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយទៅថ្ងៃអនាគត។

ដើមឈើមួយដើម អាចធ្វើឱ្យផ្ទះមួយខ្នងមានភាពត្រជាក់។
ដើមឈើមួយរយដើម អាចធ្វើឱ្យភូមិមួយមានភាពត្រជាក់។
ដើមឈើប្រាំលានដើម អាចជួយពង្រឹងភាពធន់របស់ប្រជាជាតិមួយទាំងមូល។

ប្រទេសកម្ពុជាបានបង្ហាញរួចមកហើយថា នៅពេលដែលប្រជាជនរួមចិត្តគំនិតគ្នាតែមួយដើម្បីគោលបំណងរួម អ្វីៗដែលអស្ចារ្យនឹងកើតមានឡើង។ នៅថ្ងៃនេះ យើងត្រូវបានអំពាវនាវម្តងទៀតឱ្យរួបរួមគ្នា មិនមែនដើម្បីប្រឆាំងនឹងគ្នានោះទេ ប៉ុន្តែគឺដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង និងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ។

គំនិតផ្តួចផ្តើមដាំដើមឈើទូទាំងប្រទេសនេះ គឺជារបស់យើងគ្រប់គ្នា។ ទោះបីជាអ្នកនៅក្មេង ឬចាស់ រស់នៅក្នុងទីក្រុង ឬជនបទ រាល់ដើមឈើដែលអ្នកដាំនឹងក្លាយជាផ្នែកមួយនៃខែលការពារដ៏រស់រវើករបស់កម្ពុជា ប្រឆាំងនឹងកម្តៅដ៏ក្តៅហួតហែង គ្រោះរាំងស្ងួត និងការរំកិលចុះខ្សោយនៃបរិស្ថាន។

សំណូមពររបស់យើងគឺសាមញ្ញបំផុត សូមកុំទុកឱ្យកូនឈើឈប់ត្រឹមមាត់ទ្វារផ្ទះរបស់អ្នកឡើយ។ ត្រូវដាំ ថែទាំ ការពារ និងមើលដើមឈើដែលយើងដាំដុះលូតលាស់។ ដើមឈើមួយដើមអាចសម្រេចបាននូវតម្លៃដ៏ពិតប្រាកដរបស់វា លុះត្រាតែវាត្រូវបានបីបាច់ថែរក្សារហូតដល់ធំលូតលាស់ពេញលេញ ដែលផ្តល់ផលប្រយោជន៍ជាច្រើនទសវត្សរ៍ទៅថ្ងៃមុខ។

ប្រវត្តិសាស្ត្រនឹងចងចាំ មិនត្រឹមតែអ្វីដែលយើងបានសាងដោយដៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្វីដែលយើងបានថែរក្សាការពារដោយបេះដូងរបស់យើងផងដែរ។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ចូរយើងជួបជុំគ្នានៅក្រសួងបរិស្ថាន។ សូមអញ្ជើញមកជាមួយក្រុមគ្រួសាររបស់អ្នក មកទទួលយកកូនឈើដោយឥតគិតថ្លៃ។ ចូលរួមក្នុងគោលដៅជាតិ ដើម្បីចែកជូនកូនឈើឱ្យបាន ៥លានដើម នៅក្នុងឆ្នាំនេះ។ ដាំដើមឈើដោយក្តីមោទនភាព។ ថែទាំពួកដើមឈើដោយក្តីស្រឡាញ់។

ចូរយើងរួមគ្នាផ្លាស់ប្តូរកូនឈើតូចៗចំនួន ៥ លានដើម ឱ្យក្លាយជាខែលការពារដ៏មានជីវិត ដើម្បីការពារប្រទេសកម្ពុជាពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ ពង្រឹងបរិស្ថានរបស់យើង ការពារអនាគតរបស់យើង និងបន្សល់ទុកនូវមាតុភូមិដ៏បៃតងសម្រាប់មនុស្សជំនាន់ក្រោយៗតទៅទៀត។ «ប្រជាជនកម្ពុជាមួយរូប ដើមឈមួយដើម។ ដើមឈើប្រាំលានដើម កម្ពុជាមួយដ៏រឹងមាំ»៕

អត្ថបទទាក់ទង