Grand News Asia Close

 វិភាគអន្តរជាតិ៖​ សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស និង «មហន្តរាយមនុស្សធម៌» នៅ Gaza

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 507
 វិភាគអន្តរជាតិ៖​ សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស និង «មហន្តរាយមនុស្សធម៌» នៅ Gaza  វិភាគអន្តរជាតិ៖​ សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស និង «មហន្តរាយមនុស្សធម៌» នៅ Gaza

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា​ (Gaza) បានបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលមួយលើតំបន់ ភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល ដែលជាការវាយប្រហារដ៏ប្រល័យមួយក្នុងប្រវត្តិសាស្ត្រអ៉ីស្រាអែល។ ​ភ្លាមៗនោះដែរ អ៉ីស្រាអែលបានប្រកាសសង្រ្គាមលើ ក្រុមហាម៉ាស ជាមួយការទម្លាក់គ្រាប់បែកសងសឹកយ៉ាងសាហាវអស្ចារ្យលើតំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនច្រើនជាង ២លាននាក់រស់នៅ។

ខណៈអំពើហិង្សាកាន់តែកើនឡើង អង្គការអន្តរជាតិខាងកិច្ចការមនុស្សធម៌ជាច្រើន បានអំពាវនាវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ចូលទៅកាន់ តំបន់ហ្កាហ្សា និងបង្កើតច្រករបៀងមនុស្សធម៌មួយសម្រាប់ជនភៀសខ្លួន។

* តើស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា យ៉ាប់យ៉ឺនដល់កម្រិតណា?

ហ្កាហ្សា ជាទឹកដីតូចមួយមានផ្ទៃ ៣៦០គីឡូម៉ែត្រក្រឡា បានជួបប្រទះនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ អស់រាប់សិបឆ្នាំមកហើយ ពោលគឺតាំងពីមុននឹងជម្លោះសព្វថ្ងៃ ផ្ទុះឡើងទៅទៀត។ ដោយសារតែការបិទខ្ទប់លើតំបន់ហ្កាហ្សា ដោយអ៉ីស្រាអែលរយៈពេលជាង ១៦ឆ្នាំមកនេះ ៩៥ភាគរយនៃប្រជាជនហ្កាហ្សាប៉ាឡេស្ទីន មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ខណៈច្រើនជាងពាក់កណ្ដាលនៃប្រជាជនហ្កាហ្សា រស់នៅពឹងផ្អែកលើជំនួយមនុស្សធម៌ជាមូលដ្ឋានដើម្បីរស់រានមានជីវិត។ លើសពីនេះទៅទៀត ប្រហែលជា ៨០ភាគរយនៃប្រជាជនហ្កាហ្សា ត្រូវបានចាត់ទុកជាជនភៀសខ្លួននៅក្រោមច្បាប់អន្តរជាតិ។​

ចាប់តាំងពីមានការវាយប្រហារបស់ក្រុមហាម៉ាសមក ស្ថានការណ៍ក្នុងតំបន់ហ្កាហ្សាកាន់តែមានសភាពគ្រោះថ្នាក់ឡើង។ នេះជាការគូសបញ្ជាក់របស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)។ តែយ៉ាងណាក៏ដោយ ថ្លែងនាឱកាសចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី១៨ ខែតុលានេះ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា មិនអាចយកមកធ្វើជាហេតុផលដើម្បីដាក់ទោស ប្រជាជនប៉ាឡេស្ទីននោះទេ»។ បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា គិតត្រឹមថ្ងៃទី១៧ ខែតុលានេះ ការវាយប្រហារទម្លាក់គ្រាប់បែកសងសឹករបស់អ៉ីស្រាអែល បានសម្លាប់មនុស្សជាង ៣,០០០នាក់ និងជាង ៩,៧០០នាក់បានរងរបួស។ មិនតែប៉ុណ្ណោះ ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ខណៈអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីនទម្លាក់កំហុសដាក់គ្នា ទៅវិញទៅមក។

ក្រុមមន្ត្រីសុខាភិបាលក្នុតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថាមន្ទីរពេទ្យខាងលើរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯយោធា អ៉ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាមជីហាដ (Palestinian Islamic Jihad)។ ការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល បានសម្លាប់មនុស្សជាង ១,៤០០នាក់​ និង៣,៤០០នាក់ ផ្សេងទៀតរងរបួស។ បន្ថែមពីលើការ ទម្លាក់គ្រាប់បែក អ៉ីស្រាអែលបានបិទខ្ទប់ទាំងស្រុងលើតំបន់ហ្កាហ្សា ដោយកាត់ផ្ដាច់ទឹក អគ្គិសនី និងរារាំងការផ្គត់ផ្គង់ទាំងចំណីអាហា ប្រេងឥន្ធនៈ និងថ្នាំពេទ្យទៀត ផង។ ដោយគ្មានប្រេងឥន្ធនៈ ស្ថានីយ៍ថាមពលតែមួយគត់របស់ហ្កាហ្សាប្រែជាងងឹត។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងវិហារ បើទោះជាយោធាអ៉ីស្រាអែលអះអាងថាការវាយប្រហាររបស់ខ្លួនមានគោលដៅតែទៅលើឃ្លាំងស្តុកអាវុធ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រើប្រាស់ ដោយក្រុមហាម៉ាសក៏ដោយ។ ព្រមពេលជាមួយគ្នា ប្រព័ន្ធសុខាភិបាលហ្កាហ្សា ក៏កំពុងប្រឈមមុខនឹងការដួលរលំផងដែរ។ នេះបើតាមអង្គការសុខភាពពិភពលោក WHO ដែលបញ្ជាក់ថាមន្ទីរពេទ្យធំចំនួន២ នៃភាគខាងជើងតំបន់ហ្កាហ្សា បានទទួលព្យាបាលអ្នករងរបួសលើសពីសមត្ថភាព ហើយមន្ទីរពេទ្យនៅភាគខាងត្បូងវិញ ក៏កំពុងទទួលព្យាបាលអ្នករងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់។

កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីថាមពលអ៉ីស្រាអែល បានបញ្ជាក់ថាអគ្គិសនី ប្រេងឥន្ធនៈ និងទឹក នឹងមិនត្រូវបានផ្គត់ផ្គង់ឡើងវិញនោះទេ រហូតទាល់តែចំណាប់ខ្មាំង ជាង១៩៩នាក់ ត្រូវបានក្រុមហាម៉ាសដោះលែង។

*​ អ្វីទៅជាជម្រើសភៀសខ្លួនសម្រាប់ប្រជាជនហ្កាហ្សា?

កាលពីថ្ងៃទី១៣ ខែតុលា អ៉ីស្រាអែលបានបង្គាប់ឱ្យប្រជាជនបាឡេស្ទីនជាង ១លាននាក់ ចាកចេញពីតំបន់ភាគខាងជើងហ្កាហ្សា ឆ្ពោះទៅកាន់ភាគខាងត្បូង ក្នុងពេល ២៤ម៉ោង ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈបើកធ្វើសង្រ្គាមជើងគោកវាយលុកចូលហ្កាហ្សា។ UN​ បានចាត់ទុកការបង្គាប់របស់ អ៉ីស្រាអែលជារឿងមិនអាចធ្វើទៅបាន ព្រោះវានឹងបង្កជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ រហូតដល់គិតត្រឹមថ្ងៃទី១៥ ខែតុលា មានប្រជាជនច្រើនជាង ១លាននាក់ ឬស្មើនឹង ពាក់កណ្ដាលនៃប្រជាជនក្នុងតំបន់ហ្កាហ្សា បានភៀសខ្លួនចេញ។ ជម្រើសភៀសខ្លួនសម្រាប់ប្រជាជនហ្កាហ្សា មានតិចតួចបំផុត។ អ៉ីស្រាអែលបានបិទព្រំដែនចំនួន២ ជាប់តំបន់ហ្កាហ្សា ជាផ្នែកមួយនៃការបិទខ្ទប់តំបន់នេះទាំងស្រុង។ ចំណែក អេហ្ស៉ីបវិញដែលមានតំបន់ Rafah ជាប់ព្រំដែនជាមួយហ្កាហ្សា និងបានទទួលជនភៀសខ្លួន និងស្វែងរកសិទ្ធិជ្រកកោនជាង ៣៥០,០០០នាក់ទៅហើយនោះ គឺជាច្រកផ្លូវតែមួយគត់សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ មកទល់នឹងពេលនេះ ទោះបីជាមានការទូចសុំពីសហរដ្ឋអាមេរិក និង UN ក៏ដោយ ក៏រដ្ឋាភិបាល អេហ្ស៉ីបនៅតែមិនទាន់យល់ព្រមបង្កើតច្រករបៀងសម្រាប់ជនស៊ីវិលនៅឡើយទេ ដោយ សំអាងថាការឆ្លងកាត់ព្រំដែនមិនអាចធ្វើទៅកើតឡើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលនៅតែបន្ត។

* តើអង្គការមនុស្សធម៌អន្តរជាតិ ឆ្លើយតបយ៉ាងដូចម្ដេច?

អង្គការសហប្រជាជាតិ បានស្នើសុំកញ្ចប់ថវិកា ២៩៤លានដុល្លារ ដើម្បីដោះស្រាយតម្រូវការចំាបាច់នានារបស់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank។ នៅហ្កាហ្សា អង្គការ UNICEF, UN Relief និងទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA បាន និងកំពុងជួយផ្ដល់សម្ភារៈ និងសេវា សំខាន់ៗ ក្នុងនោះរួមមានការផ្គត់ផ្គង់វេជ្ជសាស្ត្រ ប្រេងឥន្ធនៈ និងជំនួយបន្ទាន់។ អង្គការអន្តរជាតិធំៗផ្សេងទៀតដូចជា អង្គការកាកបាទក្រហមអន្តរជាតិ និងអឌ្ឍចន្ទ ក្រហមអន្តរជាតិ រួមទាំងអង្គការក្រុមគ្រូពេទ្យគ្មានព្រំដែន ក៏កំពុងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនរងផលប៉ះពាល់ពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង