Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 703

CMF:

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ភ្ញៀវកិត្តិយស
បងប្អូនកម្មករ និយោជិតទាំងអស់ជាទីស្រឡាញ់រាប់អាន!

(១) នឹងចុះជួបកម្មករ អាជីវករក្រៅប្រព័ន្ធ វិស័យទេសចរណ៍និងវិស័យដទៃទៀត

ថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅក្នុងខេត្តកំពង់ស្ពឺសាជាថ្មី ហើយនេះគឺជាកម្មវិធីទី៣នៃការចុះជួបជាមួយកម្មករ និយោជិតទាំងអស់ដែលមកពីបណ្ដារោងចក្រផ្សេងៗ។ ទីតាំងទី១ គឺភ្នំពេញ ទី២​គឺខេត្តកណ្ដាល និងទី៣ គឺខេត្តកំពង់ស្ពឺ ហើយនឹងចុះតាមបន្តទៀត។ មានរៀបចំ ១០កម្មវិធី ដែលកម្មវិធីនេះត្រូវបានរៀបចំដំបូងឡើយសម្រាប់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ លោកបានខិតខំចុះជួបជាមួយកម្មករ កម្មការិនី កូនចៅ ក្មួយៗរបស់លោក តាំងពីមុនបោះឆ្នោត ប៉ុន្តែដោយសារពេលវេលាចង្អៀត លោកមិនអាចធ្វើបានចប់។ ទោះបីជាលោកបានចេញទៅជាសមាជិកសភា ហើយបញ្ចប់ពីតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក៏គាត់នៅផ្ដល់គោលការណ៍ និងលើកទឹកចិត្តថ្នាក់ដឹកនាំជាន់ក្រោយធ្វើការងារបន្ត។ ការ​ងា​រ​នេះមិនមែនចប់ត្រឹម ១០កម្មវិធីនេះទេ។ យើងនឹងរៀបចំតទៅទៀត … ខ្ញុំគិតថាមិនមែនតែក្នុងវិស័យកាត់ដេរ ឧស្សាហកម្មនោះទេ យើងនឹងគិតមើលនៅក្នុងវិស័យផ្សេងៗទៀត។ នៅខែ១១នេះ ខ្ញុំនឹងជួបជាមួយខាងអាជីវករ។ យើងគិតមើលពីការជួបជាមួយខាងក្រៅប្រព័ន្ធ​ ឬវិស័យទេសចរណ៍ ឬអ្វីផ្សេងទៀតដែលអាចជួបបាន។ ជួបជាមួយបងប្អូនអ្នកលក់ដូរមួយចំនួនដើម្បីស្ដាប់។ ខ្ញុំចូលចិត្តជួបហើយជួយផ្ទាល់តែម្ដង។ អ្នកខ្លះគេថា នាយករដ្ឋមន្រ្តីមិនគួរណាចំណាយពេលទៅចុះជួបអញ្ចឹងទេ ទុកឲ្យរដ្ឋមន្រ្តីការងារធ្វើទៅ។ នាយករដ្ឋមន្រ្តីមកដណ្ដើមការងាររបស់រដ្ឋមន្រ្តីការងារ។ អត់ដណ្ដើមទេ។ មកមើលទេតើ ហើយមកជួយជំរុញឲ្យធ្វើដើម្បីបំពេញការងារជូនកម្មករ និយោជិត។ នៅទីនេះក៏មានអាជ្ញាធរដែលត្រូវទទួលខុសត្រូវ។

ចាំពរផ្ទៃបាន ៤ខែឡើង ចាំពិនិត្យភេទរបស់កូន

ខ្ញុំសូមអរគុណចំពោះក្រុមការងាររបស់ក្រសួងការងារ ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមហ៊ុន ដែលបានសម្របសម្រួលសហការរៀបចំទីតាំងការជួបនៅកន្លែងនេះ។ អរគុណម្ចាស់ទីតាំង ដែលបានផ្ដល់នូវទីតាំងសម្រាប់យើងជួប។ ល្ងាចមិញ ដូចមាន(ភ្លៀង)មួយមេធំផង ស្រោចត្រជាក់ត្រជុំ។ ថ្ងៃនេះ លឺភ្លោះដល់៦ នាក់ឯណោះ។ អរគុណបងប្អូនជិត ២ ម៉ឺននាក់ចូលរួមព្រឹកនេះ។ គ្រាន់តែផ្ទៃពោះជិត ៦៥០នាក់ ហើយភ្លោះ ៦នាក់។ តែឥឡូវដូចជាចម្លែក ភ្លោះហាក់ដូចជាស្រីៗ ទាំងពីរ ប្រុសៗទាំងពីរ។ កាលមុនរាងឆ្លាស់។ ខ្ញុំសួរ៤គូ ស្រី២គូ ប្រុស២គូ អាចយកលេខគ្នាទុក ថ្ងៃក្រោយធ្វើដន្លងគ្នា។ ជួបគ្នាពេលណា? កម្មវិធីថ្ងៃ៩ ខែ៩ ២០២៣ ថ្ងៃនេះល្អផង​ អាចភ្ជាប់និស្ស័យជាដន្លងនឹងគ្នាពីថ្ងៃនេះតទៅ។ ខ្ញុំទើបនឹងមកពីប្រជុំនៅហ្សាការតា ហើយស្គាល់នាយករដ្ឋមន្រ្តីទីម័រឡេស្ត។ គាត់ដូចសម្ដេចតេជោអញ្ចឹង ពីមុនគាត់ពិសាបារី ហើយគាត់នៅតែពិសាបារីដែរ។ ថ្ងៃជប់លៀងហ្នឹងគាត់ជក់ ហើយគេមកប្រាប់ឲ្យឈប់។ គាត់ក៏យកបារីមកដាក់លើតុតែម្ដង។ គាត់ប្រាប់ប្រពន្ធខ្ញុំថា ប្រពន្ធគាត់ឲ្យគាត់ឈប់យូរហើយ តែគាត់អត់ឈប់។ ថ្ងៃមួយពេលដែលប្រពន្ធមានទម្ងន់គឺគាត់ភ្នាល់។ ប្រពន្ធគាត់មិនទៅឆ្លុះអេកូទេ។ គាត់ចាំអ៊ុតចុងក្រោយ។ ប្រពន្ធថាស្រី តែគាត់ថាប្រុស។​ បើកូនកើតមកស្រី គាត់ឈប់ជក់ តែបើកើតមកប្រុសគាត់ជក់។ ឥឡូវគាត់នៅជក់បានទៀត។ ខ្ញុំចាំសម្ដេចតេជោ គាត់ធ្លាប់ភ្នាល់ម្ដងអញ្ចឹង។ កូនៗប្រាប់ថា សុំឲ្យពុកឈប់។ ចុងក្រោយគាត់ចរចាថា បើមានចៅ គាត់អត់ជក់ … ចៅកើតមកហើយ គាត់នៅតែជក់។ ដល់ឆែក គាត់ថាពេលដែលនៅជិតចៅ។ អញ្ចឹងបានថាបទពិសោធន៍ជើងចាស់។ តែរឿងកូននេះ ឥឡូវយើងមានភ្នែកទិព្វអាចមើលដឹង តែបងឲ្យយោបល់អញ្ចេះ ចាំ៤ខែចាំទៅមើល។ កុំបង្ខំ។

(២) ការផ្តល់អោយនូវសុខភាពនិងក្ដីស្រឡាញ់ចំពោះកូនជាការសំខាន់

និយាយពីបទពិសោធន៍ជាក់ស្ដែង។ កូនទីពីរហ្នឹង បងចង់បានណាស់កូនប្រុស។ ពេលដែលបាន២ខែជាង ជិត៣ខែ រត់ទៅឆ្លុះអេកូ។ គេថាកូនប្រុសហើយ ៧០% ខំតែអរ។ តែចាញ់តារបស់ខ្ញុំ។ គាត់មើលតាមវិធីសាស្រ្តបុរាណ។ ពេលគ្រួសារខ្ញុំដើរទៅ​ គាត់ហៅ។ គ្រួសារខ្ញុំងាកស្ដាំ ចឹងគាត់ថាចៅស្រី។ ខ្ញុំថា អត់ទេតា អេកូថា ៧០% ប្រុស។​ គាត់ថាចាំមើលទៅ។ ដល់ទៅ ៤ខែកន្លះទៅថត ស្រីមែន។ សួរពេទ្យថា កុយវាទៅណា? ពេទ្យថា ឆ្អឹងភ្លៅបងអើយ ខ្ញុំច្រឡំកុយ។ ពេលដំបូងៗមិនទាន់វិវឌ្ឍគ្រប់គ្រាន់។ អញ្ចឹងចាំ ៤ខែកន្លះចាំទៅមើល។ តែស្រីក៏ដោយប្រុសក៏ដោយ កូនយើង។ សំខាន់សុខភាពនិងក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ។ រឿងនេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាល ហើយឯកឧត្ដម ហេង សួរ បានអាននូវរបាយការណ៍ច្រើន ទាក់ទងនឹងការយកចិត្តទុកដាក់ និងគោលនយោបាយដែលបានអនុវត្តកន្លងទៅហើយ និងបន្តអនុវត្តទៀតទៅដល់កម្មករ/ការិនី មន្រ្តីរាជការពិសេសអ្នកមានផ្ទៃពោះ គិតតាំងពីគាត់ចាប់កំណើតមក …។

(៣) អ្នកកំពង់ស្ពឺ ៩០,២៨% ទៅបោះឆ្នោត ក្នុងនោះ ៨៤,៤៩% បោះឲ្យគណបក្សប្រជាជន

អរគុណដល់បណ្ដាក្រុមហ៊ុនដែលអនុញ្ញាតឲ្យបងប្អុនមកជួបថ្ងៃនេះ ហើយឲ្យសម្រាកមួយថ្ងៃ គិតទាំងប្រាក់​បៀវត្សពេញ។​ អម្បាញ់មិញ បងប្អូនខ្លះមុខស្រស់ៗ តែសួរទៅអ្នកខ្លះអត់គេងផង។ ខ្ជិលគេង បើគង់តែមកម៉ោង៣ ម៉ោង៤ បងប្អូនខ្លះម៉ោង៥ ថាងើបឡើងមុជទឹកមកនេះតែម្ដង កុំឲ្យពិបាក។ ថ្ងៃនេះខ្ញុំក៏សូមអរគុណដល់ប្រជាពលរដ្ឋអ្នកសំរោងទង ក៏ដូចជាខេត្តកំពង់ស្ពឺ ដែលបានផ្ដល់ការគាំទ្រនិងផ្តល់ភាពកក់ក្ដៅដោយជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកន្លងទៅនេះយ៉ាងច្រើនកុះ​ក​រ​តែម្ដង …។ នៅខេត្តកំពង់ស្ពឺ យើងមាន(ប្រជាជន) ៩០,២៨% ដែលបានទៅបោះឆ្នោត។ អត្រាខ្ពស់ណាស់ប្រៀបធៀបទូទាំងប្រទេស។ ក្នុងនោះ ៨៤,៤៩% បានបោះឆ្នោតផ្ដល់ការទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជាឲ្យបន្តអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋតទៅទៀត។ ខ្ញុំក៏សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខ​ទុក្ខនិងការអរគុណរបស់សម្ដេចតេជោ។ ការបោះឆ្នោតនេះ បញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្តនិងការជឿជាក់របស់បងប្អូនចំពោះសម្ដេចតេជោ ចំពោះថ្នាក់ដឹកនាំរបស់គណបក្ស និងជាពិសេសចំពោះសមិទ្ធផលដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុន បានដឹកនាំប្រទេស ៤៤ឆ្នាំមកនេះ ដើម្បីបម្រើកសាងសមិទ្ធផលជូនបងប្អូនប្រជាពលរដ្ឋ។

(៤) អ្នកបន្តវេនអនុវត្តគោលនយោបាយគណបក្សប្រជាជន យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋគ្រប់វិស័យ

ចំពោះខ្លួនខ្ញុំដែលជាអ្នកត្រូវបន្តវេនដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនមានអ្វីក្រៅពីការអរគុណនិងការប្ដេជ្ញាចិត្តបន្តអនុវត្តគោលនយោបាយយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់។ ក្នុងកិច្ចការពាក់ព័ន្ធទៅនឹងគោលនយោបាយនេះ ខ្ញុំបាននិយាយច្រើនហើយអំពីអាទិភាពទាំង៦។ ថ្ងៃនេះឯកឧត្ដម ហេង សួរ បានសង្ខេបហើយ។ ខ្ញុំមិនចាំបាច់ទៅរំលឹកបន្ថែមទៀតទេ គ្រាន់តែសង្ខេបអ្វីដែលយើងផ្ដល់ឲ្យ គឺគិតគូរទៅដល់សុខុមាលភាព ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់វិស័យទាំងអស់ ទាំងការដាក់នូវគោលនយោបាយគាំពារសង្គមឲ្យបានច្រើន​ គ្របដណ្ដប់ការផ្ដល់អាហារូបករណ៍ដល់កូនចៅប្រជាជនក្រីក្ររៀនសូត្រ បណ្ដុះបណ្ដាលឲ្យច្រើន ការគិតគូរអំពីគោលនយោបាយជួយស្រ្ដីមានផ្ទៃពោះ ផ្ទេរសាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋក្រីក្រ ដែលបានអនុវត្តកន្លងមកហើយ ពិសេស​ពេលជួបការលំបាកដោយសារកូវីដ-១៩ នេះ ដែលយើងក៏បានធ្វើច្រើនហើយបន្ដធ្វើទៀត។

រៀបចំក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយ កិច្ចការអន្តរជាតិ

ថ្ងៃនេះ ខ្ញុំសូមលើកបន្ថែមចំណុចមួយចំនួនតូច … បងប្អូនបានឃើញហើយ ក្រោយពីទទួលការតែង​តាំងជានាយករដ្ឋមន្ដ្រី ហើយរៀបចំរាជរដ្ឋាភិបាលថ្មី ការងារបន្ទាន់ដែលយើងត្រូវធ្វើមានច្រើន​ចំណុច ដែលចាប់ផ្ដើមពីការរៀបចំក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយដែលត្រូវធ្វើបន្ទាន់ក្នុងឆ្នាំ២០២៣ និងគោលនយោបាយដែលត្រូវធ្វើបន្ទាប់ទៀតរយៈពេល ២ ឆ្នាំសម្រាប់ក្រសួងការងារ និងរហូតមួយអាណត្ដិនេះ។ ក្រៅពីនោះក៏មានកិច្ចការងារអន្តរជាតិដែលត្រូវធ្វើ។ ពីថ្ងៃទី៤ រហូតដល់ថ្ងៃម្សិលមិញ(៨ កញ្ញា) ខ្ញុំបានចេញទៅប្រជុំនៅហ្សាការតា។ ដំបូងគឺប្រជុំថ្នាក់ដឹកនាំប្រជុំកំពូលអាស៊ាន ហើយនិងប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលមានអាស៊ីបូព៌ា និងមានថ្នាក់ដឹកនាំមហាអំណាចច្រើន ដែលកម្ពុជាឆ្នាំទៅក្រោមការដឹកនាំរបស់​សម្ដេចតេជោបានធ្វើជាម្ចាស់ផ្ទះយ៉ាងជោគជ័យ។ ឆ្នាំនេះឥណ្ឌូនេស៊ីជាប្រធាន។ ខ្ញុំឃើញមានធ្វើអត្ថាធិប្បាយច្រើនណាស់ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជាមិត្តបរទេសដែលបានវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលនៃទស្សកិច្ចនេះ។

សមិទ្ធផលសំរេចបានក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាសមទ្ធិផលរួមរបស់កម្ពុជា

កិច្ចការដែលខ្ញុំទៅធ្វើនេះ មិនមែនជាសមិទ្ធផលសំរាប់ខ្ញុំទេ គឺសមិទ្ធផលរបស់កម្ពុជា។ ខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្ដ្រី ក្នុងនាមជាប្រមុខ និងតំណាងជាន់ខ្ពស់របស់ប្រជាជនកម្ពុជា។ អ្វីដែលជាសមិទ្ធផលបានមក​នេះ គឺសំរាប់ប្រជាជនខ្មែរយើងទាំងអស់ និងសំរាប់ប្រទេសជាតិយើងតែម្ដង។ យើងបានទទួល​នូវការគាំទ្រនិងការស្វាគមន៍យ៉ាងកក់ក្ដៅពីបណ្ដាប្រទេសទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនៅទីនោះ ទាំងមហា​អំណាច អាមេរិក ជប៉ុន ចិន អូស្ដ្រាលី ឥណ្ឌា … កន្លែងខ្លះយើងជួបទ្វេភាគី កន្លែងខ្លះយើង​អត់មានពេល យើងបានជួបនិយាយគ្នាបន្ដិច។ ប្រជុំបែបនេះគឺខ្ញុំ(ទើបតែបាន)ចូល(ជាលើក)ដំបូង។ ខ្ញុំធ្លាប់តែចូល​រួមប្រជុំមេទ័ពជើងគោកអាស៊ាន។ ប្រជុំកំពូលនេះគឺ(ធ្វើជាប់ហូរហែ)រហូតដល់មេដឹកនាំអត់បាយ។ ខ្ញុំ ស្រកមួយគីឡូកន្លះ​។ ​បងប្អូនឃើញតាមហ្វេសប៊ុក … មានលៀង​សាយភោជន៍អី មានរបាំអី តាមពិតទាំងខ្ញុំទាំងមេដឹកនាំជាច្រើន កន្លែងខ្លះធ្វើការ(មិនមានពេលទទួលទាន)បាយទេ។ ប្រទេសច្រើន(មានវត្តមាន) គ្រាន់តែប្រជុំយើងក្នុងក្របខណ្ឌអាស៊ាន បូកជាមួយប្រជុំជាមួយប្រទេសមហាអំណាច … អង្គុយតុមូលនឹង ១៦ (ប្រទេស)។ ក្រៅពីហ្នឹងប្រទេសមួយៗ ឆ្លៀតជួបទ្វេភាគី។ ឲ្យតែថាសំរាក ១០នាទី រត់ទៅរកបន្ទប់ជួបគ្នាហើយ។ ពេលខ្លះគេឲ្យសំរាកបាយថ្ងៃត្រង់ ៤០នាទី គ្រាន់តែជួបគ្នាហ្នឹងអស់​កន្លះម៉ោង ឬសែសិបនាទី។ ថ្ងៃមុនគ្រាន់តែជួបហើយអង្គុយប៉ុក ទម្រាំចេញម្ហូបមក គេថាបងដល់ពេលថតរូបហើយ …។

(៥) ការងារ ៤ ធំ ដែលបានធ្វើក្នុងពេលទៅប្រជុំកំពូលអាស៊ាន

សួរថាតើឯកឧត្តម ហ៊ុន ម៉ាណែត ទៅហ្នឹងទៅធ្វើអី? … ពីមុន សម្ដេចតេជោ ទៅប្រជុំរាល់ដងហ្នឹងធ្វើអី? ទៅគ្រាន់តែថា​បង្ហាញរូបភាព​ ស្លៀកពាក់ស្អាត ចូលរួមថតរូបនោះឬ? អត់ទេ។ ហ្នឹងគ្រាន់តែជាការងារបន្ទាប់បន្សំ ការងារការទូតផ្លូវការ។ តែសាច់រឿង ថ្នាក់ដឹកនាំប្រទេស​នីមួយៗ រួមទាំងខ្ញុំជាតំណាងកម្ពុជា យើងទៅនេះមិនមែនទៅដើម្បីសំដែងនោះទេ។ យើងទៅធ្វើការ​ងារសំខាន់ដើម្បីប្រទេសជាតិ។ ការងារធំ ៣ ដែលខ្ញុំធ្វើក្នុងពេលតែមួយ ហើយប្រទេសថ្នាក់ដឹកនាំផ្សេងទៀតក៏ដូចគ្នា។

ការងារទី១ គឺការ​ងារការទូតក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងនាមជានាយករដ្ឋ​មន្ដ្រីថ្មីរបស់កម្ពុជា។ ដំណើរទស្សនកិច្ចលើកទីមួយរបស់ខ្ញុំនេះ គឺចំពេលដែលមានកិច្ចប្រជុំសំខាន់របស់អាស៊ាន គឺកិច្ចប្រជុំកំពូលអាស៊ាន ដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម ប្រជុំបូកដៃគូ យើងថាបូក៣ ថ្នាក់ដឹកនាំមហាអំណាចមួយៗ ប្រជុំអាស៊ីបូព៌ា ដែលមានថ្នាក់ដឹកនាំមហាអំណាចចូលរួមដើម្បីភ្ជាប់ទំនាក់ទំ​នង និងបន្ដទំនាក់ទំនងការទូត។ មានអត្ថាធិប្បាយខ្លះថា “ខ្ញុំទៅ(ចូលរួមហ្នឹង)ខុសច្បាប់។ ខ្ញុំទៅហ្នឹង គេមិនទទួល”។ ខ្ញុំមិនដឹងថាគេមើលយ៉ាងម៉េចទេ។ គ្រាន់តែឡានដាក់ទង់ជ័យនិងក្បួនដែលគេទទួលពេលចុះ​ពីលើយ​​ន្ដហោះ (មាន)កង​កិត្ដិយស(រួចទៅហើយ)។

មិនមានអ្នកណាមួយ ថា(ខ្ញុំមិនមែន)ជាតំណាងរដ្ឋាភិបាលទេ។ គេអញ្ជើញតំណាងមិននយោបាយពីភូមា … ខ្ញុំជួបជាមួយនាយករដ្ឋមន្ដ្រីចិន អនុប្រធានា​ធិប​តីអាមេរិក ជួបជាមួយនាយករដ្ឋមន្ដ្រីឥណ្ឌា នាយករដ្ឋមន្ដ្រីអូស្ដ្រាលី … ហើយខ្ញុំអង្គុយនៅក្នុងកៅអី ដែលសរសេរថា “នាយករដ្ឋមន្ដ្រីកម្ពុជា”។ អញ្ចឹងការងារការទូត​គឺ​ស្មើមុខស្មើមាត់ក្នុងនាមជាប្រទេសអធិបតេយ្យភាពមួយ មិនថាប្រទេសធំប្រទេសតូច … គ្រប់ប្រ​ទេសទទួលស្គាល់កម្ពុជាស្មើមុខស្មើមាត់ … នេះហើយការទូតដែលបញ្ជាក់ថា ​ទោះបីជាមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក៏ដោយ ប៉ុន្ដកម្រិតការទូតកម្ពុជានៅតែដដែលគឺស្មើភាពជាមួយប្រទេសទាំងអស់

ការងារទី២ គឺជួបទ្វេភាគីជាមួយប្រទេសក្នុង​ក្របខណ្ឌអាស៊ាន ដើម្បីបញ្ជាក់ពីទំនាក់ទំនងជាមួយប្រទេសជិតខាង។ យើងចង់ជួបគ្រប់ប្រទេស(ដែលមានវត្តមាន) ប៉ុន្ដែមិនមានប្រទេសណាមួយអាចជួបបាន(គ្រប់)ទាំងអស់ទេ។ សូម្បីតែអាមេរិក។ មានតែឥណ្ឌូនេស៊ីតែប៉ុណ្ណោះដែលអាចជួបបានគ្រប់ប្រទេស ព្រោះគាត់ជាម្ចាស់ផ្ទះ។ ក្រៅពីហ្នឹងរកពេល​ជួប ខ្លះជួបឈរ ខ្លះជួបនៅពេលរង់ចាំចូលប្រជុំមួយទៀត ព្រោះអត់មានម៉ោងសំរាប់ទៅអង្គុយ អត់មានបន្ទប់សម្រាប់ជួបទ្វេភាគី … ខ្ញុំចរចាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី រឿងកសិកម្មអីផ្សេងៗ ដូចជារឿងបើកជើងយន្ដហោះអី គឺនៅពេលឈរចាំចូលបន្ទប់។ យើងបញ្ជាក់ជំហរការទូតជាមួយបណ្ដាប្រទេសទាំងអស់ ហើយមិនត្រឹមតែ​រក្សា(ទំនាក់ទំនង)ការទូតប៉ុណ្ណោះទេ តែមិនមានប្រ​ទេសណាផ្ដាច់ចំណងការទូតជាមួយកម្ពុជា ក្រោយពីមានរដ្ឋាភិបាលថ្មីនេះទេ។

ចំពោះ​អ្នក​វិភាគផ្សេង​ៗ ដែលអង្គុយនៅក្នុងបន្ទប់នៅក្រៅប្រទេស រាប់ពាន់គីឡូចង់ថាម៉េចថាចុះ ប៉ុន្ដែខ្ញុំចង់​បញ្ជាក់សំរាប់ប្រជាពលរដ្ឋថា កម្ពុជាមានរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោត ដែលមានប្រជាពលរដ្ឋ ៨២,៣% (ស្មើនឹង)៦ លាននាក់ជាង បោះឆ្នោតភ្លូកទឹកភ្លូកដីជាងគាំទ្រគណបក្សប្រជាជនកម្ពុជាបង្កើតរាជរដ្ឋាភិបាលស្រប​តាមរដ្ឋធម្មនុញ្ញ បានការទទួលស្គាល់ចំណងការទូតបន្ដជាមួយគ្រប់ប្រទេសទាំងអស់។ នេះគឺជាកិច្ចការសំខាន់មួយ។ ទី២ មិនត្រឹមតែរក្សានូវចំណងការទូតជាមួយរដ្ឋាភិបាលថ្មីទេ … ខ្ញុំបានជួបជាមួយនាយករដ្ឋមន្ដ្រីនៃប្រទេសកោះឃុក ​(Cook Islands) នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាតំណាងអោយ ១៨​ កោះទៀត … ដែលយើងមិនទាន់មានទំនាក់ទំនងការទូត។ ការជួបគ្នានេះនឹងបើកច្រកភ្ជាប់ទំនាក់ទំនងការទូតជាមួយកោះឃុកនេះ និងបណ្ដាកោះផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អញ្ចឹងមិនត្រឹមតែរក្សានូវទំនាក់ទំនងការទូតជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ដែលមាន(ស្រាប់ទេ) ថែមទាំងបើកច្រកការទូតបន្ថែមទៀតសំរាប់ទទួលបណ្ដាប្រទេស​ក្នុងតំបន់ថែមទៀត។

ទី៣ គឺកិច្ចការងារនយោបាយក្នុងនាមប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិកអាស៊ាន ជាប្រទេសអធិតេយ្យមួយ ដែលផលប្រយោជន៍ជាតិរបស់យើងមានការពាក់ព័ន្ធ​ជាមួយផលប្រយោជន៍តំបន់។ ខ្ញុំបានគូសបញ្ជាក់ពីគោលនយោបាយរបស់កម្ពុជាលើគោលនយោបាយសំខាន់ៗ ដែលមានពាក់ព័ន្ធជាមួយតំបន់និងសាកលលោក ជាពិសេសក្នុងតំបន់ … ការព្រួយបារម្ភពាក់ព័ន្ធនឹងស្ថានការណ៍ឡើងកំដៅ ជាពិសេសមិនចង់ឃើញនូវការវិវត្ដទៅមាន​ស​ង្គ្រាម អស្ថិរភាព ដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់និងការអភិវឌ្ឍ។ ខ្ញុំក៏បានចូលរួមដើម្បីបញ្ជាក់ពីគោលនយោបាយ និងជំហររបស់កម្ពុជាដែលចូលរួមក្នុងការរក្សានូវសុខសន្ដិភាព កសាងស្ថិរភាពក្នុងតំបន់ និងវិបុលភាព ដើម្បីប្រទេសយើង រួមគ្នាជាមួយគ្រប់ប្រទេសក្នុងតំបន់និងលើសាកលលោកបានទទួលនូវភាពជោគជ័យ។

ខ្ញុំទៅ(ចូលរួមការប្រជុំ)ដើម្បីបញ្ចេញនូវជំហរនយោបាយរបស់កម្ពុជា និងការបេ្ដជ្ញាចិត្តរបស់កម្ពុជានៅក្នុងការចូលរួមជាសមាជិកមួយដ៏ល្អនៃសហគមន៍ពិភពលោក​ ដើម្បីបន្តថែរក្សាសុខសន្ដិភាព ស្ថិរភាព ជម្រុញការអភិវឌ្ឍ និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនលើគ្រប់វិស័យ។ ក្រៅពីកិច្ចការជាពហុភាគី ខ្ញុំក៏បានជួបជាមួយនឹង(មេដឹកនាំប្រទេសចូលរួមជា)ទ្វេភាគី ដើម្បីបង្ហាញជំហរនយោបាយរបស់កម្ពុជា ជា មួយទំនាក់ទំនងបណ្ដាប្រទេសមួយចំនួននៅក្នុងអាស៊ាន ចិន ជប៉ុន កូរ៉េ និងបណ្ដាប្រទេសមហាអំណាចផ្សេងទៀត តាមលទ្ធភាពដែលយើងអាចរកការជួបបាន។

ទៅប្រជុំនៅអង្គការសហប្រជាជាតិ​ នៅថ្ងៃទី ២១(កញ្ញា) ខាងមុខនេះ ខ្ញុំនឹងត្រូវជួបជាមួយឯកឧត្តមអគ្គលេ​ខា​ធិការអង្គការសហប្រជាជាតិ ជួបជាមួយមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជួបជាមួយអ្នកធុរកិច្ចអាមេរិក និងមន្រ្តីប្រទេសមួយចំនួនថែមទៀត ដែលយើងមិនមានពេលជួបនៅពេលនេះ ដើម្បីបញ្ជាក់ជំហរនិងការទំនាក់ទំនងរបស់យើង។ ប្រទេសយើងជាប្រទេសមិនធំទេ តែយើងជាប្រទេសមិនតូចដែរ។ សម្លេងប្រ​ជាពលរដ្ឋកម្ពុជា សម្លេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាចស្មើភាពជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត។ គ្រប់គោលនយោបាយរបស់យើង ក៏ត្រូវតែបញ្ចេញឱ្យអន្តរជាតិដឹងឮ ព្រោះយើងក៏ជាតួអង្គម្នាក់ដែលបានចូលរួមនៅក្នុងការជួយទៅដល់សន្ដិសុខនៅក្នុងពិភពលោកផងដែរ តាមរយៈការថែរក្សាសន្ដិភាពផ្ទៃក្នុងរបស់យើង ការដើរតួនាទីសហការជាមួយប្រទេសក្នុងតំបន់ ថែរក្សាសន្ដិភាព ស្ថិរភាព ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ហើយយើងក៏បានបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពរបស់យើង ទៅតាមប្រទេសច្រើនណាស់ ដើម្បីចូលរួមថែរក្សាសន្ដិភាព។ អញ្ចឹងយើងក៏ជាប្រទេសមួយដែលសំខាន់។ យើងបញ្ចេញគោលជំហរនយោបាយនៅក្នុងភាពស្មើភាពជាមួយនឹងមេដឹកនាំប្រទេស ទាំងមហាអំណាច ទាំងប្រទេសតូចទាំងអស់

ឯការងារទី៤  គឺការងារសេដ្ឋកិច្ចដែលខ្ញុំធ្វើក្នុងពេលជាមួយគ្នា និយាយរួម ពាក្យខ្លីគឺ “ដើរទាក់ម៉ូយ”។ បងប្អូនបានឃើញហើយ បន្ថែមទៅលើការបញ្ចេញជំហរនយោបាយការទូត ក្នុងក្របខណ្ឌពហុភាគី ក្នុងក្របខណ្ឌទ្វេភាគី ឬត្រីភាគី ខ្ញុំបានចូលរួមនៅក្នុងកម្មវិធីផ្សេងៗ មានកម្មវិធីវិស័យឯកជន កម្មវិធីជាសាក្សីនៅក្នុងការចុះហត្ថលេខាទំនាក់ទំនងរវាងក្រសួងកសិកម្មយើងជាមួយនឹងក្រសួងកសិកម្មឥណ្ឌូនេស៊ី។ ការចុះ MOU វិស័យឯកជនយើងជាមួយនឹងវិស័យឯកជនហ្វីលីពីន …។

សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់យើងនៅទីនោះ។ ខ្ញុំក៏ថ្មី បងប្អូនទាំងអស់ ទាំងឯកឧត្តម សុខ ចិន្ដាសោភា ក៏ថ្មី ប៉ុន្តែកិច្ចការងារយើង ទាំងនយោបាយទាំងការទូត យើងក្ដាប់គ្រប់ជ្រុងជ្រោយ។ យើងធ្វើការងារបាន បន្ដនូវនិរន្តរភាព។ ខ្ញុំសរសើរដល់ក្រុមការងារក្រសួងការបរទេស ក្រុមការ​ងាររបស់យើងនៅទូតឥណ្ឌូនេស៊ី ក្រុមការងាររបស់យើងប្រចាំនៅអាស៊ាន (ដែលបានធ្វើការ)ស្រុះគ្នា ដើម្បីផលប្រយោជន៍ជាតិរបស់យើងបានល្អណាស់។ ខ្ញុំសូមផ្ញើជូននូវការលើកទឹកចិត្ត។ ខ្ញុំក៏សូមអរគុណនិង កោតសរសើរដល់សភាពាណិជ្ជកម្ម ប្រតិភូវិស័យឯកជនរបស់យើងដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ ខ្ញុំធ្វើការងារការទូត នយោបាយ សេដ្ឋកិច្ច តែគាត់ធ្វើការងារធុរកិច្ច ព្រោះភាពជាដៃគូរវាងរដ្ឋនិងឯកជន ត្រូវដើរជាមួយគ្នា ហើយរដ្ឋមិនអាចធ្វើការងារក្នុងវិស័យធុរកិច្ចទេ។ ទុកឱ្យអ្នកធុរកិច្ចដែលយល់ពីកិច្ចការធ្វើការ ហើយធ្វើបាននូវទំនាក់ទំនង។ យើងដើរទាក់ម៉ូយជាមួយគ្នា។

ក្នុង ៣៤ កិច្ចប្រជុំដែលខ្ញុំត្រូវចូលរួម ថ្ងៃខ្លះ ១២កម្មវិធី តាំងពីព្រលឹម … ជួនកាលយើងត្រូវទៅជួបទ្វេភាគី មុននឹងគេបើក(ប្រជុំ)។ អញ្ចឹងបានថ្ងៃមុន ឃើញពេលបងប្អូនយើងទៅហ្នឹង រវាងអ្នកពិធីការឥណ្ឌូនេស៊ី ដែលនាំយើង ជាមួយនឹងខាងអង្គរក្ស កម្មវិធីគេសហការ​គ្នា។ គេអត់ដឹង។ គេស្មានតែយើងចូលមួយគណៈប្រតិភូទៅកិច្ចប្រជុំកំពូលដែលគេឱ្យតែមេដឹកនាំចូល។ តាមពិត យើងទៅប្រជុំទ្វេភាគីមុនម៉ោង។ អញ្ចឹងបានមានការយល់ច្រឡំបន្ដិច។ ឃើញគេយកទៅផ្សាយថា “(កម្ពុជា)អាម៉ាស់ស្អីៗ”។ អត់ទេ។ ក្រោយមកខាងឥណ្ឌូនេស៊ី ម្នាក់ស្រីពាក់អាវខ្មៅដែលគេចាប់ចេញហ្នឹងគឺខាងប្រធានពិធីការឥណ្ឌូនេស៊ី។ សូម្បីតែគាត់ក៏ត្រូវបានគេជួយសម្របសម្រួល។ យើងទៅប្រជុំតាំងពីមុនម៉ោងគេបើកប្រជុំកំពូល។ ម្សិលម្ង៉ៃ គេធ្វើពិធីបិទហើយ ខ្ញុំនៅប្រជុំ ២ទៀត។ ប្រជុំជាមួយនឹងកោះឃុក ហើយចុងក្រោយជាមួយនឹងជប៉ុន ក្រោយគេបំផុត។ ខ្ញុំជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនប្រជុំចប់ យើងចែកផ្លូវឡើងយន្តហោះរៀងៗខ្លួន។ (នាយករដ្ឋមន្រ្តីជប៉ុន) គាត់ទៅប្រជុំបន្ដនៅ G20 ខ្ញុំត្រឡប់មកវិញធ្វើការនៅក្នុងប្រទេស​។

(៦) ទាក់ម៉ូយ ឬលក់កម្ពុជា (marketing)

ការទាក់ម៉ូយនេះមាន ១៨កម្មវិធី។ មានស្អីខ្លះ? កម្មវិធីថ្ងៃទី១ គ្រាន់តែចុះ(ពីយន្តហោះ)ភ្លាម (ដែលម្សិលមិញប្រពន្ធខ្ញុំគាត់បញ្ជូនរូប(ដែល)គាត់លួចថតខ្ញុំកំពុងមើលឯកសារ) ទៅដល់សណ្ឋាគារសម្រាកបានបន្ដិច ចេញទៅជួបអគ្គលេខាធិការអាស៊ាន។ បន្ទាប់មក ទៅអានសុន្ទរកថានៅក្នុងកិច្ចប្រជុំធុរកិច្ចអាស៊ាន ដែលមានអ្នកវិនិយោគរាប់រយអ្នកមកពីបណ្ដាប្រទេសផ្សេងៗ។ ទៅធ្វើអី? ទៅផ្សព្វផ្សាយអំពីកម្ពុជា គេហៅថា marketing។ លក់កម្ពុជា មិនបានន័យថាលក់ទឹកដីទេ តែគឺដើម្បីទាក់ម៉ូយ ដូចជាស្រីស្អាតអញ្ចឹង ថា “មកវិនិយោគទាំងអស់មក”។ ប្រទេសផ្សេងក៏គេទៅដែរ។ យើងក៏ទៅដែរដើម្បី marketing កម្ពុជាយើង ដើម្បីផលប្រយោជន៍ជាតិរបស់យើង។ យើងត្រូវជួបដើម្បីផ្សព្វផ្សាយ។ យើងមានសហគមន៍វិនិយោគរបស់យើង ក្រុមសភាពាណិជ្ជកម្មរបស់យើង ត្រៀមធ្វើបទបង្ហាញ តែអ្វីដែលជាទម្ងន់ធំមួយគឺសារពីប្រមុខរាជរដ្ឋាភិបាល …។

(៧) លក់អង្ករ ២៥ ម៉ឺនតោន/៤ឆ្នាំ ទៅឥណ្ឌូនេស៊ី ដោយ ១០ម៉ឺនតោននាំចេញទៅមុន

ទី២ បន្ទាប់ពីហ្នឹងខ្ញុំចេញទៅជួបឥណ្ឌូនេស៊ី ជួបនិយាយអំពីការងារទំនាក់ទំនងការទូតអីហើយ ក្នុងនោះ យើងក៏មានលក់ផលិតផលកសិកម្ម។ យើងបានការចុះហត្ថលេខា។ ឯកឧត្តម ឌិត ទីណា មកទេ? អត់បានមកទេ ជាប់ប្រជុំ។ សុំច្បាប់ខ្ញុំហើយ។ លោកជំទាវ ចម និម្មល។ យើងជជែកគ្នាថា ធ្វើម៉េចរុញនូវផលិតផលកសិកម្មយើងចេញ។ គាត់ទិញរបស់ច្រើន។ ក្នុងថ្ងៃហ្នឹង យើងលក់បាន ២៥ ម៉ឺនតោន(អង្ករ)ក្នុង ៤ឆ្នាំ។ ចុះហត្ថលេខាភ្លាម។ គិតអំពីផលិតផលផ្សេងទៀតដើម្បីនាំចេញ … ២៥ម៉ឺនតោននេះ យក ៤ឆ្នាំ ប៉ុន្តែមុននឹងយើងចេញមកនេះ ក្រសួងពាណិជ្ជកម្មបានចរចាជាមួយឥណ្ឌូនេស៊ី ដោយនឹងយក ១០ម៉ឺនតោនមួយតង់សិន។ បន្ដិចទៀត យើងចាប់ផ្ដើមធ្វើការបញ្ជូន ១០ម៉ឺនតោនហ្នឹងទៅឱ្យ។ ១០ម៉ឺនតោនហ្នឹង បានពីណា? រដ្ឋាភិបាលអត់មានអង្ករទេ មានតែទៅទិញពីកសិករយើង។ អញ្ចឹងស្មើនឹងទៅរកទីផ្សារឱ្យកសិករយើងហ្នឹងឯង …

(៨) ជើងហោះហើរត្រង់ សហគ្រាសតូច/មធ្យម សហប្រតិបត្តិការបញ្ជូនអគ្គិសនី លក់កសិផល បន្ថែមកូតាការងារ

ក្រៅពីនោះ និយាយអំពីរឿងការបើកចំហរ រុញទេសចរគាត់ផងដើម្បីធ្វើយ៉ាងណាភ្ជាប់យន្តហោះឥណ្ឌូនេស៊ី។ កាលមុនកូវីដ-១៩ គាត់បើកហោះហើរបានបន្ដិច។ ដល់កូវីដ-១៩ វាធ្លាក់(ចំនួនអ្នកទេសចរ)។ (គាត់)ពន្យារ។ ខ្ញុំបាននិយាយថាធ្វើម៉េចបើកហោះហើរត្រង់មកទៀត ដើម្បីយើងបានមនុស្សមក។ ពេលដែលមិនមានជើងហោះហើរត្រង់ អ្នកដែលទៅ(ឥណ្ឌូនេស៊ី) បើមិនទៅតាមសាំងហ្គាពួរ ទៅតាមថៃតាមអី។ ឥឡូវយើងហោះត្រង់ ដើម្បីឱ្យទេសចរមកកាន់តែច្រើន។ លក់ទីផ្សារទេសចរមួយទៀត ទាក់ម៉ូយមួយទៀត។

ថ្ងៃបន្ទាប់ ខ្ញុំក៏ចូលរួមនៅក្នុងការធ្វើសាក្សីនៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ឬ MOU រវាងវិស័យឯកជនកម្ពុជា ជាមួយនឹងវិស័យឯកជនហ្វីលីពីន។ ជជែកគ្នានៅក្នុងការរួមគ្នារកមើលវិនិយោគ ខ្មែរនៅហ្វីលីពីននិងហ្វីលីពីននៅខ្មែរ។ រឿងទី១ រឿងកសិ-ឧស្សាហកម្ម រឿងកសិកម្ម, ទី២ រឿងមីក្រូ សហគ្រិនតូចមធ្យម ដើម្បីយើងភ្ជាប់អាហ្នឹង។ គេចាប់ដៃគ្នាទៅ រកដៃគូទៅ ខ្មែររកទីផ្សារហ្វីលីពីន ហ្វីលីពីនរកទីផ្សារនៅខ្មែរ ដើម្បីភ្ជាប់ ធ្វើទៅ រដ្ឋាភិបាលយើងបើកទ្វារឱ្យ។

ក្រៅពីនេះ យើងជជែកជាមួយចិន កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ីជំរុញវិស័យទេសចរណ៍។ ខ្ញុំនិយាយបន្ថែមទៀត ខ្ញុំសុំឲ្យហ្វីលីពីនបង្កើនការហោះហើរ។ ទី១ មានជើងហោះហើយ direct ពីភ្នំពេញទៅ Manila មួយអាទិត្យ ៥ជើង។ ឥឡូវគាត់ឯកភាពជួយជំរុញឲ្យហោះកាន់តែច្រើនជើង។ ហោះកាន់តែច្រើនជើងទេសចរទៅមកកាន់តែច្រើន។ ទី២ សូមឲ្យគាត់គិតពីការបើកច្រកផ្សេងទៀត មិនបាច់តែហ្វីលីពីន Manila មកភ្នំពេញទេ ឲ្យគិតពី Cebu ទៅសៀមរាបផង។ Cebu ហ្នឹងគឺទីក្រុងទេសចរណ៍របស់គាត់ … បើអ្នកធ្វើការមកភ្នំពេញចុះ បើអ្នកទេសចរទៅនោះត្រង់។ បើកច្រកទាក់ម៉ូយរឿងទេសចរណ៍មួយទៀត។ គាត់ឯកភាពគិតគូររឿងហ្នឹង។

ជាវិស័យថាមពល ខ្ញុំជជែកជាមួយ Singapore ជាមួយ Vietnam ជាមួយ Laos ជាមួយ Malaysia … គោលការណ៍នេះ សម្តេចតេជោបានធ្វើការហើយពីមុនមក … យើងនឹងបន្តធ្វើទៀតដើម្បីយើងមានលទ្ធភាពបញ្ជូនប្រព័ន្ធថាមពលលក់ទៅឲ្យ Singapore បន្ត។ ត្រូវឆ្លងកាត់តាមខ្សែទឹករបស់ Vietnam និង Malaysia យើងចរចាជាមួយនឹងនាយករដ្ឋមន្រ្តីរបស់គេដើម្បីបង្កលក្ខណៈឲ្យយើងអូសទៅ។ ថ្ងៃមុនក្រុមហ៊ុនកម្ពុជាមួយចរចាជាមួយក្រុមហ៊ុនធំមួយរបស់ Singapore។ ពេលដែល(បណ្តាញអគ្គិសនី)ហ្នឹងតភ្ជាប់ គឺវិស័យឯកជនចាប់ផ្តើមលក់ភ្លើង​ទៅអោយទីផ្សារ។

សម្រាប់កសិផល (យើងបានចរចាជាមួយ)ចិន ជប៉ុន កូរ៉េ ក្រៅពីហ្វីលីពីន។ ហ្វីលីពីននេះ ឥឡូវដូចកំពុងតែចរចារឿងអង្ករ ២០ ម៉ឺនតោន។ យើងចង់បង្កើនរហូតទៅដល់ ៥០ម៉ឺនតោន។ យើងនឹងចរចាបន្ថែមទៀត ហើយផលិតផលផ្សេងៗ ទៀត Singapore គាត់ចាប់អារម្មណ៍រឿងបន្លែយើង រឿងសាច់មាន់របស់យើង។ យើងអាចបើកទីផ្សារហ្នឹងទៀតទាក់ម៉ូយ … ដើម្បីធ្វើការងារ ៣ហ្នឹងក្នុងពេលតែមួយ មិនមែនទៅដើម្បីគ្រាន់​តែជិះឡានស្អាត ថតរូបសង្ហានោះទេ … ខ្ញុំគិតថាប្រធានាធិបតី Marcos គាត់អាយុប្រហែលខ្ញុំ។ មើលទៅគាត់លាបសក់ខ្មៅ។ ដល់មើលអាយុ​ គាត់បងខ្ញុំ ២០ឆ្នាំ។ ខ្ញុំប្រហាក់ប្រហែលតែជាមួយនាយករដ្ឋមន្រ្តី Justin Trudeau របស់ Canada មួយទេ។ គាត់ ៥១ បងខ្ញុំប៉ុន្មានឆ្នាំ។ ខ្ញុំអាយុស្មើនឹងប្រធានា​ធិប​តី Macron របស់បារាំង បើនិយាយពីអាយុ​ ប៉ុន្តែក្នុងកិច្ចប្រជុំនេះខ្ញុំក្មេងជាងគេ។ ប៉ុន្តែ ខ្ញុំមិនមែនក្មេងទេ ៤៦ ៤៧ អត់បានលាបសក់ទុកឲ្យស្កូវបន្តិចចុះ។ កុំឲ្យគេថាក្មេងពេក។

យើងទៅដើម្បីបើកសក្តានុពលរកទីផ្សារមកឲ្យប្រជាពលរដ្ឋយើង​។ កូរ៉េចាប់អារម្មណ៍ផលិតផលកសិកម្មយើង។ មុននឹងចេញមកនេះ ខ្ញុំជួបជាមួយនឹងរដ្ឋមន្រ្តីកសិកម្ម(កូរ៉េ)។ គាត់ថាកសិកម្ម ផលិតផលទាំងសងខាង កម្ពុជាទៅកូរ៉េ និងកូរ៉េមកយើង។ គេរកអញ្ចឹងទាំងសងខាង។ យើងទៅគេ។ គេមកយើង។ ប៉ុន្តែសម្រាប់ប្រទេសជាច្រើន គឺយើងទៅគេច្រើនជាង ដើម្បីបានផលឲ្យកសិកររបស់យើង។

ចុងក្រោយវិស័យការងារ។ ការងារខ្ញុំបានជួបជាមួយនឹងកូរ៉េ ហើយនាយករដ្ឋមន្រ្តីជប៉ុន ជាពិសេសកូរ៉េខ្ញុំបានលើកជម្រាបគាត់ សុំឲ្យពិចារណាបើកបន្ថែមកូតាឲ្យពលករយើងបានចេញទៅធ្វើការបន្ថែមនៅកូរ៉េ។ កិច្ចការងារនេះសម្តេចក៏បានធ្លាប់លើក ហើយគាត់បានឯកភាពដើម្បីពិនិត្យលទ្ធភាពពង្រីកកូតា ឲ្យពលករពីយើងទៅឲ្យបានច្រើនបន្ថែមទៀត។

(៩) តើនយោបាយការទូតពាក់ព័ន្ធនឹងអ្នកសំរោងទងបែបណា

បងប្អូនសួរថា ចុះ(អ្វីទាំងអស់)ហ្នឹងពាក់ព័ន្ធស្អីជាមួយខ្ញុំ។ ខ្ញុំធ្វើការនៅសំរោងទង នៅកំពង់ស្ពឺសោះ ទៅក្រៅហ្នឹងពាក់ព័ន្ធអីជាមួយខ្ញុំ? វាពាក់ព័ន្ធទាំងអស់។ បើមិនមានគោលនយោបាយការទូតនិងកិច្ចការនយោ​បាយរបស់យើង ដែលចូលរួមធ្វើម៉េចសង្កត់ធ្ងន់ការថែរក្សាសន្តិភាព សន្តិសុខតំបន់ ហើយបើប្រ​ទេស​នេះក្នុងតំបន់នេះចាប់ផ្តើមវាយគ្នា (វាពិតជាមានផលប៉ះពាល់មកដល់)យើង។ គ្រាន់តែសង្រ្គាមនៅអ៊ុយក្រែននិងរុស្ស៊ី រាប់ពាន់គីឡូពីយើង ធ្វើឲ្យទំនិញឡើងថ្លៃ ធ្វើឲ្យប្រេងឡើងថ្លៃ។ ទំរាំបើសិនវាផ្ទុះក្នុងតំ​បន់សមុទ្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅកៀកផ្ទះយើងទៀត តើវាប៉ះពាល់យើងកម្រិតណា? បើសិនជាបាត់បង់សន្តិភាព ស្ថេរភាពនិងការសហប្រតិបត្តិការក្នុងតំបន់នេះ យើងនឹងលំបាកទាំងអស់គ្នាហើយ។ កិច្ចការទាំងអស់នេះពាក់ព័ន្ធទាំងអស់គ្នា។ កុំឲ្យគេវាយគ្នានៅសមុទ្រចិនខាងត្បូង កុំឲ្យគេវាយគ្នានៅក្នុងអាស៊ីប៉ាស៊ីហ្វិក កុំឲ្យគេវាយគ្នាប្រើនុយក្លេអ៊ែរនៅកូរ៉េខាងជើង ដើម្បីកុំឲ្យប៉ះដល់យើង និងសេដ្ឋកិច្ចយើង (ព្រោះបើតែកើតហេតុ)គឺប៉ះពាល់បងប្អូននៅសំរោងទងនេះផង។ តែគេវាយគ្នាហើយ គេបិទទីផ្សារ កប៉ាល់ដឹកលែងកើត​ នាំទំនិញលែងចេញហើយ បងប្អូនក៏លំបាកដែរ អញ្ចឹងគឺវាពាក់ព័ន្ធ​។

(១០) នយោបាយការទូត ទាញវិនិយោគមក ជំរុញនាំចេញកសិផល បង្កើតការងារគ្រប់វិស័យ

នយោបាយការទូតពាក់ព័ន្ធទី២ នឹងសេដ្ឋកិច្ច។ ខ្ញុំសូមជម្រាបបន្តិច វាពាក់ព័ន្ធច្រើនប៉ុន្តែខ្ញុំនិយាយតែបន្តិចចុះ។ រឿងវិស័យការងារខ្ញុំជួបជាមួយនឹងបងប្អូននៅទីនេះ តើវាពាក់ព័ន្ធស្អីដែលខ្ញុំទៅទាក់ម៉ូយគេហ្នឹង? ឥឡូវឲ្យគេមកវិនិយោគបន្ថែមនៅកម្ពុជាគឺដើម្បីអី? ដើម្បីបង្កើតនូវរោងចក្រសហគ្រាស ឬឱកាសផ្សេងទៀតទាំងធនាគារគ្រប់វិស័យដើម្បីបង្កើតការងារក្នុងវិស័យនោះ ឲ្យគេបង្កើនយន្តហោះមក ឲ្យទេសចរមកកាន់តែច្រើនដើម្បីអី ? ដើម្បីឲ្យបងប្អូនក្នុងវិស័យទេសចរណ៍មានការងារធ្វើច្រើន បង្កើតចំណូលជូនប្រជាពលរដ្ឋយើង។ តភ្ជាប់វិស័យថាមពលដើម្បីអី? ដើម្បីកាត់បន្ថយនូវតំលៃនៃការផលិត ដើម្បីបង្កើនរោងចក្រ និងសហគ្រាសដើម្បីពង្រីកលទ្ធភាព ពង្រីកបង្កើតការងារឲ្យធ្វើ  … ជំរុញការនាំចេញកសិផល-កសិកម្ម ដើម្បីអ្វី? ដើម្បីឲ្យវិស័យកសិកម្មយើងរីក ដើម្បីឲ្យការងារក្នុងវិស័យកសិកម្មកាន់តែទាក់ទាញ ហ្នឹងហើយយើងធ្វើ។ បើនិយាយពីរឿងការងារពាក់ព័ន្ធទាំងអស់។ ខ្ញុំសុខចិត្តស្រកទំងន់អស់មួយគីឡូកន្លះ តែបាន ១០ ម៉ឺនតោន ២០ ម៉ឺនតោន។ គេឯកភាពគិតពង្រីកទីផ្សារការងារទៅកូរ៉េឲ្យពលកររបស់យើង។ គេគិតពីការបើកជើងហោះហើរបន្ថែមដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងនៅសៀមរាប នៅភ្នំពេញ នៅតំបន់ទេសចរណ៍ផ្សេងៗ​ មានសក្តានុពលកាន់តែច្រើន គឺជាការវិនិយោគ និងជាកាតព្វកិច្ចរបស់មេដឹកនាំប្រទេសនីមួយៗ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំត្រូវគិតពីប្រយោជន៍កម្ពុជា ប្រជាជនយើងគ្រប់ពេល។ អ្នកខ្លះ គេថាទៅគេអត់ទទួលស្គាល់។ ទៅធ្វើការងារអី? បងប្អូន! ទៅធ្វើការងារហ្នឹង អស់មួយគីឡូកន្លះ តែបានមកវិញច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ។

(១១) គុណបំណាច់ និងការខិតខំរបស់ថ្នាក់ដឹកនាំជំនាន់មុន គឺដើម្បីផលប្រយោជន៍ប្រជាជនបន្តិចម្ដងៗ

ខ្ញុំអាយុ ៤៦ ឆ្នាំ រត់ ៣៤(ជំនួប) ហើយក្រុមការងាររបស់ខ្ញុំ គាត់ក្មេងៗ គាត់រត់ក្រោយខ្ញុំទៀត។ គាត់ស្រែកថាចង់លានអណ្តាត។ បងប្អូនគិតមើល មេដឹកនាំរបស់យើង ជាពិសេសសម្តេចតេជោដឹកនាំ ៤៤ ឆ្នាំ ទៅប្រជុំម្តងៗគាត់ហត់ប៉ុណ្ណា? ដើម្បីបានអី? ទៅចរចាទម្រាំបាន ១០ ម៉ឺនតោន ២០ ម៉ឺនតោន ទម្រាំតែគេព្រមមកវិនិយោគមួយៗ មិនធម្មតាទេ។ ដូចបង សួរ រំលឹកអញ្ចឹង មេដឹកនាំរបស់យើង សម្តេចតេជោ និងថ្នាក់ដឹកនាំយើងដែលបានដឹកនាំ ៤៤ ឆ្នាំនេះ មិនត្រឹមតែរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ថែរក្សាលំនឹងសេដ្ឋកិច្ច បង្កើតកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ហើយចេញទៅក្រៅប្រទេសចរចា គ្រប់វេទិកាទាំងអស់ដើម្បីផលប្រយោជន៍ប្រជាជនបន្តិចម្តងៗ ទម្រាំតែបានយើងប៉ុណ្ណេះ។ នេះហើយបងប្អូនគុណបំណាច់ និងការខិតខំរបស់មេដឹកនាំគ្រប់ជំនាន់របស់យើង ជាពិសេសសម្តេចតេជោតែម្តង។

ឆ្នាំ១៩៩៧ នៅទីនេះមិនមានរោងចក្រទេណា។ មិនមែនជប់មកទេណា គឺដោយសារការងារភាគច្រើនគឺការងារក្រោយឆាក ជួបទ្វេភាគី ជួបប្រជុំខាងក្នុង … ពេលខ្លះយើងចរចាគ្នាទាំងអត់បាយដើម្បីបានផលប្រយោជន៍។ រដ្ឋមន្រ្តីរបស់​យើងគ្រប់ក្រសួងស្ថាប័ន អតីតរដ្ឋមន្រ្តីរបស់យើងគ្រប់ក្រសួងស្ថាប័នដែលទៅចរចាមិនមែនតែកម្រិតនាយករដ្ឋមន្រ្តីទេ ក្រសួងស្ថាប័នចរចាការងារ និងខិតខំដឹកនាំបំពេញបេសកកម្ម ដើម្បីពង្រឹងវិស័យរបស់ខ្លួន ឲ្យគេមកដោយសប្បាយចិត្ត មិនមែននាយករដ្ឋមន្ត្រីហៅគេមកហើយ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ ខេត្តផ្សេងៗ គ្រប់ជំនាន់ អត់យកចិត្តទុកដាក់។ គេអត់មកទេ។ សូម្បីតែនៅខេត្តកំពង់ស្ពឺ ដែលយើងបានរោងចក្រប៉ុណ្ណេះ បើខេត្តមកបង្កលក្ខណៈលំបាកឱ្យគេ គេមិននៅទេ។ ទាំងបង វ៉ី សំណាង ទាំងអតីតអភិបាលខេត្តគ្រប់ជំនាន់មក គ្រប់ខេត្តទាំងអស់ រដ្ឋមន្ត្រីគ្រប់រដ្ឋមន្ត្រីទាំងអស់ អតីតរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីគ្រប់ទាំងអស់ បានបង្កលក្ខណៈ។ លំបាកណាស់ទម្រាំកំពង់ស្ពឺមាន ៣៨៥ រោងចក្រ មានកម្មករ ១៥ម៉ឺននាក់ ជិត ១៦ម៉ឺននាក់ បានប្រាក់ខែ មួយខែ ខ្ញុំគិតដែលទាបបំផុត ២០០ដុល្លារ ក្នុងម្នាក់បាន ៣១លានដុល្លារជាងក្នុងមួយខែ ក្នុងមួយឆ្នាំប្រជាពលរដ្ឋគ្រាន់តែក្នុងសហគ្រាស ជាង ៣៧៦លានដុល្លារ យកមកដាក់ហោប៉ៅជូនបងប្អូនមិនធម្មតាទេ …។

(១២) ទទួលថាស្មុំគេដើម្បីឱ្យប្រជាពលរដ្ឋបានផល

អ្នកខ្លះគេថាសម្តេចតេជោចេញទៅក្រៅធ្វើស្មុំគេ។ ឥឡូវដល់វេនខ្ញុំចេញទៅក្រៅគឺស្មុំគេ។ យើងសុំចរចា មិនមែនទៅលុតជង្គង់សុំគេទេ។ ចរចាអង្គុយកៅអីស្មើគ្នា។ ចរចាផ្តល់នូវលក្ខខណ្ឌស្មើភាពគ្នា តែយើងទាក់ទាញដើម្បីឱ្យគេមកគោរពគ្នាទៅវិញទៅមក។ យើងធ្វើយ៉ាងណាឱ្យគេមកវិនិយោគដើម្បីជឿទុកចិត្តលើយើង និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើង។ សុខចិត្តគេថាស្មុំក៏ស្មុំចុះ ប៉ុន្តែធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋបានផល។ សុខចិត្តគេថា ខ្ញុំទៅអង្វរឱ្យឥណ្ឌូនេស៊ីទិញអង្ករ ២៥ម៉ឺនតោន ម៉ាឡេស៊ី សិង្ហបុរី គិតពិចារណាទិញអង្ករ ទិញត្រី ទិញមាន់ ទិញសាច់ជ្រូក ហ្វីលីពីន គិតពីទិញអង្កររាប់សិបតោនពីយើង ទិញអីផ្សេងទៀតពីយើង ដើម្បីបានផលទៅដល់ប្រជាពលរដ្ឋ។ ខ្ញុំមិនមែនអ្នកផលិតទេ ហើយខ្ញុំក៏គ្មានក្រុមហ៊ុនដាំស្រូវរាប់សែនតោនដែរ មានតែប្រជាពលរដ្ឋខ្ញុំទេ។ កសិកររបស់កម្ពុជាទេ ដែលគាត់មានស្រែចម្ការ ដែលអាចផលិតនូវស្រូវអង្ករ ផលិតនូវកសិផលផ្សេងទៀតនាំចេញបាន។ អញ្ចឹងគឺខ្ញុំធ្វើដូចដែលសម្ដេចតេ​ជោ ប្រមុខរដ្ឋាភិបាល ពីអាណត្តិមុននិងពីជាង៣០ឆ្នាំ ជិត៤០ឆ្នាំ លោកបានធ្វើ និងរដ្ឋមន្ត្រីទាំងអស់ដែលបានខិតខំ

ខ្ញុំអរគុណណាស់ដល់ លោកជំទាវ ចម និម្មល ឯកឧត្តម ឌិត ទីណា ដែលបានចរចារឿងនេះ ហើយជាពិសេស និម្មល គឺចរចាលឿន ឯកភាពគ្នាភ្លាម។ មុននឹងហើបកង់ធានាបាន ១០ម៉ឺនតោនបាត់។ កុំភ្លេចថា ឥណ្ឌូនេស៊ីមួយមិនមែនតែយើងទេអ្នកទៅចែចូវ។ ប្រទេសច្រើនណាស់។ វៀតណាមក៏ចែចូវ ថៃក៏ចែចូវ តែយើងចរចាលឿន មានប្រសិទ្ធភាព។ សុំអរគុណ។ ក្រុមការងារក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងអប់រំ ក្រសួងការបរទេស មន្ត្រីយើងរួមគ្នា ស្រុះគ្នាល្អណាស់។ នេះជាមោទនភាពរបស់ជាតិរបស់យើង ដែលបងប្អូនមិនដល់ ១០០នាក់ តែរួមគ្នាធ្វើការដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋយើងរាប់លាននាក់នៅក្នុងប្រទេស គ្រប់វិស័យទាំងអស់ដែលយើងធ្វើ។

ស្រុកសំរោងទង រោងចក្រ៨៦ កម្មករជិត៧ម៉ឹននាក់ ចំណូល១៣លាន៦សែនដុល្លារ/ខែ ១៦៣លានដុល្លារ/ឆ្នាំ

កំពង់ស្ពឺ គ្រាន់តែស្រុកសំរោងទងមួយមាន ៨៦រោងចក្រ កម្មករជិត ៧ម៉ឺននាក់ ហើយបើគិតជាប្រាក់ខែប្រចាំខែ មួយខែ ១៣លាន៦សែនដុល្លារ នេះខ្ញុំគិត ២០០ដុល្លារ ទាបបំផុតផងក្នុងម្នាក់ ព្រោះម្នាក់អ្នកខ្លះអាច ៥០០ដុល្លារទៅហើយ ព្រោះធ្វើការយូរ។ អ្នកខ្លះអាចខ្ពស់ជាងនេះទៀត។ តែខ្ញុំគិតទាបបំផុត ២០០ដុល្លារចុះ អត់គិតអត្ថប្រយោជន៍ផ្សេងៗ។ គុណទៅមួយខែ ១៣លាន៦សែនដុល្លារ ជូនដាក់ហោប៉ៅអ្នកសំរោងទង។ ក្នុងមួយឆ្នាំយក ១៦៣លានដុល្លារ យកមកឱ្យអ្នកសំរោងទង។ តាមរយៈកិច្ចចរចារបន្តគោល​នយោបាយនេះ យើងនឹងពង្រឹងបន្ថែមទៀត។ អម្បាញ់មិញគ្រាន់តែនេះប្រកាសរកការងារ ៤០០០កន្លែងទៀត។ ធម្មតាទេ រោងចក្រនៅគ្រប់ប្រទេស Business នៅគ្រប់ប្រទេស វាមានឡើងចុះកន្លែងខ្លះបិទ កន្លែងខ្លះបើកជារឿងធម្មតា។ នៅអាមេរិកនិងស្រុកបារាំង សូម្បីតែ Restaurant ក៏មានកន្លែងខ្លះបិទខ្លះបើក កន្លែងដាច់ក៏ដាច់។ ទីផ្សារសេរីអញ្ចឹងហើយ។

(១៣) គ្រោងជួបអាជីវករតាមផ្សារ បងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីស្តាប់ពីសំណូមពរ

ឥឡូវសេដ្ឋកិច្ចពិភពលោកយើងកំពុងតែ(ជួបការស្មុគ្រស្មាញ តែ)ទោះបីជាយ៉ាងណា យើងមិនទាន់មានកំណើនអវិជ្ជមានទេ។ ធនាគារពិភពលោកបានព្យាករណ៍អោយយើងថា កំណើនដូចជា ៥,៦% (ក្នុងពេលដែល)កំណើនពិភពលោកបានតែ ៣% ទេ កំណើនអាស៊ានបានតែ​ ៤,៥%។ (បើកំណើន)យើង(បានដល់) ៥,៦% អញ្ចឹងកំណើនយើងទៅមុខ។ តែយើងត្រូវធ្វើយ៉ាងណាដាក់ចេញគោលនយោបាយដើម្បីការពារប្រជាពលរដ្ឋរបស់យើងបន្ថែមទៀត។ យើងដឹងថាបងប្អូនមានការលំបាក។ យើងមិនមែនអត់ទទួលស្គាល់ថាអត់ការលំបាកទេ។ ការលក់ដូរវារាងថយជាមុន។ តែរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។ ក្នុងន័យនេះហើយដែលខ្ញុំត្រូវគ្រោងជួបវិស័យឯកជន។ ទៅមុខទៀត ដោយសារខ្ញុំចុះនៅភ្នំពេញ គ្រោងជួបជាមួយអាជីវករនៅតាមផ្សារតែម្តង។ ជួបជាមួយគាត់ដើម្បីស្តាប់។ ជួបជាមួយបងប្អូនខាងក្រៅប្រព័ន្ធទៀត ស្តាប់គាត់មានកង្វល់អីខ្ញុំជួយស្អីខ្លះ?

រឿងល្អរបស់កម្ពុជារបស់យើង គឺមិនមែនយើងនៅជាមួយគ្នាតែពេលសប្បាយទេ។ យើងត្រូវនៅជាមួយគ្នាមែនទែនពេលដែលយើងលំបាក។ នេះហើយដែលរាជរដ្ឋាភិបាលគណបក្សប្រជាជន ឱ្យតែពេលលំបាកបំ​ផុតគឺមានមុខគណបក្សប្រជាជន។ ពេលហ្នឹងហើយដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យជាង ៦លាន២សែននាក់ មិនមែនដោយចៃដន្យទេ។ ដោយស្អី? ពេលមានការលំបាកឃើញមុខតែសម្តេចតេជោនិងថ្នាក់ដឹកនាំ (គណបក្សប្រជាជន) ជាពិសេសពេល កូវីដ-១៩ កន្លងទៅ។ សេដ្ឋកិច្ចយើងឡើងចុះពីអតីតកាល ក៏រដ្ឋាភិបាលមិនដែររត់ចោលដែរ។ គិតគូរគ្រប់ជាប្រចាំ។ លើកទឹកចិត្តយ៉ាងម៉េច? ដោះស្រាយយ៉ាងម៉េច? បានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

(១៤) កាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពប្រជាជន បង្កើតការងារជាកិច្ចការធំ

គោលការណ៍ធំរបស់កម្ពុជាទៅមុខគឺកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពប្រជាពលរដ្ឋ ហើយក្នុងនោះការបង្កើតការងារជាកិច្ចការធំណាស់។ ការបង្កើតការងារនេះគឺនៅក្នុងគោលដៅអាទិភាព យើងមានកំណើនសេដ្ឋកិច្ច យើងមានបង្កើនការងារ យើងមានកាត់បន្ថយភាពក្រីក្រ ដើម្បីធានាថា ការរីកចម្រើននេះវាធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋ។ យើងហៅថាសមធម៌ ហើយប្រសិទ្ធភាពការងារនិងការធានានិរន្តរភាព ចីរភាពនៃការអភិវឌ្ឍ។ បងប្អូននៅទីនេះក៏បានផលដោយសារការបង្កើតការងារ។ បងប្អូនអាចដឹងហើយ មិនមែនចៃដន្យនោះទេ ហើយមិនមែន ១៥ម៉ឺននាក់ នៅកំពង់ស្ពឺ កើនឡើងដោយសារនៅសុខៗ កូរ៉េ ចិន ជប៉ុន ឃើញកម្ពុជានោះទេ តែគឺដោយសារការដើរទាក់ទាញរបស់យើង។ យើងហៅថាដើរទាក់ម៉ូយ និងការខិតខំរៀបរយប្រទេសយើងឱ្យមានសុខសន្តិភាព ស្ថិរភាព និងកំណែទម្រង់នៅប្រព័ន្ធសេដ្ឋកិច្ច កម្មវិធីនយោ​បាយ​របស់យើងដើម្បីលើកកម្ពស់ និងលើកស្ទួយបង្កលក្ខណៈឱ្យគេមកវិនិយោគដើម្បីប្រកួតប្រជែង ដែលរាជរដ្ឋាភិបាលសម្តេចតេជោ និងថ្នាក់ដឹកនាំបានធ្វើ ហើយរដ្ឋាភិបាលអាណត្តិនេះ ខ្ញុំដឹកនាំនិងបន្តប្តេជ្ញាចិត្តដើម្បីធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត។

អញ្ចឹង ការបង្កើតការងារជាជ្រុងមួយក្នុងប្រទេស យើងត្រូវរុញការងារនេះឱ្យដល់មូលដ្ឋាន ហើយបង្កើតគ្រប់វិស័យ គ្រប់ទីកន្លែង។ អញ្ចឹងបានយើងមានការងារនៅទីនេះ។ ពីឆ្នាំ១៩៩៧ ពីដើមឆ្នាំ១៩៩០ យើងមានតែនៅភ្នំពេញ គ្មានតំបន់នេះទេ ឥឡូវមានមកដល់នេះដោយសារអី? យើងវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ កសាងផ្លូវ ភ្លើង មកដល់។ បើគ្មានផ្លូវ ក៏គេមិនមកវិនិយោគនៅសំរោងទងដែរ បើគ្មានភ្លើងក៏គេមិនមកដែរ បើគ្មានទឹកក៏គេមិនមកដែរ បើគ្មានស្ថិរភាពវាយតែគ្នាក៏គេមិនបោះទុនមកដាក់ដែរ … អញ្ចឹងនៅក្នុងប្រ​ទេស យើងត្រូវបង្កើតបរិមាណឱ្យបានច្រើន គុណភាព លើកកម្ពស់កម្រិតបៀវត្សរ៍ លើកកម្ពស់ការគាំពារតាមរយៈច្បាប់ការងារ ការដោះស្រាយការងារ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀត ឯកឧត្តម ហេង សួរ គាត់អានហើយ ខ្ញុំមិនអានថែមទៀតទេ។

(១៥) បង្កើតការងារក្នុងប្រទេស បង្កើនឱកាសការងារក្រៅប្រទេស

ខ្ញុំចង់និយាយមួយជ្រុងទៀត។ ថ្ងៃនេះគឺនិយាយពលករក្រៅប្រទេស​។ យើងបង្កើតការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។ មិនមែនយើងជម្រុញប្រជាពលរដ្ឋយើងទៅធ្វើខ្ញុំគេទេ។ យើងបង្កើនការងារដើម្បីប្រជាពលរដ្ឋយើងមានជម្រើស។ យើងខិតខំបង្កើតផ្ទៃក្នុងដើម្បីឱ្យបងប្អូនយើងមានឱកាស តែយើងក៏មិនហាមឃាត់បងប្អូនទៅក្រៅប្រទេសដែរ។ នៅលើពិភពលោកនេះគ្មានគោលនយោបាយណាមួយដែលហាមឃាត់ប្រជាពលរដ្ឋពលករ មិនឱ្យចេញទៅក្រៅប្រទេសធ្វើការនោះទេ។ លើកលែងតែប្រទេសខ្លះដែលពាក់ព័ន្ធលើការដាក់ទណ្ឌកម្មដោយ UN អី … គ្រប់ប្រទេសទាំងអស់ខំនាំគ្នាជម្រុញគេហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាំគ្នាលុបបំបាត់នូវការដាក់ច្បាប់ ឬដាក់នូវលក្ខខណ្ឌមួយចំនួនដើម្បីធ្វើម៉េចឱ្យលំហូរទំនិញនិងលំហូរមនុស្ស លំហូរពលកម្ម វាបានទៅមក។ គេធ្វើអញ្ចឹង អត់មានអ្នកណាហាមទេ តែគេខំប្រឹងលើកទឹកចិត្តដើម្បីឱ្យប្រជាពលរដ្ឋមានជម្រើស។ ធ្វើពាណិជ្ជកម្មសេរី គឺ(ធ្វើអោយមាន)លំហូរមនុស្ស និងលំហូរផលិតផលទំនិញ តាមហ្នឹងលំហូរបច្ចេកវិទ្យា លំហូរការងារហ្នឹងឯង

គេវាយប្រហាររាជរដ្ឋាភិបាលថាយើងមិនគិតប្រជាពលរដ្ឋខាងក្រៅ។ យើងទទួលស្គាល់មានពលករយើងទៅធ្វើការនៅថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ប៉ុន្តែជាដំណោះស្រាយមួយដែលយើងខិតខំដោះស្រាយធំបំផុត គឺនៅតែខិតខំទាក់ទាញដើម្បីវិនិយោគពង្រីកឱកាសការងារនៅក្នុងប្រទេស លើកកម្ពស់បៀវត្សក្នុងប្រទេសជីវភាពឱ្យបានស្រួល ដើម្បីកុំឱ្យបងប្អូនពិបាកទៅក្រៅ។ តែយើងមិនអាចលើកកម្រិតបៀវត្សយើងសើ្មអាមេរិកនោះទេ។ យើងប្រកួតអត់ឈ្នះគេទេ។ សូម្បីតែកូរ៉េក៏មិនអាចមានបៀវត្សស្មើអាមេរិកដែរ។ លំហូរការងារ លំហូរពលកម្មនេះសំខាន់ណាស់។ ទៅឥណ្ឌូនេស៊ី ខ្ញុំសួរថាប្រជាពលរដ្ឋរបស់គាត់ក្មេងប៉ុន្មាននាក់? គាត់ថាមានជាង៥០%។ គាត់អត់ខ្វះកំលាំងពលកម្មទេ តែផ្ទុយទៅវិញនៅសិង្ហបុរីកំពុងតែខ្វះកំលាំងពលកម្ម ប្រជាពលរដ្ឋគាត់ចាស់ច្រើន ក្មេងតិច។ បើអ្នកទៅ(លេង)សិង្ហបុរីឃើញអ្នកខ្លះចូលនិវត្តហើយនៅតែមកធ្វើការ ទៅសម្អាតដដែល។ បើសិនអត់បើកលំហូរពីម៉ាឡេស៊ី ពីខ្មែរទៅធ្វើការ គឺប្រាកដជាខ្វះហើយ។ ប្រ​ទេស​ជប៉ុនក៏ខ្វះកំលាំងពលកម្ម បើគ្មានពលកម្មយើងទៅក៏មិនអាចទៅរីកចម្រើនធនាគារសេដ្ឋកិច្ចពិភពលោកបានដែរ វាចរន្តអញ្ចឹង ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវខិតខំធ្វើយ៉ាងណា។

បើនិយាយពីលំហូរ ខ្ញុំគ្រាន់តែលើកទិន្នន័យត្រួសៗទេ … ប្រជាពលរដ្ឋខ្មែរយើងទៅធ្វើការងារច្រើនប្រទេស ដែលក្នុងនោះមានប្រទេសធំ៣​ ប្រទេសថៃ ប្រទេសជប៉ុន២ម៉ឺននាក់ជាង ប្រទេសកូរ៉េជាង៥ម៉ឺននាក់ យើងបញ្ជូនពលករទៅថៃ។ នៅថៃក៏មានពលករយើងច្រើនជាងគេនៅទីនោះ ទិន្នន័យ ហេង សួរ អាន។ ប៉ុន្តែសួរ​ថា ប្រទេសដែលយើងទៅហ្នឹងគេធ្វើម៉េច? ប្រទេសថៃ ពលករថៃដែលចេញទៅធ្វើការក្រៅប្រទេសទៅជប៉ុនជិត៨ម៉ឺននាក់ ច្រើនជាងយើង៤ដង។ ពលករថៃទៅកូរ៉េ២៤ម៉ឺននាក់ ច្រើនជាងយើង៤ដង។ យើងទៅថៃ ថៃក៏ចេញទៅច្រើនប្រទេសទៀត។ តែខ្ញុំយកតែយើងទៅជប៉ុន កូរ៉េ ថៃ។ ថៃចេញទៅណាច្រើនជាងគេ? ថៃទៅជប៉ុន៨ម៉ឺននាក់ ពលករថៃនៅកូរ៉េ២៤ម៉ឺននាក់។ សួរពលករខ្មែរយើងទៅធ្វើការនៅកូរ៉េដឹងហើយ។ ពលករថៃនិងបរទេសច្រើនគគោក។ ថៃទៅជប៉ុន ទៅកូរ៉េ។ ចុះជប៉ុន កូរ៉េទៅណា? ពលករជប៉ុនទៅធ្វើការនៅអាមេរិកជិត ៤២ម៉ឺននាក់ ពលករជប៉ុនទៅធ្វើការនៅអង់គ្លេស ៦ម៉ឺន ៥ពាន់នាក់​។ កូរ៉េដែលយើងទៅធ្វើការច្រើន ៦ម៉ឺននាក់។ តើកូរ៉េទៅណា? ពលករកូរ៉េទៅធ្វើការនៅអាមេរិក ១លាននាក់ជាង។ ពលករកូរ៉េទៅធ្វើការនៅអង់គ្លេសមាន​ជាង ១ម៉ឺននាក់។ ប្រទេសផ្សេងៗគេទៅធ្វើការនៅកូរ៉េ កូរ៉េទៅធ្វើការនៅអាមេរិក អាមេរិកទៅធ្វើការបន្តនៅអង់គ្លេស វិលជុំ អត់មានអ្នកណាហាមទេ ព្រោះចំណូលប្រទេសនីមួយៗខុសគ្នា កម្រិតទាំងការថ្លៃរស់នៅ ទាំងជីវភាពរស់នៅខុសគ្នា។

(១៦) យកចិត្តទុកដាក់លើប្រជាពលរដ្ឋ កម្មករ កសិកម្ម យុវជន បណ្ដុះបណ្ដាល ប្រព័ន្ធការពារសង្គម សុខភាពមន្រ្តីរាជការ និងកម្មករទាំងក្នុងនិងក្រៅប្រព័ន្ធ

ថ្ងៃនេះខ្ញុំចង់រំលេចបន្តិចថា ទន្ទឹមនឹងយកចិត្តទុកដាក់ជាគោលនយោបាយ៦ អាទិភាពកម្មវិធីទី៦ គឺយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពលរដ្ឋយើងកម្មករ/ការិនី ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនិងវិស័យកសិកម្ម យុវជនរបស់យើង ការបណ្ដុះបណ្ដាល រួមទាំងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធសុខភាពដល់មន្រ្តីរាជការ និងកម្មករ និយោជិតក្រៅប្រព័ន្ធ ទាំងកូនចៅថែមទៀត។ ឥឡូវយើងបង្កើនរហូតដល់កូនចៅ។ គ្រាន់តែមានផ្ទៃពោះ មានរដ្ឋគិតបាត់ទៅហើយ។ បើមានកូនកាន់តែច្រើន កើតមកបានជំនួយកាន់តែច្រើន។ អ្នកមានផ្ទៃពោះកូនតែមួយ កុំច្រណែនអ្នកមានកូន២ ព្រោះគ្នាធ្ងន់ជាង ធ្ងន់ណាស់ព្រោះប៉ុន្មានគីឡូក្នុងពោះ។ ខ្ញុំចាំកាលនៅអង់គ្លេសកម្មវិធីមួយគេឱ្យប្តីពាក់អាវមួយដែលមានទំងន់ ពាក់ទៅធ្ងន់ណាស់ ធ្ងន់ណាស់កូនមួយ។ ខ្ញុំកូនតែមួយទេ ប្រពន្ធកូនមួយពរពោះ៩ខែ។

បើខ្ញុំវិញ ពេលកូនទី១ កាលនោះប្រពន្ធចង់បឺហ្គឺ។ កាលនោះរៀននៅអង់គ្លេសតែ ២នាក់ប្ដីប្រពន្ធហ្នឹង។ មានអ្នកណានៅជួយ។ ប្រពន្ធចង់បាន McDonald រត់ទៅទិញមក … ឃើញគាត់ចាញ់។ ចាស់​ៗថាចង់ឱ្យ​ចែករំលែក យើងកន្លងជើង កន្លងប៉ុន្មានដងក៏នៅតែគាត់ចាញ់។ យើងអត់ព្រមចាញ់។ គិតទាំងអស់អំពីសុខភាព សុខុមាលភាព គិតតាំងពីក្រោយកើត។ ក្រោយកើតស្អី? គិតទៅលើអាហារូបត្ថម្ភនៅតាមរោងចក្រ បង្កើតទារកដ្ឋាន បង្កើតមត្តេយ្យសាលាឱ្យកូនរៀនទៀត កុំឱ្យពិបាក។ គ្រាន់បើជាងជំនាន់ខ្ញុំ។ ឥឡូវជំនាន់សម្ដេចតេជោយើងនៅខេត្តក៏ដោយ ក៏យើងមានលទ្ធភាពច្រើន។ គោលនយោបាយនេះនឹងបន្តធ្វើ មិនមែនតែក្នុងវិស័យការងារនោះទេ ក្នុងវិស័យអប់រំសហគមន៍យើងត្រូវបង្កើតថែមទៀត។

(១៧) ស្ថានទូតពង្រីកទំនាក់ទំនងការទូត និងគាំពារ/ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

ត្រឡប់មកវិញ នៅខាងក្រៅប្រទេស យើងត្រូវគិតពីការគាំពាររបស់គាត់ដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់។ ទូតយើងនៅក្រៅប្រទេសធ្វើការងារ២។ ការងារមួយត្រូវធ្វើទំនាក់ទំនងពង្រីកការទូត រឿងនយោបាយ សេដ្ឋកិច្ច ជាមួយប្រទេសជាម្ចាស់ផ្ទះ។ តែទី២ សំខាន់បំផុតមានអាទិភាពស្មើគ្នា គឺត្រូវគាំពារ និងផ្ដល់អត្ថប្រយោជន៍ទៅដល់ប្រជាពលរដ្ឋយើង ដែលរស់នៅស្របតាមរដ្ឋធម្មនុញ្ញ ដែលខ្មែរយើងនៅទីណាក៏ដោយ ទោះបីជាគាត់មានសញ្ជាតិអាមេរិក អូស្ត្រាលី នៅកន្លែងណាដែលត្រូវការគាំពារនូវសេវាដែលយើងផ្ដល់ឱ្យ រួមទាំងប្រជាពលរដ្ឋយើងដែលត្រូវធ្វើការងារស្នាក់នៅ។ បងប្អូនខ្លះរៀបការប្ដីនៅប្រទេសទាំងអស់នោះ និស្សិតយើងរៀននៅទីនោះ យើងត្រូវធ្វើការបម្រើសេវាជូនគាត់ អ្វីដែលអាចធ្វើទៅបាន។ នេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលត្រូវធ្វើ។ សម្រាប់ប្រជាពលករយើងនៅខាងក្រៅ ខ្ញុំនិយាយនៅកូរ៉េទៅចុះ ខ្ញុំជួបជាមួយប្រធានាធិបតីកូរ៉េ ជប៉ុន និងអរគុណគាត់ដែលបានគាំពារ ហើយសុំឱ្យគាត់យកចិត្តទុកដាក់បន្ថែម។ ទូតយើងធ្វើការជាមួយមណ្ឌលច្បាប់ដើម្បីគាំពារផ្ដល់ឱ្យ។ ពលករយើងដែលមានគ្រោះថ្នាក់ការ​ងារនៅកូរ៉េ អ្នកខ្លះជាអកុសលបានបាត់បង់ជីវិត យើងជួយសម្រួលទាំងប្រាក់ធានារ៉ាប់រងដើម្បីបានដល់ដៃគ្រួសារគាត់ រួមទាំងយកអដ្ឋិធាតុរៀបចំឱ្យបានថ្លៃថ្នូរ។ គិតទាំងអស់។

(១៨) បើកអនុពន្ធអត្តសញ្ញាណកម្មនៅកូរ៉េ បំពេញបែបបទសុំលិខិតថ្កោលទោសតាមអនឡាញ

រឿងពលករនៅកូរ៉េ។ កាលពីពេលមុនខ្ញុំធ្វើការងារយុវជនខ្ញុំទៅជួបច្រើន។ រឿងមួយដែលបងប្អូនប្រឈមគឺរឿង Passport។ Passport មានការលំបាកដោយសារយើងមានលក្ខខណ្ឌពីមុន ថាយើងមានហេតុផល ត្រូវគិតពីសន្តិសុខជាតិដែលយើងត្រូវចាំបាច់ត្រូវអោយបងប្អូនមកធ្វើនៅទីនេះ ដើម្បីបញ្ជាក់ថាកុំឲ្យអ្នកហ្នឹងមានការបន្លំ។ (កុំអោយថា)ទៅដល់ គេទៅធ្វើPassport ក្រៅប្រទេស ស្រាប់តែចេញអ្នកណាយកទៅធ្វើសកម្មភាពអីផ្សេង។ ក្រសួងមហាផ្ទៃគិត រួមជាមួយក្រសួងការងារ និងក្រសួងការបរទេស។ កន្លងទៅយើងបញ្ជូនមន្ត្រីរបស់យើងទៅថៃធ្វើ Passport ធ្វើលិខិតធ្វើដំណើរ TD ព័ណ៌ខ្មៅឱ្យ។ ថៃនៅកៀក។ យើងមានយន្តការមួយចំនួនដាក់ព្រំដែនឱ្យ។ នៅកូរ៉េបងប្អូនមានការលំបាកខ្លះ។ មុនបោះឆ្នោតនេះ ដោយ​សារបងប្អូនខ្លះប្រើ Passport ចាស់ ​គាត់ត្រូវពន្យារ។ គាត់មិនអាចមកបានទេ។ សុំគោលការណ៍សម្ដេចតេជោៗ លោកបានអនុញ្ញាតឱ្យទូតយើងចេញ។ ប៉ុន្តែ ទៅថ្ងៃក្រោយលែងពន្យារបានហើយ។ Passport ចាស់យើងត្រូវដូរ Passport ថ្មី។ Passport ថ្មីពន្យារលែងបាន។ យើងចេញសុពលភាព១០ឆ្នាំ។ យើងត្រូវធ្វើថ្មី។ សម្រាប់គាត់យើងត្រូធ្វើម៉េច? ខ្ញុំជជែកជាមួយខាងក្រសួងការបរទេស។ ទូតយើងជួបជាមួយអគ្គអត្តសញ្ញាណកម្មយប់មិញ ជជែកជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម កើត រិទ្ធ ខាងយុត្តិធម៌ ព្រោះវាពាក់ព័ន្ធនឹងរឿងលិខិតថ្កោលទោសអីផ្សេងៗ។

សារនេះសម្រាប់បងប្អូននៅក្រៅប្រទេស សុំយកឱកាសនេះ(និយាយ) ព្រោះសុទ្ធតែពលករយើង។ ខ្ញុំបានសម្រេចអនុញ្ញាតឲ្យរៀបចំឲ្យធ្វើ passport នៅក្រៅប្រទេស។ យើងចាប់ផ្ដើមពីកូរ៉េមុនគេ។ យើងអនុវត្តដោយសារនៅទីនោះមានការលំបាក ហើយយើងមានវិធានការ។ ប៉ុន្តែ ដើម្បីដោះស្រាយពីកង្វល់នឹងរឿងការគ្រប់គ្រងសន្តិសុខនិងទិន្នន័យ ខ្ញុំបានសម្រេចឲ្យបង្កើតនូវការិយាល័យអនុពន្ធមួយ បញ្ជូនមន្រ្តីអត្តសញ្ញាណកម្មទៅប្រចាំនៅនោះ ដើម្បីគ្រប់គ្រងទិន្នន័យហើយភ្ជាប់ធ្វើការឲ្យតែម្ដង។ អញ្ចឹងបងប្អូនមិនបាច់ព្រួយបារម្ភខាតការងារ ជិះយន្តហោះមក (ដែល)បើមិនអាចមកធ្វើទាន់ពេលអាចប្រឈមនឹងការបាត់បង់ស្របច្បាប់ …។

ទី២ ពាក់ព័ន្ធនឹងលិខិតថ្កោលទោស ដែលបងប្អូនសុំចេញទៅក្រៅ ត្រូវទៅយកលិខិតថ្កោលទោស ឥឡូវត្រូវជិះឡាន ជិះអីៗ ជិះយន្តហោះមកយកលិខិតថ្កោលទោសនៅក្រសួងយុត្តិធម៌ រួមទាំងការដាក់ពាក្យបំពេញបែបបទ ត្រូវដាក់នៅក្រសួងយុត្តិធម៌។ ជួនកាល ២-៣ ជើង បើឯកសារខុសទៀតវេទនាតែម្តង …យើងត្រូវគិតឡើងវិញបង្កភាពងាយស្រួលកាត់បន្ថយតម្លៃជូនពលករ ក៏ដូចជាអ្នកដែលត្រូវការនូវលិខិតថ្កោលទោស ព្រោះលិខិតថ្កោលទោសមិនមែនត្រូវការតែពលករទេ។ អ្នកផ្សេងៗ ទៀតក៏ត្រូវការដែរ។ ខ្ញុំបានជជែកជាមួយឯកឧត្តម កើត រិទ្ធ យើងនឹងអនុវត្តគោលការណ៍ឲ្យបំពេញបែបបទ គេហៅចុះឈ្មោះស្នើសុំតាមអនឡាញ ដោយមិនចាំបាច់ទៅបំពេញបែបបទយូរទេ។ ប៉ុន្តែយើងមិនទាន់មាន ហើយផ្លូវច្បាប់មិនទាន់អនុញ្ញាត។ នៅតាមបណ្តាប្រទេស មានបារាំង អាមេរិក ចាដើម សូម្បីតែពេលសុំ visa ពេលដែលទៅយកត្រូវតែទៅយក ដើម្បីអ្វី? ព្រោះខ្លាចបំផុតគឺអ្នកបន្លំសុំព័ត៌មានរបស់បងប្អូន។ ឧទាហរណ៍ថា ខ្ញុំមានបំ​ណងចង់បានព័ត៌មានប្រវត្តិរបស់បង ហេង សួរ អញ្ចឹងខ្ញុំបន្លំធ្វើអនឡាញស្នើសុំទៅ។ អញ្ចឹងបើបង ហេង សួរ អត់បាន​បញ្ជាក់ថាខ្ញុំជាមនុស្សហ្នឹងផង ស្រាប់តែបញ្ជូនមកឲ្យ ចប់បាត់។

​អញ្ចឹងឯកជនភាព សុវត្ថិភាព ព័ត៌មានរបស់បងប្អូនមិនអាចរក្សាបាន។ អញ្ចឹងគេទាមទារឲ្យបងប្អូនត្រូវតែទៅបញ្ជាក់។ តែយើងបានកាត់ហើយ។ បងប្អូនមិនបាច់ធ្វើដំណើរទៅច្រើនដងទេ។ បំពេញបែបបទខុសត្រូវអី គឺនៅតាមអនឡាញ។ ធ្វើពីរតនគីរីក៏បានដែរ មិនបាច់ចាំជិះឡានមក ហើយបើធ្វើខុស ត្រូវបំពេញបែបបទដេកពីរបីយប់។ តែដល់ពេលត្រូវឡើងមកយក ត្រូវមកយក ព្រោះច្បាប់យើងមិនអាចឲ្យបញ្ជូនទិន្នន័យហ្នឹងទៅតាមខេត្តទេ គឺនៅប្រមូលផ្តុំនៅ(ថ្នាក់កណ្តាល) ព្រោះអាហ្នឹងវាទាក់ទងព័ត៌មានសំខាន់របស់បងប្អូនតាមច្បាប់។ ហ្នឹងមិនខុសពីយើងដាក់ពាក្យទៅសុំ visa អាមេរិក​ទេ។ ទោះបីជាគេទំនើបកម្ម គេអាចបំពេញបែបបទតាមអនឡាញក៏ដោយ ប៉ុន្តែពេលដែលទៅសំភាសន៍ ហើយទៅយក passport ត្រូវតែទៅយកខ្លួនឯងដើម្បីគេបានមើលមុខថាប្រាកដជាមនុស្ស “ក” មែនដែលបានដាក់ពាក្យ​​ បន្លំព្រោះខ្លាចវាទៅជារឿងឧក្រិដ្ឋកម្មឆ្លងដែន រឿងអីផ្សេងទៀត ហើយជាពិសេសព័ត៌មានឯកជនរបស់បងប្អូន។

ឧទាហរណ៍ថា ប្អូនស្រីនៅនេះ ប្រវត្តិរបស់យើងនៅតុលាការ មានតែយើងទេដែលដឹង ហើយនិងក្រសួង ស្រាប់តែមានអ្នកជិតខាងចង់យកប្រវត្តិរបស់យើង គេបន្លំធ្វើជាយើង ហើយចុះឈ្មោះដាក់ពាក្យសុំតាមអនឡាញ។ កន្លងទៅមានរឿងថា អ្នកយកតេឡេក្រាមដាក់ឈ្មោះអ្នកនេះទៅខ្ចីលុយអ្នកនោះ មកវិញអ្នកអត់ដឹងខ្លួនទៅជំពាក់លុយគេ ព្រោះអត់មានស្អីទៅបញ្ជាក់។ ទោះបីជាផ្លូវច្បាប់យើងមិនទាន់អនុញ្ញាតឲ្យធ្វើពីដើមដល់ចប់ ដែលថាសូម្បីតែផ្ញើឲ្យតាមអនឡាញក៏ដោយ តែយើងបានធ្វើការឯកភាព ហើយសុំឲ្យក្រសួងយុត្តិធម៌រៀបចំនិតីវិធីអនុវត្តកិច្ចការនេះឲ្យបានឆាប់ រួមទាំងបច្ចេកវិទ្យា និងលក្ខខណ្ឌបទដ្ឋានធានា ដើម្បីធានាភាពងាយស្រួលដល់បងប្អូនរបស់យើង នៅក្នុងកម្រិតណាមួយ ជាពិសេសការដាក់ពាក្យ ការស្នើសុំពាក្យ ការកាត់បន្ថយចំណាយរបស់គាត់ឡើងចុះ ហើយធ្វើនិតីវិធីដាក់ពាក្យឲ្យស្រួល កុំលំបាក បើថាសំណួរ គង់តែសួរ ២០ សំណួរ ឬ ៣០ សំណួរ ហើយសួរដដែល កាត់វាត្រឹមតែ ១០ ១៥ សំណួរ … ឲ្យស្រួលនៅក្នុងការបំពេញ។ ប្រយ័ត្នឲ្យអនឡាញ តែសំណួរអនឡាញអត់មានអ្នកណាយល់ ទាល់តែជិះឡានមកសួរដដែល។ ធ្វើយ៉ាងម៉េចឲ្យសាមញ្ញសម្រាប់បងប្អូនយើងបានព័ត៌មានដែលចាំបាច់ ដែលគ្រប់គ្រាន់ ងាយស្រួលជូនគាត់។ គ្រាន់តែបងប្អូនត្រូវពេលដែលមក ត្រូវមកបញ្ជាក់ថាខ្លួនប្រាកដជាបានស្នើសុំ មិនមែនអ្នកផ្សេងបន្លំ គឺសុំមកដើម្បីទទួលយក។ នេះយើងជួយបានច្រើនណាស់។ មិនមែនតែពលករយើងដែលចេញទេ គឺមានអ្នកដែលនៅខាងក្រៅ។ អញ្ចឹងយើងចាប់ផ្តើមការជួយនេះនៅកូរ៉េមុន។

ពេលដែលចេញគោលការណ៍នេះទៅ ខ្ញុំសុំឲ្យក្រសួងការបរទេស ក្រសួងមហាផ្ទៃ មានអគ្គអត្តសញ្ញាណកម្ម ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គិតគូរអំពីក្របខណ្ឌនិងថវិកាបង្កើតប៉ុស្តិ៍ថ្មី។ ជជែកគ្នាដើម្បីគិតគូរអំពីនិតីវិធីដែលស្របតាមច្បាប់ដែលមានជាធរមានរបស់យើង ដើម្បីបង្កើតភាពងាយស្រួលរៀបចំប៉ុស្តិ៍នេះ រៀបចំបញ្ជូនមនុស្សឲ្យបានលឿន។ ក្រសួងយុត្តិធម៌រៀបចំនិតីវិធីនិងលិខិតថ្កោលទោសផ្សេងៗ។ អញ្ចឹងកិច្ចការងារនេះ យើងត្រូវធ្វើ ហើយធ្វើដើម្បីផលប្រយោជន៍បងប្អូនរបស់យើង។​ ថាអេ! នាយករដ្ឋមន្ត្រីថ្មីនេះ និ​យាយតែពីបងប្អូននៅក្នុងស្រុក ចុះខ្ញុំនៅក្រៅស្រុកមិនមែនខ្មែរអី? យើងគិត។ ឥឡូវប្រជាពលរដ្ឋនៅថៃ យើងមានចំនួនច្រើន។ កន្លងទៅយើងមានយន្តការច្រើនហើយ។ ថៃអត់ដូចនៅកូរ៉េទេដែលត្រូវជិះមកឆ្ងាយ ហើយពិបាកសុំ។ ថៃនៅជិតតែបងប្អូនក៏មានតំបន់ឆ្ងាយដែរ។ កន្លងទៅ យើងក៏បានរុញមន្ត្រីរបស់យើង​​ ទីប្រឹក្សាពលករ ហើយនៅតាមទូត ហើយយើងមានបង្កើតប៉ុស្តិ៍នៅតាមព្រំដែន ដើម្បីជួយពន្យារហើយ។

ពង្រីកទីប្រឹក្សាការងារ បង្កើតអគ្គកុងស៊ុលនៅភាគខាងត្បូងថៃ រកដំណោះស្រាយស្តីពីតម្លៃពលរដ្ឋឆ្លងកាត់

ក្នុងជំហានមួយនេះ ខ្ញុំគិតថាពង្រីកសេវាគ្របដណ្តប់បន្តិច ដើម្បីជួយយន្តការដែលមានស្រាប់។ យើងត្រូវពង្រឹង ទី២ត្រូវពង្រីក។ ពង្រីកទី១ ចំនួនទីប្រឹក្សាការងារ។ ឥឡូវយើងមាន ៣នាក់ប្រមូលផ្តុំនៅបាងកក។ យើងមានកុងស៊ុលមួយនៅសាកែវ។ សូមយកម្នាក់ពីបាងកកទៅដាក់នៅសាកែវ។ មួយទៀតនៅភាគខាងត្បូងថៃ។ យើងអត់ទាន់មានកុងស៊ុល អត់ទាន់មានអីទេ នៅម្តុំសុងក្លា ម្តុំហាត់យ៉ៃ ម្តុំយ៉ាឡា។ ឥឡូវខ្ញុំបានជជែកជាមួយឯកឧត្តម អ៊ុច បូរិទ្ធ យប់មិញហើយ គឺសុំឲ្យបង្កើតអគ្គកុងស៊ុលយើងមួយនៅទីនោះ។ រៀបចំមនុស្សបន្ថែមទៀត គឺនៅទីប្រឹក្សាការងារយើងទៅអមម្នាក់ទៀតនៅទីនោះដើម្បីកុំឲ្យពលករយើងដែលធ្វើការនៅភាគខាងត្បូងពិបាកមកនៅខាងលើ។ ដើម្បីឲ្យគាត់ងាយស្រួល … អញ្ចឹងរុញសេវាអីដែលអាចផ្តល់ទៅបាន។ ពង្រឹងសេវាគ្របដណ្តប់ជូនគាត់ ហើយត្រូវធ្វើការងារជាមួយក្រសួងការងារថៃ។ ឥឡូវរៀបចំរដ្ឋមន្ត្រីថ្មីផងដើម្បីចរចានៅក្នុងក្របខណ្ឌផ្សេងៗ ជួយស​ម្រួលដល់បងប្អូនយើងដែលធ្វើការនៅទីនោះ ទាំងការពន្យារ passport ទាំងភាពស្របច្បាប់អីឲ្យបងប្អូនរបស់យើង។

ខ្ញុំសុំមួយទៀត សុំប្រគល់ភារកិច្ច ឯកឧត្តមអគ្គ នេត សាវឿន នៅទីនេះ ធ្វើការជាមួយគ្រប់បណ្តា​ស្ថាប័ន និងខេត្តជាប់ព្រំដែនដែលពាក់ព័ន្ធទៅលើការគ្រប់គ្រងច្រកចេញចូល។ ខ្ញុំស្តាប់លឺពីប្រជាពលរដ្ឋ ពលកររបស់យើង រឿងតម្លៃក្រៅផ្លូវការហ្នឹងច្រើនណាស់ ដែលគាត់ឆ្លងកាត់ត្រូវប្រឈម។ រកដំណោះស្រាយហ្នឹង ដើម្បីកុំឲ្យលំបាកដល់បងប្អូនក្នុងការឆ្លងកាត់។ សុំជួយធ្វើអាហ្នឹងមួយ។ ជូនឧបនាយករដ្ឋមន្ត្រីមួយដើម្បីសម្របសម្រួលជាមួយមហាផ្ទៃ ការពារជាតិ ជាមួយខាងគយ ជាមួយអីដែលពាក់ព័ន្ធជាមួយខេត្តជាប់ព្រំដែនដើម្បីយើងរកដោះស្រាយណាមួយជួយសម្រួលការឆ្លងកាត់របស់ពលកររ​បស់យើង កុំឲ្យគាត់ប្រឈម… និយាយពាក្យខ្លី គឺរឿងតម្លៃហ្នឹងវាលំបាកពេក។ បងប្អូនអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ យើងខំប្រឹងធ្វើណាស់ ក្នុងពេលកូវីដ-១៩។ ខ្ញុំមិនថាបងប្អូនអត់មានគុណសម្បត្តិទេ បងប្អូនខំធ្វើការដើម្បីធានានូវប្រក្រតីភាពទំនាក់ទំនង គ្រប់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ទាំងខេត្ត ទាំងប៉ូលីស ទាំងអាវុធហត្ថ ទាំងកងទ័ព ទាំងអាជ្ញាធរខេត្ត យើងបានធ្វើការទាំងគយ ទាំងប៉ូលីស ទាំងអីផ្សេងៗដែលពាក់ព័ន្ធ យើងធ្វើការច្រើនណាស់ ដើម្បីសម្រួល និងគ្រប់គ្រង។ តែនៅការងារសេសសល់មួយចំនួន ពិសេសរឿងពាក់ព័ន្ធនឹងតម្លៃប្រជាពល​រដ្ឋឆ្លងកាត់ សុំធ្វើម៉េចរកដំណោះស្រាយមួយឲ្យមានចីរភាពតែម្តង កុំដោះស្រាយតែខ្ញុំស្រែកម្តង ហើយចប់ ឬមួយក៏អី រកដំណោះស្រាយ ដើម្បីជួយប្រជាពលរដ្ឋយើង ពលករយើងដែលទៅធ្វើការ។ ជួយអាហ្នឹងសម្រាប់ពលករយើងនៅថៃ នេះរឿងការងារពលករ។

(១៩) អាទិភាពគន្លឹះ៥៖ អប់រំ សុខាភិបាល មុខងារសាធារណៈ ប្រឆាំងគ្រឿងញៀន ប្រព័ន្ធតុលាការ

ឥឡូវក្រៅពីអាទិភាពទាំង ៦ (ដែល)ខ្ញុំប្រកាសកាលពីថ្ងៃ ២៤ (សីហា) មានអាទិភាពគន្លឹះ ៥ទៀត ដែលខ្ញុំបានដាក់ចេញ ដែលខ្ញុំអត់ទាន់រំលេច។ ថ្ងៃនេះខ្ញុំនិយាយតែ ១ទេ។ ៥ នោះមានអី? មាន ទី១ គឺការកំណែទម្រង់គន្លឹះនៅក្នុងវិស័យអប់រំ គឺពង្រឹងការអប់រំ ថ្នាក់មតេ្តយ្យ បឋម រហូតដល់ថ្នាក់ទី១២។ យើងធ្វើយ៉ាងណាឲ្យការអប់រំកូនចៅរបស់យើង មិនត្រឹមតែមានសមត្ថភាពទេ ត្រូវមានឥរិយាបថ សីលធម៌ គុណធម៌ ឲ្យកូនខ្មែររបស់យើងធំឡើងមានទាំងសមត្ថភាព ចំណេះដឹង ទាំងមានផ្នត់គំនិត និងគុណធម៌ សីលធម៌ឲ្យកាន់តែល្អ ដែលត្រូវធ្វើបន្ថែមថ្ងៃនេះ ខ្ញុំអត់រំលេចទេ។ ទី២ គឺវិធានការគន្លឹះសម្រាប់ពង្រឹងវិស័យសុខាភិបាល ហើយយកចិត្តទុកដាក់ទៅលើមណ្ឌលសុខភាព និងពេទ្យបង្អែក ដាក់ឲ្យចំគោលដៅតែម្ដងដើម្បីឲ្យសេវាដល់ប្រជាពលរដ្ឋយើង រួមជាមួយវិស័យឯកជនកម្រិតណា។

អាទិភាពទី៣ គឺកំណែទម្រង់មុខងារសាធារណៈ ដែលពាក់ព័ន្ធរឿងប្រឡងមន្រ្តី រឿងការគ្រប់គ្រង។ ល្ងាចមិញខ្ញុំចេញគោលការណ៍មួយឲ្យផ្អាកការប្រឡងមន្រ្តីសិន ដើម្បីខ្ញុំរៀបចំយន្តការមួយ។ មិនមែនថាយន្តការពីមុនយ៉ាងម៉េចទេ​ តែដើម្បីមានប្រសិទ្ធភាព យើងនឹងរៀបចំយន្តការថ្នាក់ជាតិមួយ។ ចាប់ផ្ដើមដំបូងនៃគោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មី ដែល១គឺកំណែទម្រង់មុខងារសាធារណៈ ក្នុងនោះគឺក្នុងការប្រឡងហ្នឹងតែម្ដង។ ទៅមុខ យើងនឹងប្រឡង។ រៀបចំយន្តការថ្នាក់កណ្ដាល ស្រដៀងឯកឧត្ដម ហង់ ជួនណារ៉ុន ប្រឡងបាក់ឌូប្លិ៍។ ខ្ញុំប្រឡងទាហានក៏ដូចគ្នា។ តែយើងសហការជាមួយក្រសួងជំនាញ ព្រោះជំនាញមួយៗ គឺមានប្រធានបទ វិញ្ញាសាខុសគ្នា។ យើងពិនិត្យធ្វើយ៉ាងណាដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះទើបជាប់។

ខ្ញុំសូមអភ័យទោសទៅដល់បងប្អូនដែលបានដាក់ពាក្យ ដូចនៅក្រសួងកសិកម្មអីដែលមានអ្នកដាក់ពាក្យ ៩០០នាក់ ត្រូវដាក់ពាក្យប្រឡងក្នុងប៉ុន្មានថ្ងៃទៀតនេះ។ យើងមិនមែនបញ្ឈប់ទេ តែយើងខិតខំពន្លឿននីតិវីធីនេះរៀបចំឲ្យបានល្អ។ ចេញ depart ឲ្យស្មើគ្នាទាំងអស់។ អត់មានក្រសួងនេះរៀបអញ្ចេះ ក្រសួងនោះរៀបអញ្ចុះអីទៀតទេ។ យន្តការតែមួយ។ សម្រាប់មន្រ្តីក្របខណ្ឌទាំងអស់ ត្រូវប្រឡងនៅយន្តការថ្នាក់ជាតិឲ្យបានយុត្តិធម៌ និងតម្លាភាព។ មន្រ្តីកិច្ចសន្យានឹងប្រគល់សិទ្ធិជូនក្រសួង/ស្ថាប័ន គាត់នៅបន្តធ្វើនីតិវិធី តែត្រូវធានាឲ្យខ្ញុំនូវតម្លាភាពនិងយុត្តិធម៌ផងដែរ។

កំណែទម្រង់រឿងមន្រ្តីនៅខាងក្នុង ដែលមានស្រាប់ដើម្បីធ្វើយ៉ាងណា​ការបែងចែកភារកិច្ចឲ្យស្រួលបួល។ ការ​រៀបចំថ្មីនេះ ខ្ញុំបានណែនាំហើយ។ ត្រូវធ្វើម៉េចរក្សាកម្លាំងចាស់និងថ្មីជាមួយគ្នាជាកម្លាំងសរុបដើម្បីធ្វើការជាមួយគ្នា។ ការប្រគល់ភារកិច្ចសូមឲ្យមានការសហការ ហើយការណែនាំបើកចំហររួមគ្នា។ យើងនឹងពិនិត្យមើលដើម្បី (ទី១) ពង្រឹងការប្រើប្រាស់មន្រ្តីយើងឲ្យមានប្រសិទ្ធភាព កុំឲ្យមានតែចំនួនអត់ (គុណភាព) ​គេថាឲ្យកាន់តែមានប្រសិទ្ធភាព ទី២គឺប្រព័ន្ធលើកទឹកចិត្ត ធ្វើយ៉ាងណាឲ្យចំគោលដៅតែម្ដង

ទី៤ គឺភូមិឃុំមានសុវត្ថិភាព ដែលផ្ដោតខ្លាំងទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយនេះជាអាទិភាពធំរបស់រដ្ឋាភិបាលថ្មី។ និងទី៥ ការកំណែទម្រង់ពិនិត្យមើលប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការ និងការពង្រឹងនូវប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធ ធ្វើម៉េចជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងយុត្តិធម៌។ នេះគឺជាអាទិភាព៥។

ពាក់ព័ន្ធនឹងអាទិភាពទី៤នេះ ខ្ញុំសូមបញ្ជាក់បន្តិច។ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ឈានទៅដល់ការកាត់បន្ថយនិងការលុបបំបាត់ទៅថ្ងៃក្រោយ។ យើងមានបញ្ហាច្រើន។ វាជាបញ្ហាលំបាក។ ជាបញ្ហាដែលចាក់ស្រេះ។ ប្រទេសទាំងអស់ក្នុងតំបន់ សូម្បីតែមហាអំណាចនៅបារាំង នៅអឺរ៉ុប នៅអាមេរិកខ្លួនឯងក៏មិនទាន់ជោគជ័យផងដែរ។ នៅសិង្ហបុរីនេះ ដែលថា​ជាប្រទេសតឹងបំផុត ក៏ចាប់ផ្ដើមមានករណីគ្រឿងញៀន​នេះដែរ។ មិនថាប្រទេសតូចឬធំទេ យើងត្រូវគិតគូរនៅក្នុងការប្រយុទ្ធប្រឆាំង ហើយការងារនេះសម្ដេចតេជោ រាជរដ្ឋាភិបាលអាណតិ្តទី៦ ទី៥ និងមុនៗ បានយកចិត្តទុកដាក់ជាអាទិភាពណាស់ ហើយយើងបានធ្វើការងារច្រើនទាំងក្នុងការអប់រំ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ

អញ្ចឹងយើងត្រូវតែបន្តអាទិភាពនេះ​។ កិច្ចការនេះ ល្ងាចមិញខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យកែសម្រួលមួយ ដោយសារការរៀបចំផ្គូផ្គងពីដើមទី យើងរាងស្រាលបន្តិច។ ពេលនោះយើងមានទេសរដ្ឋមន្រ្តីម្នាក់ទទួលបន្ទុកដឹកនាំអាជ្ញាធរគ្រឿងញៀនដែលជាអាជ្ញាធរកម្លាំងសរុបបង្កើតពីអាណត្តិមុន។ គ្រឿងញៀនវាជាផ្នែកមួយនៃរឿងភូមិឃុំមានសុវត្ថិភាព។ ប៉ុន្តែដោយសារវាពិសេសនិងជាអាទិភាពធំ បានជាអាណត្តិមុនៗ រាជរដ្ឋាភិបាលបង្កើតអាជ្ញាធរមួយដាច់ដើម្បីមានកម្លាំងសរុបនៅក្នុងហ្នឹងធ្វើការពិសេសនោះ។ ដល់ពេលយើងផ្គូផ្គងពីដើមទី យើងមានទេសរដ្ឋមន្រ្តីម្នាក់។ រៀបចុះឡើងៗ បើទេសរដ្ឋមន្រ្តីអញ្ចឹង ក្រសួងសំខាន់ដែលចូលរួមមានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ អាចផ្ញើត្រឹមតែអនុរដ្ឋលេខាធិការមកធ្វើការ។ អត់មានទម្ងន់។ ធ្វើឲ្យការងារនេះ(ជាកិច្ចការ)អាទិភាព ខ្ញុំបានសម្រេចកែសម្រួលរៀបចំឧបនាយករដ្ឋមន្រ្តីមួយជាប្រធានអាជ្ញាធរនេះតែម្ដង។ ឧបនាយករដ្ឋមន្រ្តី៣ ឧបនាយករដ្ឋមន្រ្តីមហាផ្ទៃ ការពារជាតិ និងយុត្តិធម៌ និយាយរួមដូចលំនាំអាណត្តិទី៦ ហើយមានរដ្ឋមន្រ្តីពាក់ព័ន្ធទាំងអស់ គឺរដ្ឋមន្រ្តីសង្គមកិច្ច កិច្ចការនារី អប់រំផ្សេងៗ សុខាភិបាល ចូលជាសមាជិកក្នុងនេះ។ យន្តការនេះត្រូវដំឡើងកម្រិត។ មានទេសរដ្ឋមន្រ្តីម្នាក់ជាអនុប្រធានប្រចាំការដឹកនាំដើម្បីបង្ហាញនូវការប្ដេជ្ញាចិត្តរបស់យើងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ។

នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។ ខ្ញុំសុំនិយាយតែប៉ុណ្ណឹងចុះកុំឲ្យដល់២ម៉ោង … លើកទី១ អស់២ម៉ោងកន្លះ ក្រោយមក២ម៉ោង។ ឥឡូវថយបន្តិចៗ អាណិតអ្នកទម្ងន់ ជាពិសេសត្រូវកណ្ដៀតដល់ទៅ២។ ប្អូនស្រី២ហើយ៨ខែទៀតកាន់តែពោះធំហើយ។ ថ្ងៃនេះខ្ញុំបន្ថែមថាការងាររបស់មេដឹកនាំ ចេញទៅក្រៅប្រទេស … ល្ងាចមិញខ្ញុំឃើញគេធ្វើសង្ខេបមួយ។ ខ្ញុំគ្រាន់តែមើលឡើងវិលមុខ។ គេរាប់តាំងពីថ្ងៃខ្ញុំចុះ(ពីយន្តហោះ) រាប់ម៉ោងខ្ញុំជួបអ្នកណា អង្គុយមើលខ្លួនឯង ចុម! ធ្វើបានដែរ។ ពេលដែលយើងធ្វើការមិនហត់ទេ តែគ្រាន់តែឡើងយន្តហោះមកវិញភ្លាម គឺដួលគ្រាំង រហូតដល់គេដាស់ … អារម្មណ៍យើងគិតតែអស់ពីប្រជុំមួយត្រូវទៅចរចាអីទៀតបន្ទាប់។ ចូលក្នុងប្រជុំនេះយើងត្រូវមើលឯកសារយើង(អីខ្លះ)។ ប្រជុំថ្នាក់តំបន់នេះខុសតែពាក្យមួយម៉ាត់ អាចបាត់ផលប្រយោជន៍ជាតិ ខុសតែពាក្យមួយម៉ាត់អាចផ្ដាច់ទំនាក់ទំនងការទូត។

(២០) ធ្វើការលឿន ដើម្បីបានផលជូនប្រជាពលរដ្ឋលឿន

និយាយត្រង់ ទីមួយក្មេងជាងគេ ទីពីរយើងមិនសង្ហាចាញ់គេដែរ តែទីបីគឺខ្ញុំថ្មី។ អញ្ចឹងមហាអំណាចនិងប្រទេសទាំងអស់ចង់ដឹងអំពីគោលជំហរនយោបាយរបស់ខ្ញុំ។ ខ្ញុំបានបញ្ជាក់ជាមួយគ្រប់ប្រទេសទាំងអស់ហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺនៅបន្តគោលនយោបាយការទូតរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសកន្លងមក គឺបន្តកិច្ចសហប្រតិបត្តិការស្មើភាព ភាពអព្យាក្រឹត្យ​ស្រប​តាមរដ្ឋធម្មនុញ្ញ គោលនយោបាយឯករាជ្យផ្អែកលើច្បាប់ និងភាពឆ្លាតវៃ និងផលប្រយោជន៍ជាតិជាធំ … ខ្ញុំបានបញ្ជាក់ថា អ្វីខ្លះដែលខ្ញុំធ្វើ ៣ហ្នឹង ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។ ដើរទាក់ម៉ូយហ្នឹង ដើម្បីផលអ្នកណា? ផលដល់ប្រជាពលរដ្ឋយើងគ្រប់វិស័យ។ ខ្ញុំបានបញ្ជាក់បន្ថែមថ្ងៃនេះ អត្ថប្រយោជន៍សម្រាប់បងប្អូន និងគោលនយោបាយ ឯកឧត្ដម ហេង សួរ បានអានហើយ … កុំនិយាយរឿងដដែលៗ បើអង្កាល់អត់ live យើងអាចនិយាយជួប ២ម៉ឺននាក់ ទៅដល់នោះនិយាយ ២ម៉ឺននាក់នៅនោះ ក៏នៅតែថ្មីដែរ។ តែ live នៅនេះ ទៅដល់នោះក៏ស្ដាប់ដដែល។ រឿងថ្មីដោយសារអី? យើងអត់ខ្វះរឿងនិ​យាយទេ ព្រោះយើងដឹកនាំប្រទេស ទទួលអនាគតរបស់ប្រជាពលរដ្ឋនៅគ្រប់វិស័យ គ្រប់ទីកន្លែង ហើយផលត្រូវតែធ្វើ។ ខ្លាចតែអត់មានពេលនិយាយគោលនយោបាយថ្មី ព្រោះវាច្រើនពេកក្នុងការធ្វើ។

អញ្ចឹងខ្ញុំបានបញ្ជាក់នៅថ្ងៃនេះ ស្តីពីគោលនយោបាយអត្ថប្រយោជន៍បងប្អូនពលករនៅក្រៅប្រទេស។ យើងចាប់ផ្ដើមពីកូរ៉េមុនគេ នៅថៃ នៅជប៉ុនក៏យើងពិនិត្យនៅក្នុងការចរចាពង្រីកកូតា។ កន្លងទៅយើងបានចរចាជាមួយអូស្រា្តលី និងកាណាដា ដើម្បីបើកច្រកឲ្យបងប្អូនយើងមានឱកាស ព្រោះទៅធ្វើការមិនមែនធ្វើ​តែការងារធម្មតាទេ មិនមែនតែក្នុងកសិកម្មទេ អាចធ្វើនៅក្នុងឧស្សាហកម្ម​​ កន្លែងខ្លះរហូតទៅធ្វើការងារនៅវិស្វកម្ម ព័ត៌មានវិទ្យា គាត់ទៅធ្វើការហើយទី១ បានចំណូល ទី២ បានជំនាញ ជួយសេដ្ឋកិច្ចយើងជួយគ្រួសារ អ្នកខ្លះបង្កើតរោងចក្រ​ អ្នកខ្លះបើកអាជីវកម្មខ្លួនឯងយកចំណេះមក វាចំណេញខ្មែរយើង។

ថ្ងៃទី ១៤ កញ្ញានេះ ខ្ញុំត្រូវទៅទស្សនកិច្ចនៅចិន​ ជាមួយនឹងចូលរួមពិព៌ណ៍ពេលនោះយើងនឹងយកក្រសួងពាណិជ្ជកម្មត្រូវធ្វើម្ចាស់ផ្ទះ ព្រោះពេលនោះប្រទេសច្រើនណាស់ដែលចូលរួម។ ទេសចរចិន ទេស​ចរផ្សេង (យើង)ធ្វើម៉េចត្រូវបង្ហាញថាផលិតផលទេសចរណ៍កម្ពុជាយើងធ្វើម៉េចដើម្បីទាក់ទាញគេមកឲ្យច្រើន​។ ត្រូវធ្វើយ៉ាងម៉េចឲ្យទាក់ទាញ ទៅមិនមែនអត់ប្រយោជន៍ មិនមែន​ជិះយន្ដហោះទៅ តិចថាមន្ដ្រីរបស់យើងចំ​ណាយតែលុយជាតិទៅក្រៅប្រទេស។ អត់ទេ។ ទៅដើម្បីផលប្រយោជន៍ជាតិ។ ក៏មិនឲ្យទៅច្រើនដែរ។ យើងកាត់បន្ថយ។ ប្រទេសខ្លះគេមានលុយគេទៅ ២០-៣០ នាក់។ យើងទៅតែ ៣នាក់ទេ កន្លែងខ្លះ។ ធ្វើម៉េច ៣នាក់នឹងត្រូវក្ដាប់ការងារឲ្យបាន។ ឯកឧត្តម ហង់ ជួនណារ៉ុន ត្រូវទៅតំណាងខ្ញុំប្រជុំ G77 នៅគុយបា។ គេថាទាក់ទងជាមួយ​បណ្ដាប្រទេសនៅភាគខាងត្បូងនៃពិភពលោកដើម្បីទាក់ទាញមក ព្រោះថាឥឡូវយើងនាំអង្ករទៅគុយបា ទៅអាមេរិកឡាទីនច្រើន។ អ្នកណាក៏បានដែរឲ្យតែមានទីផ្សារឲ្យប្រជាពល​រដ្ឋរបស់យើង ​ផលិតផលអីក៏បានដែរឲ្យតែរុញចេញ បង្កើតទីផ្សារឲ្យបងប្អូន ត្រូវតែធ្វើទាំងអស់។

ក្រសួងពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការគ្នារកវិធីពង្រឹងការនាំ​ចេញ និងការប្រកួតប្រជែងរបស់យើងទាំងវិស័យឧស្សាហកម្ម ក្រសួងទេសចរណ៍ដូចគ្នា យើងធ្វើម៉េចដើម្បីឲ្យបាន(ទេសចរច្រើន)។ ទាំងអស់ធ្វើម៉េចដើម្បីឲ្យយើងមានកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង ដើម្បីទាញផលឲ្យប្រជាពលរដ្ឋរបស់យើងគ្រប់វិស័យទាំងអស់ត្រូវធ្វើឲ្យបាន។ ខ្ញុំមានការទុកចិត្តលោកជំទាវ(ចម និម្មល)។ ខ្ញុំឃើញធ្វើការលឿន។ គ្រាន់តែដាក់ឲ្យភ្លាម ស្អែកឡើងចរចា។ សូមជំរាបឯកឧត្តម ជំហានដំបូង យើងបាន ១០ម៉ឺនតោន ហើយចំពេលដែលប្រជាពលរដ្ឋរបស់យើងជិតច្រូតផង។ អញ្ចឹងល្មមនឹងយើងរកទីផ្សារឲ្យគាត់ ហើយទីផ្សារដូចដែលខ្ញុំនិយាយលោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីរបស់យើង គ្មានស្រែគ្មានចំការរាប់សែន​ហិកតាទេ មានតែប្រជាពលរដ្ឋប្រជាកសិកររបស់យើងដែលត្រូវទិញពីគាត់ដើម្បីលក់ចេញទៅក្រៅ ហើយបន្ដ(ធ្វើ)ថែមទៀតដើម្បីកសិផលយើង។ សិង្ហបុរីគេចាប់ផ្ដើមចាប់អារម្មណ៍រឿងបន្លែ សាច់ជ្រូក សាច់មាន់ ពិនិត្យមើលចរចាបន្ថែមទៀត​។ ដូចក្រុមការងារសិង្ហបុរីគេមកអាទិត្យក្រោយ គេធ្វើការលឿន យើងក៏ធ្វើការលឿន មន្ដ្រីធ្វើការលឿន ផល​ដល់ដៃប្រជាជនក៏លឿនដែរ ហ្នឹងហើយអ្វីដែលត្រូវធ្វើឲ្យលឿនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង

(២១) ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងចំណោមវិធានអាទិភាព ៥

ក្រៅពីជំរុញសេដ្ឋកិច្ចនេះ រឿងដែលខ្ញុំលើកវិធាន ៥ចំណុច ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ជាអាទិភាព(ដែលត្រូវធ្វើ)។ អញ្ចឹងខ្ញុំសូមឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញក្របខណ្ឌ​គតិយុត្ដិ ធ្វើព្រះរាជក្រឹត្យ អនុក្រឹត្យ ដើម្បីរៀបចំដើម្បីយន្ដការនេះឆាប់ដើរលឿន ព្រោះយើងមានលំនាំពីអាណត្ដិមុនហើយយកលំនាំហ្នឹងទៅដូរតែឈ្មោះ ព្រោះអាណត្ដិមុនមានឯកឧត្តម កែ គឹមយ៉ាន លោកជាប្រធាន … មានមន្ដ្រីពីមហាផ្ទៃមួយជាអនុ ពីការពារជាតិមួយជាអនុ។ អញ្ចឹងយើងរុញ បង្កើនកម្រិតទំងន់ ព្រោះកិច្ចការត្រូវធ្វើរួមគ្នា មិនធ្វើដាច់គ្នាទេ … ឲ្យទៅឧបនាយករដ្ឋមន្ដ្រីដើម្បីឲ្យស្របជាមួយកិច្ចការអាទិភាពរបស់យើងដើម្បីធ្វើ។ ជាកិច្ច​ការចំបងនៃវិធាន ៥ចំណុចដែលខ្ញុំដាក់ចេញនេះ ហើយវិធានប៉ុន្មាន កែទំរង់មុខងារសាធារណៈ កែទំរង់សុខាភិបាល អប់រំ គឺបង្កើតគណៈកម្មការជាតិ ដែលនាយករដ្ឋមន្ដ្រីខ្ញុំផ្ទាល់ដឹកនាំផ្ទាល់តែម្ដងដើម្បីធានាប្រសិទ្ធភាព។ វិធានពីរទៀតត្រូវមានឧបនាយករដ្ឋមន្ដ្រីសំរាប់ដឹកនាំ។ ឥឡូវយើងដំឡើងពី​ទេសរដ្ឋមន្ដ្រី មកឧបនាយករដ្ឋមន្ដ្រី ហើយវិធានទី៥ រឿងប្រព័ន្ធតុលាការ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ដឹកនាំផ្ទាល់ដើម្បីធ្វើ​

ដើម្បីជោគជ័យ ខ្ញុំសុំពីបងប្អូនថា កំណែទម្រង់អត់ស្រួលទេ កំណែទម្រង់លំបាកណាស់។ តែកំណែទម្រង់ផ្អែកទៅលើកត្តា ៤ ដែលសំខាន់។ ទី១ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ ហេតុផលច្បាស់លាស់។ យើងធ្វើនេះ គឺហេតុផលដើម្បីបង្កើនភាពប្រកួតប្រជែង ប្រសិទ្ធភាពការងាររបស់ប្រទេសជាតិរបស់យើង ស្ថាប័នរដ្ឋរបស់យើង ដើម្បីបម្រើប្រជាពលរដ្ឋយើង និងចក្ខុវិស័យវែងឆ្ងាយ។ ទី២ ត្រូវមានការដាច់ខាត ត្រូវបេ្តជ្ញាធ្វើទាំងអស់គ្នា។ ខ្ញុំប្រាប់ហើយ ខ្ញុំអត់ត្រូវព្រួញតែម្នាក់ឯងទេ។ ត្រូវព្រួញទាំង​គ្នា។ ខ្ញុំប្រគល់សិទ្ធិនិងការទុកចិត្ត​ ប្រគល់ដាវអាជ្ញាសឹកឲ្យ ត្រូវកាប់ … កន្លែងកាប់ហ្នឹង មានអ្នកច្រើនណាស់ចង់បាន។ មួយជីវិតមានតែម្តងទេ រក្សាវាឲ្យល្អ។ ខ្ញុំមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងទេ។ ខ្ញុំក៏មិនមែនថាបងប្អូនធ្វើជោគជ័យ ១០០% ដែរទេ។ ធ្វើអីក៏វាមានចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាតហើយ តែត្រូវបង្ហាញឆន្ទៈនិងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើ។ ហ៊ានអាកាត់ ហ៊ានវះកាត់ សំ​ខាន់បំផុតហ៊ានអនុវត្តគោលនយោបាយដែលរដ្ឋាភិបាលបានសម្រេច។​

ជជែកគ្នា លើកមតិ។ ខ្ញុំឯកភាព ត្រូវមានសមូហភាពដឹកនាំ។ យកមតិយោបល់គ្រប់ជ្រុងជ្រោយ។ តែបើសិនជាមានការសម្រេចហើយ ត្រូវតែអនុវត្តឲ្យត្រឹមត្រូវតាមគោលការណ៍។ កុំដុតឲ្យខ្លោច រោចឲ្យឆៅ។ កុំមានបញ្ហាធំទម្លាក់មកខ្ញុំ។ អត់ទេណា។ បើខ្ញុំត្រូវព្រួញច្រើន ឈាមខ្ញុំហូរច្រើន ខ្ញុំក៏ត្រូវការទប់ស្កាត់ដែរ។ បិទប្រភពបាញ់ព្រួញមកខ្ញុំ។ អ្នកដែលឈរការពារខ្ញុំ ទិសហ្នឹងការពារ បើមិនអញ្ចឹងខ្ញុំរកអ្នក(ផ្សេង)។ ខ្ញុំសុំនិយាយអញ្ចឹងតែម្តងទៅ។ មិនមែនគំរាមទេ តែខ្ញុំបញ្ជូនសារ។ ធ្វើចុះ។ ខ្ញុំការពារ។ ខ្ញុំនិយាយអញ្ចឹងតិច​​ខ្លាចអត់ហ៊ានធ្វើ។ ធ្វើខុសធ្វើត្រូវខ្ញុំនៅពីក្រោយ។ ខ្ញុំជាអ្នកទទួលខុសត្រូវ ព្រោះខ្ញុំជាអ្នកដាក់បទបញ្ជា។ ទី១ ទទួលខុសត្រូវនៅក្នុងការផ្តល់គោលដៅ គោលការណ៍ច្បាស់លាស់។ បើធ្វើមិនច្បាស់សួរខ្ញុំ។ ផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចតាមកម្រិតណាដែលអាច។ ធ្វើតាមឋានានុក្រម ផ្តល់ការគាំទ្រទាំងសិទ្ធិ និងហិរញ្ញវត្ថុ និងកិច្ចការមួយចំនួន។

បើមានបញ្ហាក្នុងការអនុវត្តគោលនយោបាយដោយសារខ្ញុំដាក់ទៅ ខ្ញុំជាអ្នកទទួលខុសត្រូវ។ ខ្ញុំធ្វើការបែបនេះតាំងពីដឹកនាំកសាងអង្គភាពតូចរហូតដល់ខ្ញុំកាន់មេជើងគោក។ ខ្ញុំលើកទឹកចិត្ត​ឲ្យធ្វើ។ កុំខ្លាច ត្រូវហ៊ានធ្វើ។ មួយថ្ងៃមានតែ ២៤ ម៉ោងទេ។ បើយើងខ្លាចមួយថ្ងៃ ខាត ២៤ ម៉ោង។ តែបើយើងមិនខ្លាច យើងហ៊ានវះកាត់ យើងធ្វើកិច្ចការ ២ ឬ ១ ឲ្យប្រជាពលរដ្ឋគាត់បានចំណេញមួយថ្ងៃមុន។ ជាជាងបានលទ្ធផលស្អែក បានលទ្ធផលថ្ងៃហ្នឹង។ ហ្នឹងហើយបើយើងធ្វើបានលទ្ធផលថ្ងៃហ្នឹង ប្រជាពលរដ្ឋបានផលថ្ងៃហ្នឹងជាជាងស្អែក។ បើយើងប្រកួតប្រជែងប្រទេសជិតខាង គេដើរមុន យើងយឺតជាងគេមួយម៉ោង យើងយឺតជាងគេ ២ ម៉ោង យើងយឺតជាងគេ ១ ថ្ងៃ យើងបរាជ័យ យើងមិនអាចឈ្នះគេទេ។ អញ្ចឹងត្រូវតែឲ្យកម្លាំងយើងមាំ អញ្ចឹងត្រូវតែធ្វើ កិច្ចការងារត្រូវធ្វើ រួមគ្នាធ្វើ។

ទី៣ ត្រូវការការចូលរួមទាំងអស់គ្នា ការកំណែទម្រង់នេះមិនអាចតែខ្ញុំទេ មិនអាចតែមន្រ្តីរដ្ឋាភិបាលទេ វាត្រូវការប្រជាពលរដ្ឋទាំងអស់ចូលរួមផង។ ដូចការប្រឡងមន្រ្តីរាជការ បើសិនជាខ្ញុំដាក់យន្តការខ្លះ យន្តការរបស់ជាតិ រដ្ឋមន្រ្តីទទួលបន្ទុកពាក់ព័ន្ធទទួលការងារហ្នឹងខ្លាំង ហើយបើបងប្អូននិងអ្នកមកប្រឡង គ្រួ​សារគិតតែរកវិធីដើម្បីគេចឆ្មា ដើម្បីចាប់កណ្តុរ យើងពិបាកធ្វើណាស់។ បើបងប្អូនម្នាក់ៗគិតថា ខ្ញុំសុខចិត្តជាប់ៗ ដោយមោទនភាព ធ្លាក់ៗដោយអស់ចិត្ត ដោយខ្ញុំនឹងទៅប្រឡងដោយមិនចាំបាច់ឪម៉ែ ឬអ្នកណាធ្វើអន្តរាគមន៍ ហ្នឹងហើយគឺខ្ញុំចង់បានផ្នត់គំនិតបែបនេះ។ ការចូលរួមរបស់បងប្អូន។ គុណាធិបតេយ្យអាចទៅធ្វើបានទាល់តែបងប្អូនចូលរួម។

សូមបងប្អូនពង្រឹងគោលការណ៍នេះ … អ្នកអនុវត្តទាំងអស់ត្រូវចូលរួម។ បើមិនអញ្ចឹងយើងពិបាកណាស់ ឆ្មាចាប់កណ្តុរ កណ្តុរចាប់ឆ្មា … រួមគ្នាដើម្បីស្អី ដើម្បីយើងទាំងអស់គ្នា ដើម្បីកូនចៅយើងទៅអនាគត។ លុបបំបាត់ភាពអយុត្តិធម៌សង្គម (ដោយធ្វើអោយមាន)តម្លាភាព ស្មើភាព (ដែល)ផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា … បង្កើតផ្នត់គំនិតប្រកួតប្រជែងដ៏ត្រឹមត្រូវជាជាងទៅប្រកួតប្រជែងពីខាងក្រោយ។ យើងត្រូវខិតខំប្រកួតប្រជែង ប្រឡងប្រណាំងក្នុងការធ្វើការងារ … យើងនឹងធ្វើកិច្ចការងារនេះ ហើយចុងក្រោយបំផុតត្រូវការលះបង់។

ទី៤ តែកែទម្រង់ វាប៉ះហើយ។ បើយើងមិនលះបង់ទេ មិនចូលរួមទេ យើងមិនអាច(ទទួល)ជោគជ័យទេ ឬជោគជ័យដោយលំបាក។ ពិបាកបំផុត គឺយើងទាំងអស់គ្នាហ្នឹងហើយ។

ខ្ញុំសុំ(អោយយកចិត្តទុកដាក់អនុវត្តកិច្ចការទាំង) ៤ នេះ។ បងប្អូនទាំងអស់ មន្ត្រីរាជការដែលត្រូវអនុវត្ត ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រហូតដល់ប្រធានការិយាល័យនិងមន្ត្រីធម្មតា។ មន្ត្រីថ្នាក់ក្រោមជាតិពីអភិបាល អភិបាលរងខេត្ត រហូតដល់អភិបាលស្រុក មេឃុំ មេភូមិ ត្រូវរួមគ្នាពង្រឹងប្រព័ន្ធការងាររបស់យើង។ មនោសញ្ចេតនាយើងមាន មិនអត់ទេ ប៉ុន្តែមនោសញ្ចេតនាបុគ្គល មិនគួរឲ្យប៉ះពាល់ទៅដល់កិច្ចការងាររួមនោះទេ … ។

ខ្ញុំសុំបញ្ចប់ត្រឹមប៉ុណ្ណេះនូវសារបន្ថែម ទាក់ទងទៅហ្នឹងកំណែទម្រង់ … ទាក់ទងទៅនឹងគោលការណ៍ថ្មីៗដែលខ្ញុំចេញ។ ថ្ងៃមុន ខ្ញុំបានចេញនូវគោលការណ៍ ហើយកាលពីថ្ងៃទី៦ (កញ្ញា) … ព្រះរាជក្រឹត្យមួយបានចេញហើយ ដោយសម្តេចប្រមុខរដ្ឋស្តីទីទាក់ទងនឹងការកែទម្រង់ទីប្រឹក្សា។ ខ្ញុំមិនរំលេចឡើងវិញទេ។ ការរៀបចំ ការផ្តល់កិត្តិយសបន្ថែម តែកុំឲ្យពាក់ព័ន្ធនឹងការងារក្នុងស្ថាប័នដែលមន្ត្រីស៊ីវិល មន្ត្រីកងកម្លាំងប្រ​ដាប់អាវុធ អ្នកធុរកិច្ច ដែលមានគោរមងារ បងប្អូនដែលប្រកបវិជ្ជាជីវៈសេរី ដូចជាមេធាវី ដែលបង្កើតការិ​យាល័យមេធាវី អាចយក(ងារនយោបាយជា)ទីប្រឹក្សាបាន តែមិនអាចមានឋានៈស្មើបាន។ទេ ខ្ញុំសុំ។ ឯអ្នកផ្សេងអត់មាន យើងឲ្យមួ ជាការលើកទឹកចិត្ត។

ឧទាហរណ៍ មន្ត្រីដែលគាត់ចូលនិវត្តន៍ តែគាត់មានជំនាញ។ អញ្ចឹងតែងតាំងគាត់ជាទីប្រឹក្សា មានឋានៈស្មើដើម្បីគាត់បានកិត្តិយសជួយធ្វើការងារ។ និយាយរួម យើងចែកគ្នានៅក្នុងការលើកកិត្តិយស ប៉ុន្តែកុំឲ្យមានច្រើន។ មនោសញ្ចេតនាត្រូវធ្វើ ប៉ុន្តែកុំឲ្យប៉ះពាល់ផលប្រយោជន៍រួម។ សូមបងប្អូនយោគយល់ ហើយសូមចូលរួមក្នុងការធ្វើកំណែទម្រង់នេះ។ យើងនឹងធ្វើបាន ហើយកំណែទម្រង់ដើម្បីអ្នកណា? គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់ នេះហើយជាពាក្យស្លោកមួយដែលយើងត្រូវធ្វើ។ ចុងក្រោយ សូមនាំមកសម្រាប់បងប្អូនកម្មករ កម្មការិនី ១៨ ២៦៥ នាក់ ក្នុងម្នាក់ៗ អាហារសម្រន់ និងថវិកា ២ ម៉ឺនរៀល និងបន្ថែមជូនសម្រាប់កម្មការិនីដែលមានផ្ទៃពោះ ៦៣៨ នាក់ ក្នុងម្នាក់ៗថវិកា ២០០ ដុល្លារអាមេរិក។ ជូនក្រុមគ្រូពេទ្យប្រចាំកម្មវិធី ៣ លានរៀល និងជូនក្រុមតន្ត្រីសម័យ ៥ លានរៀល។   ជាចុងក្រោយនេះ ខ្ញុំសូមអរគុណ ដែលខ្ញុំថាមិនឲ្យដល់ ២ ម៉ោង ឥឡូវហួសហើយ។ យូរៗជួបគ្នាម្តង។ សូមអរគុណចំពោះ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានមកចូលរួមនៅថ្ងៃនេះ។ អរគុណដល់បងប្អូន(កម្មករ កម្មការិនី) ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ ហើយក៏សូមជូនពរ និងប្រសិទ្ធិពរឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច អាយុយ៉ឺនយូរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ​ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអោយការធ្វើដំណើរត្រឡប់ទៅវិញ ប្រកបដោយសុវត្ថភាពតាមផ្លូវ។ សូមអរគុណ៕

********

អត្ថបទទាក់ទង