សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវថែរក្សាឱ្យបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខណ្ឌកំបូល រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពនិងការបង្រួបបង្រួមជាតិ គឺពិបាកណាស់ទម្រាំរកបាន ដូច្នេះយើងត្រូវតែចូលរួមថែរក្សាការពារឱ្យបាននូវសន្តិភាពនិងការបង្រួបបង្រួមជាតិដែលយើងរកបានដោយលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងក៏ត្រូវអនុវត្តយុទ្ធសាស្រ្តការពារដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីការពារ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើង។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជា កំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីទាំងអស់ ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា៕