Grand News Asia Close

(វីដេអូ) សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 873

CMF:

សូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ កូនក្មួយ ដែលបានចូលរួមជួបជុំគ្នានៅថ្ងៃនេះ នៅទីក្រុង Melbourne ហើយក៏អរគុណណាស់ ចំពោះការរៀបចំកម្មវិធីដ៏អធិកអធមនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ញើជូនលោកតាលោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។

តាមរបាយការណ៍ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញថា លើកក្រោយទាល់តែរៀបនៅស្តាត។ តាមពិត តាមរបាយការណ៍ដែលក្រុមការងារបានជូនដំណឹងមក គឺមានអ៊ំ ពូមីង ប្រហែលខ្ទង់ ៣០០ នាក់ទៀត ដែលមិនបានចូល ដោយសារចុះឈ្មោះយឺត និងដោយសារយើងរកកន្លែងមិនបាន(ធំ)។ នៅទីនេះ យកអស់ហើយមួយជាន់នេះ។ មួយជាន់ មួយបន្ទប់នេះ (ដាក់បាន)ជាង ១១០០ នាក់ជាង ហើយថែមមួយបន្ទប់ទៀត ជិត ៥០០ នាក់ជាង ថាខ្ទង់ ៥០០នាក់។ តខ្សែ(បញ្ចាំង)ទូរទស្សន៍ទៅ។ អញ្ចឹងថា រកមើលកន្លែងណាផ្សេងទៀត ថែមបន្ទប់ ថែមអី ថែមមិនចេញទេ។ នៅអូស្ដ្រាលី ធម្មតានៅក្នុងសាលនីមួយៗ គេមាន(ស្ដង់ដារ)សុវត្ថិភាពរបស់គេ សាលប៉ុណ្ណឹង ទំហំប៉ុណ្ណឹងការ៉េ ឱ្យមនុស្សតែប៉ុណ្ណឹង។ អញ្ចឹងតែលើសពីហ្នឹងគេមិនឱ្យទេ។

ឆ្លៀតឱកាសនេះ សូមអភ័យទោសដល់អ៊ំ ពូមីង បងប្អូន ដែលមិន(អាច)បានចូលរួមនៅថ្ងៃនេះ។ តែទោះជាយ៉ាងណាក៏ផ្ដាំនូវសេចក្ដីនឹករលឹកពីចម្ងាយ ហើយក៏អរគុណណាស់ចំពោះការចង់ជួបគ្នា ដើម្បីបង្ហាញនូវសាមគ្គីជាតិខ្មែររបស់យើង។ ជាពិសេសថ្ងៃនេះ ក៏អរគុណដល់ក្រុមការងាររៀបចំ ការចាត់តាំងយុវជននៅអូស្ដ្រាលី ញូវហ្សេលេន ក៏ដូចជាអគ្គរាជទូតរបស់យើង អរគុណដល់លោកអ៊ំពូមីង បងប្អូនក្មួយៗ ដែលអញ្ជើញមកពីឆ្ងាយ មកពី Darwin ញូវហ្សេលេន មកពីតំបន់ផ្សេងៗនៅអូស្រ្តាលី មកពី Adalaide។ Adelaide ខ្ញុំចាំ តំបន់ក្ដៅ។ អញ្ជើញមកច្រើន។ ក៏មានក្មួយៗ ប្អូនៗនិស្សិតដែលរៀននៅទីនេះ ដែលស្កាត់ជួបគ្នា ក្នុងស្មារតីនៃមហាសាមគ្គីគ្រួសាររបស់យើង។

សូមអរគុណចំពោះការស្វាគមន៍បដិសណ្ឋារកិច្ចដល់ខ្ញុំ និងគណៈប្រតិភូ តាំងពីម្សិលមិញ ដែលចុះមកដល់ក៏មានការជួបជុំគ្នា។ អរគុណចំពោះការសម្ដែងមតិគាំទ្រទៅដល់រាជរដ្ឋាភិបាល។ នៅថ្ងៃមិញនេះ ខ្ញុំឃើញមានភាពគគ្រឹកគគ្រេង ហើយជាសារមួយសំខាន់ជាពិសេសទៅឱ្យសាធារណៈរបស់អូស្រ្តាលី អំពីមិត្តភាពកម្ពុជា-អូស្ត្រាលី ក៏ដូចជាការគាំទ្រទៅដល់គោលនយោបាយវិជ្ជមាន និងសមិទ្ធផលវិជ្ជមាន ដែលរាជរដ្ឋាភិបាលខិតខំកសាង និងថែរក្សាមកដល់ម៉ោងនេះ។

អ៊ំពូមីង បងប្អូនដឹងហើយ អ៊ំ ពូមីងខ្លះចេញពីកម្ពុជាមក មិនមែនដូចក្មេងៗ ឬក្មួយៗចេញមកឥឡូវនេះទេ។ អ៕ំពូមីងចេញពីប្រទេសក្នុងដំណាក់កាលប្រទេសបែកបាក់។ មិនដឹងថា បានទៅស្រុកខ្មែរផងដែរឬទេ។ ពេលអ៊ំ ពូមីង ចេញមកក្នុងទសវត្សរ៍ទី៧០-៨០? ប្រទេសយើងនៅវាយគ្នានៅឡើយ។ ខ្ញុំជួបអ៊ំ ពូមីង បងប្អូននៅច្រើនប្រ​ទេសណាស់ ដូចតែគ្នាទេ។ ទសវត្សរ៍ទី៨០ មិនដឹងថា មានឱកាសទៅរកបងប្អូនឬអត់ ទៅលេងស្រុកវិញឬអត់ ព្រោះពេលនោះកំពុងតែវាយគ្នាខ្លាំង។ មិនដឹងស្រុកទេសទៅជាយ៉ាងណា។ តែឥឡូវ អ៊ំ ពូមីងបានអញ្ជើញទៅលេងស្រុកខ្មែរ អាចស្គាល់ស្រុកខ្មែរ មើលតាមទូរស័ព្ទឃើញការរីកចម្រើន(របស់ប្រទេស)។

(១) សម្តេចតេជោនិងថ្នាក់ដឹកនាំគណបក្សប្រជាជន បានដឹកនាំរាជរដ្ឋាភិបាលនិងបញ្ចប់សង្គ្រាម

នៅទីនេះត្រជាក់ ក៏រត់ទៅខែក្ដៅនៅស្រុកខ្មែរ។ ខែចេត្រយើងក្ដៅ បន្ដិចទៀតចូលឆ្នាំហើយ នេះកំពុងតែត្រជាក់ អញ្ចឹងអាចអញ្ជើញទៅលេងស្រុកខ្មែរពេលចូលឆ្នាំនេះបាន។ ប៉ុន្តែ ខ្ញុំភ្ជាប់មកវិញ ក្ដៅនេះគឺក្ដៅខែចេត្រ មិនមែនក្ដៅដោយសារសង្រ្គាមទេ។ អញ្ចឹង អ៊ំពូមីងប្រាកដជាយល់ច្បាស់អំពីតម្លៃនៃសន្ដិភាព ហើយអ្នកណាជាអ្នកដែលខំបញ្ចប់សង្រ្គាម (បង្កើត)នយោបាយឈ្នះឈ្នះ ដើម្បីឱ្យយើងអភិវឌ្ឍ។ គឺសម្ដេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល ៤០ឆ្នាំជាងនេះ ដែលយើងអាចបញ្ចប់សង្រ្គាមបាន។ អ៊ំ ពូមីង ដែលចេញទៅសម្ដែងមតិគាំទ្រសន្ដិភាពនេះគឺជាសារមួយដែលសំខាន់។ អត់មានសន្ដិភាព អត់មានអ្វីទាំងអស់ អត់មានសន្ដិភាព យើងមិនដឹងទៅផ្ទះបានអត់ផង។ អត់មានសន្ដិភាព សួរតែបងប្អូនយើងនៅស្រុកខ្មែរប៉ុន្មាននាក់ដែលអាចស្លាប់ដោយសារសង្រ្គាម? អញ្ចឹងការចេញសារគាំទ្រនូវការអភិវឌ្ឍប្រទេស សុខសន្ដិភាពនេះ គឺជាសារសំខាន់។ ខ្ញុំសូមអរគុណណាស់ចំពោះការបញ្ចេញនេះ ឱ្យពិភពលោកបានដឹងថា ខ្មែរនៅទីណាក៏ដោយ ក៏យល់អំពីតម្លៃសន្ដិភាព និងឱ្យតម្លៃសន្ដិភាពនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ អ៊ំពូមីងរស់នៅទីនេះ កូនកើតនៅទីនេះ ប្រទេសអូស្រ្តាលីមិនកើតសង្រ្គាម ប្រទេសញូវហ្សេលេនមិនកើតសង្រ្គាម ប៉ុន្តែបើកើតសង្រ្គាមនៅស្រុកខ្មែរ ប្រាកដជាអ៊ំពូមីងអត់បានទៅ …។

(២) ស្មារតីនៃការរួបរួមគ្នា មានតម្លៃមិនអាចកាត់ថ្លៃបានសំរាប់សុខសន្តិភាពនៃជាតិ

ខ្ញុំបានចេញទៅ(រៀនសូត្រនៅ)ក្រៅប្រទេសជាច្រើនឆ្នាំ​ បានជួបជាមួយអ៊ំពូមីង បងប្អូននៅគ្រប់កន្លែង។ កត្តាសំខាន់មួយដែលអ៊ំពូមីង បងប្អូនជួបគ្នានៅថ្ងៃនេះ គឺចង់ដឹងព័ត៌មានអំពីស្រុកយើង។ មែនទេ? ការវិវត្តយ៉ាងម៉េច? ឥឡូវឃើញច្រើនហើយ។ ពីទសវត្សរ៍ទី៨០-៩០ មិនសូវទាន់មានហ្វេសប៊ុក មិនទាន់ដឹងអីប៉ុន្មានទេ។ ប៉ុន្តែច្បាមរក។ ឥឡូវ ទោះបីជាបានឃើញព័ត៌មានតាមហ្វេសប៊ុកតាមអីក៏ដោយ ប៉ុន្តែក៏ចង់ស្ដាប់ឮ ហើយជាពិសេសពីប្រមុខរាជរដ្ឋាភិបាលដើម្បីបញ្ជាក់ថា តើធ្វើអ្វីខ្លះដើម្បីប្រទេសជាតិរបស់យើង ប្រជាជនរបស់យើង? ដូចដែលសម្ដេចតេជោធ្លាប់អញ្ជើញមកជួបជាមួយនឹងប្រជាពលរដ្ឋនៅទីនេះ ក៏បងប្អូនបានចូលរួមច្រើន។ ជួបជុំគ្នាថ្ងៃនេះ គឺមិនមានអ្វីក្រៅពីបង្ហាញនូវសាមគ្គីផ្ទៃក្នុង​ សាមគ្គីជាតិរបស់ខ្មែរយើង មិនថានៅទីណា មិនថាមកពីក្នុងប្រ​ទេស​ ឬមកពីប្រទេសណា … អញ្ចឹងបានជាថា ស្មារតីនៃការរួបរួមគ្នានេះជាអ្វីដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខសន្ដិភាព និងប្រទេសជាតិរបស់យើង។ នេះហើយគឺជាអ្វីដែលសំខាន់ ដែលយើងទាំងអស់គ្នាបង្ហាញនៅថ្ងៃនេះ ពីវត្តមាននៃការជួបជុំគ្នានៅថ្ងៃនេះ។

(៣) បញ្ចេញមតិទាំងគាំទ្រនិងមិនគាំទ្រ ប្រកបដោយសីលធម៌ និងគុណធម៌

សូមអរគុណចំពោះសីលធម៌ និងគុណធម៌ក្នុងការបញ្ចេញ(មតិ)ដោយរៀបរយ។ សិទ្ធិនៅក្នុងការបញ្ចេញមតិ អត់មានអ្នកណាហាមទេ។ ​ចង់បញ្ចេញមតិគាំទ្រ បញ្ចេញមតិមិនគាំទ្រ គឺជារឿង​ធម្មតា។​ យើងអនុវត្តសិទ្ធិសេរីភាពបញ្ចេញសិទ្ធិ ដោយគោរពគ្នាទៅវិញទៅមក។ យើងមិនបានហៅអ្នកដែលមកបាតុកម្ម ថាអ្នកហ្នឹងអញ្ចេះអញ្ចុះទេ … យើងនិយាយតែពីស្មារតីរួមគ្នា។ យើងអត់ថាអ្នកនេះគេទិញយកមក អ្នកនោះទៅទិញមកទេ។ យើងគោរពគ្នា។ ទស្សនៈខុសគ្នា គោរពគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា រស់នៅក្នុងប្រទេសប្រជាធិបតេយ្យ។ នៅនេះ យើងមានគណបក្ស​ Liberal និង Labor ចែកគ្នា ប្រជែងគ្នារើសគោលនយោបាយ។ តែគេគោរពគ្នាក្នុងនាមជាជាតិ និងសិទ្ធិសេរីភាព។ យើងដូចគ្នា។ ដឹងហើយ ការបញ្ចេញមតិ និងការគោរពគ្នាថ្ងៃមិញ ដែលបងប្អូនបានបញ្ចេញនេះ គឺខ្ញុំសូមអបអរសាទរ ហើយអរគុណណាស់ចំពោះកិច្ចការនេះ។ នេះបង្ហាញអំពីភាពចាស់ទុំនៃការយល់ដឹងអំពីសិទ្ធិសេរីភាពរបស់យើង។

(៤) ប្រកាន់ស្មារតីសាមគ្គី គោរពគ្នាទៅវិញទៅមក មិនខ្មាសប៉ូលីសបរទេស និងមិនបែកបាក់គ្នា

ខាងរាជរដ្ឋាភិបាលមិនមានបំណងឱ្យមនុស្សទៅឈ្លោះគ្នានោះទេ។ គ្មានផលប្រយោជន៍អី។ មានអ្នកសួរខ្ញុំថា ម្សិលមិញ មានការប្រមូលគ្នា ១០០-២០០ នាក់ធ្វើបាតុកម្ម។ មួយម៉ាត់ណាក៏ជេរខ្ញុំដែរថា “ផ្ដាច់ការ”។ អ្នកដែលចូលរួមនៅថ្ងៃនេះ ត្រូវបានគេលាបពណ៌ថាជាអ្នកបម្រើជនផ្ដាច់ការ។ ទៅជាអញ្ចឹងឆ្កុយ។ ម្សិលមិញ មានអាចារ្យណាមួយមកពីអូស្រ្តាលី អតីតអាចារ្យទេ ឡើងកាន់មេក្រូ ជេរខ្ញុំថាជាយួន។ តាមដំណើរចុះ។ តាមខ្ញុំដឹង អាចារ្យហ្នឹងធ្លាប់នៅវត្តមួយ ដល់ក្រោយមកមានរឿងកិបកេងលុយ គេដេញចេញ។ រឿងនេះ រឿងរបស់គាត់ ប៉ុន្តែគាត់មកជេរ(រដ្ឋាភិបាល)។ គេសួរថា អ្នកគាំទ្រយើងរាប់ពាន់នាក់ ម៉េចក៏មិនចេញសារដាក់វិញទៅ ខ្លាំងជាងគេផង មួយគុណនឹងដប់។ ខ្ញុំប្រាប់ថា និយាយពីរឿងក្ដៅ ខ្ញុំធ្លាប់ក្ដៅជាងនេះទៀតឯណោះ។ កាលខ្ញុំមកអូស្រ្តាលី ឆ្នាំ២០១៦ បាន(ជាហេតុការណ៍)ក្ដៅ។

បងប្អូនណាខ្លះចូលរួមកម្មវិធីនៅសណ្ឋាគារ Annabelle(?)។ កាលនោះ ពួកគាត់មិនមែននៅចម្ងាយ ២គីឡូដីដូចអញ្ចេះទេ គឺនៅមុខហ្នឹងតែម្ដង ហើយជេរសុទ្ធតែខ្មោចស៊ីពែរ។ បងប្អូនអ៊ំពូមីងខ្លះក្ដៅចិត្តថា “ឯងមកចូលរួមកម្មវិធីជារឿងសិទ្ធិឯង មកជេរឯងខ្មោចស៊ីពែរ។ មើលងាយម្លេះ។ ចង់រកទៅរឿង”។ កុំអី! ត្រជាក់ៗ ព្រោះគ្មានបានផលប្រយោជន៍អីទេ។ យើងប្រកាន់ស្មារតីសាមគ្គី យើងប្រកាន់ស្មារតីត្រជាក់។ (មាន)សិទ្ធិ​ធ្វើអ្វីធ្វើចុះ កុំឱ្យតែប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋយើង កុំមកវាយកម្ទេចឡានគាត់។ នេះគឺជាការគោរពគ្នាទៅវិញទៅមក។ អញ្ចឹងបានថា ហេតុអ្វីបានជាខ្ញុំទ្រាំដល់រាល់ថ្ងៃ។ ខ្ញុំអត់ឈឺក្បាលផង ខ្ញុំធ្លាប់ក្ដៅជាងហ្នឹងទៀត។ បើនៅ Adelaide បានក្ដៅមែនទែន។

សួរថា វាចំណេញអីបើកំហឹងទល់កំហល់ហ្នឹង? ទី១ វាធ្វើឱ្យខាត។ បានន័យថា ខ្មែរៗទៅស្រែកដាក់គ្នានៅលើទឹកដីអូស្រ្តាលី។ ខ្មាសប៉ូលីសអូស្រ្តាលី។ ទី២ បង្កើតជាអី? បង្កើតជាហេតុដែលមិត្តភក្ដិធ្លាប់ស្គាល់គ្នាម្នាក់ ម្នាក់ចូលទៅនេះ ​ម្នាក់ចូលទៅនេះ នាំឱ្យមើលមុខគ្នាមិនត្រង់។ វាចំណេញស្អី? អញ្ចឹងខ្ញុំថា ការប្រកាន់យកការរៀបចំរបៀបយើងនេះ … គឺប្រកាន់ស្មារតីរួបរួមគ្នា ចូលមកគោរពគ្នាទៅវិញទៅមក គេ(ធ្វើអី)រឿងរបស់គេ … យើងទៅដល់ផ្ទះត្រជាក់​ គេងលក់ស្រួល។ អញ្ចឹងបានជាកិច្ចការដែលយើងបានធ្វើ ជាកិច្ចការដែលល្អ។

ជាថ្មីម្ដងទៀត សូមអរគុណណាស់ ចំពោះអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋយើងដែលបានចូលរួម និងបានសម្ដែងមតិយ៉ាងផុសផុលលើទឹកដីអូស្រ្តាលីអំពីតម្លៃនៃសន្ដិភាព អំពីតម្លៃនៃការអភិវឌ្ឍប្រទេស ដែលខ្មែរគ្រប់គ្នានៅគ្រប់ប្រទេសទាំងអស់ ជាពិសេស អ្នកដែលឆ្លងកាត់ការបែកបាក់ដោយសារសង្រ្គាម​ ឱ្យតម្លៃបំផុត ហើយរួមគ្នាថែរក្សា​ឱ្យបានជាប្រចាំ។

(៥) កម្ពុជាតូច ធនធានមានកម្រិត តែជោគជ័យរក្សាជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩

ទាក់ទងនឹងកិច្ចការដែលអ៊ំពូមីង បងប្អូនមកទីនេះ ប្រហែលជាចង់បាន ចង់ឃើញ ចង់ស្ដាប់ឮ អំពីគោលការណ៍ និងការវិវត្តនៅក្នុងប្រទេសរបស់យើង នៅក្នុងរយៈពេលថ្មីៗនេះ និងទិសដៅទៅមុខថា តើប្រទេសយើងយ៉ាងម៉េច ជាពិសេសក្រោយពីបើកប្រទេសឡើងវិញ បន្ទាប់ពីកូវីដ-១៩។ យើងអាចនិយាយបានថា ប្រទេសកម្ពុជាតូចពិត ធនធានមានកំណត់ ប៉ុន្តែការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩​ ថែរក្សាជីវិតប្រជាពលរដ្ឋយើង និងជីវភាពរស់នៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ កាលពីឆ្នាំ២០២០ ២០២១ (ពិតជាមានប្រសិទ្ធភាព)។ (ជំងឺកូវីដ១៩)ដែលចាប់ផ្ដើមពីឆ្នាំ២០១៩ បានរីកខ្លាំងនៅកម្ពុជានៅឆ្នាំ២០២០ និង២០២១។ សម្ដេចតេជោបានដឹកនាំដោយប្រសិទ្ធភាពការពារប្រជាពលរដ្ឋយើង ហើយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រ​ដាប់អាវុធទាំងមូល រួមគ្នានៅក្នុងទប់ស្កាត់នេះបានជោគជ័យ។

អ៊ំពូមីង បងប្អូន! គ្មានអ្វីថ្លៃជាងជីវិតទេ។ សូមមើល និងវាយតម្លៃថានៅជុំវិញហ្នឹង អ្វីដែលថ្លៃជាងគេ? ហ្វេសប៊ុក? (សើច) តែអ្វីដែលថ្លៃនៅជុំវិញខ្លួនយើងនេះ? ខ្យល់។ តិចថា​ អេក្រង់ហ្នឹងថ្លៃ។ អត់ទេ … តិច(ថាអត់អីដកដង្ហើម)។ អាហ្នឹងហ្វ្រ៊ី តែថ្លៃគឺជីវិត។ ពេលដែលយើងមានហានិភ័យខ្ពស់ បានយើងដឹងពីតម្លៃ។ ពេលដែលខ្យល់ទៅអស់ បានយើងដឹងថាខ្យល់មានតម្លៃប៉ុណ្ណា។ នៅពេលធ​ម្មតា យើងមិនចាប់អារម្មណ៍ទេ។ ឥឡូវ សូម្បីទូរស័ព្ទដៃ ក៏យើងអត់ដឹងតម្លៃវាទេ។ ដល់ពេលបាត់វា បានដឹងថាទិន្នន័យទាំងអស់នៅក្នុងហ្នឹង។ ឥឡូវភាគច្រើនប្រ​ហែលដូចជាខ្ញុំដែរ ពេលដែលយើងចេញទៅណាអត់យកទូរស័ព្ទទៅដូចបាត់អ្វីមួយ ព្រោះឥឡូវវាទៅជាដៃគូនឹងយើងម្នាក់ៗ ទៅហើយ។

(៦) ក្នុងរយៈពេលជាង ៤០ឆ្នាំ សង្គ្រោះជីវិតប្រជាជនកម្ពុជា ៣ លើក

អញ្ចឹងជីវិតថ្លៃណាស់។ ជីវិតជាគោលដៅសំខាន់នៅក្នុងការជួយសង្រ្គោះ ៤០ឆ្នាំមកនេះ។ យើងធ្វើ ៣ដង។ ទីមួយ ថ្ងៃ ៧ មករា ១៩៧៩ រំដោះចេញពីរបបប្រល័យពូជសាសន៍។ ទីពីរ គោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ គឺឈប់ឱ្យខ្មែរសម្លាប់គ្នា។ ហ្នឹងជួយជីវិតធំណាស់។ បើនៅវាយគ្នារាល់ថ្ងៃ ប្រាកដជាមានអ្នកស្លាប់ អ្នករបួសហើយ។ មែនទេ? តែដោយសារបញ្ចប់សង្រ្គាម បានយើងជួយជីវិត ជួយបង្ការមិនឱ្យស្លាប់ទៀត អាចដោះមីនបាន ហើយជួយធំមួយទៀតដែលផ្ទាល់ហ្នឹង គឺកូវីដ–១៩ ហ្នឹងឯង។ អញ្ចឹងបានយើងដោះស្រាយបញ្ហានេះបាន។ រហូតមកដល់ឆ្នាំ២០២២ យើងមានការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២៣ យើងបោះឆ្នោតថ្នាក់ជាតិ ដែលឃើញថា ប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ គណបក្សប្រជាជនកម្ពុជាលើសលប់ គឺដោយសារការអនុវត្ត ចាត់វិធានការជាក់ស្ដែង ប្រសិទ្ធភាព ជួយជីវិតប្រជាជនពីកូវីដ-១៩ និងជួយសង្រ្គោះចេញពីគ្រោះទុរភិក្ស និងឱ្យរីកចម្រើននៅក្នុងប្រទេស។

(៧) ពលរដ្ឋគាំទ្រការដឹកនាំរបស់សម្តេចតេជោតាមរយៈសន្លឹកឆ្នោតនៅថ្ងៃ ២៣ កក្កដា ២០២៣

ជួយទាំងសុខភាព មិនឱ្យស្លាប់ កូវីដ-១៩ស៊ីសួត ជួយទាំងទប់មិនឱ្យដាច់ពោះ ព្រោះកូវីដ-១៩ មិនត្រឹមស៊ីតែសួតទេ ស៊ីទាំងក្រពះទៀត។ អាចារ្យចង់ដាច់បាយម្ដងៗ ដោយសារមិនមានការរៀបការ។ ភ្នួងក៏ចង់ដាច់បាយដែរដោយ​សារកូវីដ-១៩ ហើយបើបងប្អូននៅក្នុងវិស័យទេសចរណ៍នៅសៀមរាប ស្ងាត់ឈឹងតែម្ដង។ ឥឡូវចាប់ផ្ដើម(មានទេសចរ)ឡើងវិញ តែពេលនោះ រដ្ឋក៏បានចេញថវិកាដើម្បីជួយប្រជាពលរដ្ឋដែលបាត់ការងារមួយចំនួន ច្រើនជាងចំណាយច្រើន។ តាំងពីឆ្នាំ២០២០ មកដល់ឥឡូវនេះ យើងបិទបញ្ចប់(ការជួយ) ប្រជាពលរដ្ឋ ៧០ម៉ឺនគ្រួសារដែលរងផលប៉ះពាល់ដោយសារកូវីដ–១៩ រដ្ឋ​ចំណាយជាង ១៣០០លានដុល្លារ ដើម្បីជួយផ្ដល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋប្រចាំខែ ការជួយផ្សេងៗ រួមទាំងទប់ទល់អតិផរណាអីផ្សេងៗ។ ហ្នឹងហើយបានជាឈានទៅដល់ជោគជ័យក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ប្រជាពលរដ្ឋបានឃើញ និងឱ្យតម្លៃទៅលើអ្វីដែលរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ គ្រប់ថ្នាក់(ដឹកនាំ) ព្យាយាមដោះស្រាយបញ្ហា និងជួយទៅដល់ប្រជាពលរដ្ឋ រក្សាលំនឹង ស្ថិរភាព …។

(៨) ៨២,៣% នៃអ្នកទៅបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន

ការបោះឆ្នោតនេះ យើងមាន ១៨ គណបក្សចូលរួម មានប្រជាពលរដ្ឋ ៩លាននាក់ ក្នុងចំណោម ១៧លាននាក់ បានចុះឈ្មោះបោះឆ្នោត។ អ្នកដែលបានទៅបោះឆ្នោតមាន ៨,២ លាននាក់ ស្មើនឹង ៨៩,៥៤%។ ជាអត្រាមួយខ្ពស់សម្រាប់ប្រទេសប្រជាធិបតេយ្យ (គិតពីចំនួនប្រជាពលរដ្ឋបានទៅ)បោះឆ្នោត។ ប្រទេសអាមេរិក ប្រទេសនៅអឺរ៉ុប ភាគច្រើនក្នុងរវាងតែ ៦០ទៅ៧០% គឺកម្របានឡើងខ្ពស់។ បើនៅអូស្រ្តាលី មានច្បាប់មួយ បើអត់ទៅបោះឆ្នោត ផាកពិន័យ ដូចជា ២០ដុល្លារ? ច្បាប់ហ្នឹងតាំងពីឆ្នាំ១៩២៤ ឯណោះ។ មិនទាន់ដកទេ។ អញ្ចឹង(ការបោះឆ្នោត)ជាកាតព្វកិច្ច។ ទោះបីជាបង់ ២០ដុល្លារក៏ដោយ ទោះជាមានច្បាប់ជាធរមាន អ្នកទៅបោះឆ្នោតនៅឆ្នាំ២០២២ ដែលយើងសិក្សាបានតែ ៨៩,៧៧% ទេ។ អញ្ចឹងអាចថាមានអ្នកខ្លះនៅក្រៅប្រទេសអី។ អញ្ចឹង(អ្នកចូលរួមបោះឆ្នោតនៅកម្ពុជាជា)អត្រាខ្ពស់។ ទី២ ការបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឱ្យ​សម្ដេចតេជោ គឺមាន ៦,៤ លាននាក់ ស្មើនឹង ៨២,៣% នៃអ្នកទៅបោះឆ្នោត។ តើលេខនេះ បានន័យថាម៉េច?

(៩) ការបោះឆ្នោតជាវិធីសាស្រ្តជ្រើសរើសមេដឹកនាំដោយប្រជាធិបតេយ្យនិងតាមរដ្ឋធម្មនុញ្ញ

បានន័យថា ប្រជាពលរដ្ឋយើងច្រើនលើសលប់យល់ថា ការបោះឆ្នោត គឺជាវិធីសាស្រ្តតែមួយគត់ ដែលអាចឱ្យប្រទេសយើងរើសអ្នកដឹកនាំ ផ្អែកលើមូលដ្ឋានប្រជាធិបតេយ្យ ផ្អែកទៅលើមូលដ្ឋាននៃសុខសន្ដិភាព មិនមែនតាមរយៈរដ្ឋប្រហារ មិនមែនតាមរយៈប្រដាប់អាវុធដូចយើងធ្លាប់​ពីឆ្នាំ១៩៧០–៧៥ នោះទេ។ នេះជាសារធំណាស់ ដែលថាការវិវត្តនៃបោះឆ្នោតនេះ គឺការវិវត្តនៃរបបលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋច្រើនលើសលប់ផ្ដល់ការគាំទ្រនិងទុកចិត្ត។ នេះជាសារដែលយើងត្រូវបន្ត។ មានអ្នកប្រមូលប្រជាពលរដ្ឋ បបួលទៅបះបោរ ទៅផ្ដួល ទៅធ្វើនេះធ្វើនោះ។ ប៉ុន្តែប្រជាពលរដ្ឋមិនទៅ។ បន្តិចៗក៏សន្យាថានឹងត្រឡប់មកអូសមនុស្សអោយចូលរួមផ្ដួលរដ្ឋាភិបាល តាមរយៈបដិវត្តន៍ប្រជាជន អំណាចប្រជាជន។ តែប្រជារាស្ត្រមិនចូលរួម។ តែនៅពេលបោះឆ្នោត ប្រជាពលរដ្ឋយើងច្រើនលើសលប់ទៅបោះឆ្នោត។ ប្រជាជនខ្មែរបច្ចុប្បន្នច្រើនលើសលប់ទទួលស្គាល់ការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ … ខ្ញុំអរគុណបងប្អូនប្រជាពល​រដ្ឋយើងនៅក្រៅប្រទេស ដូចជាអូស្ដ្រាលី និងញូហ្សេលេន ដែលកន្លងទៅមានចេញសារគាំទ្រដល់ការអភិវឌ្ឍប្រ​ទេស ការថែរក្សាសុខសន្តិភាព ការមិនធ្វើសកម្មភាពដែលខុសនាំឱ្យបាត់បង់ស្ថិរភាព សន្តិភាព និងជាពិសេស(គឺ)ការគាំទ្រដល់ការបោះឆ្នោត។ (ខ្លះ)ចេញសារ និងបងប្អូនខ្លះបានទៅបោះឆ្នោតផ្ទាល់។ មានប៉ុន្មាននាក់ទៅបោះឆ្នោតនៅស្រុកខ្មែរ? មានខ្លះ …។

(១០) ថ្វីបើកូវីដ–១៩ ធ្វើឱ្យសេដ្ឋកិច្ចចុះថយ មិនអាចឲ្យបាត់សន្តិភាពដាច់ខាត

បញ្ហាកូវីដ–១៩ បញ្ហាអតិផរណាពិភពលោក ធ្វើឱ្យសេដ្ឋកិច្ចយើងថយ។ ទោះបីសេដ្ឋកិច្ចយើងយឺត ប៉ុន្តែមិនអាចឱ្យបាត់សន្តិភាពក្នុងប្រទេសនោះទេ។ តម្លៃអចលនទ្រព្យដែលធ្លាប់ឡើងខ្ពស់ ឥឡូវបានថយបន្តិច។ វាយឺតបន្តិច។ កុំចង់បានដីតម្លៃ Free។ ដូចនៅអ៊ុយក្រែន Free ក៏អត់មានអ្នកយកដែរទេ។ តំបន់ជាច្រើន កំពុងត្រូវបានដោះមីននៅតាមព្រំដែន ហើយធ្វើចម្ការ។ កាលពីនៅវាយគ្នា ឱ្យ Free មិនយកផង។ ខ្ញុំចាំផ្លូវជាតិលេខ៤ កាលពីទសវត្សរ៍ទី៨០ គឺអត់មនុស្សនៅ។ គេយកប្រជាពលរដ្ឋទៅដើម្បីចែកដីនៅតាមផ្លូវហ្នឹង តែទីបំផុតរត់មកវិញ ព្រោះកន្លែងវាយគ្នា។ តែឥឡូវផ្លូវជាតិលេខ ៤ថ្លៃ។ ខ្ញុំអត់ដឹងប៉ុន្មាន ខ្ញុំមិនមែនហាងឆេងទេ។ កន្លែងហ្នឹងជាកន្លែងដែលអាចភ្ជាប់រវាងភ្នំពេញនិងកំពង់សោម។ បន្តិចទៀតយើងធ្វើផែធ្វើអី មានរោងចក្រពេញហ្នឹង។

(១១) ក្រោយបោះឆ្នោតខែកក្កដា ២០២៣ ប្រជាពលរដ្ឋជឿទុកចិត្តថាប្រទេសមិនមានភាពក្រឡាប់ចាក់

ការថែរក្សា(សន្តិភាព)នេះសំខាន់។ ការចូលរួមរបស់បងប្អូនគឺជាកិច្ចការសំខាន់។ កាលពីបោះឆ្នោតមុនៗ ខ្លះជិតបោះឆ្នោតនៅចាំមើលសិន។ បោះឆ្នោតហើយចាំមើលកើតអី? ពេលខ្លះបោះឆ្នោតហើយគឺមួយឆ្នាំមិនទាន់ចេញ(រដ្ឋាភិបាល)ផង នៅតវ៉ាឈ្លោះគ្នា។ ក​ន្លែងខ្លះឈានទៅដល់អំពើហិង្សាផ្សេងៗ។ តែបោះឆ្នោតលើកនេះ (ក្រោយបំពេញកាតព្វកិច្ច) ប្រជាពលរដ្ឋចេញទៅកំពង់សោមតាមផ្លូវល្បឿនលឿនធ្វើឱ្យកកស្ទះ។ ដោយសារអី? ដោយ​សារប្រជាពលរដ្ឋមានជំនឿទុកចិត្តថាប្រទេសយើងមិនក្រឡាប់ចាក់ទៅណាទេ។ បោះឆ្នោតពេលព្រឹកហើយ ទុកផ្ទះចោល នាំកូន/ចៅទៅលេងកំពង់សោម។ មិនមែននាំកូនចៅវេចបង្វិចទៅតាមរកផ្លូវរត់ទេ ទៅលេង។ ខ្ញុំមើលរូបថតល្ងាចថ្ងៃ ២៨-២៩ ខែកក្កដា ជិត២ម៉ឺនឡានស្ទះនៅផ្លូវហាយវេ។ នេះគឺជាអ្វីដែលជាកត្តាសំខាន់ នៅក្នុងការធា​នានូវសន្តិសុខ សន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋរបស់យើង គឺភាពមិនខ្លាចបាត់បង់នូវស្ថិរភាព។ ភាពមិនខ្លាចបាត់បង់នូវអ្វីដែលអ៊ំ ពូ មីង ធ្លាប់ឆ្លងកាត់ ដែលថាយើងត្រូវធ្វើអី ថ្ងៃណាត្រូវធ្វើយ៉ាងម៉េច លុយដាក់ធនាគារឬដាក់នៅក្រោមក្រឡ ក្រែងលោមានអីកើតឡើង …។

ថ្ងៃមួយ ខ្ញុំបានជួបទូតអាមេរិកាំង។ ជួបខ្ញុំពីអាណត្តិមុន គាត់ថាថ្ងៃមុនគាត់ទៅកាត់សក់នៅផ្សារកណ្ដាល។ អ្នកកាត់សក់យើងនៅតាមផ្លូវទេ មិនមែនហាងធំទេ។ គាត់(មាន)តូបមួយនៅផ្លូវ។ គាត់សួរលេងថា អ្នកឯងបានកាត់ហើយ លុយយកទៅណាខ្លះ? គាត់ថាគាត់ចាយប្រចាំថ្ងៃមួយផ្នែក មួយផ្នែកទៀតគាត់បើកគណនីដាក់លុយសន្សំឲ្យកូនរៀន។ កូនគាត់៦ ទៅ៧ឆ្នាំ។ ទម្រាំវាធំ យើងអាចសន្សំមួយចំនួនបាន។ ឥឡូវសំណួរសួរអ៊ំពូមីង បើគ្មានជំនឿទុកចិត្តថាប្រទេសយើងអាចនៅ(មាន)ស្ថិរភាព គាត់មិនបើកដាក់លុយនៅធនាគារទេ គាត់ពិតជាសន្សំនៅផ្ទះ។ នេះមិនមែនថាអ្នកមានជីវភាពអីធូរធារខ្លាំងទេ។ បងប្អូនធម្មតា។ គាត់ជឿទុកចិត្តហើយគាត់ក៏ចាំបាច់ត្រូវការស្ថិរភាពដើម្បីគាត់រកប្រកប(របរចិញ្ចឹម)ជីវិតបាន។

(១២) កុំអោយបាត់បង់ស្ថេរភាពនិងសន្តិភាព

នេះជាការជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលរបស់យើងនៅក្នុងការថែរក្សាសុខសន្តិភាព … អ្នកខ្លះគេថាសន្តិភាពខ្មោច សន្តិភាពអី។ ខ្ញុំមិនដឹងទេ ពាក្យហ្នឹងអាចលឺរាល់ថ្ងៃ អាចធុញ ប៉ុន្តែកុំឱ្យវាបាត់។ ខ្យល់យើងអត់ឱ្យតម្លៃវាទេ ប៉ុន្តែកន្លែងខ្លះចូលទៅ ដើរកន្លែងជិតលូ ខ្យល់ហ្នឹងវាធ្វើឱ្យធុំក្លិនស្អុយ។ សន្តិភាពដូចគ្នា។ ទៅណាក៏ឃើញតែបដា ទៅណាក៏ឃើញ(អរគុណសន្តិភាព) គឺកុំឱ្យបាត់វាឱ្យសោះ។ បើបាត់ពិបាក។ ដូចកាលពីមុន ទៅចិន គេលក់ខ្យល់ ខ្ញុំសើចចិន។ ឡើងទៅភ្នំមួយកម្ពស់ជិត ៥ពាន់ម៉ែត្រ។ នៅខាងក្រោមគេលក់ដបខ្យល់។ ខ្ញុំសើច។ មួយដប ១ដុល្លារ​។ នៅចិនលក់ខ្យល់ ​ពូកែម្លេះ។ ខ្ញុំថាអត់ទិញទេ។ ខ្ញុំកីឡាអីប៉ុណ្ណឹងដែរ មិនខ្ចីទិញ។ តែអ្នកនាំផ្លូវទៅគេទិញទុកឱ្យយើង។ ដល់ពេលយើងឡើងដល់កម្ពស់ ៤ពាន់ម៉ែត្រជាង ឡើងជណ្ដើរចាប់ផ្ដើមរមួលក្រពើ។ ដើរទៅចាប់ផ្ដើមស្រវាំងភ្នែក ដោយសារនៅខាងលើមានអុកស៊ីសែនតិច។ អ្នកនាំផ្លូវគេញញឹម ហើយហុចដបខ្យល់មកឱ្យ​​។ ដំបូងថាមិនអីទេ ដល់យូរទៅ យកមកដែរ។ ដាក់មួយខ្សឺតទៅ បាត់ស្រវាំងភ្នែក។ បានដឹងថាគេលក់ត្រូវ។ ដែលខ្ញុំនិយាយនោះ អ្វីដែលមានតម្លៃបំផុតគឺស្ថិរភាពដែលយើងមានអាចបង្ក(ការ)ជួបជុំគ្នាទៅលេងស្រុកខ្មែរបាន …។

(១៣) កម្ពុជានិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសេវាអាកាសចរណ៍

ខានស្អែកនេះ យើងនឹងចុះហត្ថលេខាមួយជាមួយអូស្ដា្រលី ដោយ(រដ្ឋមន្ត្រីការបរទេស)ឯកឧត្តម សុខ ចិន្តាសោភា និងលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងសេវាអាកាសចរណ៍បន្ថែមទៀត។ ចប់ពីការបោះឆ្នោតនោះចេញមក ថ្មីៗនេះ ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ យើងទើបមានការបោះឆ្នោតព្រឹទ្ធសភា។ លទ្ធផលអាចប្រកាសជាផ្លូវការនៅដើមខែមេសា។ ឃើញហើយលទ្ធផល។ ក្នុងនោះគណបក្សប្រជាជនបាន ៥៥ លើ ៥៨ កៅអី។ គណបក្សឆន្ទៈខ្មែរបាន ៣ អាសនៈ។ នៅមានបេក្ខជន ៤រូបទៀត ដែល២រូបត្រូវសភាបោះឆ្នោត និង២រូបស្នើឡើងដោយព្រះមហាក្សត្រ។ យើងដំណើរការទៅបានដោយរលូន។ សំខាន់សួរថាក្រោយបោះឆ្នោត វាយ៉ាងម៉េច? ប្រជាជនបានដូចបំណងអត់? ប្រជាជនគិតថារដ្ឋាភិបាលអាចបន្តសកម្មភាព និងឱ្យតម្លៃយ៉ាងណា។

(១៤) រដ្ឋាភិបាលអាយុ ១៩០ថ្ងៃ ត្រូវបន្តអូសរទេះដែលដឹកមក ៤០ឆ្នាំទៅមុខដោយនិរន្តរភាព

ការបោះឆ្នោតខែកក្កដា (ឆ្នាំ២០២៣) នាំទៅដល់ការបង្កើតរាជរដ្ឋាភិបាលថ្មីនៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣។ បើគិតមក(ដល់)ថ្ងៃនេះ យើងបាន ៦ខែ ១០ថ្ងៃគត់។ យើងថា ១៩០ថ្ងៃ ក្រោម២០០ថ្ងៃ​។ ដូចកូនក្មេងទើប ៦ខែ តែកូនក្មេងនេះ អត់មានត្រូវការម្ដាយមើលថែទេ។ កូនក្មេងនេះកើតឡើងរត់ប្រុយតែម្ដង។ អត់មានជម្រើស ព្រោះត្រូវអូសរទេះហ្នឹងទៅមុខ។ រទេះដែលដឹក ៤០ឆ្នាំ តាំងពីបែកបាក់ដោយសារសង្គ្រាមមកធូរសប្បាយហើយ។ កូនក្មេងនេះត្រូវរត់អូសដើម្បីទៅមុខ ព្រោះមនុស្សច្រើនណាស់ ១៧លាននាក់នៅក្នុងរទេះដែលរង់ចាំ។ មិនអាចចោលសេដ្ឋកិច្ចបានទេ មិនអាចចោលសន្តិសុខ មិនអាចចោលសេវាជួយប្រជាពលរដ្ឋបានទេ។ យើងបានធ្វើសកម្មភាពជាបន្ត … ឯកឧត្តម លោកជំទាវ អ៊ំពូមីងបងប្អូន​ បានដឹងហើយ ការបោះឆ្នោតលើកនេះ​ជាកត្តាប្រវត្តិសាស្ត្រមួយ ដោយសារយើងមានការប្ដូរជួរថ្នាក់ដឹកនាំ មិនមែនតែនាយករដ្ឋមន្ត្រីទេ គឺដូរគណៈរដ្ឋមន្ត្រីមួយសឹងតែទាំងមូលតែម្ដង។ នៅលើនេះ មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ហង់ជួន ណារ៉ុន​ ដែលកាន់ក្រសួង។ ឯកឧត្តមធ្លាប់កាន់ក្រសួង នៅក្នុងនោះមានតែឯកឧត្តម ហង់ជួន ណារ៉ុន ទេ ដែលនៅរក្សាជារដ្ឋមន្ត្រីអប់រំ។ មានលោកជំទាវ ចម និម្មល មកដែរ(រដ្ឋមន្ត្រី)ក្រសួងពាណិជ្ជកម្ម។ ក្រសួងស្ថាប័នច្រើនត្រូវបានប្ដូរចង្កូត។ អ្វីដែលសំខាន់គឺនិរន្តរភាពនៃគោលនយោបាយនៅបន្ត ព្រោះគណបក្សប្រជាជនដាក់ចេញនូវគោលនយោបាយ។ ពេលបោះឆ្នោត យើងសន្យាជាមួយប្រជាពលរដ្ឋ ថាពេលដែលយើងជាប់ឆ្នោតយើងអនុវត្តគោលនយោបាយអី? ប្រជាពលរដ្ឋគាំទ្រ ហើយយើងចេញទៅ យើងអនុវត្តគោលនយោបាយនេះ ដើម្បីបន្តមាននិរន្តរភាព។

(១៥) អ្នកបោះឆ្នោតជាង ៨ លាននាក់ បានធ្វើអោយមានការដូរផ្លាស់ក្រុមដឹកនាំដោយរលូនជាប្រវត្តិសាស្ត្រ

ជាប្រវត្តិសាស្ត្ររបស់យើង តាំងពីដើមមក រាល់ពេលដែលដូររដ្ឋាភិបាល ឬអ្នកដឹកនាំ តែងតែមានសង្គ្រាម។ មុនហ្នឹងនោះគេឆ្ងល់ថា តើក្រោយពីការដឹកនាំរបស់សម្ដេចតេជោ និងថ្នាក់ដឹកនាំជំនាន់គាត់ តើប្រទេសទៅជាយ៉ាងណា? គេសួរប្រហែលជាចង់ ១០ឆ្នាំ ឬ ២០ឆ្នាំទៅហើយ។ ជាពិសេស ១០ឆ្នាំចុងក្រោយ។ សំណួរចោទសួររហូត ព្រោះគេធ្លាប់គិតថាស្រុកខ្មែរឱ្យតែដូររដ្ឋាភិបាលភាគច្រើនគឺសង្គ្រាម។ ពីព្រះករុណា ទៅសេនាប្រមុខ លន់ នល់ រដ្ឋប្រហារ។ ពី លន់ នល់ ទៅខ្មែរក្រហមគឺសង្គ្រាម។ វាយរំដោះខ្មែរក្រហមចេញ គឺសង្គ្រាម។ ប៉ុន្តែការប្ដូរក្រុមដឹក​នាំលើកនេះ គឺតាមរយៈសម្លេងការបោះឆ្នោតរបស់ប្រជាជន ហើយធ្វើបានដោយរលូន។ នេះគឺជាអ្វីដែលសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលយើងមានមោទនភាព។ ក្នុងនោះ អ្នកដែលចូលរួមធ្វើឱ្យបានគឺប្រ​ជាពលរដ្ឋរបស់យើងជាង ៨លាននាក់ ដែលបានទៅបោះទៅបោះឆ្នោតនេះឯង។

(១៦) រាជរដ្ឋាភិបាលធ្វើការស្ទង់មតិ ដើម្បីដឹងថាដើរត្រូវឬត្រូវកែសំរួល និងមានអ្វីទៀតដែលពលរដ្ឋចង់បាន

សួរថាតើរដ្ឋាភិបាលថ្មីនេះ ធានាយ៉ាងម៉េច? មកដល់ម៉ោងនេះ ដើរទៅណា? អ៊ំពូមីង បងប្អូនបានដឹងហើយ ការស្ទង់មតិមាន ២។ ការស្ទង់មតិមួយដែលថាឃើញច្បាស់ក្រឡែត គឺការបោះឆ្នោតពេលអាប៉ោងបើកគ្រប។ ប៉ុន្តែក្រៅពីថ្ងៃបោះឆ្នោត គឺប្រាកដជាមានការវាយតម្លៃតាមការស្ទង់មតិជាស្ថាប័នជំនាញផ្សេងៗ។ នៅអូស្ត្រាលីដូចគ្នា។ ត្រូវធ្វើការស្ទង់មតិរបស់រាជរដ្ឋាភិបាលដើម្បីឱ្យយើងដឹងថា ទី១យើងដើរត្រូវឬអត់? បើដើរមិនត្រូវ យើងកែសម្រួលយ៉ាងណា? ទី២ ដឹងថាតើគោលនយោបាយអីដែលប្រជាពលរដ្ឋចង់បាន​ កិច្ចការអីខ្លះដែលប្រជាជនចង់បាន។ យើងមិនមែនទាយទេ។ យើងគិតប៉ុន្តែយើងត្រូវប្រើវិទ្យាសាស្ត្រដើម្បីកំណត់ទិសដៅនយោបាយ។ ពេលដែលយើងដាក់ចេញគោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១ យើងក៏ស្ទង់មើលទៅហើយស្អីខ្លះប្រ​ជាជនចង់បាន ស្អីខ្លះដែលប្រជាជនចង់បន្តថែរក្សាឱ្យគាត់។ រដ្ឋាភិបាលមិនមែនកើតឡើងចេះតែធ្វើតាមការនឹកឃើញទេ។ យើងត្រូវដាក់ចេញគោលនយោបាយច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ តែកំណត់ទិសដៅតាមណា? កំណត់ទិសដៅដោះស្រាយជាកាតព្វកិច្ចឆ្លើយតបទៅនឹងតម្រូវ​ការពិតប្រាកដរបស់ប្រជាជន។ អញ្ចឹងទាល់តែសួរប្រជាជន។

(១៧) ការស្ទង់មតិទី១៖ ខែឧសភា ២០២៣ ប្រជាពលរដ្ឋ ៧៧% យល់ថារដ្ឋាភិបាលដឹកនាំតាមគន្លងត្រឹមត្រូវ

ដូចនេះ មួយសួរតាមការបោះឆ្នោត មួយទៀតគឺយើងមានការស្រាវជ្រាវជាប់ជាប្រចាំ។ ឯកឧត្តម លោកជំទាវ កន្លងទៅ យើងមានការធ្វើស្ទង់មតិដោយអង្គការជំនាញអន្តរជាតិជាឯកជនមួយ មានសមាសភាពពីអាមេរិក និងប្រទេសច្រើនធ្វើជាមួយគ្នា។ គាត់ធ្វើឱ្យគេច្រើនប្រទេស។ នៅស្រុកខ្មែរ គាត់ធ្វើឱ្យ ២ទៅ ៣ដងហើយ គឺត្រូវៗ ប៉ុន្មានអាណត្តិបោះឆ្នោតមកហើយ។ គេសួរប្រជាពលរដ្ឋរបស់យើងនៅក្នុងការស្ទង់មតិនោះថា តើរដ្ឋាភិបាលដឹកនាំប្រទេសទៅតាមទិសដៅគន្លងត្រូវឬខុស? បានន័យថាត្រូវអ្វីដែលប្រជាជនចង់បាន ឬខុសពីអ្វីដែលប្រជាជនចង់បាន។ គេធ្វើ ២ដង។ មួយធ្វើមុនបោះឆ្នោតខែកក្កដា(ឆ្នាំ២០២៣) កាលពីខែ៥ ឆ្នាំ២០២៣។ ពេលនោះឃើញថាប្រជាពលរដ្ឋដែលយល់ថារាជរដ្ឋាភិបាលបានដឹកនាំនៅលើគន្លងត្រូវមានរហូតទៅដល់ ៧៧%។ ធំណាស់។ សឹងតែ ៤នាក់ក្នុងចំណោម ៥នាក់ ទទួលស្គាល់ថារដ្ឋាភិបាលដឹកនាំ(ត្រូវអ្វីដែលគាត់ចង់បាន)។ អញ្ចឹងហើយបានលទ្ធផលបោះឆ្នោតច្រើនលើសលប់គាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ …។

(១៨) ការស្ទង់មតិទី២៖ ខែមករា ២០២៤ ពលរដ្ឋ ៨២% យល់ថារដ្ឋាភិបាលថ្មីដឹកនាំតាមគន្លងត្រឹមត្រូវ

សំណួរសួរថា រដ្ឋាភិបាលមុនមានបទពិសោធន៍ដឹកនាំហើយ តើប្រជាពលរដ្ឋមានភាពកក់ក្ដៅកម្រិតណាជាមួយរដ្ឋាភិបាលក្រោយការបោះឆ្នោត? តើរដ្ឋាភិបាលថ្មីនេះ បំពេញសេចក្ដីត្រូវការរបស់បងប្អូន ធានាសន្តិសុខ សុវត្ថិភាព ដាក់គោលនយោយបាយត្រូវចិត្តឬយ៉ាងម៉េច? រដ្ឋាភិបាលខ្លះ ខ្ញុំមិននិយាយប្រទេសទេ កំពុងដឹកនាំរាល់ថ្ងៃ បោះឆ្នោតបានជាង ៥០% ដឹកនាំ ៣ខែ ធ្លាក់ដល់ ២០%។ ដាក់ចេញគោលនយោបាយអត់ត្រូវ។ នាយករដ្ឋមន្ត្រីអូស្ដ្រាលី មុននាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានតែ ៤៤ថ្ងៃគត់​ ពេលដែលគាត់ឡើងធ្វើនាយករដ្ឋមន្ត្រី។ ដាក់ចេញគោលនយោបាយមួយគឺអត់ស្របទៅនឹងស្ថានភាព និងតម្រូវការរបស់ប្រជាជន។ ៤៤ថ្ងៃត្រូវលាលែង ត្រូវដូររដ្ឋាភិបាល។ សម្រាប់គណបក្សប្រជាជនកម្ពុជា​ និងរដ្ឋាភិបាលដឹកនាំដោយក្រុមថ្មីនេះ ចេញលទ្ធផលមកបុកពោះដែរ ព្រោះដំបូងរំពឹងខ្ពស់។ បើរំពឹងខ្ពស់កាន់តែលំបាក។ បើគេមិនសូវរំពឹង ធ្វើអីបន្តិច អូខេ។ ដល់គេរំពឹងខ្ពស់ ធ្វើមិនស្រួល ឆាប់មានបញ្ហា។

នៅក្នុងការស្ទង់មតិមួយទៀតនៅខែមករា ឆ្នាំ២០២៤ នេះ ដែលលទ្ធផលចេញមួយខែមុន គឺ ៥ខែក្រោយពីរដ្ឋាភិបាលថ្មីកើត។ ពីខែ ៥ ឆ្នាំ២០២៣ គឺ២ខែមុនបោះឆ្នោត មានការយល់ថារដ្ឋាភិបាលដឹកនាំត្រូវ ៧៧%។ នៅខែមករា ឆ្នាំ២០២៤ ការផ្ដល់នូវសញ្ញាវិជ្ជមាន និងយល់ថារដ្ឋាភិបាលថ្មីដឹកនាំគន្លងត្រូវនេះឡើងទៅដល់ ៨២%។ មានប្រជាជនច្រើនណាស់នៅចាំមើល។ ធ្លាប់តែក្រុមដែលដឹកនាំដោយសម្ដេចតេជោ ​និងក្រុមដែលដឹកនាំ ៤០ឆ្នាំ។ ក្រុមថ្មីហ្នឹងម៉េច … ចេញមក រឿងបញ្ហាសេដ្ឋកិច្ចផង។ ឥឡូវអចលនទ្រព្យដោះស្រាយបានឬអត់។ តិចរញ៉េរញៃ … រឿង​ខ្លះមានការយល់ច្រឡំ ដូចរឿងពន្ធអី … ទាល់តែយើងដាក់វេទិកា ដោះស្រាយបញ្ហាច្រើនផ្សេងៗ ពេលនោះដំបូងគឺវាច្របូកច្របល់។ ធម្មតាទេ គេថាក្មេងទើបនឹងកើត រុញរទេះរួចឬអត់? ប៉ុន្តែ ៦ខែក្រោយមកគឺយើងឃើញថាលទ្ធផលនៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ(កើនឡើង)។

(១៩) ប្រឹងប្រែងកាន់តែខ្លាំងថែរក្សាការគាំទ្រនិងការជឿទុកចិត្ត ត្បិត ៨២% ជាការរំពឹងខ្ពស់​

ខ្ញុំបានជួបជាមួយអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេសប្រជាពលរដ្ឋយើង ខ្លាចបាត់ស្ថិរភាព បាត់សន្តិភាព បាត់សន្តិសុខ។ ខ្លាចរដ្ឋបាលថ្មីដឹកនាំបញ្ជាកម្លាំងអត់បាន និយាយទៅគេអត់ស្ដាប់ ដាក់បទបញ្ជាអត់មានអ្នកណាធ្វើ កិច្ចការងារអីវះកាត់អត់កើត … ប៉ុន្តែ ៦ខែនេះ យើងបានចេញគោលនយោបាយជាបន្តបន្ទាប់ បញ្ជាក់ថាអ្វីដែលយើងដាក់ត្រូវហើយ គិតគូរត្រូវ។​ យើងស្ទង់ពីមុនមក យើងដាក់ចេញគោលនយោបាយនេះគឺត្រូវ ប្រជាជននៅត្រូវការ។ តិចទៀតខ្ញុំនឹងនិយាយពីគោលនយោបាយនេះ។ បើសិនជាប្រជាពលរដ្ឋថាអ្វីដែលយើងដាក់ចេញមកអត់ត្រូវ នោះយើងត្រូវការពេលវេលាដើម្បីកែសម្រួល។ ប៉ុន្តែនេះគឺជាកិច្ចការដែលថាត្រូវ។ យើងត្រូវសម្រួច មិនមែនថាត្រូវហើយត្រូវព្រលែងដៃទេ។ ជាប់ហើយ តោះទៅ party។ អត់ទេ។ កាន់តែរំពឹង។ វាយយកខ្សែក្រវាត់ពិបាកណាស់ តែការពារខ្សែក្រវាត់កាន់តែលំបាក។ ៨២% រំពឹងខ្ពស់ណាស់។ អញ្ចឹងប្រឹងកាន់តែខ្លាំង ដើម្បីថែរក្សាការគាំទ្រនិងការជឿទុកចិត្ត ព្រោះប្រជាជនឲ្យតម្លៃនិងការរំពឹងខ្ពស់។ អញ្ចឹងដាច់ខាតរាជរដ្ឋាភិបាលត្រូវតែខិតខំធ្វើដើម្បីដោះស្រាយបញ្ហាបន្ថែម ដោះស្រាយឲ្យតាមអ្វីដែលប្រជាជនរំពឹងទុក​។

(២០) សម្តេចតេជោនិងថ្នាក់ដឹកនាំក្រុមមុនបន្តដើរទៅមុខជាមួយគ្នា

(មតិគាំទ្រ) ៨២% និង ៧០% មិនមែនដោយការចៃដន្យទេ។ ដំណាក់កាលដំបូងនេះ គឺដំណាក់កាលដែលលំបាកបំផុត ជាពិសេសពេលដែលមានការប្រែប្រួល ការប្តូរចង្កូតពីអ្នកដែលបើកនាវាកម្ពុជា ៤០ ឆ្នាំ ដ៏មានប្រសិទ្ធភាពមកក្រុមថ្មី … ដោយសម្តេចតេជោ និងក្រុមថ្នាក់ដឹកនាំនៅបន្តជាមួយ។ បន្តិចទៀត សម្តេចតេជោនឹងទៅជាប្រ​ធានព្រឹទ្ធសភា ចូលនៅក្នុងនីតិបញ្ញត្តិ។ អ្នកខ្លះគេចោទថា ស្រុកខ្មែរត្រកូល ហ៊ុន ទាំងអស់ហើយ។ ការធានានូវសុខសន្តិភាព ស្ថេរភាព ដោយការបោះឆ្នោត ហើយជាពិសេសនៅក្នុងនីតិបញ្ញត្តិ ឬមួយសភា អំណាចធំនៅរដ្ឋសភា ព្រឹទ្ធសភា តែការទទួលខុសត្រូវខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ ការរៀបចំនៅក្នុងការដើរជាមួយគ្នាទៅមុខ គឺជាកិច្ចការសំខាន់ដើម្បីឆ្លើយតប … មិនមែនជាការចៃដន្យទេ ដែលយើងបាននៅក្នុង ១៩០ថ្ងៃនេះ។ ធំបំផុត គឺការថែរក្សាស្ថេរភាព សន្តិភាព សន្តិសុខ នៅក្នុងប្រទេសដែលថានិរន្តរភាព ប្រជាជននៅពេលចូលឆ្នាំ ពេលបុណ្យអុំទូក មនុស្សនៅពេញ ពេលបុណ្យសមុទ្រនៅកែប មនុស្សនៅមានរាប់សែននាក់ ពេលដែលសៀមរាបអង្គរសង្ក្រាន្តនៅតែទៅលេង បានន័យថា ប្រជាពលរដ្ឋនៅមានទំនុកទុកចិត្ត។

(២១) អ្នកមកថតវីដេអូបោកប្រាស់ បំផ្លាញកិត្តិយសកម្ពុជា មិនអាចអត់ឱនបាន​

បញ្ហាសេដ្ឋកិច្ច យើងរាងថយ យើងរាងប្រឈម ប៉ុន្តែយើងខិតខំដោះបន្តទៅទៀត។ សំខាន់ស្ថេរភាពក្នុងផ្លូវចិត្ត ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ បងប្អូននៅតែទៅលេងស្រុកខ្មែរ អត់មានថាទៅស្រុកខ្មែរប្រយ័ត្នអញ្ចេះអញ្ចុះទេ។ ទៅលេងបាន។ ទៅស្រុកខ្មែរប្រយ័ត្នសង្គ្រាម ប្រយ័ត្នជាន់មីន អត់មានទៀតទេ។ កុំទៅកន្លែងនោះ ប្រយ័ត្នគេចាប់ជំរិត។ អត់ទេ។ ទៅបានដោយស្ថេរភាព។ ថ្ងៃមុន មានរឿងចាប់ជំរិត (ថតនិងផ្សាយដោយ)តៃវ៉ាន់ ២ នាក់​នោះ។ យើងច្រើនតែរងទុក្ខដោយសារគេធ្វើរឿងទាំងហ្នឹង។ ចង់បាន TikTok view ក្មេងៗ តៃវ៉ាន់ ២នាក់ ជា Tiktoker បានទៅថតធ្វើជាត្រូវគេចាប់ជំរិតនៅកំពង់សោម ហើយបង្ហោះតាម Tiktok ប្រាប់ថា នៅស្រុកខ្មែរគេចាប់គាត់។ ម​នុស្សមើលជិត ១ លាននាក់នៅតៃវ៉ាន់។ នៅក្រៅគេយល់ច្រឡំថាខ្មែរហ្នឹងអសន្តិសុខ។ តាមពិតគាត់ធ្វើដើម្បីយក view។ គាត់គ្រោង គាត់ជិះយន្តហោះមកធ្វើនៅភ្នំពេញ ធ្វើ​នៅកំពង់សោម ហើយធ្វើនៅសៀម​រាបទៀត ហើយជិះយន្តហោះទៅប្រទេសផ្សេង។ ទៅធ្វើទៀត។ ដល់ពេលយើងស្រាវជ្រាវបាន ឆែកទៅ គាត់សារភាពថា គាត់ធ្វើដើម្បីយក view ពេលដែលបាន view ច្រើនបន្តិចទៀត គាត់លក់ផលិតផលគាត់អនឡាញ។ ខ្ទេចប្រទេសយើងមួយ ខ្ទេចរូបភាព។

អញ្ចឹង តាមច្បាប់យើង ត្រូវជាប់ ២ឆ្នាំ ហើយបង់ ៤លានទៀត។​ មានអ្នកមកសុំថា(ដោះលែងជា)មនុស្សធម៌ទៅ ម្តាយគេឈឺនៅតៃវ៉ាន់។ ខ្ញុំនិយាយតាមទូរស័ព្ទថាបើអា ២នាក់ហ្នឹងមានម្តាយឈឺនៅតៃវ៉ាន់ដាក់ឲ្យយូរជាងហ្នឹង។ ហេតុអ្វី? បើម្តាយឈឺធ្ងន់ហើយ កូនគាត់ដែលកូនកត្តញ្ញូ មិនត្រូវដើរចោល ត្រូវនៅមើលម៉ែឈឺ។ មែនទេ? មិនមែនជិះយន្តហោះមកបំផ្លាញស្រុកគេ ធ្វើព្រងើយដើម្បីលក់ផលិតផលទេ … កុំមកធ្វើហើយ គេចាប់ហើយ បានស្រែករកម្តាយ។ ដាក់ឲ្យយូរទៅ។ តែច្បាប់យើងត្រឹមតែ ២ឆ្នាំ។ អ្វីដែលសំខាន់ យើងមិនមែនចង់បង្ហាញរឿងហ្នឹងទេ តែយើងចង់បង្ហាញអ្នកដែលជឿគាត់ឲ្យដឹងថា អ្នកហ្នឹងធ្វើខុស បង្កើតការយល់ច្រឡំថាស្រុកខ្មែរមាន kidnap ពេញហ្នឹង។

កន្លងទៅមាន ២-៣ ករណីទៀត ធ្វើដូចគ្នា។ មានម្នាក់គាត់មកពីក្រៅ គាត់មានជំងឺឈាមស ឈាមក្រហម គាត់ព្យាបាលអស់លុយ កើតគំនិតគ្នាគាត់ ៣-៤ នាក់ ថតដាក់បង្ហោះតាមប្រព័ន្ធតេឡេក្រាម Wechat ប្រាប់គេថា គេចាប់គាត់បូមឈាមលក់នៅស្រុកខ្មែរ។ គេថាជាទាសករឈាម។ គេចាប់យកគាត់មក ហើយឲ្យផ្ញើលុយមកជួយគាត់ផង។ ក្រោយមកគេដឹង។ យើងចាប់កាត់ទោស។ ប៉ុន្តែសារដែលគាត់បានបញ្ចេញទៅ ធ្វើឲ្យគេយល់ច្រឡំថាស្រុកខ្មែរមានចាប់មនុស្សបូមឈាមលក់។ មានមួយគូនោះទៀត ស្រីៗគាត់មកពីប្រទេសជិតខាង គាត់មកប៉ោយប៉ែត លេងអស់លុយ ចង់ឲ្យគេឲ្យលុយគាត់ៗ ថតបង្ហោះបង្កើតរឿងថា គេចាប់គាត់យកមកលក់គ្រឿងក្នុងនៅស្រុកខ្មែរ។ ខ្ទេចរូបភាពស្រុកខ្មែរ។ អ្នកដែលអត់ដឹង មើលហើយក៏ថាកុំទៅស្រុកខ្មែរ ប្រយ័ត្នគេចាប់បូមឈាម ប្រយ័ត្នគេចាប់។ អ្នកហ្នឹងត្រឡប់ទៅវិញ ប៉ូលីសគេចាប់ដាក់គុកនៅស្រុកហ្នឹងទៅ។ ថាអ្នកឯងបង្កើតរឿងធ្វើឲ្យប៉ះពាល់។ តែវាខ្ទេចស្រុកខ្មែរ។

(២២) សូមប្រជាពលរដ្ឋខ្មែរ ជួយប្រាប់មិត្តអូស្ត្រាលី និងញូហ្សេលេនទៅលេងស្រុកយើង

ប៉ុន្តែ សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿចុះ រឿងបញ្ហាសន្តិសុខគឺជាកត្តាធំណាស់ដែលយើងយកចិត្តទុកដាក់នៅក្នុងការថែរក្សាឲ្យបាននៅប្រទេសដើម្បីឲ្យអ្នកវិនិយោគ ទាំងទេសចរ ទាំងបងប្អូនខ្មែរទៅលេង ទាំងអ្នករស់នៅទីនោះ … ហើយការពារកិត្តិយសជាតិរបស់យើង។ អ៊ំពូមីង យើងវេទនា ៤០ ឆ្នាំដោយសារសង្គ្រាម។ ប្រជាជនច្រើនអត់ហ៊ានទៅស្រុកខ្មែរ​ទេ។ ទម្រាំយើងបញ្ចប់សង្គ្រាមបាន ថែរក្សាសុខសន្តិភាព សាងឈ្មោះថាប្រទេសសន្តិភាព ប្រទេសដែលមានអង្គរវត្ត ចំនាយរាប់សិបឆ្នាំ យើងមិនឲ្យគេបំផ្លាញអញ្ចឹងទេ … ១ លាននាក់ដែលមើលរូបភាពនេះ។ មានប៉ុន្មាននាក់ស្គាល់ស្រុកខ្មែរ។ អ្នកមើលនៅចិន នៅតៃវ៉ាន់ នៅអី គិតថាស្រុកខ្មែរហ្នឹងគេមិនដែលទៅ គេលែងហ៊ានទៅបាត់។ យើងខំថែទាំ ខំ promote ស្រុកយើង ពីស្ថេរភាពអី ទីបំផុតក្មេងៗបំផ្លាញ។ តែយើងខំប្រឹងឡើងវិញ។ ប្រជាពលរដ្ឋខ្មែរយើង អ៊ំពូមីង បងប្អូននៅអូស្ត្រាលី ញូហ្សេលេន កុំខ្លាចទៅលេងស្រុកយើង។ មានសន្តិសុខទេ អត់មានអ្នកណាចាប់​បូមឈាមទេ។ ជួយប្រាប់ទៅមិត្តអូស្ត្រាលី ញូហ្សេលេន ផងទៅលេងទៅ អត់មានអ្នកណាចាប់ដូរក្រលៀនទេ …។

(២៣) រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មានបញ្ហាត្រូវដោះស្រាយ តែមិនមានការដួលរលំទេ

ការងារទី២ គឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលយើងរក្សាបានក្រោយបោះឆ្នោត។ មិនមែនតែប្រទេសយើងទេ ដែលកំពុងតែប្រឈម គឺសកលលោក។ ឥឡូវហ្នឹងប្រទេសខ្លះមិនទាន់ចប់ផង។ រឿងវិបត្តិកូវីដ-១៩ វាធ្វើឲ្យយើងប៉ះពាល់សេដ្ឋកិច្ចមួយហើយ … ប៉ុន្តែវានៅប៉ះពាល់វិស័យមួយចំនួន ដូចវិស័យទេសចរណ៍ វិស័យអចលនទ្រព្យផ្សេងៗ។ អញ្ចឹងពេលពីខែ៧ ខែ៨ ដែលពេលដែលរដ្ឋាភិបាលចេញ យើងព្រួយបារម្ភជាងគេ។ យើងតាមជាប់ជាងគេ ដាក់វិធានការផ្សេងៗ ធ្វើម៉េចកុំឲ្យរលំ។ មកដល់ម៉ោងនេះ ដំណើរសេដ្ឋកិច្ចរបស់យើងនៅត្រូវដោះស្រាយ ដោយបុរីមួយចំនួនត្រូវបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ តែអត្រានៃការរលំតែម្តងនោះគឺអត់ទេ។ អត់មានធនាគារណាមួយរលំទេ។ ប្រទេសអូស្ត្រាលី ប្រទេសអាមេរិក ធ្លាប់ធនាគាររលំច្រើន ជាពិសេសវិបត្តិអចលនទ្រព្យហ្នឹង។ តែយើងទប់បាន។

(២៤) ក្នុង ៦ខែ រក្សាបានម៉ាក្រូសេដ្ឋកិច្ច តម្លៃទំនិញណាកើនលើស ២០% ត្រូវរាយការណ៍ដើម្បីតាមដាន

សេដ្ឋកិច្ចយើងឆ្នាំ ២០២៣ កើន ៥,៦% ហើយ ២០២៤ នេះសង្ឃឹមថាកើន ៦,៦%។ ទេសចរចាប់កើនឡើងវិញ។ ឆ្នាំទៅបាន ៥លាននាក់ជាង។ ការហោះហើរឥឡូវកើន។ យើងបង្កើនថែមទៀត។ ដូច ១៦០ ប៉ុន្មានជើង ក្នុងមួយថ្ងៃ ​ឬក្នុងមួយខែ ប៉ុន្តែកើនឡើង។ ម៉ាក្រូសេដ្ឋកិច្ចយើងធានាបាន អត់មានអតិផរណាទេ។ យើងធ្លាប់ហើយ កាលពីទសវត្សឆ្នាំ ១៩៩០ ជាង សាច់ជ្រូកមួយគីឡូ ១ ០០០ រៀល ស្អែកឡើង ១០ ០០០ រៀល។ យើងគ្រប់គ្រងអតិផរណាបាន។ នៅអូស្ត្រាលីក៏គេខ្លាចអតិផរណាហ្នឹងឯង។ តែតម្លៃហ៊ានឡើងខ្ពស់បន្តិច គឺធនាគារកណ្តាលចាប់ផ្តើមដំឡើងការប្រាក់ កុំឲ្យវាហួស ព្រោះបើតម្លៃទំនិញវាកើន ប្រាក់ខែប្រជាពលរដ្ឋកើនដូចម៉េចក៏មិនទាន់តម្លៃហ្នឹង។ ទិញអីបាន? អញ្ចឹងក្នុង ៦ខែនេះ ម៉ាក្រូសេដ្ឋកិច្ចយើងមានស្ថេរភាព តម្លៃមានការឡើងចុះតិចតួច។ ខ្ញុំតាមដានជាប់ជាប្រចាំ។ លោកជំទាវ ចម និម្មល បាញ់ឲ្យខ្ញុំប្រចាំថ្ងៃ។ តម្លៃអីដែលកើន កន្លែងណាដែលកើនលើស ២០% ក្នុងប៉ុន្មានថ្ងៃគឺត្រូវរាយការណ៍ភ្លាមដើម្បីតាមដាន។

(២៥) ធានាបានស្ថេរភាពនិងនិរន្តរភាពស្ថាប័ន ថ្នាក់ជាតិនិងក្រោមជាតិស្រុះដៃគ្នា

ស្ថេរភាព និងនិរន្តភាពស្ថាប័នរដ្ឋ ក៏ជាការព្រួយបារម្ភជាងគេ។ (តើ)រដ្ឋាភិបាលថ្មីដឹកនាំបានឬអត់។ ក្រែងលោរដ្ឋមន្ត្រីថ្មីចូលទៅក្រសួងអត់មានអ្នកណាស្តាប់អ្នកណា បាត់ម្ចាស់ការ។ ក្រែងលោ ហ៊ុន ម៉ាណែត ឡើងទៅ រដ្ឋបាល​កណ្តាល ថ្នាក់កណ្តាល អត់មានអ្នកណាស្តាប់។ ចោរប្លន់ពេញទឹកពេញដី អត់មានអ្នកណាធ្វើការ។ អត់ទេ យើងធានានិរន្តភាព និងចាត់វិធានការ ធ្វើការ ធានាបានវិន័យក្នុងរដ្ឋបាលថ្នាក់ជាតិ ក្រោមជាតិ គឺធ្វើស្រុះដៃគ្នា។ នេះគឺជាការធានាដែលប្រជាពលរដ្ឋមានភាពកក់ក្តៅនោះ។ អ៊ំពូមីង ដឹងហើយ ចូលទៅកន្លែងមួយ សូម្បីតែចូលទៅក្នុងហាងមួយ បើ manager គ្រប់គ្រងអ្នកធ្វើការអត់បាន អង្គុយចុចទូរស័ព្ទ ភ្ញៀវ​ក៏អត់មានភាពកក់ក្តៅដែរ ទម្រាំតែរដ្ឋមួយទៀត។ យើងធានាបានគោលនយោបាយ កម្មវិធីផ្សេងៗ និរន្តភាពនៃកម្មវិធីជួយដល់ប្រជាពលរដ្ឋ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទៅដល់ប្រជាពលរដ្ឋដែលលំបាកដោយកូវីដ-១៩ លំបាកដោយអតិផរណា ស្ត្រីមានផ្ទៃពោះ អ្នកកើតអេដស៍ក្នុងគ្រួសារក្រីក្រ ចាស់ជរា ឧបត្ថម្ភសាច់ប្រាក់នៅបន្តជូនគាត់ដដែល អត់មានរដ្ឋាភិបាលថ្មីឡើងកាត់ផ្តាច់នោះទេ បានបន្តជានិរន្តមកដល់ពេលនេះ អត់មានកាត់ទេ។

(២៦) ជូនគរុសិស្ស ៧០% នៃបៀវត្ស ជំនួសអោយអាហារូបករណ៍ ២០ ដុល្លារ

យើងបានដាក់ចេញនូវគោលនយោបាយជួយបន្ថែមទៀត ដូចថ្ងៃមុន ធម្មតាគរុសិស្សខុសពីមន្ត្រីរាជការ។ ពេលដែលប្រឡងជាប់ក្របខណ្ឌ គាត់ត្រូវទៅរៀន។ អញ្ចឹងអត់មានប្រាក់ខែទេ បានត្រឹមតែអាហារូបករណ៍ ដូចមួយខែ ២០ ដុល្លារ ទាល់តែគាត់រៀនចប់ បានចូលទៅមន្ត្រីសាកល្បងមួយឆ្នាំនោះ មុនតាំងស៊ប់ហ្នឹងបានៗពេញសិទ្ធ។ យើងថាអត់ទេដើម្បីការពង្រឹងវិស័យអប់រំ យើងគិតឲ្យគាត់ ៧០%នៃបៀវត្សរ៍ គឺកើនដល់ប្រមាណជា ២០, ៣០, ឬ៤០ម៉ឺន។ យើង​បង្កើនជូនគាត់ទៀត មិនមែនកាត់បន្ថយទេ។ បៀវត្សរ៍កម្មករ/ការិនី តិចក្តីយើងតម្លើងពី ២០០ ទៅ ២០៩ ក្នុងមួយខែ។ មន្ត្រីរាជការយើងទើបដំឡើងក្នុងឆ្នាំនេះ។ អញ្ចឹងនិរន្តភាពជីវភាពប្រជាជនយើងបន្តថែម អត់មានកាត់ទេ។ ទេសចរនៅបន្តមកជាង ៥ លាននាក់។ ឥឡូវនៅសៀមរាបមនុស្សច្រើន។ អ្នកខ្លះគេថាទៅសៀមរាបស្គាល់តែអង្គរ។ អត់ទេ អង្គរបិទម៉ោង ៦ល្ងាច។ ងងឹតគេអត់ឲ្យចូល។ បើក pub street។ អ៊ំពូមីងណាខ្លះបានទៅលេង pub street ពេលយប់? ប្រហែលជាមានហើយ អ៊ំលើកដៃ។ បើចូលឆ្នាំវិញ ឡើងណែនតែម្តង ហើយបាញ់ទឹកទៅទៀត។ pub street យើងចូលមិនដឹង ស្មានតែនៅអឺរ៉ុប …។

(២៧) វឌ្ឍនភាពកិច្ចការវិនិយោគ រយៈពេល ៦ ខែ និងគំរោងពិភាក្សាជាមួយអូស្ត្រាលី

ទំហំវិនិយោគ ៦ ខែចុងក្រោយ ពីខែ៨ ឆ្នាំ២០២៣ ទៅដល់ ខែ១ ឆ្នាំ២០២៤ ដែលខ្ញុំនិយាយពីការទាក់ម៉ូយ ហើយអ្នកខ្លះចេះតែបង្អាប់ថា ហ៊ុន ម៉ាណែត អួត … ឃើញតែទៅជួបគេគ្រប់កន្លែង តែអត់មានអ្នកណាទៅសោះ។ ខ្ញុំថាមកពីខ្លួនឯងមិនមើលព័ត៌មាន និយាយពីចម្ងាយ។ ខ្ញុំសូមជម្រាបជូន អ៊ំពូមីង បងប្អូន នៅក្នុង ៦ខែនេះ គម្រោងវិនិយោគដែល CDC បាន approve មាន ១៧២ គម្រោង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលទំហំវិនិយោគជិត ៤ ពាន់លានដុល្លារ​។ ពេលដែលគម្រោងនេះបញ្ចប់ អាចបង្កើតកន្លែងការងារ ១៩ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ​… ហើយប៉ុន្មានថ្ងៃទៀត ស្អែកឬខានស្អែក ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវត្រឡប់ទៅវិញជួបជាមួយគណៈប្រតិភូវិនិយោគមកពីចិនជាង ១៥០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនមួយដែលផលិតកង់ឡានគ្រោងដាក់ជាង ១ ពាន់លាននៅស្រុកខ្មែរ។ បើក្រុមហ៊ុនដែលផលិតនៅក្នុងប្រទេសស្រាប់​ ក្នុង ៨ ខែនេះ ទុកចិត្តចំពោះស្ថេរភាពរហូតដល់ពង្រីកទុន។ ខ្លះពង្រីក ២០០-៣០០ លាន ខ្លះ ៥០០-៦០០ លាន ដាក់ពង្រីកទុនថែមទៀតនៅក្នុងស្រុក។ បើគេមិនទុកចិត្ត គេមិនពង្រីកទេ។ តែពង្រីកទុនហើយ បង្កើតការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។

រាប់តែ ៦ ខែនេះទេ។ ស្អែកខានស្អែក ខ្ញុំជួបជាមួយវិស័យឯកជននៅអូស្ត្រាលី ទាក់ម៉ូយថែមទៀត។ ខានស្អែក យើងជួបជាមួយនឹងវិស័យឯកជនតាមវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា ដែលទាំងក្រុមហ៊ុនខ្មែរយើង ទាំងអូស្ត្រាលី ខ្ទង់ ២០០ ក្រុមហ៊ុន ដែលចូល … ក្រៅពីហ្នឹង គឺខាងវិស័យឯកជន យើងមកដើម្បីថ្ពក់ជាមួយគ្នា ដើម្បីយើងទាញទៅ។ អ្នកខ្លះគេថាកម្ពុជាទាញតែវិនិយោគពីប្រទេសចិន ឬប្រទេសតែមួយ។ ខ្ញុំដើរទាក់ម៉ូយគ្រប់ទីកន្លែង។ អ្នកណាទៅក៏ខ្ញុំស្វាគមន៍ដែរ។ ខ្ញុំមិនថាខ្ញុំជួប ១០០ គេទៅទាំង ១០០ ទេ បើជួប ១០០ ទៅតែ ១ តែ ២ ក៏ជាជោគជ័យដែរ។ ថ្ងៃក្រោយជួបថែមទៀត ទាញទៅថែមទៀត … មិនមែនខ្ញុំទាក់ម៉ូយទៅត្រូវតែវិនិយោគជាមួយក្រុមហ៊ុនរបស់ខ្ញុំទេ។ ខ្ញុំអត់ចេះក្រុមហ៊ុនទេ។ ទុកឲ្យគាត់ធ្វើការជាមួយវិស័យឯកជនទៅ ធ្វើអីធ្វើទៅ ឲ្យតែបង្កើតការវិនិ​យោគនៅស្រុកខ្មែរ ឬមួយក៏នាំចេញនាំចូលអូស្ត្រាលី។ ផលិតផលយើងពីខ្មែរទៅអូស្ត្រាលី ពីអូស្ត្រាលីទៅខ្មែរក៏បាន។ វាសំខាន់បានផលទៅដល់ប្រជាពលរដ្ឋ … គឺកំណើននៃការងារ កំណើននៃជីវភាពរស់នៅរបស់គាត់ ហើយដែលយើងត្រូវរួមគ្នាដោះ ហើយជាកាតព្វកិច្ចដែលរដ្ឋាភិបាលត្រូវធ្វើ …។

កាលខ្ញុំមក Melbourne លើកមុន ស្រួល។ ឡើងតែឡានមួយ ដល់ណាក៏ដល់ដែរ។ ឥឡូវទៅណាអូស្ត្រាលីតាម។ កុំឲ្យពិបាកប៉ូលីសអូស្ត្រាលីនៅតែផ្ទះ។ គាត់អត់ចេះទេ គាត់អត់សើច។ បើគាត់ចេះ គាត់សើចហើយ​។ អត់ទេ សន្តិសុខ។ អញ្ចឹងសល់ពេលច្រើន ដាក់ដើម្បីជួបជាមួយវិស័យឯកជន។ ព្រឹកមិញជួបខាងសាលារៀន IDP ហ្នឹង គឺសាលាដែលគាត់បណ្តុះបណ្តាល​ច្រើន មាន ACE អីហ្នឹង។ សិស្សយើងច្រើន មកតាមហ្នឹង។ កំពុងតែឲ្យគាត់ជួយបន្ថែមទៀត ដើម្បីបង្កើតបច្ចេកវិទ្យាទំនាក់ទំនងឲ្យនិស្សិតរបស់យើង។ ថ្ងៃនេះមាននិស្សិតរបស់យើងចូលច្រើន។ គាត់អត់នៅនេះ នៅជាប់បន្ទប់មួយទៀត ដោយសារកន្លែង(នេះចូល)អត់ចុះ។ ប៉ុន្តែបានមកច្រើនដើម្បីធនធានមនុស្សរបស់យើង។ ទាក់ម៉ូយរឿងយន្តហោះ រឿងអីផ្សេងៗទៀត ហើយក៏មានជួបជាមួយនឹងនាយករដ្ឋមន្ត្រីញូហ្សេឡលេនផងដែរ ពេលដែលកម្មវិធីបាយនៅនេះ។ ជជែកគ្នាមួយជំហាន ដោយសារចង្អៀតរៀងៗខ្លួន … ប៉ុន្តែអត់អីទេ ដល់ពេលខ្ញុំឡើងកាន់តួនាទីនេះ បានដឹងថា ថ្នាក់ដឹកនាំប្រទេសមួយៗ កម្មវិធីអញ្ចេះធ្វើការអត់បាយ អត់បញ្ហាទេ ខ្លះឈរជជែកគ្នាក៏ចេញការងារដែរ មិនចាំបាច់ដល់ប្រជុំទល់មុខគ្នាទេ។ ជជែកគ្នាជួនកាល ១ គម្រោង ២ គម្រោង គឺជជែកគ្នាបឹ្រប ឯកភាពគ្នាធ្វើភ្លាម។

ការភ្ជាប់ទំនាក់ទំនងនេះសំខាន់។ ឥឡូវយើងមានកុងស៊ុលនៅញូហ្សេលេនបន្ទាប់ ហើយនៅអូស្រ្តាលីនេះ យើងតភ្ជាប់តទៅទៀត ដើម្បីគោលដៅធ្វើការងារបណ្តុះបណ្តាលអីផ្សេងៗរបស់យើង។ ឥឡូវនេះជាអ្វីដែល ៦ ខែបានកើតមាន អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពកក់ក្តៅ គឺនិរន្តរភាពអត់ចប់។ ខ្ញុំរាប់មិនបានទាំងអស់ទេ។ រាប់ទាំងអស់ពិបាក។ អ៊ំពូមីង ប្រហែលជាអត់បានទៅផ្ទះទេ ព្រោះច្រើន។

(២៨) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដាក់ទិសដៅធំ ៥ និងអាទិភាពគន្លឹះ ៥

ឆ្នាំនេះស្រូវឡើងថ្លៃ។ ប្រជាជនក៏សំរុកធ្វើដំណាំស្រូវ កន្លែងខ្លះឡើង ១៧០% នៃផែនការ។ ឥឡូវយើងចង់ដឹងរដ្ឋាភិបាលធ្វើអី គោលនយោបាយយ៉ាងណាដើម្បីប្រជាពលរដ្ឋ។ រដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ មានទិសដៅធំ ទី១. កំណើនសេដ្ឋកិច្ច ទី២. បង្កើតការងារឲ្យបានច្រើន ទី៣. សមធម៌នៃការបែងចែកភាគលាភ បានន័យថា ផលដែលបានមិនមែនប្រមូលផ្ដុំនៅក្រុមណាមួយទេ គឺចែកឲ្យដល់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់ ជាពិសេស រុញការងារ រុញផលប្រយោជន៍ឲ្យដល់មូលដ្ឋានតែម្ដងជូនប្រជាពលរដ្ឋរបស់យើង ទី៤. ប្រសិទ្ធភាព ឲ្យស្ថាប័នរដ្ឋធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើប្រជាជន និងការទទួលខុសត្រូវ និងទី៥. គឺឲ្យមានចីរភាព។ ធ្វើអីកញ្ឆក់កណ្តៀតជួនកាលបានត្រឹមតែនិយាយ បានត្រឹមតែលឺពិរោះ ប៉ុន្តែធ្វើមិនចេញ ធ្វើមិនកើត …។

យើងផ្តោតអាទិភាពគន្លឹះ ៥ គឺ ទី១ មនុស្ស ទី២ ផ្លូវ ទី៣ ទឹក ទី៤ ភ្លើង ទី៥ បច្ចេកវិទ្យា។ ខ្ញុំលើកងាទិភាព ២ដំបូង។ មនុស្សគឺផ្តោតទៅលើសុខភាព និងសមត្ថភាព និងឱកាស។ អញ្ចឹងទី១ មានសុខភាព ទី២ មានចំណេះដឹង មានជំនាញ អាចមានឱកាសទៅរកការងារអីបាន ហើយសុខភាពមាំមួន … សុខភាពប្រជាជនសំខាន់ណាស់ ហើយយើងសំរុកធ្វើតាំងពីច្រើនអាណត្តិហើយៗ នៅអាណត្តិនេះ យើងនឹងរុញមណ្ឌលសុខភាពអីបន្ថែម។

អាទិភាពគន្លឹះទី២ ផ្លូវ ជួយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស។ ឥឡូវផ្លូវទឹកនេះ កាលពីខែ ១២ ខ្ញុំទៅបុកគ្រឹះដើម្បីជំរុញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើង។ ឥឡូវផែយើងវានៅតូច។ កប៉ាល់ធំចូលមកត្រូវស្តារទំនិញនៅខាងក្រៅ។ ចូលបាន ១៨ ភាគរយទេ។ ៨០ ភាគរយ ត្រូវយកកប៉ាល់ទៅសាង។ ដល់អញ្ចឹងវាថ្លៃ ដល់ថ្លៃគេមិនសូវចូលយើង គេទៅសិង្ហបុរី និងថៃអី បានថោក។ អញ្ចឹងយើងត្រូវធ្វើផែហ្នឹង។ នៅពេលដែលធ្វើហើយ ដំណាក់កាលទី១ នេះ កប៉ាល់ទំនិញជាង ៨០ ភាគរយអាចចូលបាន។ បើយើងធ្វើដំណាក់កាលទី៣ គឺកប៉ាល់ ១០០%ចូលបាននៅកន្លែងយើង។ ផែរបស់យើងគឺជាកន្លែងដែលប្រកួតប្រជែងទៅមុខ។ អញ្ចឹងការដឹកជញ្ជូនកាន់តែថោកកាន់តែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែកាន់តែរីកចម្រើន។

(២៧) គំរោងកំពង់ផែនិងការដឹកជញ្ជូនផ្លូវទឹក

ខែ៦ ថ្ងៃ៦ នេះ ខ្ញុំទៅសម្ពោធមួយទៀតគឺកំពង់ផែទឹកជ្រៅនៅខេត្តកំពត … ផែទឹកសាបក៏យើងចាប់ផ្តើមពិនិត្យមើលគោលនយោបាយ។ ឥឡូវកំពុងតែឲ្យគណៈកម្មការអន្តរក្រសួងធ្វើការគ្រប់គ្រងខ្សាច់ ព្រោះផ្នែកខ្លះនៃទន្លេរបស់យើងកំពុងតែស្តារ។ ដាក់គោលនយោបាយស្តារ ដើម្បីយើងបើកផ្លូវនាវាចរណ៍។ គម្រោងធំមួយដែលយើងព្យាយាម ហើយសង្ឃឹមថានៅក្នុងឆាប់ៗខាងមុខ នឹងអាចតពីទឹកសាបទៅទឹកប្រៃគឺការជីកព្រែកមួយហៅព្រែកជីកហ្វូណនតេជោ តពីសមុទ្រនៅកំពត មកដល់ទន្លេបាសាក់របស់យើងដើម្បីបម្រើការដឹកជញ្ជូន។ ថ្ងៃក្រោយ ការដឹកជញ្ជូនពីក្រចេះពីអីមកតាមកប៉ាល់អាចចេញទៅសមុទ្របាន អាចកាត់បន្ថយថ្លៃដឹកជញ្ជូន ហើយតាមផ្លូវទឹកហ្នឹង អ្នកដែលរស់នៅតាមមាត់ទឹក ថ្ងៃក្រោយទៅជាតំបន់ឧស្សាហកម្មច្រើន។ ឥឡូវគេដាក់រោងចក្រ នៅកន្លែងដែលជិតផ្លូវថ្នល់ព្រោះស្រួលដឹកជញ្ជូន ឬមួយផ្លូវដែក។ បន្តិចទៀតធ្វើព្រែកជីកហ្នឹងបាន តាមបណ្តោយហ្នឹងគេអាចធ្វើតំបន់ឧស្សាហកម្ម។ ប្រជាជននៅកន្លែងនោះនឹងមានការងារធ្វើចំណូលកាន់តែខ្ពស់ទៀត … វានឹងកាត់បន្ថយថ្លៃដឹកជញ្ជូននៅក្នុងប្រទេសយើង ព្រោះដឹកជញ្ជូនតាមទឹកថោកជាងគេ។

នៅទូទាំងពិភពលោកនេះ យន្តហោះធំប៉ុណ្ណាក៏ដោយ ការដឹកជញ្ជូនតាមកប៉ាល់នៅតែមានទំហំ ៩០% ជាងនៅឡើយទេ ព្រោះកប៉ាល់ដឹកបានច្រើនហើយថោក គ្រាន់តែពេលយូរជាងយន្តហោះ។ បើយើងភ្ជាប់អានេះបាន គិតថានេះជាផ្លូវទឹកដែលយើងត្រូវធ្វើ ដើម្បីដង្ហើមសេដ្ឋកិច្ចរបស់យើងដើម្បីកាត់បន្ថយការដឹកជញ្ជូន ថ្លៃដឹកជញ្ជូន ហើយជំរុញសេដ្ឋកិច្ចឲ្យពង្រាយតាមសរសៃឈាមហ្នឹងដើម្បីឲ្យអ្នកណា? ឲ្យអ្នកតាកែវ ឲ្យអ្នកខេត្តកណ្តាល ឲ្យអ្នកខេត្តក្រចេះ ឲ្យកំពង់ចាម កំពង់ឆ្នាំង ទៅតាមបណ្តោយហ្នឹងកាន់តែមានឱកាសធ្វើតំបន់ឧស្សាហកម្ម ឬមួយភ្ជាប់ទំនាក់ទំនងបាន។ មិនមែនបានមកខ្ញុំទេ។ ខ្ញុំអាចជិះកប៉ាល់មើលលេងពេល​ចូលនិវត្ត ខ្ញុំអាចជួយដែរក្នុងជំរុញអោយធ្វើ។ ឯកឧត្តម ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំមួយចំនួន សម្តេចតេជោលោកក៏សប្បាយ​។ កាលពីក្មេង ខ្ញុំទៅកំពង់ចាមជិះអាកាណូតហ្នឹងមួយថ្ងៃកន្លះណា។ កាណូតយើងទុកពីឆ្នាំ ៨០ជាង ជិះមិនស្រួលគេបាញ់ប្លោងតាមហ្នឹងទៀត។ តំបន់ខ្លះនៅវាយគ្នា។

(២៨) គំរោងផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន

ឥឡូវផ្លូវហាយវេ។ ហាយវេយើងពីភ្នំពេញទៅកំពង់សោម បន្តិចទៀតយើងធ្វើមួយខ្សែទៀត ភ្នំពេញទៅបាវិត។ យើងរៀបចំធ្វើទៀត ភ្នំពេញទៅប៉ោយប៉ែតតាមសៀមរាប។ ថ្ងៃមុនទៅទាក់ម៉ូយក្រុមហ៊ុនបារាំង ហើយក្រោយមកក្រុមហ៊ុនណាទៀតនេះ ប្រទេសណាប៉ុន្មានទៀតនេះ គាត់ចង់ធ្វើថែមទៀតទៅប៉ោយប៉ែតតាមផ្លូវជាតិលេខ៥។ ស្វាគមន៍។ ពេលខ្ញុំជួបអូស្រ្តាលីប្រ​សិនបើគេចាប់អារម្មណ៍ធ្វើ ហៅធ្វើទៀតឲ្យបានកាន់តែច្រើន ឲ្យហាយវេកាន់តែច្រើនស្រួលដឹកជញ្ជូន ស្រួលធ្វើដំណើរ មែនទេអ៊ំពូមីង នៅនេះ? បើល្បឿនលឿន ប្រព័ន្ធដឹកជញ្ជូនកាន់តែតភ្ជាប់​។ និយាយរួម ឆ្នាំ ៩០ជាងខ្ញុំចេញទៅរៀននៅក្រៅ។ កាលនោះអាយុ ១៥-១៦ ឆ្នាំ។ ទៅរៀននៅស្រុកអាមេរិកមុនគេ។ (រឿង)២ ដែលខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំទៅផ្សារជាមួយមិត្តភក្តិមកពីសិង្ហបុរី ពីថៃ។ យើងទៅផ្សារ mart មួយធំនៅអាមេរិក នៅញូវយ៉ក។ ដំបូងសប្បាយ។ ខ្ញុំសួរមិត្តភក្តិ គាត់ថាស្រុកគាត់មានដែរ។

ពេលហ្នឹងចាប់អារម្មណ៍ស្រុកយើងសង្រ្គាមដើរក្រោយគេ។ សង្ឃឹមថាបន្តិចទៀតនឹងមាន។ ឥឡូវនៅស្រុកខ្មែរមានរួចហើយជាការពិតហើយ mart mall អីហ្នឹង។ ទី២ គឺហាយវេ។ ខ្ញុំទៅដល់អាមេរិកគេមានហាយវេ គេមាន Toll Road អីច្រើន។ កម្ពុជាកាលហ្នឹងមានតែផ្លូវជាតិប៉ុន្មានទេ។ កាល ៩០ ជាងហ្នឹង ស្ពានជ្រោយចង្វារមិនទាន់តភ្ជាប់ផង។ ស្ពានជ្រោយចង្វារហ្នឹង ពេលខ្ញុំចេញមិនទាន់ធ្វើហើយទេ។ នៅអ្នករត់ទូកដទេ។ លោកអ៊ំ ពូមីង មានចាំបទចម្រៀង “ជីវិតអ្នករត់ទូកដទេ”? ម្នាក់អ្នកឆ្លងទូកហ្នឹងស្រលាញ់ស្រីម្នាក់ អត់ព្រមសារភាពស្នេហាទេ ដល់ពេលគេធ្វើស្ពាន នាងលែងឆ្លងទូកដ បានស្តាយក្រោយ។ កាលមុនយើងប្រាប់ថា យើងមានស្ពានមួយកន្លះ។ ស្ពានច្បារអំពៅ (ស្ពានព្រះមុន្នីវង្ស) ហើយស្ពានជ្រោយចង្វារមួយកំណាត់ ដោយសារគេដាក់មីនដាច់។

ឥឡូវយើងមានស្ពានតាំងពីព្រែកព្នៅឡើងមកចង់ប៉ុន្មាន? ឥឡូវបន្តិចទៀតធ្វើថែមទៀត ថ្ងៃមុនខ្ញុំទៅបើកការដ្ឋានស្ពានមួយនៅចាក់អង្រែក្រោមទៅព្រែកប្រា។ ស្ពានច្បារអំពៅឡើង ២ខ្សែ ស្ពានជ្រោយចង្វារ ២ខ្សែ ស្ពានព្រែកព្នៅអីហ្នឹង។ ស្ពានកោះនរា។ បន្តិចទៀតយើងធ្វើស្ពានមួយចាប់ពីផ្សារចាស់ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាផ្លូវក្រោមទឹក។ ឥឡូវយើងធ្វើលើទឹកអស់ហើយ។ បន្តិចទៀតធ្វើក្រោមទឹកមួយទៀត …ត្រូវតភ្ជាប់អញ្ចឹង។ មានទេអ្នកកំពង់ឆ្នាំង? ហើយអ្នកកំពង់ធំ? បើទៅលេងស្រុក ឥឡូវចង់ឆ្លងពីកំពង់ឆ្នាំងទៅកំ​ពង់ធំ បើទៅផ្លូវគោកមានតែផ្លូវ ២ទេ ចុះមកដល់ស្ពានព្រែកក្តាម នៅកំពង់ចាមឬមួយឡើងហួសទៅសៀមរាប។ ឥឡូវគម្រោងយើងកំពុងតែចរចាធ្វើផ្លូវ ៥០C ភ្ជាប់ពីកំពង់ឆ្នាំងមកកំពង់ធំ ភ្ជាប់ជាមួយស្ពានដែលធំជាងគេ ៣ គីឡូដី។ បើយើងធ្វើហ្នឹងហើយ អ្នកកំពង់ឆ្នាំង អ្នកកំពង់ធំលែងត្រូវការ(ធ្វើដំណើរផ្លូវវាង)នេះទៀតហើយ។ ពេលហ្នឹងគេស្គាល់ភ្នំកង្រីញឹកបន្តិច។ ឥឡូវទៅទាល់តែជិះស្រឡាង ២ ទៅ ៣ តង់ ព្រោះនៅលើកំពង់លែងហ្នឹង ភ្នំនាងកង្រីនៅលើហ្នឹង … មិនទាន់បានធ្វើផង គេបង្កើតតំបន់សេដ្ឋកិច្ចពិសេស ធ្វើផែពហុបំណងនៅហ្នឹង បង្កើតការ​ងាររាប់ពាន់ រាប់ម៉ឺនកន្លែងរួចទៅហើយ … ហ្នឹងហើយគឺការរីកចម្រើនដោយសមធម៌ គឺបង្កើតការរីកចម្រើនសេដ្ឋកិច្ចជាតិ គឺយកចាក់ចូលហោប៉ៅប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើតការងារឲ្យគាត់នៅមូលដ្ឋាន …។

(២៩) គំរោងផ្លូវដែក និងព្រលានយន្តហោះ

ឥឡូវយើងកំពុងពង្រឹងផ្លូវរទេះភ្លើងពីភ្នំពេញទៅប៉ោយប៉ែតដើម្បីជួយដឹកទំនិញ។ យើងអត់ទាន់ធ្វើ high speed ទេ ទុកសិនចុះ។ ធ្វើរថភ្លើងដឹកទំនិញសិន។ ខ្ញុំប្រាប់រដ្ឋមន្រ្តីក្រសួងសាធារណការថ្មីនេះ បន្តិច​ៗរាយការណ៍ឲ្យខ្ញុំ រទេះភ្លើងចូលក្របី រទេះភ្លើងចូលគោ។ ឥឡូវបានដាក់គោលការណ៍ឲ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំប្រជុំ ដើម្បីយើងធ្វើប្រព័ន្ធសុវត្ថិភាព ជាពិសេសនៅកន្លែងតំបន់ឆ្លង កុំឲ្យរទេះភ្លើងចេះតែជល់ឡាន Truck ឡានអីៗហ្នឹង គឺយើងធ្វើទៅ។ យើងនឹងពង្រីកផ្លូវដែកមួយចំនួនទៀត បន្តខ្សែដើម្បីជួយដឹកជញ្ជូន។ ផ្លូវអាកាស អ៊ំពូមីង ឥឡូវយើងមានគម្រោងធ្វើព្រលានយន្តហោះប៉ុន្មានដែរ។ ព្រលានយន្តហោះដែលមានស្រាប់ ទី១ យើងទើបនឹងបើកថ្មីនៅសៀមរាប។ អ៊ំ ពូមីង ទៅមើល ឬឡើង YouTube មើល អត់ចាញ់ព្រលានយន្តហោះនៅ Melbourne ទេ។ ជាប្រវត្តិសាស្រ្តយើង ព្រលានយន្តហោះទី១ ដែលធំជាងគេនៅទឹកដីអង្គររបស់យើងគឺនៅសៀមរាប។ ប៉ុន្តែ មិនយូរទេ ព្រលានយន្តហោះនេះលែងធំជាងគេនៅកម្ពុជាហើយ។ ឆ្នាំ២០២៥ យើងនឹងបើកព្រលានយន្តហោះមួយទៀតដែលធំជាងហ្នឹងទៀតនៅរាជធានីភ្នំពេញតែម្តង។ អញ្ចឹង អ៊ំពូមីង បើសិនជាចង់ស្គាល់ពោធិ៍ចិនតុងទៅលេងឲ្យហើយទៅ។ បន្តិចទៀតពេលបើកហើយ ចុះនៅព្រលានឯខេត្តកណ្តាលហើយ។

(៣0) កម្ពុជាមិនមានគម្រោងប្តូរទីតាំងរាជធានីទេ

នៅប្រទេសខ្លះ គេលើកទីក្រុង នៅម៉ាឡេស៊ី លើកទីក្រុងពី Kuala Lumpur ក្រុងរដ្ឋបាល ទៅ Putrajaya។ បើនៅឥណ្ឌូនេស៊ី គាត់ប្រុងលើកពីកោះ Java ទៅកោះ Borneo ដោយសារកន្លែងហ្នឹងវាស្រុត។ ឥឡូវទឹកលិចច្រើន។ ស្រុត ៤ ម៉ែត្រក្នុង ២០ ឆ្នាំហ្នឹង។ ប្រជាពលរដ្ឋនៅហ្នឹងជាង ១០​ លាននាក់ ហើយប្រើទឹកក្រោមដី។ កន្លងទៅវាមានអាទឹកក្រោមដីហ្នឹងដែលទប់ ឥឡូវដល់ពេលចាប់ផ្តើមស្រុត។ អញ្ចឹងគាត់ចង់ប្តូរ។ តែកម្ពុជាគ្មានគ្រោងលើករាជធានីទៅណាទេ ព្រោះយើងលើកច្រើនដងហើយពីអង្គរមកឧត្តុង្គមកអីផង។ ឥឡូវនេះចតុមុខជាកន្លែងដែលនៅយូរ កន្លែងដែលយើងត្រូវតែរក្សាទីតាំងកន្លែងនេះ។ ទន្លេចតុមុខជាកន្លែងហ្នឹងដែលអុំទូកប្រចាំឆ្នាំបាន ព្រោះទន្លេសាបគឺជាទន្លេតែមួយគត់នៅក្នុងពិភពលោកដែលលំហូរទឹកដូរទិស​។ ខែវស្សាវាហូរទៅជើង ខែប្រាំងវាហូរចុះក្រោម …។

(៣១) មិនហាមប្រជាពលរដ្ឋមិនអោយយកកូនច្រើនទេ

អញ្ចឹងយើងត្រូវអភិវឌ្ឍ។ ពេលជាមួយគ្នានេះ យើងមិនអាចហាមឃាត់មិនឲ្យប្រជាជនមានកូនថែមទៀតទេ។ ប្រ​​ជាពលរដ្ឋឥឡូវ ២លានជាង ប្រហែលជា ១០ឆ្នាំទៀត អាចឡើង ៣លានទៅ ៤លាន ហើយ ១០ទៅ ១៥ឆ្នាំទៀត ប្រហែលជាអាចឡើងច្រើនជាងហ្នឹងទៀត ស៊ីសងទៅលើអ្នកភ្នំពេញកើតច្រើន ឬមិនច្រើន។ ប៉ុន្តែអ្នកភ្នំពេញមិនសូវចង់យកកូនដែរហើយ។ អត្រាកំណើនទូទាំងប្រទេសយើងដូចមួយកន្លះឥឡូវ? … គឺយកចំនួនប្រ​ជាពលរដ្ឋឆ្នាំថ្មីដកឆ្នាំចាស់ ចែកទៅគេឃើញ ១ កន្លះភាគរយ។ ខ្ញុំថាយើងនៅតិចណាស់ ទាល់តែលើកទឹកចិត្តឲ្យមានកូនច្រើន។ និយាយអញ្ចឹងចេះតែងាកមើលប្រពន្ធខ្ញុំ យើងបីហ្នឹងតិចណាស់។ ឥឡូវយើងមានចំណុចវិជ្ជមានមួយនៅត្រង់ថា កូនពៅខ្ញុំឯកភាពយកប្អូនហើយ … ប្រពន្ធខ្ញុំបើមិនស្តាប់ប្តី គួរស្តាប់កូន។ ត្រូវបង្កើន។ តាំងពីឆ្នាំ១៩៧០ មកដល់ពេលនេះ យើងបាត់បង់មនុស្សច្រើនដោយសារសង្រ្គាមផង កាប់សម្លាប់ផង។ យើងត្រូវដើរតួនាទី កុំដាក់ផែនការឲ្យបងប្អូន លើកទឹកចិត្តឲ្យបងប្អូន(យក) (តែ)យើងអត់ … ទម្រាំបានកូនប្រុសមួយហ្នឹង គាត់ដើរបន់គ្រប់កន្លែង បន់ពេលខ្លះ ទៅបានអ្នកជួយបន់វិញ​។ មានមួយពេលនោះ គាត់ទៅព្រះអង្គចេកព្រះអង្គចម បន់សុំបានកូនទី៣ ហ្នឹង ដល់បន់ទៅមួយឆ្នាំជាងមិនទាន់បាន ដល់អ្នកទៅជួយបន់បាន ប្រហែលជាព្រះអង្គចេកព្រះអង្គចមមើលច្រឡំ …។

(៣២) មិនហាមប្រជាជពលរដ្ឋទិញឡានម៉ូតូទេ

ទី២ យើងមិនអាចហាមប្រជាជនមិនឲ្យទិញឡានទិញម៉ូតូទេ។ ឡាននៅភ្នំពេញឥឡូវជាង ៣០ ម៉ឺនឡានទៅហើយ។ ម៉ូតូជាង ២ លានគ្រឿងនៅភ្នំពេញ។ អ៊ំពូមីង កន្លែងការឥឡូវអត់មានកន្លែងចតឡាន គេមិនទៅទេ។រៀប ១០ តុ ១០០ នាក់ ឡានយ៉ាងហោចណាស់ ៤០ ទៅ ៥០ ឡានទៅហើយ អ្នកភ្នំពេញ។ មិនមែនតែនៅភ្នំពេញទេ នៅខេត្តក៏ដូចគ្នា។ ចំនួនកាន់តែច្រើន អញ្ចឹងយើងត្រូវដោះស្រាយចរាចរណ៍។ យើងដឹងហើយការចំណាយខ្ជះ​ខ្ជាយទៅលើការចរាចរណ៍ មិនខុសពីនៅអូស្រ្តាលីទេ។ អូស្រ្តាលីគឺមានតែ Canberra ទៅណា ៥ នាទី តែម៉ោងស្ទះ ស្ទះគួរសមដែរ។ បើនៅ Melbourne ពេលខ្លះរាប់ម៉ោងដូចតែគ្នា។ គ្រាន់តែចំហេះដុតសាំងចោលអស់រាប់ពាន់លាន។ អញ្ចឹងបានឡានខ្លះឲ្យតែជាន់ហ្រ្វាំងឈប់ វារលត់ខ្លួនវា ម្យ៉ាងដែរ។ ខ្ញុំខ្លាចតែវារលត់អត់ឆេះវិញពិបាករុញ។ ខ្ញុំធ្លាប់រុញឡានម្តងដែរ តែពេលរុញឡានកណ្តាលផ្លូវហ្នឹង កម្លាំងមិនដឹងមកពីណា។ បើរុញធម្មតា រុញម្នាក់ឯងរុញអត់ទៅ បើវារលត់នៅកណ្តាលផ្លូវ រុញ(វឹង)។ កាលរៀននៅអាមេរិករុញឡាន Honda តូចហ្នឹង … មានរឿង pollution រឿងអីផង។ ប៉ុន្តែសំខាន់រឿងចរាចរណ៍ អញ្ចឹងបានយើងត្រូវគិតគូរ។

(៣៣) សិក្សាផ្លូវរទេះភ្លើងក្រោមដី រទេះភ្លើងកម្រិតស្រាល និងពង្រីកទីក្រុងភាគខាងជើងនិងខាងកើត

ទាក់ទងពីរឿងធ្វើរទេះភ្លើងស្រាល។ ប៉ុន្តែផ្លូវយើងតូចណាស់ មិនដូចនៅ Melbourne ផ្លូវធំ។ គាត់អាចធ្វើរទេះភ្លើងរត់កណ្តាលថ្នល់បានដោយប្រើអគ្គិសនី។ យើងមានធ្វើក្រោមដី ប៉ុន្តែយើងធ្វើរទេះភ្លើងស្រាលៗនៅជុំវិញ​។ ឥឡូវកំពុងឲ្យសិក្សាពីព្រលានយន្តហោះសៀមរាបទៅក្រុងសៀមរាប ហើយព្រលានយន្តហោះថ្មីភ្នំពេញទៅក្រុងរបស់យើង។ ថ្ងៃក្រោយយើងធ្វើផ្លូវក្រវាត់បាន។ យើងត្រូវរកវិធីដោះ។ ដូចខ្ញុំនិយាយអញ្ចឹង រដ្ឋាភិបាលគ្មានគោលនយោបាយលើកក្រុងទៅណាទេត្រូវទទួលនៅទីនេះពង្រីក។ នៅខាងកើតទន្លេ(មេគង្គ)យើងក៏ចាប់ផ្តើមពង្រីកដែរ។ បុរីផ្សេងៗចាប់ផ្តើមកើត។ រាជធានីចាស់ខាងជើងចាប់ផ្តើមហើយ។ ឥឡូវភ្នំពេញរីក ឲ្យតែអភិវឌ្ឍកាត់ចូលភ្នំពេញ។ អញ្ចឹងខេត្តកណ្តាលចេះភ័យថាកាន់តែរួញទៅៗ។ កន្លែងហ្នឹងធ្លាប់ជាស្រុករបស់ខេត្តកណ្តាល ឥឡូវមកជាភ្នំពេញ។ ព្រែកព្នៅធ្លាប់ជារបស់ខេត្ដកណ្ដាល ឥឡូវ(មកជាខណ្ឌ)។ អញ្ចឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យើងនឹងធ្វើថែមទៀត។ អ៊ំពូមីង មានសុខសន្តិភាព មានស្ថេរភាព យើងនឹងបន្តបង្កើតនូវសមិទ្ធផលជាប្រវត្តិ​សាស្រ្តបន្តទៀតនៅលើទឹកដីអង្គររបស់យើង។ សមិទ្ធផលជាប្រវត្តិសាស្រ្តបានន័យថាសមិទ្ធផលដែលមិនធ្លាប់មាន យើងបង្កើតឲ្យមានដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

(៣៤) ក្នុងវិស័យអាទិភាពទាំង៦ មានការផ្តល់សេវាថែទាំសុខភាពសកល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

នេះគឺជាអ្វីដែលជាការប្តេជ្ញាចិត្តរបស់យើង។ ទាក់ទងទៅនឹងការដាក់ចេញនូវគោលនយោបាយ ៦ ចំណុចនេះ ខ្ញុំសូមជម្រាបជូន អ៊ំពូមីង បងប្អូនថា គោលនយោបាយបញ្ចកោណគ្របដណ្តប់គ្រប់វិស័យទាំងអស់ មិនមែនធ្វើតែ ៦ ចំណុចនេះទេ។ ប៉ុន្តែ ក្នុងនោះយើងមានអាទិភាព៦ វិធានគន្លឹះ៥ ដែលបង្កើននូវតំបន់អាទិភាព priority ជួយដល់ប្រជាពលរដ្ឋ បូកជាមួយនឹងការកាត់បន្ថយបញ្ហាមួយចំនួន។ ក្រៅពីនោះយុទ្ធសាស្រ្តបញ្ចកោណដែលគ្របដណ្តប់វិស័យអប់រំ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ​ក្រសួងនីមួយៗមានផែនការរបស់គេ។ ប៉ុន្តែ ខ្ញុំនិយាយអំពីគោលនយោបាយអាទិភាព។ បើឲ្យនិយាយយុទ្ធសាស្រ្តបញ្ចកោណ ដូចជម្រាបលោកអ៊ំពូមីង អញ្ចឹង គឺវាកម្រាស់នេះ។ បើខ្ញុំនិយាយវាបច្ចេក​ទេសខ្លាំងពេក។ ទោះបីសង្ខេបក៏ដោយក៏ចូលដល់ ៥ ទៅ ៦ម៉ោង។ ឥឡូវខ្ញុំនិយាយតែអ្វីដែលជាគន្លឹះសំខាន់ នៃអាទិភាពទាំង ៦។ ក្នុងចំណោមអាទិភាពទាំង៦ ដែលយើងដាក់ មាន ទី១ ការផ្តល់នូវការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់​សុខភាពសកល ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់ប្រជាជន​ … មនុស្សយើងអាទិភាពទី១ និយាយពីសុខភាព និងអប់រំ សមត្ថភាព ដើម្បីផ្តល់ឱកាសឱ្យគាត់រកការងារ។ យើងបង្កើតរចនាសម្ព័ន្ធរុញវិនិយោគអីមក ទាល់តែប្រជាពលរដ្ឋយើងមាន ២ហ្នឹង មានសុខភាព ហើយមានសមត្ថភាព ចំណេះដឹង ទើបអាចចាប់យកបាន។ បើមិនអញ្ចឹងទេទាល់តែដឹកពីគេមកធ្វើការ​។

(៣៥) ថែទាំសុខភាពសកល តាមរូបមន្តរដ្ឋចេញ១០០% សំរាប់ពលរដ្ឋក្រីក្របំផុត បេឡាសន្តិសុខសង្គម និងភាគទាន

នៅក្នុងការថែទាំសុខភាពនេះ វិស័យសុខាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍច្រើន ក្នុងនោះទី១ គឺការពង្រីកនូវការថែទាំសុខភាពឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់សុខភាពជាសកល។ បានន័យថា ចង់ចេញ Scheme/គម្រោងមួយដែលប្រជាពលរដ្ឋអាចមានការគាំពារ របៀបដូចជាយើងហៅថា Social Security Program … នៅនេះមិនដឹងហៅអីទេ តែបើនៅអាមេរិកគេហៅ Social Security/ Medicare/Medicaid។ នៅនេះដូចមានកម្មវិធី Social security ដែលជាសន្តិសុខសង្គមសម្រាប់សុខាភិបាល។

សំរាប់គោលនយោ​បាយនេះ យើងបានត្រៀមថវិកាក្បែរ ១០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងគោលដៅធ្វើម៉េចគ្របដណ្តប់ប្រជាជន ៩លាននាក់ ឱ្យមាន Social security នេះ។ ហើយ Social security ផ្អែកទៅលើរូបមន្ត២។ រូបមន្ត១ គឺរដ្ឋចេញ ១០០%​ សម្រាប់ប្រជាពលរដ្ឋដែលក្រីក្រលំបាកបំផុត។ យើងមានរៀបចំជាមូលនិធិសមធម៌ដែលហៅថាបណ្ណក្រីក្រសុខា​ភិបាល បានផ្តល់ទៅដល់ ៤៩ម៉ឺនគ្រួសារ ហើយប្រជាជនបាន ១លាន ៨សែននាក់ ដែលបានទទួលផលពីនេះ នៅក្នុងទូទាំងប្រទេស។ នេះសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រលំបាកបំផុត គាត់អត់បង់ថវិកាភាគទានទេ។

មួយទៀតគឺតាមរយៈបេឡាសន្តិសុខសង្គម ដែលតាមរយៈនេះគឺបង់ភាគទាន។ បង់ភាគទានមានន័យថា ដូចយើងធ្វើការនៅក្រុមហ៊ុន យើងមាន Insurance ឬ Social Security អញ្ចឹង។ នៅនេះប្រជាពលរដ្ឋបង់ខ្លះ​ ជាភាគរយ ក្រុមហ៊ុនបង់ខ្លះ ត្រូវទេ? នៅកម្ពុជាយើងឥឡូវមន្ត្រីរាជការគឺរដ្ឋាភិបាលចេញជូនទាំងអស់។​ សម្រាប់កម្មករ/ការិនី កាលមុនចាប់ផ្តើមឡើងគឺកម្មករ/ការិនីបង់មួយផ្នែក ក្រុមហ៊ុនបង់មួយផ្នែក រដ្ឋបង់មួយផ្នែក ឥឡូវកម្មករ/ការិនីអត់បង់ទេ ក្រុមហ៊ុនបង់មួយផ្នែក ប.ស.ស បង់ជួយមួយផ្នែកទៀតជូនគាត់។

ថារូបមន្តនេះបានតែអ្នកធ្វើការ ចុះអ្នកអត់ធ្វើការយ៉ាងម៉េច? បើគាត់បើកតូបខ្លួនឯង លក់ចេកអាំង គាត់លក់ទឹកអំពៅ គាត់អត់មានក្រុមហ៊ុនណាចេញឱ្យគាត់។ ហ្នឹងហើយបានជាយើងចេញរូបមន្តថ្មីមួយទៀត គឺបង់ភាគទាន ១៦ ៥០០រៀល ស្មើនឹង ៤ដុល្លារគត់ក្នុងមួយខែ គាត់ទទួលសេវាសុខភាពនេះ។ Insurance នៅអូស្ត្រាលី ៤ដុល្លារ ទិញបានទេ? … យើងបានចេញគោលនយោបាយថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២៣ ពេលដែលបង្កើតរាជរដ្ឋាភិបាល​ថ្មី ហើយក្នុងរយៈពេលនោះមកដល់ថ្ងៃ២៩ កុម្ភៈ អញ្ចឹង ក្នុង៣ខែនេះ ទី១ អ្នកដែល ប.ស.ស គិតតាំងពីមុនមកហើយបន្ថែមក្នុង ៣ខែនេះ មកដល់ម៉ោងនេះ មានសមាជិក ជាមន្ត្រីរាជការ អតីតយុទ្ធជន ៤៦ម៉ឺននាក់ជាង រួចទៅហើយ ដែលជាសមាជិក កម្មករ/និយោជិតមាន ១លាន៥សែននាក់។ អញ្ចឹងបូកទៅខ្ទង់ ២លាននាក់ ទៅហើយដែលមានកម្មវិធី ប.ស.ស។

ដោយឡែកនៅក្នុងរយៈពេលពីខែ១១ ទៅដល់ខែ២នេះ តាមរយៈការបង់វិភាគទាន ៤ដុល្លារ ក្នុងមួយខែ ការចុះឈ្មោះដោយស្ម័គ្រចិត្ត បុគ្គលស្វ័យនិយោជន៍ បានន័យថា អ្នកលក់ចេកអាំង អ្នករត់ម៉ូតូឌុប អ្នករត់ Pass App គាត់ទិញ Insurance មាន ១៣ម៉ឺន២ពាន់នាក់ រួចហើយ។ អ្នកដែលមាន ប.ស.ស ក្រុមហ៊ុនធ្វើឱ្យតែគាត់ទេ ​អ្នកនៅក្នុងបន្ទុកបានន័យថាកូនគាត់អត់មាន cover ទេ ត្រូវបង់លុយ។​ អញ្ចឹងយើងបង្កើត Scheme ថ្មីនេះដើម្បីគាត់អាចទិញ Insurance ហ្នឹងថែម ៤ដុល្លារក្នុងមួយខែ ឱ្យកូនគាត់ ឱ្យប្តីគាត់ … ទិញឱ្យដោយសារអី? បងប្អូន អ៊ំពូមីង អ្នកដែលមាន ប.ស.ស គាត់ទៅព្យាបាលម្តងគឺមាន cover គាត់អត់ព្រួយទេ។ ប្រជាពលរដ្ឋយើងពីមុន ពេលខ្លះគាត់ឈឺអីបន្តិចបន្តួច គាត់អត់ទៅពេទ្យទេ ដោយសារវាអស់ថ្លៃ។ ទៅម្តងអស់ ៥ម៉ឺន ៦ម៉ឺន ទៅ៨ម៉ឺន។ អញ្ចឹងបើសិនជាឈឺគាត់ទៅតែ ២ដង អស់ច្រើន។ អញ្ចឹងឈឺ ៣ដង គាត់ទៅតែម្តង។

(៣៦) រដ្ឋជួយផង ពលរដ្ឋខ្លួនឯងចូលរួមផង ដើម្បីប្រជាពលរដ្ឋ ៩លាននាក់លែងភ័យព្រួយពេលឈឺថ្កាត់

ឥឡូវយើងថែមគំរោងនេះ គាត់បង់តែមួយខែតែ ៤ដុល្លារទេ តែ ១៥ ៦០០រៀល គាត់ទៅប៉ុន្មានដងក៏បានដែរ។ Basic Health … កុំឈឺ តែបើសិនជាចាំបាច់ត្រូវតែទៅ គាត់អាចទៅបាន ដោយមិនខ្លាចថាទៅម្តងអស់លុយច្រើន។ អញ្ចឹងគាត់ Save លុយសម្រាប់ធ្វើអីផ្សេង … ថ្ងៃក្រោយ ពេលដែលរូបមន្តនេះដើរគាត់មានលទ្ធភាព គាត់អាចទិញ option ខ្ពស់ជាងហ្នឹង។ នេះ basic option បានន័យទៅធ្វើ consultation ថ្នាំអីមួយចំនួនសម្រាប់គាត់។ កាលមុនគ្រាន់តែទៅ consultation ក៏អស់លុយដែរ។ នៅអាមេរិក ទៅ Consultation ចាំពេទ្យ ៣ម៉ោង គ្រាន់តែទៅគោះជើង ហើយដាក់អីមកស្តាប់ ៣ពាន់ដុល្លារ។ នៅយើងអត់ទេ។ ៣ពាន់ដុល្លារ កាលហ្នឹងរៀន កូនសិស្សមាន Insurance។ តែឥឡូវយើងបង្កើតអាហ្នឹង។ អញ្ចឹងចង់បញ្ជាក់ថា នៅក្នុងជំហានមួយយើងចង់បាន ៩លាននាក់ដែលមានលទ្ធភាពលែងភ័យព្រួយនៅក្នុងរឿងពេលឈឺថ្កាត់ រដ្ឋជួយផង យើងមានកម្មវិធីដែលគាត់អាចចូលផង … ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ។ រឿងធ្វើអី រៀនសូត្រ រៀនអី វាសំខាន់ហើយ ប៉ុន្តែសំខាន់ប្រជាពលរដ្ឋយើងរឹងមាំសិន។

(៣៧) ផ្តល់អាហារូបករណ៍បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនពីគ្រួសារក្រីក្រ ១លាន ៥សែននាក់

ទី២ គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញជូនដល់កូនចៅប្រជាពលរដ្ឋពីគ្រួសារក្រីក្រ គ្រួសាររងាយរងហានិភ័យ គោលដៅរបស់យើងនឹងផ្តល់អាហារូបករណ៍ ១លាន ៥សែននាក់ ជូនយុវជនពីគ្រួសារក្រីក្រ ដើម្បីបណ្តុះបណ្តាល Free។ មិនត្រឹមតែ Free ទេ ​គឺថែមបង់ប្រាក់ខែឱ្យមួយខែ ២៨ម៉ឺនរៀលថែមទៀត ដើម្បីឱ្យគាត់រៀន។ មិនមែនរៀនហើយចោលទេ ត្រូវភ្ជាប់នឹងការងារឱ្យគាត់ … ជួបជាមួយតំណាង IDP (International Education Specialists) ប៉ុន្មានថ្ងៃមុនខ្ញុំចេញមកនេះ គណៈប្រតិភូសភាអាលឺម្ល៉ង់ដូចគ្នា បានបង្ហាញពីបំណងមកបណ្តុះបណ្តាល។ ជប៉ុនខ្វះពលកម្ម។ អញ្ចឹងគាត់បណ្តុះបណ្តាល។ រៀន(ហើយ)ទៅធ្វើការប៉ុន្មានឆ្នាំ ត្រឡប់មកវិញ ភ្ជាប់ទំនាក់ទំនង។ អូស្ត្រាលីក៏អាចមាន។ ក​ន្លងទៅ អូស្ត្រាលីនិងក្រសួងការងារធ្លាប់ចរចា ក្រោមរដ្ឋបាល(គណបក្ស) Liberal អំពី Seasonal Work or employment។ យើងចរចា និងឯកភាពបញ្ជូនពលករយើងមកខ្លះ។ ប៉ុន្តែឥឡូវរដ្ឋាភិបាលដូរ គាត់ក៏ដូរ Policy។ គាត់លុបកិច្ចព្រមព្រៀងហ្នឹងចោលទាំងអស់ ប្រទេសណាក៏អត់បាន។

យើងកំពុងតែគិតគូរមើលពីរឿងហ្នឹងទៀត។ បើកឱកាសផ្សេងៗ មិនមែនថាទេ! ចង់បញ្ជូនពលរដ្ឋយើងចេញទៅក្រៅរកការងារនោះទេ។ ក្នុងស្រុកនៅតែជាអាទិភាពធំក្នុងការបង្កើតការងារ ដែលមូលហេតុហ្នឹងហើយបានជាខ្ញុំដើរទាក់ម៉ូយពីក្រៅ យកទៅដាក់ក្នុងស្រុកដើម្បីបង្កើតការងារ។ តែយើងក៏ត្រូវបើកជម្រើសឱ្យប្រជាពលរដ្ឋយើងអាចទៅក្រៅបានដែរ។ ទៅមកវាអត់ខាតទេ។ គាត់ទៅធ្វើមួយរយៈ បានជំនាញ គាត់មកវិញជួយធ្វើការ។ ប្រជាពលករយើងមួយគគោកទៅធ្វើការនៅកូរ៉េ ពេលមកវិញ … ដល់កូរ៉េមកបើកក្រុមហ៊ុន high tech នៅស្រុកខ្មែរ មានពលករដែលចេះស្រាប់ព្រោះគាត់ធ្លាប់ធ្វើការនៅហ្នឹង …។

ឥឡូវមកដល់ថ្ងៃ ២៩ កុម្ភៈ នេះមានយុវជន ២ម៉ឺន ៧ពាន់នាក់ ជិត ២ម៉ឺន ៨ពាន់នាក់ បានចុះឈ្មោះ ក្នុងនោះ ១ម៉ឺន ២ពាន់នាក់ បានទទួលការបណ្តុះបណ្តាលនៅក្នុង ៥៤៦ថ្នាក់រួចទៅហើយ។ មិនមែនដាក់ដើម្បីលឺពិរោះទេ ដាក់ហើយធ្វើ ធ្វើដើម្បីឱ្យបានដល់ប្រជាជនជាក់ស្តែង … យើងបានផ្តល់អាហារូបករណ៍នេះ ហើយបណ្តុះបណ្តាលកូនចៅខ្មែរយើងរាប់ម៉ឺននាក់រួចទៅហើយ នឹងបន្តធ្វើតទៅទៀត ដើម្បីភ្ជាប់ការងារ ហ្នឹងកម្មវិធីអាទិភាពទី២។

(៣៨) ធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន

កម្មវិធីអាទិភាពទី៣ គឺយើងធ្វើស្ថាប័ន(នីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន) … ដើម្បីឱ្យប្រព័ន្ធជួយសង្គមនេះគឺកាន់តែល្អប្រសើរ ហើយក្នុងរយៈពេលមួយកូវីដ-១៩ មកដល់ម៉ោងនេះយើងចំណាយជាង ១៣០០លានដុល្លារអាមេរិក ដើម្បីផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋយើង ៧០ម៉ឺនគ្រួសារជាង ដែលមានការលំបាក។ បន្តិចទៀតយើងផ្ទេរ(ថវិកាគំរោង)ហ្នឹងទៅកម្មវិធីផ្សេងៗទៀត ព្រោះកូវីដ-១៩ ចប់ហើយ តែពេលដែលយើងចប់នេះ យើងវាយតម្លៃអ្នកដែលលំបាកពិតប្រាកដ យើងមានកម្មវិធីផ្សេងសម្រាប់ជួយតទៅទៀត … មិនទុកប្រជាជនយើងឱ្យដាច់បាយ ឬរដ្ឋមិនយកចិត្តទុកដាក់នោះទេ។

(៣៩) ដាក់ចេញនិងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ទី៤ គឺការដាក់ចេញនិងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធធំណាស់នៅយើង។ ប្រជាពលរដ្ឋគាត់ធ្វើការងារ គាត់បើកអាជីវកម្ម គាត់អត់បាន register។ យើងមានច្រើន។ យើងចង់ឱ្យចូលនៅក្នុងប្រព័ន្ធដើម្បីងាយស្រួលយើងជួយ។ យើងដាក់កម្មវិធីជួយបណ្តុះបណ្តាលគាត់ តែយើងអត់ដឹងគាត់នៅឯណា? អញ្ចឹងឱ្យគាត់ចុះឈ្មោះមក។ មិនមែនចុះឈ្មោះដើម្បីជាប់កាតព្វកិច្ចទេ។ យើងលើកទឹកចិត្ត យើងចេញគោលការណ៍អនុគ្រោះពន្ធស្អីផ្សេងៗ ដើម្បីឱ្យចូលមក ដើម្បីយើងជួយ។

ថ្ងៃមុនខ្ញុំទៅវៀតណាម ជួបជាមួយក្រុមហ៊ុនតាក់ស៊ីវៀតណាម។ មកវិញ ក៏មានកាសែតសរសេរបាត់មួយឃ្លា ប្រ​​ជាពលរដ្ឋគាត់ឡើងជ្រួលច្របល់។ ក្រុមហ៊ុនតាក់ស៊ី Vinfast ប្រើអគ្គិសនីថាគាត់មានគម្រោងដាក់តាក់ស៊ី ២៥០០គ្រឿង​នៅភ្នំពេញ និងនៅសៀមរាបខែនេះ … ហ្នឹងគាត់រៀបផែនការ តែរដ្ឋាភិបាលមិនបានអូខេទេ។ ដល់ពេលអ្នកសរសេរស្តាប់មិនបាន លឺសូរតែគេមក យើងស្វាគមន៍។ ខ្ញុំស្វាគមន៍ការវិនិយោគជាទូទៅ ហើយក្រុមហ៊ុនមិនមែនបើកតែលើ Taxi អគ្គិសនីហ្នឹងទេ គាត់នាំរថយន្តមកលក់។ ហ្នឹងគាត់បង់ពន្ធដូចគេដូចឯង រឿងលក់ឡានហ្នឹង។ ឥឡូវយើងមានឡានអគ្គិសនី Tesla អីក៏លក់។ ប៉ុន្តែ បើគាត់ចង់មកបើកក្រុមហ៊ុនរត់តាក់ស៊ីនៅកម្ពុជា ត្រូវសុំអាជ្ញាបណ្ណមួយទៀត។ យើងអត់ដែលចេញឱ្យទេ។ ខ្ញុំក៏បានប្រកាសហើយ វាអត់មានការចាំបាច់ទៅត្រូវយកក្រុមហ៊ុនតាក់ស៊ីអគ្គិសនី ពីប្រទេសក្រៅមកដើម្បីរត់នៅក្នុងកម្ពុជាបន្ថែមទៀតទេ។

អ្វីដែលត្រូវធ្វើត្រូវជួយវិស័យក្រៅប្រព័ន្ធយើង ជាពិសេសបងប្អូនរត់ម៉ូតូកង់បីអីនេះឱ្យបានល្អ។ អត់មានទៅរកអ្នកណាមកប្រកួតជាមួយគាត់ ឱ្យគាត់ពិបាកទេ។ ថ្ងៃក្រោយ យើងរកបច្ចេកវិទ្យា យើងរកសម្ភារៈ យើងរកម៉ូតូអីដែលថោកដើម្បីឱ្យជួយគាត់អាចប្តូរបានទៅអាហ្នឹង។ តែមិនដណ្តើមការងារគាត់ទេ ត្រូវជួយគាត់វិញ។​​ យើងត្រូវតែធ្វើ EV ឬElectric Vehicle ហ្នឹងហើយ។ គឺជាវិទ្យាសាស្ត្រ។ វាជាអនាគត និងបច្ចុប្បន្ន។ យើងកំពុងធ្វើក្របខណ្ឌ​គោលនយោបាយ(អំពីមធ្យោបាយធ្វើដំណើរមួយនេះ) ព្រោះវាជួយច្រើន ទី១ បញ្ហា pollution បំពុលបរិយា​​កាស ទី២ ជួយច្រើននៅក្នុងតម្លៃដែរ។ បើយើងប្រើប្រេង ថ្លៃវាឡើងចុះ។ ការវាយគ្នានៅសមុទ្រក្រ​ហមនេះប្រេងឡើងថ្លៃ។ បើយើងប្រើអគ្គិសនីថ្ងៃក្រោយយើងអាចទប់ ព្រោះអគ្គិសនីយើងច្រើន បង្កើតពីវារីអគ្គិសនី ថាម​ពលពីទឹក។យើងអាចគ្រប់គ្រងបានច្រើន។ បើសិនជាយើងអាចជួយគាត់ប្តូរបានរឿងនេះ។

សូម្បីតែរឿងកម្មករ/ការិនី ដែលធ្វើដំណើរ ក្រសួងការងាររៀបចំគោលនយោបាយលើកកម្ពស់សុវត្ថិភាពការដឹកជញ្ចូនប្រជាពលរដ្ឋ ចៀសវាងគ្រោះថ្នាក់ឡានអីផ្សេងៗ … ត្រូវរកវិធីដោះស្រាយសុវត្ថិភាពជូនកម្មករ/ការិនីរបស់យើង ប៉ុន្តែកុំភ្លេចគិតដល់អ្នកបើករថយន្តផង កុំទៅយកក្រុមហ៊ុនណាផ្សេងយកមក ដេញបងប្អូនកំពុងបើកឡានហ្នឹង អត់ឱ្យធ្វើអាជីវកម្ម។ ត្រូវរកវិធីជួយគាត់ គិតកន្លែងហ្នឹងទៀត។ អញ្ចឹង ការចង់រុញអោយប្រើប្រាស់ EV នៅក្នុងកម្ពុជា ទោះបីជាដាក់អីក៏ដោយ ត្រូវគិតពីផលប្រយោជន៍របស់បងប្អូនដែលកំពុងតែធ្វើកិច្ចការនេះ ពិសេសអ្នកនៅក្រៅប្រព័ន្ធ អ្នករត់ Pass App រត់អីភាគច្រើន គឺអ្នកនៅក្រៅប្រព័ន្ធត្រូវជួយគាត់។ ថ្ងៃក្រោយអញ្ជើញគាត់ឱ្យមកក្នុងប្រព័ន្ធ ហើយមានវិធីផ្សេងៗដើម្បីផ្តល់នូវអត្ថប្រយោជន៍ ការបណ្តុះបណ្តាលអីជូនគាត់ ដើម្បីឱ្យគាត់កាន់តែខ្លាំងឡើង​ …។

(៤០) សម្របសម្រួលហិរញ្ញប្បទាន លើកស្ទួយផលិតផលទីផ្សារវិស័យកសិកម្ម និងពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ/សង្កាត់

អញ្ចឹងពីការដែលប្រជាពលរដ្ឋ ៧៧% កាលពីខែឧសភា(២០២៣) ទទួលយល់ថារដ្ឋាភិបាលដឹកនាំតាមគន្លងត្រូវកើនឡើងរហូតដល់ ៨២% នៅខែមករា ឆ្នាំ២០២៤ មិនមែនដោយចៃដន្យទេ។ គាត់បានឃើញ បានលឺ និងបានទទួលផលជាក់ស្តែងពីអ្វីដែលរដ្ឋាភិបាលថ្មីបានដាក់ជូន និងប្តេជ្ញាបម្រើជូនគាត់តទៅទៀត។ សំរាប់យន្តការសម្របសម្រួលហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារលើវិស័យកសិកម្ម យើងបានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីជួយអន្តរាគមន៍នៅក្នុងវិស័យកសិកម្មកម្រិតចាំបាច់ណាមួយ។ ចុងក្រោយ ទី៦ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ/សង្កាត់ ព្រោះដើម្បីមានសមត្ថភាពប្រកួតប្រជែង កសិករត្រូវការអ្នកបច្ចេកទេសទៅនៅជាមួយ។ កន្លងទៅ កន្លែងខ្លះ មានអង្គការខ្លះគាត់ជួយ ប៉ុន្តែអត់គ្រប់។ អញ្ចឹង សម្តេចតេជោបានសម្រេចថា រុញទៅគ្រប់ឃុំ/សង្កាត់ ដែលមានកសិកម្ម។ នៅភ្នំពេញមិនបាច់រុញទេ … នៅតាមជនបទឬមួយក៏នៅខេត្តផ្សេងៗ កសិកម្មមិនមែនសំដៅតែស្រូវ/អង្ករទេ។ សូម្បីតែតំបន់ដែលនៅជុំវិញភ្នំពេញ ជុំវិញក្រុងសៀមរាប យើងបង្កើតជាខ្សែក្រវាត់បៃតង គឺជំរុញការដាំកសិផលនៅហ្នឹង ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ដាំនៅខេត្តកណ្តាលដើម្បីផ្គត់ផ្គង់លើតម្រូវការនៅអូតែលនៅភ្នំពេញ ជាជាងនាំបន្លែនាំអីចូល។ ដាំនៅជុំវិញសៀមរាប ដើម្បីផ្គត់ផ្គង់អូតែល​នៅសៀមរាម ជាជាងនាំពីកន្លែងណាចូល …។

(៤១) រើសមន្រ្តីកសិកម្ម ដោយតម្លាភាព យុត្តិធម៌ ចំមនុស្សមានឆន្ទៈទៅធ្វើការ

អញ្ចឹងយើងត្រូវរើសមន្ត្រី។ ក្នុងនោះយើងបានប្រឡងរើសមន្ត្រី ២៥០នាក់​ ពង្រាយនៅ ៨៧ស្រុក ហើយគ្រោងរើស ៨០០នាក់ សម្រាប់ ៨០០ ឃុំ/សង្កាត់​ ជាជំហានទី២ នៅខែមេសាខាងមុខនេះ … ដោយតម្លាភាព យុត្តិធម៌ រើសឱ្យចំមនុស្សដែលមានឆន្ទៈទៅធ្វើការ។ ដាក់ហើយរុញទៅមូលដ្ឋាន អត់មានរត់មកភ្នំពេញទេ។ បើខេត្តរតនៈគិរី នៅស្រុកកូនមុំ ត្រូវការមន្ត្រី មន្ត្រីដែលប្រឡងជាប់ទៅហ្នឹង ត្រូវនៅហ្នឹងដើម្បីជួយកសិករនៅហ្នឹង មិនមែនមកជួយនៅហាងកូនមុំ នៅភ្នំពេញ បឹងកេងកងនោះទេ។ កាលមុនធ្លាប់មាន។ ជាពិសេសពូៗ ខាងទាហាន គាត់ធ្លាប់ប្រាប់។ ឯណាចៅពូខុន? ២នាក់នេះ។ អ៊ំនិយាយដើមតាឯងបន្តិច។ ឯកឧត្តម យឿង សុខុន មេភូមិភាគ ៣ មានហាងមួយឈ្មោះ ឱរ៉ាល់ នៅខេត្តកំពង់ស្ពឺ។ នៅទីរួមខេត្តទេ។ អញ្ចឹងឱ្យតែមេទាហានទៅជប់លៀងអីនៅហ្នឹងទៅ។ មានមេទាហានមួយកំពុងតែជប់លៀង។ មីងគាត់តេរកនៅឯណា? នៅឱរ៉ាល់។ គាត់ស្មានតែនៅឱរ៉ាល់​(មែន) ការពិតនៅ(ហាង)ឱរ៉ាល់នេះសោះ។ ទៅដល់ផ្ទះមុខក្រហមម៉េះហ្នឹង នៅឱរ៉ាល់សុទ្ធតែព្រៃហ្នឹង? ឱរ៉ាល់កំពង់ស្ពឺ ច្បារមនសោះ។ អញ្ចឹងមន្ត្រីដែលបញ្ជូនទៅខេត្ត ទៅស្រុក ទៅឃុំ ត្រូវនៅទីនោះ ព្រោះប្រជាជនត្រូវការ។ រដ្ឋាភិបាលផ្តល់ឱកាសជូនប្អូនៗ ក្មួយៗ ​​ដើម្បីបានក្របខណ្ឌទៅធ្វើការបម្រើប្រជាជននៅទីនោះ គឺម៉ោងពេលដែលមន្ត្រីបម្រើរាស្ត្រ ហើយទទួលខុសត្រូវ …។

(៤២) គ្រោងថវិកាជិត ៥០០លានដុល្លារ អនុវត្តកម្មវិស័យអាទិភាពទាំង៦

កន្លែងណាក៏ជាទឹកដីយើង កន្លែងណាក៏ត្រូវតែរីកដែរ។ ខ្លួនយើងត្រូវរីកគ្រប់កន្លែង មិនអាចល្អតែមុខ តែដៃសុទ្ធ​តែ​ដំបៅទៅមិនរួចទេ។ ឈាមត្រូវរត់គ្រប់កន្លែងដើម្បីចិញ្ចឹមខ្លួនរបស់យើង ទើបគេហៅថាមនុស្សមានសុខភាពល្អ។ មុខស្រស់យ៉ាងម៉េចក៏ដោយ ប៉ុន្តែឈាមអត់ទៅដល់ដៃជើង ទៅមិនរួច។ យើងត្រូវទៅទាំងអស់ ហើយធំបំ​ផុតគឺរុញទៅដល់មូលដ្ឋាន ​… យើងបានគ្រោងថវិកាជិត ៥០០ លានដុល្លារ ហើយអាចលើសពីនេះទៀតទៅតាមតម្រូវការជាក់ស្តែងដើម្បីអនុវត្ត។ (ទំហំថវិកា)កន្លះពាន់លានដុល្លារដើម្បីអនុវត្ត ៦កម្មវិធីនេះ ដើម្បីធានានូវប្រ​សិទ្ធ​ភាព ព្រោះមិនមែនដាក់ចេញគោលនយោបាយហើយអត់មានថវិកានោះទេ ត្រូវតែដាក់ហើយ ធានាឱ្យបានដោយប្រសិទ្ធភាពចាំបាច់ …។

(៤៣) ពង្រឹងរដ្ឋបាលសាធារណៈ ជាវិធានគន្លឹះទី១ នៃវិធានទាំង៥

ក្រៅពីកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ សម្រាប់ប្រជាពលរដ្ឋនេះ ដែលយើងធ្វើបានមកដល់ម៉ោងនេះ យើងក៏បានដាក់ចេញនូវវិធានគន្លឹះ ៥ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ វិធានគន្លឹះ ៥ នេះ រួមមាន ទី១ គឺការពង្រឹងរដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យរដ្ឋបាលសាធារណៈ ក្រសួងស្ថាប័ន ថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ មានការទទួលខុសត្រូវ ការដឹកនាំរឹងមាំ រចនាសម្ព័ន្ធស្រួលបួល ពង្រឹងការគ្រប់គ្រងមន្រ្តី ហើយមន្រ្តីត្រូវមានការទទួលខុសត្រូវនៅក្នុងការធ្វើការ។

យើងកំពុងតែគិតពីរូបមន្តសម្រួលអត្រាភាគរយនៃមន្រ្តីក្របខណ្ឌ ដោយភ្ជាប់មកជាមួយនូវមន្រ្តីបច្ចេកទេសសន្យាកម្រិតណាមួយ។ ឥឡូវនៅក្នុងក្របខណ្ឌកន្លែងខ្លះយើងភ្ជាប់។ ក្របខណ្ឌរដ្ឋ បើចង់ចូល កុំឲ្យលើសអាយុពី៣០ ឧទាហរណ៍។ អញ្ចឹងអ្នកខ្លះគាត់រៀនបានខ្ពស់ ចេញទៅ គាត់ទៅធ្វើការវិស័យឯកជន។ គាត់ចង់មកវិញ តែចូលមិនកើត។ គាត់ចង់ចង់ជួយ។ បងប្អូនខ្លះធ្វើការរដ្ឋ គាត់ចង់ទៅឯកជន ហើយគាត់ចង់មករដ្ឋវិញ។ អញ្ចឹងវាអត់ច្រកចេញ។ យើងរកវិធីធ្វើម៉េចបើកច្រក កុំចងក្នុងអាយុ តែយើងមានក្របខណ្ឌដាច់ដោយឡែក។ ឧទាហរណ៍ គាត់ជាគណនេយ្យ គាត់ចង់មកចូលនៅក្រសួងស្ថាប័ន គាត់មានជំនាញច្បាស់ គាត់ជាអ្នកច្បាប់ គាត់ចង់ចូលក្នុងក្រសួងមួយដែលមានកង្វះជំនាញ។ ឥឡូវបើចង់បញ្ចូល ទាល់តែបញ្ចូលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចូលតួនាទីនយោបាយធំពេក។ យើងមិនអាចមានច្រើនទេ។ តែបើអាចគាត់ចូលនៅក្នុងក្របខណ្ឌជាមន្រ្តីជំនាញនៅក្នុងនាយកដ្ឋានហ្នឹង តែមានក្របខណ្ឌលក្ខខន្តិកៈដាច់ដោយឡែកមួយ។ ចូលមក ៤-៥ឆ្នាំ គាត់បន្តក៏បន្ត គាត់អត់បន្តគាត់ចេញទៅឯកជនវិញ។ អត់លំបាក។

ខ្ញុំឃើញនៅអូស្រ្តាលីអីឥឡូវ ក៏មានរូបមន្តហ្នឹង គេហៅ Ongoing, non-ongoing and casual employmentម៉េចនោះ។ បើ ongoing បានន័យថា អ្នកជាមន្រ្តីរដ្ឋបាលមួយជីវិត មន្រ្តីអាជីព។ ក្រៅពីនោះគេកុងត្រា។ អញ្ចឹងគាត់ទៅមកៗ ហើយឲ្យគិតមើលពីអតីតភាពការងាររបស់គាត់ធ្វើការឯកជនទៅរដ្ឋ រដ្ឋទៅឯកជនវិញ កុំឲ្យគាត់បាត់អតីតភាព។ ថ្ងៃក្រោយពេលដែលគាត់ចូលនិវត្ត បូកចូលគ្នាទៅបាន។ យើងបើកច្រកឲ្យប្រជាពលរដ្ឋយើងមាន(ជម្រើស) ទាំងស្ថាប័ន អាច recruit ថែម ទាំងមន្រ្តីរបស់យើងគាត់មានជម្រើស។ យើងយករូបមន្តនេះ។ សំខាន់បំផុតផ្ដោតទៅលើការជ្រើសរើសមន្រ្តីទៅតាមគោលការណ៍និរន្តរភាព តម្លាភាព និងយុត្តិធម៌។ ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបម្រើ និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តផ្សេងៗ …។

(៤៤) វិធានគន្លឹះទី២៖ ពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យដល់ថ្នាក់ទី១២

ទី២ ការពង្រឹងគុណភាពអប់រំ។ គោលនយោបាយពង្រឹងវិស័យអប់រំ ក្រសួងបានដឹកនាំធ្វើហើយ។ ឯកឧត្ដម ហង់ ជួនណារ៉ុន បានធ្វើច្រើនពីមុន។ ពិសេស ការធ្វើទំនើបកម្មប្រព័ន្ធយើង មាន STEM មានអី ខ្ញុំ(ធ្លាប់)ទៅមើល សិស្សយើងនៅនោះធ្វើ program software ពេលកូវីដ–១៩។ ពេលជំនាន់កូវីដ-១៩(រាតត្បាត) ក្មេងៗខ្មែរយើងធ្វើ program សំរាប់ Contract Tracing អីហ្នឹង។ Shopping Mall ខ្លះកាលមុនចង់ធ្វើប្រព័ន្ធគ្រប់គ្រងទិន្នន័យ ត្រូវទិញពីសិង្ហបុរី ២០-៣០ដុល្លារ។ ឥឡូវកូនខ្មែរ​ធ្វើខ្លួនឯងបាន។ ថ្ងៃមុន ក្រសួងប្រៃសណីយ៍យើងបង្កើតកម្មវិធីមួយ យកទៅប្រកួតនៅសិង្ហបុរី មួយអាស៊ាន កម្មវិធីកូនខ្មែរអ្នកបង្កើតបានមេដាយមាស ឈ្នះកម្មវិធីសិង្ហបុរី និងកម្មវិធីប៉ុន្មានប្រទេសទៀត។ យើង open source អីផ្សេងៗ តែយើងបង្កើតនៅខាងក្នុង។ អញ្ចឹងយើងបង្កើនការលើកកម្ពស់វិស័យអប់រំផ្សេងៗ ឧត្ដមសិក្សា គ្រឹះស្ថានផ្សេងៗ យើងធ្វើ វិស័យឯកជនចូលរួមច្រើន។

ឥឡូវនៅក្នុងគោលដៅវិធានគន្លឹះសម្រាប់អាណត្តិនេះ គឺយើងពង្រឹងមូលដ្ឋាន បានន័យថាយើងដាក់ទម្ងន់មួយសម្រាប់ពង្រឹងពីមតេ្តយ្យរហូតដល់ថ្នាក់ទី១២។ បើពង្រឹងគុណភាពសិស្សតែ ១២ឆ្នាំនេះបាន កុំព្រួយ ដល់ឧត្ដមសិក្សាគាត់ពូកែខ្លួនឯងហើយ។ តែមានមូលដ្ឋានច្បាស់លាស់គាត់ពូកែហើយ​។ កុំឲ្យដល់ថ្នាក់ទី១២ សរសេរមិនត្រូវជើង បូកលេខមិនត្រូវ។ យើងពង្រឹងពីក្រោម ហើយយើងអនុវត្តជំហានមួយនេះគឺពង្រឹងបឋមសិក្សាមុនគេ។ រៀនមិនមែនរៀនតែចំណេះរឹងទេ ត្រូវចេះនូវចំណេះទន់ ជាពិសេស គឺឥរិយាបថ ចេះសំពះ ចេះវិន័យ ចេះអី។ អ៊ំពូមីង បងប្អូនណាធ្លាប់ឃើញទេ សាលាវត្តបូព៌ដែលឧស្សាហ៍ផូសរូប(ទាំងនោះ) នៅ(សៀមរាប)យើង។ មានសាលាច្រើនណាស់ដែលស្រដៀងៗគ្នា គ្រាន់តែសាលាវត្តបូព៌ឧស្សាហ៍ចេញតាម Facebook។ ឥឡូវកម្មវិធីយើងយករូបមន្តស្រដៀងអញ្ចឹងដើម្បីរុញពេញទូទាំងប្រទេសដើម្បីពង្រឹងនូវសីលធម៌ គុណធម៌ កុំឲ្យសម្បូរបងធំបងតូច …។

(៤៥) វិធានគន្លឹះទី៣៖ ពង្រឹងមណ្ឌលសុខភាពតាមមូលដ្ឋាន, ទី៤ ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់ប្រយុទ្ធនឹងគ្រឿងញៀន និងល្បែងស៊ីសង

ទី៣ គឺសុខាភិបាល គឺយើងពង្រឹងមណ្ឌលសុខភាព ព្រោះអាហ្នឹងនៅនឹងមូលដ្ឋាន។ ចំណុចទី៤ គឺការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងល្បែងស៊ីសង … កិច្ចការនេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយយើងក៏ត្រូវ(ធ្វើដែរ)។ រឿងនេះមិនមែនតែរឿងកម្ពុជាទេ នៅអូស្រ្តាលីក៏ដូចគ្នាដែរ។ បងប្អូននៅ Springvale ក៏បានប្រាប់ខ្ញុំថាមានបញ្ហាមួយចំនួនដែរ។ វាជាបញ្ហាដែលសកល តែយើងត្រូវយកចិត្តទុកដាក់ទៅលើការងារនេះ។

កន្លងទៅ ពេលដែលយើងរៀបចំយន្តការនេះ យើងបានដាក់ចេញនូវវិធានការច្រើន។ ថ្ងៃមុន ខ្ញុំបានប្រកាសបង្កើត​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី មានឧបនាយករដ្ឋមន្រ្តី ៤រូប នៅក្នុងហ្នឹង មានឧបនាយករដ្ឋមន្រ្តី ឯកឧត្ដម នេត សាវឿន ដឹកនាំរួម ឯកឧត្ដម ស សុខា អនុប្រធាន ឯកឧត្ដម ទៀ សីហា អនុប្រធាន ឯកឧត្ដម កើត រិទ្ធ អនុប្រធាន … ដើម្បីបង្ហាញពីការយកចិត្តទុកដាក់និងទម្ងន់ ដើម្បីធ្វើការងារ(លើ)បញ្ហា(គ្រឿងញៀននេះ) ព្រោះវាស្មុគស្មាញ។ យើងរៀបចំមនុស្សត្រូវ ប្រគល់ភារកិច្ចដើម្បីធ្វើ ហើយក្នុងរយៈពេលប៉ុន្មានខែនេះ យើងបានវាយលុក​​ច្រើនកន្លែង។ វាមិនទាន់អស់ទេ យើងបន្តវាយលុកទៀត។ យើងបង្រ្កាបបានច្រើនកន្លែង … រឹបអូសគ្រឿងញៀនបានរាប់រយគីឡូ កន្លែងខ្លះគ្រឿងផ្សំចូលដល់ជិតតោនឯណោះ …។

ថ្ងៃមុន ខ្ញុំបានដាក់បទបញ្ជានៅក្នុងរដ្ឋាភិបាល គឺដាក់ចេញនូវគោលនយោបាយ Zero Tolerance បានន័យថា អត់មានការយោគយល់ចំពោះមន្រ្តីរាជការ ឲ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនគឺបណ្ដេញចេញពីក្របខណ្ឌ មិនគិតថាអ្នកឯងជានរណាទេ។ កាលពីខ្ញុំនៅមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានដាក់គោលការណ៍នៅសាលាយោធា បណ្ដេញចេញអត់មានយោគយល់ទេ។ យើងធ្វើបានជាង ៤០-៥០ករណី។ កាលពីខែ១១ ខ្ញុំដាក់ចេញពីក្នុងនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធ ឲ្យតែមាន (ត្រូវ)កាត់ចេញ​។ ខ្ញុំបានស៊ីញ៉េ មានផ្កាយ ២ មានផ្កាយ ៣ខ្លះ អោយចេញពីកងទ័ពពីនគរបាលជាតិ។ មន្រ្តីរាជការថ្ងៃមុន ឃើញសាលាខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ ចាប់ផ្ដើមតម្រង់ជួរពិនិត្យទឹកនោម។ ខ្ញុំថា យុទ្ធសាស្រ្តវែកចក វែកយ៉ាងម៉េច កុំឲ្យវាមកវិញ។ គេថាធ្វើដូចវែកចក … ខ្ញុំថា បើយើងធ្វើមិនចេះរបៀបវាមកវិញ។ យើងធ្វើយ៉ាងម៉េច? … យើងចាប់ផ្ដើមសម្អាតវាមួយជ្រុងៗទៅ បោះមួយជ្រុងហ្នឹងឡើងលើ ហើយដាក់រនាំងកុំឲ្យវាចូលវិញ … ឥឡូវចាប់ផ្ដើមពីជ្រុងហ្នឹង យកពីក្នុងជួរមន្រ្តីរដ្ឋាភិបាលតែម្ដង ធ្វើហើយកុំឲ្យវាចូលវិញ ហើយចាប់ផ្ដើមទៅជ្រុងផ្សេងៗទៀតដើម្បីយើងធានា។ ជាពិសេស បើមន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ អ្នកបម្រើរាស្រ្ត អ្នកអនុវត្តច្បាប់ ខ្លួនឯងអត់ស្អាតផង តើយើងទៅរំពឹងស្អី? …។

(៤៦) មិនអនុញ្ញាតឲ្យដាំ និងធ្វើអាជីវកម្មកញ្ឆាដាច់ខាត

រឿងនេះដែរ ខ្ញុំបានប្រកាសពីរឿងកញ្ឆាកាលថ្ងៃបិទសន្និបាតគណៈកម្មាធិការ(ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន)។ ខ្ញុំធ្លាប់ចេញសារម្ដងជាពីរដងហើយ។ អ្នកដែលចង់ដាំកញ្ឆានៅស្រុកខ្មែរថា នៅកាណាដាគេ legal (ធ្វើអោយស្របច្បាប់ការដាំកញ្ឆា) ហើយ ដើម្បីប្រើប្រាស់ក្នុងផ្នែកសុខាភិបាល។ រហូតទៅដល់ចុងក្រោយនេះ មានពីរបីនាក់មកសួរខ្ញុំទៀត។ ប៉ុន្មានខែមុនខ្ញុំប្រកាសតាមមីក្រូតែម្ដង ព្រោះប្រាប់តែពីរបីនាក់ លឺតែពីរបីនាក់ហ្នឹង រួចហើយមកសួរខ្ញុំទៀត។ ខ្ញុំប្រាប់ថា ដរាបណាខ្ញុំធ្វើនាយករដ្ឋមន្រ្តី ខ្ញុំមិនឲ្យដាំកញ្ឆាដាច់ខាតនៅស្រុកខ្មែរ។ គ្រប់​គ្រងម៉េចបាន? ប្រទេសខ្លះគេដាំថាបម្រើឲ្យវិស័យសុខាភិបាល ដោយគេយកធ្វើថ្នាំ។ ប៉ុន្តែប្រទេសខ្លះ ពេលដែលដាក់ (legalize)ទៅ គ្រប់គ្រងមិនបានភាគច្រើន។

នៅប្រទេសខ្លះ មានហាងផលិតផលពីកញ្ឆា ចូលទៅ cakeក៏កញ្ឆា តែក៏កញ្ឆា ស្អីក៏កញ្ឆា ដាក់ចេញមក high … ខ្ញុំធ្លាប់ឃើញនៅអាមេរិក នៅរដ្ឋខ្លះគេ legalize marijuana។ គេឲ្យសិទ្ធិដាំ ប៉ុន្តែដាំត្រូវគ្រប់គ្រងឲ្យបាន។ ទីមួយអ្នកប្រើប្រាស់ មិនត្រឹមតែឲ្យ Pharmacy ប្រើ វាមានអ្នកជក់ពេញហ្នឹង។ កាត់បានតែមួយដៃមកបានហើយ។ ទីពីរគ្រប់គ្រងមិនបាន ឧទាហរណ៍ នៅកាលីហ្វ័រញ៉ាមួយ គេឲ្យដាំ ១ពាន់ហិកតា។ ទិន្នផលវាច្រើនជាង ១ពាន់ហិកតា ដល់ស្រាវជ្រាវចុះឡើង អ្នកទៅលួចដាំក្នុងព្រៃនោះច្រើនដើម្បីចេញតាមច្រកហ្នឹង។ ឥឡូវកម្ពុជាយើង បើសិនជាចុះទៅដល់ភ្នំពេញជក់កញ្ឆាពេញព្រលានយន្តហោះ ចប់បាត់ហើយ …។

មួយទៀត ខ្ញុំមើលនៅសិង្ហបុរី។ ប្រទេសតឹង។ អ្នកជួញដូរគ្រឿងញៀន (បើចាប់បាន)ប្រហារជីវិតចោល។ តែនៅតែបញ្ហា ព្រោះមានអ្នកជក់។ ច្បាប់សិង្ហបុរី អ្នកជក់ចាត់ទុកជាជនរងគ្រោះទេ អ្នកលក់ដូរទើបជាឧក្រិដ្ឋជន។ គេធ្វើសម្ភាសន៍មនុស្សជាង ៦ពាន់នាក់នៅសិង្ហបុរី។ អ្នកជាប់ទោសដោយគ្រឿងញៀនជាង ៦ពាន់នាក់នៅក្នុងគុក ផ្តល់សម្ភាសន៍។ មិនមែនទាំងអស់ផង គេយកជា sample ទេ។ នៅក្នុងនោះ ៤០%ជាងចាប់ផ្ដើមពីប្រើប្រាស់គ្រឿង​ញៀន តាំងពីអាយុក្រោម ១៨ឆ្នាំ។ សួរក្មេងៗដែលប្រើក្រោមអាយុ ១៨ឆ្នាំហ្នឹង អ្នកឯងប្រើអីមុនគេ? ជាង៥០% គឺចាប់ផ្ដើមពីកញ្ឆា។ អញ្ចឹង ឲ្យប្រើកញ្ឆាយូរៗទៅ ព្រោះស្រួលរក វាថោក វាញៀន វាឈានដល់រកអាផ្សេង​។ បើយកល្អ កុំតែម្ដង។

អញ្ចឹងជាផ្នែកមួយនៃយុទ្ធសាស្រ្ត និងគោលនយោបាយប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀននេះ គឺកញ្ឆាក៏មិនឲ្យដាំ ហើយបើចង់បានថ្នាំដែលមាន(ជាតិកញ្ឆា)ហ្នឹង ទិញថ្នាំស្រាប់ពីកាណាដាទៅ។ យើងមិនបាច់ធ្វើ មិនបាច់ដាំទេ ដាំអីផ្សេងទៅ។ បើអត់ដាំកញ្ឆា មិនធ្វើអាជីវកម្មកញ្ឆា កម្ពុជាក៏មិនក្រដែរ។ ដាំស្វាយនាំចេញទៅ ដាំចេកនាំចេញទៅ ដាំបុរី ដាំផ្ទះថ្ម ដាំរោងចក្រទៅ កុំដាំអានោះអី។

(៤៧) ផ្អាកការចេញ ពិនិត្យកាត់បន្ថយនិងដកអាជ្ញាបណ្ណល្បែង

ទី២ ល្បែង(ស៊ីសង)។ ខ្ញុំបានបញ្ជាឲ្យផ្អាកចេញបណ្ណ ហើយកំពុងឲ្យពិនិត្យមើលដើម្បីកាត់បន្ថយនិងដកវា។ ត្រូវលុបអាជ្ញាបណ្ណ លុបអីណាដែលត្រូវចេញ ព្រោះវាអត់ចំណេញទេ។ គោលដៅរបស់យើងគឺត្រូវពង្រាយរោងចក្រ ពង្រាយការងារទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែង ទោះបីស្របច្បាប់ក៏ដោយ ទៅដល់ក្រោមផ្ទះ ទៅដល់ភូមិឃុំ​​នោះទេ។ លុបចោលទៅ។ អត់ចំណេញទេ។ ល្បែងឥឡូវមិនដូចមុនទេ។ ពីមុន ចាក់កន្ទុយលេខ ទៅផ្សារធ្វើអីមួយថ្ងៃ ទាល់ល្ងាចទើបអង្គុយអ៊ុត។ ឥឡូវ៣នាទីចេញម្ដង។ អនឡាញទៀត។ អត់ទៅណាទាំងអស់។ ប្ដីឲ្យលុយមួយម៉ឺនឡើងផ្សារ យកពាក់កណ្ដាលចាក់កន្ទុយលេខ។ ម៉េចម្ហូបលែងឆ្ងាញ់? បើសល់តែប៉ុណ្ណឹង។ ឈ្លោះគ្នា បែកបាក់គ្រួសារ បន្ទុកបន្ថែម។ ហ្នឹងវាមិនចំណេញ យកល្អកុំតែម្ដង។ សូមអ្នកវិនិយោគសូមយោគយល់ ព្រោះអានេះអត់ចំណេញហើយវាបង្កការលំបាកបន្ថែមទៀត។

ទោះបីជាស្របច្បាប់ក៏ដោយ យើងត្រូវលុបចេញ ហើយបើខុសច្បាប់ ត្រូវបង្រ្កាបឲ្យដាច់ណាត់តែម្ដង។ បើស្របច្បាប់ ខ្ញុំបានឲ្យឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យដើម្បីពិនិត្យគោលនយោបាយឡើងវិញ ហើយចាប់ផ្ដើមដាក់វិធានការណ៍។ ថ្ងៃមុន ដោយមានការមិនយល់គ្នា រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន បានវារាលមួយរយៈ។ ខ្ញុំឲ្យផ្អាក ហើយចាប់ផ្ដើមបិទបណ្ដើរៗពិនិត្យមើល renew policy … យើងត្រូវការពង្រាយរោងចក្រ ត្រូវការពង្រាយអាជីវកម្ម ពង្រាយការងារដែលយកលុយចូលហោប៉ៅប្រជាជន មិនគួរយកអីដូចជាល្បែងនេះទៅយកលុយពីប្រជាជនមកវិញនោះទេ … វាផ្ទុយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល … យើងមានឱកាសច្រើនណាស់ ហើយប្រទេសយើងក្នុង២០ឆ្នាំនេះរីកលូតលាស់ប្រែពីប្រទេសក្រីក្រ មក​ជាប្រទេសដែលមានជីវភាពមធ្យមកម្រិតទាប អត់មានត្រូវការពឹងផ្អែកពីចំណូលទៅលើល្បែងតាមក្រោមផ្ទះនោះទេ …។

(៤៨) វិធានគន្លឹះទី៥៖ កែទម្រង់និងពង្រឹងវិស័យយុត្តិធម៌ បង្កើតគណៈកម្មាធិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចំណុចចុងក្រោយ គឺវិធានការទី៥ គឺការកែទម្រង់ និងពង្រឹងវិស័យយុត្តិធម៌ ក្នុងនោះ យើងបានបង្កើតគណៈកម្មាធិការដោះស្រាយវិវាទតាមក្រៅប្រព័ន្ធតុលាការ … ឥឡូវប្រព័ន្ធតុលាការយើងកកស្ទះច្រើនណាស់។​ ទំនាស់ដូចជាគ្រោះថ្នាក់ចរាចរណ៍អីហ្នឹង នៅកកហ្នឹងរាប់ខែ។ ការកកស្ទះយូរៗ រឿងទុកផ្អូម ប្រជាពលរដ្ឋអត់មានដំណោះ​ស្រាយ គិតថា គេបិទករណីចោល។ តាមពិតវាអត់ទេ។ អញ្ចឹងត្រូវរកវិធីដោះស្រាយឲ្យលឿន ឆាប់ផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាឲ្យឆាប់បាន ដើម្បីយើងប្រជាពលរដ្ឋអាចធ្វើការដោយសេចក្ដីសុខ។ (កំណែទំរង់)ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌របស់យើង​ ហើយតាមរយៈយន្តការក្រៅប្រព័ន្ធនេះ គឺពង្រឹងការបម្រើប្រជាពល​រដ្ឋ​របស់យើង។ នេះគឺវិធានគន្លឹះ ៥ ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ។ មិនមែនបានន័យថា មានតែ ៥គន្លឹះនេះ និង ៦ វិធានការអាទិភាពនោះទេ។ គោលនយោបាយធំណាស់។ និយាយ ៥ ម៉ោង​មិនទាន់អស់ផង។ តែនេះគឺអ្វីដែលយើងកំណត់ថាជាចំនុច special ពិសេសនៅក្នុងអាណត្តិនេះ ដែលត្រូវធ្វើដើម្បីបង្កើននូវចំ​ណុចវិជ្ជមានជូនប្រជាពលរដ្ឋ សុខាភិបាល ការអប់រំ ការងារ បូកជាមួយនឹងកែទម្រង់ប្រព័ន្ធរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលខុសត្រូវ ពង្រឹងមតេ្តយ្យ មណ្ឌលសុខភាព បឋមសិក្សា រួមជាមួយនឹងកាត់បន្ថយនូវបញ្ហាគ្រឿងញៀនល្បែងស៊ីសង និងដោះស្រាយក្រៅប្រព័ន្ធជូនប្រជាពលរដ្ឋយើងក្នុងប្រព័ន្ធយុត្តិធម៌របស់យើង …។

(៤៩) គោលនយោបាយអាទិភាព ៦ វិធានគន្លឹះ ៥ … ទាំង ១១ ចំណុចនេះនឹងជាមូលដ្ឋានរីកចម្រើនគ្រប់វិស័យ

មានអ្នកសួរថា រដ្ឋាភិបាលទាំងមូលដាក់(គោលនយោបាយអាទិភាព)តែ ១១ ចំណុចហ្នឹងទេ? ថាគោលនយោបាយយើងច្រើន គ្រប់ក្រសួងធ្វើ ប៉ុន្តែ យើងដាក់១១ នេះអោយមុតស្រួច ហើយធ្វើឲ្យបានល្អ។ តែប្រជាពលរដ្ឋយើងមានសុខភាពល្អ មានការលំបាកត្រូវការប្រព័ន្ធសុខាភិបាលជួយ ត្រូវការបណ្ដុះបណ្ដាលឲ្យមានសមត្ថភាព ពង្រឹងប្រព័ន្ធអប់រំ សុខាភិបាល ដោះស្រាយបញ្ហាអវិជ្ជមានជាច្រើន ជាពិសេសរឿងសុវត្ថិភាពភូមិឃុំ រឿងល្បែងស៊ី​សង រឿងគ្រឿងញៀនជាអាទិភាព ដោះស្រាយជួយពង្រឹងប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌របស់យើង ខ្ញុំថាដែលប្រជាពលរដ្ឋចង់បានចាំបាច់ ហើយដោះអាហ្នឹងមួយអាណត្តិនេះឲ្យខ្លាំង វាជាមូលដ្ឋានសម្រាប់រីកចម្រើនគ្រប់វិស័យអីផ្សេងៗទៀតរួចទៅហើយ … សរសេរមួយបន្ទាត់ ធ្វើ២០ឆ្នាំ ធ្វើមិនចប់ទេ។ ត្រូវចាប់ផ្ដើមពីជំហានទីមួយ។

នៅអូស្រ្តាលីដូចគ្នា។ សូម្បីតែហេដ្ឋារចនាសម្ព័ន្ធនៅ Melbourne គ្រួសារខ្ញុំគាត់ធ្លាប់រៀននៅទីនេះកាលពី ៩០ជាង កាលនោះអគារខ្ពស់ដូចមានតែ Crown ទេ។ ឥឡូវមានអគារខ្ពស់ច្រើន។ សូម្បីតែប្រទេសអូស្រ្តាលីរីកចម្រើនក៏ត្រូវការវិវត្តទៀតដែរ។ នៅកម្ពុជាឥឡូវ ចុះពីយន្តហោះមើលច្រឡំថាស្មាននៅហុងកុង ឬមួយនៅទីណា។ ពីមុនខ្ពស់បំផុត អូតែល ៧ជាន់ នៅផ្លូវមុនី្នវង្ស សល់ពីជំនាន់សង្គមរាស្រ្តនិយម។ ថ្ងៃមុន គេសុំខ្ញុំធ្វើ ៦៦ជាន់។ បានឲ្យគោលការណ៍ទៅហើយ បើសិនជាធ្វើកាន់តែខ្ពស់ទៀត (កាន់តែល្អ)។ អញ្ចឹងហេដ្ឋារចនាសម្ព័ន្ធស្ពាន ឥឡូវវែងជាងគេ ២គីឡូម៉ែត្រជាងនៅអ្នកលឿង បន្តិចទៀតយើងធ្វើ ៣គីឡូម៉ែត្រ ថ្ងៃក្រោយអាចមានលទ្ធភាពធ្វើវែងជាងហ្នឹង។ ឥឡូវស្ពាន ផ្លូវយើងធ្វើលើអាកាស បន្តិចទៀតយើងធ្វើក្រោមដី។ ប្រជាពលរដ្ឋយើងកាលមុន​ ការងារច្រើនក្នុងវិស័យកាត់ដេរ ឥឡូវចាប់ផ្ដើមធ្វើនៅក្នុងរោងចក្រផលិត​គ្រឿងបង្គុំអគ្គិសនី ដំឡើងរថយន្ត។ បន្តិចទៀត យើងធ្វើកាន់តែខ្ពស់ តើធ្វើអី? កំពុងទាក់ទងរឿងក្រុមហ៊ុនផលិតឡាន EV របស់ចិនមួយ មកបើកនៅយើង ដូចជា BYD ឬអីទេ ខ្ញុំមិនចាំ … ប្រកួតប្រជែងជាមួយ Tesla។ គេមកឃើញយើង ទី១ មានស្ថេរភាព ទីពីរហេដ្ឋារចនាសម្ព័ន្ធ យើងមានផ្លូវទឹកស្អីៗ ទីបីយើងមានធនធានមនុស្ស យើងបណ្ដុះបណ្ដាលឲ្យ …។

(៥០) ធ្វើការទូតសេដ្ឋកិច្ច ត្បិតសេដ្ឋកិច្ចជាអាយុជីវិត ជាក្រពះរបស់ជាតិ

ខ្ញុំដើរទាក់ម៉ូយ បានតិចបានច្រើន នៅតែទាក់ម៉ូយ។ អ្នកណាថាខ្ញុំទាក់ចោល ក៏ខ្ញុំនៅតែទាក់ម៉ូយ។ ការទូតសេដ្ឋកិច្ច យកសេដ្ឋកិច្ចជាគោល ព្រោះសេដ្ឋកិច្ចគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាក្រពះរបស់ជាតិ ធ្វើឲ្យប្រជាជនយើងខ្លាំង ឲ្យគាត់មានសមត្ថភាព ចំណេះដឹង សុខភាពល្អ ហើយមានឱកាសការងារកាន់តែច្រើន ចំណូលកាន់តែច្រើនជូនគាត់ … ដោយ ទីមួយថែរក្សាសន្តិភាព កាត់បន្ថយកិច្ចការពាក់ព័ន្ធនឹងអសន្តិសុខដូចរឿងចោរកម្ម ប្លន់ គ្រឿងញៀនស្អីៗហ្នឹងបាន គាត់កាន់តែសប្បាយ សន្តិសុខផ្លូវកាយហើយ សន្តិភាពផ្លូវចិត្តទៀត … ធ្វើមួយថ្ងៃមិនអស់ទេ ខ្ញុំនិយាយដូច ២ម៉ោង … ខ្ញុំឈប់ហើយអញ្ចឹង។ តាមពិតសល់ ៥ចំណុច ប្រហែលជា ១០ម៉ោងទៀត តែសុំប៉ុណ្ណឹងចុះ …។

ថ្ងៃនេះ អរគុណសាជាថ្មី ពូមីង អ៊ំ បងប្អូន ដែលអញ្ជើញមកពីឆ្ងាយជួបគ្នា។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានចែករំលែកជូនលោកអ៊ំ ពូមីង បងប្អូន អ្នកនៅអូស្រ្តាលី និងញូហ្សេលេននេះ អាចផ្ដល់នូវភាពកក់ក្ដៅខ្លះថានៅស្រុកខ្មែរ រដ្ឋាភិបាលដែលទទួលខុសត្រូវលើអនាគតរបស់ប្រទេសជាតិ ប្រជាពលរដ្ឋយើងនៅក្នុងពេលនេះ និងទៅថ្ងៃអនាគត នៅតែបន្តទទួលខុសត្រូវ និងដាក់ចេញគោលនយោបាយបម្រើជាតិ និងប្រជាជនរបស់យើង។ សូមកុំព្រួយបារម្ភ សូមអ៊ំ ពូមីង ទុកចិត្តចុះ។ ខ្ញុំឈប់មែនទែនហើយ។ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ លោក លោកស្រី អ៊ំ ពូមីង បងប្អូន ក្មួយៗទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបាននូវជោគជ័យនៅគ្រប់ភារកិច្ចទាំងអស់៕


 

អត្ថបទទាក់ទង