វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
(បែរឡាំង)៖ កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់។ លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយពិធីករដ៏ល្បីឈ្មោះ លោក Piers Morgan កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦។ «ជាការពិតណាស់ ខ្ញុំមានអារម្មណ៍ហាក់ដូចជាត្រូវបានគេក្បត់»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី ឆ្លើយតបទៅនឹងសំណួររបស់លោក Piers Morgan ថាតើរូបលោកត្រូវបានក្បត់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែរឬក៏យ៉ាងណា? តាមលោក ហ្សេលេនស្គី កិច្ចព្រមព្រៀងប្រេងគឺជាជ័យជម្នះមួយសម្រាប់វិមានក្រឹមឡាំង ហើយវាពិតជារឿងដ៏សោកសៅមួយដែលអ៊ុយក្រែនកំពុងបាត់បង់ដៃគូដ៏រឹងមាំមួយ។
តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីបានទទូចថាអ៊ុយក្រែននៅតែពឹងផ្អែកលើភាពជាដៃគូជាមួយសហរដ្ឋអាមេរិក និងបានជំរុញឱ្យក្រុមហ៊ុនអាមេរិក Starlink អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធផ្កាយរណបយ៉ាងពេញលេញ បន្ទាប់ពីទីក្រុងកៀវបានរាយការណ៍ពីការធ្លាក់ចុះល្បឿនអ៉ីនធើណិត។ បើតាមសារព័ត៌មានអាមេរិក Axios ការសម្រេចចិត្តរបស់លោក ត្រាំ ដែលនឹងបើកផ្លូវឱ្យរុស្ស៉ីផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោក ធ្វើឡើងជាការឆ្លើយតបទៅនឹងបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តតាមការទាមទារពីទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងនៅក្នុងប្រទេសរុស្ស៉ី ក្នុងពេលដែលលោក ត្រាំ កំពុងព្យាយាមបញ្ចុះតម្លៃប្រេង នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។
នៅក្នុងជម្លោះពាក្យសម្ដីជាមួយលោក ហ្សេលេនស្គី លោក ត្រាំ ក៏បានអំពាវនាវផងដែរឱ្យអ៊ុយក្រែនជ្រើសរើសប្រធានាធិបតីថ្មីដែលមានឆន្ទៈបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ការប្រកាសពីកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតកើតមានឡើងចំពេលកិច្ចចរចារវាងក្រុមមន្ត្រីអ៊ុយក្រែន សហរដ្ឋអាមេរិក និងក្រុមមន្ត្រីអឺរ៉ុបប្រព្រឹត្តទៅក្នុងទីក្រុង Miami។
* ពីវិមានពងក្រពើ រហូតដល់ទីក្រុង Miami
នេះមិនមែនជាលើកទី១មួយនោះទេដែលទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនធ្លាក់ចូលក្នុងវិបត្តិទំនាក់ទំនង នៅក្រោមអាណត្តិទី២របស់លោក ត្រាំ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី នៅឯវិមានពងក្រពើនៃសេតវិមានថាមេដឹកនាំអ៊ុយក្រែនរូបនេះមិនមានសន្លឹកបៀរកាន់នៅក្នុងដៃនោះទេ។ ការប្រឈមមុខដាក់គ្នានៅពេលនោះ បាននាំទៅរកការផ្អាកការផ្គត់ផ្គង់អាវុធ និងការផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ពីសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន។ ជាថ្មីម្ដងទៀត ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានគំរាមផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់អំឡុងកិច្ចចរចាក្នុងទីក្រុង Miami ដោយបញ្ជាក់ថាការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៉ីគឺជាហេតុផល។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានទាត់ចោលសេចក្ដីរាយការណ៍នេះ។
លោក Mykhailo Honchar ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌល Ukrainian Center for Global Studies Strategy XXI បាននិយាយថាស្ថានការណ៍តានតឹងបច្ចុប្បន្នបានរំឮកឡើងវិញពីអ្វីដែលបានកើតឡើងនៅឯសេតវិមានកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយថាអ៊ុយក្រែន គ្មានហេតុផលអ្វីត្រូវបានបារម្ភខ្លាំងជ្រុលពេកឡើយ។ លោកបន្ថែមថាកាលពីឆ្នាំមុន វាក៏មានការគំរាមដូចគ្នានេះដែរ និងការផ្អាកការចែករំលែកព័ត៌មានសម្ងាត់ រួមទាំងផលរំខានដល់ការផ្គត់ផ្គង់អាវុធ។ តែនៅទីបំផុតទៅ សហរដ្ឋអាមេរិកដឹងខ្លួនថាការផ្អាកនេះក៏បានបង្កការខាតបង់ដល់ខ្លួនផងដែរ និងបានត្រឡប់ទៅដំណើរការអ្វីៗគ្រប់យ៉ាងឡើងវិញ ទោះជាមានការស្ទាក់ស្ទើរក៏ដោយ។
* តើលោក ត្រាំ កំពុងរកអ្នកទទួលខុសត្រូវជំនួស?
ក្រុមអ្នកជំនាញក្នុងនោះរួមមានទាំងលោក Mykhailo Honchar បានមើលឃើញពីភាពប្រទាក់ក្រឡាគ្នារវាងការសម្លុតគំរាមរបស់លោក ត្រាំ ចំពោះអ៊ុយក្រែន និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ មានអាសនៈទាំងអស់ចំនួន ៤៣៥ នៅក្នុងរដ្ឋសភាទាំងមូល រួមជាមួយអាសនៈមួយភាគបីឬ ៣៥ នៃអាសនៈទាំង ១០០នៅក្នុងព្រឹទ្ធសភា ត្រូវដាក់ឲ្យប្រកួតប្រជែងរវាងបក្សនយោបាយជាពិសេសបក្សធំៗទាំងពីរបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។
លោក Ivan Us មកពីវិទ្យាស្ថាន National Institute for Strategic Studies ក្នុងទីក្រុងកៀវ បានព្យាករថាគណបក្សសាធារណរដ្ឋនឹងទទួលបរាជ័យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយហេតុផលចម្បងនៃបរាជ័យ នោះគឺដោយសារការឡើងថ្លៃប្រេងឥន្ធនៈ។ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនអាមេរិកចេញពីការពិតដែលតម្លៃថាមពលកំពុងឡើងថ្លៃដោយសារតែសង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់ និងវិបត្តិនៅក្នុងច្រកសមុទ្រ Hormuz។ ដូច្នេះលោកត្រូវការអ្នកមកទទួលខុសត្រូវជំនួសរូបលោក ហើយលោកបានសម្រេចចិត្តថាអ្នកដែលស័ក្តិសមបំផុតគឺអ៊ុយក្រែន»។ នេះជាការកត់សម្គាល់របស់លោក Ivan Us។
លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថាប្រេងឡើងថ្លៃមិនមែនដោយសារសង្រ្គាមអ៉ីរ៉ង់ទេ តែគឺឡើងថ្លៃដោយសារតែអ៊ុយក្រែនបន្តវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី។ សម្រាប់លោក Mykhailo Honchar រុស្ស៉ីជាអ្នកទទួលបានផលចំណេញធំជាងគេពីកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរបស់លោក ត្រាំ ជាមួយលោក ពូទីន។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ទៀតថា «កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតទាំងមូលមើលទៅដូចជាការបិទបាំងសំណើមួយពីលោក ពូទីន ទៅកាន់លោក ត្រាំ ឱ្យដាក់សម្ពាធ ឬប្រើឥទ្ធិពលលើអ៊ុយក្រែន»។ លោក Honchar ក៏បានទាញភ្ជាប់ផងដែរកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតនេះទៅនឹងលទ្ធភាពនៃការលក់ទ្រព្យសកម្មនៅបរទេសរបស់ក្រុមហ៊ុនប្រេងរុស្ស៉ី Lukoil។ បើតាមកាសែតអាមេរិក New York Times អ្នកដែលអាចទិញទ្រព្យសកម្មទាំងនោះក្នុងនោះរួមមានទាំងវិនិយោគិនដែលមានទំនាក់ទំនងជាមួយលោក ត្រាំ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ អ៊ុយក្រែនគួរតែទ្រាំអត់ធ្មត់ឱ្យបានរហូតដល់ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា។ លោក Oleksandr Kraiev មកពីវិទ្យាស្ថានស្រាវជ្រាវ Ukrainian Prism បាននិយាយថារូបលោកផ្ទាល់ជឿថាលោក ត្រាំនឹងដកថយពីភាពតានតឹងជាមួយអ៊ុយក្រែន ពីព្រោះការបោះបង់ចោលអ៊ុយក្រែនមានន័យស្មើនឹងបង្ហាញភាពទន់ខ្សោយឱ្យចិនបានឃើញ៕
-Fresh News-






