ទាក់ទងនឹងយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើយន្តការអន្តរជាតិ និងយន្តការ JBC មានតួនាទីយ៉ាងដូចម្តេចក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ យន្តការអន្តរជាតិ និងយន្តការ JBC គឺជាមធ្យោបាយសំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ជាក់ស្តែង រាជរដ្ឋាភិបាលកំពុងជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកតាមរយៈយន្តការ JBC ដែលជាយន្តការដែលមានស្រាប់រវាងកម្ពុជានិងថៃ និងមានតួនាទីជាអ្នកវាស់វែងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ហើយការងារនេះក៏មានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ផងដែរ។
ចំណែកយន្តការអន្តរជាតិ ដូចជាការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation ) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីទាមទារតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ កំពុងដំណើរការទៅមុខក្រោមការផ្តួចផ្តើមគំនិតរបស់កម្ពុជា។ នេះជាយន្តការសន្តិវិធីដែលអាចជួយដោះស្រាយបញ្ហាព្រំដែនសមុទ្រតាមផ្លូវច្បាប់អន្តរជាតិ ដោយមិនប្រើប្រាស់កម្លាំងនិងអាវុធ។
សំណួរទី២៖ តើការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតាមព្រំដែនកម្ពុជា-ថៃ មានសារៈសំខាន់ដូចម្តេចខ្លះ?
ចម្លើយ៖ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានសារៈសំខាន់ក្នុងការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមព្រំដែន និងតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការអនុវត្តគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងកិច្ចព្រមព្រៀង ពិសេសសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ តាមរយៈការចុះពិនិត្យដោយផ្ទាល់ AOT អាចប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់ស្ថានការណ៍ និងរាយការណ៍អំពីការពិត។ ការចូលរួមរបស់ AOT ក៏ជួយលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នា ព្រមទាំងរួមចំណែកក្នុងការធានាឱ្យការអនុវត្តបទឈប់បាញ់ប្រព្រឹត្តទៅដោយពេញលេញ និងមានប្រសិទ្ធភាព៕





