សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលត្រូវបានតែងតាំងប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម មកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ គឺបានបង្ហាញអំពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានសម្ដែងការអរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំងក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តិសាស្ត្រនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានរំលេចទៀតថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវក៏សសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងតែជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងបរិបទកូវីដ-១៩កន្លងទៅ កម្ពុជាបានចូលរួមផ្ដល់វ៉ាក់សាំង និងសម្ភារៈបច្ចេកទេសមួយចំនួនទៀតដល់ប្រទេសឡាវលើការដោះស្រាយបញ្ហាកូវីដ-១៩នាពេលនោះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវមានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួតហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះសម្ដេចតេជោបានរំលេចថា ជាមិត្តដែលមានជិតស្មោះសនឹងគ្នាជានិច្ច។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើនដែលជាផ្នែកដ៏សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងកាទូតរវាងប្រទេសទាំងពីរ៕






